ឆ្នាំ ២០១០-២០១៩
ជួយសង្គ្រោះ​ដោយ​សាមគ្គីគ្នា
១០ 2014


ជួយសង្គ្រោះ​ដោយ​សាមគ្គីគ្នា

ដើម្បី​ជួយ​ព្រះអង្គសង្គ្រោះ យើង​ត្រូវ​ធ្វើការ​រួម​គ្នា​ដោយ​សាមគ្គីភាព និង ភាព​សុខដុម។ មនុស្ស​គ្រប់រូប គ្រប់​មុខងារ និង​ការហៅ​ជាកត្តា​ដ៏សំខាន់។

ជារឿយៗ យើង​ស្ដាប់​ឮប្រធាន​ថូម៉ាស  អេស ម៉នសុន ថ្លែង​ថា «សូម​ឈោង​ទៅ​ជួយ​សង្គ្រោះ»។1 ខ្ញុំ​បាន​គិត​ឃើញ​ពី​រឿង​មួយ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី។ វា​ជាការ​បង្ហាញ​មួយ​ដ៏​ល្អឥតខ្ចោះ​ពី​របៀប​ដែល​សមាជិក​ និងពួក​អ្នកផ្សាយ​សាសនា​អាច​ធ្វើ​ការ​រួម​គ្នា​ក្នុង​សាមគ្គីភាព​តាមរយៈ​ក្រុមប្រឹក្សា​វួដ​ដើម្បី​ឈោងទៅ ហើយ​ជួយ​សង្គ្រោះ។ រឿងនោះ​គឺ​នៅ​ក្នុង​ម៉ាកុស 2:1–5។ ខ្ញុំ​រកឃើញ​ថា បទពិសោធន៍​ដែល​ព្រះយេស៊ូវ​បានប្រើ​ដើម្បី​បង្រៀន​យើង​ពី​គោលលទ្ធិ ឬ​គោលការណ៍​ជាក់លាក់​តែងមាន​ការ​បំផុស​គំនិត​ ​និង​ងាយ​យល់បំផុត ។

តួអង្គ​មួយ​ក្នុង​រឿង​នេះ​គឺជា​បុរសខ្វិនម្នាក់ ដែល​ត្រូវការ​ជំនួយ​ពេល​ធ្វើ​ចលនា។ បុរសនេះ​ អាច​នៅ​តែ​ផ្ទះ រង់ចាំ​​ឲ្យ​គេមក​ជួយប៉ុណ្ណោះ។

ក្នុង​ជំនាន់​យើង វា​អាច​មាន​រឿង​បែបនេះ។ មាន​មនុស្ស​បួននាក់​ បាន​បំពេញ​ការចាត់តាំង​​មកពី​ប៊ីស្សព ឲ្យ​ទៅ​សួរ​សុខទុក្ខ​ផ្ទះ​បុរស​នេះ ដែល​ឈឺ​ស្វិត​ដៃជើង​នោះ។ ខ្ញុំ​អាច​ស្រមៃ​ឃើញ​ថា ពួកគេ​ ម្នាក់​មក​ពី​សមាគមសង្គ្រោះ ម្នាក់​មក​ពី​កូរ៉ុម​អែលឌើរ ម្នាក់ទៀត​មក​ពី​បព្វជិតភាពអើរ៉ុន ហើយនឹង ​អ្នកផ្សាយ​សាសនា​ពេញ​ម៉ោង។ ក្នុង​ក្រុមប្រឹក្សា​វួដ​ថ្មីៗ បន្ទាប់ពី​ប្រឹក្សា​រួមគ្នា​អំពីតម្រូវការក្នុង​វួដ​ហើយ នោះ​ប៊ីស្សព​បាន​ចាត់​ឲ្យ​មាន «ការ​ជួយ​សង្គ្រោះ»។ អ្នកទាំងបួន​នេះ​ត្រូវបានចាត់​ឲ្យ​ជួយ​បុរស​ម្នាក់​នេះ​ ដែលមាន​ជំងឺស្លាប់ដៃជើង។ ពួកគេ​មិន​បានរង​ចាំ​ឲ្យគាត់​មក​ព្រះវិហារ​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ពួកគេ​ត្រូវទៅ​សួរសុខទុក្ខគាត់នៅ​ផ្ទះ។ ពួកគេ​ត្រូវទៅស្វែងរក​គាត់ ហើយ​ពួកគេ​បាន​ចេញទៅ។ បុរស​នោះ​ត្រូវបាន​នាំ​ទៅរក​ព្រះយេស៊ូវ។

«មាន​ ៤ នាក់សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​[មក]​ឯទ្រង់» (ម៉ាកុស 2:3)។

ប៉ុន្តែបន្ទប់នោះ​មាន​មនុស្ស​​យ៉ាងច្រើន។ ពួកគេ​មិន​អាច​ចូល​តាម​មាត់ទ្វារ​បាន​ឡើយ។ ខ្ញុំ​ជឿថា ពួកគេ​បានព្យាយាមតាម​គ្រប់​របៀប​ដែល​ពួកគេ អាច​គិត​ឃើញ ប៉ុន្តែ​ពួកគេនៅតែ​មិន​អាច​ចូល​ទៅបាន។ រឿងទាំងឡាយ​មិន​​កើត​ឡើង​ដូចអ្វីដែល​គិតទុក​នោះទេ។ នៅ​តាម​ផ្លូវ​នៃការ «ជួយសង្គ្រោះ» តែ​ងមាន​ឧបសគ្គ​ជានិច្ច។ ប៉ុន្តែ​ពួកគេ​មិន​ចុះចាញ់ឡើយ។ ពួកគេ​មិន​បាន​ទុក​បុរស​ដែល​មាន​ជំងឺស្លាប់ដៃជើង​ចោល​នៅ​ក្បែរ​មាត់ទ្វារ​ឡើយ។ ពួក​គេ​បាន​ប្រឹក្សា​រួមគ្នា​ពីអ្វីដែលត្រូវធ្វើ​បន្ទាប់ទៀត—ពីរបៀបដែល​ពួកគេ​អាច​នាំ​បុរស​នោះ​ទៅ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទព្យាបាល។ កិច្ចការ​ដើម្បី​ជួយ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ព្រលឹង យ៉ាងហោច​ណាស់​សម្រាប់ពួកគេ ពុំមែន​ជាការ​បង្ខិតបង្ខំ​ឡើយ។ ពួកគេ​បាន​មាន​ផែនការ​មួយ—ជាអ្វីមួយ​ដ៏ពិបាក ប៉ុន្តែ​ពួកគេបានធ្វើ​វា។

«តែពុំអាច​នឹង​ចូលទៅ​ជិតទ្រង់​បាន​ឡើយ ដោយ​ព្រោះ​ហ្វូងមនុស្ស បាន​ជាគេ​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់នៅ កាល​ទំលុះរួចហើយ នោះ​ក៏សំរូត​គ្រែ​ដែល​មនុស្ស​ស្លាប់ដៃស្លាប់ជើងដេក​នោះចុះទៅ» (ម៉ាកុស 2:4)។

ពួកគេបាន​នាំគាត់​ឡើង​ទៅ​ដំបូល​ផ្ទះ។ ឧបមា​ថា គ្មាន​កាំជណ្ដើរ​នៅ​ខាងក្រៅ​ វា​ត្រូវចំណាយពេល​យ៉ាងយូរ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​អាច​ឡើង​លើ​ដំបូល​នោះបាន។ ខ្ញុំ​គិត​ថា វាអាច​​កើត​ឡើង​តាម​របៀប​នេះឯង៖ យុវជន​ក្នុងវួដ​គាត់បាន​ឡើងទៅ​ដំបូល​នោះ​មុន​គេ។ កាល​គាត់នៅ​ក្មេង​ ហើយ​ពេញ​​កម្លាំង ការណ៍​នោះ​មិនពិបាក​ទេសម្រាប់គាត់។ ដៃគូបង្រៀន​តាម​ផ្ទះ​គាត់​មក​ពី​កូរ៉ុម​នៃអែលឌើរ និង​អ្នកផ្សាយ​សាសនា​ពេញ​ម៉ោង ដែល​មាន​មាឌខ្ពស់ ហើយ​មាំ បាន​ខំ​ជួយ​រុញ​ពី​ក្រោម។ បងប្អូន​ស្រី​ក្នុង​សមាគម​សង្គ្រោះ​ត្រូវ​រំឭក​ពួកគេ​ឲ្យ​ប្រុងប្រយ័ត្ន ហើយ​និយាយ​លើក​ទឹកចិត្តពួកគេ។ រួច​ពួក​បុរសទាំងនោះ​បាន​បើ​កដំបូល កាល​បងប្អូនស្រី​នោះ​បន្ត​លួងលោម​ចិត្ត​បុរសនោះ ពេល​គាត់រង់ចាំដើម្បី​ទទួល​ការ​ព្យាបាល​—​ដើម្បី​អាច​ធ្វើ​ចលនា​ដោយខ្លួនឯង ហើយ​មាន​សេរីភាព។

កិច្ចការ​ជួយ​សង្គ្រោះ​នេះ​តម្រូវឲ្យ​មនុស្សគ្រប់​រូប​​ធ្វើ​ការរួម​គ្នា។ ក្នុង​គ្រាដ៏សំខាន់នោះ វា​ត្រូវការ​ការ​សហការ​គ្នា​ដើម្បី​សំរូត​បុរស​នោះ​ដោយ​ប្រុង​ប្រយ័ត្ន​ចុះពី​លើ​ដំបូល។ បួននាក់នោះ​ត្រូវធ្វើ​ការ​រួមគ្នា និង​ដោយ​ភាពសុខដុម។ ពួកគេមិន​ត្រូវមានការ​ទាស់ទែង​គ្នា​ឡើយ។ ពួកគេត្រូវសំរូតបុរសនោះ​ចុះ​ដំណាលគ្នា។ បើ​នរណា​ម្នាក់​សំរូតខ្សែនោះ​លឿន​ជាងបីនាក់ទៀត បុរសនោះ​នឹងត្រូវធ្លាក់ពី​លើ​គ្រែមិន​ខានឡើយ។ គាត់មិន​អាច​ទប់ខ្លួនឯង​បាន​ទេ ដោយសារ​ស្ថានភាពទន់ខ្សោយ​របស់​គាត់។

ដើម្បី​ជួយ​ព្រះអង្គសង្គ្រោះ យើង​ត្រូវ​ធ្វើការ​រួម​គ្នា​ដោយ​សាមគ្គីភាព និង ភាព​សុខដុម។ មនុស្ស​គ្រប់រូប គ្រប់​មុខងារ និង​ការហៅ​ជាកត្តា​ដ៏សំខាន់។ យើង​ត្រូវតែសាមគ្គីគ្នា​ក្នុងព្រះអម្ចាស់របស់យើង ព្រះយេស៊ូវគ្រីស្ទ។

នៅទីបំផុត បុរស​ដែលមាន​ជំងឺ​ស្លាប់​ដៃ​ជើង​នោះត្រូវបាន​ដាក់នៅចំពោះ​ព្រះយេស៊ូវ។ «ព្រះយេស៊ូវ​ក៏ឃើញ​សេចក្ដីជំនឿរបស់​អ្នក​ទាំងនោះ ហើយទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់ដៃស្លាប់ជើង​ថា កូនអើយ បាប​របស់​ឯង​បាន​អត់ទោស​ឲ្យ​ឯង​ហើយ» (ម៉ាកុស 2:5)។ ព្រះយេស៊ូវ​បាន​បង្ហាញ​ក្ដីមេត្តា​ដល់​គាត់ ហើយ​បាន​ព្យាបាលគាត់—ទាំងខាង​រូបកាយ និង ខាង​វិញ្ញាណ៖ «កូនអើយ បាប​របស់​ឯង​បាន​អត់ទោស​ឲ្យ​ឯង​ហើយ»។ តើ​នោះ​មិន​អស្ចារ្យ​ទេ​ឬអី ? តើ​យើង​មិន​ចង់​ឲ្យ​រឿងនោះ​កើត​ឡើង​ចំពោះ​យើង​គ្រប់គ្នាដែរទេឬអី? ខ្ញុំ​ពិតជាចង់។

តើ​យើង​ស្គាល់នរណាម្នាក់ដែល​រងទុក្ខដោយ​ជំងឺខាង​វិញ្ញាណ ជាមនុស្សម្នាក់​ដែល​មិន​អាច​ត្រឡប់មក​សាសនាចក្រ​ដោយ​ខ្លួនឯង​ដែរឬទេ? គាត់អាច​ជា​កូនចៅយើង ជាឪពុក ឬម្ដាយ ជាស្វាមី ភរិយា ឬ​មិត្ត​យើង។

ឥឡូវនេះដោយ​មាន​អ្នកផ្សាយ​សាសនា​ពេញ​ម៉ោង​ជាច្រើន​ក្នុង​សាសនាចក្រ ប៊ីស្សព និង ប្រធានសាខា​គួរឈ្លាសវៃ​ដើម្បី​ប្រើពួកគេ​នៅ​ក្នុង​ក្រុមប្រឹក្សាវួដ និង​សាខា​របស់ខ្លួន។ ប៊ីស្សព​អាច​អញ្ជើញ​សមាជិក​ម្នាក់ៗក្នុង​ក្រុមប្រឹក្សា​ឲ្យ​កត់​បញ្ជីឈ្មោះ​មនុស្ស​ដែល​អាច​ត្រូវ​ការ​ជំនួយ។ សមាជិក​ក្នុង​ក្រុមប្រឹក្សា​វួដ​នឹង​ប្រឹក្សា​រួម​គ្នា​ដោយ​ប្រុង​ប្រយ័ត្ន​ពី​របៀប​ដែល​ពួកគេ​អាច​ជួយ​​បាន​ល្អបំផុត។ ប៊ីស្សព​នឹង​ស្ដាប់រាល់គំនិត ហើយ​ធ្វើការ​ចាត់តាំង។

ពួកអ្នកផ្សាយសាសនាពេញម៉ោងគឺជា​ធនធាន​ដ៏​ធំសម្រាប់វួដ​ក្នុង​ការ​ខិតខំជួយសង្គ្រោះ​ទាំងនេះ។ ពួកគេនៅក្មេង ហើយ​ពេញ​ដោយ​កម្លាំង។ ពួកគេចង់បាន​បញ្ជីឈ្មោះមនុស្សជាក់លាក់​ដើម្បី​ជួយ។ ពួកគេ​រីករាយធ្វើការរួមគ្នា​ជាមួយ​នឹង​សមាជិកវួដ។ ពួកគេ​ដឹង​ថា នេះ​ជា​ឱកាស​ដ៏អស្ចារ្យ​សម្រាប់ពួកគេស្វែងរក​សមាជិក។ ពួកគេ​មាន​ការ​លះបង់​ក្នុងការស្ថាបនា​នគរ​ព្រះអម្ចាស់។ ពួកគេមាន​ទីបន្ទាល់រឹងមាំ​ថា ពួកគេ​នឹង​ក្លាយ​កាន់តែដូចជាព្រះគ្រីស្ទ ពេលពួកគេ​ចូលរួម​ក្នុងកិច្ចការជួយសង្គ្រោះ​ទាំងនេះ។

ជាទីបញ្ចប់ ខ្ញុំសូម​ចែកចាយ​រឿងដ៏មាន​តម្លៃ​មួយ​ទៀត​ដែល​បាន​លាក់ទុក​ក្នុង​ដំណើររឿង​នៃ​ព្រះគម្ពីរ​ជាមួយ​នឹងបងប្អូន។ វា​គឺនៅ​ក្នុង​ខ ទី ៥៖ «ព្រះយេស៊ូវ​ក៏ឃើញ​សេចក្ដីជំនឿ​របស់​អ្នក​ទាំងនោះ» (ការ​គូសបញ្ជាក់​បាន​បន្ថេម)។ ពីមុន​ ខ្ញុំមិន​បានកត់សម្គាល់​ទេនៅ​​ពាក្យ​ថា—សេចក្ដី​ជំនឿ​របស់​អ្នក​ទាំងនោះ។ សេចក្ដីជំនឿ​រួម​គ្នា​របស់យើង​ក៏​នឹង​ជះឥទ្ធិពលដល់​សុខុមាលភាពរបស់អ្នកដទៃ​ដែរ។

តើ​នរណាទៅជាមនុស្សដែល​ព្រះយេស៊ូវ​បាន​លើក​ឡើង? ពួកគេជាអ្នកទាំងបួន​ដែល​សែង​បុរស​ដែល​មាន​​ជំងឺស្លាប់ដៃជើង​នោះ ជា​បុរស​នោះ​ផ្ទាល់ ជា​មនុស្ស​ដែល​បាន​អធិស្ឋាន​ឲ្យ​គាត់ និង​ជន​ដែល​នៅ​ទីនោះស្ដាប់​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ហើយ​អបអរដោយ​ស្ងៀម​ស្ងាត់ក្នុង​ចិត្ត​ពួកគេ​សម្រាប់​អព្ភូតហេតុ​ដែល​នឹង​កើត​មាន​ក្នុងពេល​ឆាប់ៗ។ ពួកគេក៏អាច​ជា​ស្វាមី ឬភរិយា ឪពុក ឬម្ដាយ កូនប្រុស ឬកូនស្រី អ្នកផ្សាយ​សាសនា ប្រធានកូរ៉ុម ប្រធាន​សមាគមសង្គ្រោះ ប៊ីស្សព និង មិត្តម្នាក់ដែល​នៅឆ្ងាយ​ផងដែរ។ យើងទាំងអស់គ្នាអាចជួយ​គ្នាទៅវិញទៅមក។ យើងគួរមាន​ចិត្ត​ចង់​ចូលរួម​ក្នុងការ​ស្វែង​រកជួយ​សង្គ្រោះ​ដល់​ជន​ដែលខ្វះខាត​ជានិច្ច។

ខ្ញុំ​​ថ្លែងទី​បន្ទាល់ថា​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជាព្រះ​នៃ​អព្ភូតហេតុ។ ព្រះយេស៊ូវគ្រីស្ទស្រឡាញ់​យើង​គ្រប់គ្នា ហើយ​មាន​ព្រះចេស្ដា​ដើម្បី​សង្គ្រោះ និងព្យាបាល ទាំងខាង​សាច់ឈាម និង ខាង​វិញ្ញាណ។ ពេល​យើងជួយ​ទ្រង់​ក្នុង​បេសកកម្ម​របស់ទ្រង់​ដើម្បីជួយ​សង្គ្រោះ​ដល់ព្រលឹង យើង​ក៏ត្រូវបាន​ជួយ​សង្គ្រោះ​ដែរ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​ដ៏បរិសុទ្ធ​របស់ទ្រង់ ជាព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់​ចំណាំ

  1. សម្រាប់ ​ឧទាហរណ៍ សូមមើល ថូម៉ាស  អេស ម៉នសុន «Our Responsibility to Rescue» Ensign​​​ ឬ Liahona ខែ តុលា ឆ្នាំ 2013 ទំព័រ 5។