ឆ្នាំ ២០១០-២០១៩
សូម​ជ្រើសរើស​ដោយភាព​ឆ្លាតវៃ
១០ 2014


សូម​ជ្រើសរើស​ដោយភាព​ឆ្លាតវៃ

សូមពិនិត្យ​មើល​ការជ្រើសរើស​របស់​យើង ដោយ​សួរ​ខ្លួន​ឯង​ថា «តើ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ត្រូវបាន​ចាក់គ្រឹះ​ដ៏​រឹងមាំ​នៅ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ?»

បងប្អូន​ប្រុស​ស្រី ការសម្រេច​ចិត្ត​ដែល​យើង​ធ្វើ​ក្នុង​ជីវិត​នេះ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​មាគ៌ា​នៃ​ជីវិត​ដ៏អស់កល្ប​របស់​យើង។ មាន​ទាំងកម្លាំង​ដែល​មើល​ឃើញ និង​មើល​មិន​ឃើញ ដែល​ជះឥទ្ធិពល​ដល់​ការជ្រើសរើស​របស់​យើង។ ខ្ញុំ​បាន​រៀន​ពី​រឿង​ដ៏​សំខាន់​ប្រមាណ​ជា​ប្រាំ​ឆ្នាំ​មុន តាម​របៀប​ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​កើត​មាន​នូវ​រឿង​ដ៏​សោកសង្រេង។

យើង​កំពុង​ធ្វើ​ដំណើរ​ជាមួយ​គ្រួសារ និង​មិត្ត​ភក្ដិ​នៅ​ភាគខាង​ត្បូង​ប្រទេស​អូម៉ង់។ យើង​បាន​សម្រេច​ចិត្ត​សម្រាក​នៅ​លើ​ឆ្នេរសមុទ្រ​ដែល​ជាប់​នឹង​មហាសមុទ្រ​ឥណ្ឌា។ បន្ទាប់ពី​យើង​ទៅ​ដល់​ទីនោះ​មិន​យូរ​ប៉ុន្មាន កូនស្រី​យើង​អាយុ ១៦ ឆ្នាំ ឈ្មោះ ណេលលី បាន​សុំ​ខ្ញុំ ថាតើ​នាង​អាច​ហែល​ទឹក​ទៅ​កន្លែង​ដែល​នាង​គិត​ថា​ជា​កោះខ្សាច់​តូច​មួយ​បាន​ដែរ​ឬ​ទេ។ ដោយ​ឃើញ​រលកទឹក​ខ្លាំង​ពេក ខ្ញុំ​បាន​ប្រាប់​នាង​ថា ខ្ញុំ​នឹង​ហែល​ទៅ​មុន ដោយ​គិតថា​នៅ​ទីនោះ​អាច​នឹង​មាន​ចរន្ត​ទឹក​ហូរ​ដែល​គ្រោះថ្នាក់។

ក្រោយ​ពី​ហែល​ទឹក​បាន​មួយ​សន្ទុះ​មក ខ្ញុំ​បាន​ស្រែកសួរ​ភរិយា​ខ្ញុំ ថាតើ​ខ្ញុំ​ហែលជិត​ដល់​កោះ​ខ្សាច់​តូច​នោះ​ហើយ​ឬ​នៅ? គាត់បាន​តប​ថា «បងហែល​ហួស​វា​ឆ្ងាយ​ហើយ»។ ដោយមិន​បាន​ដឹង​ខ្លួន ខ្ញុំ​បាន​ជាប់​នៅ​ក្នុង​ចរន្តទឹកហូរ​ដែល​នៅ​ឆ្ងាយ​ពី​មាត់​ឆ្នេរ1 ហើយ​ត្រូវបាន​ទាញ​ហើយ​ទាញ​ទៀត​ឲ្យ​ចូល​ទៅ​ក្នុង​សមុទ្រ។

ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្ដេច​នោះ​ទេ។ រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​គិត​ឃើញ​គឺ​បែរ​ខ្លួន​ហែល​ត្រឡប់​ទៅ​មាត់​ឆ្នេរ​វិញ។ នោះ​គឺ​ជា​រឿង​ខុស​ដែល​ត្រូវ​ធ្វើ។ ខ្ញុំ​បាន​អស់​សង្ឃឹម។ កម្លាំង​ទឹក​ដ៏​ខ្លាំង​បាន​ទាញ​ខ្ញុំ​កាន់តែ​ឆ្ងាយ​ចូល​ទៅ​ក្នុង​សមុទ្រ។ រឿង​ដែល​កាន់តែ​អាក្រក់​ទៅ​ទៀត​នោះ គឺ​ភរិយា​ខ្ញុំ បាន​មក​តាម​ខ្ញុំ ដោយ​សារតែ​ទុក​ចិត្ត​លើ​ខ្ញុំ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​បាន​គិត​ថា ខ្ញុំ​មិន​រួច​ជីវិត​ទេ ហើយ​ថាខ្ញុំ​បាន​ធ្វើ​ឲ្យ​ភរិយា​ខ្ញុំ​ស្លាប់ដែរ ដោយសារ​តែ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ។ ក្រោយ​ពី​ខិតខំ​យ៉ាងខ្លាំង និង​អ្វីដែល​ខ្ញុំ​ជឿ​ថា​ជា​ជំនួយ​ពី​សួគ៌ា នោះ​ជើង​ខ្ញុំ​បាន​ប៉ះ​បាត​ខ្សាច់ ហើយ​បាន​អាចដើរ​ដោយ​សុវត្ថិភាព​ត្រឡប់​ទៅ​មិត្តភក្ដិ និង​កូនស្រី​យើង​វិញ។

មាន​ចរន្តទឹក​ជាច្រើន​នៅ​ក្នុង​ជីវិត​លើ​ផែនដីនេះ—ខ្លះ​មាន​សុវត្ថិភាព ហើយ​ខ្លះ​ទៀត​គ្រោះថ្នាក់។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា មាន​កម្លាំង​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ជីវិត​យើង ដូចជាចរន្តទឹក​សមុទ្រ ដែល​មើល​មិន​ឃើញ​ដូច្នោះ​ដែរ។2 កម្លាំង​ទាំងនេះ​មាន​ពិត។ យើង​មិន​គួរព្រងើយ​កន្តើយ​នឹង​វា​ឡើយ។

ខ្ញុំ​សូម​ប្រាប់​បងប្អូន​ពី​ចរន្ត​ទឹក​មួយ​ទៀត ជា​ចរន្ត​ទឹក​ដ៏​ទេវភាព ដែល​បាន​ក្លាយ​ជា​ពរជ័យ​មួយ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​ខ្ញុំ។ ខ្ញុំ​គឺជា​អ្នកប្រែចិត្តជឿ​ចូល​សាសនាចក្រ។ ពីមុន​ខ្ញុំ​ប្រែចិត្ត​ជឿ បំណង​ប្រាថ្នា​ធំ​បំផុត​ក្នុង​ជីវិត​ខ្ញុំ​គឺ​ការ​ជិះ​ស្គី​ចុះពី​លើ​ភ្នំ ហើយ​ខ្ញុំ​បាន​ផ្លាស់​ទៅ​អឺរ៉ុប​ក្រោយ​បញ្ចប់​ការសិក្សា​ពី​វិទ្យាល័យ ដើម្បី​បំពេញ​តាម​បំណងប្រាថ្នា​នោះ។ បន្ទាប់ពី​ប៉ុន្មាន​ខែ​ក្រោយ​មក​នៃ​ជីវិត​ដែល​ទំនង​ដូចជា​ជីវិត​ដ៏​ល្អ​បំផុត​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរ​ចាកចេញ​ពី​ទីនោះ។ នៅ​ពេល​នោះ ខ្ញុំមិន​បាន​យល់​ពី​ប្រភព​នៃអារម្មណ៍​នោះទេ ប៉ុន្តែ​ខ្ញុំ​ជ្រើស​ធ្វើ​តាម​វា។ ខ្ញុំ​បាន​មក​នៅ​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ដោយ​មាន​មិត្តភក្ដិ​ល្អៗ​ពីរបី​នាក់ ជា​អ្នកដែល​កាន់​សាសនា​ផ្សេង​ពី​គ្នា​ដូចរូប​ខ្ញុំ​ដែរ។

កាល​នៅ​ទីក្រុង ប្រូវ៉ូ ខ្ញុំ​បាន​ជួប​មនុស្ស​ដែល​រស់នៅ​ខុស​ប្លែក​ពី​ខ្ញុំ​យ៉ាង​ខ្លាំង។ ខ្ញុំ​មាន​អារម្មណ៍​ចង់​ស្និទ្ធស្នាល​នឹង​ពួកគេ ដោយ​មិនដឹង​ថា​ហេតុអ្វី​នោះ​ឡើយ។ ដំបូង ខ្ញុំ​បាន​បដិសេធ​អារម្មណ៍​នេះ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​រក​ឃើញ​សេចក្ដីសុខសាន្ត និង​ការ​លួងលោមចិត្ត​ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ ខ្ញុំ​បាន​ចាប់ផ្ដើម​ឱប​ក្រសោប​នឹង​ចរន្ត​ទឹក​ថ្មី—ជា​ចរន្តទឹក​មួយ​ដែល​នាំ​មក​ដល់​ខ្ញុំ​នូវ​ការ​យល់ដឹង​ពី​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ។

ខ្ញុំ​បាន​ជ្រមុជទឹក​ជាមួយ​មិត្តភក្ដិ​ខ្ញុំ​ក្នុង​ឆ្នាំ 1972។ ចរន្ត​ទឹក​ថ្មី​ដែល​ខ្ញុំ​ជ្រើស​ដើរ​តាម​នេះ ដែល​ជា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ បាន​ផ្ដល់​ទិសដៅ និង​អត្ថន័យ​ដល់​ជីវិត​ខ្ញុំ។ ប៉ុន្តែ វា​ពុំមែន​គ្មាន​ឧបសគ្គ​នោះ​ទេ។ អ្វី​គ្រប់​យ៉ាង​គឺ​ជា​រឿង​ថ្មី​ចំពោះ​ខ្ញុំ។ ពេលខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា​វង្វេង ហើយ​ភ័ន្តច្រឡំ។ សំណួរ និង ការ​សាកល្បង​នានា​ត្រូវបាន​បង្កើត​ឡើង​ពី​សំណាក់​មិត្តភក្ដិ និង​ក្រុមគ្រួសារ។

ខ្ញុំ​ត្រូវ​ធ្វើ​ការ​ជ្រើសរើស​មួយ។ សំណួរ​មួយ​ចំនួន​របស់​ពួកគេ​បាន​បង្កើត​ភាពសង្ស័យ និង​ភាព​មិន​ច្បាស់លាស់។ ការ​ជ្រើសរើស​នោះ​គឺជា​រឿង​មួយ​ដ៏​សំខាន់។ តើ​ខ្ញុំ​ងាក​ទៅ​រកចម្លើយ​ពី​ណា​បាន? មាន​មនុស្ស​ជាច្រើន​ដែល​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា មាគ៌ា​របស់​ខ្ញុំ​គឺ​ខុស—«ចរន្តទឹក​ដែល​ហូរ​ឆ្ងាយ​ពី​ឆ្នេរ» ចង់អូស​ទាញ​ខ្ញុំ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ចរន្តទឹក​ដ៏​សុខសាន្ត​ដែល​បាន​ក្លាយ​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​សុភមង្គល។ ខ្ញុំ​បាន​រៀន​យ៉ាងច្បាស់​ពី​គោលការណ៍​នោះ​ថា​មាន «ការ​ផ្ទុយ​ចំពោះ​រឿង​សព្វសារពើ» និង​កត្តា​ដ៏​សំខាន់​នៃ​ការ​ធ្វើ​ដោយ​ខ្លួនឯង ហើយ​មិន​បោះបង់​សិទ្ធិជ្រើសរើស​របស់​ខ្ញុំ​ឲ្យ​ទៅ​អ្នក​ដទៃឡើយ។3

ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា «ហេតុអ្វី​បាន​ជា​ខ្ញុំ​ចង់​ងាក​ចេញ​ពី​អ្វី​ដែល​បាន​នាំ​មក​នូវ​ការលួងលោមចិត្ត​ដ៏​ធំធេងទៅ​វិញ?» ដូចជា​ព្រះអម្ចាស់​បាន​រំឭក​ដល់ អូលីវើរ ខៅឌើរី ថា «តើ​យើង​ពុំ​បាន​និយាយ​ដោយ​ភាពសុខសាន្ត​ដល់​គំនិត​របស់​អ្នក​អំពី​ការណ៍​នោះ​ទេ​ឬ​អី?»4 បទពិសោធន៍​ខ្ញុំ​គឺ​ស្រដៀងគ្នា​នេះ។ ដូច្នេះ ខ្ញុំ​ងាក​ទៅ​រក​ព្រះវរបិតាសួគ៌ ព្រះគម្ពីរ និង មិត្តភក្ដិ​ដែល​ខ្ញុំ​ទុកចិត្ត ដោយ​មាន​ការតាំងចិត្ត​ខ្លាំង​ជាង​មុន។

ប៉ុន្តែ​នៅ​តែ​មាន​សំណួរ​ជាច្រើន​ដែល​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន។ តើ​ខ្ញុំអាច​ដឹង​ពី​ភាព​មិន​ច្បាស់លាស់​ដែល​វា​ត្រូវបាន​បង្កើត​ឡើង​នោះ​បាន​តាម​របៀបណា? ខ្ញុំ​បាន​ជ្រើសរើស​ទុក​វា​មួយ​អន្លើ​សិន ដោយ​ទុកចិត្ត​ថា ទ្រង់​នឹង​បើកសម្ដែង​គ្រប់រឿង​ទាំង​អស់​ស្រប​តាម​កាល​វេលា​ទ្រង់ ជាជាង​បណ្ដោយ​ឲ្យ​វា​បំផ្លាញ​សេចក្ដីសុខសាន្ត និង​សុភមង្គល​ដែល​កើត​មាន​ក្នុង​ជីវិត​ខ្ញុំ។ ខ្ញុំ​បាន​រក​ឃើញ​ភាពសុខសាន្ត​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់​ទៅ​កាន់​ព្យាការី យ៉ូសែប ថា៖ «មើលចុះ អ្នករាល់គ្នា​ជា​កូនក្មេង​តូចៗ ហើយ​អ្នករាល់គ្នា​ពុំ​អាច​ទ្រាំ​គ្រប់​ទាំងអស់​បាន​ទេ នៅ​ពេល​ឥឡូវ​នេះ អ្នករាល់គ្នាត្រូវ​តែ​ចំរើន​ឡើង​ក្នុង​ព្រះគុណ និង​ក្នុង​ការ​ចេះដឹង​អំពី​សេចក្ដីពិត»។5 ខ្ញុំ​បាន​ជ្រើស​មិន​បោះបង់​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ថា​ជា​រឿងពិត ដើម្បី​ដើរ​តាម​ចរន្ត​ទឹក​ដែល​មិន​ស្គាល់ ហើយ​មាន​ការ​សង្ស័យ—ដែល​ជា «ជាចរន្តទឹក​ដែល​ហូរ​ឆ្ងាយ​ពី​ឆ្នេរ» ឡើយ។ ខ្ញុំ​បាន​រៀន ដូច​ដែល អិន អេលឌិន ថេនណើរ បាន​ថ្លែង​ថា «តើ​វា​ជាការ​ឆ្លាត ឬ​ប្រសើរ​ប៉ុណ្ណា​ទៅសម្រាប់​មនុស្ស ដើម្បី​ទទួល​យក​សេចក្ដីពិត​ដ៏​សាមញ្ញ​នៃ​ដំណឹងល្អ...ហើយ​ទទួល​យក​ដោយ​សេចក្ដីជំនឿ​ចំពោះ​រឿង​ទាំងឡាយ​ដែល​ខ្លួន...មិន​អាច​យល់​បាន​នោះ»។6

តើ​ការណ៍​នេះ​មាន​ន័យ​ថា​វា​មិន​ចាំបាច់​ត្រូវការ​ភាពស្មោះត្រង់​ទេ​ឬ​អី? សូម​សួរ​ដល់​ក្មេង​ប្រុស​ដែល​បាន​ស្វែងរក​នូវ​ជម្រក​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ដើម្បី​ដឹង​ថា​តើ​សាសនាចក្រ​មួយ​ណា​ដែល​គាត់​គួរ​ចូលរួម។ សូម​កាន់​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​នៅ​ក្នុង​ដៃ​បងប្អូន ហើយ​ដឹង​ថា ភាគច្រើន​នៃ​អ្វី​ដែល​បាន​បើក​សម្ដែង​នៅ​ក្នុង​កំណត់ត្រា​ដ៏​បំផុសគំនិត​នេះ ជា​លទ្ធផល​នៃ​ការស្វែងរក​សេចក្ដី​ពិត​ដោយ​រាបសា។ កាល​យ៉ូសែប​បាន​ដឹង​ថា «បើ​អ្នករាល់គ្នា​ណាមួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយ​សទ្ធា...នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ»។7 ដោយ​ការសួរ​សំណួរ​ដោយ​ស្មោះ ហើយ​ស្វែង​រកចម្លើយ​ដ៏​ទេវភាព យើង​រៀន «មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ»8 រហូត​ដល់​យើង​មាន​ចំណេះដឹង និង​ប្រាជ្ញា​ច្រើន។

យើង​មិន​ត្រូវ​សួរ​ថា «តើ​សេចក្ដីជំនឿ​យើង​អនុញ្ញាត​ឲ្យ​យើង​សួរសំណួរ​ស្មោះត្រង់​បាន​ដែរ​ឬ​ទេ?» ប៉ុន្តែ​ផ្ទុយទៅវិញ​យើង​ត្រូវ​សួរ​ថា «តើ​ខ្ញុំ​ត្រូវងាក​ទៅ​ទីណា ពេល​មាន​សំណួរ​ចោទ​សួរ​ឡើង​នោះ?» «តើ​ខ្ញុំ​នឹង​ឈ្លាសវៃ​គ្រប់គ្រាន់​ដើម្បី​កាន់ខ្ជាប់​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​ដឹង​ថា​ជា​រឿង​ពិត​ដែរ​ឬ​ទេ ទោះ​ជា​ខ្ញុំ​អាច​មាន​សំណួរ​មួយ​ចំនួន​យ៉ាង​ណា​ក្ដី?» ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា មាន​ប្រភព​ដ៏​ទេវភាព​មួយ—ជា​អង្គ​ដែល​ជ្រាប​ពី​កិច្ចការ​ទាំងអស់—តាំងពី​ដើម​រហូត​ដល់​ចប់។ រឿង​ទាំងអស់​ត្រូវបាន​បង្ហាញ​នៅ​ចំពោះ​ទ្រង់។9 ព្រះគម្ពីរ​ថ្លែងទីបន្ទាល់​ថា ទ្រង់ «មិន​យាង​លើ​ផ្លូវ​វៀច​វាង​ឡើយ...ឬ​ក៏​ទ្រង់​បែរ​ចេញ​ពី​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​ដែរ»។10

ក្នុង​ដំណើរ​នៃ​ជីវិត​នេះ យើង​មិន​ត្រូវ​គិត​ថា ការជ្រើសរើស​របស់​យើង​ជះឥទ្ធិពល​មក​លើ​តែ​យើង​ម្នាក់​នោះ​ឡើយ។ ថ្មីៗ​នេះ មាន​យុវជន​ម្នាក់​បាន​មក​លេង​ផ្ទះ​ខ្ញុំ។ គាត់​ជា​ក្មេង​ល្អ ប៉ុន្តែ​ខ្ញុំ​មានអារម្មណ៍​ថា គាត់មិន​បាន​ចូលរួម​ពេញលេញ​ក្នុង​សកម្មភាព​សាសនាចក្រ​ឡើយ។ គាត់​បាន​ប្រាប់ខ្ញុំ​ថា គាត់​បាន​ធំដឹង​ក្ដី​ឡើង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ដំណឹងល្អ រហូត​ដល់​ឪពុក​គាត់​បាន​ក្បត់​ចិត្ត​ម្ដាយ​គាត់ ដោយសារ​តែ​ការ​លែងលះ​របស់​ឪពុកម្ដាយ​ខ្លួន​នោះ​ហើយ ទើប​បណ្ដាល​ឲ្យ​បងប្អូន​គាត់​មាន​ចិត្ត​សង្ស័យ​ចំពោះសាសនាចក្រ ហើយ​ឃ្លាត​ទៅ​ឆ្ងាយ។ ខ្ញុំ​មាន​ចិត្ត​ក្ដុកក្ដួល ពេល​ខ្ញុំ​និយាយ​ជាមួយ​យុវជន​រូប​នោះ​ដែល​សព្វថ្ងៃ​នេះ​ជា​ឪពុក​វ័យ​ក្មេង​មួយ​រូប ដែល​រង​ឥទ្ធិពល​ពី​ការជ្រើសរើស​របស់​ឪពុក​ខ្លួន ដោយ​បាន​ចិញ្ចឹម​បីបាច់​កូន​នៅ​ក្រៅ​ពរជ័យ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ។

ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ទៀត ដែល​ធ្លាប់​ជា​សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់​ម្នាក់ គាត់​មាន​ចម្ងល់​ពី​គោលលទ្ធិ​ជាក់លាក់​មួយ។ គាត់​បាន​ជ្រើសរើស​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ធនធាន​ខាង​លោកិយ​សម្រាប់​ការដឹកនាំ ជាជាង​ទូល​សូម​ចម្លើយ​ពី​ព្រះវរបិតាសួគ៌។ គាត់​បង្វែរ​ដួងចិត្ត​ទៅ​រក​ផ្លូវ​ខុស កាល​គាត់​បាន​ស្វែងរក​អ្វី​ដែល​ទំនង​ជា​កិត្តិយស​នៃ​មនុស្ស​លោក។ ភាពឆ្មើងឆ្មៃ​របស់​គាត់​បាន​ធ្វើ​ឲ្យ​មាន​ភាពរីករាយ យ៉ាងហោច​តែ​មួយ​រយៈ ប៉ុន្តែ​គាត់ត្រូវបាន​កាត់​ចេញ​ពី​ព្រះចេស្ដា​នៃ​ស្ថានសួគ៌។11 គាត់​បាន​បាត់បង់​ទីបន្ទាល់ ហើយ​គាត់​បាន​នាំ​យក​ទៅ​ជាមួយ​នូវ​សមាជិក​គ្រួសារ​ជាច្រើន ជាជាង​ស្វែងរក​សេចក្ដីពិត។

បុរស​ទាំងពីរ​នាក់​នេះ​បាន​ជាប់​ផុង​នៅ​ក្នុង​ចរន្តទឹក​ដែល​មើល​មិន​ឃើញ ហើយ​បាន​នាំ​មនុស្ស​ជាច្រើន​ទៅ​ជាមួយ​ពួកគេ។

ផ្ទុយ​ទៅ​វិញ ខ្ញុំ​គិត​ពី ឡារូ និង ល្វីស មិល្លើរ ជា​ឪពុកម្ដាយ​ភរិយា​ខ្ញុំ ទោះ​ជា​ពួក​គាត់​គ្មាន​ទ្រព្យសម្បត្តិ​ច្រើន​ក្ដី ក៏​ពួកគាត់​មិន​គ្រាន់តែ​ជ្រើសរើស​ដើម្បី​បង្រៀនគោលលទ្ធិ​ដ៏​បរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ដល់​កូនចៅ​ពួកគាត់​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បង្រៀន​ពួកគេ​ឲ្យ​រស់​នៅ​តាម​ដំណឹងល្អ​ពេញ​មួយ​ជីវិត​ពួកគេ​ទៀតផង។ ដោយ​ការធ្វើ​ដូច្នេះ ពួកគាត់​បាន​ឲ្យ​ពរ​ដល់​កូនចៅ​ពួកគាត់ ជាមួយ​នឹង​ផល​ផ្លែ​នៃ​ដំណឹងល្អ និង​សេចក្ដីសង្ឃឹម​នៃ​ជីវិត​អស់កល្ប។

ពួកគាត់​បាន​បង្កើត​គំរូ​នៅ​ក្នុង​ផ្ទះ​នៃ​ការគោរព​ដល់​បព្វជិតភាព មាន​សេចក្ដីស្រឡាញ់ និង​ភាពសុខដុម​ដ៏​ច្រើន និង​ទី​កន្លែង​ដែល​គោលការណ៍​នៃ​ដំណឹងល្អ​បាន​ដឹកនាំ​ជីវិត​ពួកគាត់។ ល្វីស និង ឡារូ បានបង្ហាញ​រួម​គ្នា​ពី​អត្ថន័យ​នៃ​ការ​រស់នៅ​ក្នុង​ជីវិត​ដែល​ស្រប​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ។ កូនចៅ​ពួកគាត់​អាច​ឃើញ​យ៉ាងច្បាស់​ថា​តើ​ចរន្ត​ជីវិត​មួយ​ណា​ដែល​នឹង​នាំ​មក​នូវ​ភាពសុខសាន្ត និង សុភមង្គល។ ហើយ​ពួកគេ​បាន​ជ្រើស​ធ្វើ​តាម។ ដូចជា​ប្រធាន ឃឹមបឹល បាន​បង្រៀន​ថា «បើ​យើង​អាច​បង្កើត… ចរន្តទឹក​ដ៏​រឹងមាំ​មួយ​ឲ្យ​ហូរ​ឆ្ពោះ​ទៅ​គោលការណ៍​នៃ​ជីវិត​សុចរិត​របស់​យើង យើង និង​កូនចៅ​យើង​អាច​ហែល​ឆ្ពោះ​ទៅមុខ​បាន ទោះ​ជា​មាន​ខ្យល់​នៃ​ទុក្ខលំបាក ការ​ខកចិត្ត [និង] ការ​ល្បួង​យ៉ាង​ណា​ក្ដី»។12

តើ​ការជ្រើសរើស​របស់​យើង​សំខាន់​ដែរ​ឬ​ទេ? តើ​វា​ជះ​ឥទ្ធិពល​មក​លើ​តែ​យើង​ម្នាក់​ឯង​មែន​ទេ? តើ​យើង​ធ្លាប់​ដាក់​មាគ៌ា​យើង​នៅ​ក្នុង​ចរន្តទឹក​ដ៏​អស់កល្ប​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ដែរ​ឬ​ទេ?

ម្ដង​ម្កាល ខ្ញុំ​នឹក​ឃើញ​ពី​រូបភាព​មួយ​ដែល​ដក់​ជាប់​ក្នុង​គំនិត​របស់​ខ្ញុំ។ បើ​នៅ​ថ្ងៃ​នោះ​ក្នុង​ខែ​កញ្ញា កាល​កំពុង​សម្រាក​លើ​មាត់​សមុទ្រ​នៃ​មហាសមុទ្រ​ឥណ្ឌា ខ្ញុំ​បាន​និយាយ​ទៅ​កូនស្រី​ខ្ញុំ នេលលី ថា «កូន​អាច​ទៅ​បាន។ ហែល​ទៅ​កោះខ្សាច់តូច​នោះ​ចុះ»។ ឬ​ចុះ​បើ​នាង​បាន​ហែលតាម​ខ្ញុំ ហើយ​មិន​អាច​ហែល​ត្រឡប់​មក​វិញ​បាន​នោះ? ចុះបើ​ខ្ញុំ​ត្រូវ​រស់នៅ​ក្នុង​ជីវិត​ដោយដឹង​ថា គំរូ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាន​ចរន្តទឹក​ទាញ​ចូល​ទៅ​កណ្ដាល​សមុទ្រ ហើយ​មិន​អាច​ត្រឡប់​មក​វិញ​បាន​នោះ?

តើ​មាគ៌ា​ដែល​យើង​ជ្រើសរើស​ធ្វើ​តាម​មាន​សារៈសំខាន់​ដែរ​ឬ​ទេ? តើ​គំរូ​យើង​សំខាន់​ដែរ​ឬ​ទេ?

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ពរ​ឲ្យ​យើង​នូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹកនាំ​ការជ្រើសរើស​យើង។ ទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ​យើង​នូវ​ការ​បំផុសគំនិត និង វិវរណៈ ដរាប​ណា​យើង​រស់នៅ​ដោយ​សក្ដិសម​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទាញ​យក​ប្រយោជន៍​នៃ​អំណោយទាន​ដ៏​ទេវភាព​នេះ ហើយ​ពិចារណា​ឡើង​វិញ​ពី​ការជ្រើសរើស​របស់​យើង ដោយ​សួរ​ខ្លួន​ឯង​ថា «តើ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ត្រូវបាន​ចាក់គ្រឹះ​ដ៏​រឹងមាំ​នៅ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ?» ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​ការកែតម្រូវ​ដ៏​ចាំបាច់ ទោះ​តូច ឬ​ធំ​ក្ដី ដើម្បី​បាន​ពរជ័យ​ដ៏​អស់កល្ប​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បងប្អូន និង​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ទ្រង់​មាន​ភាពពិសិដ្ឋ ហើយ​បរិសុទ្ធ។ យើង​មិន​ត្រូវ​ឲ្យ​តម្លៃ​រឿង​ដ៏​ពិសិដ្ឋ​ឲ្យ​ទាប​ពេក​នោះ​ទេ។13 សូម​ឲ្យ​យើង​បន្ត​មាន​ភាពស្មោះត្រង់​ជានិច្ច ខ្ញុំ​សូម​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។