២០១៩
ចូរ​អធិស្ឋាន​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ
ខែ កក្កដា ឆ្នាំ ២០១៩


ចូរ​អធិស្ឋាន​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ

ហួន ប៊ែលត្រាម៉េ ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​​អាហ្សង់ទីន

រូបភាព
men praying at construction site

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ពេល​ម៉ាកូ កូន​ប្រុស​របស់យើង​អាយុ​បី​ឆ្នាំ គាត់ និង​ខ្ញុំ​បាន​ឈឺ​ជា​ទម្ងន់​ដោយសារ​ការពុល​អាហារ ។ ម៉ាកូ​បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​សន្លប់​បាត់​ស្មារតី ។ ម៉ារៀណេឡា​ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ប្រញាប់​យក​គាត់​ទៅ​មន្ទីរពេទ្យ ។ ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ មើល​ទៅ​គាត់​ហាក់​ដូចជា​ស្លាប់ ។ ទីបំផុត​បន្ទាប់​ពី​បួន​ម៉ោង​ក្រោយ​មក គាត់​បាន​ដឹង​ខ្លួន​ឡើង​វិញ ។

ចាប់​តាំង​ពី​ពេលនោះ​មក ម៉ាកូ​បាន​មាន​អាការៈ​ប្រកាច់​បែប​នេះ​អស់រយៈ​ប្រាំ​ឆ្នាំ ។ ពេល​យើង​ដាក់​ឲ្យ​គាត់​គេង​រៀងរាល់​ល្ងាច យើង​គិត​​ថា តើ យើង​នឹង​ត្រូវ​ប្រញាប់​យក​គាត់​ទៅ​មន្ទីរ​ពេទ្យ​នៅពេល​កណ្តាល​អាធ្រាត​ម្តង​ទៀត​ដែរ​ឬ​ទេ ។ យើង​ដេក​ពុំ​បាន​ឆ្អែត​ទេ​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ដ៏​ថប់​បារម្ភ​នោះ ហើយ​យើង​បាន​ពឹង​ផ្អែក​លើ​ការអធិស្ឋាន សេចក្តីជំនឿ ការតម​អាហារ និង​ការប្រសិទ្ធពរ​បព្វជិតភាព ។

ពេលម៉ាកូ​អាយុ​ប្រហែល​ប្រាំ​មួយ​ឆ្នាំ ម៉ារៀណេឡា​បាន​ទូរសព្ទ​មក​ខ្ញុំ​ពេល​ខ្ញុំ​កំពុង​ធ្វើការ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ ។ ម៉ាកូ​បាន​ប្រកាច់​យ៉ាង​ខ្លាំង ហើយ​បាន​សន្លប់ ។ ពេល​ភរិយា​ខ្ញុំ​បាន​ទូរសព្ទ​មក​ខ្ញុំ ខ្ញុំ​កំពុង​​ជួសជុល​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​​អាហ្សង់ទីន ដែល​មាន​ទីតាំង​នៅ​ក្បែរ​នឹង​ព្រះវិហារ​បរិសុទ្ធ ប៊ុយណូហ្សែ អាហ្សង់ទីន ។

ពីមុន​ខ្ញុំ​ចេញ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ មិត្ត​ម្នាក់ និង​បុគ្គលិក​ម្នាក់​បាននិយាយ​ថា « ដោយសារ​យើង​នៅ​ក្បែរ​​ដំណាក់​របស់​ព្រះអម្ចាស់​ស្រាប់ ហេតុអ្វី​យើង​មិន​អធិស្ឋាន​ជាមួយ​គ្នា​សិន​ទៅ ? » ព្រះវិហារ​បរិសុទ្ធ​​បាន​បិទ​សម្រាប់​ការជួសជុល និង​ការពង្រីក​បន្ថែម ប៉ុន្តែ​យើង​បាន​ទៅ​ដល់​ដំណាក់​របស់​ព្រះអម្ចាស់ ជាកន្លែង​ដែល​ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​ម៉ាកូ ។

ទោះបី​ជា​​មានអ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​​បាន​​ឆ្លង​កាត់​ជាមួយ​ម៉ាកូ​ក្តី ក៏​ខ្ញុំ​ទទួល​អារម្មណ៍​ថ្លែង​អំណរគុណ​ដល់​ព្រះ​សម្រាប់​ពេលវេលា​ដែល​ ម៉ារៀណេឡា និង​ខ្ញុំ​​អាច​មាន​ដើម្បី​នៅ​ជាមួយ​នឹង​ម៉ាកូ ។ ពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​បាន​ទូល​សូម​ព្រះវរបិតាសួគ៌​ឲ្យ​យើង​ព្យាយាម​ធ្វើ​ជា​ឪពុក​ម្តាយ​ល្អ និង​ថែទាំ​ម៉ាកូ​ឲ្យ​អស់​សមត្ថភាព​របស់​យើង ។ ខ្ញុំ​បាន​ទូល​ប្រាប់​ទ្រង់​ថា យើង​នឹង​ទទួល​យក​ព្រះទ័យ​ទ្រង់ ប្រសិនបើ​ទ្រង់​ហៅ​ម៉ាកូ​ឲ្យ​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ ។

ពេល​ខ្ញុំ​ទៅ​ដល់​មន្ទីរពេទ្យ ខ្ញុំ​ពុំ​បាន​ដឹង​ទេ​ថា តើ​ម៉ាកូ​នឹង​ដឹង​ខ្លួន​ឡើង​វិញ ឬ​បើ​គាត់​នឹង​ជា​វិញ ឬ​ថា​តើ​គាត់​អាច​ដើរ ឬ​និយាយ​បាន​វិញ​ម្តង​ទៀត​ដែរ​ឬ​អត់​នោះទេ ។ បន្ទាប់​ពី​​ពីរ​ម៉ោង​ដ៏​លំបាក​បំផុត​មក គាត់​បាន​ដឹង​ខ្លួន​​ឡើងវិញ ។ គាត់​អស់កម្លាំង​រលីង​ពី​ខ្លួន ប៉ុន្តែ​គាត់​មិន​កើត​អី​ទេ ។ ចាប់​តាំង​ពី​នោះ​មក ដោយ​អព្ភូតហេតុ​គាត់​បាន​ធូរ​ស្បើយ​ ។ ទីបំផុត ម៉ាកូ​បាន​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ ហើយ​បាន​ចេញពី​មន្ទីរពេទ្យ​ជារៀង​រហូត ។

ម៉ារៀណេឡា និង​ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​គ្រា​លំបាក​​នោះ ដោយ​មាន​អំណរគុណ​ដែល​យើង​នៅតែ​មាន​ម៉ាកូ ហើយ​មាន​អំណរគុណ​ចំពោះ​រឿង​​នានា​ដែល​យើង​បាន​រៀន ។ ការសាកល្បង​របស់​យើង​រួបរួម​យើង ហើយ​ធ្វើ​ឲ្យ​យើង​កាន់តែ​រឹងមាំ​ខាង​វិញ្ញាណ ។ ប្រសិនបើ​គ្មាន​ការសាកល្បង​ទេ​នោះ យើង​ពុំ​អាច​រៀន​ស្គាល់​របៀប​ជា​ច្រើន​ដែល​ព្រះអម្ចាស់​បង្ហាញ​ព្រះចេស្តា​ទ្រង់​នៅក្នុង​ជីវិត​របស់យើង​ឡើយ ។

ដូច​ដែល​​ម៉ារៀ​ណេឡា​និយាយ​ថា « យើង​បាន​ឃើញ​ភស្តុតាង និង​បទពិសោធន៍​​ដ៏​ច្រើន ដែល​បាន​ផ្តល់​ទីបន្ទាល់​នៃ​វត្តមាន​របស់​ព្រះ​ដល់​យើង ថា​ទ្រង់​គង់​នៅ​ជាមួយ​យើង ហើយ​ថា​ទ្រង់​ព្រះសណ្តាប់​យើង ។ ប្រសិនបើ​យើង​ស៊ូទ្រាំ និង​មាន​ការអត់ធ្មត់ នោះ​ពរជ័យ​អាច​កើត​មាន​ឡើង ទោះ​យើង​រំពឹង​តិចតួច​ថា វា​នឹង​កើត​ឡើង​ក្តី » ។