២០១៩
ដេស្ទីនី​ដ៏​អស្ចារ្យ
ខែ តុលា ឆ្នាំ ២០១៩


ដេស្ទីនី​ដ៏​អស្ចារ្យ

អ្នក​និពន្ធ​រស់​នៅ​ប្រទេស​បារាំង ។

មិត្តភក្តិ​របស់​ខ្ញុំ​គឺ​តាម​ធម្មតា​រីករាយ​គ្រប់​ពេល​ទាំងអស់ ។ តើ​មាន​អ្វី​ខ្លះ​ដែល​អាច​រំខាន​ដល់​នាង​នោះ ?

រូបភាព
girls under umbrella

រចនា​រូបភាព​ដោយ រីជីណាល់ ស្វីននី

ខ្ញុំ​មកពី​ប្រទេស​បារាំង ប៉ុន្តែ​ប្អូន​ស្រី​ខ្ញុំ និង​ខ្ញុំ​បាន​រស់នៅ​សហរដ្ឋ​អាមេរិក​ភាគ​ខាង​កើត​អស់​រយៈពេល​មួយ​ឆ្នាំ​ក្នុង​នាម​ជា​និស្សិត​ចុះ​កម្មសិក្សា ។ អំឡុង​គ្រា​នោះ យើង​បាន​ជួប​មនុស្ស​ជាច្រើន ប៉ុន្តែ​មនុស្ស​ម្នាក់​ដែល​ទុក​នូវ​ចំណាប់​អារម្មណ៍​ដ៏​អស្ចារ្យ​បំផុត​ចំពោះខ្ញុំ​នោះ​គឺ​យុវនារី​ម្នាក់​ឈ្មោះ​ដេស្ទីនី ។​ នាង​បាន​ក្លាយ​ជា​មិត្ត​ម្នាក់​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ ។ យើង​ធ្វើ​កិច្ចការ​ទាំងអស់​ជាមួយ​គ្នា អំឡុងពេល​នៅ​សាលា និង​បន្ទាប់​ពី​សាលា និង​ជាមួយ​ប្អូន​ស្រី​របស់​ខ្ញុំ ។ ដេស្ទីនី​គឺ​មាន​ភាព​រីករាយ​ជាប់ជានិច្ច ។ នោះគឺជាអ្វីមួយ​ដែល​ខ្ញុំ​ចូលចិត្ត​ខ្លាំង​បំផុត​អំពីនាង ។

ក្រោយ​មក ថ្ងៃ​មួយ​ខ្ញុំ​បាន​ឃើញ​មុខ​នាង​មិនសូវ​រីករាយ ដូច​ខ្ញុំ​ធ្លាប់​បាន​ឃើញ​កាល​ពី​មុន​សោះ ។ ខ្ញុំ​បាន​សួរ​នាងថាតើ​មានអ្វីកើត​ឡើង ។ នាង​បាន​និយាយ​ថា នាង​មិន​ចង់​និយាយ​ពី​រឿង​នោះ​ទេ ។ ក្រោយ​មក ខ្ញុំ​បាន​ឃើញ​ក្រដាស​មួយ​នៅក្នុង​ដៃ​នាង ។ ខ្ញុំ​បាន​យក​វា​មក​អាន ។

មាន​មនុស្ស​បាន​សរសេរ​ពាក្យ​សម្តី​មិន​ល្អ​ដាក់​នាង ។ សំបុត្រ​អនាមិក​នោះ​បាន​សរសេរ​ថា នាង​ជា​មនុស្ស​ស្រី​មិន​ស្អាត គ្មាន​នរណា​ម្នាក់​អាក្រក់​ដូច​នាង​ទេ ហើយ​ថា​នាង​មិន​គួរ​រស់នៅ​ទៀត​ទេ ហើយ​ថា​នាង​គួរតែ​ទៅ​សម្លាប់​ខ្លួន​ទៅ ។ ខ្ញុំ​ពុំ​ដែលជឿ​ថា មនុស្ស​ដូច​ជា​នាង​មាន​គេ​វាយ​ប្រហារ​នាង​បែប​នេះ​សោះ ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ពេល​ដឹង​ពី​ការឈឺចាប់​ដែល​នាង​កំពុង​មាន ។

ចាប់​តាំង​ពី​ពេលនោះ​មក ខ្ញុំ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ជា​មិត្ត​របស់​ដេស្ទី​នី—មិន​គ្រាន់តែ​ចំណាយ​ពេលនៅ​ជាមួយ​នាង​ទេ ប៉ុន្តែ​ចាំ​ជួយ​នាង​គ្រប់​ពេល ហើយ​ជាពិសេស​ជួយ​ដោយ​ស្មោះសរ ។ ខ្ញុំ​បាន​ពន្យល់​នាង​ថា នាង​គឺ​ជាបុត្រី​របស់​ព្រះ បាន​ទទួល​ពរ​ពី​ព្រះ​ពី​កំណើត មាន​ភាពស័ក្តិសម​នឹង​ការកោត​សរសើរ និង​មាន​សមត្ថភាព​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន ។

វា​ពិបាក​ដើម្បី​ព្យាយាម​ស្រឡាញ់​ខ្លួន​ឯង ពេល​មនុស្ស​ដទៃ​ប្រព្រឹត្ត​អាក្រក់ និង​រិះគន់​អ្នក ។ ពេល​ខ្ញុំ​ធ្វើ​ជា​មិត្ត​នឹង​ដេស្ទីនី ខ្ញុំ​បាន​ដឹង​ថា ជួនកាល​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​មនុស្ស​ដទៃ​នោះ​គឺ គ្រាន់តែ​ស្រឡាញ់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា តើ​ពួកគេ​គឺ​ជា​នរណា​ពិត​ប្រាកដ ។

នៅ​ចុង​ឆ្នាំ​នោះ ពេល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​ប្រទេស​បារាំង​វិញ ដេស្ទីនី​បាន​ប្រាប់​ខ្ញុំ​រឿង​មួយ​ដែល​ខ្ញុំ​នឹង​ផ្តល់​តម្លៃ​ឲ្យ​ជានិច្ច ។ នាង​បាននិយាយ​ថា « អិមម៉ា អ្នក​បាន​សង្គ្រោះ​ខ្ញុំ ។ ពីមុន​អ្នក​បាន​មក ខ្ញុំ​ចង់​សម្លាប់​ខ្លួន ។ ប៉ុន្តែ​ក្រោយ​មក អ្នក និង​ប្អូន​ស្រី​អ្នក​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់ ​គឺ​តាមរយៈ​ការមើល​ថែ​ខ្ញុំ ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​ស្រឡាញ់​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​ស្រឡាញ់​អ្នក » ។

មាន​សិស្ស​ជា​ច្រើន​នៅ​ក្នុង​សាលា​រៀន​ដែល​ស៊ូទ្រាំ​នឹង​ការសម្លុត​គំរាម ជា​អ្នក​ដែល​គេ​ធ្វើ​បាប ឬ​មិន​រាប់​រក ។ សូម​ស្វែងរក​របៀប​មួយ​ដើម្បី​ឈោង​ទៅ​ជួយ​ពួកគេ ។ សូម​និយាយ​ជាមួយ​ពួកគេ សូម​គិត​ពី​ពួកគេ សូម​មាន​សន្តាន​ចិត្ត​ល្អ​នឹង​ពួកគេ ។ វា​ជា​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ហើយ​ជួនកាល​វា​គ្រាន់តែ​ជាការនិយាយ​ថា សួស្តី​ដ៏​សាមញ្ញ​មួយ ឬ​ការញញឹម​មួយ​ដែល​អាច​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង ។