២០១៩
ការដើរ​លេង​ជា​គូ និង​ការណ៍​អាសគ្រាម
ខែ តុលា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

ការដើរ​លេង​ជា​គូ និង​ការណ៍​អាសគ្រាម

ជំនួយ និងសេចក្តី​សង្ឃឹម​ក្នុងការ​ប្រឈម​មុខ​នឹង​ការណ៍​អាសគ្រាម​ក្នុង​ទំនាក់ទំនង​ការដើរ​លេង​ជាគូ ។

រូបភាព
young man speaking to a young woman

រូបថត និង​រូប​តំណាង​មក​ពី​រូបភាព​ហ្គីធី បាន​ប្រើ​សម្រាប់​គោលបំណង​ជា​ឧទាហរណ៍ បង្ហាញ​ដោយ​គំរូ

ក្នុង​នាម​ជា​យុវមជ្ឈិមវ៏យ យើង​ទាំងអស់​គ្នា​ដឹង​ថា ការដើរ​លេង​ជា​គូ​អាច​ជា​រឿង​ដ៏​រំភើប គួរ​ឲ្យ​ខ្លាច ជាការបំពេញ​ចិត្តមួយ និង​ជារឿង​លំបាក​មួយ​នៅ​ក្នុង​ពេល​ដំណាល​គ្នា​នោះ ។ ពេល​យើង​បើក​ដួង​ចិត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក នោះ​យើង​ចង់​ស្គាល់​គ្នា​កាន់តែ​ច្បាស់ ហើយ​ការបង្កើន​នូវ​ភាព​មាន​ឥទ្ធិពល​ចំពោះគ្នាគឺ​ជា​រឿង​សំខាន់​ក្នុង​ការស្ថាបនា និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​មាន​ភាព​ស៊ី​ជម្រៅ ។ តើ​អ្វី​ខ្លះ​ជា​ក្តីសុបិន ការភ័យខ្លាច និង​ជំនឿ​របស់​យើង ? តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​អាពាហ៍ពិពាហ៍ និង​ក្រុម​គ្រួសារ ? តើ​យើង​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​អ្វី​ខ្លះ​កាល​ពី​អតីតកាល ឬ​បច្ចុប្បន្ន​នេះ ដែល​យើង​គួរតែ​ចែកចាយ​ជាមួយ​គ្នា ?

ការខ្លាច​មិនហ៊ាន​និយាយ ( ឬ​សួរ ) អំពី​បញ្ហា​ការណ៍​អាសគ្រាម ប្រហែល​ជា មិន និយាយ​អំពី​វា អាច​នាំ​ទៅ​កាន់​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពេល​ក្រោយ ។ បញ្ហា​ការណ៍អាសគ្រាម​នីមួយៗ​គឺ​មាន​លក្ខណៈ​ពិសេស និង​មាន​ឧបសគ្គ ហើយ​អ្នក​ថែម​ទាំង​ពុំ​អាច​ដឹង​ថា តើ​វា​ជា​បញ្ហា​ដែរ​ឬ​ទេ ឬ​តើ​អ្នក​លើកមក​និយាយ​ពីរឿង​នេះ​ជាមួយ​បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ​ដោយ​របៀប​ណា ដូច្នេះ​វា​សំខាន់​ថា អ្នក​ត្រូវ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ។ ពុំមែន​មាន​តែ​ដំណោះស្រាយ​មួយ​សម្រាប់​គ្រប់​ស្ថានភាព​ទេ ប៉ុន្តែ​នៅក្នុង​អត្ថបទ​នេះ យើង​សូម​ផ្តល់​យោបល់​មួយ​ចំនួន​ដល់​អ្នក​ដែល​អាច​មាន​ចម្ងល់ ៖

  • តើ​ខ្ញុំ​អាច​លើក​និយាយ​ពី​ប្រធាន​បទ​ការណ៍​អាសគ្រាម​ជាមួយ​បុគ្គល​ដែល​ខ្ញុំ​កំពុង​ដើរ​លេង​ជា​គូ​តាម​របៀប​ណា ? តើ​នៅ​ពេល​ណា​ដែល​វា​សមរម្យ​ដើម្បី​សួរ/ប្រាប់ ?

  • តើ​ខ្ញុំ​អាច​ដឹង​តាម​របៀប​ណា​ថា តើ​ខ្ញុំ​គួរតែ​បន្ត​ទំនាក់ទំនង​ជាមួយ​បុគ្គល​ម្នាក់​ដែល​មាន​ប្រវត្តិ​នឹង​ការប្រើប្រាស់​ការណ៍​អាសគ្រាម​នោះ ឬយ៉ាងណា ?

  • តើ​យើង​អាច​ធ្វើ​ការរួមគ្នា​ដើម្បី​យក​ឈ្នះ​លើ​ការណ៍​អាសគ្រាម​យ៉ាងដូចម្តេច ?

ចំពោះ​អស់អ្នកដែល​ធ្លាប់​មាន​បញ្ហា ឬ​កំពុង​មាន​បញ្ហា

ប្រសិនបើ​អ្នក​ធ្លាប់​មាន​បញ្ហា​ជាមួយ​ការណ៍​អាសគ្រាម​កាល​ពី​អតីតកាល ឬ​ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គំនិត​នៃ​ការដើរ​លេង​ជា​គូ​អាច​នាំ​អារម្មណ៍​នៃ​ក្តីអស់សង្ឃឹម ឬ​ចិត្តរសាប់​រសល់​ដល់​អ្នក ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​បំណង​ប្រាថ្នា​ស្មោះសរ​ដើម្បី​ដក​ការណ៍​អាសគ្រាម​ចេញ​ពី​ជីវិត​អ្នក ( ឬ​បាន​ដក​ចេញ​រួច​ទៅ​ហើយ​នោះ ) សូម​ដឹង​ថា ជាមួយ​នឹង​កិច្ចខិតខំ​ផ្ទាល់​របស់​អ្នក និង​ជំនួយ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នោះ​ទំនាក់ទំនង​ល្អ និង​យូរ​អង្វែង​អាច​កើត​មាន​ដល់​អ្នក ។ សូម​ពិចារណា​អំពី​សំណួរ​ដូច​តទៅ​នេះ ពេល​អ្នក​បន្ត​ទំនាក់ទំនង​របស់​អ្នក ។

១. តើ​យើង​ពិត​ជា​ត្រូវ​និយាយ​គ្នា​អំពី​បញ្ហា​នោះ​ដែរ​ឬ​ទេ ?

សំណួរ​ទូទៅ​មួយ​គឺ​ថា « តើ​ខ្ញុំ​ពិត​ជា​ត្រូវ​ចែកចាយ​ប្រវត្តិ​នៃ​ការប្រើប្រាស់​ការណ៍​អាសគ្រាម​របស់​ខ្ញុំ​ជាមួយ​បុគ្គ​ល​ដែល​ខ្ញុំ​កំពុង​ដើរ​លេង​ជាគូ​ដែរ​ឬ​ទេ សូម្បី​តែ​ខ្ញុំ​បាន​ប្រែចិត្ត​ពី​វា​ហើយ​នោះ ? » ឬ « តើ​ខ្ញុំ​ត្រូវ​តែ​និយាយ​អំពី​បញ្ហា​ការណ៍​អាសគ្រាម​បច្ចុប្បន្ន​របស់​ខ្ញុំ​ជាមួយ​បុគ្គល​ដែល​ខ្ញុំ​កំពុង​ដើរ​លេង​ជា​គូ​ដែរ​ឬ​ទេ ? » ជាទូទៅ វា ពិតជា ត្រូវ​ពិភាក្សា​គ្នា—នៅ​ពេលវេលា​សមរម្យ និង​ក្នុង​របៀប​មួយ​ដែល​អាច​ទទួល​យក​បាន ។ ពេល​អ្នក​មាន​ការសន្ទនា​នេះ សូម​ចាំ​ពី​គោលការណ៍​សំខាន់​មួយ​ចំនួន ៖

  • ពេលវេលា—ការសន្ទនា​គួរតែ​ធ្វើ​ឡើង ពេល​ទំនាក់ទំនង​រីកចម្រើន​ទៅ​រក​ស្ថានភាព​មួយ​ដែល​ប្រាកដ​ប្រជា ដែល​នឹង​តម្រូវ​ឲ្យ​មាន​ការសន្ទនា​ពី​រឿង​នោះ​ដោយ​ឯកឯង ។

  • ភាព​ទៀងត្រង់—ទំនាក់ទំនង​គួរ​តែ​ផ្អែក​លើ​ការទុកចិត្ត និង​ភាព​ទៀងត្រង់ ។ ទោះបី​ជា​បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ​អាច​ជ្រើសរើស​បញ្ចប់​ទំនាក់ទំនង​ក្តី ពួកគេ​ត្រូវតែ​យល់​ពី​ធម្មជាតិ​នៃ​បញ្ហា​នោះ ការរីកចម្រើន​បច្ចុប្បន្ន​របស់​អ្នក​ក្នុង​ការដោះស្រាយ​វា និង​ផែនការ​របស់​អ្នក​សម្រាប់​ដោះស្រាយ​វា ប្រសិនបើ​កើត​ឡើង​ម្តង​ទៀត​នា​ពេល​ខាង​មុខ ។

  • ការអភ័យទោស—ការ​មាន​ភាព​ទៀងត្រង់​អំពី​ការប្រើប្រាស់​ការណ៍​អាសគ្រាម​របស់​អ្នក​ជាមួយ​បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ ពុំមែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ប្រាប់​លម្អិត​ពេល​ពិភាក្សា​ពី​រឿង​នោះ​ទេ ។ ប្រសិនបើ​អ្នក​បាន​ប្រែចិត្ត ហើយ​ទទួល​អារម្មណ៍​ថា អ្នក​បាន​ទទួល​ការអភ័យទោស អ្នក​ពុំ​គួរ​មាន​វិប្បដិសារីអំពី​រឿង​នោះ​ទៀត​ទេ ។ ព្រះអម្ចាស់​ពុំ​ចាំ​អំពើ​បាប​យើង​ទៀត​ទេ បន្ទាប់​ពី​យើង​ប្រែចិត្ត​ពី​វា​នោះ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៤២ ) ដូច្នេះ​ការពិភាក្សា​របស់​អ្នក​ជាមួយ​បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ​គឺ « សារភាព » តិច ប៉ុន្តែ​បង្កើន​ការសាង​ទំនុកចិត្ត ការចែកចាយ​ផែនការ​សម្រាប់​ការជា​សះស្បើយ​ជា​រៀងរហូត និង​ការទទួល​បាន​ការ​គាំទ្រ ។

  • ការព្យាបាល—ទោះបី​អ្នក​បាន​ប្រែចិត្ត បាន​ពន្យារ​ពេល ឬ​ប្រើប្រាស់​ការណ៍​អាសគ្រាម​ច្រើនយ៉ាងណា​ក្តី វា​អាច​មាន​ឥទ្ធិពល​ជីវសាស្ត្រ ផ្លូវ​ចិត្ត សង្គម និង​ខាង​វិញ្ញាណ​យូរ​អង្វែង ។ ដំណើរ​ការ​នៃ​ការព្យាបាល​អាច​មាន​ការពិបាក ហើយ​ត្រូវការ​ពេលវេលា ប៉ុន្តែ​ការជា​សះ​ស្បើយ និង​ការព្យាបាល​ពិតប្រាកដ​គឺ​អាច​កើត​មាន ។ តាម​រយៈ​ដំណើរ​ការ​នេះ អ្នក​ត្រូវការ​ជំនួយ និង​ការគាំទ្រ​សមស្រប ដែល​គួរតែ​រួមទាំង​អនាគត​ស្វាមី ឬ​ភរិយា​របស់​អ្នក ។

២. តើ​ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ទំនាក់ទំនង​ប្រាកដ​ប្រជា​ដែរ​ឬ​ទេ ?

ភាព​ខុស​គ្នា​ដ៏​ធំ​បំផុត​មួយ​រវាង​បុគ្គល​ម្នាក់​ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ទំនាក់ទំនង​ប្រាកដ​ប្រជា និង​បុគ្គល​ម្នាក់​ដែល​គ្មាន​ឆន្ទៈ​ធ្វើ​ឲ្យ​មាន​តម្លា​ភាព​ជាមួយ​បុគ្គល​ដែល​ពួកគេ​កំពុង​ដើរ​លេង​ជា​គូ ។ ប្រសិនបើ​អ្នក​មាន​បញ្ហា​ជាមួយ​ការណ៍​អាសគ្រាម នោះ​អ្នក​អាច​បណ្តោយ​ឲ្យ​ភាព​ភ័យ​ខ្លាច​ឆក់​យក​ទំនាក់ទំនង​របស់​អ្នក​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​គ្មាន​ការទុកចិត្ត ឬ​ប្រើ​សេចក្តីជំនឿ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​រួម​គ្នា ។

ទោះបី​វា​ពុំ​ងាយ​ស្រួល ហើយ​គួរ​ឲ្យ​ខ្លាច​រអាល​ក្នុង​ការចែកចាយ​ប្រវត្តិ​ការណ៍​អាសគ្រាម​របស់​អ្នក​ក្តី ការចៀសវាង​មិន​ចែកចាយ​ពី​វា អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់តែ​ភ័យ​ខ្លាច និង​ខ្មាស់អៀន ។ ការភ័យ​ខ្លាច​របស់​អ្នក​ក្នុង​ការបាត់បង់​បុគ្គល​នោះ អាច​ធ្វើ​ឲ្យ​អ្នក​បដិសេធ ឬ​ចៀសវាង​ការចែកចាយ​រឿង​នោះ​ទាំង​ស្រុង ដែល​អាច​ធ្វើ​ឲ្យ បាត់បង់​ទំនុកចិត្ត ឬ​បំផ្លាញ​ទំនាក់ទំនង​របស់​អ្នក​នៅពេល​ក្រោយ ។

ម្យ៉ាង​វិញ​ទៀត ពេល​អ្នក​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​របស់​បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ នោះ​អ្នក​នឹង​គោរព​ដល់​ជម្រើស​របស់​ពួកគេ ដើម្បី​បន្ត​ទំនាក់ទំនង​មួយ​ដែល​ដឹង​ទាំង រឿង​ល្អ និង​រឿង​អាក្រក់​ផង​នោះ​ទេ ។ អ្នក​អាច​នៅតែ​ខ្លាច​ចំពោះ​លទ្ធផល​ដែល​កើត​ឡើង ប៉ុន្តែ​វា​សំខាន់​ដើម្បី​ដឹង​ថា ការ​ផ្តល់​ព័ត៌មាន​ទាំងអស់ នោះ​ដល់ បុគ្គល​ផ្សេង​ទៀត​ក៏​អាច​ជួយ​អ្នក​ក្នុង​កិច្ចខិតខំ និង​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ដក​យក​ការណ៍​អាសគ្រាម​ចេញ​ពី​ជីវិត​របស់​អ្នក​ផងដែរ ។ ប៉ុន្តែ​ទោះបី​ទំនាក់ទំនង​នោះ​មិន​ដំណើរការ​ល្អ​ក្តី ជាមួយ​នឹង​ជំនួយ​របស់​ព្រះ អ្នក​អាច​បន្ត​ដើរ​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការជា​សះស្បើយ ។

ចំពោះ​អ្នក​ដែល​កំពុង​ដើរ​លេង​ជា​គូ​ជាមួយ​នរណា​ម្នាក់​ដែលធ្លាប់​មាន​បញ្ហា

ដោយសារ​អាត្រាអាយុ​ជា​មធ្យម​នៃ​ការមើល​ការណ៍​អាសគ្រាម​លើក​ដំបូង​គឺ​នៅ​អាយុ ១១ ឆ្នាំ ហើយ​វា​មាន​ភាព​ងាយស្រួល​នឹង​ចូល​មើល នោះ​យុវវ័យ​ជាច្រើន​បាន​មើល​ការណ៍​អាសគ្រាម​យ៉ាង​ហោច​ណាស់​នៅពេល​អាយុ ១៨ ឆ្នាំ ។ នេះ​អាច​ជា​កង្វល់​ទាក់ទង​នឹង​ការ​ដើរ​លេង​ជា​គូ ។ ប៉ុន្តែ​ការមើល​ឃើញ​ពុំ​ដូច​ការញៀន​ទេ ហើយ​មាន​កម្រិត​ខុស​គ្នា​ក្នុង​ការពាក់ព័ន្ធ​នឹង​ការណ៍​អាសគ្រាម ( សូមមើល ដាល្លិន អេក អូក « Recovering from the Trap of Pornography » Liahona ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៥០–៥៥ ) ។ ដំណឹងល្អ​នោះ​គឺ​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្ដល់​កម្លាំង និង​ការព្យាបាល​ដល់​មនុស្ស​ទាំងអស់​ដែល​ស្វែងរក​វា ។ នេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​យក​មក​ពិចារណា ពេល​ទំនាក់​ទំនង​របស់​អ្នក​រីកចម្រើន ៖

១. តើ​ខ្ញុំ​គួរតែ​សួរ​អំពី​ការណ៍​អាសគ្រាម​ពេល​ណា និង​របៀប​ណា ?

ការសម្រេច​ចិត្ត​ពេលវេលា និង​ពី​របៀប​ដើម្បី​លើកមក​និយាយ​ពី​បញ្ហា​នេះ​ជាមួយ​បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ​អាច​ជា​អ្វី​មួយ​ដែល​ត្រូវ​ពិភាក្សា​ជាមួយ​ឪពុក​ម្តាយ​ បង​បង្កើត​របស់​អ្នក ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ ឬ​នរណា​ម្នាក់​ដែល​អ្នក​ទុកចិត្ត​ថា​នឹង​ផ្តល់​យោបល់​បាន​ល្អ ។ សូម​ស្វែងរក​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ បន្ទាប់​មក​ធ្វើ​ការសន្ទនា​នៅ​ពេលវេលា​សមរម្យ ពេល​អ្នក​ដាក់​ចិត្ត ឬ​មាន​ទំនាក់ទំនង​ប្រាកដ​ប្រជា​ក្នុង​ទំនាក់ទំនង​របស់​អ្នក ។

នោះ​ពុំមែន​មាន​ន័យ​ថា អ្នក​ត្រូវ​ចាប់ផ្តើម​ការដើរលេង​ជា​គូ​ដំបូង​របស់​អ្នក​ជាមួយ​នឹង​ការសួរ​សំណួរ​ពី​អតីតកាល​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​ពេល​ទំនាក់ទំនង​អ្នក​រីកចម្រើន អ្នក​អាច​ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​ដើម្បី​ជួយ​អ្នក​ដឹង​ពី​របៀប និង​ពេលវេលា​ដើម្បី​សួរ​អំពី​ប្រវត្តិ​របស់​ពួកគេ​ទាក់ទង​នឹង​ការណ៍​អាសគ្រាម ។

រូបភាព
hands holding two torn pieces of a photograph

២. តើ​ខ្ញុំ​គួរតែ​ឆ្លើយ​តប​ដូចម្តេច ?

ពេល​អ្នក និង​បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ​ចាប់ផ្តើម​ចែកចាយ​អារម្មណ៍​ស្មោះត្រង់​របស់​អ្នក វា​អាច​នាំ​មក​នូវ​ការព្យាបាល ។ វា​សំខាន់​ដើម្បី​ដឹង​ពី​គំនិត និង​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក ពេល​ការប្រើប្រាស់​ការណ៍​អាសគ្រាម​ត្រូវបាន​បើក​បង្ហាញ​ប្រាប់—វា​អាច​បណ្តាល​ឲ្យ​អ្នក​មាន​ភាព​ម៉ឹងម៉ាត់ ខឹង តក់ស្លុត ឬ​មាន​អារម្មណ៍​ថា​គេ​បោក​ប្រាស់​អ្នក ។ ប៉ុន្តែ​នៅ​ក្នុងពេល​ដំណាល​គ្នា​នេះ ការចែករំលែករបស់​ពួកគេ​ក៏​អាច​បង្កើន​នូវ​ទំនុកចិត្ត ការអាណិតអាសូរ សេចក្ដី​ស្រឡាញ់ និង​ការយោគយល់​ជាមួយអ្នក​ផងដែរ ។ សូម​ពិចារណា​ពី​អារម្មណ៍​របស់​ពួកគេ និង​អារម្មណ៍​របស់​អ្នក​ផ្ទាល់ ពេល​អ្នក​ឆ្លើយ​តប ។

៣. តើ​ខ្ញុំ​បន្ត​ទៅ​មុខ​ទៀត​ដោយ​របៀប​ណា ?

ការដឹង​ថា បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ​កំពុង​មាន​បញ្ហា​ជាមួយ​ការណ៍អាសគ្រាម​គួរតែ​ជា​កង្វល់ មួយ ប៉ុន្តែ​កុំ​ក្បត់​ទំនុកចិត្ត​របស់​ពួកគេ​ដោយ​ការចែកចាយ​ឧបសគ្គ​របស់​ពួកគេ​ផ្ទាល់​ជាមួយ​មនុស្ស​ដទៃ​ឡើយ ។ ការនិយាយ​ដោយ​មាន​ទំនុកចិត្ត​ជាមួយ​ប៊ីស្សព ឬ​អ្នក​ព្យាបាល ឬ​ដោយ​មាន​ការអនុញ្ញាត​ពី​បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ ជាមួយ​មិត្តភក្តិ ឬ​ថ្នាក់​ដឹកនាំ​ដែល​ទុកចិត្ត​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ។

ពេល​សម្រេច​ចិត្ត​ថា តើ​គួរតែ​បន្ត​ទំនាក់ទំនង​ទៀត​ឬ​អត់ នោះ​អ្នក​គួរតែ​បន្ត​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ។ ប៉ុន្តែ​យោបល់​ដូច​តទៅ​នេះ​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ៖

  • សួរ​ពួកគេ​ថា តើ​ការណ៍អាសគ្រាម​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា​ដល់​ជីវិត​របស់​ពួកគេ ហើយ​តើ​ពួកគេ​កំពុង​ស្ថិត​នៅ​ចំណុច​ណា​នៃ​ដំណើរ​ការ​ព្យាបាល​របស់​ពួកគេ ។ ពួកគេ​ត្រូវ​បង្ហាញ​បំណង​ប្រាថ្នា​របស់​ខ្លួន ដើម្បី​កម្ចាត់​ការណ៍អាសគ្រាម​ចេញ​ពី​ជីវិត​ពួកគេ តាមរយៈ​ការ​ចាត់​វិធាន​ការ​សមរម្យ​ផ្សេងៗ​ដែល​ចាំបាច់ ។

  • ទទួល​ស្គាល់​ថា ទម្រង់​មួយ​ចំនួន​នៃ​ការប្រើប្រាស់​ការណ៍​អាសគ្រាម ( ឧទាហរណ៍ ការណ៍​អាសគ្រាម​កុមារ ) គឺ​ជា​សញ្ញា​បង្ហាញ​ដ៏​ធំ​មួយ​ថា បុគ្គល​នោះ​ត្រូវការ​ជំនួយ​ពី​អ្នក​មាន​វិជ្ជាជីវៈ ហើយ​គាត់​អាច​គ្មាន​សុវត្ថិភាព​ទេ ។

  • សូម​ដឹង​ថា ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ គឺ​មាន​ពិត ។ អ្នក​អាច​អត់ទោស​ឲ្យ​គេ ហើយ​ពួកគេ​អាច​បាន​ព្យាបាល ។

  • សូម​សម្រេច​ចិត្ត​ថា អ្នក​នឹង​រស់នៅ​ដោយ​ពុំ​ចង់​បាន​អ្វី​ក្រៅ​ពី​ភាព​ស្មោះត្រង់​ទាំងស្រុង​ក្នុង​ទំនាក់ទំនង​របស់​អ្នក និង​ភាព​ស័ក្តិសម​ដើម្បី​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ ។

  • សូម​យល់​ថា ការព្យាបាល និង​ការជា​សះស្បើយ​ត្រូវការ​ចំណាយ​ពេល​វេលា ។ ការលាប់​ឡើង​វិញ​អាច​កើត​មាន ហើយ​អ្នក​ដែល​កំពុង​ព្យាយាម​ព្យាបាល​ត្រូវការ​ការគាំទ្រ ។ ការណ៍​នេះ​រួម​ទាំង​ការយល់​ពី​គន្លិះអូសទាញ​របស់​ពួកគេ ( អ្វី​ដែល​អាច​បណ្តាល​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​រក​ការណ៍​អាសគ្រាម​វិញ ) ហើយ​គាំទ្រ ឬ​ជួយ​បង្កើត​សុវត្ថិភាព​សមរម្យ​មួយ ។

  • ប្រសិនបើ​ទំនាក់ទំនង​របស់​អ្នក​កំពុង​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ការរៀប​អាពាហ៍ពិពាហ៍ សូម​ប្រាកដ​ថា អ្នក​ទាំងពីរ​​យល់​ស្រប​ថា ការណ៍​អាសគ្រាម​ជា​រឿង​ពុំ​អាច​ទទួល​យក​បាន​ទេ ហើយ​ពុំ​ឆ្លុះ​បញ្ចាំងពី​ទំនាក់ទំនង​ផ្លូវ​ភេទ​ល្អ​នៃ​អាពាហ៍ពិពាហ៍​ទេ ។

ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការបន្ត​ឆ្ពោះ​ទៅ​មុខ​នោះ​គឺ​ពឹង​ផ្អែក​លើ​អ្វីដែលព្រះវិញ្ញាណ​បរិសុទ្ធ​បំផុសគំនិត​អ្នក​ឲ្យ​ធ្វើ ដែល​អាច​ជា​អ្វី​មួយ​ពី​ការបន្ត​ទំនាក់ទំនង​នោះ ជាមួយ​នឹង​ការ​យល់​ដឹង​ថា ការប្រើប្រាស់​ការណ៍​អាសគ្រាម​គឺ​ត្រូវ​ឈប់ ឬ​ត្រូវ​បញ្ចប់​ទំនាក់ទំនង​ប៉ុន្តែ​បន្ត​គាំទ្រ​កិច្ចខិតខំ​របស់​ពួកគេ​ឲ្យ​ផ្លាស់ប្តូរ ។ ទោះ​បី​អ្នក​សម្រេច​ចិត្ត​បែប​ណា​ក្តី បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ​គួរតែ​យល់​ថា អ្វីៗ​អាច​ផ្លាស់ប្តូរ​អាស្រ័យ​លើ​ការរីកចម្រើន​របស់​ពួកគេ ឬ​កង្វះ​នៃ​ការរីកចម្រើន​ក្នុង​ការ​យក​ឈ្នះ​លើ​ការណ៍​អាសគ្រាម ។

ការធ្វើ​ការរួម​គ្នា​ដើម្បី​យក​ឈ្នះ​លើ​ការណ៍​អាសគ្រាម

ការយកឈ្នះ​លើ​ការណ៍​អាសគ្រាម​អាច​ចំណាយ​ពេល ហើយ​មាន​ការពិបាក ប៉ុន្តែ​វា​អាច​ធ្វើ​បាន ។ ហើយ​នៅ​ទី​បំផុត ការខិតខំ​យក​ឈ្នះ​លើ​វា​ជាមួយ​គ្នា​អាច​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក ពេល​អ្នក​ទាំង​ពីរ​ទទួល​ការយល់​ដឹង​កាន់តែ​ស៊ី​ជម្រៅ​អំពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការរៀន​គាំទ្រ​គ្នា​ឆ្លង​កាត់​គ្រាលំបាក ។ សូម​ពិចារណា​នូវ​ចំណុច​ដូច​តទៅ​នេះ ពេល​អ្នក​ធ្វើ​ការរួម​គ្នា​ដើម្បី​ឈ្នះ​លើ​ការណ៍​អាសគ្រាម ៖

  • គេហទំព័រ overcomingpornography.ChurchofJesusChrist.org របស់​សាសនាចក្រ​ផ្តល់​ធនធាន​ជា​ច្រើន ( រួមមាន​ព័ត៌មាន​របស់​សាសនាចក្រ​ស្តីពី​កម្មវិធី​ការជា​សះស្បើយ​ពី​ការញៀន ) ដែល​អាច​ជួយ​អ្នក​ទាំង​ពីរ​ស្វែងរក​ដំណើរ​ការ​ព្យាបាល​នេះ ។

  • សូម​គិត​ពី​ទី​កន្លែង និង​ពេលវេលា​ជាក់លាក់​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ការណ៍​អាសគ្រាម ដើម្បី​កុំ​ឲ្យ​វា​ក្លាយ​ជា​រឿង​ផ្តោត​ចិត្ត​លើ​ទំនាក់ទំនង​របស់​អ្នក ។ ពេល​អ្នក​ចង់​និយាយ​អំពី​រឿង​នេះ សូម​កុំ​និយាយ​មើល​ងាយ ឬ​ធ្វើ​តម្រូវ​ចិត្ត​គេ​ឡើយ ។ ទំនាក់ទំនង​របស់​អ្នក​គួរតែ​ជា​កន្លែង​មួយ​មាន​សុវត្ថិភាព ជា​កន្លែង​ដែល​អ្នក​ទទួល​អារម្មណ៍​ថា មាន​គេ​ស្រឡាញ់ និង​គាំទ្រ មិន​មែន​ជា​កន្លែង​ដែល​គេ​ចោទ​សួរ ឬ​បន្ទាប​បន្ថោក​ទេ ។

  • ការអនុវត្ត​ខាង​វិញ្ញាណ​របស់​អ្នក​អាច​ជួយ​ផ្តល់​ការការពារ​ទាស់​នឹង​ការល្បួង ។ សូម​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក ដើម្បី​រក្សា និង​ពង្រឹង​ទម្លាប់​ខាង​វិញ្ញាណ​ជា​ទៀងទាត់—រួម​មាន​ការសិក្សា​ព្រះបន្ទូល​ប្រកប​ដោយ​អត្ថន័យ និង​ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ ( ពេល​ពេលវេលា​អនុញ្ញាត​ឲ្យ ) គោរព​ថ្ងៃ​ឈប់​សម្រាក បម្រើ​មនុស្ស​ដទៃ តម​អាហារ​ឲ្យ​បាន​ជាប់​លាប់ និង​អធិស្ឋាន​ដោយ​ស្មោះសរ—ជាមួយ​នឹង​ការបង្កើន​បំណង​ប្រាថ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះអង្គសង្គ្រោះ និង​ព្រះវរបិតាសួគ៌ ។ ទំនាក់ទំនង​នោះ​អាច​ជួយ​បន្ថយ​ឥទ្ធិពល​នៃ​ការណ៍​អាសគ្រាម​ដែល​មាន​លើ​ជីវិត​អ្នក ។ វិន័យ​គឺ​ជា​ការស្វែងរក​យូរ​អង្វែង ហើយ​កម្លាំង​ដែល​យើង​ទទួល​បាន​ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​នឹង​ជួយ​យើង​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងអស់​ក្នុង​ជីវិត​យើង ពុំ​មែន​គ្រាន់តែ​ការណ៍​អាសគ្រាម​នោះ​ទេ ។

  • ប្រសិនបើ​កិច្ចខិតខំ​របស់​អ្នក​ផ្ទាល់​ពុំ​ផ្តល់​ជោគជ័យ​ទេ​នោះ សូម​កុំ​ខ្លាច ឬ​ខ្មាស់​អៀន​ដើម្បី​ស្វែងរក​ជំនួយ​ពី​អ្នក​មាន​វិជ្ជាជីវៈ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​ផ្នែក​ញៀន​ខាង​ផ្លូវ​ភេទ ។ ពួកគេ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការយល់ដឹង​កាន់តែ​ច្រើន​នៅក្នុង​ការ​ព្យាបាល​ការ​ប្រើប្រាស់​ការណ៍​អាសគ្រាម និង​ការដោះស្រាយ​មូលហេតុ​ដែល​បង្កប់​នៅ​ក្នុង​នោះ ។

  • សូម​ចងចាំ​ថា យើង​ត្រូវបាន​ហ៊ុម​ព័ទ្ធ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពុំ​សមរម្យ​ដែល​ល្បួង​ទាក់ទាញយើង​ឲ្យ​ធ្វើ​បាប ។ ប្រសិនបើ​បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជា​គូ​មាន​ដំណើរ​លាប់​ឡើង​វិញ របៀប​ដែល​ពួកគេ​ត្រឡប់​មក​លើ​ផ្លូវ​វិញ​យ៉ាង​លឿន​ គឺ​ជា​សញ្ញា​ល្អ​មួយ​នៃ​ការតាំងចិត្ត​របស់​ពួកគេ ដើម្បី​កម្ចាត់​ការណ៍​អាសគ្រាម​ចេញ​ពី​ជីវិត​ពួកគេ ។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ថា អ្នក​ត្រូវបាន​ជំរុញ​ចិត្ត​កាន់តែ​ខ្លាំង​ឲ្យ​ឃើញ​ការផ្លាស់ប្តូរ​ជាង​ខ្លួន​ពួកគេ នោះ​អ្នក​គួរ​តែ​ពិចារណា​ឡើង​វិញ​ពី​ការបន្ត​ទំនាក់ទំនង​ដើរ​លេង​ជា​គូ​របស់​អ្នក ។

  • ឥទ្ធិពល​របស់​អ្នក​លើ​បុគ្គល​ដែល​អ្នក​កំពុង​ដើរ​លេង​ជាគូ​អាច​មាន​ទំហំ​ខ្លាំង​ក្លា ប៉ុន្តែ​វា​គួរតែ​ពុំ​មែន​ជា​ហេតុផល​ចម្បង​សម្រាប់​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​ពួក​គេ​នោះ​ទេ ។ បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ផ្លាស់ប្តូរ​គឺ​ត្រូវ​ចេញ​ពី​ចិត្ត​ពួកគេ ពុំមែន​មក​ពី​អ្នក​នោះទេ ។

លើស​ពី​អ្វីៗ​ទាំងអស់ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតាសួគ៌ ហើយ​ចង​ចាំ​ថា មាន​សេចក្តីសង្ឃឹម​ជានិច្ច​តាមរយៈ​ព្រះអង្គសង្គ្រោះ ។ ព្រះគុណ​របស់ទ្រង់​គឺ​មានល្មម​គ្រប់គ្រាន់​ដើម្បី​ព្យាបាល និង​ផ្លាស់ប្តូរ​យើង ។ ដង្វាយ​ធួន​របស់​ទ្រង់​គឺ​មាន​សម្រាប់​អ្នក​ទាំង​ពីរ​ដើម្បី​ផ្តល់​កម្លាំង ហើយ​ជួយ​អ្នក​ឲ្យ​អភ័យទោស ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បុគ្គល​ដែល​មាន​បញ្ហា​ជាមួយ​ការណ៍​អាសគ្រាម​ត្រូវ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​យ៉ាង​សកម្ម ដើម្បី​យក​ឈ្នះ​លើ​វា ។ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​វា​ជំនួស​ពួកគេ​បានទេ ។ សូម​មាន​សេចក្តីជំនឿ ហើយ​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ ។ ទ្រង់នឹង​ដឹកនាំ​អ្នក​នៅក្នុង​ស្ថានភាព​ជាក់លាក់​របស់​អ្នក ។