២០១៩
តើ​អ្នកនឹង​​រកឃើញ​អ្វី​ខ្លះ​នៅក្នុង​ព្រះគម្ពីរមរមន ?
ខែ កក្កដា ឆ្នាំ ២០១៩


ពាក្យ​ចុង​ក្រោយ

តើ​អ្នកនឹង​​រកឃើញ​អ្វី​ខ្លះ​នៅក្នុង​ព្រះគម្ពីរមរមន ?

ដកស្រង់​ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៦ ។

រូបភាព
infographic of Elder Stevenson

ពេល​អ្នក​ស្វែងរក​ពេលវេលា និង​កន្លែង​ស្ងាត់​ដើម្បី​អាន​ព្រះគម្ពីរ​មរមន ខ្ញុំ​ឃើញ​ថា អ្នក​រកឃើញ​ចម្លើយ ទទួល​បាន​អារម្មណ៍​នៃ​ការណែនាំ ហើយ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អ្នក​អំពី​ព្រះគម្ពីរ​មរមន និង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

នៅពេល​អ្នក​អាន នោះ​អ្នក​នឹង​សិក្សា​វគ្គ​បទគម្ពីរ​នៃ​សៀវភៅ​ដ៏​មាន​តម្លៃ​នេះ ហើយ​ជួប​នឹង​ព្រះអង្គសង្គ្រោះ​ជាទីស្រឡាញ់​របស់​អ្នក​គឺ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​​នៅ​ស្ទើរតែ​គ្រប់​ទំព័រ​ទាំងអស់ ។ វា​ត្រូវបាន​វាយ​តម្លៃ​ថា ទម្រង់​នៃ​ព្រះនាម​ទ្រង់​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យម ១.៧ ខគម្ពីរ​​ម្តង ។ សូម្បី​តែ​​ព្រះគ្រីស្ទ​បាន​ថ្លែង​ទីបន្ទាល់​​ដោយ​ទ្រង់​ផ្ទាល់​អំពី​ភាពពោរពេញ​ពិតប្រាកដ​​របស់​ព្រះគម្ពីរ​នេះ នៅថ្ងៃ​ចុងក្រោយ​នេះ​ដោយ​ថ្លែង​ថា​ « ​ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់​របស់​អ្នក និង​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ​ការណ៍​នោះ​ពិតមែន » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៧:៦ ) ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការអញ្ជើញ និង​ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​តាមរយៈ​ព្យាការី​មរ៉ូណៃ​ដល់​ពួកយើង​ម្នាក់ៗ—និង​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​អាន​ព្រះគម្ពីរ​មរមន​ថា ៖ « ហើយ​កាលណា​អ្នក​រាល់​គ្នា​បាន​ទទួល​នូវ​ការណ៍​ទាំងនេះ [ ព្រះគម្ពីរ​មរមន ] នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ [ យេស៊ូវ ] គ្រីស្ទ បើ​សិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្ដី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( មរ៉ូណៃ ១០:៤ សូម​មើល​ផងដែរ ខទី​៣ និង​ទី​៥ ) ។

សេចក្តីពិត​ដែល​អ្នក​នឹង​រកឃើញ​នៅក្នុង​ព្រះគម្ពីរមរមន​នឹង​លើក​ស្ទួយ ហើយ​បំផុស​គំនិត​ដល់​អ្នក ។ សេចក្តីពិត​ទាំងនោះ​នឹង​ពង្រឹង​ជំនឿ​អ្នក បំពេញ​ព្រលឹង​អ្នក​ដោយ​ពន្លឺ ហើយ​រៀបចំ​អ្នក​សម្រាប់​អនាគត​មួយ ដែល​អ្នក​កម្រ​នឹង​មាន​សមត្ថភាព​អាច​យល់​បាន ។

នៅក្នុង​គម្ពីរ​មរមន អ្នក​នឹង​រក​ឃើញ​សេចក្តីស្រឡាញ់​ដ៏​ច្រើន​លើសលុប និង​ព្រះគុណ​នៃ​ព្រះ​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន ។ នៅពេល​អ្នក​ព្យាយាម​ធ្វើតាម​ការបង្រៀន ដែល​អ្នក​ឃើញ​នៅក្នុង​គម្ពីរ​នេះ នោះ​អំណរ​របស់​អ្នក​នឹង​កើន​ឡើង ការយល់​ដឹង​របស់​អ្នក​ចម្រើន​ឡើង ហើយ​ទទួល​ចម្លើយ​ដែល​អ្នក​ស្វែងរក​ចំពោះ​ឧបសគ្គ​ជាច្រើន​ដែល​មាន​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ នោះ​អ្នក​រំពឹង​ទៅរក​ព្រះអម្ចាស់ ។

កំណត់​ចំណាំ

  1. សូមមើល Susan Easton Black Finding Christ through the Book of Mormon ( ឆ្នាំ ១៩៨៧ ) ទំព័រ ១៦–១៨ ។