២០១៩
ការ​ការពារ​កុមារ
ខែ តុលា ឆ្នាំ ២០១៩


ការ​ការពារកុមារ

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​ការពារ និង​ផ្តល់​អំណាច​ដល់​កុមារ​នៅក្នុង​ជីវិត​របស់យើង ?

រូបភាព
mother with baby and crying child

រចនា​រូបថត​ដោយ លីនដា លី

ក្រៅពី​ក្រុម​មនុស្ស​ទាំងអស់​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន យើង​ដឹង​ថា ទ្រង់ពិតជា​បាន​ស្រឡាញ់​កុមារ​ជា​ខ្លាំង ។ ទ្រង់​បាន​យក​ព្រះទ័យ​ទុកដាក់​លើ​កុមារ ទោះបី​វា​ពុំ​សូវ​ងាយ​ស្រួល​ក្តី ។ ទ្រង់​បាន​អញ្ជើញ​កុមារ​ឲ្យ​ទទួល​ពរជ័យ​ពី​ទ្រង់​រៀងៗ​ខ្លួន ។ ទ្រង់​បាន​កាត់ទោស​អ្នក​ដែល​ធ្វើបាប​កុមារ ។ ហើយ​ទ្រង់​បាន​បង្រៀន​ថា យើង​ត្រូវតែ​ក្លាយ​ឲ្យ​កាន់តែ​ដូច​កុមារ ដើម្បី​ចូល​ក្នុង​នគរ​ស្ថានសួគ៌ ។

ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​អ្នក​នៅ​ទ្វីប​អាមេរិក​បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្មរស់​ឡើង​វិញ​ថា « មើល​កូន​តូច​របស់​អ្នករាល់​គ្នា ។ ស្ថានសួគ៌​បាន​បើក​ចំហរ ហើយ​ពួកទេវតា​ដែល​ពោរពេញ​ដោយ​ក្តីស្រឡាញ់ ការការពារ​បាន​យាង​ចុះ​មក ហើយ​បង្កើត​ជា​រង្វង់​នៅជុំវិញ​កុមារ ព័ទ្ធ​ជុំវិញ​ពួកគេ​ដោយ​ភ្លើង ។ ( សូមមើល នីហ្វៃ​ទី​៣ ១៧:២៣–២៤ ) ។

ជាមួយ​នឹង​គ្រោះថ្នាក់​ទាំងអស់​នៅក្នុង​ពិភពលោក​បច្ចុប្បន្ន​នេះ យើង​អាច​ចង់​ឲ្យ​កូនៗ​របស់​យើង​ត្រូវបាន​ហ៊ុមព័ទ្ធ​ជុំ​វិញ​ដោយ​ភ្លើង​សួគ៌ា​ជានិច្ច ។ គេ​បាន​វាយ​តម្លៃ​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​បួន​នាក់​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​គេ​ធ្វើ​បាប​កាល​នៅ​កុមារ ហើយ​ចំនួន​ជាមធ្យម​នោះ​បាន​កើន​ឡើង ពេល​អ្នក​ក្រឡេក​មើល​ក្រុម​ជាក់លាក់​ដែល​គ្មាន​ការគាំពារ ដូច​ជា​ក្រុម​ជនពិការ​ជាដើម ។ ដំណឹងល្អ​នោះ​គឺ​ថា មាន​អ្វី​ជាច្រើន​ដែល​យើង​អាច​ធ្វើ ដើម្បី​មាន​នូវ​វិធីសាស្ត្រ​ទុក​ជាមុន​ក្នុង​ការការពារ​កុមារ ។

ស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ បាន​មាន​ប្រសាសន៍​ថា « សូម​គិត​ក្នុង​ចិត្ត​អ្នក​ពី​កូន​ម្នាក់​ដែល​អ្នក​ស្រឡាញ់ ។ ពេល​អ្នក​ប្រាប់​កូន​នោះ​ថា ‹ ខ្ញុំស្រឡាញ់​អ្នក › តើ​វា​មាន​ន័យ​យ៉ាង​ណា ?… យើង​ផ្តល់​ការការពារ​ ដើម្បី​យើង​អាច​ជួយ​អ្នក​ដែល​យើង​ស្រឡាញ់ ដើម្បី​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ល្អ​បំផុត ហើយ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​បាន​ល្អបំផុត » ។

ប្រហែល​ការក្រឡេក​មើល​កាន់តែ​ច្បាស់​អំពី​គំរូ​របស់​ព្រះអង្គសង្គ្រោះ នឹង​បំផុស​គំនិត​អំពី​របៀប​ដែល​យើង​អាច​ការពារ​កុមារ​ក្នុង​ជីវិត​យើង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

ព្រះយេស៊ូវ​បាន​ចំណាយ​ពេល​ជាមួយ​ពួកគេ

រូបភាព
Jesus with children

មើល​ន៎ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដោយ ដេវីឌ លីនស្លី © 1983

ព្រះយេស៊ូវ​បាន​ចំណាយ​ពេល​ផ្តោត​ចិត្ត​ទុកដាក់​ដល់​កុមារ និង​មនុស្ស​ខ្វះខាត ( សូមមើល ម៉ាថាយ ១៩:១៤ ) ។ យើង​ក៏​អាច​ឆ្លៀត​ពេល​ស្តាប់​កូនៗ​យើង ហើយ​ព្យាយាម​យល់​ពី​ឧបសគ្គ​របស់​ពួកគេ ។

ស៊ីស្ទើរ​ចូនស៍​មាន​ប្រសាសន៍​ថា « កាលណា​កុមារ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​កាន់តែ​ច្រើន នោះ​វា​កាន់តែ​ងាយ​ស្រួល​ឲ្យ​ពួកគេ​បើក​ដួង​ចិត្ត… យើង ត្រូវ​ចាប់ផ្តើម​ការសន្ទនា ហើយ​កុំ​រង់ចាំ​រហូត​ទាល់តែ​កុមារ​មក​រក​យើង​ឡើយ » ។

ម្តាយ​ម្នាក់​បាន​រកឃើញ​ថា វា​មាន​ប្រយោជន៍​ដើម្បី​សួរ​កូនៗ​របស់​គាត់​រៀងរាល់​ល្ងាច​ថា « តើ​កូន​ស្តាប់​ឮ​ពាក្យ​អ្វី​ដែល​កូន​មិន​យល់​ទេ​ថ្ងៃ​នេះ ? »

សភាវគតិ​ដំបូង​របស់​កូន​យើង​អាច​រកមើល​ពាក្យ​នោះ​នៅ​តាម​អ៊ិនធើរណែត​ដើម្បី​ទទួល​បាន​ចម្លើយ ដោយសារ​អ៊ិនធើរណែត​ផ្តល់​ជំនួយ​បាន​ភ្លាមៗ ហើយ​ពុំ​កាត់ទោស​គេ​ទេ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ឲ្យ​គេ​ជឿ​ថា យើង គឺ​ជា​ប្រភព​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ទុកចិត្ត​ជាង ។ ហើយ​នោះ​រួមមាន​ទាំង​ការមិន​មាន​ប្រតិកម្ម​ច្រឡោត ពេល​កូនៗ​យើង​ប្រាប់​នូវ​រឿង​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​មិន​ស្រណុក​ចិត្ត ។ ឧទាហរណ៍ ប្រសិនបើ​យើង​មាន​កំហឹង​ច្រឡោត​ភ្លាមៗ​ពេល​កូន​យើង​សារភាព​ថា ពួកគេ​បាន​មើល​ការណ៍​អាសគ្រាម នោះ​ពួកគេ​អាច​នឹង​ពុំ​ត្រឡប់​មក​រក​ជំនួយ​ពី​យើង​ទៀត​ទេ ។ ប៉ុន្តែ​បើ​យើង​ឆ្លើយ​តប​ដោយ​សេចក្តីស្រឡាញ់ នោះ​យើង​មាន​ឱកាស​ដើម្បី​ផ្ញើ​សារលិខិត​ដ៏​ច្បាស់​លាស់​មួយ​—ថា យើង​ចង់​ឲ្យ​ពួកគេ​និយាយ​ប្រាប់​យើង​ពី អ្វី​គ្រប់​យ៉ាង ។

ស៊ីស្ទើរចូនស៍​បាន​សង្កេត​ឃើញ​ថា « ការនិយាយ​អំពី​បញ្ហា​តូចៗ​ក្នុង​លក្ខណៈ​នៃ​ក្តីស្រឡាញ់ បង្កើត​ជា​គ្រឹះ​មួយ​នៃ​ការឆ្លើយ​តប​ដ៏​ល្អ ដូច្នេះ​ពេល​បញ្ហា​ធំៗ​កើត​ឡើង នោះ​ទំនាក់ទំនង​គឺ​នៅ​តែ​បន្ត​មាន » ។

រឿង​សំខាន់​បំផុត​មួយ​ចំនួន​នៃ​ការសន្ទនា​ប្រកប​ដោយ​ការការពារ​ដែល​ឪពុក​ម្តាយ​អាច​មាន​ជាមួយ​កុមារ​នោះ​គឺ​អំពី​រូបកាយ​របស់​ពួកគេ ។ ការសន្ទនា​ទាំង​នោះ​គួរតែ​រួម​បញ្ចូល​នូវ​ពាក្យ​ពេចន៍​ច្បាស់លាស់​សម្រាប់​ផ្នែក​នានា​នៃ​រាងកាយ ព័ត៌មាន​អំពី​អនាម័យ និង​ការផ្លាស់ប្តូរ​នានា​ដែល​រំពឹង​ថា​កើត​មាន​នៅប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ។ យើង​គួរតែ​និយាយ​អំពី​បញ្ហា​ផ្លូវ​ភេទ និង​របៀប​ដែល​ការស្និតស្នាល​ខាង​រូបកាយ និង​អារម្មណ៍​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង ។ យើង​ក៏​អាច​និយាយ​អំពី​ប្រធាន​បទ​នានា​ដូចជា ការរំលោភ​បំពាន និង​ការណ៍​អាសគ្រាម ។ ការសន្ទនា​ទាំង​នេះ​ត្រូវតែ​សមស្របតាម​អាយុ ហើយ​ដឹកនាំ​ដោយ​សំណួរ​នានា​ដែល​កូន​របស់​យើង​មាន ។ មែនហើយ យើង​ចង់​មាន​ការសន្ទនា​ជា​ច្រើន​នៅពេលក្រោយ​ទៀត ដោយ​ផ្តល់​ព័ត៌មាន​បន្ថែម​ពេល​កូនៗ​យើង​ធំ​ឡើង ហើយ​ការយល់​ដឹង​របស់​គេ​កើន​ឡើង ។​ ( សូមមើល​ធនធាន​ដ៏​មាន​ប្រយោជន៍​នានា​នៅ​ចុងបញ្ចប់​នៃ​អត្ថបទ​នេះ ) ។

ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ដល់​ពួកគេ

ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​ដល់​មនុស្ស​គ្រប់​រូប ( សូមមើល យ៉ូហាន ៨:១២ ) ។ ក្នុង​នាម​ជា​មនុស្ស​ពេញវ័យ យើង​ក៏​មាន​ឱកាស​ និង​ការទទួលខុសត្រូវ​ដើម្បី​ធ្វើ​ជា​គំរូ​ផងដែរ ។ វិធី​ដ៏​ល្អ​បំផុត​មួយដែល​យើង​អាច​ជួយ​កូនៗ​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព​នោះ គឺ​តាមរយៈ​ការធ្វើ​ជា​គំរូ​ក្នុង​ការជ្រើសរើស​ដោយ​សុវត្ថិភាព​របស់​យើង ។ កូនៗ​មើល​ពី​របៀប​ដែល​ឪពុក​ម្តាយ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ និង​របៀប​ដែល​មនុស្ស​ដទៃ​ប្រព្រឹត្ត​ចំពោះ​ពួកគេ ។ ប្រសិនបើ​អ្នក​កំពុង​នៅក្នុង​ទំនាក់ទំនង​មួយ ឬ​មាន​ការលំបាក​នឹង​ការញៀន​មួយ ដែល​ធ្វើ​ឲ្យ​អ្នក ឬ​គ្រួសារ​អ្នក​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់ សូម​ស្វែងរក​ជំនួយ ។ សូម​ឈោង​ទៅ​រក​អាជ្ញាធរ​ស៊ីវិល និង​ការប្រឹក្សា​ពី​អ្នក​មាន​វិជ្ជាជីវៈ ព្រមទាំង​ប៊ីស្សព ឬ​ប្រធាន​សមាគម​សង្គ្រោះ​របស់​អ្នក ដែល​អាច​ជួយ​អ្នក​ទាក់ទង​នឹង​ធនធាន​នានា​ដែល​សមស្រប​នៅ​ក្នុង​ព្រះវិហារ និង​ក្នុង​សហគមន៍ ។ អ្នក​ស័ក្តិសម​ក្នុង​ការទទួលបាន​សុវត្ថិភាព និង​ការគោរព ។

យើង​ក៏គួរតែ​ធ្វើ​ជា​គំរូ​ក្នុងការ​មើលថែ​កម្លាំង​ខាង​វិញ្ញាណ​របស់​យើង​ផងដែរ ។ តើ​កូនៗ​យើង​ឃើញ​យើង​អធិស្ឋាន​ដែរ​ឬ​ទេ ? តើ​ពួកគេ​ដឹង​ថា យើង​អាន​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ ? តើ​ពួកគេ​បាន​ស្តាប់​ឮ​ទីបន្ទាល់​របស់​យើង​ដែរ​ឬទេ ? តើ​យើង​បាន​ពាក់ « គ្រប់​គ្រឿង​សឹក​របស់​ព្រះ » ជា​ក្រុមគ្រួសារ​នៅពេល​ព្រឹក ពីមុន​ចេញ​ទៅ​កាន់​ពិភពលោក​ខាង​ក្រៅ​ដែរ​ឬទេ ? ( សូមមើល អេភេសូរ ៦:១១–១៨; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១៥–១៨ ) ។

ព្រះយេស៊ូវ​បានថ្លែង​ការពារ​ពួកគេ

ព្រះអង្គ​សង្គ្រោះ​បាន​ថ្លែង​ទាស់​នឹង​អ្នក​ដែល​ធ្វើ​បាប​កុមារ ( សូមមើល ម៉ាថាយ ១៨:៦ ) ។ យើង​ក៏​អាច​និយាយ​គាំពារ​កុមារ​នៅ​ក្នុង​ជីវិត​របស់​យើង​ផងដែរ ។

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​ថា « កុមារ​ត្រូវការ​មនុស្ស​ដទៃ​និយាយគាំពារ​ពួកគេ ហើយ​ពួកគេ​ត្រូវ​ការ​អ្នក​សម្រេច​ចិត្ត​ឲ្យ ដែល​ដាក់​សុខុមាលភាព​របស់​ពួកគេ​សំខាន់​ជាង​ចំណាប់​អារម្មណ៍​ដ៏​អាត្មានិយម​របស់​មនុស្ស​ពេញវ័យ​នោះ » ។

ខណៈ​ដែល​យើង​មិន​ត្រូវ​ខ្លាច ឬ​សង្ស័យ​ហួស​ហេតុ​ដល់​មនុស្ស​ដទៃ នោះ​យើង​គួរតែ​ដឹង​ពី​ការគំរាមកំហែង​ដែល​អាច​កើត​មាន ហើយ​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​សុវត្ថិភាព​ប្រកប​ដោយ​ភាព​វៃឆ្លាត ។ ថ្នាក់​ដឹកនាំ​អង្គការបឋម​សិក្សា​គួរតែ​ធ្វើ​តាម​សេចក្តីណែនាំ​របស់​សាសនាចក្រ​ស្តីពី​ការបង្ការ​ការរំលោភបំពាន—​គឺ​ជា​ការការពារ ដោយ​មាន​គ្រូបង្រៀន​ពីរ​រូប​នៅក្នុង​ថ្នាក់​រៀន​នីមួយៗ ហើយ​ទីប្រឹក្សាម្នាក់​ក្នុង​គណៈប្រធាន​ត្រួត​ពិនិត្យ​ថ្នាក់ ។

ឪពុក​ម្តាយ និង​ថ្នាក់​ដឹកនាំ​គួរតែ​ប្រឹក្សា​រួមគ្នា ហើយ​សម្រេច​ថា តើ​មាន​ការប្រុងប្រយ័ត្ន​ជាមុន​អ្វី​បន្ថែម​ទៀត​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​កាត់​បន្ថយ​ការគំរាមកំហែង​ជាក់លាក់​នានា ។ ឧទាហរណ៍ អគារ​សាសនាចក្រ​ជាច្រើន​មាន​បង្អួច​ក្នុង​បន្ទប់​រៀន ។ ប្រសិនបើ​អគារ​របស់​អ្នក​គ្មាន​បង្អួច​ក្នុង​បន្ទប់​រៀន អ្នក​អាចបើក​ទ្វារ​បន្តិច​អំឡុងពេល​ម៉ោង​រៀន ហើយ​ប្រឹក្សា​ជាមួយ​អ្នក​តំណាង​គ្រប់គ្រង​អាគារ​ក្នុង​មូលដ្ឋាន ដើម្បី​ដឹង​ថា តើ​ត្រូវ​ដាក់​បង្អួច​ក្នុង​បន្ទប់​រៀន​ដែរ​ឬ​ទេ ។ មិន​ថា ពួកគេ​មាន​ការហៅ​បម្រើ​ជា​អ្វី​ឡើយ មនុស្ស​ពេញវ័យ​ទាំងអស់​អាច​ផ្តោត​ចិត្ត​ទុកដាក់​ពេល​នៅ​ឯព្រះវិហារ ហើយ​ជួយ​ពេល​ត្រូវការ ដូច​ជា​ការស្វាគមន៍​ភ្ញៀវ ដែល​ដើរ​តាម​សាល ឬ​លើក​ទឹកចិត្ត​កុមារ​ដែល​ដើរ​ប្រសេចប្រសាច​ឲ្យ​ត្រឡប់​ទៅ​ថ្នាក់​រៀន​វិញ ។

គួរ​ឲ្យ​ស្តាយ​ណាស់ ជួនកាល​កុមារៗ​ត្រូវបាន​ធ្វើបាប​ដោយ​កុមារ​ផ្សេងទៀត ។ ប្រសិនបើ​យើង​ឃើញ​មាន​ការសម្លុត​គំរាម ឬ​ការប៉ះពាល់​មិន​សមរម្យ​ណា​មួយ​នៅ​ឯ​ព្រះវិហារ ឬ​នៅ​កន្លែង​ផ្សេង​ទៀត យើង​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​ភ្លាម ។ ប្រសិនបើ​យើង​ជា​អ្នកដឹកនាំ យើង​ត្រូវតែ​មាន​ឆន្ទៈ​និយាយ​ជាមួយ​គ្រួសារ​ដែល​ពាក់ព័ន្ធ—ទោះបី​ជា​ការសន្ទនា​នោះ​ពុំ​ងាយ​ស្រួល​ក្តី—ដើម្បី​ប្រាកដ​ថា កុមារ​ទាំងអស់​មាន​សុវត្ថិភាព ។ សូម​និយាយ​ដោយ​សេចក្តីអាណិតអាសូរ និង​ច្បាស់លាស់​ ដើម្បី​ជួយ​ស្ថាបនា​វប្បធម៌​នៃ​ការមាន​សន្តា​ន​ចិត្ត​ល្អ ។

ប្រសិនបើ​យើង​ជឿ​ថា មាន​គេ​បាន​ធ្វើ​បាប​កុមារ​ណា​ម្នាក់ យើង​គួរតែ​រាយ​ការណ៍​កង្វល់​ទាំង​នោះ​ទៅ​អាជ្ញាធរ​ស៊ីវិល​ជាបន្ទាន់ ។ នៅក្នុង​ប្រទេស​ជា​ច្រើន មាន​លេខទូរសព្ទ​ទាក់ទង​បន្ទាន់​ដើម្បី​ផ្តល់​ការអន្តរាគមន៍​ពេល​មាន​វិបត្តិ ផ្តល់​ព័ត៌មាន និង​ផ្តល់​សេវកម្ម​គាំទ្រ ។ យើង​ក៏​គួរតែ​ប្រាប់​ប៊ីស្សព​អំពី​ការរំលោភបំពាន​ដែល​សង្ស័យ​នោះ ជាពិសេស​ទាក់ទង​នឹងបុគ្គល​ដែល​អាច​ប៉ះពាល់​កុមារ​តាមរយៈ​សាសនាចក្រ ។ ក្រៅ​ពី​ការចាត់វិធានការ​ដើម្បី​ការពារ​ឧក្រិដ្ឋជន​មិន​ឲ្យ​ទាក់ទង​នឹង​កុមារ​នៅពេល​ខាង​មុខ​ទៀត ប៊ីស្សព​អាច​ផ្តល់​ការលួងលោម និង​ការជួយ​ជ្រោមជ្រែង​ដល់​ជន​រងគ្រោះ ហើយ​ជួយ​ពួកគេ​ឲ្យ​ទាក់ទង​នឹង​ធនធាន​បន្ថែម​ទៀត​មក​ពី​សេវាកម្ម​គ្រួសារ ។

ព្រះយេស៊ូវ​បាន​ប្រទាន​ពរ​ដល់​ពួកគេ​​ម្ដង​ម្នាក់ៗ

រូបភាព
Primary teacher hugging child with Down syndrome

រចនា​រូបថត​ដោយ ស្សាណេ ជេនេស៊ី អាសេប៊ិល

ព្រះយេស៊ូវ​បាន​ស្គាល់ ហើយ​បាន​ប្រទាន​ពរ​ដល់​កុមារ​ម្តងម្នាក់ៗ ( សូមមើល នីហ្វៃ​ទី​៣ ១៧:២១ ) ។ ដូច​គ្នា​នេះ​ផងដែរ យើង​គួរតែ​ស្គាល់​កុមារ​ម្នាក់ៗ ហើយ​ជាពិសេស​ព្យាយាម​ជួយ​ពួកគេ ។

តើ​យើងអាច​ធ្វើ​ឲ្យ​ព្រះវិហារ​កាន់តែមាន​សុវត្ថិភាព​ដល់​កុមារ​ជាមួយ​នឹង​ផ្នែក​វេជ្ជសាស្ត្រ​តាមរបៀប​ណា ? តើយើង​មាន​ផែនការ​ដើម្បី​ជួយ​កុមារ​ថ្នាក់អង្គការ​បឋម​សិក្សា​ដែល​ពិការ​ដែរ​ឬទេ ? តើ​មេរៀន​ថ្នាក់​អង្គការបឋម​សិក្សា​ដែល​យើង​បង្រៀន​វា​ប៉ះពាល់​ដល់​ស្ថានភាព​ផ្សេងៗ​គ្នា​នៅ​ក្នុង​ផ្ទះ​ពួកគេ​ដែរ​ឬ​ទេ ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយពួកគេ​ឲ្យ​ចូលរួម​កាន់តែ​សកម្ម​នោះ ?

យោបល់​ដែល​ប្រកាន់​ពូជសាសន៍ វាចា​ដែល​បន្ទាប​ដល់​វប្បធម៌​ដទៃទៀត និង​ឥរិយាបថ​កាត់ទោស​ដល់​សមាជិក​នៃ​អ្នក​មាន​ជំនឿ​ផ្សេង​ទៀត ពុំ​គួរ​មាន​នៅក្នុង​សារលិខិត​ដែល​យើង​ចែកចាយ​ឡើយ ។ នៅក្នុង​ថ្នាក់​អង្គការបឋម​សិក្សា​មួយ កុមារា​ម្នាក់​ពុំ​អាច​និយាយ​ភាសា​ដូចគ្នា​ដែល​កុមារ​ដទៃទៀត​និយាយ​បាន​ល្អ​នោះទេ ។ ដើម្បី​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា គេ​ស្វាគមន៍ នោះ​គ្រូបង្រៀន​ត្រូវ​ប្រាកដ​ថា បាន​បោះពុម្ព​ក្រដាស​ចែក​ទាំងពីរ​ភាសា​នោះ ។ ទង្វើ​សាមញ្ញ​នៃ​ការចេះ​គិតគូរ​បង្ហាញ​កុមារ​ថា យើង​ដឹង ហើយ​ខ្វល់ខ្វាយ​ពី​ពួកគេ​ម្នាក់ៗ ហើយ​ទង្វើ​ទាំង​នេះ​អាច​ក្លាយ​ជា​គំរូ​ឲ្យ​ពួកគេ​ធ្វើ​តាម ។

យើង​អាច​ឃើញ​ថា កុមារ​ខ្លះ​ត្រូវការ​ជំនួយ​បន្ទាន់​មួយ ។ ឧទាហរណ៍ ទោះបីជា​ការផ្លាស់ប្តូរ​អារម្មណ៍មួយ​ចំនួន​គឺ​ជា​ផ្នែក​មួយ​សាមញ្ញ​នៃ​ការធំ​លូតលាស់​ក្តី ប្រសិនបើកុមារ​ម្នាក់​ខឹង ផ្តាច់​ខ្លួន​ចេញពី​មនុស្ស​ដទៃ ឬ​កើត​ទុក្ខ​អស់​ជា​ច្រើន​សប្តាហ៍ នោះ​ប្រហែល​ជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ជំនួយ​ពី​អ្នក​មាន​វិជ្ជាជីវៈ ។ ខណៈ​ដែល​ទម្លាប់​នៃ​ភាព​សុចរិត​ដូចជា​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​សំខាន់​ក្តី ជារឿយៗ ការគាំទ្រ​បន្ថែម​គឺ​ចាំបាច់​ដល់​កុមារ​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្លូវចិត្ត​ដែល​ទើប​តែ​មាន ឬ​កំពុង​តែ​ពុះពារ​នឹង​ការប៉ះទង្គិច​ផ្លូវចិត្ត​ដ៏​សម្ងាត់​មួយ ។ ការព្រងើយ​កន្តើយ​នឹង​ស្ថានភាព​នោះ​នឹង​ពុំ​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​បាន​ប្រសើរ​ឡើង ។ នៅក្នុង​តំបន់​ជាច្រើន ប៊ីស្សព​អាច​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ សម្រាប់​ការប្រឹក្សា​តាមរយៈ​សេវាកម្ម​គ្រួសារ ឬ​អ្នក​ផ្តល់សេវា​ដទៃ​ផ្សេង​ទៀត ។

ព្រះយេស៊ូវ​បាន​ប្រទាន​អំណាច​ដល់​ពួកគេ

រូបភាព
father helping son ride bicycle

រចនា​រូបថត​ដោយ អែនហ្គាលី ចាកសុន

ពេល​ការពារ​កុមារ ព្រះយេស៊ូវ​ក៏​បាន​ប្រទាន​អំណាច​ដល់​ពួកគេ​ផងដែរ ។ ទ្រង់​បាន​លើក​ពី​កុមារ​ទុក​ជា​គំរូ ( សូមមើល ម៉ាថាយ ១៨:៣ ) ។ បន្ទាប់​ពី​ការយាង​ទៅ​ទ្វីប​អាមេរិក​របស់​ទ្រង់ កុមារ​តូចៗ​អាច​បង្រៀន​មនុស្ស​ពេញវ័យ​បាន​នូវ « ការណ៍​ដ៏​អស្ចារ្យ​ទាំង​ឡាយ » ( នីហ្វៃ​ទី៣ ២៦:១៦ ) ។

យើង​អាច​ផ្តល់​អំណាច​ដល់​កុមារ​ដែល​យើង​ស្គាល់ តាមរយៈ​ការបង្រៀន​ពួកគេ​ឲ្យ​ទទួល​ស្គាល់​របៀប​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ពួកគេ ហើយ​បន្ទាប់​មក​ធ្វើ​តាម​ព្រះវិញ្ញាណ​ពេល​ពួកគេ​ធ្វើការសម្រេច​ចិត្ត—គឺការជួយ​កុមារ​ឲ្យ​អភិវឌ្ឍ​តម្រង​ផ្ទៃ​ក្នុង​ដើម្បីដឹកនាំ​ទង្វើ​របស់​ពួកគេ ។ ដូច​ស៊ីស្ទើរ​ចូនស៍​បាន​បង្រៀន​ថា « ការជួយ​កុមារ​ឲ្យ​បង្កើត​ហេតុផល​ក្នុង​ចិត្ត​ពួកគេ​ផ្ទាល់​សម្រាប់​ការចង់ [ ធ្វើ​ការសម្រេច​ចិត្ត​ប្រកប​ដោយ​សុវត្ថិភាព ] គឺចាំបាច់​ណាស់ » ។ នេះ​ជា​យោបល់​មួយ​ចំនួន​ដែល​ផ្តល់​អំណាច​ដល់​ក្រុមគ្រួសារ​ដទៃ​ទៀត ៖

  • ម្តាយ​មួយ​រូប​បង្រៀន​កូនៗ​របស់​គាត់​ឲ្យ​យកចិត្ត​ទុកដាក់​លើ « អារម្មណ៍​គួរឲ្យ​សង្ស័យ » របស់​ពួកគេ ហើយ​មាន​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​ហាក់ដូចជា​មាន « ល្បិច​កល » ។ ការណ៍​នេះមាន​ភាព​ជោគជ័យ ពេល​មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​បញ្ចុះបញ្ជូល​កូន​ប្រុស​គាត់​ឲ្យ​ធ្វើ​តាម​ពួកគេ​ចូល​ទៅក្នុង​បន្ទប់​ទឹក​មួយ ហើយ​កូន​ប្រុស​នោះ​បាន​ស្តាប់​តាម​អារម្មណ៍​នៃ​ការព្រមាន​របស់​គាត់ ហើយ​បាន​បដិសេធ​មិន​ធ្វើ​តាម​ពួកគេ ។

  • ក្រុម​គ្រួសារ​មួយ​ចំនួន​បង្កើត​ផែនការ​វាង​ជាមុន​ដើម្បី​ប្រើប្រាស់ ពេល​ពួកគេ​ជួប​នឹង​អ្វី​មួយ​ដែល​គ្រោះថ្នាក់ ។ ឧទាហរណ៍ ផែនការ​វាង​របស់​គ្រួសារ​មួយ​ត្រូវបាន​ហៅ​ថា « បិទ និង​ប្រាប់ » ហើយ​រួម​មាន​ការបិទ​អេក្រង់​កុំព្យូទ័រ និង​ការប្រាប់​ឪពុក​ម្តាយ​ភ្លាម ប្រសិនបើ​រូបភាព​អាក្រក់​មួយ​បាន​ផុស​ឡើង​មក​នោះ ។ កូនៗ​របស់​ពួកគេ​ពុំ​ដែល​សង្ស័យ​ពី​របៀប​ទាក់ទង​នឹង​ប្រព័ន្ធផ្សព្វផ្សាយ​មិន​ល្អ​ឡើយ—ពួកគេ​បាន​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ !

  • គ្រួសារ​មួយ​ទៀត​បាន​បង្កើត​ពាក្យ​សម្ងាត់​មួយ​ដែល​កូនៗ​របស់​ពួកគេ​អាច​ផ្ញើ​សារ​ទៅ​កាន់​ឪពុកម្តាយ​គេ ឬ​និយាយ​តាម​ទូរសព្ទ ប្រសិនបើ​ពួកគេ​ត្រូវការ​ឲ្យ​ឪពុកម្តាយ​ទៅ​ទទួល​យក​ភ្លាមៗ ។

  • អ្នក​អាច​ជួយ​កូនៗ​របស់​អ្នក​អនុវត្ត​ការនិយាយ « បដិសេធ ! » ពេល​នរណា​ម្នាក់​ព្យាយាម​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ពុំ​ល្អ ។ កុមារ​គ្រប់​រូប​គួរ​ដឹង​ថា ពួកគេ​អាច​សូម​ជំនួយ​បាន ហើយ​ពួកគេ​គួរ​បន្ត​សូម​ជំនួយ​រហូត​ដល់​ពួកគេ​មាន​សុវត្ថិភាព ។

តួនាទី​របស់យើង​ជា​មនុស្ស​ពេញវ័យ

សូម​យើង​រំឭក​ម្តង​ទៀត​ពី​ឈុតឆាក​នៅក្នុង នីហ្វៃ​ទី៣ ១៧ ពេល​ព្រះយេស៊ូវ « បាន​យក​កូន​ក្មេង​របស់​ពួកគេ ម្ដង​ម្នាក់ៗហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​វា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះវរបិតា​សម្រាប់​ពួក​គេ ។ … រីឯ​ភ្លើង​ក៏​ព័ទ្ធជុំវិញ​ពួក​វា ហើយ​ពួក​ទេវតា​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​កូន​ក្មេង » ( ខ​ទី ២១, ២៤ ) ។ ប្រហែល​ចំណុច​សំខាន់​មួយ​នៃ​រឿង​នេះ​គឺ​ពុំ​គ្រាន់តែ​បង្រៀន​យើង​អំពី​សារៈសំខាន់​របស់​កុមារ​នោះ​ទេ វា​ក៏​បង្ហាញ​ពី​តួនាទី របស់​យើង ដែល​គួរ​ធ្វើ ក្នុង​នាម​ជា​មនុស្ស​ពេញវ័យ​ផងដែរ ។ យើង​គឺ​ជា​អ្នក​មើល​ថែ​មនុស្ស​នៅ​ជំនាន់​បន្ទាប់​ទៀត។ យើង គួរតែ​ធ្វើ​ជា​ពួកទេវតា​ដែល​ព័ទ្ធជុំ​វិញ ហើយ​ធ្វើ​ការងារ​បម្រើ​ដល់​កុមារ ។ សូម​បន្ត​សម្លឹង​មើល​ទៅ​ព្រះ​យេស៊ូវ​ទុក​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​យើង ហើយ​បន្ទាប់​មក​ធ្វើ​កិច្ចការ​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ហ៊ុមព័ទ្ធ​កុមារ​តូចៗ​របស់យើង​ដោយ​សេចក្តីស្រឡាញ់ និង​ការការពារ ។

កំណត់​ចំណាំ

  1. សូមមើល​សេចក្តីយោង​បទគម្ពីរ​ក្រោម​វគ្គ​ចំណង​ជើង នីមួយៗ​នៅក្នុង​អត្ថបទ​នេះ ដើម្បី​ស្វែងរក​រឿង​ទាំង​នេះ​នៅ​ក្នុង​ព្រះគម្ពីរ ។

  2. សូមមើល « Child Maltreatment (Child Abuse) » World Health Organization, who.int/violence_injury_prevention/violence/child/en ។

  3. ចយ ឌី ចូនស៍ « Addressing Pornography: Protect, Respond, and Heal » Liahona ខែ តុលា ឆ្នាំ ២០១៩ ទំព័រ ៣៨ ។

  4. ចយ ឌី ចូនស៍ « Addressing Pornography » ទំព័រ ៣៩, ៤០ ។

  5. ចយ ឌី ចូនស៍ « Addressing Pornography » ទំព័រ ៣៩ ។

  6. ដាល្លិន អេក អូក « Protect the Children » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤៣ ។

  7. សូមមើល « Preventing and Responding to Abuse » newsroom.ChurchofJesusChrist.org ។

  8. ចយ ឌី ចូនស៍ « Addressing Pornography » ទំព័រ ៤០ ។