២០១៩
ហេតុអ្វី​ព្រះ​ពុំ​បាន​ព្រមាន​ខ្ញុំ ?
ខែ កក្កដា ឆ្នាំ ២០១៩


ហេតុអ្វី​ព្រះ​ពុំ​បាន​ព្រមាន​ខ្ញុំ ?

ឡាក ម៉នហ្គូមើរី រដ្ឋ​តិចសាស ស.រ.អា

រូបភាព
woman gathering loose papers

រចនា​រូបភាព​ដោយ ធីម ស្សែលនើរ

ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​រស់នៅ​ក្នុង​ផ្ទះ​ដែល​ស្ថិត​នៅក្នុង​បរិវេណ​មហា​វិទ្យាល័យ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​រដ្ឋ​តិចសាស កាល​នោះ​​កូន​ច្បង​ពីរ​នាក់​របស់​យើង​មាន​អាយុ​បួន​ឆ្នាំ និង​ពីរ​ឆ្នាំ ។ វា​ជា​បទពិសោធន៍​ដំបូង​របស់​យើង​នៅ​ក្នុង​រដ្ឋ​តិចសាស​ក្នុង​តំបន់​កូន​ភ្នំ ហើយ​ខ្ញុំ​ចូលចិត្ត​វា​ណាស់ ! រៀងរាល់​រដូវ​ផ្ការីក នៅរដ្ឋ​តិចសាស​ភាគ​កណ្តាល​​សម្បូរ​ទៅ​ដោយ​ផ្កា ។ នៅក្នុង​សួន​ច្បារ ព្រៃ ទីវាល​នានា នៅ​តាម​ចិញ្ចឹម​ថ្នល់ ​ខ្ញុំ​បាន​ឃើញ​មាន​ផ្កា​រីក​នៅគ្រប់​ទីកន្លែង ។​​

ខ្ញុំ​បាន​ដាក់​កូន​ខ្ញុំ​ក្នុង​រទេះ ហើយ​រុញ​​ពួកគេកម្សាន្ត​ស្ទើរ​តែ​រាល់​ថ្ងៃ ។ យើង​បាន​រកឃើញ​កន្លែង​ថ្មីៗ​ដើម្បី​ទៅលេង ហើយ​ខ្ញុំ​បាន​ឲ្យ​កូនៗ​ខ្ញុំ​បេះ​ផ្កា​ព្រៃ​លេង​តាម​ចិត្ត​ពួកគេ​ចង់ ។ យើង​​បញ្ចប់​ការដើរ​កម្សាន្តរបស់​យើង​​រហូត​ដល់​ភូមិ​មួយ​ដែល​មាន​ផ្ទះ​ភាគច្រើន មាន​សួន​ច្បារ​ដែល​បាន​ថែទាំ​យ៉ាង​ស្រស់​ស្អាត ។

ថ្ងៃ​មួយ​យើង​បាន​ទៅ​ដល់​កន្លែង​ផ្លូវ​កាច់ជ្រុង​​មួយ យើង​បាន​​ឃើញ​ក្រដាស​ជា​ច្រើន​​បាន​រសាត់​ពេញ​សួន​ផ្កា​មួយកន្លែង ។ រំពេច​នោះ​ខ្យល់​បាន​បោកបក់​ក្រដាស​នោះ​ឲ្យ​រសាត់​ពេញ​លើ​វាល​ស្មៅ ។ ខ្ញុំ​បាន​សម្រេ​ចចិត្ត​រើស​ក្រដាស​ដែល​រាយប៉ាយ​​នោះ ពីមុន​វា​កាន់​តែ​រសាត់​ថែម​ទៀត ។ ខ្ញុំ​បាន​ចាប់​ក្រដាស​ពេញ​មួយ​ក្តាប់​ដៃ​ខ្ញុំ ហើយ​​ដាក់​វា​ទៅ​ក្នុង​ថង់​ដាក់​ខោ​ទឹកនោម​របស់​កូន​ខ្ញុំ ។

ពេល​ខ្ញុំ​មើល​ទៅក្រោម នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​កំពុង​កាន់​រូបភាព​អាសគ្រាម ។ ដោយ​ក្តីភ្ញាក់ផ្អើល ខ្ញុំ​បាន​ឲ្យ​កូនៗ​របស់​ខ្ញុំនៅលើ​​រទេះ​រុញ​វិញ ពេល​ខ្ញុំ​រើស​ក្រដាស​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​យ៉ាង​លឿន ។ ខ្ញុំ​បាន​អន់​ចិត្ត​បន្តិច ពេល​ខ្ញុំ​បាន​ឃើញ​អ្វី​ដែល​ខ្ញុំ​ពុំ​ចង់​ឃើញ​នោះ ។ ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​ចាប់ផ្តើម​ត្អូញត្អែរ​ថា « ហេតុអ្វី​ព្រះ​ពុំ​បាន​ព្រមាន​ខ្ញុំ​ឲ្យ​ទៅ​ផ្ទះ​តាម​ផ្លូវ​ផ្សេង ?

បន្ទាប់​មក​ខ្ញុំ​បាន​ឮ​សំឡេង​ឡាន​សាលា​ចាប់ហ្វ្រាំង ។ មាន​សិស្ស​ប្រហែល​ដប់​ពីរ​នាក់​បាន​ចុះ​ចេញ​ពី​ឡាន ។ ពួកគេ​ទាំងអស់​គ្នា​បាន​ដើរ​កាត់​វាល​ស្មៅ​ដែល​ទើបតែ​មាន​រូបភាព​អាសគ្រាម​កាល​ពី​ប៉ុន្មាន​នាទី​មុន​នោះ ។

នៅ​គ្រា​នោះ ទស្សនវិស័យ​ទាំង​មូល​បាន​ផ្លាស់ប្តូរ ។ ឥឡូវ​ខ្ញុំ​បាន​ដឹង​ពី​មូលហេតុ​ដែល​ខ្ញុំ​ពុំ​ត្រូវបាន​ព្រមាន​ឲ្យ​ទៅ​ផ្ទះ​តាម​ផ្លូវ​ផ្សេង​​ទៀត​ហើយ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ខ្ញុំ​បាន​ទៅ​ទីនោះ ដើម្បី​រើស​ក្រដាស​ទាំង​នោះ​ចេញ ដើម្បី​កុំ​ឲ្យ​ក្មេងៗ​ទាំង​នោះ​ឃើញ​រូបភាព​ដ៏​អាក្រក់​នោះ ។ ពេល​ខ្ញុំ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​គិត​ថា « ចុះ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ឡាន​សាលា​នោះ​បាន​មក​ដល់​បន្ទាប់​ពី​ក្រដាស​នោះ​បាន​រសាត់​ពេញ​ទីនោះ ? ចុះ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ខ្ញុំ​ពុំ​ដឹង​ពី​មូលហេតុ​ដែល​ខ្ញុំ​ជួប​បទពិសោធន៍​នោះ ? តើ​ខ្ញុំ​នឹង​អន់ចិត្ត​នឹង​ព្រះ​​យូរ​ប៉ុណ្ណា​ទៅ ?

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ឱកាស​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ខ្ញុំ​ឲ្យ​យល់​ពី « មូលហេតុ » នៃ​បទពិសោធន៍​នោះ​ បាន​ជួយ​ខ្ញុំ​ឲ្យ​ទុកចិត្ត​ថា ព្រះតម្រិះ និង​ព្រះរាជបំណង​​របស់ទ្រង់​ប្រសើរ​ជាង​ប្រាជ្ញា និង​បំណង​​របស់​ខ្ញុំផ្ទាល់ ។

ជួនកាល ខ្ញុំ​នឹង​ដឹង​ពី​មូលហេតុ​​ដែល​អ្វី​មួយ​បាន​កើត​ឡើង ជួនកាល​ខ្ញុំ​ពុំ​បាន​ដឹង​ឡើយ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​មាន​សេចក្តីជំនឿ​​ថា ព្រះអម្ចាស់​មាន​ព្រះបំណង​ប្រសើរ​ជាង​ខ្ញុំ​អាច​យល់​បាន​ឆ្ងាយ​ណាស់ ។