២០១៩
ម៉ារា​​អ្នក​ត្រួសត្រាយ
ខែ កក្កដា ឆ្នាំ ២០១៩


ម៉ារា អ្នក​ត្រួសត្រាយ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​តិចសាស ស.រ.អា. ។

ខែ​តុលា ឆ្នាំ ២០១៨ ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា

រូបភាព
Mara the Pioneer

ម៉ារា​បាន​ដាក់​ឡេវ​សំពត់​របស់​នាង ហើយ​ឆ្លុះ​កញ្ចក់ ។ គាត់​មាន​អារម្មណ៍​អស់​សំណើច​ក្នុង​ការ​ពាក់​សម្លៀកបំពាក់​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​សៅរ៍ ប៉ុន្តែ​នេះ​គឺ​ជា​ថ្ងៃ​សៅរ៍​មួយ​ដ៏​ពិសេស ។ វា​ជា​សន្និសីទ​ទូទៅ ។

« តើ​កូន​​រំភើប​ចិត្ត​ចូលរួម​សម័យ​ប្រជុំ​ស្ត្រីដែរ​ឬ​ទេ ? » ម៉ាក់​បាន​សួរ ។ គាត់​បាន​សិត​សក់​ឲ្យ​ម៉ារា​ថ្មមៗ ។ « ម៉ាក់​ចង់​ឲ្យ​កូន​ព្យាយាម​ស្តាប់​ឲ្យ​បាន​ច្រើន​តាម​ដែល​កូន​អាច​ស្តាប់​បាន » ។

« ចាស៎ ! កូន​សង្ឃឹម​ថា ពួកគេ​នឹង​និយាយ​អំពី​រឿង​របស់​ពួក​អ្នក​ត្រួសត្រាយ ! » ម៉ារា​ចូលចិត្ត​រឿង​ទាំង​នោះ​ខ្លាំង​បំផុត ។

ម៉ាក់​បាននិយាយ​ថា « ប្រហែល​ជា​ពួកគេ​នឹង​និយាយ​រឿង​នោះ ។ តើ​កូន​ដឹង​ទេ​ថា ប៉ា​របស់​កូន​គឺ​ជា​អ្នក​ត្រួសត្រាយ ? »

ម៉ារា​បាន​ឆ្ងល់ ។ ប៉ា​របស់​នាង​ពុំ​ធ្លាប់​អូស​រទេះ​ទេ ។

នាងបាន​សួរ​ថា « តើ​គាត់​គឺ​ជា​អ្នកត្រួសត្រាយ​ដោយ​របៀប​ណា ? »

ម៉ាក់​បាន​ងក់​ក្បាល​បែរ​ទៅ​បង្អួច សម្លឹង​មើល​ទៅ​ទន្លេ ។ « គាត់​បាន​នេសាទ​ត្រី​នៅ​ទីនោះ ពេល​គាត់​បាន​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា » ។ ម៉ាក់​បាននិយាយ​ថា « គាត់​គឺជា​មនុស្ស​ដំបូង​គេដែល​ទទួល​បុណ្យ​ជ្រមុជទឹក​​នៅក្នុង​គ្រួសារ​របស់គាត់ ។​ នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​គឺ​ជា​អ្នក​ត្រួសត្រាយ​នោះ ! ឥឡូវ​តោះ​ទៅ​រក​លោក​យាយ​កូន » ។

យាយ កំពុង​រង់ចាំ​ពួកគេ​នៅ​មុខ​បន្ទប់ ។ គ្រួសារ​របស់​ម៉ារា និង​យាយតា​របស់​នាង​រស់នៅ​ជាមួយ​គ្នា ។ យាយ​បាន​ជួយ​មើលថែ​ម៉ារា​បន្ទាប់​ពី​នាង​ត្រឡប់​មក​ពី​រៀន​វិញ ខណៈ​ដែល​ប៉ាម៉ាក់​របស់​នាង​ទៅ​ធ្វើការ ។ ឥឡូវ​យាយ​ឈរ​នៅ​ក្បែរម៉ូតូធំ គឺ​ម៉ូតូធំ​​ដែល​ដឹក​ពួកគេធ្វើដំណើរ​​ជុំវិញ​ទីក្រុង ។

ម៉ាក់​បាន​ប្រាប់​ម៉ារា ពេល​គាត់​បើ​កទ្វារ​ផ្ទះ ហើយ​ទាញ​ម៉ូតូ​ចេញទៅផ្លូវ​ថា « សាសនាចក្រ​​ទើបតែបានមក​ដល់​ប្រទេស​កម្ពុជា​​រយៈពេល ២៥ ឆ្នាំ​ប៉ុណ្ណោះ ។ ដូច្នេះ​ពួកយើង​ទាំងអស់​គ្នា​គឺ​ជា​ពួក​អ្នកត្រួសត្រាយ ។ រួម​ទាំង​កូន​ផងដែរ ! »

« តើ​ខ្ញុំ​ជា​អ្នក​ត្រួសត្រាយ​​ដោយ​របៀប​ណា​ទៅ ? » ម៉ារា​បានឆ្ងល់​ពេល​នាង​ឡើង​ជិះ​លើ​ម៉ូតូ ។ ម៉ាក់​បាន​បើក​ម៉ូតូ​ជាមួយ​យាយ​ជិះ​នៅពីក្រោយ ហើយ​ម៉ារា​ជិះ​នៅ​កណ្តាល ។ ម៉ារា​បាន​កាន់​ម៉ូតូ​យ៉ាង​ណែន ពេល​ពួកគេ​ធ្វើដំណើរ​​តាម​ដង​ផ្លូវ​ដែល​មាន​មនុស្ស​ច្រើន ។

ពេល​ពួកគេ​បាន​ជិះ​ហួស​ហាង​កាហ្វេ ក្លិន​តែ​បាន​រសាត់​មក​ប៉ះ​នឹង​ពួកគេ ។ ប្រជាជន​នៅ​ទីនេះ​ស្ទើរតែ​ទាំងអស់​គ្នា​ផឹក​ទឹកតែ ។ ប៉ុន្តែ​ម៉ារា​មិន​ផឹក​ទេ ។ នាង​បាន​ធ្វើ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ។ ម៉ារា​បាន​ញញឹម ។ នោះ​គឺជា​របៀប​មួយ​ដែល​នាង​គឺ​ជា​អ្នក​ត្រួសត្រាយ !

ពេល​ម៉ូតូ​បត់​ដល់​កាច់​ជ្រុង​មួយ ម៉ារា​បាន​ឃើញ វត្ត មួយ​​គឺជា​វត្ត​ព្រះពុទ្ធ ។ ជាអគារមាន​ដំបូល​ក្រហម​ស្រួច​ដែល​ខ្ពស់​ជាង​អគារ​ផ្សេងៗ​ទៀត ។ ព្រះ​សង្ឃ​កោរសក់ គ្រង​ស្បង់​ពណ៌​លឿង​គង់​សិក្សា​នៅក្នុង​ទីធ្លា​វត្ត ។

ម៉ារា​ដឹង​ថា ប្រជាជន​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​ពុទ្ធសាសនិក ។ ពួកគេ​ពុំ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ។ ប៉ុន្តែ​ម៉ារា​បាន​ជឿ ។ ម៉ារា​បាន​គិត​ថា « នោះ​គឺ​ជា​របៀប​មួយ​ដែល​ខ្ញុំ​គឺ​ជា​អ្នក​ត្រួសត្រាយ » ។ ហើយ​ថ្ងៃ​នេះ​នាង​នឹង​បាន​ស្តាប់​ព្យាការី !

ពេល​ម៉ូតូ​បត់​ចូល​ទៅ​ចំណត​នៅ​ព្រះវិហារ ម៉ារា​បាន​ឃើញ​ស្ត្រី​ជា​ច្រើន​បាន​មក​ដល់ ។ មាន​អ្នក​ខ្លះ​ដើរ​មក ឬ​ជិះ​ម៉ូតូ​មក ។ អ្នក​ផ្សេង​ទៀត​បាន​មក​ដល់​ដោយ​ជិះ រម៉ក​កង់​បី ជារម៉ក់​តូច​មួយ​ដែល​មាន​ម៉ូតូ​សណ្តោង ។ ស្ត្រី​ជា​ច្រើន​ស្លៀក​ពាក់​រ៉ូប ឬ​សំពត់​លាត​ដូច​ម៉ារា​ដែរ ។ ហើយ​ស្ត្រី​ខ្លះ​ទៀត​ស្លៀក សំពត់ វែង​ដ៏​ស្រស់​ស្អាត​​ដែល​ធ្វើ​មក​ពី​ក្រណាត់​មាន​ពណ៌​ចម្រុះ ។

ម៉ារា ម៉ាក់ និង​យាយ​អង្គុយ​នៅ​ក្នុង​សាលា​ជំនុំ​ជាមួយ​ស្ត្រី​ផ្សេង​ទៀត ។ តាមពិត​ទៅ សន្និសីទ​បាន​ប្រារព្ធ​ឡើង​កាល​ពីមួយ​សប្តាហ៍​មុន​នៅ​ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ ស.រ.អា. ។ ប៉ុន្តែ​ឥឡូវ​នេះ​ប្រជាជននៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​មើល​ការចាក់ផ្សាយ​ជា​ភាសា​ខ្មែរ ។ ម៉ារា​និយាយ​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​នៅ​ផ្ទះ ហើយ​នាង​ក៏​រៀន​ភាសា​បារាំង​នៅ​សាលា​រៀន​ផងដែរ ។ ប៉ុន្តែ​​ប្រជាជន​​ខ្មែរ​ជា​ច្រើន​នាក់​និយាយ​តែ​ភាសា​ខ្មែរ ។

អ្នក​និយាយ​ដំបូង​ពុំ​បាន​និយាយ​​រឿង​អំពី​ពួក​អ្នក​ត្រួសត្រាយ​ឡើយ ។ ប៉ុន្តែ​ក្រោយ​មក​អ្នក​និយាយ​ទីពីរ​ បាន​ប្រាប់​រឿងមួយ​អំពី​ការដើរ​តាម​ផ្លូវ​ដែល​មាន​ដីហុយ​ពី​សាលា​រៀន​ទៅ​ផ្ទះ​របស់​គាត់ ។ ផ្លូវ​នោះ​ត្រូវ​បាន​ហៅ​ថា « ការសាកល្បង​របស់​ក្មេងប្រុស » ហើយ​ជួនកាល​គាត់​ត្រូវ​ដោះស្បែកជើង ហើយ​ដើរ​ដោយ​ជើង​ទទេ ។ គាត់​ចង់​ធ្វើ​រឿង​លំបាកៗ ដូច្នេះ​គាត់​អាច​ក្លាយ​ជា​អ្នក​ត្រួសត្រាយ ! ម៉ារា​បានញញឹម ពេល​គាត់​បាន​គិត​អំពី​របៀប​នានា​ដែល គាត់ គឺ​ជា​អ្នក​ត្រួសត្រាយ ។

អ្នក​និយាយ​ចុង​ក្រោយ​គឺ​ជាព្យាការី ។ លោក​ឈរ​យ៉ាង​ខ្ពស់ ។ ម៉ារា​បាន​ស្តាប់​យ៉ាង​យកចិត្ត​ទុកដាក់​ថែម​ទៀត ។ លោក​បានមាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ ។ នោះស្ថានសួគ៌​នឹង​បើក​ឡើង​សម្រាប់​បងប្អូន ។ ព្រះអម្ចាស់​នឹង​​ប្រទានពរ​ដល់​បងប្អូន » ។

ម៉ារា​បាន​ដឹង​ថា វាមិន​ងាយស្រួល​ដើម្បី​អាន​ព្រះគម្ពីរ​មរមន​ទាំងអស់​ឡើយ ។ នាង​បាន​ក្រឡេកមើល​ស្ត្រី​នៅ​ជុំ​វិញ​នាង ។ ពួកគេ​ទាំងអស់​គ្នា​បាន​ជ្រើសរើស​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​ទាំងអស់​គ្នា​បាន​មក​យប់​នេះ​ដើម្បី​ស្តាប់​​ព្យាការី ។ នាង​នឹង​ធ្វើ​តាម​ព្យាការី ដូច​ពួកគេ​ធ្វើ​តាម​ដែរ ។ នាង​នឹង​ក្លាយ​ជា​អ្នក​ត្រួសត្រាយ ។