ឆ្នាំ ២០១០-២០១៩
សាក្រាម៉ង់—​ការ​រំឭក​ថ្មី​មួយ​សម្រាប់​ព្រលឹង​វិញ្ញាណ
១០ 2014


សាក្រាម៉ង់—​ការ​រំឭក​ថ្មី​មួយ​សម្រាប់​ព្រលឹង​វិញ្ញាណ

ព្រះវិញ្ញាណ​ព្យាបាល​ និង​រំឭក​ព្រលឹងវិញ្ញាណ​របស់​យើង ។ ពរជ័យ​ដែល​បាន​សន្យា​នៃ​ពិធី​សាក្រាម៉ង់ គឺ​ថា យើង​នឹង « តែងតែ​មាន​ព្រះវិញ្ញាណ​របស់ទ្រង់ គង់នៅជាមួយ [​យើង] ​ជា​និច្ច » ។

មាន​យុវនារីមួយ​ក្រុម​បាន​សួរ​ខ្ញុំ​ថា « តើ​បង​ស្រី​មាន​បំណង​ចង់​​ដឹង​អ្វី​ខ្លះ ពេល​បង​នៅ​ក្នុង​វ័យ​ដូច​ពួក​យើង ?» បើ​ខ្ញុំ​ឆ្លើយ​សំណួរ​នោះ​នា​ពេល​នេះ ខ្ញុំ​នឹង​បន្ថែម​​គំនិត​នេះ​ថា ៖ «ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​បាន​យល់​ប្រសើរ​ជាងពី​សារៈសំខាន់​នៃ​ពិធីសាក្រាម៉ង់​ កាល​ខ្ញុំ​មានវ័យ​ដូចប្អូន ។ ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​បាន​យល់​ពិធីសាក្រាម៉ង់​តាម​របៀប​ដែល​អែលឌើរ ជែហ្វ្រី  អរ ហូឡិន បាន​ពិពណ៌នា ។ លោក​មាន​ប្រសាសន៍​ថា ‘ការ​អញ្ជើញ​មួយ ដែល​មាន​ជាប់នឹង​ពិធីការ​សាក្រាម៉ង់ គឺ​ថា វា​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​ពិត​មួយ ជា​ការ​សង្រួម​​ចិត្ត​ដ៏​បរិសុទ្ធ​មួយ និង​ជា​ការ​រំឭក​ចំពោះ​ព្រលឹង​វិញ្ញាណ ។1»

តើ​យើង​អាច​ធ្វើ​ឲ្យ​ពិធីសាក្រាម៉ង់ « ជា​បទពិសោធន៍​ខាង​វិញ្ញាណ​ពិត ជា​ការ​សង្រួម​​ចិត្ត​ដ៏​បរិសុទ្ធ​មួយ និង​ជា​ការ​រំឭក​ចំពោះ​​ព្រលឹង​វិញ្ញាណ » រាល់​សប្ដាហ៍​បាន​ដោយ​របៀប​ណា ?

សាក្រាម៉ង់ ក្លាយ​ជាបទពិសោធន៍​រឹងមាំ​ខាង​វិញ្ញាណ​មួយ នៅពេល​យើង​ស្ដាប់​ការ​អធិស្ឋាន​សាក្រាម៉ង់ និង​តាំង​ចិត្ត​ជា​ថ្មី​ចំពោះ សេចក្ដីសញ្ញា​របស់​យើង ។​ ដើម្បី​ធ្វើ​ដូចនេះ​បាន យើង​ត្រូវ​តែ​មាន​ឆន្ទៈ​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។2 និយាយ​អំពី​ការ​សន្យា​នេះ ប្រធាន ហិនរី  ប៊ី អាវរិង បាន​បង្រៀន​ថា ៖ « នោះ​មានន័យ​ថា យើង​ត្រូវ​តែ​មើល​ខ្លួន​យើង ដូច​ជា​ទ្រង់ ។ យើង​នឹង​ដាក់​ទ្រង់​ទីមួយ​ក្នុង​ជីវិត​របស់យើង ។ យើង​នឹង​ចង់​បាន​អ្វី​ដែល​ទ្រង់​ចង់​បាន ជាជា​ង​អ្វី​ដែល​យើង​ចង់បាន ឬ​អ្វី​ដែល​ពិភពលោក​បង្រៀន​យើង​ឲ្យ​ចង់​បាន » ។3

នៅពេល​យើង​ទទួល​សាក្រាម៉ង់ យើង​ក៏​ចុះ​សេចក្ដី​សញ្ញា​ផងដែរ​ថា « ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​ជា​និច្ច »4 ។ នៅ​យប់​មុន​ពេល​ទ្រង់​​ត្រូវ​ឆ្កាង ព្រះគ្រីស្ទ​បាន​ប្រមូល​ពួកសាវក​ទ្រង់​មក​ជុំវិញ​ទ្រង់ ហើយ​បាន​ធ្វើ​ពិធីសាក្រាម៉ង់ ។ ទ្រង់​បាន​កាច់នំប៉័ង ប្រទានពរ ហើយ​មាន​បន្ទូល​ថា «ចូរ​យក​បរិភោគ​ចុះ ការណ៍​នេះ​ គឺ​ដើម្បី​ចងចាំ​អំពី​​រូប​កាយ​ខ្ញុំ ដែល​ខ្ញុំ​នឹងផ្ដល់​ជា​ថ្លៃ​លោះ​សម្រាប់​អ្នក​រាល់គ្នា » ។5 បន្ទាប់​មក​ទ្រង់​បាន​យក​ពែង​​ស្រា​មួយមក ថ្លែងអំណរគុណ ហើយ​ឲ្យ​ទៅ​ពួកសាវក​របស់​ទ្រង់​ផឹក ហើយ​មាន​បន្ទូល​ថា « ការណ៍​នេះ គឺ​ដើម្បី​ចងចាំ​អំពី​លោហិត​របស់​ខ្ញុំ …  ដែល​ត្រូវ​បាន​បង្ហូរ​សម្រាប់​មនុស្ស​ណា​ដែល​ជឿ​ដល់​ព្រះនាម​ខ្ញុំ »។6

នៅ​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ និង​ជា​ថ្មី​ទៀត​នៅ​ឯការ​ស្ដារឡើង​វិញ​នៃ​សាសនាចក្រ​ទ្រង់ ក្នុង​ថ្ងៃ​ចុង​ក្រោយ នោះទ្រង់​បាន​​បន្ទូល​ដដែល​ថា យើង​ត្រូវ​ទទួល​ទាន​សាក្រាម៉ង់​ដើម្បី​ចង​ចាំ​ពីទ្រង់ ។7

នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​ជា​សាក្សី​ចំពោះ​ព្រះថា យើង​នឹង​ចងចាំ​ព្រះរាជបុត្រា​ទ្រង់​ជានិច្ច ពុំ​គ្រាន់​តែ​អំឡុង​ពេលធ្វើ​​​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង​​​មួយ​ភ្លែត​នោះទេ ។ នេះ​មានន័យ​ថា យើង​នឹង​មើល​ទៅគំរូ​ និង​ការ​បង្រៀន​របស់​ទ្រង់​យ៉ាង​​ខ្ជាប់​ខ្ជួន ដើម្បី​ដឹកនាំ​គំនិត ការ​ជ្រើសរើស និង​ទង្វើរ​របស់យើង ។8

ការ​អធិស្ឋាន​សាក្រាម៉ង់ ក៏​រំឭក​យើង​ផងដែរ ថា​យើង​ត្រូវ​តែ « រក្សា​បទបញ្ញត្តិ​របស់ទ្រង់ » ។9

ព្រះ​យេស៊ូវ​មាន​បន្ទូលថា « បើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​ខ្ញុំចុះ » 10 ពិធីសាក្រាម៉ង់ ផ្ដល់​ឱកាស​មួយ​ដល់​យើង​សម្រាប់​មើល​ក្នុង​ចិត្ត​ខ្លួន​ឯង ហើយ​ជា​ឱកាស​ដើម្បី​បង្វែ​រដួងចិត្ត​ និង​ឆន្ទៈ​របស់​យើង​ទៅ​រក​ព្រះ ។ ការ​គោរព​ប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិ នាំ​​​មក​នូវអំណាច​នៃ​ដំណឹងល្អក្នុង​ជីវិត​យើង ហើយ​មាន​​ភាពសុខសាន្ដ និង​ជីវភាព​ខាង​វិញ្ញាណ​កាន់​តែ​មហិមាឡើង ។

ពិធី​សាក្រាម៉ង់ ផ្ដល់​ជាឱកាស​មួយដើម្បី​មាន​​បទពិសោធន៍​ខាង​វិញ្ញាណ នៅពេល​យើង​នឹកគិត​ដល់​ការ​ប្រោសលោះ​ ហើយអំណាច​ទ្រទ្រង់​របស់​ព្រះអង្គសង្គ្រោះ តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ។ អ្នកដឹកនាំ​យុវនារី​ម្នាក់ ថ្មីៗ​នេះបាន​រៀន​អំពី​កម្លាំង​ដែល​យើង​ទទួលបាន នៅពេល​យើង​ព្យាយាម​ទទួលទាន​សាក្រាម៉ង់​ដោយ​ហ្មត់ចត់ ។ ដោយ​ព្យាយាម​បញ្ចប់​ល័ក្ខខ័ណ្ឌ​មួយ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន នោះ​នាង​បាន​ដាក់​គោលដៅ​មួយ​ដើម្បី​ផ្ដោត​ទៅ​លើ​ពាក្យ​ក្នុង​ទំនុក​ដំកើង​ និង​ការ​អធិស្ឋាន​ពិធី​សាក្រាម៉ង់ ។​

រាល់​សប្ដាហ៍ នាង​​ធ្វើ​ការ​វាយ​តម្លៃ​ខ្លួន​ឯង អំឡុង​ពេល​ពិធី​សាក្រាម៉ង់ ។ នាង​បាន​នឹកគិត​ពីកំហុស​ដែល​នាង​បាន​ធ្វើ ហើយ​នាង​បាន​តាំង​ចិត្ត​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នៅ​សប្ដាហ៍​ក្រោយ ។ នាង​មាន​អំណរគុណ​ដែល​អាច​កែ​ខ្លួន ហើយ​បាន​ស្អាតស្អំ ។ ក្រឡេក​ទៅ​មើល​បទពិសោធន៍​នោះ នាង​បាន​និយាយ​ថា « ខ្ញុំ​កំពុង​តែ​ប្រែចិត្ត​ដែល​ជា​ផ្នែក​មួយ​​នៃ​ដង្វាយធួន » ។

នៅ​ថ្ងៃ​អាទិត្យ​មួយ បន្ទាប់ពី​នាង​វាយ​តម្លៃ​ខ្លួន​ឯង​ហើយ នាង​ចាប់​ផ្ដើម​មាន​អារម្មណ៍​សោកសៅ ហើយ​ទុទិដ្ឋិនិយម ។ នាង​មើល​ឃើញ​ថា នាង​ធ្វើ​កំហុស​ដដែលៗ ពីមួយសប្ដាហ៍​ទៅមួយ​សប្ដាហ៍ ។ ប៉ុន្តែ​ពេល​នោះ​នាង​មាន​អារម្មណ៍​ច្បាស់​លាស់​​មួយ​ថា នាង​បាន​ប្រហែស​នឹង​ចំណែក​ដ៏ធំមួយ​នៃ​ដង្វាយធួន— គឺ​អំណាច​ទ្រទ្រង់​របស់​ព្រះគ្រីស្ទ ។ នាង​បាន​ភ្លេច​គ្រប់ពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​ជួយ​នាង ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​នាង​ចាំបាច់​ត្រូវ​ប្រែក្លាយ ហើយ​បម្រើ​ហួស​ពី​សមត្ថភាព​របស់​នាង ។

ដោយ​មាន​ចំនុច​​នេះ​ក្នុង​ចិត្ត នាង​បាន​នឹកគិត​ម្ដង​ទៀត​ពី​សប្ដាហ៍​មុនៗ ។ នាង​និយាយ​ថា ៖ « អារម្មណ៍​នៃ​ក្ដីអំណរ​បាន​ចាក់ទម្លុះ​ភាព​សោកសៅ​របស់ខ្ញុំ ពេល​ខ្ញុំ​កត់សម្គាល់​ថា ទ្រង់​បាន​ប្រទាន​ឱកាស​ និង​លទ្ធភាព​ជា​​​ច្រើនដល់​ខ្ញុំ ។​ ខ្ញុំ​បានកត់​ចំណាំ​ដោយ​ដឹងគុណ​ចំពោះ​លទ្ធភាព​ដែល​ខ្ញុំ​មាន ដើម្បី​ទទួលស្គាល់​​តម្រូវ​ការរបៀប​ជា​​កូនក្មេង​របស់​​ខ្ញុំ ពេល​វា​ពុំ​ស្ដែង​ឲ្យ​ឃើញ​នឹង​ភ្នែកនោះ ។ ខ្ញុំ​កត់​ចំណាំ​ថា នៅ​ថ្ងៃ​មួយ​ពេល​ខ្ញុំ​មានអារម្មណ៍​ថា ខ្ញុំ​ពុំ​អាច​សម្រេច​កិច្ច​ការ​មួយ​ទៀត​បាន នោះ​ខ្ញុំ​អាច​ផ្ដល់​ពាក្យ​លើក​ទឹកចិត្ត​ដល់​មិត្ត​ម្នាក់​បាន ។ ខ្ញុំ​បាន​បង្ហាញ​ភាព​អត់ធ្មត់​ក្នុងគ្រា​មួយ ដែល​ផ្ទុយ​ពី​ខ្ញុំ » ។

នាង​បាន​បញ្ចប់​ថា ៖ « នៅពេល​ខ្ញុំ​អរគុណ​ព្រះ​ចំពោះ​អំណាច​ទ្រទ្រង់​របស់ព្រះអង្គសង្គ្រោះ​ក្នុង​ជីវិត​ខ្ញុំ នោះ​ខ្ញុំ​មានអារម្មណ៍​កាន់​តែ​សុទិដ្ឋិនិយម​ចំពោះ​ដំណើរ​ការ​នៃការ​ប្រែចិត្ត​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ហើយ​ខ្ញុំ​ទន្ទឹង​ដល់​សប្ដាហ៍​ក្រោយ​​ដោយ​ក្ដី​សង្ឃឹម​ថ្មីឡើងវិញ » ។

អែលឌើរ មែលវិន  ជេ បាឡឺដ បាន​បង្រៀន​ពី​របៀប​ដែលពិធីសាក្រាម៉ង់ អាច​ជា​បទបពិសោធន៍​នៃ​ការព្យាបាល និងការ​​​សំអាត ។ គាត់​បាន​ប្រាប់​​​ថា ៖

« តើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​ដែល​ពុំ​មាន​របួស​ក្នុង​វិញ្ញាណ​របស់​ខ្លួន​ ដោយ​ពាក្យ​សម្ដី គំនិត ឬ​ទង្វើ ពីថ្ងៃ​បរិសុទ្ធ​មួយ ទៅ​ថ្ងៃ​បរិសុទ្ធ​មួយ​ទៀត​ឬ​ទេ ? យើង​បាន​ធ្វើ​រឿង​ជា​ច្រើន​ដែល​យើង​សោកស្ដាយ ហើយ​ប្រាថ្នា​ចង់​បាន​ការ​អភ័យ​ទោស ។ … វិធី​ដើម្បី​ទទួល​បាន​ការ​អភ័យ​ទោស គឺ … ត្រូវ​ប្រែចិត្ត​ពី​អំពើបាប​យើង ទៅ​ជួប​នឹង​អ្នក​ដែល​ទាស់នឹង​យើង ដែល​យើង​បាន​ធ្វើ​បាប ឬ​បាន​រំលង ហើយ​ទទួល​ការ​អភ័យ​ទោស​ពី​ពួកគេ រួច​ហើយ​ត្រឡប់ទៅ​តុ​សាក្រាម៉ង់ ជាកន្លែង​ដែល​យើង​នឹង​ត្រូវ​បាន​អភ័យទោស បើ​យើង​ប្រែចិត្ត​ដោយ​ស្មោះ ហើយ​ដាក់​ខ្លួន​យើង​ក្នុង​ស្ថានភាព​ត្រឹម​ត្រូវ​វិញនោះ រួចហើយការ​ព្យាបាល ខាង​វិញ្ញាណ​នឹង​កើតមាន​ដល់​ព្រលឹង​របស់​យើង ។ …

អែលឌើរ បាឡឺដ បាន​មានប្រសាសន៍​ថា « ខ្ញុំ ជា​សាក្សីថា មាន​វិញ្ញាណ​មួយ​ដែល​ចូលរួម​ក្នុង​ការ​បម្រើ​នៃ​សាក្រាម៉ង់ ​បានធ្វើ​ឲ្យ​​ព្រលឹង ពី​ក្បាល​ដល់​ចុង​ជើង​កក់​ក្តៅ នោះ​​អ្នក​បាន​ដឹង​ថា របួស​ខាង​វិញ្ញាណ​ត្រូវ​បាន​ជាសះស្បើយ ហើយ​បន្ទុក​ត្រូវ​បាន​សម្រាល ។ ការ​លួងលោម និង​សុភមង្គល កើត​មាន​ក្នុង​ព្រលឹង​វិញ្ញាណ​ដែល​សក្ដិសម និង​មានបំណង​ប្រាថ្នា​ទទួល​ទាន​អាហារ​ខាង​វិញ្ញាណ​នេះ​ដោយ​ពិត »។​11

ព្រលឹង​វិញ្ញាណ​របស់​យើង​ដែល​មានរបួស អាច​ត្រូវ​បាន​ជា ហើយ​បំពេញ​ជា​ថ្មី មិន​គ្រាន់​តែ​ដោយសារ​នំប៉័ង និង​ទឹក ដែល​រំឭក​យើង​អំពី​ពលិកម្ម​នៃព្រះកាយ និង​លោហិត​របស់​ព្រះអង្គសង្គ្រោះប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយ​សារជា​​និមិត្តរូប​រំឭក​យើង​ផង​ថា ទ្រង់​តែងតែ​ជា « នំប៉័ង​នៃជីវិត » 12 និង « ជា​ទឹក​រស់ » របស់​យើងជា​និច្ច​។13

បន្ទាប់​ពីការ​បម្រើ​សាក្រាម៉ង់​ដល់​ពួកសាសន៍នីហ្វៃ ព្រះយេស៊ូវ មានបន្ទូល​ថា ៖

« អ្នក​ណា​ទទួល​ទាន​នំប៉័ង​នេះ គឺ​ទទួលទាន​រូបកាយយើង ទៅ​ក្នុង​ព្រលឹង​អ្នក​នោះ​ ហើយ​អ្នក​ណា​ផឹក​ស្រាទំពាំង​បាយជូរ​នេះ​ គឺ​ផឹក​លោហិត​យើង​ទៅ​ក្នុង​ព្រលឹង​អ្នក​នោះ ហើយ​ព្រលឹង​អ្នក​នោះ នឹង​ពុំ​ចេះ​ស្រេក​ឃ្លាន​ឡើយ តែ​បាន​ឆ្អែត​ជា​និច្ច ។

« ឥឡូវ​នេះ កាល​បណ្ដាជន​គ្រប់​គ្នា​បាន​បរិភោគ នឹង​ផឹក​រួច​ហើយ មើលចុះ ពួកគេ​បាន​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ » ។14

តាមបន្ទូល​​ទាំងនេះ ព្រះគ្រីស្ទ​បង្រៀន​យើង​ថា ព្រះវិញ្ញាណ ព្យាបាល​ ហើយ​បំពេញ​ព្រលឹង​របស់​យើង ។ ពរជ័យ​ដែល​បាន​សន្យា​នៃ​ពិធី​សាក្រាម៉ង់ គឺ​ថា យើង​នឹង « តែងតែ​មាន​ព្រះវិញ្ញាណ​របស់ទ្រង់ គង់នៅជាមួយ [​យើង] ​ជា​និច្ច » ។15

នៅពេល​ខ្ញុំ​ទទួល​ទាន​សាក្រាម៉ង់ ពេល​ខ្លះ ខ្ញុំ​នឹកគិត​ក្នុង​ចិត្ត​នូវ​គំនូរ​មួយ​ដែល​បង្ហាញ​ពី​ព្រះអង្គសង្គ្រោះ​រស់ឡើងវិញ ដោយ​មានព្រះហស្ត​លាតលា ដូចជា​ទ្រង់​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទទួល​យើង​ក្នុង​រង្វង់​ដៃឱបក្រសោប​ជាទីស្រឡាញ់​របស់ទ្រង់ ។ ខ្ញុំ​ចូលចិត្ត​គំនូរ​នេះ ។ នៅពេល​ខ្ញុំ​គិត​អំពី​វា អំឡុង​ពេល​បម្រើ​សាក្រាម៉ង់ ព្រលឹង​ខ្ញុំ​ត្រូវ​បាន​លើក​ឡើង ដូចជា​ខ្ញុំ​អាច​ស្ទើរ​តែ​ស្ដាប់​ឮ​ព្រះ​​បន្ទូល​របស់ព្រះអង្គសង្គ្រោះ​ថា ៖ « មើល​ចុះ ដៃ​នៃ​សេចក្ដីមេត្តា​ករុណា​របស់​យើង​សន្ធឹង​ទៅ​រក​អ្នក ហើយ​អស់អ្នកណា​ដែលមក អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល ហើយ​មាន​ពរ​ហើយ​ដល់​អ្នក​ណា​ដែល​មក​រក​យើង » ។116

អ្នក​កាន់​បព្វជិតភាព​អើរ៉ុន តំណាង​ឲ្យ​ព្រះអង្គសង្គ្រោះ ពេល​ពួកគេ​រៀបចំ ប្រសិទ្ធពរ និង​ចែកសាក្រាម៉ង់ ។ នៅពេល​អ្នកកាន់បព្វជិតភាព ​លូក​ដៃ​របស់​គាត់​ចែក​និមិត្ត​រូបពិសិដ្ឋ ដែលបាន​ប្រសិទ្ធពរ និង​ញែកចេញ​ឲ្យ​បរិសុទ្ធ​សម្រាប់​ព្រលឹង​យើង នោះ​វា​ដូចជា​ព្រះអង្គសង្គ្រោះ​ផ្ទាល់ កំពុង​លាត​ព្រះហស្ថ​ដ៏​មេត្តាករុណា​របស់ទ្រង់ អញ្ជើញ​​យើង​ម្នាក់ៗ​ទទួល​ទានអំណោយ​ទាន​​នៃ​ក្ដី​ស្រឡាញ់​ដ៏​មាន​តម្លៃ ដែល​ផ្ដល់​ឲ្យ​តាមរយៈ​ការ​ពលិកម្ម​ធួន​ដ៏​មហិមា​របស់ទ្រង់ — អំណោយទាន​នៃ​ការ​ប្រែចិត្ត ការ​អភ័យទោស ការលួងលោមចិត្ត និង​ក្ដីសង្ឃឹម ។117

កាលណា​យើងកាន់​តែ​ពិចារណា​អំពី​សារៈសំខាន់​នៃសាក្រាម៉ង់ នោះ​វា​កាន់​តែ​ពិសិដ្ឋ និង​មាន​អត្ថន័យ​ចំពោះ​យើង ។ នេះ​គឺ​ជា​អ្វី​ដែល​ឪពុក​អាយុ 96 ឆ្នាំ បាន​សម្ដែង​អារម្មណ៍ ពេល​កូន​ប្រុស​របស់​គាត់​សួរ​ថា « ប៉ា ហេតុអ្វី​ប៉ា​ទៅ​ព្រះវិហារ ? ប៉ា ​មិនអាច​មើល​ឃើញ ប៉ា​មិន​អាច​ស្ដាប់​ឮ វា​ពិបាក​សម្រាប់ប៉ាធ្វើ​ដំណើរ​ណាស់ ។ ហេតុអ្វី​ប៉ា​ទៅ​ព្រះវិហារ ?» ឪពុក​បាន​តប​ថា « គឺ​សាក្រាម៉ង់ ។ ប៉ា​ទៅ​ទទួលទាន​សាក្រាម៉ង់ » ។

សូម​ឲ្យ​យើង​ម្នាក់ៗ មក​ការ​ប្រជុំ​សាក្រាម៉ង់ ដោយ​ត្រៀម​ខ្លួន​ដើម្បី​មាន​ « ​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​ពិត​មួយ ជា​ការ​សង្រួម​​ចិត្ត​ដ៏​បរិសុទ្ធ​មួយ និង​ជា​ការ​រំឭក​ចំពោះ​ព្រលឹង​វិញ្ញាណ [របស់​យើង] »។ 18

ខ្ញុំ​ដឹង​ថា ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះអង្គសង្គ្រោះ មាន​ព្រះជន្ម​រស់ ។ ​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​ដែលពិធីសាក្រាម៉ង់​ផ្ដល់ឲ្យ​ដើម្បី​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​ និង​ទទួល​ទានព្រះវិញ្ញាណ​ទ្រង់ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។