២០១៩
ពួក​សាវក​គឺ​ជា​សាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ—ហើយ​អ្នក​ក៏​អាច​ធ្វើ​ជា​សាក្សី​របស់​ទ្រង់​ផងដែរ !
ខែ កក្កដា ឆ្នាំ ២០១៩


មេរៀន​មក​ពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី

ពួក​សាវក​គឺ​ជា​សាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ—ហើយ អ្នក​ក៏​អាច​ធ្វើ​ជា​សាក្សី​របស់​ទ្រង់​ផងដែរ !

រូបភាព
girls in a cafeteria

រចនា​រូបថត​ដោយ ដាវីឌ ស្តូឃឺ

សូម​ស្រមៃ​ថា អ្នក និង​មិត្តភក្តិ​របស់​អ្នក​កំពុង​ទទួល​ទាន​អាហារ​​​ថ្ងៃត្រង់​នៅ​ឯ​សាលារៀន ។ មិត្ត​ភក្ដិ​របស់​អ្នក​ហៀប​នឹង​បើក​ស្ករ​គ្រាប់មួយ​មក​ញាំ ពេល​មាន​មនុស្ស​ម្នាក់​បាន​ដើរ​មក ហើយ​ចោទ​ថា នាង​បាន​លួច​ស្ករ​គ្រាប់​នោះ ហើយ​បញ្ជា​ឲ្យ « ប្រគល់ » ស្ករ​គ្រាប់​នោះ​វិញ ។ អ្នក​បាន​នៅ​ជាមួយ​គាត់​ពេល​គាត់​ទិញ​ស្ករ​គ្រាប់​នោះ ដូច្នេះ​ទោះបី​ជា​អ្នក​ភ័យ​ខ្លាច​ក្តី អ្នក​ប្រាប់​អ្នក​ចោទ​ប្រកាន់​នោះ​ថា មិត្ត​ភក្ដិ​របស់​អ្នក​ពុំ​មែន​ជា​ចោរ​ទេ ។

ពួកសាក្សី​ពិសេស

ការពារ​អ្វី​ដែល​ពិត​ដូច​ជា​រឿង​នេះ​អាច​ត្រូវបាន​ហៅ​ថា « ការធ្វើ​ជា​សាក្សី » ។ នៅក្នុង​ឧទាហរណ៍​នេះ អ្នក​នឹង​ក្លាយ​ជា​សាក្សី​នៃ​ចរិតលក្ខណៈ​ល្អ​របស់​មិត្តភក្តិ​អ្នក ។ ដូច​អ្នក​អាច​ធ្វើ​ជា​សាក្សី​ម្នាក់​សម្រាប់​មិត្តភិក្ត​ដែរ ព្រះ​បាន​ហៅ​ពួក​ព្យាការី និង​ពួក​សាវក​ឲ្យ​ធ្វើ​ជា​សាក្សី​ពិសេស​អំពី​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ពួក​សាវក « ត្រូវបាន​បញ្ជូន​ទៅ​ដោយ​មាន​សិទ្ធិ​អំណាច និង​ការទទួល​ខុសត្រូវ​ជាក់លាក់ » ដើម្បី​បង្រៀន ថ្លែង​ទីបន្ទាល់ និង​​បម្រើ​ជា « សាក្សី​ដ៏​ពិសេស​ចំពោះ​ព្រះនាម​នៃ​ព្រះគ្រីស្ទ នៅ​ក្នុង​ពិភពលោក​ទាំងមូល » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧:២៣ ) ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ព្រះគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ នោះ​ពួក​សាវក​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​​របស់​ទ្រង់ ( សូមមើល កិច្ចការ ១:៨ ) ។ នៅពេល​អ្នក​សិក្សា​គម្ពីរ​កិច្ចការ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី នោះ​អ្នក​អាច​អាន​អំពី​ឧទាហរណ៍​ជាច្រើន ពេល​ពួក​សាវក​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ( សូមមើល កិច្ចការ ២:៣៦; ៥:២៧–៣២; ១០:៣៦–៤៤ ) ។ បច្ចុប្បន្ន​នេះ ពួកសាក្សី​​បន្ត​នៅក្នុង​ការហៅ​នេះ ក្នុង​នាម​ជា​សាក្សី​ពិសេស—សូម​ស្តាប់​សន្និសីទ​ទូទៅ​ណា​មួយ​ក៏​បាន ហើយ​អ្នក​នឹង​ឃើញ​ពី​របៀប​ដែល​ពួកលោក​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​​អំពី​ព្រះគ្រីស្ទ

ពួក​សាវក​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​បាន​នៅ​ជាមួយ​ព្រះគ្រីស្ទ កាល​ទ្រង់​គង់​នៅលើ​ផែនដី ហើយ​បាន​ឃើញ​ទ្រង់​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ ( សូមមើល កិច្ចការ ១:៩–១១ ) ហើយ​ពួក​សាវក​បច្ចុប្បន្ន​នេះ​អាច​ឃើញ​ព្រះគ្រីស្ទ​ផងដែរ ប៉ុន្តែ​ពុំ​មែន​ជា​ការមើល​ឃើញ​ព្រះយេស៊ូវ​ដោយ​ផ្ទាល់​ទើប​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ធ្វើ​ជា​សាក្សី​ពី​ទ្រង់​នោះ​ទេ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) បាន​មាន​ប្រសាសន៍​ថា « [ ព្រះវិញ្ញាណ​បរិសុទ្ធ ] គឺ​ជា​របៀប​តែ​មួយ​គត់​ដែល​បុគ្គល​ម្នាក់​អាច​ដឹង​យ៉ាង​ពិតប្រាកដ​ថា ព្រះយេស៊ូវ​​គឺ​ជា​ព្រះគ្រីស្ទ ហើយ​ថា​ដំណឹងល្អ​របស់​ទ្រង់​​ពិត » ។ នេះ​មាន​ន័យ​ថា ទោះបី​ជា​ពួកសាវក​អាច​នឹង​បាន​ឃើញ​ព្រះគ្រីស្ទ​ក្តី ពួកលោក​ដឹង​ថា ទ្រង់​គឺ​ជា​ព្រះអង្គសង្គ្រោះ ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ប្រាប់​ពួកលោក ។

អ្នក​អាច​​ក្លាយ​ជា​សាក្សី​ម្នាក់

អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ​ថា អ្នក​ក៏​​ត្រូវ​បាន​សន្យា​ថា អ្នក​អាច​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ​របស់​អ្នក​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:១៣ ) ។ វា​ពុំ​មែន​ជា​អ្វី​មួយ​ដែល​​ពួក​សាវក​អាច​ដឹង​ប៉ុណ្ណោះ​ទេ ! ទោះបី​អ្នក​ពុំ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​ពិសេស​អំពី​ព្រះគ្រីស្ទ​ក្តី ក៏​អ្នក​អាច​ស្វែង​រក​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ហើយ​ក្លាយ​ជា​សាក្សី​​របស់​ទ្រង់​​ដល់​មនុស្ស​នៅ​ក្នុង​ជីវិត​អ្នក ។ អ្នក​អាច​ធ្វើ​តាម​ការត្រាស់បង្គាប់​របស់​ព្រះអង្គសង្គ្រោះ​ដល់​ពេត្រុស​ថា ៖ « កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ [ បងប្អូន​ប្រុស​ស្រី ] អ្នក​បាន​ខ្ជាប់​ខ្ជួន​ឡើង » ( លូកា ២២:៣២ ) ។

កំណត់​ចំណាំ

  1. ហ្គរដុន ប៊ី ហ៊ិងគ្លី « Special Witnesses for Christ » Ensign ខែ ឧសភា ឆ្នាំ ១៩៨៤ ទំព័រ ៥០ ។

  2. សូមមើល ប៊យដ៍ ឃេ ផាកកឺ « The Witness » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩៧ សូមមើល ឡូរែនសូ ស្នូ « A Visit from the Savior » Liahona ខែ កញ្ញា ឆ្នាំ ២០១៥ ទំព័រ ៨០ ។

  3. យ៉ូសែប ហ្វីលឌិង ស៊្មីធ Answers to Gospel Questions និពន្ធ​ដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ ជុញ្ញ័រ វ៉ុល​ទី ៥ ( ឆ្នាំ ១៩៥៧–១៩៦៦ ) ៣:៣១ ។