ឆ្នាំ ២០១០-២០១៩
ចូរ​នៅលើ​​ទូក ហើយ​តោង​ឲ្យ​ជាប់!
១០ 2014


ចូរ​នៅលើ​​ទូក ហើយ​តោង​ឲ្យ​ជាប់!

បើ​យើង​បន្ត​ផ្តោត​លើ​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួលបាន​ពរជ័យ​មួយ​ដែល​គ្មាន​​អ្វី​មក​ប្រៀប​ផ្ទឹម​បាន​ឡើយ ។

ថ្មីៗ​នេះ មិត្តខ្ញុំម្នាក់​បាន​នាំ​កូន​ប្រុស​គាត់​ជិះ​ទូក​តាម​ទន្លេ ខូឡូរ៉ាដូ ឆ្លងកាត់​អន្លង់​ទឹកជ្រៅ នៅ​ទិស​អាគ្នេយ៍​នៃ​រដ្ឋ​យូថាហ៍ ។ អន្លង់​ទឹកជ្រៅ​នោះ​ល្បី​ឈ្មោះ​ណាស់ ដោយសារ​តែ​មាន​ចរន្ត​ទឹកហូរ​យ៉ាង​ខ្លាំង​ប្រវែង 23 គ.ម. ដែល​អាច​​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​បាន ។

ក្នុងការ​រៀបចំខ្លួន​សម្រាប់​ដំណើរ​របស់​ពួកគេ ពួកគេ​បាន​មើល​នៅ​ក្នុង​គេហទំព័រ​ផ្នែក​សេវាកម្ម​របស់​សួនជាតិ​យ៉ាងប្រុងប្រយ័ត្ន ដែល​មាន​នូវ​ព័ត៌មាន​សំខាន់ៗ​អំពី​ការ​រៀបចំខ្លួន និង​គ្រោះថ្នាក់​ទូទៅ​ដែល​មើល​មិន​ឃើញ ។

នៅពេល​ចាប់ផ្ដើម​ធ្វើ​ដំណើរ​នោះ មាន​អ្នកនាំ​ផ្លូវ​តាម​ដងទន្លេ​ដ៏​ជំនាញ​ម្នាក់​បាន​ប្រាប់ពី​សេចក្ដីណែនាំ​សុវត្ថិភាព​សំខាន់ៗ ដោយ​គូសបញ្ជាក់​ពី​ច្បាប់​សំខាន់​បីយ៉ាង​ដែល​ជួយ​ក្រុម​នោះ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​មាន​សុវត្ថិភាព​នៅ​កន្លែង​ដែល​ទឹកហូរ​ខ្លាំង​នោះ ។ «ច្បាប់​ទី​មួយ ៖ ចូរ​នៅ​លើ​ទូក! ច្បាប់​ទី​ពីរ ៖ ត្រូវ​ពាក់​អាវពោង​ជានិច្ច! ច្បាប់​ទី​បី ៖ ត្រូវ​យក​ដៃ​ទាំង​ពីរ​តោងទូក​ឲ្យ​ជាប់»! រួច​គាត់​បាន​ប្រាប់​ម្ដងទៀត ដោយ​គូសបញ្ជាក់​នូវ​រឿង​ដ៏​សំខាន់​បំផុត​ថា «សំខាន់​បំផុត ត្រូវ​ចងចាំ​ច្បាប់​ទី​មួយ ៖ ចូរ​នៅ​លើ​ទូក»!

ការផ្សងព្រេង​នេះ​បាន​រំឭក​ខ្ញុំ​ពី​ដំណើរ​របស់​យើង​ក្នុង​ជីវិត​នេះថា៖ យើង​ភាគច្រើន បាន​ជួប​ភាពសុខសាន្ត​នៅ​ក្នុង​ជីវិត ហើយ​មាន​ទុក្ខលំបាក​តែ​បន្តិចបន្តួច ។ ពេលខ្លះ យើង​ជួប​គ្រា​លំបាក​ដែល​ប្រៀប​បាន​នឹង​ការ​ជិះទូក​ឆ្លងកាត់​អន្លង់​ទឹកជ្រៅ​ដែល​មាន​ទឹកហូរ​យ៉ាង​ខ្លាំង​ប្រវែង 23 គ.ម. នោះ​ដែរ—ជា​ឧបសគ្គ​ដែល​អាច​មាន​ទាំង​បញ្ហា​ខាង​រូបកាយ និង​បញ្ហា​សុខភាព​ផ្លូវចិត្ត សេចក្ដី​ស្លាប់​នៃ​មនុស្ស​ជាទីស្រឡាញ់ ការ​រលាយ​បាត់​នៃ​ក្ដីស្រម៉ៃ និង​ក្ដីសង្ឃឹម និង—ចំពោះ​មនុស្ស​មួយ​ចំនួន—អាច​មាន​ទាំង​វិបិត្ត​នៃ​សេចក្ដីជំនឿផងដែរ ពេល​ជួប​នឹង​បញ្ហា​ សំណួរ និង​ភាពសង្ស័យ​នៃ​ជីវិត​។

ដោយសេចក្ដីមេត្តា​របស់​ទ្រង់ ព្រះអម្ចាស់​បាន​ប្រទាន​ជំនួយ រួមមាន​ ទូក សម្ភារ​ដែល​ចាំបាច់​ដូចជា អាវពោង និង​ពួក​អ្នកនាំ​ផ្លូវ​ដ៏​ជំនាញ ជាអ្នក​ដែល​ប្រាប់ផ្លូវ និង​ការ​ណែនាំ​ពី​សុវត្ថិភាព ដើម្បី​ជួយ​យើង​ធ្វើ​ដំណើរ​នៅ​លើ​ទន្លេ​នៃ​ជីវិត​ឆ្ពោះ​ទៅ​រក​ទិសដៅ​ចុង​បំផុត​របស់​យើង ។

ចូរ​យើង​គិត​ពី​ច្បាប់​ទី​មួយ ៖ ចូរ​នៅ​លើ​ទូក!

ជាទូទៅ ប្រធាន ព្រិកហាំ យ៉ង់ បាន​ប្រើ​ពាក្យ «នាវា​ដ៏​ចំណាស់​នៃ​ស៊ីយ៉ូន» ជា​ពាក្យ​ប្រៀបធៀប​នឹង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។

គ្រា​មួយ​ លោក​បាន​ថ្លែង​ថា ៖ «យើង​កំពុង​ស្ថិតនៅ​កណ្ដាល​មហាសមុទ្រ ។ មាន​ព្យុះ​មួយ​បាន​បក់​មក ហើយ​កាល​ពួកកម្មករ​បាន​ពោល​ថា នាវា​នេះ​ខំប្រឹង​ខ្លាំង​ណាស់ ។ មាន​ម្នាក់​បាន​តប​ថា ‹ខ្ញុំមិន​នៅជិះ​លើ​វា​ទេ ខ្ញុំ​មិន​ជឿ​ថា នេះ​ជា​ «នាវា​ស៊ីយ៉ូន​» ឡើយ› ។ ‹ប៉ុន្តែ​យើង​កំពុង​ស្ថិតនៅ​កណ្ដាល​មហាសមុទ្រ› ។ ‹ខ្ញុំ​មិន​ខ្វល់ទេ ខ្ញុំមិន​នៅ​លើ​នេះទៀត​ឡើយ› ។ គាត់បាន​ដោះអាវ​ចេញ ហើយ​បាន​លោត​ចេញ​ពី​នាវា​នោះ​ទៅ ។ តើ​គាត់​នឹង​លង់​ទឹក​ដែរ​ឬទេ? ប្រាកដណាស់ ។ វា​ដូចគ្នា​នឹង​ជន​ដែល​ចាកចេញ​ពី​សាសនាចក្រ​នេះ​ដែរ ។ វា​ជា ‹នាវា​ដ៏​ចំណាស់​នៃ​ស៊ីយ៉ូន› ចូរ​យើង​បន្ត​ជិះ​លើ​វា» ។1

មាន​គ្រាមួយ​ទៀត ប្រធាន យ៉ង់ បាន​ថ្លែង​ថា លោក​ក៏ព្រួយ​បារម្ភ​ចំពោះ​មនុស្ស​​វង្វេងផ្លូវ ពេល​ពួកគេ​កំពុងមាន​ពរ—កាល​ជីវិត​មាន​ភាពសុខសាន្ត​​ថា ៖ «វា​មាន​អាកាសធាតុ​ស្ងប់ កាល​នាវា​ដ៏​ចំណាស់​នៃ​ស៊ីយ៉ូន​បើក​កាត់​ខ្យល់​ដ៏​រំភើយ [ហើយ] កាល​មនុស្ស​ទាំងអស់​បាន​ឡើង​លើ​នាវា​នោះ​អស់ហើយ មាន​បងប្អូនប្រុស​មួយចំនួន​ចង់នាំ​គ្នា​ជិះទូកតូចៗ ដើម្បី​ទៅ ...ហែលទឹក ហើយ​មាន​ខ្លះ​បាន​លេច​ទៅ​ក្នុង​ទឹក​ ​ខ្លះ​បាន​អណ្ដែត​ទៅ​ឆ្ងាយ ហើយ​ខ្លះទៀតបាន​ត្រឡប់​មក​នាវា​វិញ ។ ចូរ​យើង​បន្ត​នៅ​លើ​នាវា​ដ៏​ចំណាស់​នោះ ហើយ​វា​នឹង​នាំ​យើង​ទៅ​កាន់​ទីជម្រក [ដោយ​សុវត្ថិភាព] បងប្អូន​មិន​ត្រូវ​ខ្វល់ខ្វាយ​ឡើយ» ។2

ហើយ​ជាចុងក្រោយ ប្រធាន យ៉ង់ បាន​រំឭក​ពួកបរិសុទ្ធ​ថា ៖ « យើង​ស្ថិតនៅ​លើ​នាវា​ដ៏​ចំណាស់​នៃ​ស៊ីយ៉ូន ។ ...[ព្រះ​] គង់​នៅ​ឯ​ដៃ​ចង្កូតនាវា ហើយ​ទ្រង់​នឹង​គង់​នៅ​ទីនោះ ។  ...ស្រួលទាំងអស់ ។ សូម​ច្រៀង​បទ​ហាលេលូយ៉ា ត្បិត​ព្រះអម្ចាស់​គង់​នៅ​ទីនេះ ។ ទ្រង់បង្គាប់ ដឹកនាំ ហើយ​ប្រាប់ទិស ។ បើ​មនុស្ស​​ជឿជាក់​ទាំងស្រុង​​ទៅ​លើ​ព្រះ​របស់​ខ្លួន ​មិន​បោះបង់​សេចក្ដីសញ្ញា ឬ​ព្រះ​របស់​ខ្លួន​ទេ​នោះ ទ្រង់​នឹង​ដឹកនាំ​យើង​ឲ្យ​ដើរ​លើ​ផ្លូវត្រូវ » ។3

ដោយ​មាន​នូវ​ឧបសគ្គ​ដូចដែល​យើង​ជួប​សព្វថ្ងៃនេះ តើ​យើង​បន្តនៅ​លើ​នាវា​ដ៏​ចំណាស់​នៃ​ស៊ីយ៉ូន​បាន​ដោយ​របៀប​ណា ?

នេះ​ជា​របៀប ។ យើង​ត្រូវ​​ប្រែចិត្ត​ជឿ​ជា​បន្តបន្ទាប់ ដោយ​បង្កើន​សេចក្ដីជំនឿ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ភាព​ស្មោះត្រង់​របស់​​យើង​ចំពោះ​ដំណឹងល្អរបស់​ទ្រង់​នៅ​ក្នុង​ជីវិត—ពុំ​មែន​តែ​ម្ដងទេ ប៉ុន្តែ​ជាដរាប​ទៅ ។ អាលម៉ា បាន​សួរ​ថា «ហើយ​ឥឡួវនេះ​មើលចុះ ឱបង​ប្អូន​ទំាងឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ដួង​ចិត្ត​អ្នក ហើយបើ​សិនជាអ្នក​រាល់​គ្នា​ចាប់​អារម្មណ៍​ចង់​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្រោស​លោះ ខ្ញុំ​សូម​សួរថា តើ​អ្នក​រាល់​គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ ឥឡូវ​នេះទេ? »4

ពួក​អ្នកនាំ​ផ្លូវ​តាម​ទន្លេ​ដ៏​ជំនាញ​សព្វថ្ងៃនេះ អាច​ប្រៀបបាន​ទៅនឹង​ពួក​សាវក និង ពួក​ព្យាការី​ក្នុង​សាសនាចក្រ​នេះ ព្រម​ទាំង​​​ថ្នាក់ដឹកនាំ​បព្វជិតភាព និង​អង្គការ​ជំនួយ​ក្នុង​មូលដ្ឋាន​ផងដែរ ។ ពួកលោក​ជួយ​យើង​ឲ្យ​ទៅ​ដល់​ទិសដៅ​ចុងក្រោយ​របស់​យើង​ដោយ​សុវត្ថិភាព ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ថ្លែង​នៅ​ឯ​សិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី ហើយ​បាន​ទូន្មាន​ថ្នាក់ដឹកនាំ​ទាំងនេះ​ថា ៖

«សូម​ជួយ​ពួក​អ្នកផ្សាយ​សាសនា​ឲ្យ​ផ្ដោត​លើ​ការ​បង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ ...យើង​នឹង​មិន ហើយ...នឹងមិន​អាច​ដឹកនាំ [បងប្អូន] ឲ្យ​វង្វេង​ឡើយ ។

«ហើយ​កាល​បងប្អូន​បង្រៀន​ពួក​អ្នកផ្សាយ​សាសនា​ឲ្យ​ផ្ដោត​លើ​ការបង្រៀន​របស់​យើង សូម​បង្រៀន​ពួកគេ​ កុំ​ឲ្យ​ធ្វើ​តាម​ជន​ដែល​គិត​ថា​ខ្លួន​ឯង​ដឹង​ច្រើន​ពី​ការ​គ្រប់គ្រង​កិច្ចការ​សាសនាចក្រ​នេះ​ជាង...ព្រះវរបិតា​សួគ៌ និង​ព្រះអម្ចាស់​ ព្រះយេស៊ូវគ្រីស្ទ​» ​ធ្វើ​តាមរយៈ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​មាន​កូនសោ​ធ្វើ​ជា​អធិបតីនោះឡើយ ។

«ខ្ញុំ​បាន​សង្កេត​ឃើញ​ក្នុងការ​បម្រើ​របស់​ខ្ញុំ​ថា ជន​ដែល​វង្វេង [ហើយ] ភ័ន្តច្រឡំ គឺ​ជា​ជន​ដែល​ជានិច្ចកាល ...ភ្លេច​ខ្លួន​ថា ពេល​គណៈប្រធានទីមួយ និង កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់​ថ្លែង​ឡើង​ក្នុង​សំឡេង​តែមួយ នោះ​វា​គឺជា​សំឡេង​នៃ​ព្រះអម្ចាស់​សម្រាប់​គ្រា​នោះ ។ ព្រះអម្ចាស់​រំឭក​យើង​ថា ‹ ទោះ​ដោយ​ជា​សំឡេង​របស់​យើង​ផ្ទាល់ ឬ ក៏ដោយ​សំឡេង​នៃពួក​អ្នក​បម្រើ​របស់​យើង​ក្តី គឺ​ដូច​តែគ្នា› [ គ. និង ស. 1:38]»។5

ផ្ទុយទៅវិញ ពួកគេ​បាន​ចាកចេញ​ពី​នាវា​ដ៏​ចំណាស់​នៃ​ស៊ីយ៉ូន—ពួកគេ​បាន​វង្វេង ពួកគេ​ក្បត់​សាសនា ។ ជា​អកុសល ពួកគេ​ជួប​នឹង​ផលវិបាក​ដោយ​ចៃដន្យ​រយៈពេល​ខ្លី ហើយ​អាចនឹង​មាន​រយៈពេល​វែង ពុំមែន​តែខ្លួន​ឯង​ប៉ុណ្ណោះទេ ប៉ុន្តែ​ដល់​គ្រួសារ​ផងដែរ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន ប្រៀបដូចជា​អ្នកនាំ​ផ្លូវ​តាម​ទន្លេ​ដ៏​ជំនាញ​ដែរ ពួកលោក​ត្រូវបាន​បង្រៀន​ដោយ​បទពិសោធន៍​ជីវិត បាន​ហ្វឹកហ្វឺន និង បង្ហាត់បង្រៀន​ដោយ​ពួក​សាវក ពួក​ព្យាការី និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ក្នុង​សាសនាចក្រ ហើយ​សំខាន់​បំផុត​​ត្រូវ​​​បាន​បង្រៀ​ន​ដោយ​ព្រះអម្ចាស់​ផ្ទាល់​ផងដែរ ។

ក្នុង​ឆ្នាំនេះ មាន​ពេលមួយ ខ្ញុំ​បាន​ថ្លែង​ទៅ​កាន់​ពួក​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​នៅ​ឯ​ការ​ចាក់ផ្សាយ​ការ​ប្រជុំ​ធម្មនិដ្ឋាន​ ស៊ី.អ៊ី.អេស សម្រាប់​ខែ ឧសភា ។ ខ្ញុំ​បាន​ថ្លែង​ថា ៖

«ខ្ញុំឮថា អ្នក​ខ្លះ​គិត​ថា​ថ្នាក់ដឹកនាំ​សាសនាចក្រ​រស់ ‹ដាច់ពីគេឯង› ។ អ្វី​ដែល​គេ​ភ្លេច​នោះ​គឺ​ថា យើង​គឺជា​បុរស និង ស្ត្រី​មាន​បទពិសោធន៍​ច្រើន ហើយ​យើង​រស់នៅ​ទីកន្លែង​ជាច្រើន ហើយ​ធ្វើការ​ជាមួយ​មនុស្ស​មាន​សាវតាខុសៗគ្នា ។ ការចាត់តាំង​របស់​យើង​សព្វថ្ងៃ នាំ​ឲ្យ​យើង​ធ្វើដំណើរ​ពេញ​ពិភពលោក ទៅ​ជួប​នឹង​ថ្នាក់ដឹកនាំ​នយោបាយ ថ្នាក់ដឹកនាំ​សាសនា អាជីវកម្ម និង សប្បុរសធម៌​ពេញ​ពិភពលោក ។ ទោះជា​យើង​ធ្លាប់​បាន​ទស្សនា​សេតវិមាន​នៅ​ទីក្រុង វ៉ាស៊ីនតោន ឌី.ស៊ី និង ថ្នាក់ដឹកនាំ​ប្រទេស​ [និង សាសនា] នានា​លើ​សាកលលោក​ក្ដី ក៏​យើង​ធ្លាប់​បាន​ចុះសួរសុខទុក្ខ​ដល់ [គ្រួសារ និង មនុស្ស​] ដែល​ខ្សត់ខ្សោយ​បំផុត​ នៅ​លើ​ផែនដី​ផងដែរ ... ។

«ពេល​អ្នក​គិត​ឲ្យ​បាន​ច្បាស់​ពី​ជីវិត និង ការបម្រើ​របស់​យើង អ្នក​នឹង​យល់ស្រប​ថា យើង​ជួប​ប្រទះ ហើយ​ដកពិសោធន៍​លើ​ផែនដី​តាម​របៀប​ដែល​មនុស្ស​ខ្លះ​ពុំ​មាន ។ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​​ពុំ​រស់ ‹ដាច់​ពី​គេ​ឯង› ជាង​មនុស្ស​ភាគ​ច្រើន​ឡើយ ។  …

«...មាន​អ្វី​មួយ ស្ដីពី​ប្រាជ្ញា​ផ្ទាល់ខ្លួន និង ប្រាជ្ញា​រួមគ្នា​រវាង [ថ្នាក់ដឹកនាំ​សាសនាចក្រ​] ដែល​នឹង​ផ្ដល់​ការលួង​លោម​ចិត្តខ្លះៗ ។ យើង​បាន​ដកពិសោធន៍​ហើយ រួមទាំង​មាន​លទ្ធផល​ពី​ច្បាប់​សាធារណៈ និង គោលនយោបាយ ការ​ខកចិត្ត​ផ្សេងៗគ្នា និង សោកនាដកម្ម និង មរណៈភាព​ក្នុង​គ្រួសារ​យើង ។ យើង​យល់​ពី​អ្វី​ដែល​កើតឡើង​ក្នុង​ជីវិត» ។6

រួម​ជាមួយ​នឹង​ច្បាប់ទីមួយ ដូចដែល​ខ្ញុំ​ធ្លាប់​ប្រើ​វា សូម​ចាំ​ពី​ច្បាប់ទីពីរ និងទីបី គឺ​ថា ៖ ត្រូវ​ពាក់អាវ​ពោង​ជានិច្ច ហើយ​ត្រូវ​យក​ដៃ​ទាំងពីរ​តោង​ទូក​ឲ្យ​ជាប់ ។ បន្ទូល​របស់​ព្រះ​មាន​នៅ​ក្នុង​ព្រះគម្ពីរ និង​ ការ​បង្រៀន​របស់​ពួក​សាវក និង ពួកព្យាការី។ បន្ទូល​ទាំងនេះ​ផ្ដល់​ការ​ទូន្មាន និង​ការ​ណែនាំ​​ដល់​យើង ដែលប្រៀបដូចជា​អាវពោង​ខាង​វិញ្ញាណ ហើយ​នឹង​ជួយ​យើង​ដឹង​ពី​របៀប​យក​ដៃ​ទាំងពីរ​តោង ទូក​ឲ្យ​ជាប់ ពេល​យើង​ធ្វើ​តាម ។

យើង​ត្រូវ​ធ្វើ​ដូចជា​ពួក​បុត្រា​របស់​ម៉ូសាយ ដែល​ «បាន​មាំមួន​នៅ​ក្នុងការ​ស្គាល់​ពី​សេចក្ដីពិត» ។ យើង​អាច​ក្លាយ​ជា​បុរស និង​ស្ត្រី «ដែល​មាន​យោបល់​ដ៏​ជ្រាលជ្រៅ» បាន ។ ការណ៍​នេះ​អាច​សម្រេច​ទៅបាន ដោយ «[ការ] ព្យាយាម​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ឲ្យ​ [យើង] អាច​ស្គាល់​ព្រះបន្ទូល​នៃ​ព្រះ» ប៉ុណ្ណោះ ។7

ពេល​ពិចារណាមើល​បទគម្ពីរ និង​ប្រសាសន៍​ពួកសាវក និង​ពួកព្យាការី​ទាំង​បុរាណ និង​សម័យ​បច្ចុប្បន្ន នោះ​យើង​គួរ​ផ្ដោត​លើ​ការ​សិក្សា ការរស់នៅ និង ការ​ស្រឡាញ់​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

បន្ថែម​ពី​លើ​​ការ​អភិវឌ្ឍ​ទម្លាប់​នៃ​ការ​អាន​ព្រះគម្ពីរ​ផ្ទាល់ខ្លួន យើង​ត្រូវ​​ធ្វើ​ដូចជា​ពួក​បុត្រា​របស់​ម៉ូសាយ ហើយ​ប្រគល់​ខ្លួន​ក្នុង «ការ​អធិស្ឋាន និង​ការ​តមអាហារ​ជា​ច្រើន» ។8

វា​ហាក់ដូចជា​រឿង​ទាំងនេះ​ដែល​ជារឿង​មិន​ងាយ​នឹង​វាស់វែង​បាន ​គឺ​ជា​រឿង​ដ៏សំខាន់​បំផុត ។ សូម​បន្ត​ផ្ដោត​លើ​រឿង​ដ៏​សាមញ្ញ​ទាំងនេះ ហើយ​ចៀសឲ្យ​ឆ្ងាយ​ពី​ការរំខាន ។

ដូចដែល​ខ្ញុំ​ធ្លាប់​ស្គាល់​មនុស្ស​ដែល​មិន​បាន​នៅជិះ​លើ​ទូក​នោះ ហើយ​មិន​បាន​តោង​ដោយ​ដៃទាំងពីរ ក្នុង​គ្រា​នៃ​ការ​សាកល្បង និង​ឧបសគ្គ ឬ​ជនមិន​បាន​នៅ​ជិះលើ​ទូក​នោះ ក្នុង​គ្រា​នៃ​ភាពស្ងប់ស្ងាត់ ខ្ញុំ​បាន​សង្កេតឃើញ​ថា ពួកគេ​ភាគច្រើន​បាន​បាត់ការ​ផ្ដោត​លើ​សេចក្ដី​ពិត​ដ៏​រឹងមាំ​នៃ​ដំណឹងល្អ—ជា​ហេតុផល​ដែល​ពួកគេ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​តាំងពី​ដំបូង ជាហេតុផល​ដែល​ពួកគេ​បានបន្ត​តាំងចិត្ត​ទាំងស្រុង ហើយ​សកម្ម​នៅ​ក្នុង​ការ​រស់នៅ​តាម​បទដ្ឋាន​ដំណឹងល្អ ហើយ​ឲ្យ​ពរ​ដល់​អ្នកដទៃ​តាមរយៈការ​បម្រើ​ដ៏​បរិសុទ្ធ​ប្រកប​ដោយ​ការ​លះបង់​ខ្ពស់ និង​របៀប​ដែល​សាសនាចក្រ​ធ្លាប់​ជា «កន្លែង​មួយនៃ​ការ​ចិញ្ចឹម​បីបាច់ និងការ​រីកចម្រើន​ខាង​​វិញ្ញាណ» ក្នុង​ជីវិត​ពួកគេ ។9

យ៉ូសែប ស៊្មីធ បាន​បង្រៀន​ពី​សេចក្ដីពិត​ដ៏​សំខាន់​នេះ​ថា ៖ « គោលការណ៍​ដ៏​សំខាន់​នៃ​សាសនាចក្រ​របស់​យើង [គឺជា]​ ទីបន្ទាល់​នៃ​ពួក​សាវក និង ពួក​ព្យាការី អំពី​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បានសុគត ត្រូវបាន​បញ្ចុះ ហើយ​បានរស់​ឡើងវិញ​នៅ​ថ្ងៃ​ទីបី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​រឿង​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​សាសនា​របស់​យើង គឺជា​រឿង​បន្ទាប់​បន្សំ​ទៅ​នឹង​រឿង​នេះ​ប៉ុណ្ណោះ » ។10

បើ​យើង​បន្ត​ផ្តោត​លើ​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួលបាន​ពរជ័យ​មួយ​ដែល​គ្មាន​អ្វីមកប្រៀបផ្ទឹម​បាន​ឡើយ ៖ « ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើ​សិន​ជា​អ្នករាល់គ្នា​ខិតខំ​ជឿន​ទៅមុខ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះវរបិតា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នករាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។ 11

ពេលខ្លះ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏ស្មោះត្រង់ និង​ពួក​អ្នក​រៀន​ថ្មីដែល​មាន​ចិត្ត​ស្មោះ ចាប់ផ្ដើម​ផ្ដោត​លើ «រឿង​បន្ទាប់បន្សំ» ជាជាង​ទៅ​លើ​គោលការណ៍​ដ៏​សំខាន់ ។ នោះ​គឺ សាតាំង​កំពុង​ល្បួង​យើង​ឲ្យ​បែកចេញ​ពី​សារលិខិត​ដ៏​សាមញ្ញ ហើយ​ច្បាស់​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ជារឿយៗ ជន​ដែលទទួល​យក​ការណ៍នោះ បាន​បោះបង់​ការ​ទទួល​ទាន​សាក្រាម៉ង់ ដោយសារ​ពួកគេ​បាន​ផ្ដោត ថែមទាំង​រវល់តែគិតពី​ការអនុវត្ត ឬ​ការ​បង្រៀន​ដែល​មិន​សូវសំខាន់ ។

ជនខ្លះទៀត អាច​នឹង​ផ្ដោត​លើ​សំណួរ និង ការ​សង្ស័យ​ដែល​ពួកគេ​មាន។ ពិតណាស់ ការ​មាន​សំណួរ និង ការ​មាន​ភាពសង្ស័យ​គឺ​មិន​ខុស​គ្នា​នឹង​ភាពជាសិស្ស​ដ៏​ស្មោះត្រង់​ទេ ។ ថ្មីៗ​នេះ ក្រុមប្រឹក្សា​នៃ​គណៈប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា ៖ «ពេល​ខ្លះ យើង​យល់​ថា សមាជិក​សាសនាចក្រ​នឹង​មាន​សំណួរ​ពី​គោលលទ្ធិ ប្រវត្តិសាស្ត្រ ឬ​ការ​អនុវត្ត​ក្នុង​សាសនាចក្រ ។ សមាជិក​មាន​សិទ្ធិសេរីភាព​ជានិច្ច ដើម្បី​សួរ​សំណួរ​បែប​នេះ ហើយ​ស្វែងរកដោយ​ស្មោះត្រង់​នូវ​ការ​យល់ដឹង​ដែល​ប្រសើរ​ជាងមុន» ។12

សូម​ចាំថា យ៉ូសែប ស៊្មីធ ផ្ទាល់បាន​មាន​សំណួរ​ដែល​បាន​ចាប់ផ្ដើម​នៃ​ការស្ដារ​ឡើងវិញ ។ លោក​ជា​អ្នក​ស្វែងយល់ ហើយ​បាន​រកឃើញ​ចម្លើយ​សម្រាប់​សំណួរ​ដ៏​សំខាន់បំផុត​ក្នុង​ជីវិត​ ដូចជា​អ័ប្រាហាំ​ដែរ ។

សំណួរ​ដ៏​សំខាន់​នេះ​ផ្ដោតទៅ​លើ​បញ្ហា​ដ៏​សំខាន់​បំផុត—គឺ​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។ ការ​ស្រាវជ្រាវ​របស់​យើង​គួរ​តែ​ដឹកនាំ​យើង​ឲ្យ​ក្លាយ​ជា​ពួក​សិស្ស​ដែល​មាន​ចិត្ត​ល្អ ទន់ភ្លន់ មាន​ក្ដីស្រឡាញ់ ចេះ​អត់ទោស អត់ធ្មត់ ហើយ​ស្មោះត្រង់ ។ ដូចជា ប៉ុល បាន​បង្រៀន​ថា យើង​ត្រូវ​តែ​មាន​ឆន្ទៈ​ដើម្បី «យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ» ។13

ដើម្បី​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក រួម​មាន​ ការ​ជួយ ការ​គាំទ្រ និង​យល់ចិត្ត​ចំពោះ​មនុស្ស​គ្រប់គ្នា រួម​មាន អ្នកឈឺ អ្នក​ទន់ខ្សោយ អ្នក​កំសត់​ខាង​វិញ្ញាណ និង​រូបកាយ អ្នកស្វែងរក និង​អ្នក​ដែល​មាន​បញ្ហា ព្រមទាំង​ពួក​សិស្ស​ផ្សេងទៀត​—រួម​មាន​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះអម្ចាស់​ឲ្យ​បម្រើក្នុង​រយៈពេល​មួយ​ផងដែរ ។

បងប្អូន​ប្រុសស្រី សូម​បន្ត​នៅ​លើទូក ប្រើ​អាវពោង​របស់​បងប្អូន ហើយ​ត្រូវ​យក​ដៃ​ទាំងពីរ​តោង​ទូក​ឲ្យ​ជាប់ ។ ចូរ​ចៀស​ចេញ​ពី​ការ​អូសទាញ! ហើយ​បើ​មាន​បងប្អូន​ណាម្នាក់បាន​លោត​ចុះ​ពី​ទូកនេះ យើង​នឹង​ស្វែង​រក​បងប្អូន បម្រើ​ដល់​បងប្អូន ហើយ​ទាញ​បងប្អូន​ត្រឡប់​មក​នាវា​ដ៏​ចំណាស់​នៃ​ស៊ីយ៉ូន​វិញ​ដោយ​សុវត្ថិភាព ជាទី​ដែល​ព្រះវរបិតា​យើង និង​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ គង់​នៅ​ឯ​ដៃ​ចង្កូត ហើយ​ទ្រង់​នឹង​ដឹកនាំ​យើង​នៅ​លើ​ផ្លូវ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​នេះដោយ​រាបសា​​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​​ចំណាំ

  1. Teachings of Presidents of the Church: Brigham Young (ឆ្នាំ 1997) ទំព័រ 82–83។

  2. Brigham Young «Discourse» Deseret News ថ្ងៃទី 27 ខែ មករា ឆ្នាំ 1858 ទំព័រ 373។

  3. Brigham Young « Remarks » Deseret News ថ្ងៃ ទី 18 ខែ វិច្ឆិកា ឆ្នាំ 1857 ទំព័រ 201 ។

  4. អាលម៉ា 5:26

  5. អិម រ័សុល បាឡឺដ «Mission Leadership» (សុន្ទរកថា​ធ្វើ​ឡើង​នៅ​សិក្ខា​សាល​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2014) ទំព័រ 8។

  6. អិម រ័សុល បាឡឺដ «Be Still, and Know That I Am God» (Church Educational System devotional ថ្ងៃទី 4 ខែ ឧសភា ឆ្នាំ 2014), LDS.org/broadcasts

  7. អាលម៉ា 17:2

  8. អាលម៉ា 17:3

  9. លិខិត​របស់​គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ចុះថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2014។

  10. Joseph Smith Elders’ Journal ខែ កក្កដា ឆ្នាំ 1838 ទំព័រ 44។

  11. នីហ្វៃទី  2 31:20

  12. លិខិត​របស់​គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ចុះថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2014។

  13. កាឡាទី 6:2