ឆ្នាំ ២០១០-២០១៩
មាតាបិតា ៖ ជា​គ្រូបង្រៀនដំណឹងល្អសំខាន់បំផុត​របស់កូនៗ​ពួកគាត់
១០ 2014


មាតាបិតា ៖ ជា​គ្រូបង្រៀនដំណឹងល្អសំខាន់បំផុត​របស់កូនៗ​ពួកគាត់

និយាយ​ឲ្យ​អស់ទៅ គេហដ្ឋាន គឺ​ជាទី​ដ៏ឥតខ្ចោះ​ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

បិន ខាសុន បាន​និយាយ​ពី​ខ្លួន​គាត់​ផ្ទាល់​ថា ៖ « ខ្ញុំគឺ​ជាសិស្ស​អន់​បំផុត ក្នុង​ចំណោម​សិស្ស ថ្នាក់​ទី 5 របស់​ខ្ញុំ » ។ ។ ថ្ងៃមួយ បិន បានប្រឡង​គណិត​វិទ្យា ដែល​មាន 30 ចំណោទ ។ សិស្ស​ម្នាក់​ដែលអង្គុយ​នៅ​ខាងក្រោយ​គាត់ បាន​កែចំណោទ​របស់គាត់ ហើយ​បានហុច​វាឲ្យ​គាត់វិ​ញ ។ អ្នក​គ្រូ វីល្លាម​សុន​ បាន​ហៅ​ឈ្មោះ​សិស្ស​ និង ពិន្ទុ​ចំណោទ​របស់​គេម្នាក់ៗ ។ ទីបំផុតគ្រូ​​ហៅ​ឈ្មោះ​បិន ។ ដោយ​មានការ​ខ្មាស់អៀន នោះគាត់​ឆ្លើយ​ហ៊ឹមៗ ។ អ្នកគ្រូ វីល្លាម​សុន បាន​គិតថា គាត់ឆ្លើយ « 9 » ក៏តបថា ចំពោះ បិន ពិន្ទុត្រូវ 9 ក្នុង 30 សំណួរ គឺជាការ​រីកចម្រើន​ដ៏ប្រសើរ​មួយ ។ សិស្សដែល​អង្គុយនៅ​ក្រោយ បិន ស្រែកឡើងថា « មិនមែន 9 ទេ ! … គាត់​ពុំ​បាន​ពិន្ទុ​ទេ… ត្រូវ​ទេ » ។ បិន បាន​និយាយថា គាត់មិនហ៊ាន​មើលមុខ​នរណាទេ ។​

ព្រម​ជាមួយ​​គ្នានោះ ម្តាយ បិន ឈ្មោះ​សនញ៉ា បានជួប​នឹង​ឧបសគ្គ​ដែរ ។ គាត់គឺជា​កូនម្នាក់​ក្នុងចំណោម​កូន 24 នាក់ ដែល​បាន​រៀន​ត្រឹម​ថ្នាក់ទីបី ហើយមិន​ចេះ​អាន​ឡើយ ។ គាត់​បានរៀបការ​តាំង​ពី​អាយុ 13 ឆ្នាំ បាន​លះលែង​គ្នា មានកូន​ប្រុស​ពីរនាក់ និង ចិញ្ចឹម​ពួកគេ នៅក្នុងភូមិដ្ឋានយ៉ាង​ក្រតោក​យ៉ាក​នៃទីក្រុង ឌីត្រយ​(Detroit) ។ ថ្វីបើ​ដូច្នោះ​មែន​ក្តី គាត់បាន​ប្រឹង​ប្រែង​ខ្លួន​ឯង ដោយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ព្រះនឹង​ជួយគាត់ និង កូន​ប្រុសៗ​របស់​គាត់ បើ​ពួក​គេបំពេញ​តាមកាតព្វ​កិច្ចរបស់​ពួក​គេ ។

ថ្ងៃមួយ ជោគ​វាសនា​បាន​ត្រឡប់​ប្រែក្នុង​ជីវិត​គាត់ និង កូនប្រុសៗ​គាត់ ។ ពេល​សំអាត​ផ្ទះឲ្យគេ គាត់​បានភ្ញាក់​ខ្លួនថា អស់អ្នក​ដែល ​ជោគជ័យ គឺជា​អស់អ្នក​ដែល​មាន​បណ្ណាល័យ—​ពួកគេ​អាន ។ បន្ទាប់​ពីធ្វើ​ការ​ហើយ គាត់​បាន​ទៅផ្ទះ​វិញ ហើយ​បានបិទ​ទូរទស្សន៍​ដែល បិន និង ប្អូន​ប្រុសគាត់​កំពុង​មើល ។ គាត់បាន​និយាយ​សង្កត់​ធ្ងន់​ថា ៖ កូនទាំង​ពីរ មើលទូរទស្សន៍ច្រើន​ពេក​ហើយ ។ ចាប់​ពីពេល​នេះ​ទៅ កូន​អាច​មើល​កម្មវិធី​ទូរទស្សន៍​បី​ប៉ុណ្ណោះ ក្នុង​មួយ​សប្តាហ៍ ។ នៅ​ពេល​ទំនេរ​កូន​ត្រូវ​តែទៅ​បណ្ណាល័យ— អាន​សៀវភៅ​ពីរក្បាល​ក្នុងមួយ​សប្តាហ៍ ហើយផ្ត​ល់របាយ​ការណ៍​ដល់​ម៉ាក់​វិញ ។

ក្មេង​ប្រុសទាំង​ពីរនាក់​បានឈរ​ស្រឡាំង​កាំង ។ បិន បាន​និយាយ​ថា គាត់មិន​ដែល​អានសៀវភៅ​សោះ ក្នុងមួយ​ជីវិត​គាត់ លើក​លែង​តែបាន​តម្រូវ​នៅ​ឯសាលា​ប៉ុណ្ណោះ ។ ពួកគេ​បានរអ៊ូ​តវ៉ា ប៉ុន្តែ​មិនបាន​ប្រយោជន៍​អ្វី​សោះ ។ បិន ក៏បាន​និយាយ​ទៀត​ថា « គាត់​បាន​ដាក់​វិន័យ ។ ខ្ញុំ​មិនពេញ​ចិត្ត​នឹង​វិន័យ​នេះឡើយ ប៉ុន្តែការ​ប្ដេជ្ញាចិត្ត​របស់អ្នក​ម្តាយ ដើម្បី​ឃើញ​យើង​រីកចម្រើន បាន​ផ្លាស់​ប្តូរទិសដៅ​ជីវិតរបស់ខ្ញុំ » ។

ហើយ​នោះ​ពិតជា​ការ​ផ្លាស់ប្តូរ​ដ៏ធំ​មួយ ។ ត្រឹមថ្នាក់​ទីប្រាំពីរ គាត់​រៀនបាន​ខ្ពស់ជាង​គេក្នុង​ថ្នាក់គាត់ ។ គាត់​បានបន្ត​ទៅរៀន​ក្នុង​សកល​វិទ្យាល័យ​យែល តាមរយៈ​អាហារ​រូបករណ៍ រូចហើយចូល​រៀន​សាលា​វេជ្ជសាស្ត្រ​ឈ្មោះ ចន ហបគិនស៍ ខណៈដល់​អាយុ 33 ឆ្នាំ គាត់​បានក្លាយ​ជាប្រធាន​នៃមន្ទីរ​វះកាត់សរសៃ​ប្រសាទ​កុមារ ហើយ​បានក្លាយ​ទៅជាវេជ្ជ​បណ្ឌិតវះកាត់ដ៏​ល្បី​ឈ្មោះ​លើ​​ពិភពលោក ។ តើវា​បានកើត​ឡើងតាម​វិធីណា​ទៅ ? មួយ​ផ្នែក​ធំ គឺដោយ​ព្រោះតែ​ម្តាយ​ម្នាក់ដែលពុំមានប្រៀប​ច្រើន​ក្នុង​ជីវិត បាន​តម្កើង​ការហៅ​របស់គាត់​ក្នុងនាម​ជាម្ដាយ​ម្នាក់ ។1

ព្រះគម្ពីរ​និយាយ​ពី​មុខងារ​របស់​មាតា​បិតាថា—នោះ​គឺជា​កាតព្វ​កិច្ច​របស់​ពួក​គេ ដើម្បី​បង្រៀន​កូនៗ​របស់ខ្លួ​ននូវ « គោល​លទ្ធិ​អំពី​ការ​ប្រែចិត្ត សេចក្តី​ជំនឿ​ជឿដល់​ព្រះគ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃព្រះ​ដ៏មាន​ព្រះជន្ម​រស់នៅ និង អំពី​បុណ្យ​ជ្រមុជ​ទឹក ហើយ​និង​អំពី​អំណោយ​ទានជា​ព្រះវិញ្ញាណ​បរិសុទ្ធ » ( គ. និង ស. 68:25 ) ។

ក្នុង​នាម ជាមាតា​បិតា យើង​គឺជា​គ្រូបង្រៀន​ដំណឹង​ល្អ និង ជា​គំរូ​សំខាន់​បំផុត​ចំពោះ​កូនៗ​របស់យើង—ពុំមែន​ជា​ប៊ីស្សព សាលា​ថ្ងៃ​អាទិត្យ ក្រុម​យុវនារី ឬ ក្រុម​យុវជន​ទេ ប៉ុន្តែ​គឺជា​មាតាបិតា ។ ក្នុង​នាមជា​គ្រួ​បង្រៀនដំ​ណឹងល្អ​សំខាន់​បំផុត​របស់​ពួកគេ យើង​អាច​បង្រៀន​ពួកគេ​អំពីអំណាច និង ភាព​ពិតនៃ​ដង្វាយ​ធួន—អំពី​អត្តសញ្ញាណ និង ជោគ​វាសនា​ដ៏ទេវភាព​របស់​ពួកគេ—ធ្វើ​បែប​នេះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា នៅ​លើគ្រឹះ​សិលា​យ៉ាង​រឹងមាំ ។ និយាយ​ឲ្យ​​អស់ទៅ គេហដ្ឋាន គឺ​ជាទី​​ដ៏ឥតខ្ចោះ​ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រហែល​ជាមួយ​ឆ្នាំកន្លង​ទៅហើយ ខ្ញុំបាន​បំពេញ​ការចាត់​តាំងមួយ​នៅ​ក្នុង ទីក្រុង បេរូត, លេបាណន់ (Beirut, Lebanon) ។ ខណៈ​នៅ​ទីនោះ ខ្ញុំបាន​រៀន​អំពី​ក្មេងស្រី​ម្នាក់ អាយុ 12 ឆ្នាំ ឈ្មោះសារ៉ា ។ ឪពុក​ម្តាយ និង​បងពីរ​នាក់​របស់​នាង បាន​ប្រែចិត្ត​ជឿ​លើ​សាសនាចក្រ នៅ​ក្នុងប្រទេស រ៉ូម៉ានី (Romania) ប៉ុន្តែ​ត្រូវ​បានគេ​ឲ្យ​ទៅ​ប្រទេសកំណើត​វិញ ពេល​នាងមាន​អាយុ​តែប្រាំពីរ​ឆ្នាំ​ប៉ុណ្ណោះ ។ នៅ​ប្រទេស​កំណើត​ពួកគេ គ្មានវត្ត​មាន​សាសនាចក្រ គ្មាន​ក្រុម​អង្គភាព កម្មវិធី​សាលា​ថ្ងៃ​អាទិត្យ ឬក្រុម​យុវនារី​ឡើយ ។ ប្រាំឆ្នាំ​ក្រោយ​មក គ្រួសារនេះ​បានដឹង​ថា មានសាខាមួយ នៅ​ទីក្រុង បេរូត ទើបតែមុន​នឹងខ្ញុំ​មក​ដល់ ដែល​ពួកគេ​បាន​បញ្ជូនកូន​ស្រីឈ្មោះ សារ៉ា អាយុ 12 ឆ្នាំ ដោយ​អមដំណើរ​ដោយបងៗ ទៅទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ខណៈពេល​កំពុង​ស្នាក់នៅ​ទីនោះ ខ្ញុំបាន​ធ្វើការ​ប្រជុំ​ធម្មនិដ្ឋាន​មួយ អំពី​ផែនការ​នៃសេចក្តី​សង្គ្រោះ ។ នាង​សារ៉ា បានលើកដៃ ហើយបាន​ឆ្លើយ​សំណួរ​ជាញឹក​ញាប់ ។

បន្ទាប់​ពីការ​ប្រជុំ និង បាន​ដឹងថា​នាងមក​សាសនាចក្រ​តិចតួច​ណាស់ នោះខ្ញុំបាន​ដើរ​សំដៅទៅ​នាង ហើយបាន​សួរថា « សារ៉ា តើក្មួយ​បានដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំងនោះ​បែបណា​ទៅ » ? នាង​បាន​ឆ្លើយ​ភ្លាមថា « ម្តាយខ្ញុំ​បាន​បង្រៀន​ខ្ញុំ » ។ ពួកគាត់​ពុំ​មាន​សាសនាចក្រ​នៅ​ក្នុងសហគមន៍​ទេ ប៉ុន្តែ​ពួកគាត់​មានដំណឹង​ល្អ​នៅក្នុង​ផ្ទះ​ពួកគាត់ ។ ម្តាយ​របស់​នាង គឺជា​គ្រូបង្រៀន​ដំណឹង​ល្អ​សំខាន់​បំផុត​របស់​នាង ។

គឺជា​អេណុស ដែល​បាន​និយាយ​ថា « ពាក្យ​ទាំងឡាយ​ដែលខ្ញុំ​តែង​បាន​ឮឪពុក​ខ្ញុំនិយាយ​ជាញឹក​ញាប់ អំពី​ជីវិតដ៏​នៅអស់​កល្ប​ជានិច្ច និង សេចក្តី​អំណរ​នៃពួក​បរិសុទ្ធ បានជ្រួត​ជ្រាប​ទៅក្នុងដួង​ចិត្តខ្ញុំ » (អេណុស 1:3) ។ ពុំមាន​ការសង្ស័យ​ទេថា នរណា​ជាគ្រូ​បង្រៀន​ដំណឹងល្អ​សំខាន់​បំផុត​របស់​អេណុស ។

ខ្ញុំចាំ​ពាក្យសម្ដី​ឪពុកខ្ញុំ​ដែលបាន​បន្លឺឡើង ចេញ​ពីការ​អាន​ព្រះគម្ពីរ និង សៀវ​ភៅល្អៗ នៅក្បែរជើង​ក្រានកំដៅ​ផ្ទះ ហើយ​ខ្ញុំតែង​តែគេង​សន្ធឹងនៅ​ក្បែរគាត់ ។ ខ្ញុំចាំ​អំពី​កាត ដែល​គាត់​បាន​រក្សាទុកក្នុង​ហៅប៉ៅ​អាវ​របស់​គាត់ ដែលមាន​សេចក្តី​ស្រង់នៃ​ព្រះគម្ពីរ និង លោក ហ្សេកស្ពៀរ (Shakespeare) និង ពាក្យ​ពេចន៍ថ្មីៗ ដែល​គាត់បានទន្ទេញ និង រៀន ។ ខ្ញុំចាំ​នូវ​សំណួរ និង ការពិភាក្សា​ខាង​ដំណឹង​ល្អនៅ​ឯតុបាយ ។ ខ្ញុំចាំ​ពីពេល​វេលា​ជាច្រើន ដែលឪពុក​ខ្ញុំបាន​ទៅនាំ​ខ្ញុំទៅសួរសុខ​ទុក្ខមនុស្ស​ចាស់​ជរា—យើង​បាន​ឈប់ និង ទិញ​ការ៉េមឲ្យ​មនុស្ស​ម្នាក់ ឬ សាច់​មាន់ឲ្យម្នាក់​ទៀត ឬ ការចាប់​ដៃចុង​ក្រោយ​របស់គាត់ ដោយ​មាន​ប្រាក់ខ្លះ​នៅក្នុង​ស្រោម​សំបុត្រ ។ ខ្ញុំចង​ចាំ​អារម្មណ៍​ដ៏ល្អ និង បំណង​ចង់ក្លាយ​ទៅដូច​ជាគាត់ ។

ខ្ញុំចាំ​ពីម្តាយ​របស់ខ្ញុំ ដែល​មាន​អាយុ​ប្រហែល​ជា 90 ឆ្នាំ បាន​ចំអិន​អាហារ​នៅផ្ទះ​បាយ​ក្នុងផ្ទះ​របស់​គាត់ រួច​ហើយបាន​ចេញមក​វិញដោយ​មានអាហារ​នៅលើថាស ។ ខ្ញុំបាន​សួរគាត់​ថា គាត់​កំពុង​ទៅណា​ហ្នឹង ។ គាត់​បានឆ្លើយ​តបថា « អូ ម៉ាក់​យក​វាទៅ​ឲ្យមនុស្ស​ចាស់ជរា » ។ ខ្ញុំ​បានគិតក្នុង​ចិត្តថា « អ្នក​ម្តាយ អ្នកម្តាយ​ហ្នឹង​ហើយគឺ​ជាមនុស្ស​ចាស់ជរា » ។ ខ្ញុំមិនអាច​សំដែងនូវកត្តញ្ញូតា​ឲ្យបាន​គ្រប់​គ្រាន់ទេ ចំពោះ​មាតាបិតា​ខ្ញុំ ដែល​ជាគ្រូ​បង្រៀន​ដំណឹង​ល្អសំខាន់​បំផុតរបស់​ខ្ញុំ ។

ទង្វើ​ដ៏មាន​អត្ថន័យ​បំផុត​មួយ ដែល​យើង​អាច​ធ្វើ ក្នុងនាម​ជាមាតា​បិតា គឺ​បង្រៀន​កូនៗ​របស់យើង អំពី​អំណាច​នៃការ​អធិស្ឋាន ពុំគ្រាន់​តែជា​ទម្លាប់នៃ​ការ​អធិស្ឋាន​នោះទេ ។ នៅ​ពេល​ខ្ញុំមាន​អាយុ 17 ឆ្នាំ ខ្ញុំបាន​លុតជង្គង់​ចុះក្បែរ​គ្រែខ្ញុំ ថ្លែង​នូវ​ការ​អធិស្ឋាន​ពេល​រាត្រី​របស់ខ្ញុំ ។ ដោយមិន​ដឹងទាល់​តែសោះ​ថា ម្តាយ​របស់ខ្ញុំ​កំពុងឈរ​នៅមាត់​ទ្វារ ។ ពេលខ្ញុំ​បាន​អធិស្ឋាន​ចប់ គាត់បាន​និយាយ​ថា« ធែដ (Tad) តើ​កូន​កំពុងទូល​សុំព្រះ​អម្ចាស់​ឲ្យជួយ​កូនរក​បានភរិយា​ដ៏ល្អ​ម្នាក់ឬ ? »

សំណួរ​របស់​គាត់បាន​ធ្វើឲ្យ​ខ្ញុំភ្ញាក់​ផ្អើលជា​ខ្លាំង ។ នោះគឺ​ជាអ្វី​មួយ ដែល​នៅយ៉ាង​ឆ្ងាយពី​គំនិតខ្ញុំ ។ ខ្ញុំ​កំពុង​គិតអំពី​ការលេង​បាល់​បោះ និង សាលារៀន ។ ដូច្នេះ​ហើយ ខ្ញុំបាន​ឆ្លើយ​តបថា « ទេ » គាត់​ក៏បាន​តបថា « មែន​ហើយ កូនគួរ​អធិស្ឋាន​សុំបែប​នោះ ព្រោះ​អីវា​ជាការ​សម្រេច​ចិត្ត​យ៉ាង​សំខាន់​បំផុត ដែលកូន​នឹងធ្វើ​ក្នុង​ជីវិត » ។ ពាក្យ​សំដី​ទាំងនោះ​បាន​ជ្រួតជ្រាប​ក្នុង​ដួងចិត្ត​ខ្ញុំ​ យ៉ាងជ្រៅ​ ដូច្នេះ​ហើយក្នុង​រយៈ ប្រាំ​មួយឆ្នាំ​ក្រោយ​ ខ្ញុំបាន​អធិស្ឋាន​សុំព្រះ​ជួយ​ខ្ញុំរក​បានភរិយា​ដ៏ល្អ​ម្នាក់ ។ ហើយ​មើលចុះ ទ្រង់បាន​ឆ្លើយតប​នឹងការ​អធិស្ឋាន​នោះ ។

ក្នុង​នាម​ជាមាតា​បិតា យើងអាច​បង្រៀន​កូនៗ​របស់យើង ឲ្យអធិស្ឋាន​សម្រាប់អ្វី​ដែលផ្តល់​ជាលទ្ធផល​ដ៏អស់​កល្ប​ជានិច្ច—អធិ​ស្ឋាន​ដើម្បី​បានកម្លាំង​ឲ្យ​ស្អាតស្អំ​ខាង​សីលធម៌ នៅ​ក្នុងពិភពលោក​ដ៏លំបាក​យ៉ាប់យ៉ឺន ឲ្យ​គោរព​ប្រតិបត្តិ និង មានចិត្ត​ក្លាហាន ដើម្បី​ការពារ​អ្វីៗដែល​ត្រឹមត្រូវ ។

ខ្ញុំ​ជឿជាក់​ថា យុវវ័យ​របស់យើង​ស្ទើរតែ​គ្រប់រូប​ធ្វើ ការ​អធិស្ឋាន​ពេល​រាត្រីរបស់​គេ ប៉ុន្តែប្រហែល​ជាមាន​ពួកគេ​ជាច្រើន​នាក់ ដែល​មាន​ការលំបាក​ជាមួយនឹង​ទម្លាប់នៃ​ការ​អធិស្ឋានពេលព្រឹក​ផ្ទាល់ខ្លួន​របស់គេ ។ ក្នុងនាម​ជាមា​តាបិតា ជា​គ្រូបង្រៀន​ដំណឹង​ល្អសំខាន់​បំផុត​របស់ពួក​គេ នោះយើង​អាច​កែសម្រួល​បញ្ហា​នេះ ។ តើមាន​មាតា​បិតា​ណា នៅក្នុង​សម័យព្រះ​គម្ពីរ​មរមន ដែល​បណ្តោយ​ឲ្យកូនប្រុស​របស់ខ្លួន​ចេញ​ទៅច្បាំង ដោយ​គ្មានអាវ​ក្រោះ និង ខែល និង ដាវ ដើម្បី​ការពា​រខ្លួន ពីការ​វាយ​ប្រហារ​ខាងសាច់​ឈាម នៃខ្មាំង​សត្រូវ​របស់​គេនោះ ? ប៉ុន្តែ​ពួកយើង​ប៉ុន្មាន​នាក់ ដែល​បានបណ្ដោយ​ឲ្យកូនៗ​យើង​ដើរចេញ​ពីទ្វារ​ផ្ទះ រៀងរាល់​ព្រឹក ទៅ​ក្នុងទីចំបាំង​ដ៏គ្រោះ​ថ្នាក់​បំផុត ដើម្បី​ប្រឈម​មុខ នឹង​សាតាំង និង សេចក្តីល្បួង​ជាច្រើន ដោយ​គ្មានអាវក្រោះ និង ខែល និង ដាវខាង​ឯវិញ្ញាណ ដែលទទួល​បានពី​អំណាច​ដ៏ការពារ​នៃការអធិស្ឋាន​នោះ ? ព្រះអម្ចាស់​បានមាន​បន្ទូលថា « ចូរអធិ​ស្ឋាន​ជានិច្ច … ប្រយោជន៍​ឲ្យអ្នក​អាចយក​ឈ្នះលើ​សាតាំង » (គ. និង ស. 10:5 ) ។ ក្នុង​នាមជា​មាតា​បិតា យើងអាច​ជួយបង្កើត ទម្លាប់ និង អំណាចនៃ​ការអធិស្ឋាន​ពេលព្រឹក​នៅក្នុង​កូនៗ​របស់យើង ។

យើងក៏​អាចបង្រៀន​កូនៗ ឲ្យប្រើ​ពេលវេលា​ពួកគេ​ដោយឈ្លាស​វៃផង​ដែរ ។ ម្តងម្កាល ដូចជា សនញ៉ា ខាសុន យើង​គប្បីដាក់​វិន័យ​យ៉ាង​តឹងរ៉ឹង និង ដោយក្ដី​ស្រឡាញ់ ដោយ​ដាក់​កំហិត​ចំពោះ​ពេលវេលា​មើល​ទូរទស្សន៍ និង ឧបករណ៍​អេឡិច​ត្រូនិក ដែល​បត់បែន​ជីវិត​របស់​ពូកគេ ក្នុង​ករណី​ជាច្រើន ។ យើង​គប្បីជួយ​ចាត់ចែង​ពេលវេលា​របស់​ពួកគេ ឲ្យខំប្រឹងប្រែង​សិក្សា​ដំណឹងល្អ ឲ្យចេះ​ដឹងជាក់​លាក់វិញ ។ ដំបូង ប្រហែល​ជាមាន​នូវការ​រឹងមានៈខ្លះ មានការ​រអ៊ូរទាំខ្លះ ប៉ុន្តែ​ដូចជា​សនញ៉ា ខាសុន យើង​ត្រូវតែ​មាន​ទស្សន​វិស័យ និង ចិត្តរឹងប៉ឹង​ចំពោះ​វិន័យនោះ ។ ថ្ងៃណា​មួយ កូនៗ​របស់យើងនឹងយល់ និង មានអំណរគុណចំពោះអ្វី ដែល​យើង​បានធ្វើ ។ បើយើង​មិនធ្វើ​បែប​នេះទេ តើ​នរណា​នឹងធ្វើទៅ ?

យើងរាល់​គ្នាអាច​សួរដល់​ខ្លួនឯង​ថា ៖ តើកូនៗ​របស់យើង​ទទួល​កេរ្តិ៍​មរតក​យ៉ាង​ល្អបំផុត​ខាងវិញ្ញាណ បញ្ញា និង ការប្រឹង​ប្រែងរបស់​យើង ឬ តើពួកគេ​ទទួលពេល​វេលា និង ទេពកោស​ល្យសំណល់​របស់យើង បន្ទាប់​ពីយើង​បាន​លះបង់​អ្វីៗទាំង​អស់របស់​យើង ទៅ​ការ​បម្រើសាសនា​ចក្រ ឬ ការងារ​ខាងវិជ្ជា​ជីវៈរបស់​យើងឬ ? ជីវិត​ក្រោយ ខ្ញុំមិន​ដឹងថា បើ​មុខតំណែង​ជាប៊ីស្សព ឬ ប្រធាន​សមាគម​សង្គ្រោះ នឹងស្ថិត​ស្ថេរ​នោះទេ ប៉ុន្តែខ្ញុំ​ដឹងថា មុខតំណែង​ជាប្តី និង ប្រពន្ធ ឪពុក​ម្តាយ នឹងត្រូវ​បានបន្ត​ឱន​គោរព​ក្នុងពិភព​ដែល​គ្មានទី​បញ្ចប់ ។ នោះគឺជា​មូល​ហេតុមួយ ដែល​វាសំខាន់​ម្ល៉េះ ដើម្បី​បំពេញ​ទំនួល​ខុស​ត្រូវ​យើង ជាមាតា​បិតានៅលើ​ផែនដី​នេះ ដើម្បីយើង​អាចរៀប​ចំសម្រាប់​ទំនួលខុស​ត្រូវកាន់​តែធំ ប៉ុន្តែ​ស្រដៀង​គ្នានៅ​ក្នុងជីវិត​ក្រោយ ។

ក្នុងនាម​ជាមាតា​បិតា យើង​អាចបោះ​ជំហាន​ទៅមុខ ដោយ​ដឹងច្បាស់​ថា ព្រះនឹង​មិនទុក​យើងចោល​តែម្នាក់​ឯងឡើយ ។ ព្រះនឹង​មិនប្រទាន​ទំនួលខុស​ត្រូវដល់​យើង ដោយ​មិនប្រទាន​នូវជំនួយ​ដ៏ទេវភាព​នោះទេ—ខ្ញុំសូម​ថ្លែងទី​បន្ទាល់​អំពីការណ៍​នោះ ។ សូមឲ្យយើងគ្រប់រូបបំពេញតាមមុខតំណែងទេវភាពយើង ជាមាតាបិតា និង នៅក្នុង​ភាពជាដៃគូជាមួយព្រះ ក្លាយទៅជា​គ្រូបង្រៀនដំណឹងល្អ និង គំរូសំខាន់បំផុតសម្រាប់កូនៗយើង ខ្ញុំសូមអធិស្ឋាន​​ក្នុង​នាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល Ben Carson, Gifted Hands: The Ben Carson Story (ឆ្នាំ 1990)។