២០១៩
ការសន្យា​នឹង​កុមារ
ខែ កក្កដា ឆ្នាំ ២០១៩


ការសន្យា​នឹង​កុមារ

លូវៀ ប៉ារេដេស កាប្រេរ៉ា ទីក្រុង​យូកាតាន ប្រទេស​ម៉ិកស៊ិក

រូបភាព
little girl standing outside church building

រចនា​រូបភាព​ដោយ ផាស្កាល ខេមភៀន

ពីរ​បី​ឆ្នាំ​មុន ខ្ញុំ​មាន​ការស្រយុត​ចិត្ត​ខ្លាំង​ណាស់ ។ រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​រកឃើញ​ការជំរុញ​ចិត្ត​បន្តិចបន្តួច​នោះ​​គឺ​មិត្ត​ជិតស្និទ្ធិ​របស់​ខ្ញុំ​ម្នាក់ និង​កូនៗ​របស់​នាង ។ យើង​បាន​ដើរ​លំហែរ​ជាមួយ​គ្នា​នៅ​ចុង​សប្តាហ៍ ហើយ​ចូលចិត្ត​ការដើរ​លំហែរ​នោះ​ណាស់ ។ ប៉ុន្តែ យូរៗ​ទៅ​យើង​បាន​ចាប់ផ្តើម​ដើរ​លំហែរ​តិច​ទៅៗ ហើយ​មិន​ញឹកញាប់​ឡើយ ។ ខ្ញុំ​បាន​ចាប់ផ្តើម​នឹក​មិត្តភក្តិ​ខ្ញុំ និង​គ្រួសារ​គាត់ ។ ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា ការដើរ​លំហែ​របស់​យើង​ពុំ​បាន​ធ្វើ​ញឹកញាប់ ដោយសារ​មិត្តភក្តិ​របស់​ខ្ញុំ និង​គ្រួសារ​របស់​នាង​ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ទម្លាប់​មួយ ដែល​ពួកគេ​បាន​ឈប់​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ​មុន—គឺ​ការចូលរួម​ព្រះវិហារ ។

ថ្ងៃ​មួយ​ពួកគេ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ។ បាន​ជួប​ពួកគេ​ម្តង​ទៀត ធ្វើ​ឲ្យ​ខ្ញុំ​មានអារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​នឹក​ពួកគេ​ខ្លាំង​ណាស់ ។ កូនស្រី​មិត្ត​របស់​ខ្ញុំ​ដែល​មាន​អាយុ​ប្រាំមួយ​ឆ្នាំ​បាន​ផ្តល់យោបល់​ថា យើង​ដោះស្រាយ​បញ្ហា​នោះ​ដោយ​ទៅ​ព្រះវិហារ​ជាមួយ​គ្នា ។​ ដូច្នេះ​ដោយ​ពុំចាំបាច់​គិត​ជាលើក​ទី​ពីរ នោះ​គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ព្រះវិហារ​ដែរ ។

អូ៎ អត់​ទេ ! តើ​ខ្ញុំ​អាច​ពន្យល់​គ្រួសារ​នេះឲ្យ​យល់​ថា ការទៅ​ព្រះវិហារ​គឺ​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​ពួកគេ ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​ធុញ​សម្រាប់​ខ្ញុំ​ដូចម្តេច​ទៅ ? ខ្ញុំ​ពុំ​បាន​ទៅ​ព្រះវិហារ​អស់​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​តើ​ខ្ញុំ​អាច​បដិសេធ​ជាមួយ​កូនក្មេង​ម្តេច​បាន ? ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​នឹង​ទៅ ប៉ុន្តែ​តាមពិត​ទៅ ខ្ញុំគ្មាន​ចិត្ត​ចង់​រក្សាការសន្យា​នោះ​សូម្បី​តែ​បន្តិចសោះ ។

នៅ​ថ្ងៃ​អាទិត្យ​នោះ ខ្ញុំ​បាន​​ទៅ​បរិភោគ​អាហារ​ពេល​ព្រឹក​​ជាមួយ​ប៉ា​របស់​ខ្ញុំ ។ ភ្លាម​នោះ ទូរសព្ទ​របស់​ខ្ញុំ​បាន​រោទិ៍​ឡើង រំឭក​ខ្ញុំ​ថា ខ្ញុំ​បាន​សន្យា​នឹង​ក្មេង​ស្រី​តូច​ម្នាក់​ថា ខ្ញុំ​នឹង​​ទៅ​ព្រះវិហារ​ជាមួយ​នាង ។ ខ្ញុំ​មិន​លើក​ទូរសព្ទ​ឡើយ រហូត​ដល់​ប៉ា​របស់​ខ្ញុំ​បាន​សួរ​ខ្ញុំ ហេតុអ្វី​ខ្ញុំ​មិន​ឆ្លើយ​ទូរសព្ទ ។ ខ្ញុំ​បាន​​សារភាព​ថា មាន​គេ​បបួល​ខ្ញុំ​ទៅ​ការប្រជុំ​មួយ​នៅ​ព្រះវិហារ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទៅ​ទេ ។ គាត់​បាន​ញញឹម ហើយ​និយាយ​ថា « លូវៀ កូន​មិន​ត្រូវ​សន្យា​អ្វី​មួយ​ជាមួយ​ក្មេង​ទេ ប្រសិនបើ​កូន​គ្មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​នោះ » ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​រក្សា​ការសន្យា​​របស់​ខ្ញុំ ។

ពេល​ខ្ញុំ​បាន​ទៅ​ដល់​ព្រះវិហារ ខ្ញុំ​ទទួល​អារម្មណ៍​ប្លែក​មួយ ជា​អ្វី​មួយ​ដែល​​ខ្ញុំ​ពុំ​អាច​ពិពណ៌នា​បាន ។ ខ្ញុំ​នៅតែ​ពុំ​អាច​ពន្យល់​​ថា អារម្មណ៍​នោះ​បាន​កើត​ឡើង​យ៉ាងណា​នោះ​ទេ​ ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ម្តង​ទៀត ហើយ​បន្តទៅ​អាទិត្យ​ក្រោយៗ​ទៀត រហូត​ដល់​ខ្ញុំ​យល់​ពី​​អារម្មណ៍​នោះ ៖ គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សមាជិក​សាសនាចក្រ​បាន​ចាប់ផ្តើម​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​នៅ​ផ្ទះ ។ ដោយ​គ្មាន​មន្ទិលសង្ស័យ​សោះ នោះ​ខ្ញុំ​​មាន​ចិត្ត​ចង់​ដឹង​ចង់​យល់ពី​សាសនាចក្រ​ជា​ខ្លាំង ។ ខ្ញុំ​បាន​ចាប់ផ្តើម​ជួប​ជាមួយ​ពួកអ្នកផ្សព្វផ្សាយសាសនា ហើយ​ក៏​ចាប់ផ្តើម​ទទួល​បាន​ទីបន្ទាល់ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​ជួប​ខ្ញុំ​កាន់តែ​ញឹកញាប់ ហើយ​ការយល់​ដឹង​របស់​ខ្ញុំ​អំពី​ដំណឹងល្អ​បាន​រីកចម្រើន​ឡើង រហូត​ដល់​ខ្ញុំ​ទទួល​អារម្មណ៍​នូវ​បំណង​ប្រាថ្នា​ដ៏ខ្លាំងក្លា​​ដើម្បី​ជ្រមុជទឹក ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បានទទួលបុណ្យ​​ជ្រមុជទឹក ហើយ​ឥឡូវ​នេះ​ខ្ញុំ​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ។ ដោយសារ​រឿង​នេះ ​នោះខ្ញុំ​មាន​អំណរ​គុណ​ដែល​ខ្ញុំ​បាន​រក្សា​ការសន្យា​របស់​ខ្ញុំ​នឹង​ក្មេងស្រី​អាយុ​ប្រាំមួយឆ្នាំ​ម្នាក់ ។