២០១៩
ពរជ័យ​នៃ​ទស្សនវិស័យនៃ​ដំណឹងល្អ
ខែ តុលា ឆ្នាំ ២០១៩


ពរជ័យ​នៃ ទស្សនវិស័យ នៃ​ដំណឹងល្អ

ដកស្រង់​ចេញពី​សុន្ទរកថាមួយ​មាន​ចំណង​ជើង​ថា « A Gospel Perspective » ​ដែលថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–ហាវ៉ៃ កាលពីថ្ងៃទី ១៩ ខែ កញ្ញា ​ឆ្នាំ ២០១៧ ។

ទស្សនវិស័យ​នៃ​ដំណឹងល្អ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ភាព​ច្បាស់លាស់​កាន់តែ​ខ្លាំង ទាក់ទង​នឹង​របៀប​ដែល​អ្នក​គិត​អំពី​អាទិភាព​នៃ​ជីវិត​របស់​អ្នក ដោះស្រាយ​បញ្ហា និង​ប្រឈម​មុខ​នឹង​ការល្បួង​ផ្ទាល់​ខ្លួន ។

រូបភាព
woman adjusting her eyeglasses

រូបថត​មក​ពី Getty Images

ឱវា​ជាពរជ័យ​អ្វី​ម៉្លេះ​ដែល​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ជាពេល​នៃ​ការស្តារ​ឡើង​វិញ​នៃ​កូនសោ​នៃ​នគរ និង​ការបំពេញ​តាម​ការព្យាករ ដែល​អនុញ្ញាត​ឲ្យ​យើង​ឃើញ​ផ្ទាល់​នូវ​ « ដំណឹង​ល្អ​ដែល​រមៀ់ល​ចេញ​ទៅ​ដល់​ទីបំផុត​ផែនដី ដូច​ជា​ថ្ម​ដែល​ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​ដៃ​ណា​ធ្វើ នឹង​រមៀល​ចេញ​ទៅ រហូត​ដល់​បាន​ពេញ​ផែនដី​ទាំង​មូល » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:២ ) ។

ដានីយ៉ែល​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ព្យាករ​អំពីរឿង​នេះ ហើយ​ការព្យាករ​នេះ​មាន​ជា​បន្ត​បន្ទាប់​នៅក្នុង​សម័យ​កាន់កាប់ត្រួតត្រា​នេះ ការព្យាករ​នេះ​ហាក់​ដូច​ជា​កំពុង​បាន​បំពេញ ពេល​យើង​សង្កេត​ឃើញ​ស្តេក​ជាង ៣៣០០ ត្រូវ​បាន​រៀបចំ​ឡើង​នៅក្នុង​សាសនាចក្រ​នា​ពេលបច្ចុប្បន្ន​នេះ ។​ កាល​ពី ៥០ ឆ្នាំ​មុន សមាជិកភាព​ក្នុង​សសានាចក្រ​បាន​កើន​ពី ២.១ លាន​នាក់ ទៅ​ជាង ១៦ លាន​នាក់ ។

ការរីកចម្រើន និង​ការផ្លាស់ប្តូរ​ដ៏​ច្រើន​នេះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត គឺ​ជា​សេចក្តីពិត​ថា គោលការណ៍ និង​ការអនុវត្ត​នានា​នៃ​ដំណឹងល្អ​បន្ត​នៅ​ដដែល រួមទាំង​គំរូ​នៃ​ការគ្រប់គ្រង​ពី​ព្រះ​ដែល​បាន​បើក​សម្តែង​ដល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ គំរូ​នេះ​អនុញ្ញាត​ឲ្យ​មាន​ការរៀបចំ​ស្តេក ដែល​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់ « ទី​ការពារ និង​ជាទី​ជ្រកកោន​ពី​ព្យុះសង្ឃរា និង​ពី​សេចក្ដី​ក្រោធ​ដែល​ឥត​លាយ​ក្នុង​កាល​បាន​ចាក់​មក​លើ​ផែនដី​ទាំង​មូល » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:៦ ) ។

បងប្អូន​ប្រុស​ស្រី ព្រះអម្ចាស់​មាន​ព្រះទ័យ​សប្បុរស​ក្នុង​ពរជ័យ​ដែល​ទ្រង់​ប្រទាន​ដល់​យើង ។ ការយល់​ថា ពរជ័យ​គឺ​ជា​លទ្ធផល​នៃ​ការគោរព​ប្រតិបត្តិ​របស់​យើង​ចំពោះ​បទបញ្ញត្តិ និង​ការរក្សា​បទបញ្ញត្តិ​គឺ​ជា​ការបង្ហាញ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ គឺ​ជា​សិក្ខា​បទ​ដ៏​មាន​តម្លៃ​ដើម្បី​រៀន ។ គោលការណ៍ទាំងឡាយនៃ​ដំណឹង​ល្អ​បែប​នេះ​ផ្តល់​ទស្សនវិស័យ​សំខាន់​មួយ​ដល់​យើង ។

ការណ៍​នេះ​នាំ​ទៅ​រក​ចំណុច​ពីរ​ដែល​ខ្ញុំ​ចង់​គូស​បញ្ជាក់ ។ ខ្ញុំ​សម្គាល់​ថា ប្រធាន ដាល្លិន អេក អូក ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈ​ប្រធាន​ទីមួយ ចែកចាយ​ចំណុច​ទាំង​ពីរ​នេះ​កាល​ពីមុន​ជាមួយ​យុវមជ្ឈិមវ័យ​នៅលីវ​ក្នុង​ឆ្នាំ ២០១៥ ។

រក្សា​នូវ​ទស្សនវិស័យ​នៃ​ដំណឹងល្អ

ប្រធាន​អូក​បាន​មាន​ប្រសាសន៍​ថា « ទស្សនវិស្ស័យ​មាន​ន័យ​ថា ការមើលឃើញ​រឿង​ពិត​ទាំងអស់​នៅក្នុង​ទំនាក់ទំនង​មួយ​ដ៏​មាន​អត្ថន័យ គឺ​ទស្សនៈ​មួយ​ទាំងស្រុង » ។ នេះ​ជារឿង​មួយ​ចំនួន​ដែល​អ្នក​យល់ ពេល​អ្នក​មើល​ឃើញ​ពី​ទស្សន​វិស័យ​នៃ​ដំណឹងល្អ ៖

សូម​ពិចារណា​ថា តើ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ទស្សនវិស័យ​នៃ​ដំណឹងល្អ​ក្លាយ​ជា​ចក្ខុវិស័យ​ដែល​អ្នក​មើល​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវិត​អ្នក​នោះ ។ ទស្សនវិស័យ​នៃ​ដំណឹងល្អ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ភាព​ច្បាស់លាស់​កាន់តែ​ខ្លាំង ទាក់ទង​នឹង​របៀប​ដែល​អ្នក​គិត​អំពី​អាទិភាព​នៃ​ជីវិត​របស់​អ្នក ដោះស្រាយ​បញ្ហា និង​ប្រឈម​មុខ​នឹង​ការល្បួង​ផ្ទាល់​ខ្លួន ។ ការណ៍​នេះ​ពិតជា​អាច​ជះឥទ្ធិពល​ដល់​បញ្ហា​ប្រឈម​ទាំងអស់​ពេញ​មួយ​ជីវិត​អ្នក និង​ការសម្រេច​ចិត្ត​ជា​ច្រើន​ទៀត ដែល​អ្នក​នឹង​ធ្វើ​ក្នុង​ជីវិត ។

ជាមួយ​នឹង​ទិដ្ឋភាព​នេះ យើង​ដឹង​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​យើង​ទទួលទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍ ហើយ​យើង​ត្រូវ​សិក្សាព្រះគម្ពីរ និង​អធិស្ឋាន​ទៅ​កាន់​ទ្រង់​ជា​រៀងរាល់​ថ្ងៃ ។ ក្រៅពី​នេះ យើង​ដឹង​ថា សាតាំង​នឹង​ល្បួង​យើង​មិន​ឲ្យ​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​យើង ឬ​ស្តាប់​តាម​ការបំផុសគំនិត​ដ៏​ស្ងប់ស្ងាត់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ។ ហើយ​យើង​អាច​ដឹង​កាន់តែ​ច្រើន​ថា មារសត្រូវ​ព្យាយាម​ឆក់​យក​សិទ្ធិ​ជ្រើសរើស និង​សមត្ថភាព​របស់យើង ដើម្បី​ទប់ទល់​នឹង​ការខិតខំ​របស់​វា តាមរយៈ​ការញៀន រួមទាំង​ការញៀន​ថ្នាំ និង​ការណ៍អាសគ្រាម​ផងដែរ ។

ផ្ទុយ​ទៅ​វិញ ទិដ្ឋភាព​នៃ​ដំណឹងល្អ​ផ្តល់​ទស្សនវិស័យ​ច្បាស់​មួយ​ដល់​យើង​អំពី​សារៈសំខាន់​នៃ​ការបង្កើត​ក្រុមគ្រួសារ—ការជ្រើសរើស​រៀបការ និង​ចិញ្ចឹម​កូន​ចៅ​ក្នុង​សេចក្តីសុចរិត ។ ទស្សនៈ​នេះ​ក៏​ធ្វើឲ្យ​យើង​ឃើញ​ថា មារសត្រូវ​ចង់​បំផ្លាញ​គ្រួសារ​ដែល​រួបរួម​គ្នា ហើយ​បំភាន់​តួនាទី​នៃ​ភេទ ហេតុដូច្នេះ​ហើយ​ដឹកនាំ​ទៅ​រក​ការបន្ថយ​តម្លៃ​សង្គម ដែល​បាន​ផ្តោត​លើ​ការបង្កើត និង​ការស្ថាបនា​ក្រុមគ្រួសារ ។

រក្សា​តុល្យភាព​ខាង​វិញ្ញាណ

រូបភាព
balanced seesaw

ប្រធាន​អូក​បាន​ថ្លែង​ថា ៖ « នៅពេល​យុវមជ្ឈិមវ័យ​មាន​ទស្សនវិស័យ—គឺទស្សនៈ​ទាំងមូល—​នោះ​វា​ចាំបាច់​ចំពោះ​ពួកគេ​ឲ្យ​រក្សា​តុល្យភាព​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​ពួកគេ ។ ដើម្បី​ធ្វើ​ការណ៍​នេះ អ្នក​ត្រូវ​ចៀសវាង​ពី​ការទាក់ទាញ​អារម្មណ៍​មួយ​ចំនួន​នៃ​លោកិយ ហើយ​ធ្វើ​កិច្ចការ​ចាំបាច់​នានា ដើម្បី​ខិតកាន់តែ​ព្រះអង្គសង្គ្រោះ » ។

នៅ​ជ្រុង​ម្ខាង អ្នក​មាន​បញ្ហា​សំខាន់ និង​អាទិភាព​ក្នុង​ជីវិត​ជា​ច្រើន​គ្រប់​ទំហំ និងភាពចម្រុះគ្រប់ប្រភេទ ដែល​ត្រូវការដោះស្រាយ​ចាំបាច់ ត្រូវការ​ផ្តោត​ចិត្ត​ទុក​ដាក់ និង​ត្រូវការ​ការដឹកនាំ ។ បញ្ជី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ​អាច​មាន​ភាព​ផ្សេង​ពី​គ្នា ផ្អែក​លើ​កាលៈទេសៈ​ផ្ទាល់​ខ្លួន​របស់​អ្នក ប៉ុន្តែ​នៅក្នុង​បញ្ជី​កិច្ចការ​ទាំង​នោះ​អ្នក​នឹង​រកឃើញ​ជា​ប្រាកដ​នូវ​ការសិក្សា ការងារ អាពាហ៍ពិពាហ៍ និង​សុខភាព​ផ្លូវ​ចិត្ត និង​សុខភាព​រូបកាយ ។ ប្រាកដណាស់ ឧបសគ្គ​របស់​អ្នក​គឺ​ធ្វើ​ឲ្យ​តួនាទី​ដ៏​សំខាន់​ទាំង​នេះ​មាន​តុល្យភាព​ទៅ​នឹង​ជីវភាព​ខាង​វិញ្ញាណ​របស់​អ្នក ។

ប្រធាន​អូក​ក៏​បាន​ទូន្មាន​ផងដែរ​ថា អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន « ពេល​អ្នក​ចាត់ចែងពេលវេលា​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​មាន​ការស្រេក​ឃ្លាន​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​ អំឡុងពេលសកម្មភាព​កម្មវិធី​ថ្នាក់​អង្គការបឋម​សិក្សា​របស់​អ្នកផ្តោត​ទៅលើ​រឿង​ផ្សេង ។ គោលការណ៍​នេះ​ពន្យល់​ពី​មូលហេតុ​ដែល​វា​ពិតជា​សំខាន់​ចំពោះ​យុវមជ្ឈិមវ័យ…ដើម្បី​ធ្វើ​តាម​ការទូន្មាន​ឲ្យ​ចូល​រួម​ការប្រជុំ​នៅ​ព្រះវិហារ បម្រើ​ក្នុង​សាសនាចក្រ សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ លុតជង្គង់អធិស្ឋានជា​គ្រួសារ ហើយ​បម្រើ​នៅក្នុង​ការហៅ​របស់​សាសនាចក្រ » ។4

នៅចំពេល​នៃ​តម្រូវការ​ផ្ទាល់​ខ្លួន និង​ច្រើន​មុខ​របស់​អ្នក នោះ​ការធ្វើ​ឲ្យ​ក្តីសុបិន​នៃ​ជីវិត​របស់​អ្នក និង​ឧបសគ្គ​នៃ​ជីវភាព​ខាង​វិញ្ញាណ​របស់​អ្នក​មាន​តុល្យភាព នោះ​អ្នក​នឹង​ដឹង​ថា ការធ្វើ​ឲ្យ​មាន​តុល្យភាព​គឺ​ជា​សមិទ្ធិផល​មួយ​ដែល​អាច​សម្រេច​បាន ។ ព្រះអម្ចាស់​ពុំ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ពុំ​អាច​សម្រេច​បាន​នោះ​ទេ ។ ខ្ញុំ​បាន​ឮ​ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) ទូន្មាន​ជា​ច្រើន​លើក​មក​ហើយ​ថា « អ្នក​ដែល​ព្រះអម្ចាស់​បាន​ហៅ ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​គេ​សម​នឹង​កិច្ចការ​នោះ » ។5 ខ្ញុំ​គិត​ថា ជាពិសេស​រឿង​នេះ​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ ។

ថ្វីបើ​ការរក្សា​តុល្យាភាព​នេះ​អាច​មើលទៅ​ហាក់ដូច​ជា​រឿង​ដ៏​គួរ​ឲ្យ​ពិបាក​ក្តី ខ្ញុំ​សន្យាថា អព្ភូតហេតុ​មួយ​ដ៏​អស្ចារ្យ​បំផុត​នៃ​ជីវិត​រមែង​ស្លាប់​របស់​អ្នក​គឺ​សមត្ថភាព​របស់​អ្នក ដើម្បី​រក​ឃើញ​នូវ​តុល្យភាព​រវាង​តួនាទី​នៃ​ជីវភាព​ខាងវិញ្ញាណ​របស់​អ្នក និង​តួនាទី​សំខាន់ៗ​ផ្សេង​ទៀត​នៃ​ជីវិត​របស់​អ្នក ។ រឿង​នេះ​អាច​កើត​ឡើង​ក្នុង​របៀប​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ពុំ​គ្រាន់តែ​រក្សា​ជីវភាព​ខាង​វិញ្ញាណ​របស់​អ្នក និង​តួនាទី​សំខាន់​ក្នុង​ជីវិត​របស់​អ្នក​ក្នុង​កម្រិត​មួយ​ប៉ុណ្ណោះ​ទេ វា​ក៏​ពង្រីក និង​អភិវឌ្ឍ​នូវ​វិស័យ​ដ៏​សំខាន់ទាំង​ពីរ​នេះ​ផងដែរ ។

ហេតុផល​សំខាន់​ដែល​អាច​មាន​នោះ​គឺ​ថា ព្រះអម្ចាស់​គឺ​ជា​តួនាទី​ដ៏​ចាំបាច់ ។ ទ្រង់​ពិតជា​ចំណុច​ចាំបាច់​នៃ​តុល្យភាព​នោះ ។ ហើយ​ទ្រង់​មាន​ចំណាប់​អារម្មណ៍​ពី​ព្រះ​ចំពោះ​អ្នក​ផ្ទាល់ ដោយសារ​អ្នក​គឺ​ជា​បុត្រ​ម្នាក់​របស់ព្រះ ។ ប៉ុន្តែ​លទ្ធផល​គឺ​ផ្អែក​ទៅលើ​ការផ្តោត​ចិត្ត​ត្រឹមត្រូវ​របស់​អ្នក និង​ការខិតខំ​ដើម្បី​រក​ឲ្យ​ឃើញ​តុល្យភាព​នោះ ។

តាម​ការអង្កេត និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ វា​ទំនង​ថា យើង​មាន​ទំនោរ​ពេញ​មួយ​ជីវិត​យើង​ ដើម្បី​ផ្អៀងខ្លាំង​ទៅ​រក​ផ្លូវ​មួយ ឬ​ផ្លូវ​មួយ​ផ្សេង​ទៀត ។​ ដើម្បី​បន្ត​ឲ្យ​មាន​តុល្យភាព​ក្នុង​ជីវិត​យើង វា​តម្រូវ​ឲ្យ​មាន​ការខិតខំ និង​ការមើលថែ​ខ្ជាប់ខ្ជួន ។ ចូរជ្រើសរើសយ៉ាង​សកម្ម​ដើម្បី​បន្ត​នៅ​ឲ្យ​ខ្ជាប់ខ្ជួន ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ វា​អាច​គ្មាន​តុល្យភាពទាំង​ពីរ​ផ្លូវ ។ ប្រហែល​ជា​មាន​គ្រា​ដែល​អ្នក​ឃើញ​ថា អ្នក​ត្រូវ​អនុវត្ត​ការមើល​ថែ ដើម្បី​រក្សា​ការផ្តោត​កាន់តែ​ខ្លាំង​លើ​សាលា​រៀន ឬ​ការងារ​នៃ​វិជ្ជាជីវៈ​របស់​អ្នក «ជាមួយ​នឹង​ការបម្រើ​ដែល​បាន​ធ្វើ​ក្នុង​សាសនាចក្រ​ តាម​ពេល​វេលា​ដែល​គួរតែ​ធ្វើ» ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការចងចាំ​ដើម្បី​ទុក​ព្រះអម្ចាស់​ជា​តួនាទី​ដ៏​ចាំបាច់​របស់​អ្នក នោះ​អ្នក​អាច​រកឃើញ​តុល្យភាព​ខាង​វិញ្ញាណ​ត្រឹមត្រូវ​របស់​អ្នក ។

ព្រះអម្ចាស់​នឹង​ជួយ​អ្នក

ពេល​យើង​រក្សា​ទស្សនវិស័យ​នៃ​ដំណឹងល្អ វា​ងាយ​យល់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តីពិត​ថា ព្រះអម្ចាស់​នឹង​ជួយ​យើង ។ គោលការណ៍​នៃ​ដំណឹងល្អ​ចាំបាច់មួយគឺ​ថា យើង​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ដែល​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់ ។ វា​គឺ​ជា​ធម្មជាតិ​សម្រាប់​ពួកទ្រង់​ដើម្បី​ជួយ​យើង​ក្នុង​គ្រប់វិធី​ទាំងអស់ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ ។

ខ្ញុំ​ចង់​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​អ្នក​បាន ។ អ្នក​ដឹកនាំ​យុវវ័យ​ម្នាក់​របស់​ខ្ញុំ​ឈ្មោះ ថាត ខាលសុន បាន​ចែកចាយ​វា​ជាមួយ​ខ្ញុំ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ។ ថាត​ដែល​ទើបតែ​ស្លាប់ គាត់​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​ខ្ញុំ ខណៈ​ខ្ញុំ​កំពុង​ពេញ​វ័យ ។ គាត់​ត្រូវបាន​ចិញ្ចឹម​ឲ្យ​ធំ​ឡើង​នៅ​ក្នុង​ជំនាន់​មួយ​ដែល​មាន​សេដ្ឋកិច្ចធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដែល​ជា​កូន​ទី​ប្រាំបួន​ក្នុង​ចំណោម​កូន ១៤ នាក់ ។ គ្រួសារ​គាត់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ​ស្រែ និង​ចិញ្ចឹម​សត្វ ។ វា​គឺជា​គ្រា​ដែល​មាន​ហិរញ្ញវត្ថុ​យ៉ាប់​យឺន​បំផុត ហើយ​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត​របស់​ពួកគេ​គឺជា​ហ្វូង​គោ​របស់​ពួកគេ ។

នៅពេល​ថាត​នៅ​ជំទង់ ការទទួលខុសត្រូវ​មួយ​របស់​គាត់​គឺ​មើល​ថែ​ហ្វូង​គោ​របស់​គាត់ ហើយ​បើចាំបាច់​គាត់​ត្រូវ​ប្រាកដ​ថា គោ​គាត់​បាន​ស៊ី​ចំណី​ដ៏​ល្អ​បំផុត—គឺ​ជា​ការងារ​ដ៏​ធំដុំ​មួយ​សម្រាប់​យុវជន​មួយ​រូប ។ គាត់​អាច​ធ្វើ​ការងារ​នោះ​បាន​ដោយ​មាន​ជំនួយ​ពី​សេះ​តូច​មួយ ដែល​ចេះ​ស្ទាត់​ពី​របៀប​នាំ​ផ្លូវ​ហ្វូង​សត្វ​ដោយ​មាន​ការប្រាប់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ សេះ​តូច​នោះ​មាន​ឈ្មោះ​ថា អូ ស្មូគី ។ តែ អូ ស្មូគី មាន​កំហុស​មួយ ៖ វា​មិន​ចង់​ឲ្យ​គេ​ចាប់​វា​ទេ ។ ពេល​នរណា​ម្នាក់​ដើរ​ទៅ​រក​វា វា​នឹង​រត់ចេញ​ឆ្ងាយ ដោយ​ដឹង​ថា គេ​នឹង​ដាក់​ឲ្យ​វា​ធ្វើការ ។

រូបភាព
cowboy on a horse

ថ្ងៃ​មួយ បន្ទាប់​ពី​ចាប់ អូ ស្មូគី បាន ដាក់​បង្ហៀរ និង​កែប​លើ​ខ្នង​វា​រួច ថាត​ដ៏​ក្មេង​នេះ​បាន​ជិះ​លើ​ខ្នង​វា​ចេញ​ទៅ​វាល​ស្មៅ ជា​កន្លែង​ដែល​ហ្វូង​គោ​គាត់​ស៊ី​ស្មៅ ។ ដី​នោះ​ស្ងួត ហើយ​វាល​ស្មៅ​ក៏​ខ្សោះ​ដែរ ប៉ុន្តែ​ថាត​ឃើញ​ថា ស្មៅ​នៅ​ខាង​ក្រៅ​វាល​ តាម​សងខាង​ផ្លូវ​រថភ្លើង​នោះ​វែង​ជាង និង​ខ្ចី​ជាង ។ ដូច្នេះ​គាត់​បាន​គិត​ថា គាត់​ចង់​យក​ហ្វូង​គោ​គាត់​ចេញ​ទៅ​ក្រៅ​របង​វាល​ស្មៅ​នោះ ហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដ៏​ល្អ​ដែល​នៅ​តាម​ផ្លូវ​រថ​ភ្លើង​នោះ ។

ដោយ​មាន​ជំនួយ​ពី អូ ស្មូគី នោះ​ថាត​បាន​បណ្តើរ​ហ្វូង​គោ​គាត់​ចេញ​ពី​វាល​ស្មៅ​នោះ ជា​កន្លែង​ដែល​ហ្វូង​គោ​ដើរ​ចុះ​ឡើង​តាម​ដង​ផ្លូវ​រថភ្លើង​នោះ ស៊ី​ស្មៅ​ដែល​ល្អ​ជាង ដែល​ខ្ចី​ជាង ។ សត្វ​គោ​ដ៏​រីករាយ​នោះ​ហាក់ដូច​ជា​មើល​ថែ​ខ្លួន​វា ដូច្នេះ​ថាត​បាន​ចុះ​ពី​សេះ ហើយ​អង្គុយ​លើបង្ខាំង​នៃ​បង្ហៀរ​សេះ ដោយ​រីករាយ​នឹង​ទេសភាព​នៅ​ជុំវិញ​គាត់ លេង និង​រីករាយ​តែ​ឯង ។ ប៉ុន្តែ​ដោយ​សម្លឹង​មើល​ទៅ​ស្មៅ​ខ្ចី នោះ​ទីបំផុត អូ ស្មូគី បាន​ដើរ​ចេញ​ឆ្ងាយ​បន្តិចម្តងៗ បង្ហៀរ​របស់​វា​បាន​រអិល​ធ្លាក់​ចេញពីថាត ។

គ្រា​ដ៏​ស្រស់ស្រាយ និង​សុខសាន្ត​នេះ​បាន​ឈប់​មួយរំពេច ពេល​ថាត​បាន​ឮ​សំឡេង​ដ៏​ខ្លាំងមួយ​មក​ពី​ឆ្ងាយ ។ វា​ជា​សំឡេង​ស៊ីផ្លេរ​របស់​រថភ្លើង​ដែល​កំពុង​ធ្វើ​ដំណើរ​មកយ៉ាង​លឿន​តាម​ផ្លូវ​ដែល​ហ្វូង​គោ​របស់​គាត់​កំពុង​ដើរ​រប៉ាត់រប៉ាយ​យឺតៗ​នៅ​នឹង​មុខ​គាត់ ។ គាត់​បាន​ដឹង​ថា លទ្ធផល​ដែល​នឹង​កើត​ឡើង​អាច​បំផ្លាញ​ហ្វូង​សត្វ និង​គ្រួសារ​គាត់ ប្រសិន​បើ​គាត់​មិន​ធ្វើ​សកម្មភាព​មួយ​ភ្លាមៗ ដើម្បី​យក​ហ្វូង​គោ​គាត់​ត្រឡប់​ទៅ​វាល​ស្មៅវិញ ហើយ​នៅ​ឲ្យ​ឆ្ងាយ​ពី​រថភ្លើង​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​មក​នោះ ។ គាត់​បាន​មាន​អារម្មណ៍​ថា គាត់​នឹង​មិន​អាច​អភ័យទោស​ឲ្យ​ខ្លួន​គាត់​ឡើយ ប្រសិនបើ​គាត់​ពុំ​បាន​បំពេញ​ការទទួលខុសត្រូវ​ដែល​គេ​ទុកចិត្ត​លើ​គាត់​នោះ ។

ថាត​បាន​ប្រញាប់​រត់​ទៅ​ចាប់​បង្ខាំង​សេះ អូ ស្មូគី យ៉ាង​លឿន ។ អូ ស្មូគី បាន​ឃើញ​ថាត​រត់​មក​ វា​ក៏​រត់​ចេញ​ពី​គាត់​យ៉ាង​លឿន ដោយ​មិន​ចង់​ឲ្យ​ថាត​ចាប់​វា​ឡើយ ។ ដោយ​ភាព​ច្រាស់ច្រាល និង​អស់​សង្ឃឹម ជាមួយ​នឹង​ការ​ស្រមៃ​ពី​ការ​ងាប់​គោ និង​សោកនាដ្ឋកម្ម​គ្រួសារ​ដែលផុស​ចេញមក​ក្នុង​ចិត្ត នោះ​ថាត​បាន​ដឹង​ថា គាត់​ត្រូវតែ​ធ្វើ​អ្វី​មួយ​ឲ្យ​រហ័ស ។

ក្រោយ​មក​គាត់​បាន​កត់ត្រា​ពី​អ្វី​ដែល​បាន​កើត​ឡើង ៖ « គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា​របស់​យើង​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន និង​ការបង្រៀន​ដ៏​រឹងប៉ឹង​មក​ពី​ម្តាយ​ខ្ញុំ ។ ដោយ​គ្មាន​ជម្រើស​ណា​ទៀត ខ្ញុំ​បាន​លុត​ជង្គង់​ចុះ ហើយ​ចាប់ផ្តើម​អធិស្ឋាន​ទូល​សុំ​ជំនួយ​ដើម្បី​ដេញ​គោ​ចេញ​ពី​ផ្លូវ​រថភ្លើង​នោះ ។

ថាត​ពុំ​បាន​ឮ​សំឡេង​អ្វី​ទេ ប៉ុន្តែ​គំនិត​ដ៏​ច្បាស់​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​គាត់ ៖ « ចូរ​សម្គាល់​ពី​របៀប​ដែល​គោ​អាច​ដើរ​នៅ​ក្បែរ អូ ស្មូគី ហើយ​វាមិន​ផ្អើល​ទេ ។ ដូច្នេះ…ឥឡូវ​នេះ​អ្នក​លុត​ជង្គង់ អ្នក​ក៏​ត្រូវ​ច្រត់​ដៃ​លើ​ដី​ដែរ ។ ចូរ​អ្នក​ធ្វើ​ដូច​ជា​សត្វ​គោ​មួយ ហើយ​លូន​ទៅ​រក អូ ស្មូគី ទៅ ។

ថាត​បាននិយាយ​ថា ៖ « ខ្ញុំ​បាន​ធ្វើ​តាម ។ វា​មិន​ផ្អើល​ទេ ។ ខ្ញុំ​បាន​ចាប់​បង្ហៀរ​របស់​វា ដឹក​វា​ទៅ​រក​របង ជិះ​ពីលើ​ខ្នង​វា ហើយ​យើង​បាន​រត់​យ៉ាង​លឿន​ដូច​ខ្យល់​ទៅ​ដេញ​គោ​ឲ្យ​ចូល​ទៅក្នុង​វាល​ស្មៅ​វិញ ។ អូ ស្មូគី មាន​ភាព​ជំនាញ​ក្នុង​ការរត់បត់បែន និង​ត្រឡប់​ក្រោយ​ណាស់ » ។

ក្រោយ​មក ពេល​ថាត នៅ​រៀន​វិទ្យាល័យ គាត់​បាន​ដឹង​យ៉ាង​ច្បាស់​ថា គាត់​បាន​ទទួល​ចម្លើយ​យ៉ាង​ច្បាស់​ចំពោះ​ការអធិស្ឋាន​របស់​គាត់​ក្នុង​គ្រា​ដ៏​ចាំបាច់​បំផុត ។ គាត់​បាន​ថ្លែង​ថា « ពួកទេវតា​បានមើលថែ អូ ស្មូគី ហួស​ពី​សមត្ថភាព​ខ្ញុំ ហើយ​គ្រួសារ​យើង​បាន​ចៀសផុត​ពី​សោកនាកដ្ឋកម្ម » ។ ក្រោយមក គាត់​បាន​និយាយ​ថា ៖ « នេះ​គឺ​ជា​ការបំផុសគំនិត​ដំបូង​នៃ​ការបំផុស​គំនិត​ជា​ច្រើន​ដែល [ កើត​មាន ] ចំពោះខ្ញុំ ។ ‹ សូម្បី​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​សុំ​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង ដែល​ត្រឹមត្រូវ និង​ដោយ​ជឿ​ថា អ្នក​នឹង​បាន​ទទួល មើល​ចុះ នឹង​បាន​ប្រទាន​ដល់​អ្នក › ( នីហ្វៃទី៣ ១៨:២០ ) » ។7

យើង​ទាំងអស់​គ្នា​មាន​សត្វ​គោ​ដែល​ត្រូវ​យក​ចេញ​ពី​ផ្លូវ​រថភ្លើង ពីមុន​រថភ្លើង​មក​ដល់ ។ គ្រោះថ្នាក់​អាច​កើត​មាន​តាម​រូបភាព​ផ្សេងៗ ។ គ្រោះថ្នាក់​មួយ​ចំនួន​ធ្ងន់ធ្ងរ​ដូច​ជា​ស្ថានភាព​របស់​ថាត​ដែរ គឺ​ផលវិបាក​នៃ​ការគំរាម​កំហែង​ដល់​ជីវិត ឬ​ការគំរាម​កំហែង​ដល់​ព្រលឹង​យើង ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ។

ស្ថានភាព​ផ្សេង​ទៀត​ដែល​យើង​ជួប​ប្រទះ​អាច​ពុំ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ឡើយ តែ​វា​ធ្វើ​ឲ្យ​គំនិត និង​ចិត្ត​យើង​វក់វី​យ៉ាង​ខ្លាំង ។ អ្វី​មួយ​ដែល​ប្រាកដប្រជា​នោះ—គឺ​យើង​ម្នាក់ៗ​នឹង​មាន​គ្រោះអាក្រក់ និង​ទុក្ខវេទនា​នៅក្នុង​ជីវិត​យើង ដោយសារ​វា​ជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​ក្នុង​ជីវិត​រមែង​ស្លាប់​យើង ។ ប៉ុន្តែ​សូម​ចាំ​ថា ព្រះអម្ចាស់នឹង​ជួយ​យើង !

ខ្ញុំ​ចូលចិត្ត​ពាក្យ​នេះ​មក​ពី​ព្រះគម្ពីរ​មរមន ៖ « យើង​ឃើញ​ថា ព្រះ​ទ្រង់​ចងចាំ​អស់​ទាំង​ប្រជាជន ទោះ​ជា​គេ​នៅ​លើ​ដែនដី​ណា​ក៏​ដោយ មែន​ហើយ ទ្រង់​រាប់​ចំនួន​រាស្ត្រ​ទ្រង់ ហើយ​ព្រះ​ហឫទ័យ​នៃ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ គ្រប​ដណ្ដប់​ផែនដី​ទាំង​មូល » ( អាលម៉ា ២៦:៣៧ ) ។

ពាក្យ​នោះ​មានអត្ថន័យ​ណាស់​ចំពោះ​ពួកយើង​ម្នាក់ៗ ។ ឱ​វា​ជា​ការលួងលោម​ដ៏អស្ចារ្យ​អ្វី​ម៉្លេះ​ដើម្បី​ដឹង​ថា ព្រះអម្ចាស់នឹង​ជួយ​យើង ។

សេចក្តីជំនឿ សេចក្តីសង្ឃឹម និង​ទស្សនវិស័យ​នៃ​ដំណឹងល្អ

សរុប​មក ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ចងចាំ រក្សា​នូវ​ទស្សនវិស័យ​នៃ​ដំណឹងល្អ ។ ចូរ​មើល​ពិភពលោក​ជុំ​វិញ​អ្នក​តាមរបៀប​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រក្សា​តុល្យភាព​ខាង​វិញ្ញាណ ។ យើង​ទាំងអស់​គ្នា​ប្រឈម​មុខ​នឹង​ឧបសគ្គ និង​ឱកាស​នានា​ក្នុង​តួនាទី​ជាច្រើន​នៃ​ជីវិត​យើង ហើយ​វា​អាច​ដោះស្រាយ​បាន ពេល​យើង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​សេចក្តីជំនឿ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។

ហើយ​ទីបំផុត ត្រូវ​មាន​សេចក្តី​ជំនឿ និង​សេចក្តីសង្ឃឹម​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក ។ ចំណេះ​ដឹង​នេះ​គឺ​ជា​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដោយ​មាន​ទំនុកចិត្ត ដែល​វា​កើត​ឡើង​ដោយ​ចៀស ​មិន​រួច ក្នុង​ផ្នែក​មួយ​នៃ​បេសកកម្ម​នៃ​ជីវិត​រមែង​ស្លាប់​របស់​អ្នក ។

កំណត់​ចំណាំ

  1. សូមមើល « Statistical Report 2018 » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១១២ ។

  2. ដាល្លិន អេក អូក ការប្រជុំ​ពិសេស​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ ថ្ងៃ​ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ( ពុំបាន​បោះពុម្ពផ្សាយ ) ។

  3. ដាល្លិន អេក អូក ការប្រជុំ​ពិសេស​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ ថ្ងៃ​ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ ។

  4. ដាល្លិន អេក អូក ការប្រជុំ​ពិសេស​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ ថ្ងៃ​ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ ។

  5. ថូម៉ាស អេស. ម៉នសុន « Duty Calls » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤៤ ។

  6. ដាល្លិន អេក អូក ការប្រជុំ​ពិសេស​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ ថ្ងៃ​ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ ។

  7. ថាត ខាលសុន សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។