ឆ្នាំ ២០១០-២០១៩
ខ្ញុំ​ដឹង​រឿង​ទាំងនេះ​ដោយ​ខ្លួន​ឯង
១០ 2014


ខ្ញុំ​ដឹង​រឿង​ទាំងនេះ​ដោយ​ខ្លួន​ឯង

ការដឹង​​ដោយ​ខ្លួន​ឯង​ថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញគឺជាការ​ពិត វា​អាច​ក្លាយ​ជា​បទពិសោធន៍​ដ៏ធំធេង ហើយ​រីករាយ​បំផុត​នៅ​ក្នុង​ជីវិត។

បងប្អូនប្រុស​ជាទីស្រឡាញ់ យើង​បានទទួលការ​បំផុសគំនិត​ជាបន្ត​បន្ទាប់​តាមរយៈ​គំរូ និង​ការ​បម្រើ​ផ្ទាល់ក្នុង​បព្វជិតភាព​របស់​ប្រធានថូម៉ាស  អេស ម៉នសុន។ ថ្មីៗ​នេះ មាន​ឌីកុន​ពីរបីនាក់​ត្រូវបាន​គេ​សួរ​ថា «តើ​អ្វីទៅ​ដែល​ក្មួយ​កោតសរសើរបំផុត​ចំពោះ​ប្រធាន​ម៉នសុន?» មាន​ឌីកុន​ម្នាក់​នៅ​ចាំ​ពី​របៀប​ដែល​ប្រធាន ម៉នសុន បាន​ឲ្យ​តុក្កតា​របស់​លោក​ទៅ​កាន់​មិត្ត​ដែល​ក្រីក្រ កាល​ពី​ក្មេង​។ មាន​ម្នាក់​ទៀត​បានលើក​ឡើង​ពីរបៀប​ដែល​ប្រធាន ម៉នសុន មើលថែ​ស្ត្រីមេម៉ាយ​ជាច្រើន​ក្នុង​វួដ​របស់​លោក។ ឌីកុន​ទីបី​បាន​សង្កេត​ឃើញ​ថា លោក​ត្រូវ​បាន​ហៅ​ធ្វើ​ជា​សាវក​ក្នុង​វ័យ​ក្មេ​ង ហើយ​លោក​បាន​ផ្ដល់​ពរ​ជ័យ​ដល់​មនុស្ស​ជុំវិញ​ពិភពលោក។ រួច​មាន​យុវជនម្នាក់​បាន​ពោលថា «រឿង​ដែល​ខ្ញុំ​កោត​សរសើរ​បំផុត​ដល់​ប្រធាន​ម៉នសុន​គឺទីបន្ទាល់​ដ៏រឹងមាំ​របស់​លោក»។

ពិតណាស់ យើង​ទទួល​អារម្មណ៍ពី​សាក្សីដ៏ពិសេស​នៃ​ព្រះអង្គសង្គ្រោះ​ ព្រះយេស៊ូវ​គ្រីស្ទ​របស់​ព្យារី​យើង និង​ការតាំង​ចិត្ត​របស់​លោក​ដើម្បីធ្វើ​តាម​ការ​បំផុសគំនិត​ពី​ព្រះវិញ្ញាណ​ជានិច្ច។ ជាមួយ​នឹង​បទពិសោធន៍​នីមួយៗ​ដែល​លោក​ចែកចាយ ប្រធាន ម៉នសុន អញ្ជើញ​យើង​ឲ្យ​រស់នៅ​តាម​ដំណឹងល្អឲ្យ​កាន់តែ​ពេញ​លេញ ហើយ​ស្វែងរក និង​ពង្រឹង​ដល់ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់យើង។ ចូរ​ចងចាំ​ពីអ្វីដែល​លោកបាន​ថ្លែង​ពី​លើ​វេទិកានេះពី​សន្និសីទទូទៅ​ប៉ុន្មាន​លើក​មុន។ «ដើម្បី​ឲ្យ​យើង​រឹងមាំ ហើយ​អាចទ្រាំ​នឹង​រាល់​កម្លាំង​ដែល​ទាញ​យើង​ចូល​ទៅ​ក្នុង​ផ្លូវ​ខុស … យើង​ត្រូវតែ​មាន​ទីបន្ទាល់ផ្ទាល់ខ្លួន​។ មិន​ថា បងប្អូន​មាន​អាយុ 12 ឆ្នាំ ឬ 112 ឆ្នាំ—ឬ​នៅចន្លោះនេះ​នោះទេ—បងប្អូន​អាច​ដឹង​ដោយ​ខ្លួនឯង​ថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ​គឺពិត»។1

ទោះជា​សារលិខិត​ខ្ញុំ​នារាត្រី​នេះនិយាយ​ទៅ​កាន់​អ្នក​ដែល​មាន​អាយុជិតចូល 12 ឆ្នាំ ច្រើន​ជាង 112 ឆ្នាំ​ក្ដី ប៉ុន្តែ​គោលការណ៍​​ដែល​ខ្ញុំ​ចែកចាយអនុវត្ត​ចំពោះ​មនុស្ស​គ្រប់គ្នា។ នៅក្នុង​ការ​ឆ្លើយ​​​តប​ចំពោះ​សេចក្ដី​ថ្លែង​របស់​ប្រធាន ម៉នសុន ខ្ញុំ​នឹង​សួរ​ថា តើ​យើង​ម្នាក់ៗដឹង​ដោយ​ខ្លួន​យើង​ថា ដំណឹងល្អ​​​ពិត​ឬ​ទេ ? តើ​យើងអាច​និយាយ​ដោយភាពជឿ​ជាក់​ថា ទីបន្ទាល់​យើងពិតជា​របស់​យើង​ផ្ទាល់​បាន​ទេ? ខ្ញុំ​សូម​ដកស្រង់​ប្រសាសន៍​ប្រធាន​ម៉នសុន​ម្ដងទៀត​ថា៖ « ខ្ញុំអះអាង​ថា ទីបន្ទាល់​រឹងមាំ​អំពី​ព្រះអង្គសង្គ្រោះ​យើង និង​ដំណឹង​ល្អ​របស់​ទ្រង់​... ​ការពារ​អ្នក​ពី​អំពើ​បាប និង​សេចក្ដី​អាក្រក់​ជុំវិញ​បងប្អូន ។  … បើ​អ្នកពុំ​ទាន់​មាន​ទីបន្ទាល់​មួយ​អំពី​រឿង​ទាំង​នេះ​ទេ ចូរ​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ ។ វា​ជាការ​ចាំបាច់​សម្រាប់បងប្អូន​ដើម្បី​មាន​ទីបន្ទាល់ផ្ទាល់​ខ្លួន ពីព្រោះ​​ទីបន្ទាល់​របស់អ្នកដទៃ​នឹង​ដឹកនាំ​បងប្អូន​មិន​បាន​ឆ្ងាយ​ទេ»។2

ខ្ញុំ​ដឹង​រឿង​ទាំងនេះ​ដោយ​ខ្លួនឯង

ការដឹង​​ដោយ​ខ្លួន​ឯង​ថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញគឺជាការ​ពិត វា​អាច​ក្លាយ​ជា​បទពិសោធន៍​ដ៏ធំធេង ហើយ​រីករាយ​បំផុត​នៅ​ក្នុង​ជីវិត។ យើង​ប្រហែល​ជាត្រូវ​ចាប់ផ្ដើម​ដោយ​ផ្អែក​ទៅ​លើ​ទីបន្ទាល់​របស់​អ្នកដទៃ—ដោយ​ថ្លែង​ដូចជា​ពួក​ទ័ពកម្លោះ​ដែរ ថា «យើង​ខ្ញុំ​មិន​សង្ស័យ​សោះថា ម្ដាយ​យើង​ដឹង​ការ​ណ៍​នេះ»។3 នេះ​ជាកន្លែង​ល្អ​ដើម្បីចាប់ផ្ដើម ប៉ុន្តែ​យើងត្រូវតែមាន​ភាពរីកចម្រើន​ចាប់ពីត្រង់​នេះទៅ។ ដើម្បី​មាន​ភាពរឹងមាំ​ក្នុងការ​រស់នៅតាម​ដំណឹងល្អ គ្មានអ្វីដែល​សំខាន់​ជាង​ការទទួលបាន និង ការពង្រឹង​ទីបន្ទាល់​យើង​ផ្ទាល់​នោះទេ។ យើងត្រូវតែ​មាន​សមត្ថភាពដើម្បីប្រកាស ដូចជា​អាលម៉ាថា «ខ្ញុំ​… ដឹង​រឿង​ទាំងនេះ​ដោយ​ខ្លួន​ឯង»។4

«ហើយ​តើ​អ្នករាល់គ្នា​គិត​ស្មានថា ខ្ញុំ​ដឹង​រឿងទាំងនេះ​យ៉ាងប្រាកដ​ដូចម្ដេចដែរ?» អាលម៉ា​ បាន​បន្ត​។ «មើល​ចុះ ខ្ញុំ​សូម​ប្រាប់អ្នក​ថា រឿងទាំងនេះគឺព្រះវិញ្ញាណបរិសុទ្ធ​នៃព្រះទ្រង់​បានប្រាប់ដល់​ខ្ញុំ។ មើលចុះ ខ្ញុំ​បានតមអាហារ ហើយ​បានអធិស្ឋាន​ជាច្រើន​ថ្ងៃដើម្បីខ្ញុំ​អាច​ដឹង​នូវរឿង​ទាំងនេះដោយ​ខ្លួន​ខ្ញុំ។ ហើយ​ឥឡូវនេះ​ ខ្ញុំ​ដឹង​រឿង​ទាំងនោះ​ដោយ​ខ្លួន​ខ្ញុំថាជារឿង​ពិត»។5

ខ្ញុំ​ប្រាថ្នា​ចង់ឃើញអ្វីៗដែលឪពុក​ខ្ញុំ​បាន​ឃើញ

ដូចជា​អាលម៉ាដែរ នីហ្វៃ​ក៏បាន​ដឹង​ពី​សេចក្ដីពិត​នោះ​ដោយ​ខ្លួន​​ឯង​ដែរ។ បន្ទាប់ពី​ស្ដាប់ឪពុក​ខ្លួន​ប្រាប់ពី​បទពិសោធន៍ខាង​វិញ្ញាណ​ជាច្រើន​របស់​គាត់ នីហ្វៃ​ចង់ដឹង​ពីអ្វីដែល​ឪពុក​ខ្លួន​​បាន​ដឹង។ នេះ​គឺលើស​ពី​ការ​ចង់ដឹង​ធម្មតាទៅទៀត—វា​ជាអ្វីមួយ​ដែល​គាត់ស្រេក​ឃ្លាតចង់បាន។ ទោះ​ជា​ គាត់ «នៅ​ក្មេង​» ក្ដី គាត់«មានចិត្ត​មោះមុត​ចង់ដឹង​នូវ​សេចក្ដីអាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ» ។​6 គាត់ប្រាថ្នា​ចង់ «ឃើញ និង​ឮ និង​ដឹង​នូវរឿង​ទាំងនេះដែរ គឺដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ»។7

កាល​នីហ្វៃ «អង្គុយរំពឹងគិត​នៅ​ក្នុង​ចិត្ត[គាត់]» គាត់ត្រូវបាន​នាំ «ទៅដោយ​ព្រះវិញ្ញាណ...ទៅ​ឯ​ភ្នំ​មួយ​ដ៏ខ្ពស់អស្ចារ្យ» ជាកន្លែងដែល​គាត់ត្រូវបាន​សួរ​ថា «តើអ្នក​ប្រាថ្នា​អ្វី?» ចម្លើយ​គាត់​គឺ​សាមញ្ញ​ថា៖ «ទូលបង្គ​ប្រាថ្នា​ចង់​ឃើញ​អ្វីៗដែល​ឪពុក​ទូលបង្គំបាន​ឃើញ»។​8 ដោយ​សារ​តែ​ចិត្ត​ជឿ​ និង ការ​ខិតខំ​ដោយ​ឧស្សាហ៍​របស់​គាត់ នោះ​នីហ្វៃ​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​ជាមួយ​នឹង​បទពិសោធន៍​មួយ​ដ៏អស្ចារ្យ។ គាត់បាន​ទទួលសាក្សី​មួយ​ពីការ​ប្រសូត ជីវិត និង ការ​ឆ្កាង​របស់​ព្រះអង្គសង្គ្រោះ​ ព្រះយេស៊ូវគ្រីស្ទដែល​នឹង​កើត​ឡើង គាត់បាន​ឃើញ​ការ​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន និង ការ​ស្ដារ​ឡើង​វិញ​នៃដំណឹងល្អ​ក្នុង​ថ្ងៃចុងក្រោយ—ដោយសារ​តែ​ការ​ប្រាថ្នា​ចង់ដឹង​ដ៏ស្មោះ​ដោយ​ខ្លួន​ឯង។9

បទពិសោធន៍​ផ្ទាល់​ខ្លួនជាមួយ​ព្រះអម្ចាស់​ទាំងនេះ បាន​រៀបចំនីហ្វៃ​សម្រាប់​មារសត្រូវ និង​បញ្ហា​នានា ដែល​លោក​នឹង​ជួប​ក្នុង​ពេល​ឆាប់ៗ ។ ទ្រង់​អាច​ធ្វើ​ឲ្យលោក​ឈ​រឹងមាំ ទោះ​ជា​អ្នកដទៃ​ក្នុង​គ្រួសារ​លោក​ មាន​បញ្ហា​ក្ដី ។ លោក​អាច​ធ្វើ​ដូច្នេះ​បាន ដោយ​សារ​លោកបាន​រៀន ដោយ​ខ្លួន​ឯង ហើយ​លោក បាន​ដឹង ដោយ​ខ្លួន​លោក ។ លោក​ត្រូវ​បាន​ប្រទានពរ​ឲ្យ​មានទីបន្ទាល់​ផ្ទាល់​ខ្លួន ។

មាន​តែ​សូម​ដល់​ព្រះ

ស្រដៀង​គ្នានឹង​នីហ្វៃដែរ ព្យាការី​ យ៉ូសែប ស្ម៊ីធ ក៏ «នៅ​ក្មេង» ពេល​ដែល​លោក​មាន​​គំនិត​ «គិតពិចារណា​ដ៏ជ្រាលជ្រៅ» ពីសេចក្ដីពិត​ខាង​វិញ្ញាណ។ សម្រាប់​យ៉ូសែប វា​ជាគ្រានៃ «ការ​ជ្រួលច្របល់ដ៏ធំ» ដោយ​ហ៊ុមព័ទ្ធ​ទៅដោយ​សារ​លិខិតនៃជម្លោះ និង ការ​ភ័ន្ត​ច្រឡំ​អំពី​សាសនា។ លោក​ចង់​ដឹង​ថាតើព្រះវិហារ​ណា​មួយ​ជាព្រះវិហារ​ត្រឹមត្រូវ។10 បាន​បំផុស​គំនិត​ដោយ​ពាក្យ​ទាំង​នេះ​ក្នុង​ព្រះគម្ពីរ​ប៊ីប៖ «បើ​អ្នក​រាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ»​11 ​លោកបាន​រក​ចម្លើយ​នោះ​ដោយ​ខ្លួនឯង។ នៅ​ព្រឹក​ដ៏ស្រស់បំព្រង​មួយ​នៅ​និទាឃរដូវ​ក្នុង​ឆ្នាំ 1820 លោក​បាន​ចូល​ទៅ​ក្នុង​ព្រៃ ហើយ​លុត​ជង្គង់​អធិស្ឋាន។ ដោយ​សារ​សេចក្ដីជំនឿ​លោក និង​ដោយសារ​ព្រះ​មាន​កិច្ចការ​ពិសេស​មួយ​ឲ្យ​លោក​ធ្វើ​ យ៉ូសែប បានទទួល​ការនិមិត្ត​ដ៏រុងរឿង​មួយ​ពី​ព្រះជាព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ដឹង​ដោយ​ខ្លួន​ឯង​ពីអ្វីដែល​លោក​ត្រូវធ្វើ។

តើ​បងប្អូន​ឃើញ​នៅ​ក្នុង​បទពិសោធន៍​របស់​យ៉ូសែប ពី​គំរូ​ដែល​បងប្អូន​អាច​អនុវត្តក្នុងការ​ទទួល​បាន ឬ​ពង្រឹងទីបន្ទាល់ខ្លួន​ដែរឬទេ? យ៉ូសែបបានអនុញ្ញាត​ឲ្យ​បទគម្ពីរ​ជ្រាបចូល​ក្នុង​ចិត្ត​លោក។ លោក​បាន​ពិចារ​ណា​វាយ៉ាងខ្លាំង ហើយ​បានអនុវត្ត​វា​ក្នុងស្ថានភាពលោក​ផ្ទាល់។ រួច​លោក​បាន​ធ្វើនូវអ្វីដែល​លោក​បាន​រៀន។ លទ្ធផល​គឺជាការ​និមិត្ត​ដំបូង​ដ៏រុងរឿង—និង​អ្វីគ្រប់យ៉ាងដែលកើត​មាន​តាម​ក្រោយ។ សាសនាចក្រនេះ​ត្រូវបាន​រកឃើញ​នៅលើ​គោលការណ៍​ដែល​មនុស្សគ្រប់គ្នា—រួម​ទាំង​ក្មេងប្រុស​អាយុ 14—អាច​«សូម​ដល់​ព្រះ» ហើយ​ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​ខ្លួន។

ដូច្នេះ​តើ​ទីបន្ទាល់​ជាអ្វីទៅ?

ជារឿយៗ យើង​ឮសមាជិក​សាសនាចក្រ​ពោលថា ទីបន្ទាល់ពួកគេពី​ដំណឹងល្អ​គឺជា​ទ្រព្យ​​ដ៏មាន​តម្លៃ​បំផុត​របស់​ពួកគេ។ វា​ជា​អំណោយទាន​ដ៏ពិសិដ្ឋ​មក​ពី​ព្រះដែល​កើត​មាន​ចំពោះ​យើងដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ។ វាជាភាពច្បាស់លាស់​ដ៏ពិតប្រាកដ​ដែល​យើង​ទទួលបាន ពេល​យើងសិក្សា អធិស្ឋាន ហើយ​រស់​នៅតាម​ដំណឹងល្អ។ វា​ជាអារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ថ្លែង​ជាសាក្សី​ដល់​ព្រលឹង​យើងថា អ្វីដែល​យើង​កំពុង​រៀន និង ធ្វើ​ជារឿង​ត្រឹមត្រូវ។

អ្នកខ្លះ​និយាយ​ថាទីបន្ទាល់​ប្រៀប​ដូចជា​កុងតាក់​ភ្លើង—វា​អាច​បិទបើក​បាន បងប្អូនក៏​អាច​មាន​ទីបន្ទាល់ ឬ​គ្មានផងដែរ។ តាម​ពិត ទីបន្ទាល់​គឺប្រៀបដូចជា​ដើម​ឈើ​មួយ​ដែល​បាន​លូតលាស់ ហើយ​អភិវឌ្ឍ​ខ្លួន​ឆ្លង​កាត់​ស្ថានភាពជាច្រើន។ ដើមឈើ​ដ៏​ខ្ពស់បំផុត​មួយ​ចំនួន​នៅ​លើ​ផែនដីគឺ​មាន​នៅ​ក្នុង​សួនជាតិ​រេឌវូដ នៅ​ភាគខាង​លិច​នៃ​សហរដ្ឋ​អាមេរិក។ កាល​បងប្អូន​ឈរ​នៅ​ក្បែរ​គល់​ដ៏ធំ​ទាំងនេះ វា​ជា​ការ​អស្ចារ្យ​ដើម្បី​គិតថា ដើមឈើ​នីមួយៗ​រីកលូតលាស់​ពី​គ្រាប់ពូជដ៏តូច​មួយ។ ដូច្នេះវា​ក៏ដូចជាទីបន្ទាល់​យើង​ដែរ។ ទោះ​ជា​ វា​ប្រហែល​ជា​ចាប់ផ្ដើ​មដោយ​បទពិសោធន៍ខាង​វិញ្ញាណ​តែមួយក្ដី វា​លូតលាស់ ហើយ​អភិវឌ្ឍដោយ​ឆ្លង​កាត់​ការ​ចិញ្ចឹមបីបាច់ និង​ការជួបប្រទះខាង​វិញ្ញាណ​ជា​ទៀងទាត់។

ពេលនោះ វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ពេល​ព្យាការី​អាលម៉ាបានពន្យល់ពីរបៀប​យើង​អភិវឌ្ឍទីបន្ទាល់ គាត់​បាន​លើក​ឡើង​ពី​គ្រាប់ពូជ​មួយ​លូតលាស់ទៅជា​ដើម​ឈើ។ គាត់​បាន​ពោលថា «បើសិន​ជា​អ្នក​រាល់​គ្នា​ទុក​កន្លែង​មួយ​សម្រាប់​ឲ្យ​គ្រាប់​ពូជ​នោះ​អាច​ដុះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក មើលចុះ​បើសិន​ជា​គ្រាប់​ពូជ​នេះ​ជា​គ្រាប់​ពិត ឬ​ជាគ្រាប់ល្អ បើសិន​ជា​អ្នក​រាល់​គ្នា​ពុំ​បោះ​វា​ចោល ដោយ​ការ​ឥត​ជំនឿ​... ​គ្រាប់​ពូជ​នោះ​នឹង​ចាប់​ផ្ដើម​រីក​ឡើង​នៅ​ក្នុង​ទ្រូងរបស់​អ្នក ហើយនៅពេល​អ្នក​ចាប់អារម្មណ៍ថា គ្រាប់​នោះ​រីកឡើង នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ដោយ​ខ្លួន​ឯង​ថា—នេះ​ច្បាស់​ជា​គ្រាប់​ពូជល្អ ឬ​ក៏ព្រះបន្ទូល​នោះ​ល្អ ព្រោះ​វា​ចាប់​ផ្ដើម​ពង្រីក​ព្រលឹង​របស់​ខ្ញុំ មែនហើយ វា​ចាប់​ផ្ដើម​បំភ្លឺ​យោបល់​របស់​ខ្ញុំ មែនហើយ​វា​ចាប់ផ្ដើម​មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ខ្ញុំ ។12

ជារឿយៗ នេះជារបៀបដែល​ទីបន្ទាល់​ចាប់ផ្ដើម៖ ជាមួយ​នឹង​អារម្មណ៍​ពិសិដ្ឋ បំភ្លឺ ច្បាស់​លាស់ដែល​បង្ហាញ​ប្រាប់​យើង​ថា ព្រះបន្ទូល​នៃព្រះ​ពិត។ ប៉ុន្តែ​ទោះ​ជា​អារម្មណ៍​ទាំងនេះ​អស្ចារ្យ​យ៉ាង​ណា​ក្ដី វា​គ្រាន់​តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ។ កិច្ចការ​ដែល​បងប្អូន​​ត្រូវ​បង្កើ​ន​ទីបន្ទាល់​ខ្លួន​មិន​ទាន់​ចប់ទេ—វា​លើស​ពី​កិច្ចការ​នៃ​ការលូតលាស់​ដើមឈើ​រេឌវូដត្រូវ​បញ្ចប់ ពេល​គ្រាប់ពូជនោះ​ដុះពន្លក​ចេញ​ពី​ដីទៅទៀត។ បើ​យើង​បដិសេធ ឬ​បោះបង់ការ​បំផុស​គំនិត​ខាង​វិញ្ញាណ​ដំបូងទាំងនេះ បើ​យើង​មិន​ចិញ្ចឹមបីបាច់​វាដោយ​បន្ត​សិក្សា​ព្រះគម្ពីរ ហើយ​អធិស្ឋាន និង​ដោយ​ការ​ស្វែងរក​បទពិសោធន៍​ជាមួយ​នឹង​ព្រះវិញ្ញាណ​បន្ថែមទៀតនោះទេ អារម្មណ៍​យើង​នឹង​អាប់ពន្លឺ ហើយ​ទីបន្ទាល់​យើងក៏​នឹង​ថយ​ចុះ។

ដូចជាអាលម៉ា​បានពោលថា៖ «បើសិន​ជាអ្នក​រាល់គ្នា​បោះបង់ដើម​នោះ ហើយ​ពុំ​បាន​គិត​ដល់​ការ​ថែទាំវា មើល​ចុះ វានឹងពុំចាក់​ឫសទេ ហើយ​កាល​ណា​កំដៅ​ថ្ងៃ​មក​ដល់ នោះ​នឹង​ដុត​រោលវា​ទៅវិញ ពីព្រោះ​វា​គ្មាន​ឫស វា​នឹង​ក្រៀម​ស្ងួត​ទៅ ហើយ​អ្នករាល់គ្នា​នឹង​ដកវា​ឡើង ហើយ​បោះវា​ចោលទៅ»។13

ក្នុង​ករណីភាគច្រើន​ ទីបន្ទាល់​យើង​នឹង​រីកចម្រើន​ដូចជាដើម​ឈើ​លូតលាស់ដែរ៖បន្តិចម្ដងៗ ស្ទើរ​តែ​តិច​តួច​បំផុត ដោយសារការខិតខំមើលថែដោយ​ឧស្សា​ហ៍​របស់​យើង។ «ប៉ុន្តែ បើសិន​ជា​អ្នករាល់គ្នាពុំថែទាំព្រះបន្ទូល ពុំទន្ទឹងចាំដោយ​ភ្នែក​នៃ​សេចក្ដីជំនឿដល់​ផល​នៃ​ព្រះបន្ទូល​នោះ​ទេ នោះអ្នករាល់គ្នា​នឹង​ពុំ​អាច​បេះផ្លែនៃ​ដើមជីវិត​បាន​ឡើយ»។14

ឥឡូវនេះជាពេល ថ្ងៃនេះជាថ្ងៃ

ទីបន្ទាល់ខ្ញុំ​បាន​ចាប់ផ្ដើម កាល​ខ្ញុំ​សិក្សា ហើយ​ពិចារណា​ពី​ការ​បង្រៀន​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរមរមន។ កាល​ខ្ញុំ​លុតជង្គង់ចុះសួរ​ព្រះដោយ​អធិស្ឋាន​ដ៏រាបសា នោះ​ព្រះវិញ្ញាណបរិសុទ្ធ​បាន​ថ្លែង​ប្រាប់ព្រលឹង​ខ្ញុំ​ថា អ្វីដែល​ខ្ញុំបាន​អាន​ជារឿង​ពិត។ សាក្សី​ដំបូង​នេះ​បាន​ក្លាយ​ជា​សារធាតុ​បន្ថែម​សម្រាប់​ទីបន្ទាល់ខ្ញុំ​ស្ដីពី​សេចក្ដីពិតនៃ​ដំណឹងល្អផ្សេងទៀត​ជាច្រើន ដូចជា​ប្រធាន​ម៉នសុន​បាន​បង្រៀន​ថា៖ «ពេល​យើង​ដឹង​ថាព្រះគម្ពីរ​មរមន​ពិត នោះ​យើង​នឹងដឹងថា យ៉ូសែប ស្ម៊ីធ ពិតជា​ព្យាការី​ ហើយ​ថា​លោក​បាន​ឃើញ​ព្រះជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់គឺ​ព្រះយេស៊ូវគ្រីស្ទ​មែន។ ដំណឹងល្អ​ត្រូវបាន​ស្ដារ​ឡើងវិញ​នៅថ្ងៃចុងក្រោយ​នេះតាមរយៈយ៉ូសែប ស្ម៊ីធដែរ—រួមមាន​ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាពអើរ៉ុន និង មិលគីស្សាដែកនៅ​តាម​ក្រោយ​ផងដែរ​»។15 ចាប់តាំងពីថ្ងៃនោះមក ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍ដ៏ពិសិដ្ឋ​ជាមួយនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ដែលវា​បាន​បញ្ជាក់​ចំពោះ​ខ្ញុំ​ជា​ថ្មី​ថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ​គឺជារឿង​ពិត។ ជាមួយ​អាលម៉ា ខ្ញុំអាច​និយាយ​យ៉ាងច្បាស់ថា ខ្ញុំ​ដឹងរឿងទាំងនេះ​ដោយ​ខ្លួន​ឯង។

មិត្តវ័យក្មេង​របស់​ខ្ញុំអើយ ឥឡូវនេះ​ជាពេល ហើយ​ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ដើម្បី​រៀន ឬ​ពង្រឹង​ខ្លួន​យើង​ថា ដំណឹងល្អ​នេះ​ពិត។ យើង​ម្នាក់ៗ​មាន​កិច្ចការ​សំខាន់​មួយ​ដែលត្រូវធ្វើ។ ដើម្បីសម្រេច​កិច្ចការនេះបាន និង​ដើម្បី​ការ​ពារ​ពី​ឥទ្ធិពល​ខាង​លោកិយ​នានា ដែល​ហាក់​ដូចជា​បង្ហាញ​យ៉ាង​ច្បាស់​មិន​ចេះ​ដាច់ នោះ​​យើងត្រូវ​មាន​សេចក្ដីជំនឿរបស់​អាលម៉ា នីហ្វៃ និង យុវជន យ៉ូសែប ស្ម៊ីធ ដើម្បី​មាន ហើយ​អភិវឌ្ឍ​ទីបន្ទាល់យើង។

ដូចជា​ឌីកុនវ័យក្មេង​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​ដើម​ដែរ ខ្ញុំ​កោតសរសើរ​ប្រធានម៉នសុនចំពោះ​ទីបន្ទាល់​លោក។ វា​ដូចជា​ដើម​រេឌវូដ​ដ៏ខ្ពស់ដែរ ទីបន្ទាល់របស់​ប្រធាន​ម៉នសុន​ត្រូវលូតលាស់ ហើយ​អភិវឌ្ឍបន្តិចម្ដងៗ។ យើង​អាច​ដឹង​ដោយ​ខ្លួន​ឯង ដូចជាប្រធាន​ម៉នសុន​ដែរថា ព្រះយេស៊ូវគ្រីស្ទ​ជាព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះ​នៃ​ពិភពលោក ថា​យ៉ូសែប ស្ម៊ីធ ជាព្យាការី​នៃ​ការស្ដារ​ឡើងវិញ រួម​ទាំងការ​ស្ដារឡើងវិញ​នៃ​បព្វជិតភាព​នៃ​ព្រះ​។ យើង​កាន់បព្វជិតភាពដ៏បរិសុទ្ធនោះ។ សូម​​ឲ្យ​យើងរៀន​ពី​រឿង​ទាំងនេះ ហើយ​ដឹង​ដោយ​ខ្លួន​ឯង នេះ​ជា​​ការអធិស្ឋានដ៏រាបសា​របស់ខ្ញុំ ក្នុង​ព្រះនាម​ពិសិដ្ឋ នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។