ឆ្នាំ ២០១០-២០១៩
ចូរ​ធ្វើ​ឲ្យ​ការអនុវត្ត​សេចក្ដី​ជំនឿ​បងប្អូនក្លាយ​ជាអាទិភាពទីមួយ​
១០ 2014


ចូរ​ធ្វើ​ឲ្យ​ការអនុវត្ត​សេចក្ដី​ជំនឿ​បងប្អូនក្លាយ​ជាអាទិភាពទីមួយ​

ថ្វីបើ​យើង​មាន​ឧបសគ្គក្នុង​ជីវិត​ធំ​ប៉ុណ្ណា​ក៏​ដោយ​ យើង​ត្រូវ​តែ​ឈ្លាត​ពេល ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿរបស់​យើង​ឲ្យ​សកម្ម។

កាល​អ័ដាម និង នាងអេវ៉ានៅ​ក្នុង​សួនច្បារ​អេដែន អ្វីៗទាំងអស់ដែល​ពួកគេ​ត្រូវការ​សម្រាប់ការផ្គត់ផ្តង់រូបកាយប្រចាំថ្ងៃ​ត្រូវបាន​ប្រទាន​ឲ្យ​ពួកគេ​យ៉ាងបរិបូរណ៍។ ពួកគេគ្មានភាពលំបាក ឧបសគ្គ ឬ​ការ​ឈឺចាប់​ឡើយ។ ដោយ​សារ​ពួកគេ​ពុំ​ធ្លាប់ជួប​នឹង​គ្រាលំបាក ពួកគេ​មិន​ដឹង​ថា ពួកគេ​អាច​រីករាយ​ឡើយ។ ពួកគេ​ពុំ​ធ្លាប់​មាន​អារម្មណ៍ច្របូលច្របល់ ដូច្នេះ​ពួកគេ​ក៏​គ្មាន​អារម្មណ៍​នៃ​សេចក្ដីសុខសាន្ត​ដែរ។

នៅទីបំផុត អ័ដាម និង​នាងអេវ៉ាបាន​រំលង​នឹង​បង្គាប់​ដែល​ហាម​មិន​ឲ្យ​ហូប​ផ្លៃ​នៃដើមសម្រាប់ដឹងខុសត្រូវ។ ដោយហេតុនេះ ពួកគេ​លែងស្ថិតនៅក្នុងស្ថានភាពគ្មានទោស​កំហុស​ទៀត​ហើយ។ ពួកគេ​បាន​ចាប់ផ្ដើមប្រឈមមុខនឹង​គោលការណ៍​នៃការ​ផ្ទុយ។ ពួកគេបាន​ចាប់ផ្ដើម​ប្រឈមមុខ​នឹង​ជំងឺ​ដែល​ធ្វើ​ឲ្យ​សុខភាពពួកគេ​ចុះខ្សោយ។ ពួក​គេបាន​ចាប់​ផ្ដើម​មាន​អារម្មណ៍សោកសៅ និង​ក្ដីអំណរ​ផងដែរ។

តាមរយៈការបរិភោគ​ផែ្លឈើ​ហាម​ឃាត់​របស់​អ័ដាម និង​នាង​អេវ៉ា ការ​ដឹងខុស​ត្រូវ​បាន​កើត​មាន​ក្នុង​ពិភពលោក​នេះ។ ជម្រើស​ពួកគេ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​អាច​មក​កាន់​ផែនដី​នេះ​ដើម្បីទទួលការ​សាកល្បង។1យើង​មាន​ពរ​ដោយ​មាន​សិទ្ធិជ្រើសរើស​ដែល​ជា​សមត្ថភាព​យើង​ក្នុង​ការ​សម្រេចចិត្ត ហើយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​ទាំងនោះ។ ការ​ធ្លាក់នេះ​ធ្វើ​ឲ្យ​អារម្មណ៍​នៃ​សុភមង្គល និង ភាពសោកសៅ​កើត​មាន​ក្នុង​ជីវិត​យើង។ យើង​អាច​យល់​ពីសេច​ក្ដីសុខសាន្ត ដោយសារ​យើង​យល់​ពី​អារម្មណ៍​នៃ​ភាព​ច្របូក​ច្របល់។​2​

ព្រះវរបិតា​សួគ៌​យើង​ជ្រាបថា រឿង​នេះ​នឹង​កើត​ឡើង​ចំពោះ​យើង។ វា​ជាផ្នែក​នៃ​ផែនការ​នៃ​សុភមង្គល​ដ៏​ល្អ​ឥត​ខ្ចោះ​របស់ទ្រង់។ ទ្រង់បាន​រៀបចំ​ផ្លូវ​មួយ​តាមរយៈ​ជីវិត​នៃ​ព្រះរាជបុត្រា​ដ៏ស្ដាប់បង្គាប់​ដោយ​ឥតខ្ចោះ​បំផុត​របស់ទ្រង់​គឺ​ ព្រះ​យេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះនៃ​យើង ដើម្បី​ឲ្យ​ដង្វាយ​ធួន​ទ្រង់​យក​ឈ្នះ​រាល់​ការ​លំបាកដែល​យើង​អាច​ជួប​នៅ​ក្នុង​ជីវិត​នេះ។

យើង​រស់នៅ​ក្នុង​គ្រា​នៃ​ការ​សាកល្បង ។ ខ្ញុំ​ពុំចាំបាច់​រៀបរាប់នៅរាល់ប្រភពអាក្រក់​ក្នុង​ពិភពលោក​នេះទេ។ វា​ពុំ​ចាំបាច់​ដើម្បី​រៀបរាប់នៅរាល់​ឧបសគ្គ​ និង ការ​ខូច​ចិត្ត​ដែល​ជាផ្នែ​កនៃ​ជីវិត​នេះ​ទេ។ យើង​ម្នាក់ៗបាន​ដឹង​យ៉ាងច្បាស់ពី​ភាពស្មុគស្មាញ​ផ្ទាល់ខ្លួន​ជាមួយ​នឹង ការ​ល្បួង ​ការ​ឈឺចាប់ និង ភាពសោកសៅ។

យើង​ត្រូវ​បាន​បង្រៀននៅក្នុង​​​ពិភពមុនឆាកជីវិតនេះថា គោលបំណង​យើង​មក​ទីនេះ​ដើម្បី​ត្រូវបានសាក​ល្បង ហើយ​រីកចម្រើន។3 យើង​បាន​ដឹង​ថា យើង​នឹង​ជួបអំពើអាក្រក់​របស់មារសត្រូវ។ ពេលខ្លះ យើងអាច​ដឹង​​ពី​រឿង​អវិជ្ជមាននៃ​ជីវិតនេះ​ច្រើនជាង​​រឿងវិជ្ជមាន​ទៅទៀត។ ព្យាការី​ លីហៃ បាន​បង្រៀន​ថា «ត្បិត​ជា​ការ​ចាំបាច់​ត្រូវ​តែ​មាន​ការ​ផ្ទុយ​ចំពោះ​រឿង​សព្វ​សារពើ»។​4 ថ្វីបើ​យើង​មាន​ឧបសគ្គក្នុង​ជីវិត​ធំ​ប៉ុណ្ណា​ក៏​ដោយ​ យើង​ត្រូវ​តែ​ឈ្លាត​ពេល​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​យើង​ឲ្យ​សកម្ម។ ការ​អនុវត្ត​បែបនេះ​អញ្ជើញ​អំណាចវិជ្ជមាន​ពេញ​ដោយ​សេចក្ដីជំនឿ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ចូ​ល​មក​ក្នុង​ជីវិត​យើង។

ព្រះវរបិតា​សួគ៌​យើង​បាន​ប្រទាន​ឲ្យ​យើង​នូវឧបករណ៍​ដើម្បី​ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​អនុវត្ត​សេចក្ដីជំនឿ​លើ​ដង្វាយធួន​របស់ទ្រង់។ កាល​ឧបករណ៍​ទាំងនេះ​ក្លាយ​ជាទម្លាប់ដ៏រឹងមាំ វា​ផ្ដល់​ជាវិធីយ៉ាងងាយស្រួល​បំផុតដល់​ការ​ស្វែងរកសេច​ក្ដីសុខសាន្ត​ក្នុង​ឧបសគ្គ​នៃ​ជីវិត​នេះ។ ថ្ងៃនេះ ខ្ញុំ​បាន​ជ្រើស​យក​ឧបករណ៍​ទាំងនេះ​ចំនួន​បួន​មក​ពិភាក្សា។ កាល​ខ្ញុំ​និយាយ សូម​ពិចារណា វាយតម្លៃ​នូវការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់បងប្អូន​ចំពោះ​ឧបករណ៍​នីមួយៗ រួច​ស្វែងរក​​ការ​ដឹកនាំ​ពី​ព្រះអម្ចាស់​​ដើម្បី​​កំណត់ពី​របៀប​ដែល​បងប្អូន​អាច​ប្រើវា​ឲ្យ​​ប្រសើរ​ជាងមុន។

ការអធិស្ឋាន

ឧបករណ៍​ទីមួយ​គឺ ​ការអធិស្ឋាន។ សូម​ជ្រើសរើស​ធ្វើ​ការ​សន្ទនានឹង​ព្រះវរបិតាសួគ៌​ជា​រឿយៗ។ សូម​ចំណាយពេល​រាល់ថ្ងៃ​ដើម្បីចែកចាយ​គំនិត និង អារម្មណ៍​របស់​បងប្អូន​នឹង​ទ្រង់។ សូម​ប្រាប់ទ្រង់រឿងគ្រប់យ៉ាង ដែល​ធ្វើ​ឲ្យ​បងប្អូន​ខ្វល់ចិត្ត។ ទ្រង់ចង់ដឹង​ទាំង​រឿង​ដ៏សំខាន់ និង​រឿង​ដ៏សាមញ្ញ​បំផុត​ក្នុង​ជីវិត​របស់បងប្អូន។ សូម​ចែកចាយ​អារម្មណ៍ និងបទពិសោធន៍​ដ៏ពេញលេញ​របស់​បងប្អូន​ជាមួយ​នឹងទ្រង់។

ដោយសារ​ទ្រង់គោរព​ដល់​សិទ្ធិជ្រើសរើស​របស់​បងប្អូន នោះ​ព្រះវរបិតា​​សួគ៌​នឹង​មិន​បង្ខំ​បងប្អូន​ឲ្យ​អធិស្ឋាន​ទៅ​ទ្រង់​ឡើយ។ ប៉ុន្តែ​កាល​បងប្អូន​អនុវត្ត​សិទ្ធិជ្រើសរើស​នោះ ហើយ​ដាក់បញ្ចូល​ទ្រង់នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​បងប្អូន នោះ​ដួងចិត្ត​របស់​បងប្អូន​នឹង​ចាប់ផ្ដើម​ពោរពេញ​ដោយ​ក្ដីសុខសាន្ត​ដ៏រីករាយ។ សេចក្តីសុខសាន្ត​នោះ​ នឹង​ផ្ដោត​លើ​ភាពស្មុគស្មាញនៅ​ក្នុង​ពន្លឺដ៏អស់កល្ប​មួយ។ វា​នឹង​ជួយ​បងប្អូន​ឲ្យ​គ្រប់គ្រង​លើឧបសគ្គ​ទាំងនេះ​ដោយ​ទស្សនៈដ៏អស់កល្ប។

ឪពុកម្ដាយ​ទាំងឡាយ សូម​ជួយ​ការពារ​កូនចៅ​​​បងប្អូនដោយ​ឃុំគ្រង​ពួកគេតាមរយៈអំណាច​នៃ​ការ​អធិស្ឋាន​ជា​គ្រួសារ​ទាំង​យប់​ទាំងថ្ងៃ។ កូនចៅ​ត្រូវបាន​វាយ​ប្រហារ​ជា​រៀងរាល់ថ្ងៃ​ដោយ​អំពើអាក្រក់​នៃ​តណ្ហា ភាព​លោភ​លន់ ភាពឆ្មើងឆ្មៃ និង ឥរិយាបថ​ពោរ​ពេញ​ដោយ​អំពើ​បាប​ផ្សេងទៀតជាច្រើន។ សូម​ការ​ពារ​កូនចៅ​បងប្អូន​ពី​ឥទ្ធិពលប្រចាំ​ថ្ងៃ​​ខាង​លោកិយ ​ដោយ​ពង្រឹង​ពួកគេ​ជាមួយ​នឹង​ពរជ័យ​ដ៏មាន​ឥទ្ធិពល​ដែល​កើត​ចេញ​ពី​ការអធិស្ឋានជាគ្រួសារ។ ការអធិស្ឋានជាគ្រួសារ ​គួរ​ជា​អាទិភាពដ៏​រឹងមាំ​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​បងប្អូន។

ការសិក្សា​ព្រះគម្ពីរ

ឧបករណ៍​ទីពីរ​គឺ​ ការ​សិក្សាព្រះ​បន្ទូល​នៃព្រះ​នៅ​ក្នុង​ព្រះគម្ពីរ និង ប្រសាសន៍របស់​​ពួកព្យាការីបច្ចុប្បន្ន។ យើង​និយាយ​ទៅ​កាន់ព្រះ​ដោយ​ការអធិស្ឋាន។ ជាទូទៅ ទ្រង់​ទាក់ទង​មក​យើង​វិញ​តាមរយៈ​បន្ទូល​របស់ទ្រង់ ដែល​​បាន​សរសេរ​ទុក។ ដើម្បី​បាន​ដឹង​ថា តើ​ព្រះសូរសៀងទ្រង់មាន​លក្ខណៈ និង​អារម្មណ៍​បែបណា សូម​អាន​បន្ទូល​ទ្រង់ សូម​សិក្សា​ព្រះគម្ពីរ ហើយ​ពិចារណា​ព្រះ​បន្ទូល​ទាំងនោះ។5 សូម​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ផ្នែក​មួយ​ដ៏ចាំបាច់នៃ​ជីវិត​ប្រចាំថ្ងៃ។ បើ​បងប្អូន​ចង់​ឲ្យ​កូនចៅស្គាល់ យល់ ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​នៃ​ព្រះវិញ្ញាណ នោះ​បងប្អូន​ត្រូវតែ​សិក្សា​ព្រះគម្ពីរ​ជាមួយ​នឹង​ពួកគេ។

សូម​កុំ​​ជឿ​ពាក្យ​​កុហក​របស់​សាតាំងថា បងប្អូន​​គ្មាន​ពេលសិក្សា​ព្រះគម្ពីរ​ឲ្យសោះឡើយ។ សូម​ជ្រើសរសើយក​ពេល​សិក្សា​ព្រះគម្ពីរ​ទាំងនោះ។ ការ​ទទួល​ទានព្រះ​​បន្ទូល​​​ព្រះ​រៀងរាល់ថ្ងៃគឺសំខាន់​ជាងការ​ដេក សាលារៀន កម្មវិធី​ទូរទស្សន៍ វីដេអូ​ហ្គេម ឬ​បណ្ដាញ​សង្គម​ទៅទៀត។ បងប្អូន​ត្រូវ​ស្គាល់​ពី​អាទិភាពខ្លួនឯង ​ដើម្បី​មាន​ពេល​សិក្សាព្រះ​​បន្ទូលរបស់​ព្រះ។ បើ​ដូច្នេះមែន សូម​ធ្វើបែបនោះចុះ!

មាន​ការសន្យា​ដែល​បាន​ព្យាករ​ជាច្រើនស្ដីពី ​ពរជ័យ​នៃ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ។6​​

ខ្ញុំ​សូមបន្ថែម​សំឡេង​ខ្ញុំ​នឹងការ​​សន្យានេះថា៖ ពេល​បងប្អូន​លះបង់ពេលរាល់ថ្ងៃ ទាំងពេល​ផ្ទាល់ខ្លួន និង ជាគ្រួសារ ដើម្បី​សិក្សាព្រះ​​បន្ទូល​ព្រះ នោះ​សេចក្តីសុខសាន្ត​នឹង​កើត​មាន​ក្នុង​ជីវិត​បងប្អូន។ សេចក្តីសុខសាន្ត​នោះ​នឹង​មិន​កើតមាន​ឡើង ចេញ​​​មកពី​ពិភពលោក​ខាង​ក្រៅ​ឡើយ។ វានឹង​កើត​ចេញពី​ផ្ទះ​បងប្អូន ចេញពី​គ្រួសារ​បងប្អូន និង​ចេញពី​ដួងចិត្ត​បងប្អូន​ផ្ទាល់។ វា​នឹង​ក្លាយ​ជា​អំណោយទាននៃព្រះវិញ្ញាណ។ វា​នឹង​សាយភាយចេញមកពី​បងប្អូន​ដើម្បី​ជះឥទ្ធិពល​ដល់​មនុស្ស​ជុំវិញ​ក្នុង​ពិភពលោក​នេះ។ បងប្អូន​នឹង​ធ្វើ​អ្វីមួយ​ដែល​សំខាន់​បំផុត ដើម្បី​បន្ថែម​ឲ្យ​មាន​សេចក្តីសុខ​សាន្ត​ថែមទៀត​ក្នុង​ពិភពលោក​នេះ។

ខ្ញុំ​មិន​ប្រកាស​ថា ជីវិតបងប្អូន​នឹង​លែងមានឧបសគ្គនោះទេ។ សូម​ចាំ​ថា កាល​អ័ដាម និង នាងអេវ៉ានៅ​ក្នុង​សួន​ច្បារ ពួកគេ​គ្មាន​ឧបសគ្គ ប៉ុន្តែ​ពួកគេ​មិន​ស្គាល់​ពី​សុភមង្គល សេចក្ដី​អំណរ និង សេចក្ដីសុខសាន្ត​ឡើយ។7ឧបសគ្គ​ជាផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ជីវិត​នេះ។ តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ​ជាទៀងទាត់ប្រចាំថ្ងៃ នោះបងប្អូ​ន​នឹង​រកឃើញ​សេចក្តី​សុខសាន្ត​ក្នុង​ភាពច្របូកច្របល់​នៅជុំវិញ​ខ្លួន ហើយ​មាន​​កម្លាំង​ដើម្បី​តតាំង​នឹង​ការ​ល្បួង។ បងប្អូន​នឹង​បង្កើត​សេចក្ដីជំនឿ​ដ៏រឹងមាំ​លើ​ព្រះគុណ​នៃព្រះ ហើយ​ដឹង​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ អ្វីៗ​នឹង​ត្រូវបានធ្វើឲ្យបានប្រសើរឡើង​ស្របតាម​កាលវេលា​របស់ព្រះ។

រាត្រី​ជួបជុំ​ក្រុមគ្រួសារ

កាល​បងប្អូន​កំពុងខិតខំ​ពង្រឹង​គ្រួសារ​ខ្លួន ហើយ​បីបាច់​សេចក្តីសុខ​សាន្ត សូម​ចងចាំ​ពី​ឧបករណ៍​ទី​បី​នេះ គឺ​៖ រាត្រី​ជួប​ជុំ​ក្រុម​គ្រួសាររាល់សប្ដាហ៍។ ចូរ​ប្រុង​ប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​រាត្រីជួបជុំក្រុមគ្រួសាររបស់​បងប្អូន ​គ្មានអាទិភាព​នៅ​ក្នុងពេលរវល់​ឲ្យ​សោះ។ សូម​សម្រេច​ចិត្ត​ថា នៅ​យប់​ថ្ងៃ​ចន្ទ គ្រួសារ​បងប្អូន​នឹង​នៅ​ផ្ទះជុំគ្នា។ ចូរ​កុំ​ឲ្យ​ការងារ កីឡា សកម្មភាព​បន្ថែមទៀត កិច្ចការ​សាលា ឬ​អ្វីផ្សេងទៀតក្លាយ​ជា​រឿង​សំខាន់​ជាងពេល​ដែល​បងប្អូន​ត្រូវ​ចំណាយ​ពេល​រួម​គ្នា​ជាមួយ​គ្រួសារ​នៅផ្ទះ​សោះ​ឡើយ។

ការ​រៀបចំ​ពេលល្ងាច​របស់​បងប្អូន​មិន​សំខាន់​ដូចជា​ពេល​ដែល​បាន​ផ្ដល់​ឲ្យ​នោះទេ។ ដំណឹងល្អ​គួរតែត្រូវបាន​បង្រៀន​ទាំងជាផ្លូវ​ការ និង​ មិន​ជា​ផ្លូវ​ការ។ សូម​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​បទពិសោធន៍​ដ៏មានន័យ​មួយ​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ។ រាត្រីជួបជុំក្រុមគ្រួសារ​ គឺ​ពេល​ដ៏មាន​តម្លៃ​ដើម្បី​ថ្លែង​ទីបន្ទាល់​ក្នុង​បរិយាកាស​ដ៏​មានសុវត្ថិភាព ដើម្បី​រៀន​បង្រៀន ធ្វើ​ផែនការ និង​ជំនាញគ្រប់គ្រង ដើម្បី​ពង្រឹង​ចំណង​គ្រួសារ ដើម្បី​បង្កើត​ប្រពៃណី​គ្រួសារ ដើម្បី​និយាយ​រកគ្នា ហើយ​សំខាន់​បំផុត​នោះគឺ មាន​ភាព​រីករាយ!

ក្នុង​សន្និសីទទូទៅ​ខែមេសា ស៊ិស្ទើរ លីនដា អេស រីវស៍ បាន​ប្រកាស​យ៉ាងមុតមាំ​ថា៖ «​ខ្ញុំ​ត្រូវ​ថ្លែងទីបន្ទាល់​ពី​ពរជ័យ​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​ និង ការអធិស្ឋាន និង ​រាត្រី​ជួបជុំ​ក្រុម​គ្រួសាររាល់​សប្ដាហ៍​។ ទាំងនេះ​ជាការអនុវត្ត​ដ៏​ល្អបំផុត​ដែល​ជួយដកចេញនូវ​សម្ពាធ ផ្ដល់​នូវ​ការ​ដឹកនាំ​ដល់​ជីវិត​យើង ហើយ​បន្ថែម​ការ​ការពារ​ដល់​គេហដ្ឋាន​យើង»។8 ស៊ិស្ទើរ រីវស៍ គឺជាស្ដ្រី​ដ៏ឆ្លាត​មួយ​រូប។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​រក​ទីបន្ទាល់ផ្ទាល់ខ្លួន​ស្ដីពី​ទម្លាប់ដ៏សំខាន់​ទាំងបី​នេះ។

ការ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ឧបករណ៍​ទីបួន​គឺ​ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ។ យើង​ទាំងអស់​គ្នា​ដឹង​ថា គ្មាន​កន្លែង​ណា​មួ​យ​នៅ​លើ​ផែនដី​នេះ ដែល​ពោរពេញ​ដោយ​សេចក្តីសុខ​សាន្ត ​ជាងនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃព្រះឡើយ។ បើ​បងប្អូន​គ្មាន​បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ សូម​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​មាន​វា។ ពេល​បងប្អូ​នមាន​ប័ណ្ណ​នេះ​ សូម​ប្រើ​វា​ជារឿយៗ។9 សូម​ដាក់​កាលវិភាគ​ទៀងទាត់​មួយ ​ដើម្បី​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ។ ចូរ​កុំ​ឲ្យនរណា​ម្នាក់ ឬ​អ្វីផ្សេងទៀត មក​រារាំង​បងប្អូនមិន​ឲ្យ​ទៅទីនោះឡើយ។

កាល​បងប្អូន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​ស្ដាប់ពាក្យពេចន៍​នៃ​ពិធីបរិសុទ្ធ ពិចារ​ណា​វា អធិស្ឋាន​ពី​វា ហើយ​ស្វែង​យល់​ពី​អត្ថន័យ​វា។ ព្រះវិហារ​បរិសុទ្ធ​ជា​កន្លែង​មួយ​ដ៏ល្អ​បំផុត​ដើម្បី​យល់ដឹង​ពី​អំណាច​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ។ សូម​ស្វែងរកទ្រង់​នៅទីនោះ។ សូមចងចាំ​ថា ពរជ័យ​ជាច្រើន​ទៀត​កើត​ចេញមកពី​ការ​ផ្ដល់​ឈ្មោះមរណជន​របស់បងប្អូន​ផ្ទាល់​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ។

ឧបករណ៍​ទាំងបួននេះគឺជា​ ទម្លាប់​ដ៏សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​បងប្អូន​មានសុវត្ថិភាព​នៅ​ក្នុង​អំណាច​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ។ សូម​ចាំ​ថា ព្រះអង្គសង្គ្រោះ​យើង​គឺជា​ព្រះអម្ចាស់​នៃ​មេត្រី​ភាព។ សេចក្ដីសុខសាន្ត​ក្នុង​ជីវិត​នេះ កើត​ចេញមក​ពី​ពលិកម្មធួន​របស់ទ្រង់។ ពេល​យើង​អធិស្ឋាន​ជាទៀងទាត់ ​ទាំងយប់ទាំងថ្ងៃ សិក្សា​ព្រះគម្ពីរ​យើង​ជាប្រចាំថ្ងៃ មាន​រាត្រីជួបជុំក្រុមគ្រួសារ ហើយ​ចូល​រួម​ក្នុងព្រះវិហារ​បរិសុទ្ធ​ជាទៀងទាត់ នោះ​យើង​កំពុង​តែ​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​ការអញ្ជើញ​របស់​ទ្រង់ ឲ្យ «មក​រកទ្រង់» ហើយ។ កាលណា​យើង​បង្កើត​ទម្លាប់នេះ​ឲ្យ​បាន​ច្រើន នោះ​សាតាំងកាន់តែមានចិត្តអន្ទះ​អន្ទែងចង់ធ្វើ​ឲ្យ​យើង​ឈឺចាប់​ ប៉ុន្តែ​វា​មាន​លទ្ធភាព​តិចតួចណាស់ ​ដើម្បីធ្វើ​ដូច្នេះបាន។ តាមរយៈការ​ប្រើ​ឧបករណ៍​ទាំងបួន​នេះ យើង​អនុវត្ត​សិទ្ធិជ្រើសរើស​យើង​ដើម្បី​ទទួល​យក​អំណោយទាន​ដ៏ពេញ​លេញ​នៃ​ពលិកម្មធួន​របស់​ទ្រង់។

ខ្ញុំ​ពុំ​​មែន​ចង់​មាន​ន័យ​ថា រាល់ភាពស្មុគស្មាញ​ក្នុង​ជីវិតនេះ​នឹង​រលាយ​បាត់ កាល​បងប្អូនធ្វើ​រឿង​ទាំងនេះ​នោះទេ។ ពិតណាស់ យើង​បាន​មកក្នុង​ជីវិត​រមែងស្លាប់ ដើម្បី​មានការរីកចម្រើនចេញ​មក​​ពី​ការសាកល្បង​ទាំងឡាយ។ ឧបសគ្គនានា​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែដូចជា​ព្រះវរបិតាសួគ៌​យើង ហើយ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ធ្វើ​ឲ្យ​យើងអាច​ស៊ូទ្រាំ​នឹង​ឧបសគ្គ​ទាំងនោះ​បាន។10 ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​មក​រក​ទ្រង់​ដោយ​សកម្ម នោះ​យើង​អាច​ស៊ូទ្រាំ​នៅរាល់​ការល្បួង ការ​ខូចចិត្ត និងរាល់ឧបសគ្គដែល​យើង​ជួប ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់​​ចំណាំ

  1. សូមមើល ម៉ូសេ 5:11 ។

  2. សូមមើល ម៉ូសេ 4–5 ។

  3. សូមមើល អ័ប្រាហាំ 3:25

  4. នីហ្វៃទី 2 2:11

  5. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា 18:36 សូមមើល​ផងដែរ​ ខ 34–35

  6. ឧទាហរណ៍​មួយ​ចំនួន​រួមមាន៖ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា៖ «ពេល​យើងអាន ហើយ​ពិចារណា​ពី​ព្រះគម្ពីរ យើងនឹង​មាន​នូវការ​ខ្សឹបប្រាប់ដ៏ផ្អែម​ល្ហែម​ពី​ព្រះវិញ្ញាណ​ទៅ​កាន់​ព្រលឹង​យើង។ យើងអាចរកឃើញ​ចម្លើយ​ចំពោះ​សំណួរ​យើង។ យើង​រៀន​ពី​ពរជ័យដែល​កើត​មាន​តាមរយៈការគោរពតាម​បទបញ្ញត្តិ​ព្រះ។ យើង​ទទួលបាន​ទីបន្ទាល់ដ៏ច្បាស់​មួយពី​ព្រះវរបិតាសួគ៌​យើង និង ព្រះអង្គសង្គ្រោះ​យើង​ ព្រះយេស៊ូវ​គ្រីស្ទ និងសេចសេចក្តីស្រឡាញ់​របស់ទ្រង់​ចំពោះ​យើង។ ពេល​ការ​សិក្សា​ព្រះគម្ពីរ​ត្រូវបាន​រួមផ្សំ​នឹង​ការអធិស្ឋាន​របស់យើង យើងអាច​ដឹង​យ៉ាងប្រាកដ​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​​គឺជា​ដំណឹងល្អ​ពិត។ … ពេល​យើង​ចងចាំ​ពី​ការអធិស្ឋាន ហើយឈ្លាតពេល​បើក​ព្រះគម្ពីរ ជីវិត​យើង​នឹង​ពិត​ជា​មាន​ពរច្រើន ហើយ​បន្ទុក​យើង​នឹង​ត្រូវបានសម្រាល» («We Never Walk Alone»Ensign​​ឬLiahona ខែ​វិច្ឆិកា ឆ្នាំ 2013 ទំព័រ 122)។ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​​ថា ៖ «ខ្ញុំ​សូម​សន្យាន​នឹង​បងប្អូន​ដោយ​គ្មាន​លក្ខខណ្ឌ​ថា បើ​បងប្អូន​រាល់គ្នានឹង​ធ្វើតាម​កម្មវិធី​ដ៏សាមញ្ញ​នេះ មិន​ថា​បងប្អូន​បានអាន​ព្រះគម្ពីរមរមន​បានប៉ុន្មាន​ដង​​ពីមុនរួច​ហើយ​នោះទេ វិញ្ញាណ​នៃ​ព្រះអម្ចាស់នឹងមាន​បន្ថែមទៀត​នៅ​ក្នុង​ជីវិត និង នៅ​ក្នុង​ផ្ទះ​របស់​បងប្អូន វា​នឹងធ្វើ​ឲ្យ​កើត​មាន​ការ​សម្រេចចិត្ត​ដ៏រឹងមាំ​មួយ​ដើម្បី​ដើរ​ក្នុងការ​គោរពប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ទ្រង់ ហើយនឹងមាន​ទីបន្ទាល់ដ៏រឹងមាំ​មួយ​ស្ដីពី​ភាពពិតដ៏រស់រវើក​នៃ​ព្រះរាជបុត្រា​នៃព្រះ» («A Testimony Vibrant and True» Ensign​Liahonaខែ សីហា ឆ្នាំ 2005 ទំព័រ 6)។ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ថ្លែង​ថា ៖ «ក្រុមគ្រួសារ​មាន​ពរយ៉ាងខ្លាំង ពេល​ឪពុកម្ដាយ​ដ៏ឈ្លាស​វៃ​នាំ​កូនចៅ​ខ្លួន​ក្បែរ ហើយ​អានជាមួយ​គ្នា​​ចេញពី​បណ្ណាល័យបទគម្ពីរ រួច​ពិភាក្សាដោយ​សេរីពី​ដំណើររឿង និង គំនិត​ដ៏មានន័យនានាស្រប​តាម​ការ​យល់ដឹង​របស់ខ្លួន។ ជារឿយៗ យុវវ័យ និង កុមារ មាន​គំនិតយ៉ាងជ្រាវជ្រៅ និង អំណរគុណចំពោះការ​សិក្សា​មូលដ្ឋាន​ស្ដីពី​សាសនា» («Reading the Scriptures» Ensign ខែ វិច្ឆិកា ឆ្នាំ 1979 ទំព័រ 64)។ប្រធាន​អ៊ែសរ៉ា ​ថាហ្វ​ ប៊ែនសឹន បាន​ថ្លែង​ថា៖ «ជា​រឿយៗ យើង​បាន​ខិតខំព្យាយាម​យ៉ាងខ្លាំងដើម្បី​បង្កើតនកម្រិត​សកម្មភាព​នៅ​ក្នុង​ស្តេក​របស់​យើង។ យើង​ធ្វើ​ការ​យ៉ាងឧស្សាហ៍ដើម្បី​បង្កើនចំនួន​ភាគរយ​នៃ​អ្នក​ចូលរួម​ក្នុងការ​ប្រជុំ​សាក្រាម៉ង់។ យើង​ធ្វើ​ការ​ដើម្បី​ឲ្យ​មាន​ភាគរយនៃយុវជនយើងកាន់តែខ្ពស់ ដែល​ចេញ​ទៅ​បម្រើបេសកកម្ម។ យើង​ព្យាយាម​កែលម្អចំនួននៃសមាជិក​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ។ ការ​ខិតខំទាំងអស់នេះគឺជារឿង​គួរឲ្យសរសើរ​ ហើយ​សំខាន់ចំពោះ​ការរីកចម្រើន​នៃ​នគរនេះ។ ប៉ុន្តែ ពេល​សមាជិក​ម្នាក់ៗ និងក្រុមគ្រួសារ​ទាំងឡាយធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​ឱបក្រសោបពី​ព្រះគម្ពីរជាទៀងទាត់ ហើយ​ខ្ជាប់ខ្ជួន នោះ​ផ្នែកសកម្មភាព​ទាំងនេះផ្សេងទៀត​នឹង​កើត​ឡើង​ដោយស្វ័យប្រវត្តិ។ ទីបន្ទាល់​នឹង​កើន​ឡើង។ ការប្តេជ្ញាចិត្ត​នឹង​មានភាពរឹងមាំ។ ក្រុមគ្រួសារ​នឹង​ទទួលបា​ន​ការ​ពង្រឹង។ វិវរណៈ ​ផ្ទាល់ខ្លួន​នឹង​កើត​មាន» («The Power of the Word» Ensignខែ ឧសភា ឆ្នាំ 1986 ទំព័រ 81)។ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ប្រកាស​ថា៖ «​ខ្ញុំ​រក​ឃើញ​ថា ពេល​ខ្ញុំធ្វើ​ឲ្យ​ទំនាក់ទំនង​ខ្ញុំ​នឹង​ព្រះ​អាទិទេព​មាន​ភាពសាមញ្ញ ហើយ​កាល​ព្រះ​ហាក់​ដូចជា​មិន​បាន​ស្ដាប់ ហើយ​មាន​បន្ទូល​មក​កាន់​ខ្ញុំ នោះ​ខ្ញុំ​ឃ្លាត​ពី​ទ្រង់​កាន់តែ​ឆ្ងាយ​ហើយ។ បើ​ខ្ញុំធ្វើ​ឲ្យ​ខ្លួនឯង​ជ្រួតជ្រាប​ពី​​ព្រះគម្ពីរ គម្លាត​នោះ​មាន​ទំហំតូច ហើយជីវភាពខាងផ្លូវវិញ្ញាណ​នឹង​ត្រឡប់​មកវិញ។ ខ្ញុំ​រកឃើញ​ថា ខ្លួន​ឯង​ស្រឡាញ់មនុស្ស​ដែល​ខ្ញុំ​ត្រូវតែ​ស្រឡាញ់​ឲ្យ​អស់​ពី​ចិត្ត​ ពី​គំនិត និងពី​កម្លាំង​កាន់​តែខ្លាំងឡើង​ៗ ខ្ញុំ​រកឃើញ​វាងាយជាងមុន​ដើម្បីរស់នៅតាម​ពាក្យ​ទូន្មាន​របស់​ពួកគេ»(Teachings of Presidents of the Church: Spencer W. Kimball [ឆ្នាំ 2006] ទំព័រ 67)។ប្រធាន ម៉ារ៉ុន ជី រ៉មនី បាន​ថ្លែង​ថា ៖ «ខ្ញុំ​ជឿជាក់​ថា នៅ​ក្នុង​ផ្ទះ​របស់​យើង បើ​ឪពុកម្ដាយ​នឹង​អានព្រះគម្ពីរមរមន​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ទៀងទាត់ ទាំងអាន​ដោ​យខ្លួនឯង និង ជាមួយ​កូនៗ​ពួកគេ នោះ​វិញ្ញាណ​នៃ​ព្រះគម្ពីរ​ដ៏អស្ចារ្យ​នោះ​នឹង​ចាប់ផ្ដើម​បំពេញ​ផ្ទះ​យើង​ និង​មនុស្ស​ដែល​រស់នៅ​ក្នុង​នោះផងដែរ។ វិញ្ញាណ​នៃ​គារវភាពនឹង​កើនឡើង ការគោរព​ និង​ការ​ចេះគិត​គូរ​គ្នាទៅ​វិញ​​ទៅមក នឹង​កើនឡើង។ វិញ្ញាណ​នៃការ​ឈ្លោះប្រកែក​គ្នា​នឹង​រសាយ​បាត់។ ឪពុកម្ដាយ​ទាំងឡាយ​នឹង​ទូន្មាន​កូនខ្លួន​ដោយ​សេចក្តីស្រឡាញ់ និង ប្រាជ្ញា​ដ៏អស្ចារ្យ។ កូនៗនឹង​ស្ដាប់បង្គាប់កាន់តែច្រើន​ចំពោះការទូន្មាន​របស់​ឪពុកម្ដាយ​ខ្លួន។ សេចក្តីសុចរិត​នឹង​កើនឡើង។ សេចក្ដី​ជំនឿ សេចក្ដីសង្ឃឹម និង​ចិត្ត​សប្បុរស—ជា​សេចក្ដីស្រឡាញ់​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ—នឹង​មាន​ពាសពេញ​ផ្ទះ និង ជីវិត​យើង ដោយ​នាំមក​ជាមួយ​នូវសេចក្ដី​សុខសាន្ត សេចក្ដីអំណរ និង សុភមង្គល» («The Book of Mormon» Ensignខែ ឧសភា ឆ្នាំ 1980 ទំព័រ 67)។ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​ថ្លែង​ថា ៖ «ការ​យល់​ដឹង​គោលលទ្ធិពិត​ផ្លាស់ប្ដូរអាកប្បកិរយា និង ឥរិយាបថ។ ការ​សិក្សា​គោលលទ្ធិ​នៃ​ដំណឹងល្អ​នឹង​កែលម្អ​ឥរិយាបថយ៉ាង​រហ័ស​ជាងការ​សិក្សា​ឥរិយាបថដែល​នឹង​កែលម្អ​ឥរិយាបថ» («Do Not Fear»Ensignឬ​​Liahona ខែ ឧសភា ឆ្នាំ 2004 ទំព័រ 79)។អែលឌើរ ដាវីឌ អេ បែដណា មានប្រសាសន៍ថា ៖ «ការអធិស្ឋានជាគ្រួសារ ការសិក្សាព្រះគម្ពីរជាគ្រួសារ និង រាត្រីជួបជុំក្រុមគ្រួសារ​នីមួយៗគឺស្នាមដានគំនូសនៅលើក្រណាត់គូ​រនៃ​ព្រលឹង​យើង។ គ្មាន​ព្រឹត្តការណ៍ណាមួយ​អាច​លេច​ឡើង​ជា​ព្រឹត្តិការណ៍ដ៏អស្ចារ្យ ឬ​គួរ​ឲ្យ​ចងចាំ​តែ​ម្នាក់​ឯង​បាន​​ឡើយ។ ប៉ុន្តែ​ជា​ដូចជា​ស្នាមដានគំនូស​ជក់ពណ៌លឿង ពណ៌​មាស និង ពណ៌ត្នោត​បាន​បំពេញ​គ្នា​ទៅវិញទៅមក ហើយបង្កើត​បាន​ជារូបគំនួរ​មួយ​ដ៏អស្ចារ្យ​ដែរ នោះ​ភាពថិតថេរ​របស់​យើង​ដែលហាក់ដូចជារឿង​តួចៗអាច​ដឹកនាំ​ទៅ​រក​លទ្ធផល​ខាង​វិញ្ញាណ​ដ៏អស្ចារ្យបាន​» («More Diligent and Concerned at Home»EnsignLiahonaខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 19–20)។

  7. សូមមើល នីហ្វៃទី 2 2:13 

  8. Linda S. Reeves «Protection from Pornography—a Christ-Focused Home» EnsignLiahona ខែ ឧសភា ឆ្នាំ 2014 ទំព័រ 16–17។

  9. ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ថ្លែង​ថា ៖ «​នៅ​ក្នុង​វិញ្ញាណ​នោះ​ ខ្ញុំ​សូម​អញ្ជើញ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ឲ្យ​មើល​ទៅ​ព្រះ​វិហារ​​បរិសុទ្ធ​នៃ​ព្រះអម្ចាស់​ជា​និមិត្តរូប​​ដ៏អស្ចារយ​មួយ​នៃ​សមាជិកភាពរបស់ខ្លួន។ វា​ជា​បំណងប្រាថ្នាដ៏ជ្រាលជ្រៅបំផុត​ក្នុង​ចិត្ត​ខ្ញុំ ដើម្បី​ឲ្យ​សមាជិក​សាសនាចក្រ​គ្រប់រូប​មានភាពសក្ដិសម​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ។ ព្រះអម្ចាស់​នឹង​សព្វព្រះទ័យ បើ​សមាជិកនីតិជនគ្រប់រូប​មាន​ភាពសក្ដិសម---ហើយ​កាន់​---​បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព។ រឿង​ដែល​យើងត្រូវធ្វើ និង​មិន​ត្រូវធ្វើ​ដើម្បី មាន​ភាព​សក្ដិសម​នឹង​បណ្ណ័ចូលព្រះ​វិហារ​បរិសុទ្ធ​គឺជា​រឿង​ដែលនឹង​ធ្វើ​ឲ្យ​យើង​រីករាយជាបុគ្គល និង ក្រុម​គ្រួសារ​យ៉ាង​ពិតប្រាកដ។ ចូរ​យើង​ធ្វើ​ជា​មនុស្ស​ដែល​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ។ សូម​ចូល​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់តាម​ដែល​ពេលវេលាផ្ដល់​ឲ្យ​។ សូម​ដាក់​រូបថត​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ផ្ទះបងប្អូន ដើម្បីឲ្យ​កូនៗអាច​មើល​ឃើញ។ សូម​បង្រៀន​ពួកគេ​ពី​គោលបំណង​នៃ​ដំណាក់របស់ព្រះអម្ចាស់។ សូម​ឲ្យ​ពួកគេ​ដាក់ផែនការ​តាំងពីក្មេង​ដើម្បី​ទៅ​ទីនោះ ហើយ​បន្ត​មានភាពសក្ដិសម​នឹង​ពរជ័យនោះ» («Exceeding Great and Precious Promises» Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 8)។

  10. សូម​មើល នីហ្វៃ​ទី 2 2:2 ។