ឆ្នាំ ២០១០-២០១៩
« ព្រះ​អម្ចាស់​អើយ​ ទូល​បង្គំ​នឹង​តាម​ទ្រង់ »
១០ 2014


« ព្រះ​អម្ចាស់​អើយ​ ទូល​បង្គំ​នឹង​តាម​ទ្រង់ »

ព្រះ​អម្ចាស់​អញ្ជើញ​យើងដោយ​​ប្រើពាក្យ​កិរិយាស័ព្ទ​ខុសៗគ្នា៖ «ចូរមក​ឯ​ខ្ញុំ» «ចូរ​មក​តាម​ខ្ញុំ» «ចូរ​ដើរជាមួយនឹង​យើង​ចុះ»។ ក្នុង​ករណី​នីមួយៗ វា​គឺ​ជា​ការ​អញ្ជើញ​ឲ្យ​ប្រព្រឹត្តិ។

«ត្បិត​មើល​ចុះ ព្រះ​អម្ចាស់ទ្រង់​ប្រទានដល់​អស់​ទាំង​សាសន៍​នូវ​សាសន៍ និង​ភាសា​គេ​ផ្ទាល់​​ឲ្យ​បង្រៀនព្រះបន្ទូល​​របស់​ទ្រង់ មែន​ហើយ ​នៅក្នុងប្រាជ្ញា»។1 នៅ​​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​គឺ​កំពុង​បាន​បំពេញ​ម្តង​ទៀត កាល​ដែល​ខ្ញុំ​មាន​ឱកាស​ដើម្បី​បង្ហាញ​អារម្មណ៍​ខ្ញុំ​ជា​ភាសា​កំណើត។

នៅ​ឆ្នាំ 1975 ហើយ​ខ្ញុំ​បាន​បម្រើ​នៅ​ក្នុង​បេសកកម្ម អ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ ជា​អ្នក​ផ្សាយ​សាសនា​វ័យ​ក្មេង។ ក្នុង​ខែ​ដំបូង​នៅ​បេសកកម្ម អ្នកដឹកនាំ​តំបន់​បាន​ធ្វើ​សកម្ម​ភាព​មួយ​ដើម្បី​បង្ហាញ​ពី​គោលការណ៍​ដំណឹង​ល្អ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​នៅ​ក្នុង​តំបន់ត្រូវ​បាន​បិទ​ភ្នែក ហើយ​បាន​ប្រាប់​យើង​ថា ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​នាំ​ទៅ​រក​សាលធំ។ យើង​ត្រូវ​ធ្វើ​តាម​សំឡេង​របស់​អ្នក​ដឹកនាំ​ម្នាក់ ជា​សំឡេង​ដែល​យើង​នឹង​បាន​ឭ​ពីមុន​យើង​ចាប់​ផ្តើម​បោះ​ជំហាន។ ទោះ​ជា​យ៉ាង​ណា​ក្តី យើង​បាន​ទទួល​ការ​ដាស់​តឿន​ថា អំឡុង​ពេល​ធ្វើ​ដំណើរ​នោះ យើង​នឹង​បាន​ឭ​សំឡេង​ជា​ច្រើនដែល​ព្យាយាម​បំភាន់​យើង និង​ឲ្យ​យើង​ធ្លាក់​ផ្លូវ។

ក្រោយ​ពី​បាន​ឭ​សំឡេង​រញ៉េរញ៉ៃ​កំពុង​និយាយ​មួយ​រយៈ ហើយ—នៅ​កណ្តាល​នៃ​សំឡេងទាំង​នោះ—សំឡេង​មួយ​ដែល​និយាយ​ថា «ចូរមក​ឯ​ខ្ញុំ» ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ទំនុក​ចិត្ត​កាល​ដែល​ខ្ញុំ​ទៅ​តាម​សំឡេង​ត្រឹម​ត្រូវ។ នៅ​ពេល​យើង​ទៅ​ដល់​សាល​ធំនៃ​រោង​ថ្វាយ​បង្គំ យើង​បាន​យក​កន្សែង​ចង​ភ្នែក​ចេញ។ ពេល​ខ្ញុំ​ដោះ​ចេញ ខ្ញុំ​បាន​ដឹង​ខ្លួន​ថា មាន​ពីរ​ក្រុម ហើយ​ថា​ខ្ញុំ​បាន​ធ្វើ​តាម​សំឡេង​ខុស។ ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា «សំឡេង​នោះ​គឺ​ដូច​ជា​សំឡេង​ត្រឹម​ត្រូវ​ណាស់»។

បទ​ពិសោធន៍​នៃ 39 ឆ្នាំ មុន​នោះ មាន​ឥទ្ធិពល​លើ​ខ្ញុំ​​ដ៏​នៅ​អស់​កល្ប​ជា​និច្ច។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា «ខ្ញុំ​នឹង​មិន​ធ្វើ​តាម​សំឡេង​ខុស​ម្តង​ទៀត​ឡើយ»។ បន្ទាប់​មក​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា «មែន​ហើយ ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​នឹង​តាម​ទ្រង់»។

ខ្ញុំ​ចង់​លើក​ពី​បទ​ពិសោធន៍​នេះ​ជា​មួយ​​នឹង​ការ​អញ្ជើញដ៏​មាន​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ថា៖

«ឯ​ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ជៀម​របស់​ខ្ញុំ។  …

« ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្ដាប់​ខ្ញុំ ហើយ​មក​តាម​ខ្ញុំ ខ្ញុំ​ក៏​ស្គាល់​វា​ដែរ » ។2

ការ​អញ្ជើញ​ឲ្យ «​តាម​ទ្រង់» ជា​ការ​អញ្ជើញ​ដ៏​សាមញ្ញ ចំៗ និង​មាន​ព្រះ​ចេស្តា​បំផុត​ដែល​​យើង​អាច​ទទួល។ វា​ចេញ​មក​ពី​សំឡេង​ច្បាស់​ដែល​មិន​អាច​ច្រឡំ​បាន​ឡើយ។

ព្រះ​អម្ចាស់​អញ្ជើញ​យើង​​ដោយប្រើពាក្យកិរិយាស័ព្ទ​ខុសៗគ្នា៖ «ចូរមក​ឯ​ខ្ញុំ» «ចូរ​មក​តាម​ខ្ញុំ» «ចូរ​ដើរជាមួយនឹង​យើង​ចុះ»។ ក្នុង​ករណី​នីមួយៗវា​មិន​មែន​ជា​ការ​​អញ្ជើញអកម្ម​នោះ​ទេ វា​គឺ​ជា​ការ​អញ្ជើញ​​ឲ្យ​ប្រព្រឹត្ត។ វា​ត្រូវបាន​ធ្វើ​ឡើង​ទៅកាន់​មនុស្សលោក​ទាំងអស់​ដោយ​អង្គដែល​ជាព្យាការីលើ​អស់​ពួកព្យាការី គ្រូបង្រៀន​លើ​អស់​គ្រូបង្រៀន ជាព្រះរាជបុត្រា​នៃព្រះ ជាព្រះមេស៊ី។

ការ​អញ្ជើញ​ឲ្យ «ចូរមក​ឯ​ខ្ញុំ»

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក» ។3

បងប្អូន​ដែល​ពុំ​ទាន់​ក្លាយ​ជា​សមាជិក​នៃ​សាសនា​ចក្រ​នៅ​ឡើយ នឹង​ទទួល​បាន​ការ​អញ្ជើញ​នេះ តាម​រយៈ​សំឡេង​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដោយ​ពាក្យ​ថា «តើ​អ្នក​នឹង​អាន​ព្រះ​គម្ពីរ​មរមន​ឬ​ទេ? តើ​អ្នក​នឹង​អធិស្ឋាន​ឬ​ទេ? តើ​អ្នក​នឹង​មក​ព្រះ​វិហារ​ដែរ​ឬ​ទេ? តើ​អ្នក​នឹង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​នរណា​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច​ ដែរ​ឬ​ទេ?» 4 តើ​អ្នក​នឹង​ឆ្លើយ​ចំពោះ​ការ​អញ្ជើញ​នេះ នៅ​សព្វ​ថ្ងៃ​នេះ​ដូម្តេច? 5

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ស្តាប់ ហើយ​ទទួល​យក​សារ​លិខិតនេះ ដោយ​និយាយ​ថា «មែន​ហើយ ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​នឹង​តាម​ទ្រង់!»។

​លោកខាឡូស បាឌីអូឡា និង​គ្រួសារ​គាត់នៅ​ មីណាស ប្រទេស​អ៊ុយរូហ្គាយ បាន​កំពុង​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា។ ដោយ​សារ​ពួក​អែល​ឌើរ​សួរ​សំណួរ​ជា​ច្រើនពេល​បង្រៀន​មេរៀន ពួក​គាត់​សម្រេច​ចិត្ត​អញ្ជើញ​អ្នក​ជិត​ខាង​ដែល​មិន​មែន​សមាជិក​ម្នាក់—កុមារី​អាយុ 14 ឆ្នាំ​ដ៏​ស្រស់​ស្អាត ឈ្មោះ ណ័រម៉ា—ឲ្យ​ជួយ​ឆ្លើយ​សំណួរ​គាត់។ ណ័រម៉ា គឺ​ជា​សិស្ស​ដ៏​ល្អ​នៅ​វិទ្យាល័យ គាត់​កំពុង​សិក្សា​ព្រះ​គម្ពីរ​ប៊ីប នៅ​សាលា​នៅ​ឆ្នាំ​នោះ ដូច្នេះ​ពេល​អ្នកផ្សាយ​សាសនាសួរសំណួរ​មួយ ណ័រម៉ា បានតបវិញ។ នាង​គឺ​ជា «សាសនា​គន់​ការី​ដ៏មាន​តម្លៃ» ។ មេរៀន​ដែល​បាន​បង្រៀន​នៅ​ថ្ងៃនោះគឺច្បាប់​សុខភាព។

ពេល​នាង​ទៅ​ផ្ទះ​វិញក្រោយ​ពី​រៀន​ចប់ជា​មួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ណ័រម៉ា បាន​ដឹង​ថា​ខ្លួន​ត្រូវ​តែ​ធ្វើ​អ្វី​ហើយ។ នាង​បាន​ជម្រាប់​ទៅ​ម្តាយ​នាង​ថា « ម៉ាក់ ចាប់​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​មិន​ផឹក​កាហ្វេ​ទឹក​ដោះ​គោ​ទៀត​ទេ»។ ខ្ញុំ​ផឹក​តែ​ទឹក​ដោះ​គោ​ប៉ុណ្ណោះ»។ ការ​ឆ្លើយ​តប​នោះ​គឺ​ជា​ការ​បើក​បង្ហាញ​យ៉ាង​ជាក់​ស្តែងពី​បំណង​ប្រាថ្នា​របស់នាង ដើម្បី​ទទួល​យក​ការ​អញ្ជើញ​ឲ្យ​ដើរ​​តាម​ព្រះ​គ្រីស្ទ ដូច​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​។

ទាំង​ លោកខាឡូស បាឌីអូឡា និង ណ័រម៉ា បាន​ទទួល​បុណ្យ​ជ្រមុជទឹក។ ក្រោយ​មក តាម​រយៈ​គំរូ​របស់​ណ័រម៉ា ម្តាយ​ ឪពុក និង​បងប្អូន​នាង​ ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ។ ណ័រម៉ា និង​ខ្ញុំ​ បាន​ធំ​ឡើង​ជា​មួយ​គ្នា​នៅ​ក្នុង​សាខា​ដ៏​តូចនោះ ​តែ​ជា​សាខា​ដ៏អស្ចារ្យ។ ក្រោយ​មក ពេល​ខ្ញុំ​ត្រឡប់​ពី​បម្រើ​បេសកកម្ម​វិញ យើង​បាន​រៀប​ការ។ ខ្ញុំ​ដឹង​ជា​និច្ច​ថា វា​ងាយ​ស្រួល​ជាង​បើ​ខ្ញុំ​ធ្វើ​តាម​ព្រះ​អម្ចាស់ ដោយ​មាន​នាង​នៅ​ជា​មួយ​ខ្ញុំ។

មនុស្ស​ម្នាក់​ដែល​ជាសមាជិក​សាសនាចក្រ ហើយ​បាន​ទទួល​យ​កការអញ្ជើញ​នេះ បាន​ធ្វើ​ការ​តាំងចិត្ត​ជា​ថ្មី​រាល់​សប្ដាហ៍​ តាមរយៈ​ការ​​ទទួល​ទាន​សាក្រាម៉ង់។6 ផ្នែក​មួយ​នៃ​ការ​តាំងចិត្ត​នោះ​ រួមមាន​ការ​ស្មោះ​ត្រង់​ក្នុងការ​គោរ ហើយ​ធ្វើតាម​បទ​បញ្ញត្តិ​ទាំង​ឡាយ ហើយ​កាល​ពួកគេ​ធ្វើ​ដូច្នោះ នោះ​ពួកគេ​នឹង​ពោល​ថា «មែន​ហើយ ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​នឹង​តាម​ទ្រង់!»។7

ការ​អញ្ជើញ «ចូរមក​ឯ​ខ្ញុំ»

«ចូរមក​ឯ​ខ្ញុំ» គឺ​ជា​ការ​អញ្ជើញ​របស់​ព្រះ​អម្ចាស់​ទៅ​កំលោះ​ម្នាក់ជា​អ្នក​គ្រប់​គ្រង​វ័យ​​ក្មេងដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម។ កំលោះ​នោះ បាន​គោរព​តាម​បទ​បញ្ញត្តិ​ពេញ​មួយ​ជីវិត​គាត់។ នៅ​ពេល​ដែល​កំលោះ​រូប​នោះ​បាន​សួរ​ថា តើ​គាត់​គួរ​តែ​ធ្វើ​អ្វី​ទៀត គាត់​បាន​ទទួល​ចម្លើយ​ដោយ​ការ​អញ្ជើញ​ដ៏​ច្បាស់​លាស់​ថា៖ «មក​...តាម​ខ្ញុំ​ចុះ»។8 ប៉ុន្តែ ទោះ​ជា​ការ​អញ្ជើញ​នោះងាយក្ដី វា​ពុំ​មែន​គ្មាន​ការ​លះបង់​​នោះ​ឡើយ។ វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ—រួម​ជា​មួយ​នឹង​ការ​សម្រេច​ចិត្ត ហើយ​ទង្វើរ​ផង។

ព្យាការី​នីហ្វៃ បាន​អញ្ជើញ​ឲ្យ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ពីខ្លួន​ឯង នៅ​ពេល​លោក​សួរ​សំណួរ​ថា៖ «ហើយ [ព្រះ​យេស៊ូវ] មាន​ព្រះ​បន្ទូល​ទៅ​​កូន​ចៅ​មនុស្ស​ថា៖ ចូរ​អ្នក​រាល់​គ្នា​មក​តាម​យើង។ ដោយហេតុដូច្នេះហើយ ឱ! បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ តើ​យើង​អាច​ដើរ​តាម​ព្រះយេស៊ូវ បាន​ទេ ​លើកលែង​តែ​យើង​នឹង​យល់ព្រម​កាន់​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​នៃ​ព្រះវបិតា​នោះ?» 9

ការ​អញ្ជើញ​ដើម្បី «ចូរមក​ឯ​ទ្រង់» ដើម្បី​ស្តាប់​​សំឡេង​ទ្រង់ និង​ធ្វើ​តាម​ បាន​ក្លាយ​ជា​សារលិខិត​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចាប់​តាំង​ពី​ដើម​មក ដោយ​ការ​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ផ្លាស់​ប្តូរ​ជីវិត​ពួក​គេ​ក្នុង​សេចក្តី​ល្អ។

ហា​សិប​ឆ្នាំមុន ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ បាន​​ទៅ​ហាងលក់​នាឡិកា​របស់​ឪពុក​ខ្ញុំ ដើម្បី​ជួស​ជុល​នាឡិកា។ ក្នុង​​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាដ៏ល្អ ​ពួក​គេ​ឆ្លៀត​ឱកាស​ដើម្បី​និយាយ​ជា​មួយ​ឪពុក និង​ម្តាយ​​ខ្ញុំអំពី​ដំណឹង​ល្អ។ ឪពុក​ខ្ញុំ​បាន​ទទួល​យក​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ ហើយ​ម្តាយ​ខ្ញុំ​ក៏​ទទួល​យក​សារ​លិខិត​ និង​ការ​អញ្ជើញ​ឲ្យ​ធ្វើ​តាម​ព្រះ​គ្រីស្ទ។ ចាប់​ពី​ថ្ងៃ​នោះ​មក​ដល់​ពេល​ឥឡូវ​នេះ ម្ដាយ​ខ្ញុំ​នៅ​តែ​បន្ត​សកម្ម​នៅ​ក្នុង​សាសនា​ចក្រ។គាត់បាន​មាន​ប្រសាសន៍​ថា៖ «មែន​ហើយ ព្រះ​អម្ចាស់​អើយ​ ទូល​បង្គំ​នឹង​តាម​ទ្រង់»។

នៅ​ពេល​បងប្អូន​ព្យាយាម​ដើម្បី​មក​ឯ​ទ្រង់ នោះ​បងប្អូន​នឹង​ទទួល​បាន​ព្រះ​ចេស្តា ដើម្បី​ធ្វើ​ឲ្យ​បន្ទុក​​ក្នុង​ជីវិត​បាន​ស្រាល ទាំង​ខាង​រូប​កាយ និង​ខាង​វិញ្ញាណ និង​អំណាច​ដើម្បី​ផ្លាស់​ប្តូរ ដើម្បី​ឲ្យ​បាន​កាន់​តែ​រីករាយ និង​មាន​សេចក្តី សុខសាន្ត​នៅក្នុង​ចិត្ត។

ការ​អញ្ជើញ​ឲ្យ «ចូរមក​ឯ​ខ្ញុំ»

ហេណុក ត្រូវ​បាន​ហៅ​ឲ្យ​​ផ្សាយ​ដំណឹង​ល្អ​ដល់​ប្រជាជន​ដែល​ពិបាក​និយាយ និង​ក្បាល​រឹង។ លោក​មាន​អារម្មណ៍​ថា គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​ទេ។ លោក​បាន​សង្ស័យថា​តើ​លោក​អាច​ធ្វើ​បាន​ដែរ​ឬ​ទេ។ ព្រះ​អម្ចាស់​បាន​ឲ្យ​ការ​សង្ស័យ​គាត់​ចុះ​ថយ ហើយ​ពង្រឹង​សេចក្តី​ជំនឿ​គាត់ តាម​រយៈការ​អញ្ជើញ​ឲ្យ «ចូរ​ដើរជាមួយនឹង​យើង​ចុះ»—ការ​អញ្ជើញ​ដែល​ដូច​ជា​ឈើ​ច្រត​របស់​ជន​ពិការ​ភ្នែក ឬដៃរបស់​​មិត្ត​ភក្តិ អាចជួយ​​ដឹកនាំ​ជំហាន​នៃ​ជន​ដែល​បោះ​ជំហាន​មិន​ច្បាស់​លាស់​បាន។ តាម​រយៈ​ការ​កាន់​​ព្រះហស្ថរបស់​ព្រះ​អង្គ​សង្រ្គោះ ហើយ​ដើរ​ជា​មួយ​ទ្រង់ ហេណុក បាន​ឃើញ​ថា ជំហាន​របស់​គាត់​បាន​រឹង​មាំ ហើយ​បាន​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​មួយ​រូប។10

ការ​សម្រេច​ចិត្ត​ដើម្បី «ចូរមក​ឯ​ខ្ញុំ» និង «ចូរ​មក​តាម​ខ្ញុំ»គឺជារឿង​ផ្ទាល់ខ្លួន។ នៅ​ពេល​យើង​ទទួល​យក​ការ​អញ្ជើញ​នេះ នោះ​កម្រិត​នៃ​ការតាំងចិត្ត​របស់​យើង​នឹង​កើនឡើងហើយបន្ទាប់​មកយើង​អាច «ចូរ​ដើរជាមួយនឹង​ទ្រង់​» បាន។ ការណ៍នេះនឹង​កសាង​ទំនាក់​ទំនង​ដ៏​ជិត​ស្នីទ​ជា​មួយ​នឹង​ព្រះ​អង្គ​សង្រ្គោះ—ជា​ផល​ផ្លែ​នៃ​ការ​ទទួល​យក​ការ​អញ្ជើញ​យើង​លើក​ដំបូង។

ណ័រ​ម៉ា និង​ខ្ញុំ បាន​ទទួល​យក​ការ​អញ្ជើញ​ដោយ​ផ្ទាល់ខ្លួន ដើម្បី «ចូរមក​ឯ​ខ្ញុំ» និង «ចូរ​មក​តាម​ខ្ញុំ»។ បន្ទាប់​មក​ ដោយ​ការ​រួម​គ្នា ការ​ជួយ​គ្នា​ទៅ​វិញ​ទៅមក យើង​អាច​រៀន​ដើម្បី​ដើរជាមួយនឹងទ្រង់។

ការ​ខិតខំ និង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ស្វែង​រក​ទ្រង់ និង​ដើម្បី​ធ្វើ​តាម​ទ្រង់​នឹង​ត្រូវ​ទទួល​បាន​រង្វាន់​ជា​មួយ​នឹង​ពរជ័យ​ដែល​យើង​ស្វែង​រក។

ដូច​ជា​ករណី​ស្រ្តីដែល​បាន​ព្យាយាម​​យ៉ាង​ខ្លាំង ដើម្បី​បាន​ពាល់​ជាយ​ព្រះ​ពស្រ្ត​របស់​ព្រះ​អង្គ​សង្រ្គោះ​11 ឬ​ជា​ បារទីមេ ជា​បុរស​ខ្វាក់ម្នាក់ ដែល​​ការ​តាំង​ចិត្ត​របស់​គាត់​គឺ​ជា​កត្តាដ៏សំខាន់​ដែល​ធ្វើឲ្យ​មាន​អព្ភូត​ហេតុ​កើត​ឡើងក្នុង​ជីវិត​គាត់។ 12 ទាំង​ពី​រករណី​នេះ ការ​ព្យាបាល​ ទាំង​រូប​កាយ និង​វិញ្ញាណ ​ត្រូវ​បាន​កើតឡើង។

សូម​ឈោង​ដៃ​របស់​អ្នក ​ពាល់​ជាយ​ព្រះ​ពស្រ្ត​របស់​ទ្រង់ ទទួល​យក​ការ​អញ្ជើញ​ទ្រង់ ហើយពោល​ថា «មែន​ហើយ ព្រះ​អម្ចាស់​អើយ​ ទូល​បង្គំ​នឹង​តាម​ទ្រង់!»—ហើយ​ដើរជាមួយ​ទ្រង់។

«ចូរមក​ឯ​ខ្ញុំ» «ចូរ​មក​តាម​ខ្ញុំ» និង «ចូរ​ដើរជាមួយនឹង​យើង​ចុះ» គឺ​ជា​ការ​អញ្ជើញដ៏​មាន​ព្រះ​ចេស្តា—​សម្រាប់​អ្នក​ដែលទទួល​យក​វា—​ដើម្បីផ្លាស់​ជីវិត​អ្នក ហើយ​បង្កើត​​ ការផ្លាស់​ប្តូរ​នៅ​ក្នុង​ខ្លួន​អ្នក មួយ ដែល​វា​ដឹកនាំ​ឲ្យ​អ្នក​ពោលថា «[ខ្ញុំ] ពុំ​មាន​បំណងនឹង​ប្រព្រឹត្តិ​អំពើទុច្ចរិតទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្តិ​អំពើ​ល្អជានិច្ច​វិញ»។13

ដោយសារ​តែ​ការ​បង្ហាញឲ្យ​ឃើញ​ពី​ខាងក្រៅ​នៃការ​ផ្លាស់ប្ដូរ​នោះ អ្នក​នឹង​មាន​បំណង​ប្រាថ្នា​ដ៏​មុតមាំដើម្បី«ចូរ​ជួយ​អ្នកទន់​ខ្សោយ ចូរ​លើក​ដៃ​ដែល​រោយ ហើយ​ចូរ​ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ផង»។14

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ «​ដើរជាមួយនឹង​ទ្រង់» នៅ​ថ្ងៃនេះ?

  1. ចូរ​បីបាច់​បំណង​ប្រាថ្នា ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស​ដ៏​ប្រសើរ។15

  2. អធិស្ឋាន សុំ​ឲ្យ​មាន​បំណង​ប្រាថ្នា​នេះ​ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​អ្នក​លើ​ទ្រង់​អាច​បាន​រីក​ចម្រើន។16

  3. ទទួល​ចំណេះដឹង ពីព្រះ​គម្ពីរ បំភ្លឺ​ផ្លូវ និង​ពង្រឹង​បំណង​ប្រាថ្នា​របស់អ្នកដើម្បី​ផ្លាស់​ប្តូរ​។17

  4. សូម​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​នេះ ដើម្បី​ធ្វើ​ ហើយ​ពោល​ថា «មែន​ហើយ ព្រះ​អម្ចាស់​អើយ​ ទូល​បង្គំ​នឹង​តាម​ទ្រង់!» ការ​គ្រាន់​តែ​ស្គាល់​ពី​សេចក្តី​ពិតនឹង​មិន​ផ្លាស់​ប្តូរ​ពិភព​លោក​របស់​អ្នក​ទេ លុះ​ត្រា​តែ​អ្នក​បង្វែរ​ចំណេះ​ដឹង​អ្នក​ទៅ​ជា​ ទង្វើ។18

  5. ព្យាយាម នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដែល​អ្នក​ធ្វើ ដោយ​ការ​អនុវត្ត​គោលការណ៍​ទាំង​នេះ។19

សូម​ឲ្យ​ប្រសាសន៍​របស់​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​ប្រធាន​ ថូម៉ាស  អេស ម៉នសុន ជម្រុញ​​យើង​ឲ្យ​ទៅ​រកសកម្មភាព​នៅ​ក្នុង​បំណង​ប្រាថ្នា​ដើម្បី​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះ​អង្គ​សង្រ្គោះ។ ប្រធាន ម៉នសុន បាន​ថ្លែង​ថា ៖ «តើ​នរណា​ជា​ស្តេច​នៃ​សិរីរុងរឿង ដែល​ជា​ព្រះ​អម្ចាស់​នៃ​ពល​បរិវា​នេះ? តើ​នរណា​ជា​លោក​ចៅហ្វាយ​យើង? ទ្រង់​គឺ​ជា​ព្រះ​អង្គ​សង្រ្គោះ​យើង។ ទ្រង់​គឺ​ជា​​ព្រះរាជបុត្រា​នៃព្រះ ។ ទ្រង់​គឺ​អង្គ​និពន្ធ​នៃ​សេចក្តី​សង្រ្គោះ​យើង។ ទ្រង់​មាន​បន្ទូល​ថា «ចូរមក​ឯ​ខ្ញុំ» ។ ទ្រង់​បាន​ទូន្មាន​ថា «ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ»។ ទ្រង់​អង្វរថា ‘កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង›»។20

សូម​ឲ្យ​យើងធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​បង្កើន​កម្រិត​នៃ​ការ​ថ្វាយ​បង្គំ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ព្រះ ហើយ​សូម​ឲ្យ​ការ​ឆ្លើយ​តប​យើងចំពោះ​ការ​អញ្ជើញ​របស់​ទ្រង់​ត្រូវ​បាន​ឭ​យ៉ាង​ខ្លាំង និង​ច្បាស់ៗ៖ « មែន​ហើយ ព្រះ​អម្ចាស់​អើយ​ ទូល​បង្គំ​នឹង​តាម​ទ្រង់! » 21 នៅក្នុង​ព្រះនាមដ៏ពិសិដ្ឋ​​នៃ​ព្រះអម្ចាស់ ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន។