ឆ្នាំ ២០១០-២០១៩
កិច្ចការ​បម្រើ​ផ្ទាល់​ខ្លួន​របស់​យើង
១០ 2014


កិច្ចការ​បម្រើ​ផ្ទាល់​ខ្លួន​របស់​យើង

សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវ​តែ​ជា​សេចក្តី​ណែនាំ​ដល់​យើង ប្រសិន​បើ​យើងដឹង​ពី​តម្រូវការ​របស់​អស់អ្នក​ណា ដែលត្រូវ​ការ​ជំនួយ​យើង​តាម​វិធី​ណា​មួយ។

នៅ​ក្នុង​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ត្រូវ​បាន​ផ្តល់ឲ្យ​នូវ​ឱកាស និង​ពរ​ជ័យ​ផ្ទាល់​ខ្លួន​ដើម្បី​បម្រើ។ ដរាបណា​ខ្ញុំជា​សមាជិក ខ្ញុំ​បាន​បម្រើ​តាម​វិធី​ជា​ច្រើន ។ ដូច​ជា​បង​ប្រុស អ៊ូឌីន ហ្វេឡាបេលឡា ដែល​ជា​ឪពុក​របស់​អែលឌើរ អុនរហ្គ អរ. ហ្វេឡាបេលឡា ធ្លាប់​មាន​ប្រសាសន៍​ថា៖ «អស់​អ្នក​ណា​ដែល​ធ្វើ​ការ​បម្រើ​ដល់​អ្វី​មួយ នឹង​ប៉ិនប្រសប់ចំពោះ​ការណ៍​នោះ រីឯ​អ្នក​ដែល​មិន​បម្រើ​ដល់​អ្វី​ទាល់តែសោះ នោះគ្មានប្រយោជន៍សោះ​ឡើយ»។ ពាក្យ​សំដី​ទាំង​នេះ​គឺ​ជា​អ្វី ដែល​យើង​ត្រូវតែ​រក្សា​ទុក​នៅ​ក្នុង​គំនិត និង​ដួង​ចិត្ត​របស់​យើង។

ខណៈពេល​នៃ​ការស្វែងរក​សេចក្តីណែនាំ​អំឡុង​ពេល​បម្រើ ខ្ញុំ​បាន​រកឃើញ​នូវ​ការលួងលោម ដែល​ចងចាំថា ព្រះអង្គសង្គ្រោះ ផ្តោត​ព្រះហឬទ័យ​ទៅ​លើ​បុគ្គល​ម្នាក់​ៗ និងជា​គ្រួសារ។ សេចក្តី​ស្រឡាញ់ និង​សតិការ​ដ៏​ទន់​ភ្លន់​របស់​ទ្រង់​ចំពោះ​បុគ្គលម្នាក់ៗ បាន​បង្រៀន​ខ្ញុំ​ថា ទ្រង់​ស្គាល់​ពី​តម្លៃ​ដ៏​អស្ចារ្យ​នៃ​បុត្រា​បុត្រី​របស់​ព្រះ​វរបិតា​សួគ៌ម្នាក់​ៗ ហើយ​ថា វា​ចាំ​បាច់សម្រាប់​យើង ដើម្បី​ធ្វើយ៉ាងណាឲ្យបុគ្គល​ម្នាក់ៗត្រូវ​បាន​ទទួល​ការ​បម្រើ និងការ​ពង្រឹង​ដោយ​ដំណឹង​ល្អ​នៃ​ព្រះ​យស៊ូវ​គ្រីស្ទ។

នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ចែង​ថា៖

« ចូរចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ។ ...

« ហើយ​បើសិន​ជា​អ្នក​ត្រូវ​ធ្វើការអស់​មួយ​ជីវិត អ្នក ហើយគ្រាន់​តែ​នាំ​ព្រលឹង​មួយគត់ មក​រក​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នក​នោះ នៅ​ក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង ! »1

ព្រលឹង​ម្នាក់ៗ​គឺ​មាន​តម្លៃ​មហិមា​ចំពោះ​ព្រះ ត្បិត​យើង​ជា​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​យើង​មាន​លទ្ធ​ភាព​ដើម្បី​ប្រែក្លាយ​ដូច​ជា​ទ្រង់។2

សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវ​តែ​ជា​សេចក្តី​ណែនាំ​ដល់​យើង ប្រសិន​បើ​យើងដឹង​ពី​តម្រូវ​ការ​របស់​អស់អ្នក​ណា​ ដែលត្រូវ​ការ​ជំនួយ​យើង​តាម​វិធី​ណា​មួយ​។ ការ​បង្រៀន​របស់​ព្រះ​អម្ចាស់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង បង្ហាញ​យើង​ពី​ផ្លូវនេះ។ ហេតុ​ដូច្នេះ​ហើយ ការ​បម្រើ​ផ្ទាល់​ខ្លួន​យើង​ក៏​ចាប់​ផ្តើម៖ ស្វែង​យល់​ពី​សេចក្តី​ត្រូវ​ការ បន្ទាប់​មកប្រញាប់ប្រញាល់ចេញធ្វើការនោះចុះ ។ ដូច​ជា​ស៊ីស្ទើរ លីនដា ឃេ បឺតុន ជា​ប្រធាន​សមាគម​សង្រ្គោះ​ទូទៅ​មាន​ប្រសាសន៍​ថា៖ «តំបូង​សង្កេត បន្ទាប់​មក​បម្រើ»។3

ប្រធាន ថូម៉ាស់ អេស. ម៉នសុន គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​ពី​គោល​ការណ៍​នេះ។ នៅ​ខែ​មករា ឆ្នាំ 2005 លោក​បាន​ធ្វើ​ជា​អធិបតី​លើ​សន្និសីទ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​នៅ ព័រតូ រីកូ នៅ​ពេល​លោក​បាន​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​អង្គ​សង្រ្គោះ និង​ពួក​អ្នក​បម្រើ​ទ្រង់​បង្ហាញ​ការ​បម្រើ​តាម​រយៈ​ការ​បម្រើ​ផ្ទាល់​ខ្លួន។ នៅ​ចុងបញ្ចប់​នៃ​ការ​ប្រជុំ​ដ៏​អស្ចារ្យ​នោះ ប្រធាន ម៉ន​សុន បាន​ចាប់​ផ្តើម​ចេញ​ទៅ​ស្វាម​គមន៍​ដល់​ថ្នាក់​ដឹកនាំ​បព្វជិតភា​ព​ដែល​បាន​ចូល​រួម​ទាំង​អស់។ រំពេច​នោះ លោក​បាន​សង្កេត​ឃើញ​ថា មាន​បុរស​ម្នាក់​ក្នុង​ចំណោម​នោះ ដែល​សម្លឹកមើល​អ្វីៗ​ទាំង​អស់​ពី​ចម្ងាយ​តែ​ម្នាក់​ឯង។

ប្រធាន​ម៉នសុន បាន​ដើរ​ចេញ​ពី​ហ្វូង​មនុស្ស សំដៅ​ទៅ​បង​ប្រុស​រូប​នោះ ហើយ​បាន​និយាយនឹង​គាត់។ ដោយ​អារម្មណ៍​ក្តុក​ក្តួល ហូសេ អរ. ស្សាយ៉ាស បាន​ជម្រាប​ទៅ​លោក​ថា វា​គឺជា​អព្ភូត​ហេតុ​ដែល​លោក​អញ្ជើញ​មក​ជួប​គាត់ ហើយ​ឆ្លើយ​តប​នឹ​ង​ការ​អធិស្ឋាន​ដែល​គាត់ និង​ភរិយា​លោក អ្នកស្រី យ៉ូឡាន់ដា បាន​ធ្វើ​ពី​មុន​ការ​ប្រជុំ​ចាប់​ផ្តើម។ គាត់​បាន​ជម្រាប​ទៅ​ប្រធាន​ម៉នសុន​ថា កូន​ស្រី​គាត់​បាន​កំពុង​តែ​ឈឺ​ធ្ងន់ ហើយ​ថា​គាត់​មាន​លិខិត​មួយ​ច្បាប់​ពី​ភរិយា​គាត់​ ដែល​​ចង់​ប្រគល់​ទៅ​ឲ្យ​ប្រធាន​ម៉នសុន។ បង​ប្រុស ហ្សាយ៉ាស បាន​ប្រាប់​ទៅ​ភរិយា​គាត់​ថា គាត់​មិន​អាច​ធ្វើ​បាន​ទេ ដោយ​សារ​ប្រធាន​ម៉នសុន នឹង​រវល់​ណាស់។ ប្រធាន​ម៉នសុន បាន​ស្តាប់​ពី​សាច់​រឿង​នេះ ហើយ​បាន​សុំ​សំបុត្រ​នោះ​មក ហើយ​អាន​ដោយ​ស្ងាត់ៗ។ បន្ទាប់​មក គាត់​បាន​ទុក​សំបុត្រ​នោះ​ក្នុង​ហោប៉ៅ​អាវ​របស់​គាត់​ ហើយ​បានជម្រាប​ទៅ​បង​ប្រុស ស្សាយ៉ាស ថា លោក​នឹង​ធ្វើ​តាម​សំណើរ​របស់​ពួក​គាត់។

តាម​របៀប​នេះ ក្រុម​គ្រួសារ​មួយ​នោះ ត្រូវ​បាន​ប៉ះ​ដោយ​ព្រះ​អម្ចាស់​ ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង តាម​រយៈ​អ្នក​បម្រើ​ទ្រង់។ ខ្ញុំ​ជឿ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​សង្រ្គោះ​នៅ​ក្នុង​រឿង​ប្រៀប​ធៀប​របស់​សាសន៍​សាម៉ារី​ដ៏​សប្បុរស អនុវត្ត​ចំពោះ​យើង​ថា៖ «ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ»។4

នៅ​ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 1998 ខ្យល់​ព្យុះ​កំបុតត្បួង ចចស៍ បាន​បោក​បក់​ទៅ​លើ​ព័តតូ រីកូ ដែល​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ដំណំ។ ស៊ីស្ទើរ ម៉ាទីណេ កូន​ទាំង​ប្រាំ​នាក់​របស់​យើង និង​ខ្ញុំ​អាច​នៅ​មាន​ជីវិត​រស់​រួច​ផុត​ព្យុះ​ដ៏​ធំ​នោះ និង​កម្លាំង​របស់​ខ្យល់​ព្យុះ​កំបុត​ត្បូង​នេះ ដោយ​ការ​ស្នាក់​នៅ​ក្នុង​ផ្ទះ​យើង។ ទោះ​ជា​យ៉ាង​ណា​ក្តី យើង​បាន​រស់​នៅ​អស់​ពីរ​សប្តាហ៍​ដោយ​គ្មាន​ទឹកស្អាត និង​ចរន្ត​អគ្គីសនី។

នៅ​ពេល​ដែល​ទឹក​ស្អាត​ដែល​ផ្គត់​ផ្គង់​​ទុក​របស់​យើង​អស់ទៅ ការ​ទៅ​រក​ទឹក​មក​ទៀត​គឺ​លំបាក​ណាស់។ ខ្ញុំ​នឹង​មិន​បំភ្លេច​បង​ប្អូនប្រុស​ដែល​បាន​បម្រើ​ដល់​យើង ដោយ​ការ​ផ្តល់​​ទឹក​ដ៏​មាន​តម្លៃ​នោះ ហើយ​ក៏​មិន​បំភ្លេច​នូវ​សេចក្តី​ស្រឡាញ់ ដែល​បងប្អូន​ស្រ្តី​បាន​បម្រើ​ដល់​យើង​ដែរ ។

លោក ហើរម៉ែន ខូលុន បាន​មក​ផ្ទះ​យើង យក​ធុង​ទឹកជ័រ​យ៉ាង​ធំដាក់​នៅ​ក្នុង​ឡាន​ដឹក​ឥវ៉ាន់។ គាត់​បាន​ប្រាប់​យើង ជា​ពាក្យ​សំដី​គាត់ផ្ទាល់ថា មូលហេតុ​ដែល​គាត់​ជួយ​យើង​ពីព្រោះ «ខ្ញុំ​ដឹង​ថា បង​ប្រុស​មាន​កូន​តូចៗ​ដែល​ត្រូវ​ការ​ទឹក​ស្អាត»។ ពីរបី​ថ្ងៃ​ក្រោយ​មក បង​ប្រុសណូអែល ម៉ូណូស្ស និង ហឺម៉ីណូ ហ្គូមីស្ស ដាក់​ទឹក​បី​ធុង​ធំៗ​ចូល​ក្នុង​ឡាន​ដាក់​ឥវ៉ាន់​របស់​យើង។ ពួក​គាត់​បាន​មក​ផ្ទះ​យើង​ដោយ​ពុំ​បានដឹង​មុន ហើយ​បំពេញទឹក​ស្អាត​ចូល​ដប​ទឹក​ដែល​ទទេរទាំង​អស់ ហើយ​ក៏​បាន​អញ្ជើញ​ពួក​អ្នក​ជិត​ខាង​យើង​ឲ្យ​យក​ទឹក​នោះ​ដែរ។

ការអធិស្ឋាន​របស់​យើង បាន​ត្រូវឆ្លើយ​តប តាម​រយៈ​ការ​បម្រើ​ផ្ទាល់​ខ្លួន​របស់​ពួកគាត់។ ទឹក​មុខ​បង​ប្អូន​ប្រុស​ទាំង​បី​រូប​នេះ បានសំដែងនូវ​សេចក្តី​ស្រឡាញ់ដែល​ព្រះ​យេស៊ូវ​គ្រីស្ទមាន​ចំពោះ​យើង និង​ការ​បម្រើ​របស់​ពួក​គាត់—គឺ​មាន​ន័យ​ថា ការ​បម្រើ​ផ្ទាល់​ខ្លួន​របស់​គាត់—ដែល​នាំ​មក​ឲ្យ​ជីវិត​យើង​លើស​ពី​ទឹក​ស្អាតទៅ​ទៀត។ ចំពោះ​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះ ការ​ដឹង​ថា មាន​មនុស្ស​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាលភាព​របស់​ពួកគាត់​គឺ​ចាំបាច់​ណាស់។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ចំពោះ​អ្នក​ថា ព្រះ​វរបិតា​សួគ៌ និង​ព្រះ​អម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង ស្គាល់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់ និង​ឯក​ជន។ ដោយ​សារ​តែ​មូលហេតុ​នោះ​ហើយ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​អ្វី​ដែល​យើង​ត្រូវការ ដើម្បី​ឲ្យយើង​មាន​ឱកាស​ចាប់​យក​សក្តានុពល​ដ៏​ទេវភាព​របស់​​យើង។ នៅ​តាម​ផ្លូវ ទ្រង់​បាន​ដាក់​មនុស្ស​ដែល​នឹង​ជួយ​យើង ។ បន្ទាប់​មក នៅ​ពេល​យើង​ធ្វើ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់ នោះ​យើង​អាច​បម្រើ និង​ជួយ​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​ទ្រង់​បង្ហាញ​ដល់​យើង តាម​រយៈ​វិវរណៈ។

តាម​វិធី​នេះ ព្រះ​អម្ចាស់​ព្រះ​​យេស៊ូវ​គ្រីស្ទ នឹង​បាន​ជួយ​ទៅ​ដល់​កូន​ចៅ​របស់​ព្រះ​វរបិតា​សួគ៌​ទាំង​អស់។ អ្នក​គង្វាលល្អ​នឹង​ប្រមូល​ហ្វូង​ចៀម​របស់​ទ្រង់។ ទ្រង់​នឹង​ធ្វើ​ដូច្នេះ​ចំពោះ​កូនចៀម​របស់​ទ្រង់ ម្នាក់ម្តងៗ កាល​ណា​ពួក​គេ​ប្រើ​ប្រាស់​សេរី​ភាព​ខាង​សីលធម៌​របស់​ពួក​គេ​បាន​ល្អ—បន្ទាប់​ពី​បាន​ឮ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ និង​ទទួល​ការ​បម្រើ​របស់​ពួក​លោក។ បន្ទាប់​មក ពួក​គេ​នឹង​ស្គាល់​សំឡេង​ទ្រង់ ហើយ​ពួក​គេ​នឹង​ធ្វើ​តាម​ទ្រង់។ ការ​បម្រើ​ផ្ទាល់​ខ្លួន​បែប​នោះ គឺរួម​បញ្ចូល​ទាំង​ការ​រក្សា​សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង។

ដូច​គ្នា​នោះ​ផង​ដែរ ការ​ធ្វើ​ជា​គំរូល្អ​​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ជាសេចក្តី​ផ្តើម​នៃ​លិខិតដ៏​ល្អ​បំផុត​របស់​យើង ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​យើង​អាច​ចែក​ចាយ​ដំណឹង​ល្អ​ជា​មួយបាន។ នៅ​ពេល​យើង​បើក​មាត់​យើង ហើយ​ចែកចាយ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​ក្លាយ​ជា «កូន​ចៀមក្រោម​ការ​ថែទាំ​របស់​ទ្រង់ ទទួល​ខុស​ត្រូវ​ចិញ្ចឹម​បី​បាច់ចៀម​ក្នុង​ក្រោល និង​កូន​ចៀម​ក្នុង​ហ្វូង​របស់​ទ្រង់»5 យើង​ក្លាយ​ជា «ពួកកំសោយ និង​ពួករាបទាប»6 «អ្នក​នេសាទ​មនុស្ស»។7

ការ​បម្រើ​របស់​យើង និង​កិច្ច​ការ​បម្រើ​ផ្ទាល់​ខ្លួន​របស់​យើង គឺ​ពុំ​មាន​ព្រំ​ដែន​កំណត់​ចំពោះ​ជីវិត​ដែល​នៅ​លើ​ផែន​ដី​នេះ​ទេ។ យើង​ក៏​អាច​ធ្វើ​កិច្ចការ​សម្រាប់​អ្នក​ដែល​ស្លាប់—ចំពោះ​អ្នក​ដែល​រស់​នៅ​ក្នុង​ពិភព​វិញ្ញាណ ហើយ​ចំពោះ​អ្នក​ដែល​ពុំ​មាន​ឱកាសនៅ​ក្នុង​ជីវិត​រមែង​ស្លាប់នេះ ដើម្បី​ទទួល​ពិធីបរិសុទ្ធស្រោចស្រង់សង្រ្គោះ​នៃ​ដំណឹង​ល្អ​នៃ​ព្រះ​​យេស៊ូវ​គ្រីស្ទ។ យើង​ក៏​អាច​រក្សា​សៀវភៅ​កំណត់ហេតុ និង​សរសេរ​ពង្ស​ប្រវត្តិ​គ្រួសារ​យើង ដើម្បី​បង្វែរ​ចិត្ត​នៃ​ជន​ដែល​រស់​នៅ ទៅ​ជន​ដែល​រស់​នៅ—ក៏​ដូចជា ដួង​ចិត្ត​នៃ​ជន​ដែល​រស់​នៅ​ចំពោះ​បព្វការីជន​របស់​ពួក​គេ​ដែរ។ អ្វីៗ​ទាំង​អស់​គឺ​ដើម្បី​ភ្ជាប់​គ្រួសារ​យើង តាម​ជំនាន់ដែល​ជា​ចំណង​ដ៏​អស់​កល្ប​ជានិច្ច។ ពេល​យើង​ធ្វើ​ដូច្នោះ យើង​ក្លាយ​ជា «បាន​សង្រ្គោះ​ឡើង​មក​ឯ​ភ្នំស៊ីយ៉ូន»។8

យើងមាន​ឱកាសពិសេស​ដើម្បី​ធ្វើ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះ​ហស្ថ​របស់​ទ្រង់។ យើង​ក៏​អាច​ធ្វើ​បែប​នោះ​ក្នុង​អាពាហ៍ពិពាហ៍​យើង ក្នុង​គ្រួសារយើង ជា​មួយ​មិត្ត​ភក្តិ​យើង និង​បងប្អូន​យើង។ នោះ​ហើយ​គឺ​ជា​ការ​បម្រើ​ផ្ទាល់​ខ្លួន​យើង ក្នុង​នាម​ជា​សិស្ស​ពិត​ប្រាកដ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។

«រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា​នៅ​ចំពោះ​លោក ហើយ​លោកនឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល​ដែល​ញែក​ចៀម​ចេញ​ពី​ពពែដែរ៖

«រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង។

«នោះ​លោកដ៏​​ជា​ស្តេចនឹង​មាន​បន្ទូលទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​យើង បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរតកចុះ គឺ​ជា​នគរ​ដែល​បាន​រៀប​ចំ​ទុក សម្រាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកិយ​មក៖

«​ពីព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ៖ យើង​បាន​ស្រែក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យផឹក៖ យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង៖

«យើង​នៅ​អាក្រាតហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​យើង៖ យើង​បាន​ឈឺ​ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង៖ ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើ។

«នោះ​ពួក​មនុស្ស​សុចរិតនឹង​ទូល​សួរ​ទ្រង់​ថា ព្រះ​អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សើយ​ពី​កាលណា?

«តើ​យើង​ខ្ញុំ បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា? ឬ​ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាលណា?

«តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ​ឬជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាលណា?

«ហើយ​នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការណ័​ទាំង​នោះដល់​អ្នក​តូច​បំផុតក្នុង​ពួកបងប្អូន​​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ»។9

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​បាន​ធ្វើ​ដូច្នោះ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន។