២០១៩
មួក-ស​សម្រាប់​ហ្វ្លរិន
ខែ តុលា ឆ្នាំ ២០១៩


មួក​-ស​សម្រាប់ ហ្វ្លរិន

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​មីឈីហ្គិន ស.រ.អា. ។

រូបភាព
A White Cap for Florence

ហ្វ្លរិន អនយីជែកវី អាយុ​ដប់​បី​ឆ្នាំ​បាន​ទៅ​ដល់​កន្លែង​មួយ​ដែល​នាង​ធ្លាប់​ទៅ​នៅ​ផ្សារ​ដែល​មាន​មនុស្ស​ច្រើន​កុះករ​នៅ​ទីក្រុង​អន​នីតស្សា ប្រទេស​នីហ្សេរីយ៉ា ។ នៅ​ផ្លូវ​នោះ​មាន​សុទ្ធ​តែអ្នក​លក់ដូរ​ស្រែក​ហៅ​អ្នក​ដើរ​ទិញ​ទំនិញ​ដ៏​មមាញឹក ។ ពួក​ស្ត្រី​បាន​ទូល​ឥវ៉ាន​នៅលើ​ក្បាល​របស់​ពួកគេ ពេល​ពួកគេ​ដើរ ។ សាលា​រៀន​ទើប​តែ​ឈប់​រៀន​ដោយសារ​បុណ្យ​ឈប់​សម្រាក ហើយ​ហ្វ្លរិន​បាន​ដឹង​ថា មិត្តភក្ដិ​របស់​នាង​រីករាយ​នឹងការឈប់​សម្រាក​ពី​ការសិក្សា ។ ប៉ុន្តែ​ហ្វ្លរិន​បាន​ចំណាយ​ពេល​នៃ​ថ្ងៃ​ឈប់​សម្រាក​របស់​នាង​លក់​ត្រួយ​ម្ទេស​នៅ​ឯ​ផ្សារ ។ វា​ជា​ឱកាស​តែ​មួយ​គត់​ដែល​នាង​រក​ប្រាក់​សម្រាប់​បង់​ថ្លៃ​សាលា​រៀន​របស់​នាង ។

ទោះ​ជា​យ៉ាង​ណា​ក្តី ហ្វ្លរិន​ពុំ​ត្អូញត្អែរ​ទេ ។ លើស​ពីនោះ​ទៀត ម្តាយ​បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​ផ្សារ​រៀង​រាល់​ថ្ងៃ លក់​ដំឡូង​ជ្វា​ ដើម្បី​ទិញ​អាហារ​សម្រាប់​គ្រួសារ ។ ម៉ាក់​ខិតខំ​ធ្វើការ​ណាស់ ។ ឪពុក​ម្ដាយរបស់​នាង​ខិតខំ​ធ្វើការ​ទាំង​ពី​រនាក់ ។ ប៉ុន្តែ​ដោយ​គ្មាន​ការអប់រំ​ច្រើន នោះ​គឺ​ជា​របៀប​ដែល​ពួកគេ​អាច​ធ្វើ​បាន ។ ហ្វ្លរិន​ជិត​រៀន​ចប់​ថ្នាក់​បឋម​សិក្សា​ហើយ ។ ប្រហែល​នាង​អាច​បន្ត​ការសិក្សា​របស់​នាង​ទៀត នាង​អាច​ទទួល​បាន​ការងារ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន ហើយ​ជួយ​គ្រួសារ​នាង ។

ពេលនាង​ត្រឡប់​ទៅ​ផ្ទះវិញ ហ្វ្លរិន​បាន​ឃើញ​ឪពុក​ម្តាយ​នាង ហើយ​បាន​សួរ​ថា « តើ​ម៉ាក់ និង​ប៉ា​គិត​ថា ខ្ញុំ​គួរតែ​ទៅ​រៀន​វិទ្យាល័យ​ដែរ​ឬ​ទេ ? ហើយ​ប្រហែល​ជា​បន្ត​ទៅ​ដល់សាកល​វិទ្យាល័យ​ទៀត​ផង ? »

ម៉ាក់​បានមើល​ទៅ Nnam (ប៉ា) ហើយ​បាន​គ្រវី​ក្បាល ។ ប៉ា​បាន​និយាយ​ថា « សាកលវិទ្យាល័យ​ត្រូវ​បង់​ថ្លៃ​ជាង​ប្រាក់ចំណូល​ដែល​យើង​មាន » ។ ហ្វ្លរិន​បាន​ឈ្ងោកមុខ​មើល​ទៅ​ស្បែកជើង​របស់​ខ្លួន ។ នាង​ពុំ​ចង់​ឲ្យ​ម៉ាក់ និង​ប៉ា​នាង​ឃើញ​ថា នាង​អន់ចិត្ត​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក ហ្វ្លរិន​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​បើក​ថ្នាំ​មួយ​ចំនួន ។ មន្ទីរពេទ្យ​នោះ​មាន​មនុស្ស​ច្រើន​ដូច​នៅ​ផ្សារ​ដែរ គ្រាន់តែ​មិន​សូវ​ឮ​មាត់​ឡូឡា​ប៉ុណ្ណោះ ។ ហ្វ្លរិន​បានសម្លឹង​មើលទៅមួក​ពណ៌​ស​របស់​គិលានុបដ្ឋាយិកា​ ។ នាង​បាន​ស្រមៃ​ថា នាង​ពាក់​ឯកសណ្ឋាន​ដូច​នោះ ជួយ​អ្នក​ជំងឺ និង​ថែទាំ​ទារក​នៅក្នុង​មន្ទីរពេទ្យ​ដ៏​ធំ​មួយ ។ ប្រហែល នាង អាច​ក្លាយ​ជា​គិលានុបដ្ឋាយិកាម្នាក់ ។

ហ្វ្លរិន​បាន​ដឹង​ថា ឪពុក​ម្ដាយ​នាង​និយាយ​ត្រូវ—ការទទួល​បាន​ការអប់រំ​វា​ពិបាក​ណាស់ ។ ប៉ុន្តែ​ហ្វ្លរិន​បាន​ដឹងពី​របៀប​ខិតខំ​ធ្វើការ ។ នាង​បាន​សម្រេច​ចិត្ត​សាកល្បង ។

មិន​ថា​នាង​មាន​ការងារផ្ទះ​ច្រើន​ត្រូវ​ធ្វើ​រៀងរាល់​ថ្ងៃ​ក្តី ហ្វ្លរិន​បាន​ឆ្លៀត​ពេល​សិក្សា ។ នាង​បាន​ប្រឡង​ជាប់​សម្រាប់​ថ្នាក់​វិទ្យាល័យ ហើយ​ប៉ា​បាន​ខ្ចីប្រាក់​ល្មម​ឲ្យ​នាង​ទៅ​រៀន ។ ក្រោយ​មក​ទៀត នាង​បាន​ដឹង​ថា រដ្ឋាភិបាល​នឹង​ជួយ​បង់​ថ្លៃ​សាលា​គិលានុបដ្ឋាយិកា ។ ក្តីសុបិន​របស់​នាង​អាចសម្រេច​បាន !

ប៉ុន្តែ​ពេល​ចាប់ផ្តើម​សាលា​គិលានុបដ្ឋាយិកា ហ្វ្លរិន​មាន​អារម្មណ៍​សង្ស័យ​បន្តិច ។ តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិនបើ​សាលា​គិលានុបដ្ឋាយិកា​ពិបាក​រៀននោះ ? តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិនបើ​នាង​ឯកោ​នោះ ? ហ្វ្លរិន​បាន​ឱន​ក្បាល​នាង ហើយ​អធិស្ឋាន « ឱ​ព្រះ​អើយ សូម​ផ្តល់​កម្លាំង​ឲ្យ​ខ្ញុំ​ម្ចាស់ ដើម្បី​ទៅ​រៀន​សាលា​គិលានុបដ្ឋាយិកា ហើយ​ខិតខំ​ធ្វើការ » ។

នៅ​សាលា​គិលានុបដ្ឋាយិកា ហ្វ្លរិន​បាន​រៀន​របៀប​ផ្តល់​ថ្នាំ និង​រក្សា​ឧបករណ៍​ឲ្យ​បាន​ស្អាត​បាត​ពី​មេរោគ ។ ជួនកាល​អ្នក​ជំងឺ​របស់​គាត់​ធូរ​ស្បើយ ប៉ុន្តែ​ជួនកាល​ពួកគេ​ពុំ​បាន​ធូរ​ស្បើយ​ទេ ។ ហ្វ្លរិន​បាន​អធិស្ឋាន​ជារឿយៗ​ដើម្បី​ទូល​សូម​សេចក្តីក្លាហាន ។ បន្ទាប់​ពី​បី​ឆ្នាំ​មក ហ្វ្លរិន​បាន​បញ្ចប់​ការសិក្សា​ ដោយ​បាន​ទទួល​រង្វាន់​ជា​សិស្ស​ឆ្នើម​ក្នុង​ថ្នាក់​របស់​នាង ។ ក្តីសុបិន​របស់​នាង​បាន​ក្លាយ​ជា​ការពិត ! នាង​បាន​ពាក់​មួក​ពណ៌​ស​របស់​គិលានុបដ្ឋាយិកា​ ហើយ នាង​ចង់​រក​ប្រាក់​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​គ្រួសារ​នាង ។

ច្រើន​ឆ្នាំ​ក្រោយ​មក ហ្វ្លរិន​បាន​ទៅ​លេង​សាខា​តូច​មួយ​នៅបេសកកម្ម ហ្គាណា អាក្រា ។ ស្វាមី​គាត់ គ្រីស្តូហ្វើ ឈុកវ៉ូរ៉ា ​គឺ​ជា​ប្រធាន​បេសកកម្ម​នៅ​ទីនោះ ។ ហ្វ្លរិន​បាន​ជួប​កុមារ​មួយ​ចំនួននៅក្នុង​សាខា​នោះ​ដែល​ពុំ​អាច​ទៅ​រៀន​ជាប់លាប់​បាន ។ ពួកគេ​ពុំ​ដឹង​ប្រាកដ​ថា តើ​អនាគតរបស់​ពួកគេ​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ ។ ពួកគេ​បាន​ធ្វើ​ឲ្យ​ហ្វ្លរិន​នឹក​ឃើញ​កាល​គាត់​នៅ​ក្មេង ។ « តើ​ខ្ញុំ​អាច​និយាយ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ពួកគេ ? » ហ្វ្លរិន​បាន​អធិស្ឋាន​ដោយ​ស្ងាត់ៗ ។

បន្ទាប់​មក​ នាង​បាន​ទទួល​អារម្មណ៍​បំផុសគំនិត​ដ៏​ច្បាស់​លាស់​មួយ ៖ ចូរ​ប្រាប់​ពួកគេ​ពី​ជីវិត​របស់​អ្នក ។

ហ្វ្លរិន​បាន​គិត​ពី​ជីវិតរបស់ខ្លួន ។ គាត់​បាន​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​នីហ្សេរីយ៉ា និង​សហរដ្ឋ​អាមេរិក ។ គាត់​បាន​រៀប​ការ​នឹង​បុរស​ល្អ​ម្នាក់ ហើយ​ពួកគេ​បាន​រក​ឃើញ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គាត់​បាន​ក្លាយ​ជា​ម្តាយ​ម្នាក់ ។ ឥឡូវ​នេះ​គាត់​កំពុង​ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ខិតខំ​ធ្វើការ ។ ព្រះវរបិតាសួគ៌​បាន​ជួយ​គាត់​ឲ្យ​ក្លាយ​ជា​គិលានុបដ្ឋាយិកា ។ ទ្រង់​បាន​ជួយ​នាង​ឲ្យ​ធ្វើ​កិច្ចការ​បាន​ប្រសើរ​ជាងខ្លួន​នាង​ស្រមៃ​ដល់​ទៅ​ទៀត ។ ទ្រង់​អាច​ធ្វើ​កិច្ចការ​ដូច​គ្នា​នេះ​ដល់​កុមារ​ទាំងនេះ ។

ហ្វ្លរិន​បាន​សម្លឹង​មើល​កុមារ​ទាំង​នោះ ហើយ​ញញឹម ។ « តើ​ក្មួយៗ​ស្គាល់​មួក-ស​ដែល​គិលានុបដ្ឋាយិកា​ពាក់​ដែរ​ឬ​ទេ ? មីង​បាន​ឃើញ​មួក​មួយ​ដូច​នោះ ហើយ​មីង​បាន​សម្រេច​ចិត្ត​រៀន​ធ្វើ​ជា​គិលានុបដ្ឋាយិកា … »