២០១៩
សិក្សា អាន រំឭក អធិស្ឋាន ។ ធ្វើ​ឡើង​វិញ ។
ខែ កក្កដា ឆ្នាំ ២០១៩


សិក្សា អាន រំឭក អធិស្ឋាន ។ ធ្វើ​ឡើង​វិញ ។

អ្នក​និពន្ធ​រស់​នៅ​​ខេត្ត​ខោទីន ប្រទេស​ឈីលី ។

ប្រសិន​បើ​គ្មាន​អាហារ​រូប​ករណ៍​ទេ នោះ​ខ្ញុំ​ពុំ​អាច​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់​ថ្លៃ​មហា​វិទ្យាល័យ​ឡើយ ។

រូបភាព
study, read, review, pray

រចនា​រូបភាព ដោយ អ័រដាម ហៅលីង

នៅ​ប្រទេស​ឈីលី ដើម្បី​ចូល​រៀន​មហាវិទ្យាល័យ អ្នក​ត្រូវ​​ប្រឡង​ចូល​រៀន​​សាកលវិទ្យាល័យ​សិន ។ ខ្ញុំ​ចង់​រៀន​ផ្នែក​វិស្វ័កម្ម​នៅ​សាកលវិទ្យាល័យ​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​ខ្ញុំ​រស់នៅ ។ តម្លៃ​សិក្សា​នោះ​វា​ថ្លៃ​ណាស់ ដូច្នេះ​គោលដៅ​របស់​ខ្ញុំ​គឺ​ត្រូវ​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត​ដែល​អាច​ទទួល​បាន នៅពេល​ធ្វើ​ការប្រឡង​ចូល ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​អាហារ​រូបករណ៍​មួយ​សម្រាប់​ពិន្ទុ​ប្រឡង​ដ៏​លេច​ធ្លោ​មួយ ។

ខ្ញុំ​បាន​ដឹង​ពី​កន្លែង និង​អ្វី​ដែល​ខ្ញុំ​ចង់​សិក្សា ហើយ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​​ត្រូវតែ​ធ្វើ​ឲ្យ​វា​កើត​ឡើង ។ ខ្ញុំ​បាន​ចាប់ផ្តើម​រៀបចំ​សម្រាប់​ការប្រឡង​នោះ ។ ខ្ញុំ​បាន​សិក្សា អាន ហើយ​រំឭក​មេរៀន ប៉ុន្តែ​នៅក្នុង​ការប្រឡង​សាកល្បង ខ្ញុំ​នៅតែ​មិន​ទទួល​បាន​ពិន្ទុ​ដែល​ខ្ញុំ​ចង់​បាន​ដដែល ។ ខ្ញុំ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ហើយ​ទូល​សូម​ទ្រង់​ឲ្យ​មាន​ប្រាជ្ញា​វាងវៃ និង​ដើម្បី​ឲ្យ​ទ្រង់​បំភ្លឺ​ការយល់​ដឹង​របស់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ចាប់​យក​គោលដៅ​របស់​ខ្ញុំ​បាន ។ ខ្ញុំ​បាន​អធិស្ឋាន​​ទូល​សូម​អ្វី​ៗ​ទាំង​នេះ​រៀងរាល់​ថ្ងៃ អស់រយៈពេល​មួយ​ឆ្នាំ​ពេញ ។ ខ្ញុំ​បាន​ទៅ​រៀន​ថ្នាក់​រៀបចំ​ពិសេស​នៅ​សាលា​​រៀន​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចុះឈ្មោះ​ចូលរៀន​​នៅក្នុង​ថ្នាក់​​រៀន​នៅ​វិទ្យាស្ថាន ដែល​​តម្រង់​ឆ្ពោះ​ទៅ​រក​ការរៀបចំ​សម្រាប់​ការប្រឡង។

ខ្ញុំ​បន្ត​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ហើយ​ខ្ញុំ​ពុំ​ខកខាន​ទៅ​រៀន​ថ្នាក់​សិក្ខាសាលា​របស់​ខ្ញុំ​ឡើយ ។ ខ្ញុំ​បាន​បំពេញ​គ្រប់​ការចាត់​តាំង​បព្វជិតភាព​អើរ៉ុន​របស់​ខ្ញុំ ហើយ​ពុំ​បាន​សិក្សា​នៅ​ថ្ងៃ​អាទិត្យ​ទេ ទោះ​ជា​មាន​ស្ថានភាព​ដែល​ខ្ញុំ​ត្រូវ​សិក្សា​ក្តី ។ ខ្ញុំ​បាន​ដឹង​ថា ថ្ងៃ​អាទិត្យ​គឺ​ជា​ថ្ងៃ​របស់​ព្រះអម្ចាស់ ហើយ​ខ្ញុំ​ចង់​គោរព​ថ្ងៃ​នោះ​តាម​របៀប​មួយ​ដែ​ល​ឪពុក​ម្តាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​អាច​ប្រថុយប្រថាន​នឹង​បាត់បង់​​ពរជ័យ​ពី​ព្រះវរបិតាសួគ៌​សម្រាប់​ខ្ញុំបាន​ទេ ជាពិសេស​ពេល​ខ្ញុំ​ត្រូវការ​ពរជ័យ​ទាំង​នោះ​ខ្លាំង​បំផុត ។ ទោះបី​ខ្ញុំ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​ក្តី ខ្ញុំ​នៅតែ​ពុំ​ទទួល​បាន​ពិន្ទុ​ដែល​ខ្ញុំ​ចង់​បាន​នៅពេល​ធ្វើ​ការប្រឡង​សាកល្បង​របស់​ខ្ញុំ​ដែរ ។

គ្រួសារ​ខ្ញុំ និង​ខ្ញុំ​​បាន​អធិស្ឋាន ហើយ​តម​អាហារ ហើយ​ឪពុក​របស់​ខ្ញុំ​បាន​ផ្តល់​ការប្រសិទ្ធ​ពរ​មួយ​ឲ្យ​ខ្ញុំ ។ ជាមួយ​នឹង​ការរៀបចំ​ខាង​វិញ្ញាណ​នេះ និង​ការ​រៀបចំ​ផ្សេងៗ​ទៀត​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ទៅ​ប្រឡង ។ ខ្ញុំ​ពុំ​គ្រាន់តែ​ទទួល​បាន​ពិន្ទុ​ដែល​ខ្ញុំ​ចង់​បាន​នោះ​ទេ ខ្ញុំ​បាន​សម្រេច​លើស​គោលដៅ​របស់​ខ្ញុំ​ទៀត ពិន្ទុ​មួយ​​បានមធ្យមភាគ​ខ្ពស់​បំផុត​នៅ​ក្នុង​ផ្នែក​គណិត​វិទ្យា ។ ខ្ញុំ​បាន​ទទួល​អាហារ​រូបករណ៍ និង​អត្ថប្រយោជន៍​ដែល​ខ្ញុំ​ត្រូវការ ហើយ​ខ្ញុំ​អាច​សិក្សា​នៅ​សាកលវិទ្យាល័យ​ដែល​ខ្ញុំ​បាន​ជ្រើសរើស ។

កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​រៀន​ថា ប្រសិនបើ​ខ្ញុំ​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ថែ​ទាំ​ការទទួល​ខុសត្រូវ​​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ជាមុន នោះ​ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ ។ រឿង​នានា​ពុំ​តែងតែ​ដំណើរ​ការ​តាម​របៀប​ដែល​យើង​រំពឹង​ទុក​ឲ្យ​វា​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​ព្រះ​នឹង​មើល​ថែ​យើង ។ ខ្ញុំ​ដឹង​ថា មាន​តែ​ជំនួយ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ ទើប​កិច្ចការ​គ្រប់​យ៉ាង​អាច​ដំណើរ​ការ​បាន ។