ឆ្នាំ ២០១០-២០១៩
ជ្រើសរើស​ដោយ​វាងវៃ
១០ 2014


ជ្រើសរើស​ដោយ​វាងវៃ

« បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ » (អេសាយ 7:15)។

បងប្អូន​ប្រុស​ជា​ទី​ស្រឡាញ់ បំណង​ខ្ញុំនា​ល្ងាច​នេះ​គឺ​ចង់​ចែកចាយ​ដំបូន្មាន​ខ្លះ​អំពី​ការសម្រេចចិត្ត និង​ជម្រើស ។

កាល​នៅ​ក្មេង​ខ្ញុំ​ធ្វើ​ជា​មេធាវី​នៅ​តំបន់​ឈូង​សមុទ្រ សាន់ ហ្វ្រាន់ស៊ីស្កូ សហគ្រាស​យើង​បាន​ធ្វើការ​ផ្នែក​ច្បាប់​ឲ្យ​ក្រុមហ៊ុន​ដែល​ផលិត​រឿង​របស់ ឆាលី ប្រោន ជា​កម្មវិធី​ពិសេស​តាម​ទូរទស្សន៍​សម្រាប់​ថ្ងៃបុណ្យ ។1 ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​លោក ឆាល ស្សុល និង​វណ្ណកម្ម​លោក​គឺ​—រឿង សណ្ដែក​ដី ដែល​មាន ឆាលី ប្រោន លូស៊ី ស្នូបភី និង តួ​សម្ដែង​ល្បីៗ​ដទៃ​ទៀត ។

វគ្គ​កំប្លែង​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ​គឺ​ទាក់ទង​នឹង លូស៊ី ។ បើ​តាម​ខ្ញុំ​ចាំ ក្រុម​កីឡា​វាយ​កូនបាល់​របស់ ឆាលី ប្រោន បាន​ចូលរួម​ការប្រកួត​ដ៏​សំខាន់​មួយ​គឺ—លូស៊ី ​ជា​អ្នក​ចាប់​កូនបាល់ ហើយ​កូនបាល់​មួយ​បាន​ហោះ​សំដៅ​មក​នាង ។ កន្លែង​ចាំ​ទី​ទាំងបី​ពេញ​ទាំង​អស់ ហើយ​វា​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ ។ បើ លូស៊ី ចាប់​កូនបាល់​បាន​នោះ ក្រុម​នាង​នឹង​ឈ្នះ ។ បើ លូស៊ី លែង​កូនបាល់​នោះ ក្រុម​គេ​នឹង​ឈ្នះ ។

វា​អាច​កើតឡើង​តែ​ក្នុង​វគ្គ​កំប្លែង​នេះ​ប៉ុណ្ណោះ ដែល​សមាជិក​ក្រុម​ទាំងអស់​បាន​មក​ឈរ​ជុំ​វិញ លូស៊ី នៅពេល​កូនបាល់​​ធ្លាក់​ចុះ​មក ។ លូស៊ី បាន​គិត​ថា « បើ​ខ្ញុំ​ចាប់​កូនបាល់ ខ្ញុំ​នឹង​ក្លាយ​ជា​វីរនារី តែ​បើ​ខ្ញុំ​លែង​វា​ចោល ខ្ញុំ​នឹង​ជា​មនុស្ស​ល្ងង់ » ។

កូនបាល់​បាន​ធ្លាក់​ចុះ​មក ហើយ​ពេល​សមាជិក​ក្រុម​សម្លឹង​មើល​នាង​យ៉ាង​មុតមាំ លូស៊ី បាន​លែង​កូនបាល់​នោះ​ចោល ។ ឆាលី ប្រោន បាន​គ្រវែង​ស្រោមដៃ​ទៅ​លើ​ដី​ទាំង​ខឹង ។ លូស៊ី បាន​មើល​ទៅ​សមាជិក​ក្រុម​នាង ហើយ​ឈរ​ច្រត់​ចង្កេះ​ដោយ​ពោល​ថា « តើ​អ្នក​ទាំង​អស់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ចាប់​កូនបាល់​នោះ​យ៉ាងម៉េច​បើ​ខ្ញុំ​ចេះ​តែ​ខ្វល់ខ្វាយ​ពី​បញ្ហា​គោលនយោបាយ​កិច្ចការ​បរទេស​ប្រទេស​យើង​ជាមួយ​ប្រទេស​ដទៃ​នោះ ? »

នេះ​មិនមែន​ជា​កូនបាល់​ទី​មួយ​ទេ ដែល លូស៊ី បាន​លែង​ចោល​ពេញ​មួយ​ឆ្នាំ ហើយ​តែងតែ​មាន​ការដោះសារ​ជានិច្ច ។2 ទោះ​ជា​ទង្វើ​ទាំងនោះ​គួរ​ឲ្យ​អស់​សំណើច​ក្ដី ក៏​ការដោះសារ​របស់ លូស៊ី តែងតែ​មាន​ជានិច្ច ដែល​ជា​ហេតុផល​ដែល​នាង​ពុំ​ចាប់​កូនបាល់ ។

អំឡុង​ការបម្រើ​របស់​ប្រធាន ថូម៉ាស  អេស ម៉នសុន លោក​តែង​បង្រៀន​ថា ការសម្រេចចិត្ត​កំណត់​ពី​ជោគវាសនា ។3 ដំបូន្មាន​ខ្ញុំ​ល្ងាច​នេះ​គឺ​ត្រូវ​ងើប​ចេញ​ពី​ការដោះសារ​ទាំងឡាយ​ណា​ដែល​បង្ខាំង​យើង​ពី​ការធ្វើ​ជម្រើស​ត្រឹមត្រូវ ជា​ពិសេស​បំណង​បម្រើ​ព្រះយេស៊ូវគ្រីស្ទ ។ គម្ពីរ​អេសាយ​បង្រៀន​ថា​យើង​ត្រូវ « បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ » ។4

ខ្ញុំ​ជឿ​ថា​វា​ជា​ផ្នែក​សំខាន់​ក្នុង​ជីវិត​យើង កាល​សាតាំង​កំពុង​តែ​ក្ដាប់​ដួងចិត្ត​មនុស្ស​ដោយ​ល្បិច​ដ៏​ប៉ិនប្រសប់ និង​ថ្មីៗ​ជា​ច្រើន ថា​ជម្រើស និង​ការសម្រេចចិត្ត​យើង​ត្រូវ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន ស្រប​ទៅ​នឹង​គោលដៅ និង​ទិសដៅ​ដែល​យើង​ចង់​រស់​នៅ​តាម ។ យើង​ត្រូវការ​ការតាំងចិត្ត​ដ៏​ម៉ឺងម៉ាត់​ចំពោះ​ព្រះបញ្ញត្តិ ហើយ​គោរពប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង​ចំពោះ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ។ ពេល​យើង​អនុញ្ញាត​ឲ្យ​ការដោះសារ​ទាំងឡាយ​រារាំង​យើង​ពី​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បេសកកម្ម​ដ៏​សក្ដិសម និង​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ វា​ពិត​ជា​គ្រោះថ្នាក់​ណាស់ ។ វា​ជា​រឿង​ខូចចិត្ត​បំផុត​កាល​យើង​ចង់​រស់​តាម​គោលដៅ​ទាំងនេះ តែ​រាល់ថ្ងៃ​មិន​រស់​តាម​របៀប​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​សម្រេច​បាន​វា​នោះ ។5

យុវវ័យ​ខ្លះ​ចង់​ដាក់​គោលដៅ​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ តែ​ពុំ​មាន​ភាពសក្ដិសម​ចូល​ព្រះវិហារ​បរិសុទ្ធ ។ និយាយ​តាម​ត្រង់ យុវវ័យ​ខ្លះ​ពុំ​ព្រម​ទាំង​ណាត់​គ្នា​ដើរ​លេង​​ផង! ពួក​បុរស​ដែល​នៅ​លីវ​អើយ ដរាប​ណា​អ្នក​នៅ​លីវ​កាន់តែ​យូរ បន្ទាប់​ពី​គ្រប់​អាយុ និង​ភាពចាស់ទុំ​ល្មម​ហើយ​នោះ អ្នក​នឹង​ចង់​តែ​រស់​ដោយ​ពុំ​រៀបការ ។ ប៉ុន្តែ​អ្នក​ក៏​អាចមិន​មាន​អារម្មណ៍​ស្រណុក​ចិត្តព្រោះមិនទាន់បាន​រៀបការ​ដែរ ! សូម «​ចូលរួម​ឲ្យបាន​រស់រវើក » 6 ក្នុង សកម្មភាព​ក្រុម​ខាង​វិញ្ញាណ និង​ខាង​សង្គម​ដែល​អាច​សម្រេច​គោលដៅ​អ្នក​ទៅ​រក​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

មនុស្ស​ខ្លះ​ពន្យា​ពេល​រៀបការ​រហូត​ដល់​បញ្ចប់​ការសិក្សា ហើយ​រក​ការងារ​បាន​ធ្វើ​សិន ។ ទោះជា​ទង្វើ​នេះ​ត្រូវ​ពិភពលោក​ទទួល​ស្គាល់​ក្ដី ក៏​ហេតុផល​នេះ​ពុំ​បង្ហាញ​ពី​សេចក្ដី​ជំនឿ ពុំ​ធ្វើតាម​ដំបូន្មាន​ពួកព្យាការី​សម័យ​ទំនើប ហើយ​ពុំ​សមស្រប​ទៅ​នឹង​គោលលទ្ធិ​ឡើយ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​នឹង​យុវជន​ដ៏​សង្ហាម្នាក់ ។ គោលដៅ​គាត់​គឺ​ទៅ​បម្រើ​បេសកកម្ម បញ្ចប់​ការសិក្សា រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​ក្រុមគ្រួសារ​រីករាយ​ដ៏​ស្មោះត្រង់​មួយ ។ ខ្ញុំ​ពេញ​ចិត្ត​គោលដៅ​របស់​គាត់ ។ ប៉ុន្តែ​ពេល​បន្ត​ការពិភាក្សា វា​បង្ហាញ​ថា​ការប្រព្រឹត្ត និង​ជម្រើស​របស់​គាត់​ពុំ​ស្រប​ទៅ​នឹង​គោលដៅ​គាត់​ឡើយ ។ ខ្ញុំ​ឃើញ​ថា​គាត់​ពិត​ជា​ចង់​ទៅ​បម្រើ​បេសកកម្ម ហើយ​ចៀសវាង​រាល់​អំពើ​រំលង​ធ្ងន់ធ្ងរ​ដែល​នឹង​បង្អាក់​គាត់​ពី​បេសកកម្ម ប៉ុន្តែ​ការប្រព្រឹត្ត​របស់​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពុំ​រៀបចំ​ខ្លួន​គាត់​សម្រាប់​ឧបសគ្គ​ខាង​សាច់ឈាម សតិអារម្មណ៍ សង្គម បញ្ញា និង​ខាង​វិញ្ញាណ​ដែល​គាត់​នឹង​ជួប​ប្រទះ​ឡើយ។7 គាត់​ពុំ​ទាន់​ចេះ​ធ្វើការ​ដោយ​ព្យាយាម​នោះ​ទេ ។ គាត់​ពុំ​យកចិត្ត​ទុកដាក់​នឹង​ការសិក្សា ឬ​ចូល​ថ្នាក់​សិក្ខាសាលា​ឡើយ ។ គាត់​ទៅ​ព្រះវិហារ តែ​ពុំ​អាន​ព្រះគម្ពីរ​មរមន​ឡើយ ។ គាត់​ចំណាយ​ពេល​ច្រើន​លេង​ហ្គេម​វីដេអូ និង​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ គាត់​ទំនង​ជា​គិត​ថា​ការចេញ​បម្រើ​បេសកកម្ម​ដ៏​សាមញ្ញ​មួយ​គឺ​គ្រប់គ្រាន់​ហើយ​មើល​ទៅ ។ ពួកយុវជន​អើយ សូម​តាំងចិត្ត​ឡើង​វិញ​ដើម្បី​ប្រព្រឹត្ត​ដោយសក្ដិសម ហើយ​រៀបចំ​ខ្លួន​ដោយ​ម៉ឹងម៉ាត់​ដើម្បី​ធ្វើ​ជា​រាជទូត​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​គឺ ព្រះយេស៊ូវគ្រីស្ទ ។

កង្វល់​ខ្ញុំ​ពុំ​មែន​គ្រាន់តែ​ជា​ការសម្រេចចិត្ត​ដែល​កំណត់​ជោគវាសនា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការសម្រេច​ចិត្ត​ដ៏​តូចៗ—គឺ​ជា​ការសម្រេចចិត្ត​រាល់​ថ្ងៃ ដែល​មើល​ទៅ​ដូចជា​រឿង​ធម្មតាៗ ដែល​យើង​ចំណាយ​ពេល​ស្ទើរតែ​មួយ​ជីវិត ។ ចំពោះ​កត្តា​ទាំងនេះ យើង​ត្រូវ​សង្កត់ធ្ងន់​លើ​ការគ្រប់គ្រង​ខ្លួន តុល្យភាព និង​ជា​ពិសេស​នោះ​គឺ ប្រាជ្ញា ។ វា​ចាំបាច់​ដែល​ត្រូវ​ចៀសវាង​ការដោះសារ​នានា ហើយ​ធ្វើ​ការសម្រេចិត្ត​ដ៏​ប្រពៃ ។

ឧទាហរណ៍​ដ៏​អស្ចារ្យ​នៃ​តម្រូវការ​ឲ្យ​មាន​ការគ្រប់គ្រង​ខ្លួន តុល្យភាព និង​ប្រាជ្ញា​គឺ​ជា ការប្រើប្រាស់​អ៊ិនធឺណែត ។ វា​អាច​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ជួយ​ដល់​ទំនួលខុសត្រូវ​បព្វជិតភាព ស្វែងរក​បុព្វការីជន​ជា​ទីស្រឡាញ់​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ផ្សេង​ទៀត​ជា​ច្រើន ។ លទ្ធភាព​សម្រាប់​កិច្ចការ​ល្អ​មាន​សន្ធឹកសន្ធាប់ ។ យើង​ក៏​ដឹង​ដែរ​ថា វា​អាច​នាំ​មក​នូវ​ការណ៍​អាក្រក់​ជា​ច្រើន​រួមទាំង​រឿង​អាសអាភាស ភាពគ្រោតគ្រាត​នៃ​ប្រព័ន្ធ​អ៊ិនធឺណែត8 និង​ការសន្ទនា​បែប​អនាមិក ។ វា​ក៏​អាច​នាំ​ឲ្យ​មាន​ទង្វើ​ឆ្កួតលីលា​មិន​ចេះ​ស្បើយ ។ ដូច​បងប្រុស រ៉ានឌល អិល រិដ បាន​បង្រៀន​យ៉ាង​ខ្លាំងៗ​នៅ​សន្និសីទ​ទូទៅ​កាល​ពី​លើក​មុន ដោយ​មាន​ប្រសាសន៍​ពី​អ៊ិនធឺណែត​ថា « អ្នក​អាច​ធ្លាក់​ទៅ​ក្នុង​រឿង​ឥត​ប្រយោជន៍​ជា​ច្រើន ដែល​ខ្ជះខ្ជាយ​ពេល​វេលា ហើយ​បង្អាប់​បង្អោន​អ្នក​ពី​ការធ្វើ​ល្អ » ។9

ការបង្អាក់​ស្មារតី និង​ការផ្ទុយ​ពី​សុចរិតភាព​ពុំ​គ្រាន់​តែ​មាន​លើ​អ៊ិនធឺណែត​ទេ គឺ​នៅ​គ្រប់​ទីកន្លែង ។ វា​ពុំ​មែន​ប៉ះពាល់​តែ​ពួកយុវវ័យ​ទេ តែ​គឺ​យើង​ទាំងអស់​គ្នា ។ យើង​រស់​ក្នុង​ពិភពលោក​ដែល​មាន​សភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។10 យើង​ត្រូវ​ឡោមព័ទ្ធ​ដោយ « ការសប្បាយ និង​ល្បែង » ដ៏​សម្បូរបែប ថែមទាំង​ជីវិត​ដែល​អសីលធម៌ និង​មិន​សមរម្យ ។ ការប្រព្រឹត្ត​ទាំងនេះ​ត្រូវ​បាន​បង្ហាញ​ថា​ជា​ទង្វើ​ធម្មតា​ក្នុង​ប្រព័ន្ធ​ផ្សពផ្សាយ​សង្គម​ភាគច្រើន ។

ថ្មីៗ​នេះ អែលឌើរ ដេវីឌ អេ បែដណា បាន​ព្រមាន​សមាជិក​ឲ្យ​ស្មោះត្រង់ក្នុង​ការចូល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។11 បុរស​ដ៏​ល្បីល្បាញ​ម្នាក់ អាសើរ ស៊ី ប្រ៊ូក បាន​គូសបញ្ជាក់​ពី​បញ្ហា​នេះ ។ លោក​សង្កេត​ឃើញ​ថា នៅ​ពេល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម យើង​ចង់​ចែកចាយ​ពី​ព័ត៌មាន​ល្អៗ​នៃ​ជីវិត តែ​មិនមែន​ជា​គ្រា​លំបាក​នៅ​ឯ​សាលា ឬ​កន្លែង​ធ្វើការ​ឡើយ ។ យើង​ចែកចាយ​ពី​ជីវិត​មិន​ពេញលេញ—ជួនកាល​តាម​របៀប​បំផ្លើស​ពី​ខ្លួន​ឯង ឬ​ខុស​ពី​ការពិត ។ យើង​ចែកចាយ​ពី​ជីវិត​នេះ ហើយ​ក្រោយ​មក​យើង​បំផ្លាញ « ជីវិត​ដែល​ស្ទើរតែ​ខុស​ពី​ការពិត​នៃ ‘​មិត្តភក្ដិ’ [យើង] លើ​ប្រព័ន្ធ​សង្គម » ។ ប្រ៊ូក បន្ថែម​ថា « តើ​យើង​អាច​មិនមាន​អារម្មណ៍​អាក្រក់​ដែល​ត្រូវ​ចំណាយ​ពេល​ខ្លះ​ធ្វើ​ពុត​ជា​មាន​សុភមង្គល​ជាង​ភាពពិត ហើយ​ពេល​ខ្លះ​ទៀត​ឃើញ​ថា​មនុស្ស​ដទៃ​មាន​សុភមង្គល​ជាង​អ្នក​យ៉ាង​ដូចម្ដេច​ទៅ » ? 12

ពេល​ខ្លះ ហាក់ដូចជា​យើង​កំពុងតែ​វង្វេង​នៅ​ក្នុង​ភាពភ្លើតភ្លើន​មិន​សមហេតុផល គ្រឿង​បញ្ឆោតចិត្ត​ឥតបានការ និង​វិវាទ​គ្មាន​ទីបញ្ចប់ ។ នៅ​ពេល​យើង​កាត់បន្ថយ​គ្រឿង​បញ្ឆោត​ចិត្ត ហើយ​កំណត់​ថា​វា​ជា​អ្វី​នោះ វា​នឹង​ពុំ​សូវ​មាន​ក្នុង​ដំណើការ​នៃ​តម្រូវការ​ដ៏​អស់កល្ប​ឆ្ពោះ​ទៅ​រក​គោលដៅ​ដ៏​សុចរិត​ឡើយ ។ មាន​ឪពុក​ម្នាក់​ឆ្លើយ​តប​ដោយ​វាងវៃ​ទៅ​នឹង​សំណើរ​សុំ​ជា​ច្រើន​ដង​របស់​កូនៗ​គាត់​ដើម្បី​ប្រើ​គ្រឿង​បញ្ឆោតចិត្ត​ទាំងនេះ ។ គាត់​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា « តើ​វា​នឹង​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ទេ » ?

ពេល​យើង​ដោះសារ​ចំពោះ​ជម្រើស​ខុស ទោះ​ធំ ឬ​តូច​ក្ដី ដែល​ពុំ​សមស្រប​នឹង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ នោះ​យើង​បាត់បង់​ពរជ័យ និង​ការការពារ​ដែល​យើង​ត្រូវការ ហើយ​ធ្លាក់​ទៅ​ក្នុង​អំពើ​បាប ឬ​បាត់បង់​ការដឹកនាំ​ដោយ​ងាយ ។

ខ្ញុំ​ពិត​ជា​បារម្ភ​ពី​ភាពភ្លើតភ្លើន13 និង ការចង់​បាន « អ្វី​ដែល​ទំនើប » ។ ក្នុង​សាសនាចក្រ យើង​ផ្សព្វផ្សាយ ហើយ​ឲ្យ​តម្លៃ​ខ្ពស់​លើ​សេចក្ដី​ពិត និង​ចំណេះដឹង​ទូទៅ ។ ប៉ុន្តែ​ពេល​វប្បធម៌ ចំណេះដឹង និង​ទំនៀមទម្លាប់​សង្គម​បាន​ឃ្លាតឆ្ងាយ​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ និង​តួនាទី​សំខាន់​នៃ​ព្រះយេស៊ូវគ្រីស្ទ លំដាប់​នោះ​នឹង​មាន​ការស្រុតចុះ​ក្នុង​សង្គម​ដែល​ចៀស​​មិន​រួច ។14 សព្វថ្ងៃ ទោះជា​មាន​វឌ្ឈនភាព​ក្នុង​គ្រប់​វិស័យ​ដែល​មិន​ធ្លាប់​មានពី​មុន​មក ជា​ពិសេស​ផ្នែក​វិទ្យាសាស្ត្រ និង​ការទំនាក់ទំនង​ក្ដី ក៏​តម្លៃ​មូលដ្ឋាន​សំខាន់ៗ​បាន​ធ្លាក់​ចុះ ហើយ​សុភមង្គល និង​សុខុមាលភាព​ពេញលេញ​បាន​ថយចុះ​ដែរ ។

កាល​សាវក ប៉ុល ត្រូវ​គេ​អញ្ជើញ​ឲ្យ​ថ្លែង​សុន្ទរកថា​នៅ​ទី​អើរីយ៉ូស ទីក្រុង​អាថែន លោក​បាន​រក​ឃើញ​ភាពក្រអឺតក្រទម​ខាង​បញ្ញា និង​អវត្តមាន​នៃ​សេចក្ដីពិត​ដែល​កើតមាន​សព្វថ្ងៃ​នេះ ។15 នៅ​ក្នុង​គម្ពីរ​កិច្ចការ​ចែង​ថា ៖ « រីឯ​ពួក​អ្នក​នៅ​ក្រុង​អាថែន និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់នៅ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​បង់​ពេល​ទំនេរ​នឹង​ធ្វើ​អ្វី​ទៀត​ទេ គេ​គិត​តែ​ពី​ប្រាប់ ឬ​ស្ដាប់​សេចក្ដី​ថ្មី​ប៉ុណ្ណោះ » ។16 ការគូសបញ្ជាក់​របស់ ប៉ុល គឺ​អំពី​ដំណើរ​រស់​ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ កាល​បណ្ដាជន​បាន​ដឹង​ថា​សារលិខិត​លោក​ជា​ខាង​សាសនា មនុស្ស​ខ្លះ​ចំអក ខ្លះ​បដិសេធ​ពោល​ថា « យើង​នឹង​ស្ដាប់​អ្នក​ពី​ដំណើរ​នេះ​ម្ដង​ទៀត » ។17 ប៉ុល ក៏​ចេញ​ពី​ក្រុង​អាថែន ដោយ​គ្មាន​ជោគជ័យ​អ្វី​ឡើយ ។ ឌៀន ហ្វ្រែឌើរិក ហ្វារ៉ា បាន​សរសេរ​ពី​ទស្សនកិច្ច​នេះ​ថា ៖ « នៅ​ក្រុង​អាថែន លោក​ពុំ​ឃើញ​មាន​ព្រះវិហារ ហើយ​លោក​ពុំ​បាន​សរសេរ​សំបុត្រ​ទៅ​ក្រុង​នោះ​ទេ ហើយ​ក្រុង​អាថែន​នោះ​ឯង​ជា​ប្រទេស​ជិត​ខាង​ដែល​លោក​មិន​ដែល​ឈាន​ជើង​ទៅ​ម្ដង​ទៀត​ឡើយ » ។18

ខ្ញុំ​ជឿ​លើ​សារលិខិត​ដ៏​បំផុស​គំនិត​របស់ អែលឌើរ ដាល្លិន អេក អូក ដែល​បែងចែក​ដាច់ស្រឡះ​រវាង​ពាក្យ « ប្រសើរ ប្រសើរជាង ប្រសើរ​បំផុត » ផ្ដល់​នូវ​វិធី​ដ៏​ល្អ​ដើម្បី​វាយតម្លៃ​ជម្រើស និង​អាទិភាព ។19 ជម្រើស​ជា​ច្រើន​ពុំ​សុទ្ធតែ​អាក្រក់​ទេ តែ​បើ​វា​ស៊ី​ពេល​ទាំងអស់ ហើយ​បង្ខាំង​យើង​ពី​ជម្រើស​ប្រសើរ​បំផុត ដូច្នេះ វា​ពិត​ជា​គ្រោះថ្នាក់ ។

សូម្បី​តែ​សកកម្មភាព​ដ៏​សំខាន់​ក៏​ត្រូវការ​ការវាយតម្លៃ​ដែរ​ដើម្បី​អាច​កំណត់​ថា​តើ​វា​អាច​បង្អាក់​ដល់​គោលដៅ​ប្រសើរ​បំផុត​យើង​ឬ​ទេ ។ ខ្ញុំ​ចាំ​ការពិភាក្សា​មួយ​ជាមួយ​ឪពុក​ខ្ញុំ​កាល​ខ្ញុំ​នៅ​ជា​យុវជន ។ គាត់​ពុំ​ជឿ​ថា​ពួកយុវវ័យ​ផ្ដោត​អារម្មណ៍​លើ​ការត្រៀមខ្លួន​សម្រាប់​គោលដៅ​សំខាន់​រយៈពេល​យូរ—ដូចជា​ការងារ និង​ការផ្គត់ផ្គង់​គ្រួសារ​ឡើយ ។

ការសិក្សា​ដ៏​មាន​អត្ថន័យ និង​បទពិសោធន៍​ការងារ​តែងតែ​ជា​អាទិភាព​ឈាន​មុខ​ដែល​ឪពុក​ខ្ញុំ​បាន​ប្រៀនប្រដៅ ។ គាត់​យល់​ថា​សកម្មភាព​បន្ថែម​ក្រៅ​ម៉ោង​សិក្សា​ដូចជា ការតស៊ូមតិ និង​សិស្ស​រដ្ឋាភិបាល​អាច​ជា​ទិសដៅ​តម្រង់​ទៅ​កាន់​គោលដៅ​សំខាន់ៗ​ខ្លះ​របស់​ខ្ញុំ ។ គាត់​ពុំ​សូវ​​ជឿជាក់​លើ​ម៉ោង​បន្ថែម​ដែល​ខ្ញុំ​ចំណាយ​លើ​ការលេង​បាល់​ឱប បាល់បោះ វាយកូនបាល់ និង​រត់ប្រណាំងឡើយ ។ គាត់​ទទួលស្គាល់​ថា​កីឡា​អាច​បង្កើន​កម្លាំង​ខ្លាំងក្លា អត់ធន់ និង​ការងារ​ជា​ក្រុម ប៉ុន្តែ​គាត់​បន្ថែម​ថា​ប្រហែល​ជា​ការផ្ដោត​អារម្មណ៍​លើ​កីឡា​តែ​មួយ​ប្រភេទ​ក្នុង​ពេល​មួយ​ខ្លី​គឺ​ប្រសើរ​ជាង ។ ក្នុង​ទស្សនៈ​គាត់ កីឡា​គឺ​ប្រសើរ តែ​មិន​ប្រសើរ​បំផុត​ឡើយសម្រាប់​ខ្ញុំ ។ គាត់​បារម្ភ​ថា​កីឡា​ខ្លះ​គឺ​សម្រាប់​ភាពល្បីល្បាញ មាន​កិត្តិនាម​ដែល​ត្រូវ​ចំណាយ​ពេល​សម្រាប់​គោលដៅ​វែង ។

ដោយ​បទពិសោធន៍​នេះ នោះ​មូលហេតុ​មួយ​នៃ​រឿង​របស់ លូស៊ី លេង​វាយកូនបាល់​គឺ​ថា ក្នុង​ទស្សនៈ​ឪពុក​ខ្ញុំ ខ្ញុំ​គួរ​សិក្សា​ពី​គោលនយោបាយ​ក្រៅ​ប្រទេស ហើយ​កុំ​បារម្ភ​ថា​តើ​ត្រូវចាប់​កូន​បាល់​ឬ​ទេ ។ ខ្ញុំ​គួរ​ប្រាប់​ថា​ម្ដាយ​ខ្ញុំ​ចូលចិត្ត​កីឡា ។ វា​បាន​ធ្វើ​ឲ្យ​គាត់​អាក់ខាន​មើល​ការប្រកួត​ខ្ញុំ​តែ​ម្ដង​គត់​គឺ​នៅពេល​គាត់​ឈឺ​សម្រាក​ពេទ្យ ។

ខ្ញុំ​បាន​សម្រេចចិត្ត​ធ្វើតាម​ដំបូន្មាន​ឪពុក​ខ្ញុំ ហើយ​មិន​លេង​កីឡា​កាល​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ ។ ក្រោយ​មក​គ្រូបង្វឹក​បាល់ឱប​នៅ​វិទ្យាល័យ​យើង​បាន​ប្រាប់​ខ្ញុំ​ថា​គ្រូបង្វឹក​បាល់ឱប​សាលា​ស្ទែនហ្វដ ចង់​ជួប​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​ មើលីន អូលសិន និងខ្ញុំ ។ បងប្អូន​ដែល​នៅ​ក្មេង​ប្រហែល​មិន​ស្គាល់ មើលីន ថា​ជា​នរណា​ទេ ។ គាត់​ជា​អ្នក​លេង​ខ្សែ​ការពារ​ដ៏​ឆ្នើម​ជនជាតិ​អាមេរិក លេង​ឲ្យ​ក្រុម​បាល់ឱប​វិទ្យាល័យ ឡូហ្គិន ជា​កន្លែង​ដែល​ខ្ញុំ​លេង​ជា​អ្នក​ចោល​បាល់ ខ្សែ​ការពារ និង​អ្នក​ចាប់​បាល់ ហើយ​នាំ​យក​ទៅ​បោះ​ក្នុង​កន្លែង​ចាំទី ។ នៅ​វិទ្យាល័យ មើលីន ជា​កីឡាករ​ជម្រើស​ដោយ​ក្រុម​បាល់ឱប​ដ៏​ពូកែៗ​ពេញ​ប្រទេស ។ នៅ​មហាវិទ្យាល័យ​គាត់​ឈ្នះ​ពានរង្វាន់​ឆ្នើម​ជា​ខ្សែប្រកួត​ខាង​ក្នុង​ជម្រើស​ជាតិ​ដ៏​ប៉ិនប្រសប់ ។ មើលីន ជា​មនុស្ស​ទី​បី​ដែល​គេ​ជ្រើសរើស​ដើម្បី​លេង​ក្នុង​សម្ព័ន្ធ​កីឡា​ជាតិ​បាល់ឱប ហើយ​ប្រកួត​យ៉ាង​អស្ចារ្យ​ក្នុង​ការប្រកួត​ប្រចាំ​លើក​ទី 14 ។ គាត់​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ក្រុម​កីឡាករ​ជម្រើស ហល អូហ្វ ហ្វេម ក្នុង​ឆ្នាំ 1982 ។20

ការញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​គ្រូបង្វឹក​ស្ទែនហ្វដ ត្រូវ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន ប៊្លូបឺដ ក្នុង​ទីក្រុង ឡូហ្គែន រដ្ឋ យូថាហ៍ ។ ក្រោយ​ពី​បាន​ចាប់ដៃ​ខ្ញុំ​គាត់​ពុំ​បាន​មើល​មក​ខ្ញុំ​ម្ដងទៀត​ឡើយ ។ គាត់​និយាយ​តែ​ជាមួយ មើលីន ហើយ​បាន​ទុក​ខ្ញុំ​ចោល ។ ពេល​ញ៉ាំ​អាហារ​ហើយ គាត់​បែរ​មក​ខ្ញុំ​ជា​លើក​ដំបូង តែ​គាត់​មិន​ចាំ​ឈ្មោះ​ខ្ញុំ​ឡើយ ។ រួច​គាត់​ប្រាប់ មើលីន ថា « បើ​ប្អូន​សម្រេច​លេង​ឲ្យ​ស្ទែនហ្វដ ហើយ​ចង់​នាំ​មិត្ត​ប្អូន​ម្នាក់​នេះ​មក​ដែរ គាត់​​មាន​ពិន្ទុ​ល្អ​ល្មម ហើយ​យើង​អាច​រៀបចំ​បាន » ។ បទពិសោធន៍​នេះ​បង្ហាញ​ថា​ខ្ញុំ​គួរ​ធ្វើតាម​ដំបូន្មាន​ដ៏​វាងវៃ​នៃ​ឪពុក​ខ្ញុំ ។

បំណង​ខ្ញុំ​គឺ​ពុំ​មែន​បំបាក់​ទឹកចិត្ត​បងប្អូន​ពី​ការចូល​លេង​កីឡា ឬ​ការប្រើប្រាស់​អ៊ិនធឺណែត ឬ​សកម្មភាព​ល្អៗ​ផ្សេង​ទៀត​ដែល​ពួកយុវវ័យ​ចូលចិត្ត​ឡើយ ។ មាន​សកម្មភាព​ច្រើន​ប្រភេទ​ដែល​ត្រូវការ​ការគ្រប់គ្រងខ្លួន តុល្យភាព និង​ប្រាជ្ញា ។ ពេល​ប្រើ​វា​ដោយ​វាងវៃ វា​នឹង​បង្កើន​ជីវិត​រស់នៅ​យើង ។

យ៉ាងណាក៏ដោយ ខ្ញុំ​សូម​លើកទឹកចិត្ត​បងប្អូន​ទាំង​ចាស់ ក្មេង ឲ្យ​រំឭក​ពី​គោលដៅ និង​ទិសដៅ​នានា ហើយ​ព្យាយាម​អនុវត្ត​វិន័យ​កាន់តែ​ប្រសើរ ។ ការប្រព្រឹត្ត និង​ជម្រើស​ប្រចាំថ្ងៃ​យើង គួរតែ​ស្រប​ជាមួយ​គោលដៅ​របស់​យើង ។ យើង​ត្រូវ​ចៀសវាង​ពី​ការដោះសារ និង​គ្រឿង​បញ្ឆោត​ចិត្ត​ខាង​លើ ។ ជា​ពិសេស វា​សំខាន់​​ដើម្បី​ធ្វើ​ជម្រើស​ដែល​ស្រប​នឹង​សេចក្ដី​សញ្ញា​យើង​ដើម្បី​បម្រើ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​សុចរិតភាព ។21 យើង​មិន​ត្រូវ​គ្រលៀស​ភ្នែក ឬ​លែង​បាល់​ចោល​ដោយ​ហេតុផល​ណាមួយ​ឡើយ ។

ជីវិត​នេះ​ជា​ពេល​ដើម្បី​ត្រៀមខ្លួន​ទៅ​ជួប​ព្រះ ។22 យើង​ជា​មនុស្ស​រីករាយ និង​មាន​អំណរ ។ យើង​រីករាយ​នូវ​ភាពកំប្លុកកំប្លែង និង​អោយតម្លៃ​​ពេល​វេលាដែលគ្មានការកំណត់នៅ​ជាមួយ​មិត្តភក្ដិ និងក្រុម​គ្រួសារ ។ ប៉ុន្តែ​យើង​ទទួលស្គាល់​ថា មាន​ភាព​ប្រាកដប្រជា​នៃ​គោលបំណង​ដែល​ត្រូវតែ​ជា​មូលដ្ឋាន​នៃ​ជីវិត និង​ជម្រើស​ទាំងអស់​របស់​យើង ។ គ្រឿង​បញ្ឆោត​ចិត្ត និង​ការដោះសារ​ដែល​កម្រិត​ការរីកចម្រើន​មាន​គ្រោះថ្នាក់​បំផុត តែ​ពេល​វា​បន្ថយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​ទ្រង់ វា​ជា​រឿង​គួរ​ឲ្យ​ខ្លោចផ្សា ។

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ការប្រព្រឹត្ត​របស់​អ្នក​កាន់​បព្វជិតភាព​ យើង​នឹង​ធ្វើឲ្យ​ទង្វើ​របស់​យើង​ ​ស្រប​ជាមួយ​គោលបំណង​ដ៏​ថ្លៃថ្នូ ​ដែល​តម្រូវ​ពី​អ្នក​ទាំងឡាយ ដែលស្ថិត​ក្នុង​​បម្រើ​ដល់​លោក​ចៅហ្វាយ ។ ក្នុង​គ្រប់​ការណ៍​ទាំងអស់ យើង​គួរ​ចាំ​ថា​ការ​មាន « ភាពក្លាហាន​ចំពោះ​ទីបន្ទាល់​នៃ​ព្រះយេស៊ូវ » ជា​ការសាកល្បង​ដាច់​ស្រឡះ​រវាង​នគរ​សេឡេស្ទាល និង​ទេរេស្ទ្រាល ។23 យើង​ចង់​ទៅ​នគរ​សេឡេស្ទាល ។ ក្នុង​នាម​ជា​សាវក​ទ្រង់ម្នាក់​ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​ក្លៀវក្លា​ពី​ភាពពិត​នៃ​ដង្វាយធួន និង​ទេវភាព​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា ព្រះអង្គសង្គ្រោះ​យើង ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. ផលិតកម្ម​កម្មវិធី​ពិសេស​តាម​ទូរទស្សន៍​សម្រាប់​ថ្ងៃ​បុណ្យ លី មិនឌែលសិន ប៊ីល មិនលែនឌែស ។

  2. លូស៊ី តែងតែ​ដោះសារ​ពី​មូលហេតុ​នៃ​ការលែងបាល់​ចោល ដូចជា​ភព​សៅរ៍​មាន​មក​បង្អាក់​នាង ឲ្យ​បារម្ភ​អ្វី​ដែល​អាច​មក​បំពុល​នាង​ក្នុង​ស្រោមដៃ ។

  3. សូម​មើល « សម្រេចចិត្ត​កំណត់​នូវ​ជោគវាសនា » ជំពូក​ទី 8 ក្នុង មាគ៌ា​ទៅ​រក​ភាពគ្រប់លក្ខណ៍ ៖សុន្ទរកថា​របស់ ថូម៉ាស  អេស ម៉នសុន (ឆ្នាំ 1973) ទំព័រ 57--65 ។

  4. អេសាយ 7:15

  5. « ប្រសិនបើ ការធ្វើ ស្រួល​ដូច ជាការដឹង តើ​មាន​អ្វី​ល្អ​ដែល​ត្រូវ​ធ្វើ សាលា​ប្រជុំ​គឺ​ជា​ព្រះវិហារ ហើយ​ខ្ទម​អ្នក​ក្រ​គឺ​ជា​ព្រះបរម​រាជវាំង​របស់​ព្រះអង្គម្ចាស់» (វិល្លាម ស្សេកស្ពៀ The Merchant of Venice) តួទី 1, ឆុតទី 2, បន្ទាត់ 12–14)។

  6. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 58:27 

  7. សូមមើល Adjusting to Missionary Life ( កូន​សៀវភៅ ឆ្នាំ 2013 )ទំព័រ 23–49 ។

  8. សូម​មើល ស្តេហ្វានី រ៉ូសែនប៊្លូម “Dealing with Digital Cruelty,” កាសែត New York Times, ចុះផ្សាយ​ថ្ងៃ​ទី  24 ខែ សីហា ឆ្នាំ 2014 ទំព័រ SR1 ។

  9. រ៉ានឌល អិល រិដ «ពូជ​ជម្រើស» EnsignLiahona ខែ ឧសភា ឆ្នាំ 2014 ទំព័រ 56 ។

  10. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 45:26

  11. សូម​មើល ដេវីឌ  អេ បែដណា « ពន្លិច​ផែនដី​ដោយ​ទឹកជំនន់ » ( សុន្ទរកថា​ថ្លែង​នៅ BYU Campus Education Week,ថ្ងៃ​ទី  19 ខែ សីហា ឆ្នាំ 2014 ) lds.org/prophets-and-apostles/unto-all-the-world/to-sweep-the-earth-as-with-a-flood

  12. អាសើរ  ស៊ី ប្រ៊ូកស៍ “Love People, Not Pleasure,” New York Times ថ្ងៃ​ទី  20 ខែ កក្កដា ឆ្នាំ 2014 ទំព័រ SR1 ។

  13. ជា​អកុសល ការវង្វេង​ដែល​ដុះដាល​ឡើង​សព្វថ្ងៃ​នេះ​គឺ​ភាពភ្លើតភ្លើន ។ កាល​ព្រះអង្គ​សង្គ្រោះ​បាន​លើកឡើង​ពី​ការណ៍​ដែល​អាច​បង្ខូច​មនុស្ស នោះ​ទ្រង់​បាន​រាប់​បញ្ចូល​សេចក្ដី​ចម្កួត (សូម​មើល ម៉ាកុស 7:22) ។

  14. ការណ៍​នេះ​បាន​កើតឡើង​ក្នុង​ជំនាន់​ក្រិក និង​រ៉ូម​ពី​បុរាណ ក៏​ដូច​ជា​ក្នុង​អារ្យធម៌​ព្រះគម្ពីរ​មរមន​ដែរ ។

  15. សូម​មើល ហ្វ្រែតឌើរិក.ដ័បុលយូ ហ្វារ៉ា The Life and Work of St. Paul (ឆ្នាំ 1898) ទំព័រ 302 ។ មាន​ទស្សនវិទូ​គ្រប់​ការណ៍​ទាំង​អស់ រួមទាំង​អ្នក​ចាក់រុក និង​ជឿ​លើ​ជោគវាសនា ជា​ក្រុម​គូបដិបក្ខ​ដែល​មនុស្ស​ខ្លះ​បាន​ពិពណ៌នា​ថា​ជា​ពួកផារីស៊ី និង​សាឌូស៊ី​ក្នុង​ពិភព​នៃ​មនុស្ស​គ្មាន​សាសនា ។ សូម​មើល​ផងដែរ ឃ្វីនថិន  អិល ឃុក “Looking beyond the Mark,” Ensign ខែ​មិនា ឆ្នាំ 2003 ទំព័រ 41–44 Liahona ខែ មិនា ឆ្នាំ 2003 ទំព័រ 21–24 ។

  16. កិច្ចការ 17:21

  17. កិច្ចការ 17:21

  18. ហ្វារ៉ា The Life and Work of St. Paul ទំព័រ 312។

  19. សូម​មើល ដាល្លិន  អេក អូក «ប្រសើរ ប្រសើរ​ជាង ប្រសើរ​បំផុត» Ensign Liahona, ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 104–8 ។

  20. មើលីន អូលសិន គឺ​ជា​អ្នក​លេង​បាល់ឱប សិល្បករ និង​អ្នក​ត្រួតពិនិត្យ NBC ។ គាត់​បាន​ឈ្នះ​ពានរង្វាន់​លេង​បាត់​ឱប​សម្រាប់​សាកលវិទ្យាល័យ យូថាហ៍ ។ គាត់​លេង​បាល់​ឱប​សម្រាប់​ក្រុម ឡូស អាន់ជើឡែស ។ On TV he played Jonathan Garvey opposite Michael Landon on Little House on the Prairie and had his own TV program, Father Murphy. មើលីន​ទទួល​មរណភាព (ថ្ងៃទី  11 ខែ​មិនា ឆ្នាំ 2010) ហើយ​ពួកយើង​នឹង​គាត់ ។

  21. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 76:5 ។

  22. សូម​មើល អាលម៉ា 34:32 ។

  23. គោលលទ្ធិ និង សេចក្តី​សញ្ញា 76:79