២០១៩
អ៊ីអូណា វីគៀរ៉ា—ទីក្រុងខៃខូ ប្រទេស​នូវែលសេឡង់
ខែ កក្កដា ឆ្នាំ ២០១៩


ការបង្ហាញ​អំពី​សេចក្តីជំនឿ​

អ៊ីអូណា វីគៀរ៉ា

ទីក្រុងខៃខូ ប្រទេស​នូវែលសេឡង់

រូបភាព
Iona on the water in her outrigger canoe

អ៊ីអូណា​ចូលចិត្ត​កីឡា waka ama—ពាក្យ​ភាសា​នូវវែលសេឡង់​សម្រាប់​កីឡា​​ជិះទូក​ម្យ៉ាង ។ អ៊ីអូណា​ចូលចិត្ត​លេង​លើ​ទឹក ពេល​គាត់សម្រាក​លំហែរ​ពី​សម្ពាធ​ការងារ ។

ទោះបីជា​គាត់​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​នាម​ជា​មន្ត្រី​​​កែប្រែ​ក្តី អ៊ីអូណា​បាន​រកឃើញ​កម្លាំង ហើយ​បន្ត​​ស្ងប់​ចិត្ត តាមរយៈសេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

គ្រីស្ទីណា ស្ម៊ីធ ជាង​ថត​រូប

រូបភាព
Iona adjusting a canoe on top of car

ខ្ញុំ​បាន​ធ្វើ​ការ​ជា​មន្ត្រី​​​កែប្រែ​អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​ហើយ ។ ខ្ញុំ​បាន​ធ្វើការ​នៅ​ពន្ធធានាគារ​​សម្រាប់​ស្ត្រី​អស់រយៈពេល​មួយ​ឆ្នាំ បន្ទាប់​មក​ខ្ញុំ​ប្តូរ​ទៅ​ពន្ធធានាគារ​សម្រាប់​បុរស​វិញ​ម្តង ជាកន្លែ​ង​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​អស់រយៈពេល​ប្រាំមួយ​ឆ្នាំ​កន្លង​មក​នេះ ។

រឿង​មួយ​ដ៏​រំជួល​ចិត្ត​នៅក្នុង​គ្រា​ដែល​ខ្ញុំ​ធ្វើ​ជាមន្ត្រី​កែប្រែ​នោះ គឺពេល​ខ្ញុំ​បាន​ឃើញ​ការជួបជុំ​របស់​ម្តាយ​ម្នាក់​ជាមួយ​កូនៗ​របស់​នាង ។ នាង​ពុំ​បាន​ជួប​កូនៗ​របស់​នាង​អស់រយៈពេល​បួន​ប្រាំ​ឆ្នាំហើយ ។ អ្នក​អាច​ស្រមៃ​ឃើញ​ទឹក​ភ្នែក​នៅក្នុង​កែវភ្នែក​កូនៗ និង​ក្តីឈឺចាប់​ដោយ​ការរស់នៅ​បែក​គ្នា​អស់​ពេល​ជា​ច្រើន​ឆ្នាំ ។ ការជួបជុំ​គ្នា​នោះ​វា​ធ្វើ​ឲ្យ​រំជួល​ចិត្តណាស់ ប៉ុន្តែ​ក្នុង​នាម​ជា​មន្ត្រី​កែប្រែ អ្នក​ពុំ​បង្ហាញ​​ការរំជួល​ចិត្ត​នោះ​ទេ ។ ខ្ញុំ​ពិតជា​ពិបាក​ធ្វើ​រឿង​នេះ​ណាស់ ។ តាម​ពិត​ទៅ ខ្ញុំ​បាន​ងាក​មុខ​ចេញ ហើយ​ខំ​ទប់​អារម្មណ៍​របស់​ខ្ញុំ ។ ក្នុងនាម​ជា​ម្តាយ​មួយ​រូប ខ្ញុំ​ពុំ​អាច​ស្រមៃ​ឃើញ​ពី​ការនៅ​ឃ្លាត​ឆ្ងាយ​ពី​កូនៗ​របស់​ខ្ញុំ​អស់​ជាច្រើន​ឆ្នាំ ហើយ​ពុំ​អាច​ជួប​ពួកគេ និយាយ​ជាមួយ​ពួកគេ ឬ​សូម្បី​តែ​ចែកចាយ​អារម្មណ៍​ដែល​ខ្ញុំ​មាន​ចំពោះ​ពួកគេ​នោះ​ឡើយ ។

ក្នុង​នាម​ជា​អ្នក​មន្ត្រី​កែប្រែ​ម្នាក់ អ្នក​ត្រូវ​តែ​មាន​ភាព​រឹងមាំ ។ អ្នក​ត្រូវតែ​អាច​ការពារ ហើយ​មាន​ការគ្រប់គ្រង​​ខ្លួន​ឯង​បាន ។ ជួនកាល មានរឿង​អាច​ឈាន​ដល់​ការចម្រូងចម្រាស ដូច្នេះ​អ្នក​ត្រូវតែ​រឹងប៉ឹង ពេល​អ្នក​និយាយ​ជាមួយ​មនុស្ស​ដទៃ ។ ជាពិសេស​ពេល​អ្នកនិយាយ​​ទៅ​កាន់​អ្នក​ទោស និង​ដោះស្រាយ​ឧបសគ្គ និង​ជួនកាល​ដោះស្រាយ​ស្ថានភាព​ហិង្សារ ។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​គិត​ថា ខ្ញុំ​ជា​មនុស្ស​កាច មនុស្ស​ពិបាក ប៉ុន្តែ​ខ្ញុំពុំ​មែន​ជា​មនុស្ស​បែប​នោះ​គ្រប់ពេល​វេលា​នោះ​ទេ ។

នៅ​កន្លែង​ធ្វើ​ការ ខ្ញុំ​មាន​អារម្មណ៍​ថា លោកិយ​ហ៊ុមព័ទ្ធ​ខ្ញុំ ប៉ុន្តែ​ពេល​ខ្ញុំចេញ​ពី​ធ្វើការ ហើយ​ពេល​ខ្ញុំ​នៅ​ផ្ទះ ឬ​ព្រះវិហារ ខ្ញុំ​មាន​អារម្មណ៍​ផ្សេង ដោយសារ​ខ្ញុំ​​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ អំណរ​មួយ​នៃ​ការរស់នៅ​តាម​ដំណឹងល្អ​គឺ​ថា អ្នក​ពុំ​ចាំបាច់​ធ្វើ​ជា​របស់​លោកិយ​នោះ​ទេ ។ អ្នក​​រស់នៅក្នុង​លោកិយ ប៉ុន្តែ​អ្នក​ពុំ​ចាំបាច់​ធ្វើ​ជា​របស់​លោកិយ​​នោះ​ទេ ។

ខ្ញុំ​​ចូលចិត្ត​ណាស់​ពេល​​ដល់​ថ្ងៃ​អាទិត្យ ព្រោះ​ខ្ញុំ​អាច​នៅ​ព្រះវិហារ ហើយ​ទទួលទាន​អាហារ​ខាង​វិញ្ញាណ និង​ចងចាំ​ព្រះអម្ចាស់​យើង និង​ព្រះអង្គសង្គ្រោះ​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ចូលចិត្ត ដែល​ខ្ញុំ​អាច​មាន​អ្វីៗ​ទាំងនោះ​សម្រាប់​ខ្លួន​ខ្ញុំ ។ ខ្ញុំ​រីករាយ​បម្រើ​នៅក្នុង​សាសនាចក្រ និង​អ្វីៗ​ទាំងអស់​ដែល​ដំណឹងល្អ​បាន​ជួយ​យើង ។

កាល​ពីយូរ​មកហើយ ខ្ញុំ​ធ្លាប់​ជា​របស់​លោកិយ ហើយ​ខ្ញុំ​បាន​រៀន​មេរៀន​លំបាកៗ​ជាច្រើន ។ ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​គុណ ដើម្បី​សកម្ម​ពេញលេញ​ទាំងស្រុង​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ជារឿយៗ ខ្ញុំ​ប៉ង​ប្រាថ្នា​ថា សូម​ឲ្យ​មនុស្ស​ទាំងអស់​នៅ​កន្លែង​ធ្វើ​ការ​អាច​ទទួល​អារម្មណ៍​អំណរ ដែល​ខ្ញុំ​មាន​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ។

ខ្ញុំ​បាន​ឃើញ​ថា ពេល​មនុស្ស​នៅកន្លែង​ធ្វើការ​របស់​អ្នក​ដឹង​ថា អ្នក​គឺជា​សមាជិក​សាសនាចក្រ នោះ​ពួកគេ​នឹង​គោរព​អ្នក និង​សាសនាចក្រ ពេល​​ពួកគេ​ឃើញ​ថា អ្នក​ពុំ​បន្ទាប​បទដ្ឋាន​របស់​អ្នក ដោយសារ​តែ​បរិយាកាស​ដែល​អ្នក​កំពុង​ស្ថិត​នៅ ។ នោះ​គឺជា​មូលហេតុ​ដែល​វា​សំខាន់​សម្រាប់​ខ្ញុំ ឲ្យ​ព្យាយាម​ធ្វើ​ជាគំរូ​ល្អ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

នៅក្នុង​ស្ថានភាព​នីមួយៗ ខ្ញុំ​គិត​ថា « តើ​ព្រះអង្គសង្គ្រោះ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូចម្តេច ? » ឬ « តើ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា ? » នៅក្នុង​បទពិសោធន៍​របស់​ខ្ញុំ​ទាំងអស់ ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​ប្រាកដ​ថា ទង្វើ​របស់​ខ្ញុំ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​នឹង​ធ្វើ ។ ការណ៍​នេះ​ជួយ​ខ្ញុំ​ឲ្យ​​មាន​ហេតុផល​កាន់តែ​ច្រើន​ឡើង ហើយ​ជា​មនុស្ស​ស្ងប់​ចិត្ត​ច្រើន ទោះបី​ស្ថិត​នៅក្នុង​ភាពវឹកវរ​នៃ​បរិយាកាស​ការងារ​លំបាក​ក្តី ។

ខ្ញុំមាន​អំណរគុណ​ចំពោះ​ព្រះអង្គសង្គ្រោះ និង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ សម្រាប់​ឧបសគ្គ និង​ការសាកល្បង​ដែល​ខ្ញុំ​អាច​យក​ឈ្នះ តាមរយៈ​ការមាន​សេចក្តីជំនឿ និង​ការជឿ​លើ​ពួកទ្រង់ ។ រាល់​ពេល​ដែល​ខ្ញុំ​បាន​ជួប​ការសាកល្បង ហើយ​ខ្ញុំ​បាន​​អធិស្ឋាន នោះ​ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​​ពុំអាច​រស់​បាន​ដោយ​គ្មាន​ពួកទ្រង់​ឡើយ ។ ខ្ញុំ​ទទួល​ស្គាល់​ជំនួយ​របស់​ពួកទ្រង់​នៅក្នុង​គ្រប់​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ជានិច្ច ។