ឆ្នាំ ២០១០-២០១៩
បាន​ដឹកនាំ​ទៅ​ផ្ទះ​វិញ​ដោយសុវត្ថិភាព
១០ 2014


បាន​ដឹកនាំ​ទៅ​ផ្ទះ​វិញ​ដោយសុវត្ថិភាព

យើងត្រូវ​សម្លឹង​ទៅ​ស្ថានសួគ៌​ទូល​សូម​ការយល់ដឹង​ត្រឹមត្រូវ​នៃ​ទិសដៅ​នោះ ដើម្បី​យើងអាច​ឃើញ ហើយ​ដើរតាម​ផ្លូវមួយ​ដ៏ត្រឹមត្រូវ ហើយ​ឈ្លាសវៃ។

បងប្អូនប្រុស យើងបាន​ជួបជុំគ្នា​ជាក្រុម​បព្វជិតភាព​ដ៏​ធំ​មួយ ទាំងនៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ និង​កន្លែង​ផ្សេងទៀត​ជុំវិញ​ពិភពលោក។ ខ្ញុំមាន​កិត្តិយស ហើយ​រាបសា ដោយ​មាន​ឯកសិទ្ធិដើម្បី​ថ្លែងសុន្ទរកថា​មួយចំនួន​ទៅ​កាន់​បងប្អូន។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ព្រះវិញ្ញាណ​នៃព្រះអម្ចាស់គង់ជាមួយ​ខ្ញុំ កាល​ខ្ញុំ​ធ្វើ​កិច្ចការនេះ។

ចិតសិបប្រាំឆ្នាំមុន គឺ​ថ្ងៃទី  14 កុម្ភៈ ឆ្នាំ 1939 នៅ​ហាំប៊ឺគ ប្រទេស​អាល្លឺម៉ង់ ត្រូវជា​ថ្ងៃ​បុណ្យ​ជាតិ។ រួម​ជា​មួយ​នឹង​សុន្ទរកថា​ដ៏ក្លៀវក្លា សម្រែក​អបអរ​ពី​ហ្វូងមនុស្ស និង​ការ​លេង​ភ្លេង​ជាតិ នោះ​នាវាចម្បាំង​ថ្មី​ឈ្មោះ​ថា ប៊ីស្មាក (Bismarck) បាន​ដាក់​ចូល​ទៅក្នុង​ទន្លេ អេលបេ។ នាវា​ធំ​ដ៏​មាន​ឥទ្ធិពល​បំផុត​នេះ គឺជាការ​បង្ហាញ​រូបភាព​ដ៏​អស្ចារ្យមួយ​អំពី​កងទ័ព និង គ្រឿងយន្ត។ ការ​សាងសង់​​កាំភ្លើងយន្ត ពីរជាន់ ដែល​មាន​មុខកាត់ទំហំ 380 មីលីម៉ែត្រ ហើយ​វាអាច​បាញ់បាន​គ្រប់ទិសដៅ តម្រូវ​ឲ្យ​មាន​ប្លង់​ច្រើន​ជា​ង 57,000។ នាវាធំ​នេះបំពាក់ដោយ​ខ្សែភ្លើងប្រវែង 45,000 គ.ម.។ ​វា​មាន​ទម្ងន់ 35,000 តោន ហើយ​មាន​បន្ទះ​ខែល​ការពារ​ខ្ពស់​បំផុត ។ ដោយ​មាន​ទំហំដ៏ធំសម្បើម ហើយ​បំពាក់​ដោយ​កាំភ្លើងយន្ត​ដ៏​ទំនើប នោះ​នាវា​ដ៏ធំនេះ​ត្រូវបាន​គេ​គិត​ថា វា​មិន​ងាយ​នឹង​បាញ់​ឲ្យ​លិចនោះទេ។

ពេល​កំណត់​នៃ​ជោគវាសនា​របស់​នាវាប៊ីស្មាកបាន​មក​ដល់​ប្រមាណជាពីរ​ឆ្នាំ​ក្រោយ​មក គឺ​នៅថ្ងៃទី 24 ឧសភា ឆ្នាំ 1941 មាន​នាវាចម្បាំង​ដ៏​ខ្លាំង​ពីរ​គ្រឿងនៅ​ក្នុង​ទ័ពជើងទឹក​អង់គ្លេស​ ឈ្មោះថា ប្រ៊ីនស៍​ អហ្វ វ៉ែល (Prince of Wales) និង ហ៊ូដ (Hood) បានចេញ​ទៅ​ច្បាំង​នឹងនាវាប៊ីស្មាក (Bismarck) និង​នាវា​ចម្បាំង​ល្បឿន​លឿន​របស់​អាល្លឺម៉ង់​ឈ្មោះ​ថា ប្រ៊ីនស៍ យូជែន​ (Prinz Eugen)។ ក្នុង​រយៈពេលប្រាំ​នាទីប៊ីស្មាក បាន​បាញ់នាវា ហូដ និង​នាវិកចំនួន 1,400 នាក់ នៅសល់​តែ​បីនាក់​ប៉ុណ្ណោះ ឲ្យ​លិចចូល​ទៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិច។ នាវា​ចម្បាំងមួយ​ទៀត​ឈ្មោះប្រ៊ីនស៍​ អហ្វ វ៉ែល បាន​រងការ​ខូចខាត​ជាទម្ងន់ ហើយ​បើក​បត់​ចេញទៅ។

ជាងបីថ្ងៃ​ក្រោយ​មក ប៊ីស្មាក បាន​ប៉ះ​​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​កប៉ាល់ និង​យន្ដហោះ​ចម្បាំង​របស់​អង់គ្លេស ។ អង់គ្លេស​បាន​រៀបចំ​កម្លាំង​ដោយ​សរុប​ទៅ​មាន នាវា​ចម្បាំងប្រាំបី គ្រឿង នាវា​ចំណត​យន្តហោះ​ពីរ​គ្រឿង នាវា​ចម្បាំង​ល្បឿន​លឿន 11 គ្រឿង និង នាវាពិឃាដ 21 គ្រឿង ដើម្បីស្វែងរក ហើយ​បាញ់​ពន្លិចនាវា ប៊ីស្មាក ​ដ៏​ខ្លាំង​ក្លា​នេះ។

នៅ​ក្នុង​ចម្បាំងទាំង​នេះ ប៊ីស្មាក ​រងការ​ខូចខាត​ខាង​ក្រៅបន្តិចបន្តួច​ប៉ុណ្ណោះ។ តើ​វា​បាញ់​មិន​លិច​មែន​ឬ? ក្រោយមក ជាសំណាងល្អ មាន​គ្រាប់មួយ​បានបាញ់ចំ​នាវាប៊ីស្មាក ហើយ​​ធ្វើ​ឲ្យ​ចង្កូតវា​គាំង។ ការខំជួសជុលវា​ ហាក់ដូចជាមិន​បាន​ផល​សោះ។ ដោយមាន​កាំភ្លើង និងនាវិក​ត្រៀមខ្លួន​ជាស្រេច នាវាប៊ីស្មាក អាច​តម្រង់​បាញ់តែ​ក្នុង​រង្វង់​ដែល​យឺត ប៉ុណ្ណោះ។ ហើយ​ទ័ពអាកាស​អាល្លឺងម៉ង់​ដ៏​ខ្លាំង​ក៏​នៅ​ឆ្ងាយទៀត។ ប៊ីស្មាក ពុំ​អាច​មក​ដល់​ផែ​ដោយសុវត្ថិភាព​ទេ ។ គ្មាន​នរណា​អាច​ផ្ដល់​ទីសុវត្ថិភាព​ដែល​ចាំបាច់​ដល់​នាវា ប៊ីស្មាក ដែល​បាត់បង់​សមត្ថភាព​តម្រង់​ផ្លូវ​នេះ​បាន​ឡើយ។ គ្មាន​ចង្កូត គ្មានជំនួយ គ្មាន​ផែ។ ចុងបញ្ចប់​បាន​ខិត​ជិត​ដល់​ហើយ។ កាំភ្លើង​របស់​អង់គ្លេស​បាន​បាញ់​មក កាល​ពួក​នាវិក​អាល្លឺម៉ង់​បាន​រត់ត្របាញ់ជើងគ្នា ហើយ​បាន​ពន្លិចនាវា​ដ៏​ធំ​ខ្លាំងក្លា​នោះ។ ដំបូង រលកធំៗនៃ​មហាសមុទ្រ​អាត្លង់ទិច បាន​បោកប៉ះ​នឹង​ចំហៀង​នៃ​នាវានោះ រួចបាន​លេបត្របាក់​យក​អំនួត​នៃ​ទ័ពជើងទឹក​អាល្លឺម៉ង់នោះ​បាត់ទៅ។ គ្មាន​នាវាប៊ីស្មាក​ទៀតឡើយ។1

ដូចជានាវា ប៊ីស្មាក ដែរ​ យើង​ម្នាក់ៗគឺជា​អព្ភូតហេតុ​មួយ​នៃ​វិស្វកម្ម។ ប៉ុន្តែ ការ​បង្កបង្កើត​របស់​យើង មិន​បាន​កំណត់​ដោយ​សមត្ថភាព​របស់​មនុស្ស​ឡើយ។ មនុស្ស​អាច​បង្កើតគ្រឿងយន្ត​ដ៏ស្មុគស្មាញ​បំផុត​បាន​ក៏​ពិតមែន ប៉ុន្តែគេ​មិន​អាច​ផ្ដល់​ជីវិត​ឲ្យ​វា ឬ​ផ្ដល់​ឲ្យ​វា​នូវ​អំណាច​នៃការ​ដឹងខុសត្រូវ​បាន​ទេ។ ទាំងនេះ​ជា​អំណោយទាន​ដ៏ទេវភាព ​មាន​តែព្រះប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន។

ប្រៀបបាន​នឹង​ចង្កូត​ដ៏​សំខាន់​នៃ​នាវា​មួយដែរ យើង​ត្រូវបាន​បង្ហាញ​ផ្លូវមួយ ដើម្បី​កំណត់​ពី​ទិសដៅ​ដែល​យើង​ចង់ទៅ។ ប៉ម​បំភ្លឺផ្លូវ​របស់​ព្រះអម្ចាស់​បង្ហាញ​សញ្ញា​ដល់​មនុស្ស​គ្រប់គ្នា ពេល​យើង​ធ្វើដំណើរ​លើ​សមុទ្រនៃ​ជីវិត​នេះ។ គោលបំណង​យើង​គឺ​ដើម្បី​តម្រង់ផ្លូវ​ទៅកាន់​គោលដៅ​ដែល​យើង​ប្រាថ្នា—ជា​នគរសេឡេស្ទាល​របស់​ព្រះ។ មនុស្ស​ម្នាក់ដែល​គ្មាន​គោលបំណង​ប្រៀបដូចជា នាវាដែល​គ្មាន​ចង្កូត វា​នឹង​មិន​អាច​ទៅ​ដល់​ផែ​បាន​ឡើយ។ យើង​បាន​ទទួល​សញ្ញានោះ​ហើយ៖ សូម​រៀបចំ​ផែនការ​ ដាក់ក្ដោងចុះ តម្រង់ចង្កូត ហើយ​ចេញ​ដំណើរទៅ។

រឿងពី​នាវាដ៏ធំ​ឈ្មោះ​ប៊ីស្មាក ដូចគ្នា​នឹង​រឿង​របស់​មនុស្ស​ដែរ។​ កម្លាំង​ដ៏ខ្លាំង​នៃកង្ហារ និង​ថាមពល​នៃស្លាបចក្រនឹងគ្មាន​ប្រយោជន៍ឡើយ បើគ្មាន​ទិសដៅ គ្មានការ​ប្រើ​ថាមពល គ្មាន​ការប្រាប់ទិស​ពីចង្កូតដែល​តូច ដែល​គេមើល​មិន​ឃើញ ប៉ុន្តែ​ជាឧបករណ៍​មួយ​ដ៏​សំខាន់នោះ។

ព្រះវរបិតា​​យើងប្រទាន​ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ—ជា​កញ្ចុំផ្កាយ​នៅ​ស្ថានសួគ៌ ដើម្បី​ដឹកនាំ​ផ្លូវ​ពួកអ្នក​ដើរ​កប៉ាល់​ដែល​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ។ ចំពោះយើង ពេល​យើង​ដើរនៅ​ក្នុង​ជីវិត​នេះ ទ្រង់​ប្រទាន​នូវ​ផែនទី​ដ៏​ច្បាស់​មួយ ហើយ​បង្ហាញ​ផ្លូវឆ្ពោះ​ទៅ​កាន់​គោលដៅ​ដែល​យើង​ប្រាថ្នា។ ទ្រង់​បាន​ហាម​ថា៖ ចូរប្រុង​ប្រយ័ត្ន​ចំពោះ​​ផ្លូវ​វាង រណ្ដៅ និង​អន្ទាក់។ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ជនដែល​នឹងដឹកនាំឲ្យ​យើង​វង្វេង ជន​ដែល​ពូកែធ្វើ​អំពើបាប មក​អូសទាញ​យើងបាន​ឡើយ។ ផ្ទុយទៅវិញ យើង​ត្រូវ​ឈប់សិនដើម្បី​អធិស្ឋាន យើង​ត្រូវ​ស្ដាប់​សំឡេង​ដ៏តូច​រហៀង​នោះ ជាសំឡេង​ដែល​ពោល​ទៅដល់​ជម្រៅនៃ​ព្រលឹង​យើងនូវ​ការអញ្ជើញ​ដ៏​ទន់ភ្លន់​របស់​លោក​ចៅ​ហ្វាយ​ថា «ចូរ​មក​តាម​ខ្ញុំចុះ»។2

ប៉ុន្តែនៅ​មាន​ជន​ដែល​មិន​បាន​ស្ដាប់ឮ មិន​បាន​គោរពតាម ជន​ដែល​ចង់ដើរលើ​ផ្លូវ​ដែល​ខ្លួន​ចង់ដើរ ។ ជាញឹកញាប់ ពួកគេ​បាន​ចាញ់​នឹង​ការល្បួង​ដែល​ហ៊ុមព័ទ្ធ​យើង ហើយ​ដែល​វា​មាន​ភាពទាក់ទាញ​ខ្លាំងណាស់។

ក្នុងនាម​ជា​អ្នក​កាន់បព្វជិតភាព យើង​បាន​កើត​លើ​ផែនដី​ក្នុង​គ្រា​ដ៏​ច្របូកច្របល់។ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដ៏​ស្មុគស្មាញ ដែល​មាន​វិបត្តិ​នៅ​គ្រប់ទិសទី។ ផែនការ​ខាង​នយោបាយ​បានធ្វើ​ឲ្យ​បាត់ស្ថេរភាព​នៃ​ប្រទេសជាតិ ពួក​អ្នកដឹកនាំ​ផ្ដាច់ការ​ប្រឹង​ក្ដោប​អំណាច ហើយ​ផ្នែក​នានា​ក្នុង​សង្គម​ហាក់ដូចជា​ស្រុតដុនដាប​យ៉ាងខ្លាំង ដោយ​បាន​ដកយក​ឱកាស ហើយ​បន្សល់ទុក​នូវ​អារម្មណ៍​នៃ​ភាពបរាជ័យ។ ទស្សនៈរបស់​មនុស្សបាន​បន្លឺសំឡេងពេញ​ត្រចៀក​យើង ហើយយើង​ហ៊ុមព័ទ្ធដោយ​អំពើបាប។

វា​ជាទំនួលខុសត្រូវ​របស់​យើង​ដើម្បី​មាន​ភាពសក្ដិសម​ចំពោះ​រាល់ពរជ័យ​ដ៏រុងរឿងដែល​ព្រះវរបិតាសួគ៌​យើងមាន​សម្រាប់​យើង។ មិន​ថា​យើង​ទៅ​ទីណាទេ បព្វជិតភាព​យើង​នឹង​ទៅជាមួយ​យើង។ តើ​យើង​កំពុង​​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ​ដែរឬទេ ? ពីមុន​បងប្អូន​ធ្វើ​ឲ្យ​ខ្លួនឯង និងបព្វជិតភាព​ខ្លួន​ធ្លាក់ចូល​ក្នុង​គ្រោះថ្នាក់ ដោយប្រថុយ​ចូល​ទៅ​កន្លែង ឬ​ចូលរួម​ក្នុង​សកម្មភាពដែល​មិន​សក្ដិសម​នឹង​បងប្អូន​ ឬ​នឹង​បព្វជិតភាពនោះ សូម​មេត្តា​ឈប់​មួយ​ភ្លែត​សិន ដើម្បី​ពិចារណា​ពី​ផល​របស់​វា។

យើង​ជាអ្នក​ដែល​ត្រូវបាន​ប្រគល់​ឲ្យ​នូវ​បព្វជិតភាព​នៃព្រះ យើងអាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​បាន។ ពេល​យើង​រក្សា​ភាពបរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​យើង ហើយ​ឲ្យ​តម្លៃ​ដល់បព្វជិតភាព​យើង យើង​ក្លាយ​ជា​គំរូ​ដ៏​សុចរិត​ដើម្បី​​ឲ្យ​មនុស្សដទៃទៀត​ធ្វើ​តាម។ សាវក​ ប៉ុល បាន​ទូន្មាន​ថា «ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ»។3 លោក​ក៏បាន​សរសេរ​ផងដែរ​ថា ពួក​អ្នកដើរតាម​ព្រះគ្រីស្ទគួរធ្វើ​ជា «ពន្លឺ​នៅ​ក្នុង[​លោកិយ]»។ 4 ការ​ផ្ដល់​គំរូ​នៃ​សេចក្ដីសុចរិត​អាច​ជួយបំភ្លឺដល់​ពិភពលោក​ដែល​ពោរពេញ​ដោយ​ភាពងងឹតនោះ។

បងប្អូន​ភាគច្រើន​នៅ​ចាំ​ ប្រធាន អិន  អេលឌិន ថែនណឺ ដែល​បម្រើ​ជា​ទីប្រឹក្សា​របស់​ប្រធាន​សាសនាចក្រ​បួនរូប។ លោក​បាន​ផ្ដល់​គំរូ​ដ៏ស្មោះត្រង់​មួយ​ពីសេចក្ដីសុចរិត​នៅ​ក្នុង​អាជីពការងារ​របស់​លោក ក្នុងពេល​ការ​បម្រើក្នុង​ជួរ​រដ្ឋាភិបាល​ប្រទេស​កាណាដា និង​ជា​សាវក​នៃ​ព្រះយេស៊ូវគ្រីស្ទ។ លោក​បាន​ផ្ដល់​ការទូន្មាន​ដ៏​បំផុសគំនិត​នេះ​ដល់​យើង​ថា៖ «គ្មានអ្វីអាច​នាំ​មក​នូវ​ក្ដីអំណរ និង​ជោគជ័យ​ដ៏ធំ ជាងការរស់នៅ​តាម​ការបង្រៀន​នៃ​ដំណឹងល្អ​ឡើយ។ ចូរ​ធ្វើ​ជាគំរូ ចូរធ្វើ​គំរូ​សម្រាប់សេចក្ដីល្អ»។

លោក​បាន​បន្ត​ថា ៖ «យើង​គ្រប់គ្នាត្រូវបានតែងតាំង​ទុក​ជាមុន​សម្រាប់​កិច្ចការ​មួយចំនួន ក្នុងនាម​ជាអ្នកបម្រើ​ជម្រើស [របស់​ព្រះ] ជាអ្នកដែល​ទ្រង់គិត​ថាសក្ដិសម​ដើម្បី​ទទួល​បព្វជិតភាព និង​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​ក្នុង​ព្រះនាម​ទ្រង់។ ត្រូវ​ចាំជានិច្ច​ថា មនុស្សដទៃទៀត​កំពុង​មើល​មក​បងប្អូន​សម្រាប់​ការ​ដឹកនាំ ហើយ​បងប្អូន​កំពុង​ជះឥទ្ធិពល​ដល់​ជីវិត​បុគ្គល​ម្នាក់ៗ​សម្រាប់​រឿង​ល្អ ឬ​អាក្រក់ ជាឥទ្ធិពល​ដែល​នឹង​កើត​មាន​ជាច្រើន​តំណ»។​​5

យើង​ត្រូវបានពង្រឹង​ដោយ​សេចក្ដីពិត​នោះ​ថា អានុភាព​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​សព្វថ្ងៃ គឺជា​ព្រះចេស្ដា​នៃ​ព្រះ​ដែល​មាន​នៅ​ក្នុង​មនុស្ស។ ដើម្បី​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​នៅ​លើ​សមុទ្រ​នៃ​ជីវិត​នេះ យើង​ត្រូវការ​ការដឹកនាំ​ពី​អ្នក​ដើរ​កប៉ាល់​ដ៏​អស់កល្ប—​ជា​ព្រះយេហូវ៉ា​ដ៏​មាន​មហិទ្ធិឫទ្ធិ។ យើង​ទូលសូម​ជំនួយ យើង​ទូល​ទៅ​ស្ថានសួគ៌ ដើម្បី​បាន​ជំនួយ​ពី​សួគ៌ា។

គំរូ​គួរ​ឲ្យ​ចងចាំ​មួយ​ពី​ជនដែល​មិន​បាន​ទូលសុំជំនួយ​គឺ កាអ៊ីន ជា​កូន​ប្រុស​របស់អ័ដាម និង​នាង​អេវ៉ា។ ដោយ​មាន​រូបរាង​ខ្លាំងក្លា តែ​ខ្វះឆន្ទៈ នោះ​កាអ៊ីនមាន​ភាព​លោភលន់ ច្រណែន មិន​ស្ដាប់បង្គាប់ ហើយថែម​ទាំង​សម្លាប់​មនុស្ស​ទៀត​ផង​ ដើម្បី​បង្ខូច​ចង្កូត​របស់​ខ្លួន​ដែល​នឹង​​ដឹកនាំ​គាត់​ទៅ​រកសុវត្ថិភាព និង​ភាពតម្កើងឡើង។ កាអ៊ីន​បាន​ធ្លាក់ ដោយសារ​ខំ​ស្វែង​រក​ទ្រព្យ​ខាង​លោកិយ​ច្រើន​ជាង​ទ្រព្យសួគ៌ា។

នៅ​គ្រាមួយ​ទៀត មាន​អ្នកបម្រើម្នាក់​នៃ​ព្រះ​ត្រូវ​បាន​ល្បង​ដោយ​ស្ដេច​ទុច្ចរិត។ ដោយ​មាន​ជំនួយពី​ស្ថានសួគ៌ ដានីយ៉ែល បាន​បកប្រែការ​សរសេរ​នៅ​លើ​ជញ្ជាំងឲ្យ​ស្ដេច​នោះ។ ដោយ​នឹង​ខ្វល់​ពី​រង្វាន់​ដែល​លោក​នឹង​ទទួលបាន—ជា​រ៉ូបស្ដេច ខ្សែ-ក​មាស និង​អំណាច​ខាង​នយោបាយ​—ដានីយ៉ែល​ បានទូល​ថា «ឯ​អំណោយ​ទាន​របស់​ព្រះករុណា សូម​ទុក​សំរាប់​ព្រះអង្គ​ទ្រង់ ហើយ​សូម​ប្រទាន​រង្វាន់​ដល់​អ្នក​ដទៃ​ទៀត​ចុះ»។6 ទ្រព្យស្ដុកស្តម​ និង​អំណាច​ បាន​ផ្ដល់​ឲ្យ​ ដានីយ៉ែល ជា​រង្វាន់ដែល​​តំណាង​ឲ្យទ្រព្យ​ខាង​លោកិយ ហើយ​មិនមែន​ជា​របស់​ផង​ព្រះឡើយ។ ដានីយ៉ែល បាន​បដិសេធ ហើយ​បន្ត​ស្មោះត្រង់។

ក្រោយ​មក ពេល​ ដានីយ៉ែល ថ្វាយបង្គំព្រះ ថ្វីបើ​មាន​ច្បាប់ហាម​មិន​ឲ្យ​ធ្វើ​ដូច្នេះ​ក្ដី លោកត្រូវបាន​គេ​បោះ​ចូល​ទៅ​ក្នុង​រូង​តោ។ រឿង​នេះ​ក្នុង​ព្រះគម្ពីរប៊ីប ប្រាប់​យើង​ថា លុះស្អែកឡើង «​ដានីយ៉ែល​ចេញ​មក ហើយ​ឥត​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ពី​ព្រោះ​លោក​បាន​ទុក​ចិត្ត​…ព្រះ»។7 នៅ​គ្រា​ដ៏គ្រោះថ្នាក់​បំផុត ការតាំងចិត្ត​របស់​ ដានីយ៉ែល ដើម្បី​បន្ត​ស្មោះត្រង់ បាន​នាំ​មក​នូវ​ការការពារ​ពី​ព្រះ ហើយ​បាន​ផ្ដល់ជម្រក​មួយ​ដ៏មានសុវត្ថិភាព។ ការ​ការពារ និង សុវត្ថិភាពនេះ​អាចជា​របស់​យើងផងដែរ បើ​យើង​បន្តស្មោះត្រង់ដើរឆ្ពោះទៅរក​ផ្ទះ​ដ៏អស់កល្ប​របស់​យើង​នោះ។

គ្រាអតីតកាល​ ប្រៀបបាន​នឹង​កែវខ្សាច់កំណត់ម៉ោងដែរ វាគូសចំណាំពី​កាលវេលា។ មាន​ក្រុម​សម្ដែង​ថ្មី​មួយ​បាន​ឡើង​សម្ដែង​នៅ​លើ​ឆាក​នៃជីវិត។ បញ្ហា​ក្នុង​ជំនាន់​នេះ​បាន​គម្រាមកំហែង​ដល់​យើង។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក សាតាំង​បាន​ធ្វើ​ការ​ដោយ​​មិនខ្លាច​នឿយហត់ដើម្បី​បំផ្លាញ​ពួក​អ្នក​ដើរ​តាម​ព្រះអង្គសង្គ្រោះ។ បើ​យើងចាញ់​នឹងការ​អូសទាញ​របស់​វា នោះ​យើង—ប្រៀប​បាននឹង​នាវា ប៊ីស្មាក ដ៏ខ្លាំងក្លា​នោះ​ដែរ—នឹង​ត្រូវ​បាត់ចង្កូតដែល​អាច​ដឹកនាំ​យើង​ទៅ​ទីសុវត្ថិភាព។ ផ្ទុយទៅវិញ ទោះ​យើង​ហ៊ុមព័ទ្ធ​ទៅដោយ​ភាពជឿនលឿន​នៃ​ជីវិត​រស់នៅ​ដ៏​ទំនើប​នេះក្ដី យើងត្រូវ​សម្លឹង​ទៅ​ស្ថានសួគ៌​ទូល​សូម​ការយល់ដឹង​ត្រឹមត្រូវ​នៃ​ទិសដៅ​នោះ ដើម្បី​យើងអាច​ឃើញ ហើយ​ដើរតាម​ផ្លូវមួយ​ដ៏ត្រឹមត្រូវ ហើយ​ឈ្លាសវៃ។ ព្រះវរបិតាសួគ៌​យើង​នឹងមិន​ទុក​ឲ្យ​ការ​ទូលសួរ​របស់យើង គ្មាន​ចម្លើយ​នោះទេ។ ពេល​យើង​ស្វែងរក​ជំនួយ​សួគ៌ា ចង្កូតយើង​នឹងមិន​បរាជ័យ​ដូចជា​នាវាប៊ីស្មាក ឡើយ។

ពេល​យើង​ចាប់ផ្ដើម​ដំណើររបស់​យើង សូម​ឲ្យ​យើង​ធ្វើដំណើរដោយ​សុវត្ថិភាព​នៅ​លើ​សមុទ្រនៃ​ជីវិត​នេះ។ សូម​ឲ្យ​យើង​មាន​ចិត្តក្លាហាន​ដូចជា ដានីយ៉ែល ដើម្បី​យើងអាច​បន្តជឿជាក់ ហើយ​ស្មោះត្រង់ ទោះ​ជា​មាន​អំពើបាប និង​ការ​ល្បួង​ហ៊ុមព័ទ្ធ​យើង​ក្ដី។ សូម​ឲ្យ​ទីបន្ទាល់​យើង​មាន​ភាពរឹងមាំ ហើយស៊ីជម្រៅ​ដូចជា​យ៉ាកុប ប្អូន​ប្រុសរបស់​នីហ្វៃ ពេល​ជួប​នឹង​មនុស្ស​ដែល​បាន​ស្វែងរក​គ្រប់វិធី​ដែល​អាច​ធ្វើ​បាន​ដើម្បី​បំផ្លាញ​សេចក្ដីជំនឿ​លោក នោះ​លោក​បាន​ប្រកាស​ថា « ខ្ញុំ​មិន​អាច​បាត់បង់សេចក្ដីជំនឿ​បាន​ទេ»។8

បងប្អូនប្រុស ដោយ​មាន​ចង្កូតនៃ​សេចក្ដីជំនឿ​ដឹកនាំ​ផ្លូវ​យើង យើង​​នឹង​រកឃើញ​ផ្លូវ​ទៅផ្ទះវិញ​ដោយ​សុវត្ថិភាព—ជា​ការត្រឡប់​ទៅ​រក​ព្រះ ដើម្បី​រស់​នៅ​ជាមួយ​នឹង​ទ្រង់​ដ៏​អស់កល្ប​ជានិច្ច។ ខ្ញុំ​សូម​អធិស្ឋាន ឲ្យ​រឿង​នេះ​បាន​​កើត​ឡើង​ចំពោះ​យើង​ម្នាក់ៗ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​នៃ​យើង អាម៉ែន។