ឆ្នាំ ២០១០-២០១៩
តើយើង​ទាំងអស់​គ្នានេះ ពុំមែន​ជាអ្នក​សុំទាន​ទេឬ ?
១០ 2014


តើយើង​ទាំងអស់​គ្នានេះ ពុំមែន​ជាអ្នក​សុំទាន​ទេឬ ?

មាន ឬ ក្រ យើងត្រូវ « ធ្វើការអ្វី​ដែលយើង​​ធ្វើបាន » ពេលអ្នក​ផ្សេងទៀត​ត្រូវការ​ជំនួយ ។

ឱ​វា​អស្ចារ្យ​ណាស់ ដែល​ទម្រង់​ថ្មី​ត្រូវបាន​ណែនាំ​នៅក្នុង​សន្និសីទទូទៅ​របស់​យើង បៀន ហេកូ អេក្វាឌ័រ ។

ក្នុងគ្រា​ដ៏រំជើប​រំជួល​បំផុត​នៃការ​បម្រើ​របស់ទ្រង់ ព្រះយេស៊ូវ​ឈរនៅ​សា​លា​ប្រជុំ​នៅឯ​ណាសារ៉ែត​ជាស្រុក​កំណើត​ទ្រង់ ហើយអាន​ពាក្យទាំង​នេះ​ដែល​បានព្យាករណ៍​ដោយលោក​អេសាយ ហើយ​បាន​កត់ត្រា​ទុកក្នុង​ដំណឹងល្អ​របស់​លូកាថា ៖ « ព្រះ​វិញ្ញាណព្រះ​អម្ចាស់​សណ្ឋិត​លើខ្ញុំ ពីព្រោះ​ទ្រង់បាន​ចាក់ប្រេង​តាំងខ្ញុំ ឲ្យផ្សាយ​ដំណឹង​ល្អដល់​មនុស្ស​ទ័លក្រ ទ្រង់បាន​ចាត់ខ្ញុំឲ្យមក ដើម្បីនឹង​ប្រោស​មនុស្សដែល​មានចិត្ត​សង្រេង ហើយ​ប្រកាសប្រាប់ពី​សេចក្ដី​ប្រោស​លោះ​ដល់ពួក​ឈ្លើយនិង… ឲ្យដោះ​មនុស្ស​ដែលត្រូវ​គេជិះជាន់​ឲ្យរួច » ។1

ដោយ​ហេតុនោះ ព្រះអង្គ​សង្គ្រោះបានធ្វើ​ការប្រកាស​ជាសាធារណៈ​លើក​ដំបូង ពីការ​បម្រើរបស់​ទ្រង់ក្នុង​នាមជា​ព្រះមេស៊ី ។ ប៉ុន្តែ ខនេះ​ក៏បង្ហាញ​យ៉ាងច្បាស់​ដែរថា នៅតាម​ផ្លូវទៅ​កាន់​ការ​ពលិកម្ម​ធួន​ឥតព្រំដែន និង ដំណើរ​រស់ឡើង​វិញរបស់​ទ្រង់ នោះកាតព្វ​កិច្ចជា​ព្រះ​មេស៊ី​ទីមួយ និង សំខាន់​បំផុត​របស់ព្រះ​យេស៊ូវ គឺប្រទាន​ពរដល់​ពួកអ្នកទ័ល​ក្រ រួមទាំងអ្នក​ដែលមានសេចក្ដី​កំសត់ខាង​ឯវិញ្ញាណ ។

តាំង​ពីដំបូង​នៃការ​បម្រើ​របស់ទ្រង់ ព្រះយេស៊ូវ​ស្រឡាញ់​ពួកអ្នក​ក្រីក្រ និង ពួកអ្នក​គ្មានប្រៀប ក្នុង​របៀបមួយ​ដ៏អស្ចារ្យ ។ ទ្រង់បាន​ប្រសូត្រ​ក្នុងផ្ទះ​នៃមនុស្ស​ពីរនាក់​ប្រភេទនេះ ហើយបានចម្រើន​ព្រះជន្ម​ឡើងក្នុង​ចំណោម​មនុស្សជា​ច្រើនទៀត​ប្រភេទនេះ ។ យើងពុំ​ដឹងពី​សេចក្តីលំអិត​នៃជីវិត​លើលោកិយ​របស់ទ្រង់​នោះទេ ប៉ុន្តែ ទ្រង់​បានមាន​បន្ទូលម្ដង​ថា « កញ្រ្ជោង​មានរូងវា ហើយ… សត្វហើរ… មានសំបុក តែកូន​មនុស្ស​គ្មានកន្លែង​ណានឹង​កើយក្បាលទេ » ។2 ជាក់ស្ដែង​ណាស់ អង្គបង្ក​បង្កើត​នៃស្ថាន​សួគ៌ និង ផែនដី « ហើយនិង​គ្រប់ទាំង​អ្វីៗសព្វសារ​ពើដែល​នៅលើនោះ »3 គឺគ្មាន​ផ្ទះ​សម្បែងទេ នៅក្នុង​ជីវិតមជ្ឈិម​វ័យរបស់​ទ្រង់ ។

ក្នុង​ប្រវត្តិ​សាស្ត្រ ភាពក្រីក្រ​គឺត្រូវបាន​ចាត់ថា​ជាឧបសគ្គ​ដ៏ធំ និង ទូទៅ​បំផុត​នៃមនុស្ស​លោក ។ ការរង​ទុក្ខជាក់​ស្ដែងដែល​មកពីភា​ពក្រីក្រ ជាទូ​ទៅគឺ​ខាង​សាច់ឈាម តែការ​ខូចខាត​ខាងវិញ្ញាណ និង ខាងផ្លូវ​អារម្មណ៍​ដែល​បណ្ដាល​មកពីភាព​ក្រីក្រ អាចកាន់​តែធ្លាក់ចុះ​ដុនដាប​ទៅទៀត ។ ក្នុងករណី​ណាក៏ដោយ ការហៅឲ្យ​បំពេញកាតព្វ​កិច្ចដ៏ខ្ជាប់​ខ្ជួនបំផុត ដែល​ព្រះអង្គ​សង្គ្រោះដ៏​មហិមាបាន​ហៅដល់យើង គឺឲ្យយើង​ចូលរួម​នឹងទ្រង់ ក្នុងការ​លើកបន្ទុក​ដល់ធ្ងន់នេះចេញពី​ប្រជាជន ។ ក្នុងនាម​ជាព្រះ​យេហូវ៉ា ទ្រង់ព្រះ​បន្ទូល​ថា ទ្រង់នឹង​ជំនុំជម្រះ​វង្ស​អ៊ីស្រាអែល​យ៉ាងតឹង​តែង ព្រោះ « របឹប​ដែលរឹប​ជាន់ពីពួក​អ្នកទ័លក្រ នោះសុទ្ធ​តែនៅ​ក្នុង​ផ្ទះឯង​ទាំងអស់ ។

ទ្រង់បាន​ព្រះកន្សែង​ថា « តើឯងរាល់​គ្នាមាន​ច្បាប់អី​នឹងញាំ​ញីរាស្ត្រអញ ហើយ​បុកបែន​មុខរបស់​មនុស្សទ័ល​ក្រដូច្នេះ ? » 4

អ្នក​សរសេរ​គម្ពីរ​សុភាសិត នឹង​ធ្វើ​ឲ្យ​រឿង​នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ៖ «​អ្នក​ណា​ដែល​សង្កត់​សង្កិន​មនុស្ស​ក្រីក្រ នោះឈ្មោះ​ថាប្រកួតនឹង​ព្រះដ៏​បង្កើត​ខ្លួនមក » ហើយ « អ្នកណា​ដែលចុក​ត្រចៀក មិនស្ដាប់​ពាក្យអំពាវ​នាវ​របស់មនុស្ស​ទ័លក្រ … [ ក៏ ] នឹងត្រូវ​អំពាវនាវ​ដែរ តែមិន​មានអ្នកណា​ស្ដាប់​ឡើយ » ។5

នៅជំនាន់​របស់យើង ពេល​សាសនា​ចក្រនៃព្រះ​យេស៊ូវគ្រីស្ទ ត្រូវបាន​ស្ដារឡើង​វិញមិនទាន់ទាំង​បានមួយ​ឆ្នាំផង នោះព្រះ​អម្ចាស់​បានបញ្ជា​ឲ្យសមាជិក « មើលពួក​អ្នកទ័លក្រ និង ពួកអ្នក​ទុគ៌ត ហើយ​ឧបត្ថម្ភដល់​ការរំដោះ​ពួកគេ ដើម្បី​កុំឲ្យពួក​គេត្រូវ​រងទុក្ខ » ។6 សូមកត់ចំណាំ​ពីកិរិយា​សព្ទដែល​បង្គាប់ក្នុង​ឃ្លានោះ—« កុំឲ្យពួកគេត្រូវរងទុក្ខ » ។ ព្រះមានបន្ទូល​បែបនោះ​ពេលទ្រង់មាន​ភាពមធ្យ័ត​ខ្លាំងចំពោះ​រឿងនោះ ។

បើគិត​ពីការលំបាក​ដ៏មហិមា​ក្នុងការដោះ​ស្រាយលើភាព​មិនស្មើគ្នា​នៅក្នុងពិភព​លោកនេះ តើបុរស ឬ ស្ត្រីម្នាក់​អាចធ្វើ​អ្វីបាន ? ព្រះអម្ចាស់​ទ្រង់ផ្ទាល់​បានប្រទាន​ចម្លើយមួយ ។ មុនត្រូវ​គេក្បត់ និង មុនការ​ឆ្កាងរបស់​ទ្រង់ ម៉ារា​បានចាក់​ប្រេង​លើព្រះ​សិរសារ​ព្រះយេស៊ូវ ជាមួយ​នឹងប្រេងដ៏​មានតម្លៃ យូដាស-អ៊ីស្ការីយ៉ុត បានជំទាស់​នឹងការប្រើ​ប្រេងដ៏មាន​តម្លៃនេះ ហើយ « រទូរទាំនឹងនាង » ។7

ព្រះយេស៊ូវ មាន​បន្ទូល​ថា ៖

« ហេតុអ្វីបាន​ជានាំបង្អាក់​ចិត្តនាងដូច្នេះ ? នាងបាន​ធ្វើការនេះ ជាការល្អ​ដល់ខ្ញុំ​ណាស់ ។ …

« នាងបាន​ធ្វើការអ្វី​ដែលនាង​ធ្វើបាន » ។8

« នាងបាន​ធ្វើការអ្វី​ដែលនាង​ធ្វើបាន! » នោះជា​ការពន្យល់​ដ៏ខ្លី និង ជាគំរូដ៏​អស្ចារ្យ ! មានម្ដងនោះ អ្នកសារ​ព័ត៌មានម្នាក់​បានសួរ​អ្នកម្ដាយ​ថេរេសានៃ​ក្រុង​កាល់កាតា អំពីការងារ​ដ៏គ្មានសង្ឃឹម​របស់អ្នកម្ដាយ​ក្នុងការរំដោះ​ពួកអ្នក​ទ័លក្រ​ក្នុងទីក្រុង​នោះ ។ គាត់បាន​និយាយដោយផ្អែក​លើស្ថិតិថា អ្នកម្ដាយ​ពុំបានសម្រេច​ផលអ្វី​សោះឡើយ ។ ស្ត្រីតូច​ដ៏អស្ចារ្យនេះ​បានស្រដីតបថា កិច្ចការ​របស់អ្នកម្ដាយ​គឺអំពី​សេចក្ដី​ស្រឡាញ់ មិនមែន​ស្ថិតិទេ ។ ថ្វីបើ​មានមនុស្ស​ច្រើនឥត​គណនាដែល​អ្នកម្ដាយមិនអាចជួយបាន​ក៏ដោយ ក៏អ្នកម្ដាយ​បានមាន​ប្រសាសន៍ថា អ្នកម្ដាយ​អាចរក្សានូវ​បទបញ្ញត្តិដែល​ឲ្យស្រឡាញ់ព្រះ និង អ្នកជិតខាង ដោយការ​បម្រើដល់ពួកអ្នកដែលអ្នក​ម្ដាយអាចជួយបាន ជាមួយនឹងធនធានអ្វីក៏ដោយដែលអ្នកម្ដាយមាន ។ អ្នកម្ដាយ​បានមាន​ប្រសាសន៍​ក្នុងឱកាស​មួយថា « អ្វីដែល​យើងធ្វើ គឺប្រៀប​ដូចជាទឹក​មួយដំណក់​ស្រក់ចូល​ក្នុងសមុទ្រ​អញ្ចឹង តែបើ​យើងមិន​ធ្វើទេ នោះសមុទ្រនឹង​ខាតទឹកមួយ​ដំណក់នោះដែរ » ។9 ដោយប្រកដ អ្នកសារ​ព័ត៌មាននោះ​បានយល់ថា ជាក់ស្ដែង គ្រីស្ទសាសនា​គឺមិនមែនខ្វល់តែ​ពីស្ថិតិនោះទេ ។ គាត់បាន​ទាញហេតុ​ផលថា បើមានសេចក្ដី​អំណរក្នុង​ស្ថានសួគ៌ ចំពោះអ្នក​មានបាប​ម្នាក់ដែល​ប្រែចិត្ត ច្រើនជាង​ចំពោះកៅ​សិបប្រាំបួន​អ្នកដែលមិន​ត្រូវការប្រែ​ចិត្ត នោះច្បាស់​ណាស់ថា ព្រះទ្រង់មិន​ខ្វល់ហួស​ប្រមាណ​អំពីចំនួនភាគ​រយនោះទេ ។10

ដូច្នេះ តើយើងអាច « ធ្វើការអ្វី​ដែលយើង​ធ្វើបាន » ដោយ​របៀបណា ?

ចំពោះ​រឿងមួយ ដូចស្ដេច​បេនយ៉ាមីន​បានបង្រៀនថា យើងអាច​បញ្ឈប់​ការផ្ដល់​ជំនួយ ដោយសារ​យើងឃើញថា ពួកអ្នក​ទ័លក្រធ្វើ​ឲ្យខ្លួន​គេធ្លាក់​ក្នុងភាពទុ​គ៌តដោយ​ខ្លួនឯង ។ ប្រហែល​អ្នកខ្លះ បានបង្កើតការ​លំបាកដល់​ខ្លួនឯង តែចុះតើ​យើងទាំង​អស់គ្នា​មិនធ្វើដូចតែ​គ្នាទេឬអី ? តើមិន​ដោយ​ហេតុនោះ​ទេឬអី ដែលអ្នក​គ្រប់គ្រង​ដ៏ពេញ​ដោយក្ដី​មេត្តា​នេះសួរថា « តើយើង​ទាំងអស់​គ្នានេះ ពុំមែន​ជាអ្នកសុំ​ទានទេឬ ? »11 តើយើង​ទាំងអស់គ្នាមិន​បានអំពាវ​នាវសុំ​ជំនួយ និង ក្ដីសង្ឃឹម និង ចម្លើយ​ដល់ការ​អធិស្ឋាន​ទេឬ ? យើងទាំងអស់គ្នា​មិនបានអង្វរ​សុំការអត់​ទោសចំពោះ​កំហុស​ដែលយើងធ្វើ និង បញ្ហាដែល​យើងបណ្ដាល​ទេឬ ? តើយើង​ទាំងអស់គ្នា​មិនបានអង្វរ​សុំថា ព្រះគុណ​នឹងទូរទាត់​សងដល់​ភាព​ទន់ខ្សោយ​របស់​យើង ថាសេចក្ដី​ករុណានឹង​ឈ្នះលើសេច​ក្ដីយុត្តិធម៌ យ៉ាងហោច​ណាស់ក្នុង​ករណីរបស់យើង​ទេឬអី ? វាមិន​មានអ្វីគួរ​ឲ្យភ្ញាក់ផ្អើល​ជាជាងដែល​ស្ដេចមេនយ៉ាមីន​មានបន្ទូល​ថា យើងទទួលបានការផ្ដាច់​បាបរបស់​យើងដោយ​ការទូល​អង្វរដល់​ព្រះ ដែល​ទ្រង់ឆ្លើយតប​ដោយ សេចក្ដីអាណិត​អាសូរ តែយើងរក្សាទុកនូវ​ការផ្ដាច់​បាបរបស់​យើង ដោយការឆ្លើយ​តបដោយ​សេចក្ដីអា​ណិតអាសូរ​ដល់អ្នក​ទ័លក្រដែល​អង្វរដល់​យើង ។12

បន្ថែម​លើទង្វើ​ដ៏ករុណា​ចំពោះអ្នកត្រូវ​ការជំនួយ នោះយើង​គប្បី​អធិស្ឋាន​សម្រាប់​ពួកគេផងដែរ ។ ពួក​សាសន៍​សូរាំមួយ​ក្រុម ដែលត្រូវ​បានពួក​ជំនុំរបស់​គេផ្ទាល់​ចាត់ទុកថា « ស្មោកគ្រោក » និង « អាចន៍​សំណល់ » --ទាំង​នោះ​ជា​ពាក្យ​ពី​បទគម្ពីរ--នោះត្រូវ​បានបណ្ដេញ​ចេញពី​កន្លែង​អធិស្ឋាន​របស់ពួកគេ « ដោយព្រោះ [សំលៀក​បំពាក់] របស់ពួកគេ​ពុំល្អ » ។ មរមន​មាន​ប្រសាសន៍ថា ពួកគេ « មានសេចក្ដីកំសត់​ខាងឯអ្វីៗនៃលោកិយ ហើយ …ក៍ថែម​ទាំងមានសេចក្ដី​កំសត់ខាងឯ​ចិត្តផងដែរ »13—​ជា​លក្ខខណ្ឌ​ពីរដែល​ស្ទើរតែដើរ​ទន្ទឹមគ្នា​ជានិច្ច ។ ដៃគូផ្សព្វផ្សាយសាសនា អាលម៉ា និង អាមូលេក តបតទាស់នឹងការដែល​ពួកអ្នក​មាន​សំលៀក​បំពាក់រយាក​ដែលកំពុងត្រូវ​បានគេ​បដិសេធនោះ ដោយប្រាប់​ពួកគេ​ថា មិនថា​ឯកសិទ្ធិ​ណាក៏ដោយ​ដែលអ្នក​ផ្សេង​មិនព្រមឲ្យ​ពួកគេមាន ក៏ពួក​គេតែង​តែអាច​អធិស្ឋាន​បានជានិច្ច—នៅទីវាល និង ផ្ទះ​របស់គេ ក្នុងគ្រួសារ និង ក្នុងចិត្ត​ពួកគេ ។14

តែ ចំពោះ​ក្រុមនេះ​ដែលត្រូវ​បានគេ​បណ្ដេញចេញ អាមូលេកមាន​ប្រសាសន៍ថា « បន្ទាប់ពី [ អ្នក ] បាន [ អធិស្ឋាន ] ហើយបើ​នជា[​អ្នក]រាល់គ្នា​បែរចេញពី​មនុស្ស​ដែលខ្វះខាត និង មនុស្ស​ដែល​អាក្រាត ហើយពុំ​ទៅសាក​សួរដល់​អ្នកដែល​ឈឺ និង អ្នកដែល​មានទុក្ខ​វេទនា ហើយ​ពុំចែក​រំលែក​ទ្រព្យ​របស់ខ្លួន បើសិន​ជា [អ្នក] រាល់​គ្នាមាន [ វា ] ចូរចែកទៅដល់​ជនដែល​ខ្វះខាត—ខ្ញុំសូម​ប្រាប់អ្នកថា … ការអធិស្ឋាន​របស់​អ្នក គឺឥត​ប្រយោជន៍ទេ ហើយពុំ​នាំមកឲ្យ​អ្នកនូវ​ផលអ្វីសោះ ហើយអ្នក​រាល់​គ្នា​ក៏ដូចជា​ពួកលាក់​ពុត ដែល​បដិសេធ​សេចក្ដី​ជំនឿដែរ » ។15 នេះជា​ការរំឭក​ដ៏ល្អថា មាន ក្រ យើងត្រូវ « ធ្វើការអ្វី​ដែលយើង​ធ្វើបាន » ពេលអ្នក​ផ្សេងទៀត​ត្រូវការជំនួយ ។

ឥឡូវនេះ កុំឲ្យខ្ញុំ​ត្រូវចោទ​ប្រកាន់ពី​ការស្នើនូវ​កម្មវិធីដែល​ប្រើលុយច្រើន តែឥត​ប្រយោជន៍ ដែលជួយ​យើងឲ្យ​មានអារម្មណ៍​ល្អអំពីខ្លួន​ឯង ឬ ពីការ​ប្រកាសថា ទង្វើ​សុំលុយ​តាមផ្លូវ​ជាកិច្ច​ការមាន​ប្រយោជន៍ នោះខ្ញុំសូម​បញ្ជាក់​ដល់អ្នក​ម្ដងទៀត​ថា ការគោ​រពរបស់​ខ្ញុំចំពោះ​គោលការណ៍​នៃការ​ឧស្សាហ៍ ការចេះ​សន្សំសំចៃ ខ្លួន​ទីពឹង​ខ្លួន និង មហិច្ឆិតា គឺរឹងមាំ​ដូចជា​បុរស ឬ ស្ត្រី​គ្រប់គ្នា​ដែលនៅ​រស់ដែរ ។ យើង​តែងត្រូវ​គេរំពឹង​ឲ្យជួយ​ខ្លួនឯង​សិន មុននឹង​ស្វែងរក​ជំនួយពីអ្នកដទៃ ។ ជាងនោះទៅទៀត ខ្ញុំមិនដឹងប្រាកដថា អ្នកម្នាក់ៗត្រូវបំពេញកាតព្វកិច្ច​របស់អ្នក​ក្នុង​ការជួយ​ដល់ពួក​អ្នកដែល​តែងតែមិន ឬ មិន​អាចជួយ​ខ្លួនគេ​ផ្ទាល់នោះ​យ៉ាងណា​ទេ ។ តែខ្ញុំដឹងថា ព្រះដឹង ហើយទ្រង់​នឹងជួយ​អ្នក និងដឹក​នាំអ្នក​ក្នុងទង្វើ​ដ៏ពេញ​ដោយក្ដី​អាណិត​អាសូរ​នៃភាព​ជាសិស្សនោះ បើអ្នក​មានមន​សិការចង់​ធ្វើ និង អធិស្ឋាន ហើយរក​មើលរបៀប​ដើម្បីរក្សា​បទបញ្ញត្តិ ដែល​ទ្រង់ប្រទានដល់​យើងម្ដង​ហើយម្ដង​ទៀតនោះ ។

អ្នកនឹង​យល់ថា ខ្ញុំកំពុង​និយាយ​នៅទីនេះ អំពី​សេចក្ដី​ត្រូវការ​ដ៏លំបាក​នានា​ក្នុងសង្គម ដែលត្រូវ​ចំពោះអ្នក​ដែលមិន​មែនជា​សមាជិក​សាសនាចក្រ​ផងដែរ ។ ជាការ​ល្អណាស់ ដែល​របៀបរបស់​ព្រះអម្ចាស់​ក្នុងការ​ជួយ​ដល់ខ្លួនយើង​គឺងាយ​ស្រួល ៖ អស់អ្នក​ដែលមាន​កាយសម្បទា អាច​ធ្វើបាន នោះគប្បី​ធ្វើតាម​ច្បាប់តមអាហារ ។ អេសាយ​បានសរសេរថា ៖

« តើមិន​មែនជា​ការតមអត់​យ៉ាងនេះវិញ ដែលអញ​ពេញចិត្ត​ទេឬអី ? …

«តើ​មិនមែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្សក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀកបំពាក់ នោះ​តើ​មិនមែន​ឲ្យ​ឯង​បិទបាំង​ឲ្យ​គេ... ទេ​ឬ​អី... ? [​ឲ្យ​អ្នក​] ​ស្រាយ​ចំណង​ដែល​បាន​ចង ហើយ​... ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទេ​ឬ​អី​…  ? » 16

ខ្ញុំសូម​ថ្លែងទី​បន្ទាល់ពី​អព្ភូតហេតុ ទាំងខាង​វិញ្ញាណ និង សាច់ឈាម ថាកើត​មានដល់​អ្នកទាំង​ឡាយដែល​រស់នៅ​តាមច្បាប់​តមអាហារ ។ ខ្ញុំសូម​ថ្លែងទី​បន្ទាល់​ពីអព្ភូត​ហេតុដែល​កើតមានដល់រូបខ្ញុំ ។ ពិតណាស់ ដូចអេសាយ​បានកត់ត្រា ខ្ញុំបាន​អំពាវនាវ​ក្នុងការតម​អាហារជាច្រើន​ដង ហើយពិតណាស់ ព្រះបាន​ឆ្លើយតបថា « អញនៅ​ឯណេះហើយ » ។17 សូមស្រឡាញ់​តម្កើងដល់​ឯកសិទ្ធិ​ដ៏ពិសិដ្ឋ​នៃការតម​អាហារយ៉ាង​ហោចមួយ​ខែម្ដងនោះ ហើយសូម​មានចិត្តសប្បុរស​តាមដែល​កាលៈទេសៈផ្ដល់​ឲ្យក្នុង​ការបង់ដង្វាយ​តាមអាហារ​របស់អ្នក និង ដង្វាយខាង​មនុស្សធម៌ ការអប់រំ និង ការបរិច្ចាក​ដល់អ្នក​ផ្សព្វផ្សាយ​ផ្សេងៗទៀត ។ ខ្ញុំសន្យា​ថា ព្រះនឹង​មានព្រះទ័យ​សប្បុរស​ដល់អ្នក ហើយ​អ្នកដែល​ទទួល​បាន​ជំនួយពីអ្នក នឹងហៅ​អ្នកថា​ជាអ្នកមាន​ពរជា​រៀងរហូត ។ កាល​ពីឆ្នាំមុន មាន​សមាជិក​ប្រមាណ 750,000 នាក់ បាន​ទទួលជំនួយតាម​រយៈដង្វាយ​តមអាហារ ដែលធ្វើ​ឡើងដោយ​ប៊ីស្សព និង ប្រធាន​សមាគមន៍​សង្គ្រោះ​ដ៏ពេញ​ដោយ​ការលះបង់ ។ នោះគឺ​ជាចំនួន​ដ៏ច្រើននៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដ៏ពោរពេញ​ដោយអំណរ​គុណ ។

បងប្អូន​ប្រុសស្រី ទេសនកថា​បែបនោះ​តម្រូវឲ្យ​ខ្ញុំទទួលស្គាល់ដោយ​បើក​ចំហរ​​នូវពរជ័យ​ ដែលមិន​សមនឹងទទួលបាន ដែល​គ្មានទី​បញ្ចប់ក្នុង​ជីវិតខ្ញុំ ទាំងខាងសាច់​ឈាម និង ខាងវិញ្ញាណ ។ ដូចអ្នក​ដែរ ខ្ញុំត្រូវ​តែបារម្ភ​ពីហិរញ្ញវត្ថុ​ម្ដងម្កាល តែខ្ញុំមិន​ដែលក្រ ហើយក៏​មិន​ទាំងដឹង​ផងថា ក្រនោះមានអារម្មណ៍​យ៉ាងណា​ផង ។ ជាងនោះ​ទៀត ខ្ញុំមិន​ដឹងពីមូល​ហេតុទាំង​អស់ ដែលស្ថាន​ភាពនៃកំណើត សុខភាព ឱកាស​ការអប់រំ និង សេដ្ឋកិច្ច ខុសគ្នាយ៉ាង​ខ្លាំងក្នុង​ជីវិត​រមែង​ស្លាប់នេះ តែពេលខ្ញុំ​ឃើញអ្នក​ខ្វះខាតក្នុង​ចំណោម​មនុស្ស​ជាច្រើន នោះខ្ញុំ​ពិតជា​ដឹងថា « បើមិនដោយ​សារសេចក្ដី​មេត្តាករុណា​របស់ព្រះទេ នោះខ្ញុំក៏​អាចស្ថិត​ក្នុងស្ថាន​ភាពដូចគ្នា​នោះដែរ » ។18 ខ្ញុំក៏​ដឹងដែរ​ថា ទោះ​ខ្ញុំអាច​នឹង​មិនមែន​ជាអ្នកថែរក្សា​បងប្អូនខ្ញុំ តែខ្ញុំគួរ​មាន​ការទទួលខុសត្រូវ​ក្នុងការ​ថែទាំ​អ្នកនៅ​ជុំវិញខ្ញុំ ហើយ « ព្រោះខ្ញុំត្រូវ​បានប្រទាន​ឲ្យច្រើនណាស់ នោះខ្ញុំត្រូវ​តែឲ្យបន្ត » ។19

ទាក់ទង​នឹងរឿង​នោះ ខ្ញុំសូម​គោរពដល់​ប្រធាន ថូម៉ាស ស្ពែនស៊ើរ ម៉នសុន ។ ខ្ញុំមាន​ពរជ័យ ដែលបានស្គាល់​បុរសនេះអស់ 47 ឆ្នាំ ហើយរូប​ភាពរបស់​លោកក្នុង​គំនិតខ្ញុំ​ដែលខ្ញុំ​នឹងគោរពស្រឡាញ់​រហូតដល់​ខ្ញុំស្លាប់ គឺអំពីលោក​ដែលជិះ​យន្តហោះ​មកផ្ទះវិញ ពីអាល្លឺម៉ង់​ខាងកើតដែល​ត្រូវធ្វើ​ឲ្យហិន​ហោចខាង​សេដ្ឋកិច្ច ដោយលោក​ពាក់ស្បែកជើង​សម្រាប់​ពាក់ក្នុង​ផ្ទះ ព្រោះ​លោកមិន​ត្រឹមតែ​បានបរិច្ចាក​នូវអាវធំ និង អាវប៉ុណ្ណោះទេ តែថែមទាំង​ស្បែក​ជើង​របស់លោកទៀតផង ។ « អើ ល្អណាស់ហ្ន គឺជើង​នៃអ្នកនោះ​ដែលដើរលើភ្នំ [ ហើយដើរអូស​ជើង​ពីច្រកទ្វារអាកាស​យាន្តដ្ឋាន​មួយទៅ​មួយទៀត ] ជាអ្នកដែល​នាំដំណឹង​ល្អមក ហើយ​ប្រកាសប្រាប់​ពីសេចក្ដី​មេត្រី » ។20 ខ្ញុំ​ស្គាល់​លោក​ជាង​បុរស​ណា​ផ្សេង ប្រធាន ម៉នសុន តែងតែ « បានធ្វើការ​អ្វីដែល​លោកអាចធ្វើ​បាន » សម្រាប់​ស្ត្រីមេម៉ាយ និង កូនកំព្រា ហើយលោក​បានធ្វើបែប​នោះជាច្រើន​ណាស់ ។

ក្នុងវិវរណៈ​មួយទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុងឆ្នាំ 1831 ព្រះ​អម្ចាស់បាន​មានបន្ទូល​ថា ថ្ងៃមួយពួក​អ្នកទ័លក្រ​នឹងបានឃើញ​នគរព្រះមក​រំដោះពួកគេ « ដោយនូវ​ព្រះចេស្ដា និង សិរីល្អដ៏អស្ចារ្យ » ។21 ចូរយើង​ជួយបំពេញ​នូវការ​ព្យាករណ៍នោះ ដោយការ​មកដោយ​នូវព្រះចេស្ដា និង សិរីល្អ​នៃភាព​ជាសមាជិក​របស់យើង​ក្នុងសាសនាចក្រ​ដ៏ពិតនៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើ​អ្វីដែល​យើងអាច ដើម្បីរំដោះ​ដល់អ្នក​ណា ដែលយើង​អាច ចេញពីភាព​ក្រីក្រដែល​ឃុំឃាំងគេ និង បំផ្លាញ​ក្ដីសុបិន្តគេ ខ្ញុំអធិស្ឋាន​ក្នុងព្រះនាម​ដ៏មេត្តា​ករុណានៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។