ឆ្នាំ ២០១០-២០១៩
ការ​ស្រឡាញ់អ្នកដទៃ និង ការ​រស់​នៅ​​ជា​មួយ​មនុស្ស​ដែល​មាន​ភាព​ខុស​គ្នា
១០ 2014


ការ​ស្រឡាញ់អ្នកដទៃ និង ការ​រស់​នៅ​​ជា​មួយ​មនុស្ស​ដែល​មាន​ភាព​ខុស​គ្នា

ក្នុង​នាម​ជា​សិស្ស​​​ព្រះ​គ្រីស្ទ ​យើងគួរ​តែ​រស់​នៅ​ដោយ​សុខសាន្ត​ជា​មួយ​អ្នក​ដទៃ ដែល​ពុំទទួល​យក​​គុណតម្លៃ ឬ​ការ​បង្រៀន​នានារបស់​យើង​នោះ។

I.

នៅ​ថ្ងៃចុង​ក្រោយ​នៃ​ការ​បម្រើ​ខាង​សាច់​ឈាម​​របស់​ទ្រង់ ព្រះ​យេស៊ូវ​បាន​ប្រទាន​ដល់​សាវក​ទ្រង់​នូវ​អ្វីដែល​ទ្រង់​ហៅ​ថា «សេចក្តី​បញ្ញត្តិ​មួយ​ថ្មី» (​យ៉ូហាន 13:34)។ មាន​បន្ទូល​ដដែលៗ​បី​ដងថា បញ្ញត្តិ​នោះ​សាមញ្ញៗ តែ​ពិបាក៖ « អ្នក​រាល់​គ្នាស្រឡាញ់ដល់​​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បានស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » (យ៉ូហាន 15:12; សូម​មើល​ផង​ដែរ ខទី 17)។ ការ​បង្រៀន​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​ការ​បង្រៀន​ដ៏​សំខាន់​នៃ​ការ​បម្រើ​របស់​ព្រះ​អង្គ​សង្រ្គោះ។ ​បទ​បញ្ញត្តិ​ធំ​ទីពីរគឺ «ត្រូវ​ឲ្យ​ស្រឡាញ់អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» (ម៉ាថាយ 22:39)។ ព្រះយេស៊ូវ​ថែមទាំង​បង្រៀន​ថា «ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ » (ម៉ាថាយ 5:44) ។ ប៉ុន្តែ​បទ​បញ្ញត្តិ​ថាត្រូវ​ស្រឡាញ់​អ្នក​ដទៃ ដូច​ជា​ទ្រង់​ស្រឡាញ់រាស្រ្ត​ទ្រង់គឺ​ប្រាប់​ទៅ​ពួក​កូន​សិស្ស​ទ្រង់—ហើយ​ចំពោះ​យើង—ជា​ការ​ស្នើសុំ​ដ៏​ពិសេស។ «តាម​ពិត» ប្រធាន ថូម៉ាស  អេស ​ម៉នសុន បាន​បង្រៀន​យើង​នៅ​ក្នុង​ខែ​ មេសា​ មុន​ថា «ក្ដី​ស្រឡាញ់​ជា​ខ្លឹមសារ​ដ៏​សំខាន់​នៃ​ដំណឹង​ល្អ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​ដល់​យើង ។ «ជីវិត​ទ្រង់​គឺ​ជា​មរតក​នៃ​ក្ដី​ស្រឡាញ់» ។1

ហេតុ​អ្វី​បាន​ជា​វា​ពិបាក​ដើម្បី​មាន​សេចក្តី​ស្រឡាញ់​ដូច​ជា​ព្រះ​គ្រីស្ទ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក? វា​ប្រាកដ​ជា​ពិបាក ពីព្រោះ​យើង​ត្រូវ​រស់​នៅ​ជា​មួយមនុស្ស​​ដែល​ពុំ​មាន​សេចក្តី​ជំនឿ​ និង​តម្លៃ ហើយជាប​កាតព្វកិច្ចនៃ​សេចក្តី​សញ្ញា​ដូច​យើង។ នៅ​ក្នុង​ការទូលសុំអង្វរ​អធិស្ឋានដ៏មហិមា ដែល​ទ្រង់​ធ្វើ​ពីមុន​ទ្រង់​ត្រូវ​គេ​ឆ្កាង ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​ដល់​ពួក​អ្នក​ដើរ​តាម​ទ្រង់​ថា៖ «ទូល​បង្គំ​បាន​ឲ្យ​ព្រះ​បន្ទូល​ទ្រង់ដល់​ពួក​គេ ហើយ​លោកិយ​បាន​ស្អប់​គេ ពីព្រោះ​ពួក​គេ​មិន​មែន​ជា​របស់​លោកិយទេ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែនជា​របស់​លោកិយ​ដែរ» (យ៉ូហាន 17:14)។ បន្ទាប់​មក ទ្រង់​បាន​បួង​សួង​ទៅ​ព្រះ​វរបិតា​ថា «ទូល​បង្គំ​មិនសូម​ឲ្យ​យក​គេ​ចេញ​ពី​លោកិយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ (ខទី 15)។

យើង​ត្រូវ​រស់​នៅក្នុង ​លោកិយ ប៉ុន្តែ​មិន​មែន​ជា កម្មសិទ្ធិ​លោកិយ​ឡើយ។ យើង​ត្រូវ​រស់​នៅ​ក្នុង​លោកិយ ពីព្រោះ​ដូច​ជា​ព្រះ​យេស៊ូវ​ បាន​បង្រៀន​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​​ថា នគរ​ទ្រង់​គឺ​ «ដូចជាដំបែ» ដែល​មាន​មុខងារគឺ​ដើម្បីបង្កើត​ការ​ដ៏​ធំ ក្រោម​ឥទ្ធិ​ពល​របស់​វា (សូម​មើលលូកា 13:21; ម៉ាថាយ 13:33; សូម​មើល​ផង​ដែរ  កូរិនថូសទី 1 5:6–8)។ ពួក​សិស្ស​ទ្រង់​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ទេ ប្រសិន​បើ​ពួក​គេ​គ្រាន់​តែ​រាប់​អាន​ដល់​អ្នក​ដែល​មាន​ជំនឿ និង​ការ​អនុវត្ត​​ដូច​គេ។ ប៉ុន្តែ​ព្រះ​អង្គ​សង្រ្គោះ​ក៏​បាន​បង្រៀន​ដែរ​ថា ប្រសិន​បើ​យើង​រាល់​គ្នាស្រឡាញ់​ទ្រង់ ចូរ​កាន់​តាម​បញ្ញត្តិ​ទ្រង់​ចុះ​ (សូម​មើល យ៉ូហាន 14:15)។​

II.

ដំណឹង​ល្អមាន​ការ​បង្រៀន​ជា​ច្រើន​អំពី​ការ​រក្សា​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ក្នុងការ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​សេចក្តីជំនឿ និង​ការ​អនុវត្តផ្ទុយ​ពី​យើង។ ការ​បង្រៀន​អំពី​ជំលោះ​គឺ​សំខាន់​ណាស់។ នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​ញាណ​ដឹង​ថា​សាសន៍​នីហ្វៃ កំពុងប្រកែក​គ្នា​ពីរបៀប​ធ្វើបុណ្យ​ជ្រមុជ​ទឹក នោះ​ទ្រង់​បានប្រទាន​​ទិសដៅ យ៉ាង​ច្បាស់ ពី​រ​បៀបដែលពិធី នេះគួរតែត្រូវបានធ្វើ​ឡើង។ បន្ទាប់​មក ទ្រង់​បាន​បង្រៀន​គោលការណ៍​ដ៏​អស្ចារ្យ​នេះ​ថា៖

«មិន​ត្រូវ​មាន​ការ​ប្រកែកគ្នា​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ដែល​ធ្លាប់មាន​ពីមុន​មក​ឡើយ ហើយក៏​មិន​ត្រូវ​មាន​ការ​ប្រកែក​គ្នា​នៅ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អំពី​ចំណុច​ទាំង​ឡាយ នៃ​គោលលទ្ធិរបស់​យើង ដូច​ដែល​ធ្លាប់​មាន​ពីមុន​មក​ដែរ។

«ត្បិត​ប្រាកដមែន យើង​ប្រាប់​អ្នក​រាល់​គ្នាជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​មាន​វិញ្ញាណនៃ​ការ​ទាស់​ទែង​គ្នា​គឺ​ពុំ​មែនជា​របស់​ផង​យើង​ទេ ប៉ុន្តែ​ជា​របស់​ផង​អារក្ស​វិញ ដែល​ជា​បិតា​នៃ​ការ​ទាស់​ទែងគ្នា ហើយ​វា​ចាក់​រុកចិត្ត​មនុស្ស​ ឲ្យ​មាន​កំហឹងទាស់ទែង​នឹង​គ្នា​ទៅវិញ​ទៅ​មក។

«មើល​ចុះ នេះ​...គោលលទ្ធិ​របស់​យើងគឺ​ត្រូវ​លះ​បង់​ចោលការណ៍​ទាំង​នោះ​ចោល​វិញ» ( នីហ្វៃទី 3 11:28–30; ជាការ​បញ្ជាក់​បន្ថែម)។

ព្រះសង្គ្រោះពុំបានកំណត់​កា ព្រមានរបស់ទ្រង់ទាក់ទងនឹងទាស់​ទែង​គ្នាដល់​អ្នកដែលមិនបានរក្សាបញ្ញត្តិ អំពីពិធីបុណ្យជ្រមុជទឹក​ឡើយ។ តែទ្រង់​ហាម​ឃាត់​មិន​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ការ​ទាស់​ទែង​ឡើយ។ សូម្បី​តែ អ្នក​ដែល​រក្សា​បទ​បញ្ញត្តិ​មិន​ត្រូវ​ចាក់​រុក​ដួង​ចិត្តរបស់​មនុស្ស​ឲ្យ​មាន​កំហឹង​ដែរ។ «បិតា​នៃ​ការ​ទាស់​ទែង» គឺ​ជា​អារក្ស ព្រះ​អង្គ​សង្រ្គោះ​គឺ​ជា​ម្ចាស់នៃមេត្រីភាព ។

ស្រដៀង​គ្នា​នោះ​ដែរ ព្រះ​គម្ពីរ​ប៊ីប​បង្រៀន​ថា «មនុស្ស​មាន​ប្រាជ្ញា គេ​បង្វែរ​បណ្តេញ​សេចក្តី​ក្រោធ​ចេញ​វិញ» (សុភា​សិត 29:8) ។ ពួក​សាវក​សម័យ​ដើម​បាន​បង្រៀន​ថាយើង​គួរ «ដេញ​តាម​អស់​ទាំង​សេចក្តី ​[ដែល ] ​នាំ​ឲ្យ​មេត្រីគ្នា» (រ៉ូម 14:19() និង «[និយាយ] សេចក្តី​ពិតដោយ​សេចក្តី​ស្រឡាញ់​វិញ» (អេភេសូរ 4:15) «​ត្បិតសេចក្តី​កំហឹង​របស់​មនុស្ស មិន​ដែល​សម្រេច​តាមសេចក្តីសុចរិតរបស់​ព្រះ​ទេ» (យ៉ាកុប 1:20) ។ នៅក្នុង​វិវរណៈ​សម័យ​ទំនើប ព្រះ​អម្ចាស់​បាន​បញ្ជាថា ដំណឹង​ដ៏​រីករាយ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ គួរ​តែ​ត្រូវ​បាន​ប្រកាស​ដល់ « មនុស្ស​ម្នាក់ៗ​ចំពោះ​អ្នក​ជិត​ខាង​របស់​ខ្លួន ដោយ​នូវ​ភាព​ទន់ភ្លន់ និង​ស្លូត​បូត» ( គ. និង ស. 38:41​) «ដោយ​នូវ​អស់ទាំង​ភាព​រាបសារ​...ដោយ​មិន​ជេរ​ប្រមាថដល់​ពួក​អ្នក​ដែល​ជេរ​ប្រមាថ​ឡើយ»។ (គ. និង ស. 19:30)។

III.

ទោះ​បី​ជា​យើង​ជា​មនុស្ស​ស្លូត​បូត និង​ជៀស​វាង​ពី​ការ​ទាស់ទែង​គ្នា​ យើងមិន​ត្រូវសម្រប ឬ​បន្ថយ​​ការ​តាំង​ចិត្តរបស់​យើង​ចំពោះ​សេចក្តី​ពិត​ដែល​យើង​យល់​ដឹង​ឡើយ។ យើង​មិន​ត្រូវ​បោះបង់​គោលជំហរ ឬ​តម្លៃ​របស់​យើង​ឡើយ។ ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​សេចក្តី​សញ្ញា​ដែល​យើង​បាន​ធ្វើ​​ដោយ​ពិត​ប្រាកដ នាំ​ឲ្យ​យើងក្លាយជា​អ្នក​តស៊ូ​នឹង​ឧបសគ្គ​រវាង​សេចក្តីពិត និង​ការ​ខុស​ឆ្គង។ វា​ពុំ​មាន​ភាព​ស្មើភាពនៅ​ក្នុង​ការប្រយុទ្ធ​នោះ​ទេ។

ព្រះ​អង្គ​សង្រ្គោះ​ បាន​បង្ហាញ​ផ្លូវនេះ នៅ​ពេល​ដែល​មា​រសត្រូវ​ទ្រង់ប្រឆាំង​នឹង​ទ្រង់​ជា​មួយ​ស្រ្តីដែល​ត្រូវ​បាន «គេ​ចាប់បាន កំពុង​ដែល​សហាយ​ស្មន​នឹង​គ្នា» (យ៉ូហាន 8:4) ។ នៅ​ពេល​ដែល​ខ្មាស់​អៀន​នឹង​អំពើ​ពុត​ត្បុត​ខ្លួន ពួក​អ្នក​ចុង​ចោទ​ក៏​ដក​ខ្លួន​ចេញ ហើយ​ទុក​ឲ្យ​ព្រះ​យេស៊ូវ​នៅ​ជា​មួយ​ស្រ្តី​រូប​នោះ។ ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​នាង ដោយ​សណ្តាន​ចិត្ត​ល្អ ដោយ​មិន​ស្តីបន្ទោស​នាង​នៅ​ពេល​នោះ​ឡើយ។ ប៉ុន្តែ​ទ្រង់​បាន​ទូន្មាននាង​យ៉ាង​ម្មឹង​ម៉ាត់​ថា « កុំ​ធ្វើ​បាប​ទៀត​ឡើយ»។ (យ៉ូហាន 8:11)។ សេចក្តី​មេត្តា​ករុណាតម្រូវ​ឲ្យ​មានហើយ​ តែ​អ្នក​ដែល​ជា​សិស្ស​នៃ​ព្រះ​គ្រីស្ទ---ដូច​ជា​លោក​ចៅហ្វាយ---នឹង​ត្រូវ​រឹងមាំ​ក្នុង​សេចក្តី​ពិត។

IV.

​ដូចជា​ព្រះអង្គសង្គ្រោះ អ្នកដើរ​តាម​ទ្រង់ ពេ​លខ្លះ ត្រូវ​បាន​ជួប​នឹង​ឥរិយាបទ​ដែល​ប្រកបដោយ​អំពើបាប ហើយ​សព្វថ្ងៃ​នេះ ពេល​ពួកគេ​ទប់ទល់​សម្រាប់​ភាព​ត្រឹមត្រូវ និង​ភាព​ខុស​ឆ្គង ពេល​ពួកគេ​យល់​ពី​វា ដែល​ពេល​ខ្លះ ពួកគេ​ត្រូវ​បាន​ហៅ​ថា « ប្រកាន់​បក្ស » ឬ «ជ្រុល​និយម » ។ តម្លៃ​ខាង​លោកិយ​និង​ការ​អនុវត្តជា​ច្រើន នាំ​ឲ្យ​មាន​ការ​ប្រឈមមុខ​បែប​នេះ​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។ ជាក់ស្តែង​សព្វ​ថ្ងៃ​នេះ​ គឺ​មាន​ចំណងអាពាហ៍ពិពាហ៍​​ភេទដូច​គ្នាស្រប​ច្បាប់នៅ​ក្នុង​រដ្ឋ​ជា​ច្រើនក្នុង​សហរដ្ឋ​អាមេរិក និង​​ប្រទេស​ជា​ច្រើន​នៃ​ពិភព​លោក។ យើង​ក៏​រស់​នៅ​ក្នុង​ចំណោម​អ្នក​ដែល​មិន​ចង់​រៀប​ការទាល់​តែ​សោះ។ អ្នក​ខ្លះ​មិន​ចង់​មាន​បុត្រ។ ខ្លះ​ត្រូវប្រយុទ្ធប្រឆាំង ​នឹង​ការ​ដាក់​កំហិត​លើ​រូប​អាសគ្រាម ឬ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ឧទាហរណ៍​មួយ​ទៀត---ដែល​អ្នក​ជឿ​ជា​ច្រើន​ដឹង---ត្រូវ​រស់​នៅ​ជា​មួយ​ប្តី​ប្រពន្ធ ឬ​សមាជិក​គ្រួសារ​ដែល​ពុំ​មាន​ជំនឿ​ដូច​គ្នា ឬ​ការទំនាក់​ទំនងជា​មួយមិត្ត​រួម​ការងារ ឬ​អ្នក​ដទៃ​ដែល​ពុំ​មាន​ជំនឿ​ដូច​គ្នា។

នៅ​ទីឧទ្ទិស​ឆ្លង ដូច​ជា​ព្រះ​វិហារ​បរិសុទ្ធ ​ដំណាក់​នៃ​ការ​ថ្វាយ​បង្គំ និង​ផ្ទះ​របស់​យើង យើង​គួរ​តែ​បង្រៀន​សេចក្តីពិត និង​បទ​បញ្ញត្តិ​ដោយ​ត្រង់ និង​ស៊ីជំរៅ តាម​ដែល​យើង​យល់​ពី​ផែនការ​នៃសេចក្តី​សង្រ្គោះនៅក្នុង​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ។ សិទ្ធិ​ដើម្បី​ធ្វើ​បាន​បែប​នោះគឺ​ត្រូវ​បាន​ការពារ​ និង​ធានា​ពី​ច្បាប់រដ្ឋធម្មនុញនៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សាសនា ហើយ​អង្គភាព​ឯក​ជនក៏​ឲ្យ​តម្លៃ សូម្បី​តែ​ក្នុង​ប្រទេស​ដែល​គ្មាន​ច្បាប់​ធា​នា​ពី​រដ្ឋធម្មនុញក្តី។

នៅ​ក្នុង​ទីសាធារណៈ សាសនា​អ្វី​ដែល​មនុស្ស​និយាយ និង​នាំ​ឲ្យ​អ្នក​ដទៃ​ធ្វើ​ការ​ថ្លឹង​ថ្លែង។ សេរីភាព​នៃ​ការ​ជ្រើសរើស​សាសនា​​អនុវត្ត​​លើ​សកម្មភាព​សាធារណៈ​ភាគ​ច្រើន ប៉ុន្តែ​វា​អាស្រ័យលើ​គុណ​សម្បត្តិ​ដែល​ចាំ​បាច់​ដើម្បីផ្សំ​នឹង​ជំនឿ ហើយ​ការ​អនុវត្ត​របស់​អ្នក​ដទៃ។ ច្បាប់​ទាំង​ឡាយ​អាច​ហាម​ឃាត់​នូវ​ឥរិយាបទ​ដែល​ទទួល​ស្គាល់ ជា​ទូទៅ​ថា​ខុស ឬ​មិន​អាច​ទទួល​យក​បាន ដូច​ជា​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ឬ​អំពើ​ហិង្សា ឬ​ឥរិយាបទ​ភេរវជនដទៃ​ទៀត ទោះ​បី​ជា​ធ្វើ​ឡើង​តាម​រយៈ​អ្នក​ប៉ះបោរ​ក្នុង​នាម​សាសនា​ក្តី។ ទោះ​​ជាឥរិយា​បទ​ពុំ​សូវ​ធ្ងន់ធ្ងរ និងពិបាក​ទទួល​យក​ពី​អ្នក​ជឿ​ខ្លះ ជា​ធម្មតា អាច​ត្រូវ​ការ​ដើម្បី​តស៊ូ ប្រសិន​បើស្រប​នឹង​អ្វី​ដែល​ព្យាការីព្រះ​គម្ពីរ​មរមនបាន​ហៅ​ថា «តាម​សម្លេង​របស់​ប្រជាជន» (ម៉ូសាយ 29:26)។

​​ស្ដី​អំពី​​ប្រធាន​បទ​​ដែល​ថ្លែង​ជា​សាធារណៈ ​យើង​ទាំងអស់គ្នា​គួរ​តែ​ធ្វើ​តាម​​ការ​បង្រៀន​ដំណឹង​ល្អ ឲ្យស្រឡាញ់អ្នក​ជិត​ខាង​ខ្លួន និង​ជៀស​វាង​ពី​ការ​ទាស់​ទែង​គ្នា។ អ្នក​ដើរ​តាម​​ព្រះ​គ្រីស្ទ គួរ​តែ​ធ្វើជា​គំរូមាន​ឥរិយា​បទ​គួរ​សម។ យើង​គួរ​ស្រឡាញ់​មនុស្ស​ទាំង​អស់ ធ្វើ​ជា​អ្នក​ស្តាប់​ដ៏​ល្អ ហើយ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ជំនឿ​ដ៏​ស្មោះ​សរ​របស់​ពួក​គេ។ ទោះ​បី​ជា​យើង​អាច​ជំទាស់​រឿងខ្លះ​ក្តី យើង​មិន​គួរធ្វើជា​មនុស្សដែលមិន​រីករាយ​នោះ​ទេ។ គោលជំហរ និង​ទស្សនៈ​យើង​ពី​ប្រធាន​បទ​ដែល​អាច​នាំ​ឲ្យមាន​វិវាទ មិន​គួរ​មាន​វិវាទ​ឡើយ។ យើង​គួរ​តែមាន​ប្រាជ្ញា​​ក្នុង​ការ​ពន្យល់ ហើយ​បង្ហាញ​ពី​ជំនឿ​យើង និង​ប្រើ​ឥទ្ធិ​ពល​យើង។ បើ​ធ្វើ​ដូច្នោះ យើង​ជួយ​អ្នក​ដទៃ​មិនឲ្យមាន​ការ​អាក់​អន់​ចិត្ត​នឹង​ជំនឿ​ដ៏​ស្មោះ​សរ​យើង និង​សេរីភាព​នៃ​ការ​ជ្រើស​រើស​សាសនា​របស់​យើង។ យើង​សូម​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​គ្រប់​រូប អនុវត្ត​តាម ច្បាប់មាស​របស់​ព្រះ​អង្គ​សង្រ្គោះ​ថា៖​ «ដូច្នេះ អស់​ទាំង​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ចង់ឲ្យ​មនុស្ស​លោក​ប្រព្រឹត្តនឹង​ខ្លួន នោះ​ត្រូវ​ឲ្យអ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ» (ម៉ាថាយ 7:12)។

នៅ​ពេល​អ្វីៗ​ខុស​ពី​ការ​រំពឹង​ទុក​របស់​យើង យើង​គួរ​តែ​ទទួល​យក​លទ្ធ​ផល​អវិជ្ជមាន​ដោយ​ស្ងប់​ស្ងាត់ ហើយ​ប្រព្រឹត្តិ​ដោយ​ការ​គួរ​សម​នឹង​មារសត្រូវ​យើង។ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក្តី យើង​គួរ​តែ​ជា​មនុស្ស​ដែល​មាន​សណ្តាន​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ បដិសេធ​នូវ​រាល់​ការ​បៀតបៀនគ្រប់​ប្រភេទ រួម​ទាំង​ការ​បៀត​បៀនលើ​ជាតិ​សាសន៍ ជំនឿ​សាសនា​ ឬ​ពួកទមិឡ ​ និង​ភាព​ខុស​គ្នា លើទស្សនៈ​ផ្លូវ​ភេទ។

V.

ខ្ញុំ​បាន​និយាយ​ពី​គោលការណ៍​ទូទៅ។ ឥឡូវ​នេះ​ខ្ញុំ​សូម​និយាយ​ពី​របៀបគោលការណ៍​ទាំង​នេះ​គួរ​តែ​អនុវត្ត​នៅ​ក្នុង​កាលៈទេសៈ​ផ្សេងៗ​ស្រដៀង​គ្នា​ជា​ច្រើន ដែល​ការ​បង្រៀន​របស់​ព្រះ​អង្គ​សង្រ្គោះគួរ​តែត្រូវ​បាន​ធ្វើ​តាម​កាន់​តែ​ស្មោះ​ត្រង់។

ខ្ញុំ​សូមចាប់​ផ្តើម​ជា​មួយ​រឿង​មួយ​ដែល​កូនតូចៗ​យើង​បាន​រៀន​នៅ​ក្នុង​សកម្មភាព​លេង​របស់​ពួក​គេ។ ជា​ញឹកញាប់ អ្នក​ដែល​មិន​មែន​ជា​ពួក​មរមន​នៅ​រដ្ឋ​យូថាហ៍​នេះ បាន​អាក់​អន់​ចិត្ត ហើយពុំ​សូវ​ជិត​ស្និត ដោយ​ព្រោះ​សមាជិក​យើង​មួយ​ចំនួន​មិន​ឲ្យ​កូនៗ​ខ្លួន​ធ្វើ​មិត្ត​ភក្តិ​ជា​មួយ​ក្មេងៗ​ដែល​មាន​ជំនឿ​ផ្សេង។ ពិត​ប្រាកដ​ណាស់ យើង​អាច​បង្រៀន​កូនៗ​យើង​ពី​​តម្លៃ និង​បទ​ដ្ឋាន​នៃ​ឥរិយាបទ ដោយពុំ​ចាំ​បាច់ឲ្យ​ពួក​គេ​ធ្វើ​ខ្លួន​ឃ្លាត​ឆ្ងាយ ឬបង្ហាញ​ការ​មិន​គោរពដល់​អ្នក​ណា​ដែល​ខុស​ពី​ខ្លួន​នោះ​ទេ។

គ្រូ​បង្រៀន​ជា​ច្រើន​នៅ​ក្នុង​ព្រះ​វិហារ និង​សាលា​បាន​ខ្វល់​ខ្វាយ​កាល​ឃើញ​របៀប​ដែល​យុវវ័យ រួម​ទាំង​យុវវ័យ​នៃ​អិល. ឌី. អេស. ប្រព្រឹត្តិ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ បទ​បញ្ញត្តិ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ​ច្បាស់​ណាស់​​មាន​ទាំង​ការ​ស្រឡាញ់ ការ​គោរព​សាសនា​ផ្សេងៗ និងពូជ​សាសន៍​ វប្បធម៌ ឬ​បន្ទាត់សេដ្ឋកិច្ចផ្សេងៗ។ យើងសូម​លើក​ទឹក​ចិត្ត​ដល់​យុវវ័យ​ទាំង់​អស់​ឲ្យ​ជៀស​វាង​ការ​គំរាម​គំហែង ការ​ប្រមាថ ឬ​ប្រើ​ភាសា ឬ​ការ​ប្រព្រឹត្តិ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដោយ​ចេទនា​លើ​អ្នក​ដទៃ។ ទង្វើរ​ទាំង​នេះបំពាន​លើបទ​បញ្ញត្តិ​របស់​ព្រះ​អង្គ​សង្រ្គោះ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

ព្រះ​អង្គ​សង្រ្គោះ​បាន​បង្រៀន​ថា ការ​ទាស់​ទែងគឺ​ជា​ឧបករណ៍​របស់​អារក្ស។ វា​បង្រៀន​ឲ្យ​ផ្ទុយ​​នឹង​ភាសា​ និង​ការ​អនុវត្ត​បច្ចុប្បន្ន​របស់នយោបាយ។ ការ​រស់​នៅ​ក្នុងគោលនយោបាយខុស​គ្នា​គឺ​ចាំបាច់​ចំពោះ​នយោបាយ ប៉ុន្តែ​ គោលនយោបាយ​ខុស​គ្នា​ពុំ​ត្រូវ​ការ​ពាក់​ព័ន្ធ​នឹងការ​វាយ​ប្រហារ​លើ​បុគ្គលដែល​បំពុល​លើ​ដំណើរ​ការ​របស់​រដ្ឋាភិបាល និង​ដាក់​ទោស​អ្នក​ចូល​រួម​នោះ​ឡើយ។ យើង​ទាំង​អស់​គ្នា​គួរ​តែ​បោះ​បង់​ចោលទំនាក់​ទំនង​ដែល​គួរ​ឲ្យ​ស្អប់ និង​អនុវត្តការ​ចេះ​គោរព​ដល់​ទស្សនៈ​ខុស​គ្នា​វិញ។

កន្លែង​ដែល​សំខាន់​បំផុត ដើម្បី​​ចៀសវាង​ទំនាស់ និង​អនុវត្ត​ដោយ​ការ​គោរពចំពោះ​ភាព​ខុសគ្នា​​ គឺនៅក្នុង​គេហដ្ឋាន និង​ទំនាក់ទំនង​គ្រួសារ​យើង។ ភាព​ខុស​គ្នា​គឺមិន​អាច​ជៀស​រួច---ខ្លះ​តិច ហើយ​ខ្លះច្រើន។ ចំពោះ​ការ​ខុស​គ្នា​ធំៗ ឧទាហរណ៍ សមាជិក​គ្រួសារ​ម្នាក់​​រស់​នៅ​ជា​មួយ​គ្នា​ដោយ​ពុំ​បាន​រៀប​ការ។ រឿង​នោះ ​នាំ​តម្លៃ​​សំខាន់​ពីរ​កើត​មាន​ជម្លោះ--- គឺជា​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​សមាជិក​គ្រួសារ និង​ការ​តាំង​ចិត្ត​យើង​គោរព​តាម​បទ​បញ្ញត្តិ​ទាំង​ឡាយ។ ការ​ធ្វើ​តាម​គំរូ​របស់​ព្រះ​អង្គ​សង្រ្គោះ យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់ដ៏​សុចរិត ហើយ​នៅ​តែ​ខ្ជាប់​ខ្ជួន​នឹង​សេចក្តី​ពិត ដោយលើក​លែង​ទង្វើរ​ដែល​ជួយ​ ឬ​ហាក់​លើក​លែង​ទោស​លើ​អ្វី​ដែល​យើង​ដឹង​ថា​ខុស។

ខ្ញុំ​សូម​បញ្ចប់​ដោយ​បង្ហាញ​ឧទាហរណ៍​មួយ​ទៀត ពី​ទំនាក់​ទំនង​គ្រួសារ​មួយ។ នៅ​ក្នុង​សន្និសីទ​ស្តេក​នៅ​មីឌវេស៍ ប្រហែល​ជា​ 10 ឆ្នាំ​មុន ខ្ញុំ​បាន​ជួប​នឹង​បង​ស្រី​ម្នាក់ ដែល​បាន​ប្រាប់​ខ្ញុំ​ថា ស្វាមី​ដែល​មិន​មែន​ជា​សមាជិក​សាសនា​ចក្រ​របស់​គាត់​បាន​ជូន​គាត់​ទៅ​ព្រះ​វិហារ​អស់​12 ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ដែល​ចូល​រួម​ក្នុង​សាសនា​ចក្រ​ទេ។ គាត់​បាន​សួរ​ថា តើ​គាត់​គួរ​ធ្វើ​អ្វី​ទៅ។ ខ្ញុំ​បាន​ឲ្យ​តំបូន្មាន​គាត់​ ឲ្យ​បន្ត​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​ត្រូវ​អំណត់ រួចធ្វើ​ល្អ​នឹង​​ស្វាមី​គាត់។

ប្រហែល​ជា​មួយ​ខែ​ក្រោយ​មក គាត់​បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ​ ដូច​ខាង​ក្រោម៖ «មែន​ហើយ ខ្ញុំ​គិត​ថា 12 ឆ្នាំ​នោះ​គឺ​ជា​ការ​បង្ហាញ​ក្តីអំណត់​ដ៏​ល្អ ប៉ុន្តែ​ខ្ញុំ​ពុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ល្អ​ដល់​គាត់​ឬអត់​ទេ។ ដូច្នេះ ខ្ញុំ​ខិត​ខំ​ធ្វើ​អស់​ពី​ចិត្ត​ជាង​មួយ​ខែ ហើយ​គាត់​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជទឹក។

ការ​មាន​ចិត្ត​ល្អ​គឺ​មាន​ឥទ្ធិពល​ខ្លាំងណាស់ ជា​ពិសេស​គឺ​នៅ​ក្នុង​ទំនាក់ទំនង​គ្រួសារ។ គាត់​បន្ត​សរសេរ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​កំពុង​តែ​ខិត​ខំ​​មាន​ចិត្ត​ល្អ​កាន់​តែ​ខ្លាំង​ឡើង ពីព្រោះ​យើង​ចង់​ធ្វើ​ការ​ផ្សារភ្ជាប់​នៅ​ព្រះ​វិហារ​បរិសុទ្ធ​នៅ​ឆ្នាំនេះ!​ »

ប្រាំ​មួយ​​ឆ្នាំ​ក្រោយ​មក គាត់​បាន​សរសេរសំបុត្រ​​មក​កាន់​ខ្ញុំ​ថា៖ «ស្វាមី​ខ្ញុំ​គឺ [ទើប] បាន​ហៅ ហើយ​ធ្វើ​ពិធី​ញែក​ចេញ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព [នៅ​វួដ​របស់​យើង]។»2

VI.

ក្នុង​ទំនាក់ទំនង និង​កាលៈទេសៈ​ជា​ច្រើន​ក្នុង​ជីវិត យើង​ត្រូវ​តែ​រស់​នៅ​ក្នុង​ភាព​ខុស​គ្នា។ ដែល​ចាំ​បាច់ ភាព​ខុស​គ្នា​របស់​យើង​ទាំងនេះ ពុំ​គួរ​​បដិសេធ ឬ​បោះ​បង់​ចោល​នោះ​ទេ ប៉ុន្តែ​អ្នក​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ គួរ​តែ​រៀន​ដើម្បី​រស់​នៅ​ដោយ​សុខសាន្ត​ជា​មួយ​អ្នក​ដទៃ ដែល​ពុំ​មាន​គុណសម្បត្តិ ឬ​ទទួល​យក​ការ​បង្រៀន​ដែល​ពួក​គេ​បាន​មាន​នោះ​ឡើយ។ ផែន​ការ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ​វរបិតា ដែល​យើង​ដឹង​តាមរយៈ​វិវរណៈ​នៃ​ការ​ព្យាករណ៍ នាំ​ឲ្យ​យើង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈនៃ​ជីវិត​រមែង​ស្លាប់ ដែល​យើង​ត្រូវ​រក្សា​បទ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់។ វា​រួម​ទាំង​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួនដែល​មាន​វប្បធម៌​និង​ជំនឿ​ខុស​គ្នា ដូច​ទ្រង់​ស្រឡាញ់​យើង។ ដូច​ជាព្យាការី​ក្នុង​ព្រះ​គម្ពីរ​មរមន​បាន​បង្រៀន​ថា យើង​ត្រូវ​តែ​ឈាន​ទៅ​មុខ មាន «ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់​រូប» ( នីហ្វៃទី 2 31:20)។

ទោះជា​មាន​ការ​លំបាក​រស់​នៅ​ក្នុង​ភាព​ចលាចលជុំ​វិញ​យើង​ក្តី បទ​បញ្ញត្តិ​របស់​ព្រះ​អង្គ​សង្រ្គោះ​ឲ្យ​យើង​​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ដែល​ទ្រង់​ស្រឡាញ់​​យើង​គឺ​ប្រហែល​ជា​ឧបសគ្គ​ដ៏​ធំ​ជាង​គេ​របស់​យើង។ ខ្ញុំ​សូម​អធិស្ឋាន​ថា សូម​ឲ្យ​យើង​អាច​យល់​ការណ៍​នេះ ហើយ​ស្វែង​រក​ដើម្បី​រស់​នៅ​គ្រប់​ទំនាក់​ទំនង និង​សកម្មភាព​​យើង នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន។

កំណត់​​ចំណាំ

  1. ថូម៉ាស  អេស ម៉នសុន «Love—the Essence of the Gospel» Ensign Liahona ខែ ឧសភា ឆ្នាំ 2014 ទំព័រ 91 ។

  2. លិខិត​ទៅកាន់​អែលឌើរ ដាល្លិន  អេច. អូក ថ្ងៃទី 23 ខែ​មករា  ឆ្នាំ 2006 និង​ថ្ងៃទី  30 ខែ​តុលា ឆ្នាំ 2012។