២០១៩
ប្រសិនបើ​អ្នក​បញ្ចប់​បេសកកម្ម​របស់​អ្នក​មុន​កំណត់ សូម​កុំ​ចុះចាញ់
ខែ កក្កដា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

ប្រសិនបើ​អ្នក​បញ្ចប់​បេសកកម្ម​របស់​អ្នក​មុន​កំណត់ សូម​កុំ​ចុះចាញ់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

តម្លៃ​របស់​អ្នក​ពុំ​ផុត​រលត់​នៅ​ត្រឹម​ពេល​ការត្រលប់​មក​ពី​បេសកកម្ម​វិញ​មុន​ពេល​កំណត់​នោះ​ទេ ។

រូបភាព
missionary returning home

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

ប្រសិនបើ​អ្នក​កំពុង​អាន​អត្ថបទ​នេះ អ្នក​ប្រហែល​ជា​ដឹង​ពី​ការលំបាក​ដ៏​ច្រើន​លើសលប់​ដែល​វា​អាច​កើត​ឡើង​ដោយសារ​ការត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់ ។ យុវមជ្ឈិមវ័យ​ដែល​បម្រើ​អាច​មាន​បទពិសោធន៍​នៃ​ការ​ឈឺចាប់​ផ្នែក​រូបកាយ បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ភាពអាសន្ន​ផ្ទាល់​ខ្លួន បញ្ហា​ភាពស័ក្តិសម ជម្លោះ​ធ្ងន់ធ្ងរ​ជាមួយ​មនុស្ស​ដទៃ ឬ​ការមិន​គោរព​ប្រតិបត្តិ​តាមច្បាប់​បេសកកម្ម បណ្តាល​ឲ្យ​ពួកគេ​ចេញ​ពី​បេសកកម្ម​របស់​ពួកគេ​មុន​កាលបរិច្ឆេទ​ដោះលែង​ដែល​ពួកគេ​រំពឹង​ទុក ។

ដោយ​មិន​គិត​ពី​ហេតុផល​អ្វី​ឡើយ ព្រះ​ពុំ​សព្វព្រះទ័យ​ឲ្យ​បទពិសោធន៍​លំបាក​ទាំង​នេះ​ជះ​ឥទ្ធិពល​យូរ​អង្វែង​ដល់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​បុត្រាបុត្រី​ទ្រង់​ឡើយ ។ ដូច្នេះ​តើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់​អាច​បន្ត​ឆ្ពោះទៅមុខ​​ចេញ​ពីការផ្លាស់ប្តូរ​ដ៏​មិន​រីករាយ​នោះ​តាមរបៀប​ណា ? ហើយ​តើ​ឪពុក​ម្តាយ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​មនុស្ស​ជាទីស្រឡាញ់​អាច​ជួយ​តាមរបៀប​ណា ?

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​មក​ពី​ព្រះគម្ពីរ​មរមន

រឿង​មួយ​មក​ពី​គម្ពីរ​អាលម៉ា​ផ្តល់​គំរូ​ដ៏​មាន​ប្រយោជន៍​មួយ​ដល់យើង ។ ព្យាការី​សាសន៍​នីហ្វៃ​ឈ្មោះ​អាលម៉ា​បាន​ដឹកនាំ​បេសកកម្ម​ទៅ​​កាន់​ពួក​សាសន៍​សូរាំ​ទុច្ចរិត ដោយ​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​ដ៏​គួរ​ឲ្យ​ទុកចិត្ត ។ មាន​អ្នក​ផ្សព្វផ្សាយ​ម្នាក់​ដែល​ជា​កូន​ប្រុស​របស់​លោក​គឺ​កូរីអានតុន « [ បាន ] បោះបង់​ចោល​ការងារ​បម្រើ ហើយ​បាន​ទៅ​តាម​ស្រី​ខូច អ៊ីសាបែល ឆ្លង​ទៅ​ឯ​ដែនដី​សៃរ៉ុន នៅ​តាម​ព្រំប្រទល់​ដែនដី​នៃ​ពួក​សាសន៍​លេមិន » ( អាលម៉ា ៣៩:៣ ) ។ បន្ទាប់​មក អាលម៉ា​បាន​ស្តីប្រដៅ​កូរីអានតុន​ជា​ខ្លាំង ហើយ​បាន​ហៅ​គាត់​ឲ្យប្រែចិត្ត ដូច​បាន​ចែង​ថា « ឪពុក​ពុំ​គួរ​និយាយ​ច្រំ​ដែល​អំពី​ទោស​របស់​កូន ដើម្បី​ធ្វើ​ឲ្យ​កូន​កើតទុក្ខ​ក្នុង​ចិត្ត​ទេ ប្រសិនបើ​ពុំ​មែន​សម្រាប់​ឲ្យ​កូន​បាន​ល្អ » ( អាលម៉ា ៣៩:៧ ) ។

កូរីអាន​តុន​បាន​ទទួល​ការវាយ​ផ្ចាល់​របស់​ឪពុក​គាត់​ដោយ​រាបសា បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​គាត់ ហើយ​បាន​ត្រឡប់​ទៅ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វិញ​នៅក្នុង​ចំណោម​ពួក​សាសន៍​សូរាំ « ទៅ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល ដោយ​ការ​ពិត និង​ការ​ម៉ឺងម៉ាត់ » ( អាលម៉ា ៤២:៣១ ) ។ ដំណើរ​រឿង​នោះ​បន្ត​ទៀត​ដោយ​ចែងថា បន្ទាប់​ពី​អាលម៉ា​បាន​ថ្លែង​ទៅ​ពួក​កូន​ប្រុស​របស់​លោក « ពួក​កូន​ប្រុស​របស់​អាលម៉ា [ ទាំង​ស៊ិបឡុន និង​កូរីអានតុន ] បាន​ទៅ​ក្នុង​ចំណោម​ប្រជាជន ដើម្បី​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​ដល់​ពួក​គេ » ( អាលម៉ា ៤៣:១ ) ។

ការត្រឡប់មក​វិញ​ជាមួយ​នឹង​សក្តានុពល

តើ​យើង​អាច​រៀន​​អ្វី​ខ្លះមក​ពី​រឿង​នេះ ? ទីមួយ អ្នក​ផ្សព្វផ្សាយ​ម្នាក់​ដែល​ត្រឡប់​មកផ្ទះ​វិញ​មុន​កំណត់—ទោះបី​ដោយសារ​ហេតុផល​ដែល​អាច​ទប់ស្កាត់​បាន​ក្តី—គឺនៅ​តែ​មាន​លទ្ធភាព​ក្នុង​ការសម្រេច​បាន​នូវ​កិច្ចការ​ដ៏​អស្ចារ្យ ។ កូរីអានតុន​អាច​ធ្វើ​ខុស​ធ្ងន់ ប៉ុន្តែ​គាត់​នៅតែ​បន្ត​ទៅ​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​នោះ ។ ដូចគ្នា​នេះ​ផងដែរ ទោះបី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​វិញ​ដោយសារ​តែ​លទ្ធផល​នៃ​ទង្វើ​របស់​ពួកគេ​ផ្ទាល់​ក្តី ពុំ​គួរ​មាន​អារម្មណ៍​ថា ពួកគេ​បាន​បំផ្លាញ​សក្តានុពល​ខាង​វិញ្ញាណ​របស់​ពួកគេ​ឡើយ ។ កូ​រីអាន​តុន​បាន​រៀន​ពី​កំហុស​របស់​គាត់ ហើយ​បាន​ស្ថាបនា​នគរ​ព្រះ​តាម​របៀប​ដ៏​​អស្ចារ្យ ហើយ​សមត្ថភាព​ដូចគ្នា​នោះ​មាន​នៅក្នុង​មនុស្ស​គ្រប់​រូប មិន​ថា​ពួកគេ​មានអារម្មណ៍​ថា ពួកគេ​បរាជ័យ​ដល់​កម្រិត​ណា​នោះ​ទេ ។

ទីពីរ យើង​រៀន​ពី​តួនាទី​សំខាន់​ផ្សេង​ទៀត​ដែល​មាន​នៅក្នុង​ការជាសះស្បើយ​ឡើង​វិញ​ខាង​វិញ្ញាណ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់ ។ អាលម៉ា—ឪពុក​របស់​កូរីអានតុន និង​ជា​ថ្នាក់ដឹកនាំ​បព្វជិតភាព—បាន​ទូន្មាន​កូរីអានតុន​ដោយ​មោះមុត និង​ដោយ​ទំនុកចិត្ត​ទៅលើ​សមត្ថភាព​របស់​គាត់ ដើម្បី​នៅតែ​សម្រេច​បាន​សក្តានុពល​ខាង​វិញ្ញាណ​របស់​​គាត់ ។ ដូច​នឹង​កូរីអាន​តុន​ដែរ លទ្ធផល​សម្រាប់​ការមិន​គោរព​ប្រតិបត្តិ​នៅក្នុង​បេសកកម្ម​ត្រូវតែ​​មាន ប៉ុន្តែ​ការដាក់​វិន័យ​ណា​មួយ​គួរតែ​មាននូវ​សេចក្តីស្រឡាញ់ ការអភ័យទោស និង​សេចក្តីមេត្តាករុណា ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៤១–៤៤ ) ។

ការត្រឡប់មក​វិញ​ដើម្បី​ព្យាបាល

សារលិខិត​ដដែល​នៃ​សេចក្តីសង្ឃឹម​សម្រាប់​អ្នកត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់​គឺ​​នៅតែ​កើត​ឡើង​ដដែល​នៅពេល​បច្ចុប្បន្ន​នេះ ។ ម៉ាស្សែល​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​ដោយ​សារ​បញ្ហា​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវ​ចិត្ត មាន​អារម្មណ៍​សោកស្តាយ​ជា​ច្រើន​ដង ចំពោះ​ទាំង​ឧបសគ្គ​ខាង​សុខភាព និង​ភាព​ខ្វះចន្លោះ​ផ្ទាល់​ខ្លួន ដែល​រារាំង​គាត់​ពី​ការធ្វើ​កិច្ចការ​ដ៏​ពេញ​លេញ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ។ ទោះជា​យ៉ាង​ណា​ក្តី គាត់​មាន​អារម្មណ៍​ថា ការបម្រើ​របស់​គាត់​ពិតជា​ស័ក្តិសម​ណាស់ ។

ម៉ាស្សែល​និយាយ​ថា « ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា យើង​ពុំ​ល្អ​ឥតខ្ចោះ​នោះទេ ។ យើង​នៅតែ​​អាច​ធ្លាក់​ក្នុង​ការល្បួង យើង​អាច​នៅតែ​ប្រព្រឹត្ត​​អំពើ​បាប ។ ប៉ុន្តែ​ភាព​មិន​ល្អឥតខ្ចោះ​របស់​អ្នក គឺ​ជា​អ្វី​ដែល​ប្រហែល​ជា​សាតាំងចង់​ឲ្យ​អ្នក​ផ្តោត​ចិត្ត​ទៅលើ—ដើម្បី​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​មិន​ទទួល​យក​ការបម្រើ​របស់​អ្នក​ទេ ដោយសារ​គ្រា​ដែល​អ្នក​ពុំ​បាន​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ល្អ​បំផុត​នោះ » ។

ម៉ាស្សែល​ជឿ​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដឹង​ថា ទ្រង់​សព្វព្រះទ័យ​ជាមួយ​កិច្ចការ​ដែល​ពួកគេ​ធ្វើ ទោះបី​ជា​ពេល​ខ្លះ​ការបម្រើ​នោះ​ពុំ​ល្អឥតខ្ចោះ ដោយសារ​តែ​ជម្រើស ឬ​កាលៈទេសៈ​ណា​មួយ​ក្តី ។

ម៉ាស្សែល​បាន​រៀន​ដោះស្រាយ និង​ព្យាបាល​តាមរយៈ​ការធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់​ដែល​គាត់​អាច​ធ្វើ​បាន ដើម្បី​បន្ត​នៅ​ក្បែរ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។

ការត្រឡប់​មក​វិញ​ដើម្បី​ប្រែចិត្ត

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ទៀត​ដែល​បាន​បម្រើ​នៅ​បេសកកម្ម​ខាឡូរ៉ាដូ ស.រ.អា. ត្រូវបាន​បញ្ជូន​មក​ផ្ទះ​វិញ ដោយ​ហេតុផល​នៃ​ការដាក់​វិន័យ និង​លុប​ឈ្មោះ​ចេញ​ពី​សាសនាចក្រ ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ឡើង​វិញ ។ គាត់​និយាយ​ថា « ការត្រឡប់​មក​ផ្ទះ​វិញ​គឺ​ពិបាក​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​បាត់បង់ និង​គ្មាន​អ្វីសោះ ។ នៅគ្រា​ជាច្រើន ផ្នែក​ដ៏​លំបាក​បំផុត​នៃ​ការត្រឡប់​មក​ផ្ទះ​វិញ​គឺ [ ការរកឃើញ ] ការជំរុញ​ចិត្ត​ឲ្យ​បន្ត​ទៅ​ព្រះវិហារ ការអាន​ព្រះគម្ពីរ និង​ការអធិស្ឋាន ។ រឿង​ដែល​សាមញ្ញ​ក្លាយ​ជា​រឿង​ពិបាក​បំផុត » ។

ប៉ុន្តែ​គាត់​បាន​រកឃើញ​កម្លាំង​នៅក្នុង​ការគាំទ្រ​ពី​មិត្តភក្តិ និង​គ្រួសារ និង​ដោយការប្រែចិត្ត ។

គាត់​បាន​បន្ថែម​ទៀត​ថា « ការដាក់​គោលដៅ ការជួប​ជាមួយ​ប៊ីស្សព និង​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ពេល​ខ្ញុំ​មាន​ភាព​ស័ក្តិសម គឺ​ជា​គន្លឹះ​សំខាន់​ដើម្បី​អាច​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​ចាំ​ពី​គ្រា​នានា ពេល​ដែល​ខ្ញុំ​ពុំ​អាច​ជួប​ជាមួយ​ប៊ីស្សព ឬ​សម្រេច​បាន​គោលដៅ​មួយ​ចំនួន នោះ​ពួក​មារសត្រូវ​តែងតែ​នៅ​ទីនោះ​ល្បួង​ខ្ញុំ » ។

ការជា​សះស្បើយ​របស់​គាត់​អាច​ធ្វើ​បាន​​តាមរយៈ « ការចងចាំ​ជានិច្ច​ថា ខ្ញុំ​មាន​ព្រះវរបិតាសួគ៌​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​រីករាយ ។ ដោយ​ការមាន​ទីបន្ទាល់​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង​ការប្រែចិត្ត នោះ​យើង​អាច​ខិតកាន់តែ​ជិត​ព្រះ​ជានិច្ច មិន​ថា​យើង​មាន​អារម្មណ៍​ឆ្ងាយ​ពី​ទ្រង់​ប៉ុណ្ណា​នោះ​ទេ » ។

ដោយ​និយាយ​ពី​ប៉ុន្មាន​ខែ​ដែល​គាត់​បាន​បម្រើ​ពីមុន​ព្រឹត្តិការណ៍​ដែល​ដឹកនាំ​ឲ្យ​គេ​បញ្ជូន​គាត់​មក​ផ្ទះ​វិញ នោះ​គាត់​បាន​បន្ត​ទៀត​ថា « ក្រឡេក​មើល​ទៅ​បេសកកម្ម​របស់​ខ្ញុំ​វិញ ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា វា​គឺជា​បទពិសោធន៍​ដ៏ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​ធ្លាប់​មាន ។ ខ្ញុំ​បាន​រៀន​ច្រើន ហើយ​ទោះបី​ជា​វា​ពុំ​បាន​ប្រែ​មក​តាម​អ្វី​ដែល​ខ្ញុំ​បាន​ដាក់​ផែនការ​ក្តី ខ្ញុំ​នៅតែ​អាច​ឃើញ​ថា ជីវិត​មនុស្ស​ជាច្រើន​បាន​ផ្លាស់ប្តូរ​ដោយសារ​ដំណឹង​ល្អ ។ ខ្ញុំ​បាន​ធ្វើ​កំហុស​មួយ​ចំនួន ប៉ុន្តែ​ទីបន្ទាល់​របស់​ខ្ញុំ​បាន​ចម្រើន​ឡើង​កាន់​តែ​ខ្លាំង ពេល​ខ្ញុំ​បាន​ព្យាយាម​ប្រែចិត្ត ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ » ។

ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​មនុស្ស​ផ្សេង​ទៀត​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​ដោយសារ​តែ​ជម្រើស​របស់​ពួកគេ​ដឹង​ថា « ពិភពលោក​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ។ ការត្រឡប់​មក​ផ្ទះ​វិញ​គឺ​ជា​ជំហាន​ដំបូង​នៃ​ការប្រែចិត្ត ។ នៅពេល​អ្នក​ឆ្លង​កាត់​ដំណើរ​ការ​នៃ​ការប្រែចិត្ត នោះ​អ្នក​នឹង​ទទួល​បាន​អ្វីៗ​ជាច្រើន ។ បន្ទុក​ដ៏​ធ្ងន់​នោះ​នឹង​ត្រូវ​បាន​សម្រាល​ឡើង ។ គ្មាន​អារម្មណ៍​ណា​ប្រសើរ​ជាង​ដែល​ដឹង​ថា អ្នក​ត្រឹមត្រូវ​នៅក្នុង​ព្រះនេត្រ​របស់ព្រះ​នោះ​ទេ » ។

ស្រឡាញ់​អ្នក​ដែល​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់​ទាំង​ពីរ​នាក់​នេះ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​ដែល​មិត្តភក្តិ និង​គ្រួសារ ដែល​មាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់​នោះ​ត្រូវ​ស្រឡាញ់ និង​គាំទ្រ​ពួកគេ ។

ម៉ាស្សែល​និយាយ​ថា « សូម​ផ្តល់​សេរីភាព​ដល់​ពួកគេ ។ ប៉ុន្តែ​សូម​ប្រាកដ​ថា អ្នក​នៅ​ក្បែរ​ពួកគេ ដោយសារ​វា​អាច​ក្លាយ​ជា​ការបាក់​ទឹកចិត្ត​បន្តិច ។ សូមធ្វើ​ជា​មិត្ត​នឹង​ពួកគេ » ។​ តាមរយៈ​ការ​ស្ដាប់តាមព្រះវិញ្ញាណ នោះយើងអាច​កំណត់​ពី​តម្រូវការ​របស់​ពួកគេ ហើយ​ដឹង​ពី​ពេល​ដែល​ត្រូវ​ឈោង​ទៅ​ជួយ និង​ពេល​ដែល​ត្រូវ​គោរព​ដល់​ភាព​ឯកជន​របស់​ពួកគេ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​បម្រើ​នៅ​ខូឡូរ៉ាដូ​បន្ថែម​ថា « សូម​ស្រឡាញ់​ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចងចាំ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

របៀប​ដែល​មនុស្ស​ដទៃ​ប្រព្រឹត្ត​ដាក់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់ អាច​ជួយ​ឲ្យ​មាន​ភាពខុសប្លែក​រវាង​ការ​ធ្លាក់​របស់​ពួកគេ​ក្នុង​ការអៀនខ្មាស ឬ​ការបន្ត​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​សេចក្តីជំនឿ ។ បន្ទាប់​មក វា​សំខាន់​ថា ពួកគេ​ត្រូវបាន​ស្រឡាញ់​ដោយ​គ្មាន​ការវិនិច្ឆ័យ​ឡើយ ។

ដូច​ជា​កូរីអាន​តុន​ដែរ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់ មាន​សក្តានុពល​ដើម្បី​ងើប​ចេញ​ពី​ស្ថានភាព​​បច្ចុប្បន្ន​ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់ ទៅ​ជា​ឧបករណ៍​ដ៏​មាន​អំណាច​របស់​ព្រះអម្ចាស់ ។

ការរកឃើញ​សេចក្តីសង្ឃឹម​នៅក្នុង​ផែនការ​របស់​ព្រះ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ផ្តល់​ពាក្យ​លួងលោម​មួយ​ចំនួន​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់ ។ លោក​បាន​មាន​ប្រសាសន៍​ថា « នៅពេល​នរណា​ម្នាក់​សួរ​ថា តើ​អ្នក​បាន​បម្រើ​បេសកកម្ម​ដែរ​ឬ​ទេ ហើយ​អ្នក​និយាយ​ថា បាន​បម្រើ…សូម​រីករាយ​នឹង​ការបម្រើ​ដែល​អ្នក​បាន​ផ្តល់​ឲ្យ ។ សូម​មាន​អំណរគុណ​សម្រាប់​ឱកាស​ដែល​បាន​ថ្លែង​ទីបន្ទាល់ ឱកាស​ដែល​បាន​ចេញ​ទៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់ ដើម្បី​ពាក់​ស្លាក​ឈ្មោះ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ ។…សូម​កុំ សូម​កុំ​រំឭក​អំពី​រឿង​នោះ សូម​កុំ​នឹកនា​ពី​វា​ឡើយ សូម​កុំ​គិត​ថា អ្នក​ខ្វះ​ចន្លោះ ឬ​បរាជ័យ​ឡើយ » ។

សម្រាប់​អ្នក​ដែល​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់ ដែល​កើត​មក​ពី​ដោយសារ​តែ​អំពើ​បាប នោះ​សូម​ចាំ​ពាក្យ​ទាំង​នេះ​មក​ពី​ស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​ថា ៖ « ប្រសិនបើ​យើង​មាន​អំពើ​បាប យើង​មាន​ភាពស័ក្តិសម​តិច ប៉ុន្តែ​យើង​ពុំមែន​មាន​តម្លៃ​តិច​នោះ​ទេ ! » គាត់​បាន​ថ្លែង​ថា ព្រះ​នឹង​ជួយ​យើង​បង្កើត​ទំនុកចិត្ត​ក្នុង​ខ្លួន​យើង​នៅក្នុង​គ្រា​ដ៏​លំបាក​បំផុត​របស់​យើង ប្រសិនបើ​យើង​នឹង​ងាក​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

សារលិខិត​មក​ពី​ព្រះគម្ពីរ​មរមន សារលិខិត​ម​ក​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់ និង​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​គឺ​ដូច​គ្នា ៖ សូម​កុំ​បោះបង់​ក្តីសង្ឃឹម​ឡើយ ដោយសារ​ព្រះ​នៅ​តែ​មាន​ផែនការ​សម្រាប់​អ្នក​ប្រសើរ​ជាង​អ្នក​អាច​ស្រមៃ​ឃើញ​ទៅ​ទៀត ។ សម្រាប់​មនុស្ស​ជាទីស្រឡាញ់​នៃ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ទាំង​នេះ ការឆ្លើយ​តប​របស់​អ្នក​ចំពោះ​ការត្រឡប់​មក​ផ្ទះ​វិញ​របស់​ពួកគេ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​គ្នា​យ៉ាង​ធំធេង​ក្នុង​ការជួយ​ដល់​ពួកគេ​ឲ្យ​ព្យាបាល និង​ទៅ​ដល់​សក្តានុពល​របស់​ពួកគេ ។ សូម​ចងចាំ​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ព្យាបាល​គ្រប់​របួស​ទាំង​អស់—រួមទាំង​អស់​អ្នក​ដែល​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់​ផងដែរ ។

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « Elder Holland’s Counsel for Early Returned Missionaries » ( វីដេអូ ) គេហទំព័រ lds.org/media-library ។

  2. ចយ ឌី ចូនស៍ « តម្លៃ​ហួស​ពី​ការអាច​វាស់វែង​បាន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៤ ។