២០១៩
ពួកគេ​បាន​ដាំ​គ្រាប់​ពូជ​មួយ​ក្នុង​ចិត្ត​ខ្ញុំ
ខែ តុលា ឆ្នាំ ២០១៩


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ពួកគេ​បាន​ដាំ​គ្រាប់​ពូជ​មួយ​ក្នុង​ចិត្ត​ខ្ញុំ

ម៉ាថា អាលហ្គាវេ ទីក្រុង សាន់តា កាតារីណា ប្រទេស​ប្រេស៊ីល

រូបភាព
heart-shaped wreath of leaves with seed in middle

រចនា​រូបភាព​ដោយ រ៉ាហ្វែល ឡូបប៉ែស

តើ​ខ្ញុំ​មក​ពី​ណា ? តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​នៅ​ទីនេះ ? តើ​ខ្ញុំ​នឹង​ទៅ​កន្លែង​ណា បន្ទាប់​ពី​ជីវិត​នេះ ?

កាល​ខ្ញុំ​មាន​អាយុ ២៩ ឆ្នាំ ខ្ញុំ​បាន​គិត​ពី​សំណួរទាំង​នេះម្តង​ហើយ​ម្តង​ទៀត ។ ឪពុក​ម្ដាយខ្ញុំ​បាន​ចែក​ឋាន​ហើយ ។ ខ្ញុំ​បាន​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ចំពោះ​ការបាត់បង់​កូនប្រុស​តូច​ដំបូង​របស់​ខ្ញុំ ។ ខ្ញុំ​មាន​កូន​បី​នាក់​ផ្សេង​ទៀត​ដើម្បី​ចិញ្ចឹម​បីបាច់ ហើយ​ជីវិត​នេះ​ពោរពេញ​ដោយ​ឧបសគ្គ ។

ព្រះអម្ចាស់​បាន​ចាប់ផ្តើម​ឆ្លើយ​តប​សំណួរ​ខ្ញុំ ពេល​ទ្រង់​បាន​ដឹកនាំ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្មេងៗ​ពីរ​នាក់​មក​ផ្ទះ​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​បាន​ស្វាគមន៍​ពួកគេ​នៅ​ក្នុង​ផ្ទះ ពួកគេ​បាន​សួរ ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ខ្វះអ្វី​មួយ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​អំពី​ឪពុក​ម្តាយ និងកូន​ប្រុស​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​បាន​គិត​ថា វា​អយុត្តិធម៌​ណាស់​ដើម្បី​មាន​កូន ហើយ​បង្កើត​ក្រុមគ្រួសារ តែអ្វីៗ​ត្រូវ​បញ្ចប់​ត្រឹម​សេចក្តីស្លាប់​នោះ ។ ខ្ញុំ​បាន​សួរ​ពួកគេ ប្រសិនបើ​ខ្ញុំ​នឹង​ជួប​ឪពុក​ម្តាយ និងកូន​ប្រុស​របស់​ខ្ញុំ​វិញ ។

ពួកគេ​បាននិយាយ​ថា « ម៉ាថា អ្នក​អាច​នៅ​ជាមួយ​គ្រួសារ​អ្នក​ជា​រៀង​រហូត » ។

អំណរ​បាន​មាន​ពេញ​ដួង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​ចង់​ដឹង​បន្ថែម​ទៀត ។ នៅពេល​ពួកគេ​មក​ជួប​ខ្ញុំ​លើក​ក្រោយ​ទៀត ពួកគេ​បាន​បង្រៀន​ខ្ញុំ​បន្ថែម​អំពី​ដំណឹងល្អ​របស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​មក​ខ្ញុំ ហើយ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​អាន ​រួច​ទូល​សួរ​ដល់ព្រះ បើវាជាព្រះបន្ទូល​របស់​ទ្រង់ ។ ខ្ញុំ​បាន​ទទួល​យក​ការអញ្ជើញ​នោះ ។ ពេល​ខ្ញុំ​បាន​អធិស្ឋាន ព្រះ​បាន​ឆ្លើយ​តប​មក​ខ្ញុំ​យ៉ាង​ច្បាស់​ដូច​ថ្ងៃ ។ ខ្ញុំ​បាន​ដឹង​ក្នុង​ចិត្ត​ថា វា​ជា​ការ​ពិត ។

ជា​អកុសល ពេល​ខ្ញុំ​បាន​ធ្វើ​ការងារ​ថ្មី​មួយ នោះ​ខ្ញុំ​បាន​បាត់​ការទាក់ទង​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នៅអំឡុង​ប៉ុន្មាន​ខែ​បន្ទាប់​មក​នោះ អាពាហ៍ពិពាហ៍របស់​ខ្ញុំ​បាន​បញ្ចប់ ហើយ​ខ្ញុំ​បាន​ព្យាយាម​ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មី​មួយ​ជាមួយ​កូនៗ​របស់​ខ្ញុំ ។

ទីបំផុត​ខ្ញុំ​បាន​រៀបការ​ម្តង​ទៀត ។ នៅ​ថ្ងៃ​មួយ​ស្វាមី​ខ្ញុំ​បាន​និយាយ​ថា គាត់​បាន​ខ្វះ​ព្រះ​នៅក្នុង​ជីវិត​គាត់ ។ យើង​បាន​សម្រេច​ចិត្ត​ចូលរួម​ព្រះវិហារ​ដែល​គាត់​ធ្លាប់​បាន​ចូលរួម ។ ពេល​យើង​ដើរ​ចូល​ទៅក្នុង​អគារ ខ្ញុំ​បាន​ឃើញ​ព្រះគម្ពីរ​មរមន​នៅលើ​តុ​នៅច្រក​ផ្លូវ​ដើរ ។ នេះ​គឺ​ជា​ព្រះវិហារ​ដដែល ដែល​គេ​បាន​ណែនាំ​ឲ្យ​ខ្ញុំ​ស្គាល់ ។ ខ្ញុំ​បាន​ចូលចិត្ត​អារម្មណ៍​ពីព្រះវិញ្ញាណ​ដែលខ្ញុំ​បាន​ទទួល​នៅ​ទីនោះ ។ នៅពេល​យើង​បាន​ចេញ​ទៅវិញ ខ្ញុំ​បាន​សួរ​ស្វាមី​ខ្ញុំ​ថា តើ​ខ្ញុំ​អាច​ជ្រមុជទឹក​បាន​តាម​របៀប​ណា ?

គាត់​បាន​និយាយ​ថា « ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បង្រៀន​អូន » ។

ខ្ញុំ​បាន​តប​ថា « ពួកគេ​បាន​បង្រៀន​អូន​កាល​ពី​ប្រាំ​ឆ្នាំ​មុន ! »

ពួកគេ​បាន​បង្រៀន​មេរៀន​ទាំងឡាយ​ដល់​កូនៗ​របស់​ខ្ញុំ និង​ខ្ញុំ ។ ថ្ងៃ​បុណ្យ​ជ្រមុជទឹក​យើង​គឺ​ជា​ថ្ងៃ​ដ៏​រីករាយ​ខ្លាំង​បំផុត​ក្នុង​ជីវិត​យើង ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​ប្រាប់​ពួក​ស៊ីស្ទើរ​ថា តើ​នរណា​ដែល​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចូល​ជាសមាជិកសាសនាចក្រ ។ នៅ​លើហ្វេសប៊ុក ខ្ញុំ​បាន​រកឃើញ​ទំព័រ​ក្រុម​ពួក​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​ប្រេស៊ីល សាន់តា ម៉ារៀ ។ ខ្ញុំ​បានឃើញស៊ីស្ទើរ​ម្នាក់​ដែល​បាន​បង្រៀន​ខ្ញុំ ។ ខ្ញុំ​បាន​ផ្ញើ​ការស្នើ​សុំ​ធ្វើ​ជា​មិត្ត​ជាមួយ​គាត់ ហើយ​បាន​ប្រាប់​គាត់​ពី​ខ្លួន​ខ្ញុំ របៀប​ដែល​ខ្ញុំ​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ របៀប​ដែល​គ្រួសារ​ខ្ញុំ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​កូន​ប្រុស​ខ្ញុំ​បានបម្រើ​បេសកកម្ម​ពេញម៉ោង ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា រឿង​ទាំងអស់​កើត​ឡើង​បាន ដោយសារ​គាត់ និង​ដៃគូ​គាត់​បាន​ដាំ​គ្រាប់ពូជ​មួយ​នៃ​ដំណឹងល្អ​ដែល​ស្តារ​ឡើង​វិញ​ក្នុង​ចិត្ត​ខ្ញុំ ។