ឆ្នាំ ២០១០-២០១៩
ជីវិត​អស់​កល្ប—ដើម្បីស្គាល់​ព្រះវរបិតា​សួគ៌​យើង និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ
១០ 2014


ជីវិត​អស់​កល្ប—ដើម្បីស្គាល់​ព្រះវរបិតា​សួគ៌​យើង និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ

ព្រះ និង ព្រះយេស៊ូវគ្រីស្ទពិតជា​ព្រះបិតា និង ព្រះរាជបុត្រា​មែន—ជាអង្គដែល​មាន​រូបកាយ​ដាច់​ដោយ​ឡែក​ពីគ្នា ប៉ុន្តែមាន​ព្រះរាជបំណង​តែមួយ។

ជាយូរយារ​មក​ហើយ ខ្ញុំ​បាន​ឈ្លាត​ឱកាស​ដើម្បី​សិក្សា​ពីទីបន្ទាល់​ចុងក្រោយ​នៃ​ពួកព្យាការី​ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នីមួយៗ។ ពួកលោក​ម្នាក់ៗ​បាន​ថ្លែង​ជាសាក្សី​ដ៏មានឥទ្ធិពល​អំពី​ព្រះ​ជាព្រះវរបិតា និង ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ។

ពេលខ្ញុំ​បាន​អាន​ទីបន្ទាល់​ទាំងនេះ—និង​ទីបន្ទាល់​ដទៃទៀត​ជាច្រើន ​ដូចជា​ពួកលោក​ដែរ អស់រយៈពេល​ជាច្រើន​ឆ្នាំមក—វា​តែង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រំភើបដោយ​ដឹង​ពី​ក្ដីស្រឡាញ់​ដ៏ជ្រាលជ្រៅដែល​ព្រះវរបិតា​សួគ៌​មានចំពោះ​ព្រះរាជបុត្រា​ច្បង​របស់​ទ្រង់ និង​ពី​របៀប​ដែល​ព្រះយេស៊ូវ​បង្ហាញ​ក្ដីស្រឡាញ់ទ្រង់​ដោយ​ការ​គោរប្រតិបត្តិដល់​ព្រះទ័យ​នៃ​ព្រះវរបិតា​ទ្រង់។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ធ្វើអ្វីដែល​ចាំបាច់​ដើម្បី​ស្គាល់​ទ្រង់ និង​ស្គាល់​​ក្ដីស្រឡាញ់​របស់​ព្រះបិតា និង​ព្រះរាជបុត្រា​ចំពោះ​គ្នា យើង​នឹងទទួល​បាន​ « អំណោយទាន​ដ៏មហិមា​បំផុតនូវ​គ្រប់​អំណោយ​ទាន​ទាំងឡាយ​នៃ​ព្រះ »—សូម្បី​តែជា​ជីវិត​អស់កល្ប។1 ពីព្រោះ « នេះ​ជា​ជីវិត​ដ៏អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់ទ្រង់​ដ៏ជាព្រះ​ពិត​តែមួយ និង​ព្រះយេស៊ូវគ្រីស្ទដែល​ទ្រង់បាន​ចាត់​ឲ្យ​មក​ផង»។2

តើ​អំណោយទាននេះ អាច​ជា​របស់​យើង​ដោយ​របៀប​ណា ? វា​កើត​មាន​តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន ដែល​ត្រូវ​បាន​និយាយ និង​បង្រៀនកាលពី​ព្រឹក​មិញ ។

តើ​បងប្អូន​ចងចាំ​ពី​គ្រា​ដំបូង​ដែល​បងប្អូន​បាន​ដឹង​ថាមាន​ព្រះ ហើយ​ទទួល​បាន​ក្ដីស្រឡាញ់​របស់​ទ្រង់​ដែរទេ? កាល​ពី​ក្មេង​ ខ្ញុំ​ធ្លាប់​គយ​គន់​មើល​ផ្ទៃមេឃ​ដែល​ពេញ​ដោយ​ហ្វូងតារា រួច​ពិចារណា ហើយ​ទទួល​អារម្មណ៍​ពី​វត្តមាន​ទ្រង់។ ខ្ញុំ​មាន​ចិត្ត​រំភើប​ដើម្បី​រកឃើញនូវ​ភាពស្រស់ស្អាត​ដ៏អស្ចារ្យ​នៃ​ការ​បង្ក​បង្កើត​របស់​ព្រះ—ចាប់តាំងពី​ហ្វូង​សត្វល្អិត​តូច រហូត​ដល់​ដើមឈើដ៏ខ្ពស់ស្កឹមស្កៃ។ ពេល​ខ្ញុំ​បាន​ស្គាល់​ពី​ភាពស្រស់ស្អាត​នៃ​ផែនដីនេះ ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតា​សួគ៌​ស្រឡាញ់​ខ្ញុំ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពិតជា​កូនចៅ​ខាង​វិញ្ញាណ ថា​យើង​រាល់គ្នា​គឺជា​បុត្រាបុត្រី​របស់​ព្រះ។

បងប្អូន​អាច​សួរ​ថា តើខ្ញុំដឹង​រឿង​នេះ​តាម​របៀបណា? ព្រះគម្ពីរ​បង្រៀន​ថា «ចំពោះ​មនុស្ស​ខ្លះត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ឲ្យ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ … ចំពោះ​មនុស្ស​ខ្លះ​ទៀត ត្រូវបាន​ប្រទាន​ឲ្យ​ជឿ​ដល់​ពាក្យ​ពេចន៍នៃ​ពួកគេប្រយោជន៍​ឲ្យ​ពួកគេ​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ចផងដែរ បើ​សិន​ជា​ពួកគេ​មាន​ចិត្ត​ស្មោះត្រង់រហូត​តទៅ»។3 តាម​ទស្សនៈខ្ញុំ រឿង​នេះ​ពុំមែន​មាន​ន័យ​ថា មនុស្ស​ខ្លះ​នឹង​ត្រូវ​ពឹង​ផ្អែក​ទៅលើ​ទីបន្ទាល់​របស់​អ្នកដទៃ​រហូត​នោះទេ។

ទីបន្ទាល់ផ្ទាល់ខ្លួន​ខ្ញុំ​បាន​កើនឡើង​ ពេល​ខ្ញុំ​បាន​រៀន​ពី​ព្រះវរបិតា​សួគ៌ ​និង​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ការ​បង្រៀន និង​ទីបន្ទាល់​របស់​ឪពុកម្ដាយខ្ញុំ​ គ្រូបង្រៀន ព្រះគម្ពីរ--​ដែល​ខ្ញុំ​បាន​អាន​ដោយ​ឧស្សាហ៍-- ហើយ​ជាពិសេស គឺ​​ព្រះវិញ្ញាណបរិសុទ្ធ។ ពេល​ខ្ញុំ​អនុវត្ត​សេចក្ដីជំនឿ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​ទីបន្ទាល់​ថា អ្វីដែល​ខ្ញុំ​បាន​រៀន​សូត្រ​គឺជារឿងពិត។ នេះ​​ជា​របៀប​ដែល​ខ្ញុំ​បាន​ដឹង​ដោយ​ខ្លួនឯង។

នៅ​ក្នុង​ដំណើរ​ការ​នេះ ការ​ស្វែង​រក​វិវរណៈ​ផ្ទាល់​ខ្លួន ​គឺ​ជាកត្តា​ដ៏សំខាន់។ នីហ្វៃ អញ្ជើញ​យើង​ម្នាក់ៗឲ្យ «ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយនៃ​ព្រះគ្រីស្ទ ត្បិត​មើល​ចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទនឹង​ប្រាប់ដល់​អ្នក​នូវ​គ្រប់អ្វីទាំងអស់ដែល​អ្នកត្រូវធ្វើ»។4

ពី​មុន​ថ្ងៃ​ខួប​គម្រប់​​អាយុ​ប្រាំបីឆ្នាំ ខ្ញុំ​បាន​ខំព្យាយាមដឹង​បន្ថែម​ទៀត​ពី​ពិធីបុណ្យ​ជ្រមុជទឹក។ ខ្ញុំ​បានអាន​ព្រះគម្ពីរ ហើយ​បានអធិស្ឋាន។ ខ្ញុំ​បាន​រៀន​ថា ខ្ញុំ​នឹង​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​ខ្ញុំ​ទទួល​ពិធីបញ្ជាក់។ ខ្ញុំ​ក៏បាន​ចាប់ផ្ដើមយល់ថា ព្រះ និង ព្រះយេស៊ូវគ្រីស្ទពិតជា​ព្រះបិតា និង ព្រះរាជបុត្រា​ពិតមែន—ជាអង្គដែល​មាន​រូបកាយ​ដាច់​ដោយ​ឡែក​ពីគ្នា ប៉ុន្តែមាន​ព្រះរាជបំណង​តែមួយ។ «យើង​ស្រឡាញ់​ [ទ្រង់​ទាំងពីរអង្គ] ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន»។5 ម្ដង​ហើយ​ម្ដងទៀត ខ្ញុំ​បាន​សង្កេតឃើញ​ពី​ក្ដីស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​គ្នា ហើយធ្វើ​ការ​រួម​គ្នា​សម្រាប់​សេចក្ដីល្អ។ សូម​ស្ដាប់ពី​បទគម្ពីរ​មួយ​ចំនួន​ក្នុង​ចំណោម​បទគម្ពីរ​ជាច្រើនដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ៖

ការ​​​បង្រៀន​ពី​ជីវិតយើង​មុន​ផែនដីនេះ ព្រះវរបិតាសួគ៌បាន​ហៅ​ព្រះយេស៊ូវ​គ្រីស្ទថា «ព្រះរាជបុត្រា​បង្កើតតែ​មួយ​របស់​យើង ដែល​ជាទីស្ងួនភ្ញា និង​ជាទីជំរើស​របស់​យើង​ចាប់តាំង​ពី​ដើម​ដំបូងមក»។6 ពេល​ព្រះវរបិតា​បាន​បង្កើត​ផែនដីនេះ ទ្រង់​បាន​ធ្វើ​តាម​រយៈ «ព្រះរាជបុត្រា​បង្កើត​តែ​មួយ​[របស់ទ្រង់]»។7

មាតា​​របស់​ព្រះយេស៊ូវ ម៉ារា ត្រូវបាន​ប្រាប់ថា នាង​នឹង​បង្កើត​បាន «ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត»។8 ហើយ​ពេល​ព្រះយេស៊ូវមាន​វ័យ​ជំទង់ ទ្រង់បាន​មានបន្ទូ​លប្រាប់​មាតា​ទ្រង់​ថា ទ្រង់​ត្រូវ​ «នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះវរបិតា ​[ នៃ​ទ្រង់ ] » ។9 ច្រើន​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែលព្រះអង្គសង្គ្រោះ​បាន​ជ្រមុជទឹក ព្រះវរបិតាសួគ៌បាន​មានបន្ទូលពី​ស្ថានសួគ៌​មក​ថា «នោះ​ជា​កូន​ស្ងួនភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់»។10

ដើម្បី​បង្រៀន​ពួកសិស្ស​ទ្រង់​ឲ្យ​អធិស្ឋាន ព្រះយេស៊ូវ​បាន​មានបន្ទូល​ទាំងនេះ​៖

«ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ»។

«សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់។ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ»11

ទ្រង់បានបង្រៀន​ដល់ នីកូដេម​ ថា «​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​​មួយ»។12 ហើយ​ទ្រង់បានពន្យល់​ពី​អព្ភូតហេតុ​របស់ទ្រង់​ដោយ​មានបន្ទូល​ថា «ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះវរបិតា​ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ»។13

កាល​គ្រា​នៃ​ដង្វាយធួន​បាន​ខិត​ចូល​មក​ដល់ ព្រះយេស៊ូវ​បាន​អធិស្ឋាន ដោយ​មាន​បន្ទូល​៖ «ឱ​ព្រះវរបិតា​អើយ កំណត់​បាន​មក​ដល់​ហើយ។  … ទូលបង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី៖ ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​បាន​ប្រគល់​មក​ឲ្យ​ធ្វើ»។14 រួចកាល​ដែល​ទម្ងន់​នៃ​អំពើបាប​របស់​យើង​បានធ្លាក់​លើ​ទ្រង់ ទ្រង់បាន​ទូល​អង្វរថា «ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ»។15 នៅ​គ្រាចុងក្រោយ​របស់ទ្រង់នៅ​លើ​ឈើ​ឆ្កាង ព្រះយេស៊ូវ​បានអធិស្ឋាន​ថា «ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ» រួច​បាន​មាន​បន្ទូល​ស្រែក​ឡើង​ថា «ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ»។16

បន្ទាប់​មក​ ទ្រង់បាន​យាង​ទៅ​ជួប​ពួក​វិញ្ញាណ​ដែល​បាន​ស្លាប់ ដើម្បី​ប្រទាន​ដល់​ពួកគេ​នូវ​ «អំណាច​ចេញ​មក បន្ទាប់​ដែល​ទ្រង់​មាន​ព្រះជន្មរស់ពីស្លាប់​ឡើងវិញ ដើម្បី​ឲ្យ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះវរបិតា​ទ្រង់»។17 ក្រោយ​ពី​ការ​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ ទ្រង់​បាន​បង្ហាញព្រះកាយ​ទ្រង់​ដល់​នាង ម៉ារា ជាអ្នកស្រុក​ម៉ាក់ដាឡា ដោយ​មាន​បន្ទូ​លថា «ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ ជា​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា»។18

ពេលទ្រង់​យាង​មក​ជួប​នឹង​ប្រជាជន​នៅ​ទ្វីបអាមេរិក ព្រះបិតា​ទ្រង់​បាន​ណែនាំ​ទ្រង់​ដោយ​មាន​បន្ទូល​ថា «មើល​ន៏ បុត្រាដ៏ជាទីស្រលាញ់​របស់​យើង ដែល​យើង​គាប់ចិត្ត​ណាស់ ដែល​បាន​ដំកើង​ដល់​នាម​របស់​យើង»។19 ពេល​ព្រះយេស៊ូវ​យាង​ចុះ​មក​ក្នុង​ចំណោម​ប្រជាជន​នោះ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ទ្រង់បាន​ណែនាំខ្លួន​ទ្រង់ថា៖ «មើល​ចុះ យើង​គឺព្រះយេស៊ូវគ្រីស្ទ  …យើង​បាន...ដំកើង​ព្រះវរបិតា ដោយ​បាន​ទទួលមកដាក់លើ​ខ្លួន នូវ​បាបទាំងឡាយ​នៃ​មនុស្ស​លោក»។20 ពេលទ្រង់បានបង្រៀន​ពី​គោលលទ្ធិទ្រង់ ទ្រង់បានពន្យល់ថា៖

«នេះគឺជា​គោលលទ្ធិ​របស់យើង​ ហើយ​ជា​គោលលទ្ធិដែល​ព្រះវរបិតា​បាន​ប្រទាន​ដល់​យើង ហើយ​យើង​ធ្វើ​បន្ទាល់​អំពី​ព្រះវរបិតា ហើយ​ព្រះវរបិតា​ធ្វើ​បន្ទាល់​អំពី​យើង»។21

«ត្បិត​មើល​ចុះ …ព្រះវរបិតា និងយើង​គឺ​តែ​មួយ»។22

តើ​យើង​អាចមើល​ឃើញ​ពី​គំរូ​មួយ​នៅ​ក្នុង​បទគម្ពីរ​ទាំងនេះ​ដែល​ថ្លែង​ទីបន្ទាល់​ពី​ព្រះវរបិតា និង ព្រះរាជបុត្រា ជា​តួអង្គពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែរឬទេ? ដូច្នេះ​ តើទ្រង់ទាំងពីរអង្គជា​អង្គ តែមួយ បាន​តាម​របៀប​ណា​ទៅ? ពុំមែនដោយសារ​ទ្រង់ទាំងពីរ​អង្គជាអង្គតែ​មួយ​នោះទេ ប៉ុន្តែ​ដោយ​ទ្រង់ទាំងពីរ​មាន​ព្រះរាជបំណង​តែ​មួយ គឺ​ដើម្បី «នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅអស់កល្ប​ជានិច្ចដល់​មនុស្ស​»។23

ព្រះយេស៊ូវ គឺជាព្រះ​មួយ​អង្គ ប៉ុន្តែ​ទ្រង់បាន​បន្ត​បង្ហាញថា​ទ្រង់ជាអង្គ​ដាច់​ដោយ​ឡែក ដោយ​អធិស្ឋាន​ទៅ​ព្រះវរបិតា​ទ្រង់ ហើយ​មាន​បន្ទូល​ថា ទ្រង់​កំពុង​ធ្វើ​តាម​ព្រះហឬទ័យរបស់​ព្រះវរបិតាទ្រង់។ អំឡុង​នៃការ​បម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ទ្រង់បានទូល​អង្វរ​ថា «ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​ពុំអធិស្ឋាន​សម្រាប់​មនុស្ស​លោក​ទេ ប៉ុន្តែ​សម្រាប់​អស់អ្នក​ណា​ដែល​ទ្រង់បាន​ប្រទាន​ដល់​ទូលបង្គំចេញ​មក​ពី​មនុស្ស​លោក​វិញ ...ដើម្បី​ឲ្យ​ទូលបង្គំ​អាចនៅ​ក្នុង​ពួកគេ ដូចជាព្រះវរបិតា​គង់​នៅ​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​យើង​អាចបាន​ទៅ​ជាមួយ​ ដើម្បី​ឲ្យទូលបង្គំ​អាច​បាន​រុងរឿង​នៅ​ក្នុង​ពួកគេ»។24

ដោយ​មាន​ទស្សនៈនេះ យើង​មិន​បាន​ភ្ញាក់​ផ្អើល​ថា ការ​ស្ដារ​ឡើងវិញ​នៃដំណឹងល្អ​បាន​ចាប់ផ្ដើម​ដោយ​ការ​លេច​មក​នៃ​តួអង្គដ៏រុងរឿងពីរ ប៉ុន្តែ​បែ​រជាមិន​មែន​តួអង្គ​មួយ​ទៅវិញនោះ​ទេ។ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ថ្លែងទីបន្ទាល់​ពី​ការ​និមិត្ត​ដំបូង​របស់​លោក​ថា «តួអង្គ​មួយ មា​ន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួ​អង្គ​មួយទៀត ដោយ​មាន​ព្រះបន្ទូល​ថា — នេះជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ »។!25

ព្យាការី​វ័យ​ក្មេ​ងរូបនេះ ដែល​បាន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃដោយ​សេចក្ដីជំនឿយ៉ាងមុតមាំ ដើម្បី​ស្វែង​រក​ថា តើ​ព្រះវិហារ​ណា​មួយ ដែល​លោក​គួរ​ចូលរួម ក៏បាន​ចេញពីព្រៃ​មក​វិញ​ ដោយ​នូវ​ចំណេះដឹង​ និង​ សាក្សី​ពី​ព្រះពិត​តែ​មួយ​អង្គ និងព្រះយេស៊ូវគ្រីស្ទ ដែល​ព្រះបាន​បញ្ចូន​មក។ យ៉ូសែប ដូចជាពួក​ព្យាការី​មុន​ៗ​ដែរ នៅ​ពេល​នោះ​បាន​ក្លាយ​ជា​ឧបករណ៍​មួយ​សម្រាប់​ស្ដារ​ទៅ​កាន់​ពិភពលោក​​វិញនូវ​ចំណេះដឹង​ដែល​នាំទៅរក​ជីវិត​អស់កល្ប។

បងប្អូន​ក៏អាច​ស្វែងរក​ព្រះវរបិតា​សួគ៌ និង «ព្រះយេស៊ូវដែល​ពួក​ព្យាការី​ និង ពួកសាវក​បាន​ [ថ្លែងទីបន្ទាល់] មក​នេះ» ដែរ26 នៅ​ក្នុង​ព្រះគម្ពីរ និង សន្និសីទ​ទូទៅ​នេះ។ កាល​បងប្អូន​ស្វែងរក សាក្សី​ផ្ទាល់​ខ្លួន --​វិវរណៈ​ផ្ទាល់​ខ្លួន--នោះ​បងប្អូន​នឹង​រកឃើញ​ថា ព្រះវរបិតាសួគ៌ បានប្រទាន​ផ្លូវ​ពិសេស​ ដើម្បី​ឲ្យ​បងប្អូន​ដឹង​ពី​សេចក្ដីពិត​នោះ​ដោយ​ខ្លួនឯង៖ តាម​រយៈ​សមាជិក​ទីបី​នៃ​ក្រុម​ព្រះ ជា​តួអង្គ​នៃវិញ្ញាណ​ដែល​យើង​ស្គាល់​ថា ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ។

« ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​នូវ​ការណ៍​ទាំង​នេះ» —រួមទាំងអ្វីដែលខ្ញុំ​បាន​ចែកចាយ​នៅថ្ងៃនេះ—«នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅដ៏​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះ​ស​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ហើយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់» ។27

បងប្អូនប្រុសស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យ​ឲ្យ​យើង​ស្វែងរក​ចំណេះដឹងនេះឥឡូវនេះ។ សម្ដី​របស់​ព្យាការី​ហេលេមិនបាន​ស្រែក​ចេញ​ពី​ធូលីដីមក​ថា៖ «ចូរ​ចងចាំចុះ ចូរ​ចងចាំចុះថា គឺ​នៅ​លើ​សិលា​នៃ​ព្រះដ៏ប្រោសលោះនៃ​យើង​ គឺ​ព្រះគ្រីស្ទ ជាព្រះរាជបុត្រា​នៃព្រះ ដែល​កូន​ត្រូវ​សង់គ្រឹះរបស់​កូន...ជាគ្រឹះ​មួយ​ បើ​សិន​ណាមនុស្ស​សង់នៅ​លើ​នោះ នោះ​ពួកគេ​មិន​អាច​រលំបាន​ឡើយ»។28 ប្រាកដ​ណាស់ នោះ​យើង​នឹង​មិន​រលំឡើយ ។

គ្រឹះដ៏ខ្ជាប់ខ្ជួន​នោះ គឺជា​ព្រះយេស៊ូវគ្រីស្ទ។ ទ្រង់​គឺជា​ «ថ្មដា​នៃ​ស្ថានសួគ៌» ។29 ពេល​យើង​សង់​ផ្ទះ​របស់​យើង​លើ​ទ្រង់ នោះ​ភ្លៀង​នៃ​ថ្ងៃចុងក្រោយ​នឹង​ធ្លាក់ចុះមក ទឹកជន់​អាច​នឹង​មកដល់ ហើយ​ខ្យល់​អាច​នឹង​បក់បោក ប៉ុន្តែ​យើង​នឹង​មិន​រលំឡើយ។ យើង​នឹង​មិន​រលំឡើយ ពីព្រោះ​ផ្ទះ​យើង​ និង​គ្រួសារ​យើង​ នឹង​ត្រូវបាន​រកឃើញ​ថា សង់នៅ​លើ​ព្រះគ្រីស្ទ។30

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ផ្ទះបែប​នោះ​គឺជា «គេហដ្ឋាន​នៃ​សិរីល្អ»។31 នៅ​ទីនោះ​យើង​ជុំគ្នាអធិស្ឋានទៅ​ព្រះវរបិតា​សួគ៌​នៅ​ក្នុង​ព្រះនាម​នៃព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​សំណប់តែ​មួយ​របស់ទ្រង់។ នៅទីនោះ​យើង​ដំកើង ហើយ​ថ្លែងអំណរគុណ​ដល់​ទ្រង់ទាំងពីរអង្គ។ នៅទីនោះ​យើង​ទទួលព្រះវិញ្ញាណ​បរិសុទ្ធ និង «សេចក្ដីសន្យាដែល [ទ្រង់ប្រទាន] ដល់ [យើង] អំពី​ជីវិត​ដ៏នៅ​អស់​កល្ប​ជានិច្ច គឺ​ជា​សិរី​ល្អ​នៃ​នគរសេឡេស្ទាល»។32

ខ្ញុំ​ថ្លែង​សាក្សីពិសេស​របស់ខ្ញុំ​ថា ព្រះអង្គ​សង្គ្រោះ​ គឺព្រះយេស៊ូវគ្រីស្ទ​ ថា​ទ្រង់​មាន​​​ព្រះជន្មរស់ ថាព្រះវរបិតា​សួគ៌​យើង​ស្រឡាញ់​យើង ហើយ​ថែរក្សា​យើង ថា​យើង​មាន​ព្យាការី​នៅក្នុង​គ្រាកាន់កាប់​ត្រួតត្រា​នេះ--​ជា​ប្រធាន​ថូម៉ាស អេស ម៉នសុន-- ដើម្បីដឹកនាំ និង​ណែនាំ​យើង។ ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ថា នេះ​ជារឿង​ពិត ចំពោះ​យើងម្នាក់ៗ ដែល​ស្វែងរក​ចំណេះដឹង។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។