២០១៥
ចូរ​មាន​សេចក្តី​សុខសាន្ត​ចុះ
December 2015


ចូរ​មាន សេចក្តី​សុខសាន្ត​ចុះ

ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​ឆ្លៀត​យក​ឱកាស​បុណ្យគ្រីស្ទម៉ាស់​នេះ អង្គុយ​យ៉ាង​ស្ងប់ស្ងាត់​មួយ​ស្របក់ ហើយ​ទុក​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ​សង្គ្រោះ​លួងលោម​អ្នក ហើយ​ធានា​ដល់​អ្នក​អំពី​ភាព​សក្តិសម​នៃ​ការបម្រើ ការថ្វាយ និង ជីវិត​របស់​អ្នក ។

រូបភាព
The Carl Bloch exhibit at the Brigham Young University Museum of Art, December 2010.

ដកស្រង់​ចេញ​ពី ព្រះគ្រីស្ទ​ប្រោស​អ្នក​ខ្វាក់​ភ្នែក ដោយ ដូមែនីកូ ហ្វី​អាសែឡា រចនាលម្អដោយ ​John and Mable Ringling Museum of Art; ស្តាំ​ដៃ ៖ យប់​ដ៏​សុខសាន្ត ដោយ ខាល ហេនរីក ប្លូច

វា​តែងតែ​លើក​ទឹកចិត្ត​ដល់​ខ្ញុំ​នៅពេល​ខ្ញុំ​សញ្ជឹង​អំពី​ការថ្វាយ​ដោយ​ការបម្រើ និង ការធ្វើ​ពលិកម្ម​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ធ្វើ​ចំពោះ​គ្រួសារ វួដ និង ចំពោះ​ព្រះវរបិតាសួគ៌​របស់​ពួកគេ ។ វា​គឺ​ជាការថ្វាយ​មួយ ជា​រឿង​ដ៏​ពិសិដ្ឋ​មួយ ។ ខ្ញុំ​ពុំ​ជឿ​ថា​មាន​កិត្តិយស​ណា​ដែល​ប្រសើរ​ជាង​នេះ​ដែល​អាច​ផ្តល់​ដល់​យើង ជាង​ការដែល​ព្រះអម្ចាស់​ចាត់ទុក​ការថ្វាយ​របស់​យើង​ថា​សក្តិសម ហើយ​សមរម្យ ព្រមទាំង​ថា​ទ្រង់​នឹង​គោរព និង ទទួល​វា​ឡើយ ។

នេះ​គឺ​ជា​ការសរសើរ​ដ៏​អស្ចារ្យ​មួយ​របស់​ព្រះវរបិតា​ចំពោះ​ព្រះរាជបុត្រា នៅពេល​ទ្រង់​ហៅ​ព្រះបុត្រា​ទ្រង់​ថា​ជា « បុត្រា​ដ៏​ជា​ទីស្រលាញ់​របស់​យើង ដែល​យើង​គាប់​ចិត្ត​ណាស់ » ( នីហ្វៃទី ៣ ១១:១៧; សូមមើល​ផងដែរ ម៉ាថាយ ៣:១៧; ម៉ាកុស ១:១១; លូកា ៩:៣៥; គ. និង ស. ៩៣:១៥; យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១៧ ) ។ នោះ​គឺ​ជា​ព្រះនាម​ដ៏​អស្ចារ្យ​អ្វី​ម្ល៉េះ ។ ឱ វា​ជា​កិត្តិយស​ដ៏​ប្រសើរ​អ្វី​ម្ល៉េះ ដែល​ព្រះ​នឹង​មាន​បន្ទូល​មក​អ្នក​ថា « បុត្រា​ដ៏​ជា​ទីស្រលាញ់​របស់​យើង​អើយ » ឬ « បុត្រី​ដ៏​ជា​ទីស្រលាញ់​របស់​យើង​អើយ » ហើយ​ថា​អ្នក​នឹង​ទទួល​បាន​ការកោត​សរសើរ​ពី​ទ្រង់ ថា​ទ្រង់​ទទួល​យក​ការថ្វាយ​របស់​អ្នក « ដែល​យើង​គាប់​ចិត្ត​ណាស់ » ។

ខ្ញុំ​សូម​អធិស្ឋាន​នៅក្នុងឱកាស​បុណ្យគ្រីស្ទម៉ាស់​នេះ​ថា អ្នក​អាច​មាន​អារម្មណ៍​នៃ​ការកោត​សរសើរ​របស់​ព្រះអម្ចាស់​សម្រាប់​ការថ្វាយ​របស់​អ្នក អារម្មណ៍​ដែល​ថា​អ្នក​មាន​តម្លៃ​ក្នុង​ព្រះនេត្រ​ទ្រង់ អារម្មណ៍​នៃ​ស្ថានភាព​នៃ​ក្តី​ស្រឡាញ់​ដែល​អ្នក​ជា​បុត្រា ឬ បុត្រី​របស់​ទ្រង់ ។ ហើយ​ខ្ញុំ​សូម​អធិស្ឋាន​ថា​ចំណេះដឹង​នៃ​ស្ថានភាព​នោះ​អាច​ផ្តល់​ដល់​អ្នក​នូវ​ការលួងលោម ការធានា​អះអាង និង ទំនុកចិត្ត​ដ៏​អស្ចារ្យ​មួយ ដែល​ថា​អ្នក​ត្រូវបាន​ទទួល​យក​នៅក្នុង​ព្រះនេត្រ​ទ្រង់ ។

កំណើត​របស់​ព្រះអង្គសង្គ្រោះ

នៅពេល​យើង​និយាយ​អំពី​កំណើត​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ប្រហែល​ជាគិត​អំពី​អ្វី ដែល​បាន​កើត​ឡើង​បន្ទាប់​ទៀត ។ កំណើត​របស់​ទ្រង់​អស្ចារ្យ​បំផុត ដោយសារ​អ្វី​ដែល​ទ្រង់​បាន​ជួប និង រងទុក្ខ ដូច្នេះ​ទ្រង់​អាច​ជួយ​យើង​បាន​កាន់តែ​ប្រសើរ — អ្វីៗ​ទាំងអស់​ត្រូវបាន​បញ្ចប់​នៅក្នុង​ការឆ្កាង និង ការរស់​ឡើងវិញ​របស់​ទ្រង់ ( សូមមើល អាលម៉ា ៧:១១–១២ ) ។ ប៉ុន្តែ​បេសកកម្ម​របស់​ទ្រង់​ក៏​រួម​មាន​នូវ​ការបម្រើ អព្ភូតហេតុ​នៃ​កិច្ចការ​បម្រើ​របស់​ទ្រង់ អារម្មណ៍​ធូរស្បើយ​ដែល​ទ្រង់​បាន​នាំ​មក​ដល់​អ្នក​រងទុក្ខ និង សេចក្តីអំណរ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ — និង​នៅតែ​ប្រទាន​ឲ្យ — ដល់​អស់​អ្នក​ដែល​ទួញយំ ។

ខ្ញុំ​ក៏​ចូលចិត្ត​គិត​ពី​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​ទៀត​ផងដែរ ។ ខគម្ពីរ​ពីរ​ដែល​ខ្ញុំ​ចូលចិត្ត ដែល​រៀបរាប់​ពី​ពេលវេលានោះ មាន​នៅចុង​បញ្ចប់​នៃ​ជំពូក​ទី ៧ នៅក្នុង​គម្ពីរ​វិវរណៈ ។

« គេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​មក​លើ​គេ ឬ​ចំហាយ​ណា​ទៀត​ឡើយ ។

« ពីព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ » ( វិវរណៈ ៧:១៦–១៧; សូមមើល​ផងដែរ ២១:៤ ) ។

នោះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​បាន​សេចក្តី​សង្ឃឹម​ដ៏​ពិសិដ្ឋ​ពី​អ្វី​ដែល​នឹង​កើត​ឡើង ពី​អ្វី​ដែល​វា​នឹង​ប្រែក្លាយ​អំឡុង​ពេល​សហស្សវត្សរ៍​ដ៏​អស្ចារ្យ ហើយ​ការសោយរាជ្យ​នៃ​នគរ​សេឡេស្ទាល​របស់​ព្រះគ្រីស្ទ​ដែល​នឹង​កើត​ឡើង ។

ជាមួយ​នឹង​អ្វីៗ​ដែល​នឹង​កើត​ឡើង នោះ​ខ្ញុំ​គិត​ថា​វា​គឺជា​ពេល​ដ៏​សមរម្យ​នៃ​ឆ្នាំ​នេះ​ដើម្បី​គិត​ពី​ទារក​តូច​នៅក្នុង​ស្នូក​នោះ ។ សូម​កុំ​គិត​ពី​អ្វី​ដែល​ស្មុគស្មាញ ឬ អ្វី​ផ្សេង​ទៀត​ដែល​នឹង​កើត​ឡើង​ឡើយ សូម​គិត​តែពី​ទារក​តូច​នោះ​ប៉ុណ្ណោះ ។ សូម​ឆ្លៀត​ពេល​ដ៏​មាន​ភាពសុខសាន្ត​បន្តិច​ដើម្បី​គិត​ពី​ការចាប់ផ្តើម​នៃ​ព្រះជន្ម​របស់​ទ្រង់ — គឺ​ជា​អ្វី​ដែល​បាន​បញ្ចប់​នៃ​ការព្យាករណ៍​សួគ៌ា ប៉ុន្តែ​គឺ​ជា​ការ​ចាប់ផ្តើម​នៃ​ជីវិត​ផែនដី​របស់​ទ្រង់ ។

រូបភាព
The holdings attached to this bib record are part of the 1990 acquisition of Carl Bloch paintings. The painting was cleaned and restored prior to being photographed by Danish photographer Hans Petersen.

ដកស្រង់​ចេញ​ពី ព្រះគ្រីស្ទ​ប្រោស​អ្នក​ខ្វាក់​ភ្នែក ដោយ ដូមែនីកូ ហ្វី​អាសែឡា រចនាលម្អដោយ ​John and Mable Ringling Museum of Art; ស្តាំ​ដៃ ៖ យប់​ដ៏​សុខសាន្ត ដោយ ខាល ហេនរីក ប្លូច

សូម​ឆ្លៀតពេល​សម្រាក ចូរ​មាន​សេចក្តី​សុខសាន្ត​ចុះ ហើយ​សូមមើល​ព្រះឱរស​តូច​នេះ​នៅក្នុង​ចិត្ត​អ្នក​ចុះ ។ សូម​កុំ​ព្រួយ​បារម្ភ ឬ​ស្មុគស្មាញ​ខ្លាំង​ពេក​ជាមួយ​អ្វី​ដែល​នឹង​កើត​ឡើង​នៅក្នុង​ជីវិត​របស់​ទ្រង់ ឬ ជីវិត​របស់​អ្នក​ឡើយ ។ ផ្ទុយ​ទៅវិញ សូម​ឆ្លៀត​ពេល​នៃ​ភាពសុខសាន្ត​ដើម្បី​សញ្ជឹង​ពី​ឱកាស​ដ៏​ស្ងប់ស្ងាត់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក — នៅពេល​ពលទ័ព​នៃ​ឋានសួគ៌​រីករាយ​នឹង​សារលិខិត « សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ( លូកា ២:១៤ ) ។

ចូរ​ឲ្យ​ព្រះវិញ្ញាណ​លួងលោម​អ្នក​ចុះ

ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ស្តាប់​ការសម្ភាសន៍​តាម​វិទ្យុ​ពិសេស​មួយ​របស់​ប៊ីស្សព ដេសម៉ុន ទូទូ ជា​ប្រធាន​អាចារ្យ​នៃ​សាសនា​អង់គ្លីកង់ នៅ​អាហ្រ្វិក​ខាង​ត្បូង ។ គាត់​បាន​ចេញ​ផ្សាយ​សៀវភៅ​មួយ​ក្បាល​ជាមួយ​នឹង​កូនស្រី​របស់​ខ្លួន​អំពី​ការផ្សះផ្សារ​គ្នា​ដែល​បាន​កើត​ឡើង​នៅ​អាហ្វ្រិក​ខាង​ត្បូង បន្ទាប់​ពី​មាន​ការបែងចែក​ពូជសាសន៍ ។​ ពិតណាស់ សារលិខិត​នៅក្នុង​សៀវភៅ​នោះ​គឺ​ថា​មាន​ចំណុច​ល្អៗ​នៅក្នុង​មនុស្ស​គ្រប់រូប ។

អំឡុងពេល​សម្ភាស​ពិធីករ​បាន​សួរ​សំណួរ​ដែល​រសើប ដ៏​បំផុស​គំនិត​មួយ​ដល់​ប៊ីស្សព ទូទូ ៖ « តើ​លោក​បាន​ឃើញ​ទេ​ថា​ទំនាក់ទំនង​របស់​លោក​ចំពោះ​ព្រះ​បាន​ផ្លាស់ប្តូរ​នៅពេល​លោក​កាន់តែ​ចម្រើន​វ័យ​ដែរ​ឬទេ ? »

ប៊ីស្សព ទូទូ ឈប់​មួយ​សន្ទុះ ហើយ​ឆ្លើយ​ថា « បាទ » ។ ខ្ញុំ​កំពុង​រៀន​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​នៅក្នុង​វត្តមាន​របស់ព្រះ » ។

គាត់​បាន​និយាយ​ថា នៅពេល​គាត់​បាន​អធិស្ឋាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ មុននោះ គាត់​បាន​ធ្វើ​វា​ដោយ​មាន​បញ្ជី​ស្នើសុំ និង កង្វល់​ផ្សេងៗ ។ គាត់​បាន​ឈោង​ទៅ​រក​ឋានសួគ៌​ជាមួយ​អ្វី​ដែល​គាត់​ហៅ​ថា « បញ្ជី​ទិញ​ទំនិញ​មួយ​បែប » ។ ប៉ុន្តែ​ឥឡូវនេះ​គាត់​និយាយ​ថា « ខ្ញុំ​គិត​ថា [ ខ្ញុំ​កំពុង ] ព្យាយាម​ខិត​កាន់តែ​ជិត​ទ្រង់ ។ ដូចជា​ពេល​អ្នក​អង្គុយ​នៅ​មុខ​ឡកំដៅ​នៅ​រដូវ​រងា អ្នក​អង្គុយ​នៅទីនោះ​គឺនៅ​មុខ​ភ្លើង ហើយ​អ្នក​មិន​ចាំបាច់​ឆ្លាត ឬ ពូកែ​អ្វី​ឡើយ ។ ភ្លើង​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​កក់ក្តៅ » ។

ខ្ញុំ​គិត​ថា​នោះ​គឺ​ជា​រឿង​ប្រៀបធៀប​មួយ​ដ៏​អស្ចារ្យ — គឺ​អង្គុយ​ជាមួយ​ព្រះអម្ចាស់ ហើយ​ឲ្យ​ទ្រង់​លួងលោម​អ្នក​ដូចជា​ឡកំដៅ​នៅក្នុង​រដូវ​រងា​អញ្ចឹង​ដែរ ។ អ្នក​មិនចាំបាច់​ត្រូវតែ​ល្អឥតខ្ចោះ ឬ ជា​មនុស្ស​ដែល​អស្ចារ្យ​បំផុត​ដែល​រស់នៅ​លើ​ផែនដី​នេះ​ទេ ឬ អ្នក​ត្រូវតែ​ពូកែ​ខាង​អ្វី​មួយ​ដើម្បី​នៅ​ជាមួយ​ទ្រង់​ឡើយ ។

ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​ឆ្លៀត​យក​ឱកាស​នៃបុណ្យគ្រីស្ទម៉ាស់​នេះ អង្គុយ​ស្ងប់ស្ងាត់​មួយ​ស្របក់ ហើយ​ទុក​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ​សង្គ្រោះ​លួងលោម​អ្នក ហើយ​ធានា​ដល់​អ្នក​អំពី​ភាព​សក្តិសម​នៃ​ការបម្រើ ការថ្វាយ ជីវិត​របស់​អ្នក ។ សូម​អង្គុយ​ដោយ​ស្ងប់ស្ងាត់​ជាមួយ​ព្រះឱរស​តូច​នោះ ហើយ​បន្សល់​ទុក​ភាពរឹងមាំ​ខាង​វិញ្ញាណ និង ការរៀបចំ​កាន់តែ​ប្រសើរ​សម្រាប់​អ្វីៗ​ទាំងអស់​ដែល​នឹង​កើត​ឡើង​ពេល​ក្រោយ​ទៀត ។ ចូរ​ឲ្យ​ឱកាស​នោះ​ក្លាយ​ជា​ពេល​មួយ​នៃ​ការសម្រាក ដួងចិត្ត​ស្រស់ថ្លា ព្រមទាំង​បាន​ទទួល​ការអះអាង និង ការខំប្រឹង​ជាថ្មី ។

ព្រះប្រទាន​ពរជ័យ​ដល់​អ្នក​នា​បុណ្យ​គ្រីស្ទម៉ាស់​នេះ​នៅពេល​អ្នក ជាមួយ​នឹង​ខ្ញុំ​ថ្លែងទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ — ទ្រង់​មាន​សារៈសំខាន់​ចំពោះ​យើង ចំពោះ​មនុស្ស​ទាំងអស់ និង ចំពោះ​គោលបំណង​ដ៏​ច្បាស់លាស់​នៃ​ជីវិត​នេះ ។

យើង​ថ្វាយ​បង្គំ​ទ្រង់ យើង​បម្រើ​ទ្រង់ ហើយ​យើង​ស្រឡាញ់​ទ្រង់ ។ សូម​ឲ្យ​ជីវិត​របស់​អ្នក​ឆ្លុះបញ្ចាំង​ពី​សេចក្តី​ស្រឡាញ់​នោះ​តាមរយៈ​ការថ្វាយ​របស់​អ្នក​ក្នុង​រដូវកាល​បុណ្យគ្រីស្ទម៉ាស់​នេះ និង រហូត​តទៅ ។

កំណត់​ចំណាំ

  1. ដេសម៉ុន ទូទូ និង ហ្វូ ទូទូ Made for Goodness: And Why This Makes All the Difference ( ឆ្នាំ ២០១១ ) ។

  2. ដេសម៉ុន ទូទូ នៅក្នុង « Desmond Tutu, Insisting We AreMade for Goodness› » ( ការសម្ភាសន៍​ NPR ដោយ Renee Montagne ថ្ងៃ​ទី ១១ ខែ មិនា ឆ្នាំ ២០១០ ) គេហទំព័រ npr.org ។