២០១៩
លិខិត​មក​ពី​បងប្រុស​ជា​ទីស្រឡាញ់
ខែ កក្កដា ឆ្នាំ ២០១៩


លិខិត មក​ពី​បងប្រុស​ជា​ទីស្រឡាញ់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

បងប្រុស​របស់​ខ្ញុំ​បាន​ខកខាន​ចូលរួម​ខួប​កំណើត ១៦ ឆ្នាំ​របស់​ខ្ញុំ ដោយសារ​គាត់​កំពុង​បម្រើ​បេសកកម្ម ។ ប៉ុន្តែ​ការទូន្មាន​ដែល​គាត់​បាន​ផ្ញើ​មក​ខ្ញុំ​គឺជា​អំណោយ​មួយ​ដែល​ខ្ញុំ​ពេញចិត្ត​រក្សា​ទុក​ជារៀង​រហូត ។

រូបភាព
old letter and photos

អាយុ​ដប់​ប្រាំ​មួយ​ឆ្នាំ​ហើយ ! ឱ​វា​ជា​គ្រា​ដ៏​អស្ចារ្យ​ក្នុង​ជីវិត ! ខ្ញុំ​បាន​គិត​ថា « គ្មាន​នរណាម្នាក់​ត្រូវ​ហែល​ឆ្លង​កាត់​ជីវិត​នេះ​តែ​ឯង​នោះ​ឡើយ » ។

ឪពុក​ម្ដាយ​ដ៏​ឈ្លាសវៃ​របស់​ខ្ញុំ​មាន​ចិត្ត​ល្អ ហើយ​តែងតែ​ផ្តល់​ដំបូន្នាន​ល្អៗ​ដល់​ខ្ញុំ​ជានិច្ច ។ បងស្រី​របស់​ខ្ញុំ​ទើប​តែ​រៀបការ ហើយ​បាន​ប្តូរ​ទៅ​រស់នៅ​រដ្ឋ​ផ្សេង ។ ប្អូន​ប្រុស​ខ្ញុំ​​កំពុង​តែ​ចាប់​អារម្មណ៍​​នឹង​រឿង​​នានា​ដែល​ក្មេង​អាយុ ១១ ឆ្នាំ​ធ្វើ ។ ខ្ញុំ​មាន​មិត្តភក្តិ​អស្ចារ្យ​ជា​ច្រើន ហើយ​ខ្ញុំ​បានដឹង​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​ខ្ញុំ​មាន​ការខ្វាយខ្វល់​​​នឹង​ខ្ញុំ​ដោយ​ស្មោះ ។

ប៉ុន្តែ​បងប្រុស​របស់​ខ្ញុំ​ហ្គែរី​ គឺ​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ទុកចិត្ត ។ ខ្ញុំ​បាន​យក​គាត់​ទុក​ជា​គំរូ​ចំពោះ​​រឿង​គ្រប់​យ៉ាង​​ក្នុង​វ័យ​​ជំទង់ ។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា « រាល់ពេល​ដែល​ខ្ញុំ​និយាយ​ជាមួយ​គាត់ នោះ​ខ្ញុំ​យល់​បាន​កាន់តែ​ច្រើន ។ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​គាត់​នៅ​ទីនេះ​ក្នុង​ពេល​ឥឡូវ​នេះ » ។

ប៉ុន្តែ​គាត់​ពុំ​នៅទីនេះ​ទេ ។ គាត់​នៅ​ប្រទេស​ជប៉ុន​ដ៏​សែន​ឆ្ងាយ​​​បម្រើ​បេសកកម្ម​ពេញម៉ោង ។

ទោះបី​ជា​នឹក​ហ្គែរី​ក្តី ខ្ញុំ​នៅ​តែ​មាន​ថ្ងៃ​ខួប​កំណើត​ដ៏​រីករាយ ។ ម្តាយ​ខ្ញុំ​បាន​ធ្វើ​នំ​ខួប​កំណើត​ប្រពៃ​ណី​របស់យើង ចម្អិន​អាហារ​ពេល​ព្រឹក ហើយ​ខ្ញុំ​បាន​ទទួល​អំណោយ​ពីរ​បី​ពីមុន​ខ្ញុំ​ទៅ​សាលា​រៀន ។ នា​យប់​នោះ គ្រួសារ​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​បរិភោគ​ភីស្សា​​ជា​អាហារ​ពេល​ល្ងាច ហើយ​បញ្ចប់​ដោយ​នំ​ខួប​កំណើត ។ ខ្ញុំ​ថែម​ទាំង​បាន​គិត​ពី​ការដើរលេង​ជាគូ ការបើក​បរ​រថយន្ត និង​អ្វីៗ​ផ្សេង​ទៀត​ដ៏​រំភើប ដែល​ខ្ញុំ​នឹង​ធ្វើ​ក្នុង​អាយុ ១៦ ឆ្នាំ​នេះ ។

ប៉ុន្តែ​អំណោយ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ទទួល​នា​ថ្ងៃ​នោះ គឺ​លិខិត​មួយ​នៅក្នុង​​ប្រអប់​សំបុត្រ ។ ហ្គែរី​ពុំ​បាន​ភ្លេច​ថ្ងៃ​ពិសេស​អស្ចារ្យ​របស់​ខ្ញុំ​ទេ ! វា​ជា​ថ្ងៃ​ពីមុន​ថ្ងៃ​ខ្ញុំ​ទទួល​អ៊ីម៉ែល ដូច្នេះ​លិខិត​នោះ​ចំណាយ​ពេល​យូរ​ដើម្បី​ផ្ញើ​មក​ពី​ប្រទេស​ជប៉ុន​មក​កាន់​ជ្រលង​ភ្នំ​កាឆេ រដ្ឋ​យូថាហ៍ ស.រ.អា. ។ ខ្ញុំ​មាន​ក្តី​អស្ចារ្យ​ណាស់ ដែល​លិខិត​របស់​គាត់​បាន​មក​ដល់​ចំ​ថ្ងៃ​ខួប​កំណើត​របស់​ខ្ញុំ ! វា​ជា​លិខិត​សរសេរ​ដោយ​ដៃ​ផ្ទាល់ ដែល​វា​ហាក់​ដូច​ជា​បងប្រុស​ខ្ញុំ​មាន​វត្តមាន​នៅ​ជាមួយ​ខ្ញុំ​ពេលខ្ញុំ​អាន​វា ៖

« ជូន​ចំពោះ​មើរីលី​ជាទីស្រឡាញ់ ៖

តើ​ជិត​ដល់​ថ្ងៃ​ខួប​កំណើត​ប្អូន​ហើយ មែន​ទេ ? បង​គិត​ថា ពេល​ប្អូន​ទទួល​លិខិត​នេះ វា​​នឹង​ហួស​ថ្ងៃ​ខួបកំណើត​ប្អូន​ហើយ ។ បង​សឹង​តែ​មិន​ជឿ​ថា—ប្អូនមាន​​អាយុ ១៦ ឆ្នាំ​ហើយ ។ វា​ដូចជា​ពីរ​បី​ឆ្នាំ​មុន​សោះ ពេល​ប្អូន​​ពាក់ [ មួក​ខោប៊យ​តូច​ពណ៌​ក្រហម​របស់​ប្អូន ] ។

សូម​បន្ត​មាន​ភាព​ផ្អែម​ល្ហែម និង​ស្អាតស្អំ ហើយ​សូម​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដឹង​ជានិច្ច​ថា សាសនាចក្រ​នេះ​មាន​ន័យ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ប្អូន ។ ប្រសិនបើ​ប្អូន​ធ្វើ​បែប​នោះ ប្អូន​នឹង​ពុំ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ប្អូន​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ ជាមួយ​នឹង​សម្ពាធ​​គ្រប់​យ៉ាង​​ពី​មនុស្ស​អាយុស្របាល​គ្នាដែល​​មាន​ឥទ្ធិពល​លើ​ប្អូន​ឡើយ ។ ឧទាហរណ៍ ៖ នៅ​វិទ្យាល័យ មនុស្ស​គ្រប់​គ្នា​ដឹង​ថា បង​មិន​ចង់​ផឹក​ស្រា ឬ​ជក់​បារី​ឡើយ គឺ​ពុំ​ចង់​ទាល់តែសោះ ដូច្នេះ​គេ​ពុំ​បាន​បបួល​បង​ទៅ​ពិធីជប់លៀង​ដែល​មានទទួល​​គ្រឿង​ទាំង​នោះ​ទេ ។ មិត្តភក្ដិ​របស់​បង​បាន​ដឹង​ថា បង​មិន​ផឹក​មិន​ជក់​ទេ ។…

ប្រសិនបើ​ប្អូន​ឲ្យ​មនុស្ស​ដទៃ​ទៀត​ដឹង​ពី​បទដ្ឋាន​របស់​ប្អូន នោះ​មនុស្ស​​ដែល​មាន​បទដ្ឋាន​ដូច​ប្អូន​នឹង​ចាប់​អារម្មណ៍​លើ​ប្អូន ។ បង​ពុំ​មែន​ចង់និយាយ​ថា ប្អូន​ត្រូវតែ ប្រាប់ មនុស្ស​គ្រប់​គ្នា​នោះ​ទេ ប៉ុន្តែ​សកម្មភាព​វា​មាន​ឥទ្ធិពល​ខ្លាំងណាស់ ។ វិញ្ញាណ​របស់​ប្អូន​គឺ​ផ្អែម​ល្ហែម​ណាស់ ហើយ​ប្អូន​​ផ្អែមល្ហែម​ដូច​ទៅ​នឹង​ឈ្មោះ​របស់​ប្អូន ។ ហើយ​ប្អូន​មាន​ភាព​កំប្លុកកំប្លែង​ល្អ ។ រីករាយ​ថ្ងៃ​ខួប​កំណើត ‹ អាយុ ១៦ ឆ្នាំ › ! » ប្រយោគ​ចុង​ក្រោយ​មាន​គូស​បន្ទាប់​ក្រហម​ពី​ក្រោម ។ គ្មាន​អំណោយ​ថ្ងៃ​ខួប​កំណើត​ណា​ផ្សេង​ទៀត​ល្អ​ជាង​នេះ​ឡើយ ! ខ្ញុំ​បាន​អាន​វា​ម្តង​ហើយ​ម្តង​ទៀត រហូត​ដល់​ពេល​គាត់​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​វិញ ហើយ​នៅ​ទីបំផុត​យើង​​និយាយ​គ្នា​ដោយ​ផ្ទាល់ ។

​​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ចាប់តាំងពី​ខ្ញុំ​បាន​ទទួល​លិខិត​នោះ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ទុក​វា ។ មាន​អ្វីៗជាច្រើន​បាន​ផ្លាស់ប្តូរ​ចាប់តាំង​ពី​ពេលនោះ​មក ប៉ុន្តែ​ពុំមែន​ក្តីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្រុស​ខ្ញុំ​ឡើយ ។ ថ្ងៃ​នេះ​ខ្ញុំ​គាំទ្រ​គាត់​ពុំ​មែន​គ្រាន់តែ​ជាបងប្រុស និង​មិត្ត​របស់ខ្ញុំ​នោះ​ទេ ប៉ុន្តែ​ជា​​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ការទូន្មាន​​ដែល​គាត់​បាន​ផ្តល់​ឲ្យ​ក្នុង​នាម​ជា​សាក្សី​ពិសេស​មួយ​រូប​របស់​ព្រះគ្រីស្ទ​ ប្រាប់​ដល់​មនុស្ស​​លើ​ពិភពលោក​ទាំងអស់ គឺ​ជា​កម្លាំង​បន្ថែម​នៅក្នុង​ជីវិត​ខ្ញុំ ដូចជា​លិខិត​ដែល​គាត់​បាន​ផ្ញើ​មក​ខ្ញុំ​កាល​ពី​ខួប​កំណើត​អាយុ ១៦ ឆ្នាំ​របស់ខ្ញុំ ។