២០១៩
ពរជ័យ​បន្ថែម
ខែ តុលា ឆ្នាំ ២០១៩


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ពរជ័យ​បន្ថែម

រ៉ូប៊ើតូ អាតុនខា នីអេតូ ទីក្រុង លីម៉ា ប្រទេស ប៉េរូ

រូបភាព
man holding bags of food

រចនា​រូបភាព​ដោយ អាលេ+អាលេ, ម៉រហ្គេន ហ្គានីន

ភរិយា​ខ្ញុំ​ខាមិន និង​ខ្ញុំ​ទើបតែ​មាន​កូនលើក​ដំបូង​ ពេល​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​នៃ​វួដ​យើង ។ នៅចំពេល​ដែល​យើង​មាន​បញ្ហា​ផ្នែក​ហរិញ្ញវត្ថុ ។ វា​បានប្រែ​កាន់តែ​តានតឹង​ឡើង​ចំពោះ​ខ្ញុំ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ខ្ញុំ​ ហើយ​នៅ​គ្រា​ដំណាល​គ្នា​នោះ ខ្ញុំ​ត្រូវ​គ្រប់គ្រង និងមើល​ថែ​សមាជិក​ក្នុង​វួដ ។

នៅ​ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ម្តាយ​ទោល​ម្នាក់​ជាមួយ​កូនតូច​បួន​នាក់​របស់​គាត់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។ គាត់​បាន​អង្គុយ​លើ​កៅអី​ក្រោយ​គេ​នៅក្នុង​សាលាប្រជុំ ហើយ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​គាត់​ដើម្បី​មើល​កូន​គាត់​កុំ​ឲ្យ​មាត់​ឡូឡា ។ ខ្ញុំ​បាន​ដឹង​ថា គាត់​ក៏​កំពុង​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ ប៉ុន្តែ​គាត់​ពុំ​ដែល​សូម​ជំនួយ​ទេ ។ ជាច្រើន​សប្តាហ៍​បាន​កន្លង​ទៅ ហើយ​គាត់​បាន​មក​ព្រះវិហារ​ជាមួយ​កូនៗ​របស់​គាត់​រៀងរាល់​សប្តាហ៍ ។

នៅ​ថ្ងៃ​មួយ​ខ្ញុំ​បាន​បើក​ប្រាក់​ខែ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ពរ​ដោយ​បាន​ទទួល​ប្រាក់​រង្វាន់​បន្ថែម ខ្ញុំ​បាន​សម្រេច​ចិត្ត​ប្រើ​ប្រាក់​បន្ថែម​នោះ ដើម្បី​ទិញ​គ្រឿង​បរិក្ខារ​ជួសជុលគ្រឿង​ប្រើប្រាស់​នានា​នៅ​ផ្ទះ​របស់​ខ្ញុំ ។ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ផ្សារ នោះ​ខ្ញុំ​បាន​នឹកឃើញ​បងស្រី​រូប​នេះ និង​កូនៗ​របស់​គាត់​ក្នុង​ចិត្តខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរ​ប្រើ​ប្រាក់​បន្ថែម​នោះ​ដើម្បី​ទិញ​អាហារ​ឲ្យ​ពួកគេ ។ ខ្ញុំ​បាន​ទូរសព្ទ​ប្រាប់​ខាមិន ហើយ​បាន​ប្រាប់​គាត់​ពី​អារម្មណ៍​ដែល​ខ្ញុំ​ត្រូវ​ធ្វើតាម ។ គាត់​បាន​យល់​ព្រម ។

ពេល​ខ្ញុំ​ដើរ​ទិញ​ឥវ៉ាន់ ខ្ញុំ​បាន​សម្លឹង​រក​មើល​នំ​មួយ​ចំនួន ។ ខ្ញុំ​បាន​គិត​ថា ប្រហែល​ជា​ក្មេងៗ​ចូលចិត្ត​បង្អែម​ខ្លះ​ហើយ ។ ខ្ញុំ​បាន​ទិញ​អាហារ​ពីរ​ស្បោង​ពេញ ហើយ​ធ្វើដំណើរ​ទៅ​ផ្ទះ​របស់​បងស្រី​នោះ ។

ខ្ញុំ​បាន​គោះទ្វារ​ផ្ទះ​ចាស់​ដែល​ធ្វើ​ពី​ឈើ​នោះ​បីបួន​ដង ។​ ពេលខ្ញុំ​ហៀប​នឹង​ចេញ​ទៅ​ហើយ​នោះ ស្រាប់​តែ​ទ្វារ​បាន​បើក​ឡើង ។ បងស្រី​នោះ​បាន​និយាយ​ថា « ប៊ីស្សព ខ្ញុំ​រំភើប​ចិត្ត​ណាស់​ដែល​ឃើញ​ប៊ីស្សព​មក​ទី​នេះ » ។ ភ្លាម​នោះ កូនៗ​របស់​គាត់​បាន​រត់​មក​ពី​ក្រោយ​គាត់ ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​បាន​ទិញ​អាហារ​មួយ​ចំនួន​ឲ្យ​បង » ។

កូន​ស្រី​ម្នាក់​របស់​គាត់​បាន​ឃើញ​នំ ហើយ​នាង​បាន​លាន់មាត់​ឡើង​ថា « នំ ! » ។ បងប្អូនប្រុសស្រី​របស់​គាត់​បាន​មក​ជួបជុំ​គ្នា​បរិភោគ​នំ​នោះ​ដោយ​ក្តីរំភើប ។ កូនស្រី​អាយុ​ប្រាំពីរ​ឆ្នាំ​ម្នាក់​បាន​ឱប​ខ្ញុំ ។ គាត់​បាននិយាយ​ថា « សូម​អរគុណ​ប៊ីស្សព ! » ។

ខ្ញុំ​បានមើល​ទៅក្នុ​ងផ្ទះ​ពួកគេ ហើយ​ខ្ញុំ​បាន​ឃើញ​ថា បងស្រី​នេះ​បាន​បោក​ខោអាវ​នៅក្នុង​ចាន​ដែក​មួយ​នៅលើ​កម្រាលឥដ្ឋ ។ គ្រួសារ​នេះ​គ្មាន​តុ ហើយ​ដេក​លើ​ពូក​ដែល​នៅ​លើ​កម្រាល​ឥដ្ឋ ។ ខ្ញុំ​បាន​ឃើញ​ថា ពួកគេ​មាន​ការខ្វះខាត​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​រៀបចំ​ដើម្បី​ប្រាកដ​ថា ពួកគេ​មាន​តុ​មួយ និងមាន​គ្រែ​ដេក​សម្រាប់​ពួកគេ​ម្នាក់ៗ ។

បទពិសោធន៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​ដឹកនាំ និង​ប្រទាន​ពរ​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។ យើង​ពុំ​ចាំបាច់​ត្រូវ​មាន​ការហៅ​បម្រើ​ពិសេស​មួយ ដើម្បី​ជួយ​បងប្អូន​ប្រុសស្រី​យើង​ទេ ។ យើង​គ្រាន់តែ​ស្តាប់​តាម​ព្រះវិញ្ញាណ ស្វែងរក​មនុស្ស​ដែល​ត្រូវការ​ជំនួយ​យើង ហើយ​មាន​ឆន្ទៈ​ធ្វើ​ជា​ឧបករណ៍​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។