ឆ្នាំ ២០១០-២០១៩
ការ​រស់នៅ​តាម​ដំណឹង​ល្អដោយ​ក្ដី​អំណរ
១០ 2014


ការ​រស់នៅ​តាម​ដំណឹង​ល្អដោយ​ក្ដី​អំណរ

ចូរ​​ទុកចិត្ត​លើ​ព្រះចេស្ដា​ជួយ​សង្គ្រោះ​របស់ព្រះយេស៊ូវគ្រីស្ទ សូម​គោរពតាម​ក្រិត្យវិន័យ និង បទបញ្ញត្តិ​ទ្រង់។ និយាយ​ម្យ៉ាងទៀតគឺ---សូម​រស់នៅតាម​ដំណឹងល្អពេញដោយ​ក្ដីអំណរ។

បងប្អូនស្រី និង​មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ ព្រមទាំង​ជាសិស្សដ៏​មាន​ពរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​មាន​កិត្តិយស​ដោយ​មាន​ឱកាស​នេះ ​ជួប​ជុំ​នឹង​បងប្អូន​រាល់គ្នា កាល​​យើង​បើកនៅ​សន្និសីទទូទៅ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មួយ​ទៀត។ នៅ​សប្ដាហ៍​ក្រោយ​នេះ គណៈប្រធានទីមួយ​ និង ពួក​សាវក​ដប់ពីរនាក់​នឹង​ជួប​នឹង​​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ថ្នាក់​ដឹកនាំ​អង្គការ​ជំនួយ​ទូទៅ​ទាំងអស់ ហើយ​សម័យ​ប្រជុំ​ផ្សេងទៀត​នៃ​សន្និសីទ​ទូទៅ​របស់​យើង​ជុំវិញ​ពិភពលោក ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ​។ ខ្ញុំ​មាន​អំណរ​គុណ​ជាខ្លាំងចំពោះ​ ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​ជា​ព្យាការី​របស់​ព្រះ​សម្រាប់​ជំនាន់​របស់​យើង ដែល​សុំ​ខ្ញុំ​ឲ្យ​តំណាង​គណៈប្រធានទីមួយ ថ្លែង​ទៅកាន់​បងប្អូន​ស្រី​នៃ​សាសនាចក្រ​នេះ។

កា​ល​ខ្ញុំ​គិត​ពី​អ្វី​ដែល​ខ្ញុំ​គួរ​និយាយ គំនិត​ខ្ញុំ​បាន​នឹក​ឃើញ​ពី​ស្ត្រី​ដែល​បាន​លត់ដំ​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ឆ្លង​កាត់​ឧបសគ្គ​ក្នុង​ជីវិត​នេះ។ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ជីដូន​ខ្ញុំ ដែល​បាន​សម្រេច​ចិត្ត​នាំ​គ្រួសារ​គាត់​ទៅ​ការ​ប្រជុំ​សាក្រាម៉ង់​របស់​ពួក​មរមន​ កាល​ពី​ច្រើន​ទសវត្សរ៍​មុន។ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​បងស្រី អេវីគ ជាស្ត្រី​មេម៉ាយ​ជរា​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ដែល​ឈ្មោះ​គាត់​ប្រែ​ជា​ភាសា​អង់​គ្លេស​មាន​ន័យ​ថា «​បងស្រី​អស់​កល្ប»។ គាត់​ជា​អ្នក​ដែល​បានធ្វើ​ការ​អញ្ជើញ​ដ៏​ក្លាហាន ហើយ​អស្ចារ្យ​នេះ​ដល់​ជីដូន​ខ្ញុំ។ ខ្ញុំ​មាន​អំណរ​គុណ​ជាខ្លាំង​ចំពោះ​ម្ដាយ​ខ្ញុំ​ដែល​បានដឹកនាំ​កូន​ទាំង​បួន​ឆ្លង​កាត់​ភាពជ្រួលច្របល់​នៃ​សង្គ្រាម​លោក​លើក​ទីពីរ​។ ខ្ញុំ​ក៏​គិត​ពី​កូនស្រី និង​ចៅៗស្រី​ខ្ញុំ ព្រមទាំង​ជំនាន់​អនាគត​នៃ​ស្ត្រី​ដ៏​ស្មោះត្រង់​ ដែល​កើត​​នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ។

ហើយ​ខ្ញុំ​ពិត​ជា​មាន​អំណរគុណ​ដ៏​អស់កល្ប​ចំពោះ​ភរិយា​ខ្ញុំ ហារីត ដែល​បាន​ធ្វើឲ្យ​ខ្ញុំ​ជាប់ចិត្ត​កាល​ពី​ក្មេង ដែល​បាន​ទ្រាំទ្រ​នូវ​បន្ទុក​ដ៏ធ្ងន់​បំផុត​នៃ​គ្រួសារ​វ័យក្មេង​របស់​យើង ក្នុងនាម​ជា​ម្ដាយ បាន​ឈរ​ក្បែរ​ខ្ញុំ​ក្នុងនាម​ជា​ភរិយា ហើយ​បាន​ស្រឡាញ់​ និង​មើល​ថែ​ដល់​កូនៗ ចៅៗ និងចៅទួត​យើង។ គាត់​ជា​កម្លាំង​ដ៏រឹងមាំ​ក្នុង​គ្រួសារយើង ទាំងគ្រារីករាយ និង គ្រាសោកសៅ។ គាត់​នាំ​យក​សុភមង្គល​មក​ក្នុង​ជីវិត​មនុស្ស​ដែ​លស្គាល់គាត់។

ជាចុងក្រោយ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​បងប្អូន​រាល់គ្នា ជាបងប្អូនស្រីដ៏ស្មោះត្រង់​រាប់លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​គ្រប់​វ័យ​ដែល​ធ្វើ​កិច្ចការ​យ៉ាងច្រើន ដើម្បី​ស្ថាបនា​នគរព្រះ។ ខ្ញុំសូម​អរគុណបងប្អូន​ចំពោះ​របៀប​ជាច្រើន​រាប់មិន​អស់​ដែល​បងប្អូន​បានបំផុស បាន​បីបាច់ និង​បាន​ឲ្យ​ពរ​​ដល់​មនុស្សនៅ​ជុំវិញខ្លួន។

ពួកបុត្រី​នៃព្រះ

ខ្ញុំ​រីករាយដោយ​បាន​នៅ​ក្នុង​ចំណោមបុត្រីនៃព្រះយ៉ាងច្រើន។ កាល​យើង​ច្រៀង​បទ «​​ខ្ញុំ​ជាកូនរបស់ព្រះ» ទំនុកបទ​នេះ​បាន​ចាក់ចូល​ក្នុងចិត្ត​យើង។ ដោយ​គិត​ពី​សេចក្ដីពិត​នេះ—ថា​យើង​គឺជា​កូនចៅ​នៃ​ព្រះមាតាបិតាសួគ៌1—វា​ធ្វើ​ឲ្យ​យើង​ពោរពេញ​ដោយ​អារម្មណ៍​នៃដើម​កំណើត គោលបំណង និង ជោគវាសនាយើង។

វា​ជាការ​ល្អ​ដើម្បីចងចាំ​ជានិច្ច​ថា បងប្អូន​ជាកូនចៅនៃព្រះ​។ ចំណេះដឹង​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​ឆ្លងកាត់​គ្រា​ដ៏លំបាក​បំផុត​ក្នុង​ជីវិត ហើយ​វា​នឹង​បំផុស​គំនិត​ដល់​បងប្អូន​ឲ្យ​សម្រេច​បាន​នូវ​រឿងដ៏​អស្ចារ្យ។ ប៉ុន្តែ វា​ក៏​សំខាន់​ដែរ​ដើម្បីចងចាំថា ការ​ធ្វើ​ជាបុត្រីនៃ​ព្រះមាតាបិតា​អស់កល្ប​ ពុំមែន​ជា​រឿង​ខុស​ប្លែក​មួយ​ដែល​បងប្អូន​មាន ឬ​នឹង​មានជានិច្ច​នោះទេ​។ បងប្អូន​នឹង​នៅតែ​ជា​បុត្រីនៃព្រះជារៀងរហូត។ ព្រះវរបិតាសួគ៌​មាន​​ប្រាថ្នា​ដ៏​ខ្ពស់​សម្រាប់បងប្អូន ប៉ុន្តែដើម​កំណើត​ដ៏ទេវភាព​របស់​បងប្អូន តែម្យ៉ាង មិន​អាច​ធានា​​បង​ប្អូន​ទទួល​នូវ​​មរតក​ដ៏ទេវភាពបាន​ឡើយ។ ព្រះបាន​បញ្ជូន​បងប្អូន​មក​ទីនេះ ដើម្បី​រៀបចំខ្លួន​សម្រាប់អនាគតដ៏ធំលើស​ពី​អ្វីៗដែល​បងប្អូន​អាច​នឹកស្រម៉ៃឃើញ​ទៅ​ទៀត។

ព្រះពរ​ដែល​បាន​សន្យា​ចំពោះ​ជន​ស្មោះត្រង់ មានភាពរុងរឿង ហើយ​បំផុស​គំនិត។ ក្នុង​នោះ ​រួមមាន « បល្ល័ង្ក...នគរ...ក្សត្របុរី... និង​អំណាច...អំណាច​គ្រប់គ្រង...គ្រប់ទីកម្ពស់ និង ជម្រៅទាំងអស់»។2 ហើយ​វា​តម្រូវ​ឲ្យ​មាន​លើស​ពី​សំបុត្រ​កំណើត​ខាង​វិញ្ញាណ ឬ «បណ្ណសមាជិក​ជា​កូនចៅ​នៃ​ព្រះ» ដើម្បីសក្ដិសម​ទទួល​​ពរជ័យ​​ដែ​លមិន​កាត់ថ្លៃ​បានទាំងនេះ​។

តើ​យើងអាច​ទទួលបាន​​តាម​របៀប​ណា?

ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយ​នឹង​សំណួរ​នេះនៅ​ក្នុង​ជំនាន់​យើង​ថា៖

«លើកលែងតែ​អ្នក​រាល់គ្នា​នៅ​ជាប់​នឹង​ក្រិត្យ​វិន័យ​របស់​យើង នោះ​អ្នករាល់គ្នា​ពុំ​អាច​បាន​សិរីល្អ​នេះឡើយ។

«ត្បិត​ទ្វារ​នោះតូច ហើយ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ភាព​ដំកើង​ឡើងក៏ចង្អៀត​ផង …។

«… ចូរ​អ្នករាល់គ្នា​ ទទួល​ក្រិត្យវិន័យ​របស់​យើង​ចុះ»។3

ដោយ​ហេតុផលនេះ ទើ​ប​យើង​និយាយ​ពី​ការ​ដើរ​លើ​ផ្លូវ​នៃ​ភាពជាសិស្ស។

យើង​និយាយ​ពី​ការគោរពប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិព្រះ។

យើង​និយាយ​ពី​ការ​រស់​នៅ​តាម​ដំណឹងល្អ​ពេញ​ដោយ​ក្ដីអំណរ ឲ្យ​អស់​ពី​ចិត្ត ​ពលំ និង ព្រលឹង​យើង។​

ព្រះទ្រង់​ជ្រាបដឹងពី​រឿង​ ដែល​យើង​មិន​ដឹង​

ប៉ុន្តែ​ចំពោះ​យើងមួយចំនួន ការគោរពប្រតិបត្តិ​តាម​បទបញ្ញត្តិ​ព្រះ ​ពុំមែនជា​​អារម្មណ៍ពេញ​ដោយ​ក្ដីអំណរ​ជានិច្ច​នោះទេ។ ចូរ​យើងទទួលស្គាល់​ពី​រឿងនេះថា ៖ មាន​បទបញ្ញត្តិខ្លះ​ហាក់ដូចជា​ពិបាក ឬ​ងាយស្រួល​ពេក--- ជា​បញ្ញត្តិដែល​យើង​ចាប់ផ្ដើម​ជាមួយ​នឹង​ចិត្តសាទរដូចជា​កូន​ក្មេង​ម្នាក់​ដែល​កំពុង​អង្គុយ​ពីមុខ​ចាន​អាហារ ដែល​​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ ប៉ុន្តែ​ស្អប់​បន្លែ​ដូច្នោះដែរ។ យើង​សង្កៀតធ្មេញ ហើយ​បង្ខំចិត្ត​ធ្វើតាម ដើម្បី​យើងអាច​ធ្វើ​សកម្មភាពដែល​ចង់ធ្វើ​បន្ថែម​ទៀត។

ប្រហែលជា​ក្នុង​គ្រា​បែបនេះ​ យើង​អាច​រកឃើញ​ខ្លួន​ឯងសួរ​ថា «តើ​យើង​ពិត​ជា​ត្រូវ​គោរព​តាម​រាល់​បទបញ្ញត្តិ​នៃព្រះ​មែនឬ?»

ចម្លើយ​របស់ខ្ញុំ​ចំពោះ​សំណួរ​នេះ​គឺសាមញ្ញថា៖

ខ្ញុំ​គិត​ថា ព្រះទ្រង់​ជ្រាបដឹង​ពី​រឿង​ដែល​យើង​មិន​ដឹង​—រឿង​ដែល​ហួសពីសមត្ថភាព​ដែលយើងអាច​យល់​ដឹងបាន​! ព្រះវរបិតា​សួគ៌​យើង ​គឺ​ជាអង្គដ៏អស់កល្ប ហើយ​មាន​បទពិសោធន៍ ​ប្រាជ្ញា និង ភាព​ប៉ិនប្រសប់​លើស​ពី​យើង។4 លើស​ពី​នេះ​ទៀត ទ្រង់​ក៏​ជា​អង្គ​ដែល​មាន​សេចក្តីស្រឡាញ់ សេចក្ដី​​មេត្តាដ៏អស់កល្បផងដែរ ហើយ​ផ្ដោត​លើ​គោលដៅ​ដ៏ប្រពៃ​មួយ​គឺ៖ ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស។5

និយាយ​ម្យ៉ាងទៀត គឺ​ទ្រង់មិន​គ្រាន់តែជ្រាបដឹង ពី​អ្វីដែល​ល្អបំផុត​សម្រាប់​បងប្អូន​ប៉ុណ្ណោះទេ ប៉ុន្តែ​ទ្រង់​ក៏ សព្វព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ជ្រើសរើស អ្វី​ដែល​​ល្អ​បំផុត​សម្រាប់ខ្លួនឯងផងដែរ។

បើ​បង​ប្អូន​ជឿ​រឿងនេះ​នៅ​ក្នុង​ចិត្ត---បើ​បងប្អូន​ពិត​ជា​ជឿលើ​បេសកកម្ម​ដ៏អស្ចារ្យ​របស់​ព្រះវរបិតា​យើង​ថា ​ដើម្បី​លើក​តម្កើង ហើយ​ផ្ដល់​សិរីល្អ​ដល់​កូនចៅ​ទ្រង់ ហើយ​ថា​ទ្រង់ជ្រាបដឹង​​ពីរបៀបដ៏ល្អបំផុត​ដើម្បី​ធ្វើ​វានោះ​មែន---តើ​វា​មិន​សម​ឲ្យ​យើងដើម្បី​ឱបក្រសោប ហើយធ្វើ​តាម​បទបញ្ញត្តិ​ទ្រង់ សូម្បី​តែ​បទបញ្ញត្តិ​ដែល​ពិបាកទេឬអី? តើ​យើង​មិន​គួរឲ្យ​តម្លៃ​ទៅ​លើ​បង្គោលភ្លើង​ដែល​ទ្រង់​បាន​ប្រទាន ​ដើម្បី​ដឹកនាំ​យើង​ឆ្លងកាត់ភាពងងឹត និង ការ​សាកល្បង​ក្នុង​ជីវិត​នេះទេឬអី? វា​គូសដានផ្លូវ​ត្រឡប់ទៅ​រក​ផ្ទះ​សួគ៌ា​របស់​យើង​វិញ! ដោយ​ការ​ជ្រើស​យក​ផ្លូវ​របស់​ព្រះវរបិតា បងប្អូន​បាន​ដាក់គ្រឹះ​ដ៏ទេវភាព​មួយ​សម្រាប់ការ​រីកចម្រើន​​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​បុត្រី​នៃព្រះ ដែលវា​នឹង​ផ្ដល់​ពរជ័យ​ដល់​បងប្អូន​ពេញ​មួយ​ជីវិត។

ខ្ញុំ​គិត​ថា ផ្នែក​មួយ​នៃ​ឧបសគ្គ​របស់យើង​គឺថា យើង​ស្រម៉ៃថា ព្រះ​បាន​ចាក់សោរទុក​រាល់ពរជ័យ​របស់​ទ្រង់​នៅ​ស្ថានសួគ៌​ក្នុង​ដុំពពក​ដ៏ធំ​មួយ ដោយមិន​ព្រម​ប្រទាន​ឲ្យ​យើង​ឡើយ ទាល់​តែ​យើង​ធ្វើ​តាមតម្រូវការ​ដ៏តឹងរឹង​មួយ​ចំនួន ​ដែល​ទ្រង់​បាន​ដាក់​ជាមុនសិន។ បទបញ្ញត្តិ​ទាំងនោះ ​មិន​ដូច្នោះទេ។ ធាតុពិត ព្រះវរបិតាសួគ៌​តែងចាក់ស្រោច​ព្រះពរ​មក​លើ​យើង។ ប៉ុន្តែការ​ភ័យខ្លាច ការ​សង្ស័យ និង អំពើ​បាប​យើង​ ដែល​ប្រៀបដូចជាឆ័ត្រវិញ​ទេតើ​ដែល​រារាំងពរជ័យ​ទាំងនេះ​ចំពោះ​យើង។​

បទបញ្ញត្តិ​ទ្រង់​គឺជា​ការណែនាំ​ដោយ​ក្ដីស្រឡាញ់ និង ជា​ជំនួយ​ដ៏ទេវភាព​​សម្រាប់​យើង​ឲ្យ​​​បិទ​ឆ័ត្រ​នោះ ដើម្បី​យើងអា​ច​ទទួល​បាន​នូវការ​ស្រោច​ស្រប់នៃ​ពរជ័យ​សួគ៌ា​​។

យើង​ត្រូវ​ទទួលស្គាល់ថា​​បទបញ្ញត្តិ​ព្រះ ពុំមែនជា​បញ្ជីនៃគំនិតល្អៗដ៏វែងនោះឡើយ។ វា​ពុំមែនជា «ល្បិច» មក​ពី​ទំព័របណ្ដាញ​អ៊ិនធើរណែត ឬ​ពាក្យ​ដកស្រង់លើក​ទឹកចិត្ត​ពី​កម្មវីធី ភីនធើរេស នោះទេ។ វា​មាន​នូវពាក្យ​ទូន្មានដ៏ទេវភាពដោយ​ផ្អែក​លើ​សេចក្ដីពិត​ដ៏អស់កល្ប ដែល​បាន​ប្រទាន​ឲ្យ​ ដើម្បី​នាំមកនូវ «សេចក្ដីសុខសាន្តនៅ​នាលោកិយ​នេះ និងជីវិត​ដ៏នៅអស់កល្ប​ជានិច្ច​នៅ​បរលោកនាយ»។6

ដូច្នេះ​ យើង​មាន​ជម្រើស​មួយ ។ ផ្នែក​ម្ខាង​យើង​មាននូវ​​ទស្សនៈលោកិយដែល​មាន​ទ្រឹស្ដីផ្លាស់ប្ដូរជានិច្ច និង មាន​ហេតុផល​មិន​ជាក់លាក់។ រីឯផ្នែក​ម្ខាងទៀត យើង​ក៏​មាន​បន្ទូល​របស់ព្រះសម្រាប់កូនចៅទ្រង់---ជា​ប្រាជ្ញាញាណដ៏អស់កល្ប ជាការ​សន្យាដ៏ពិត និង​ជា​ការ​ណែនាំ​ដោយ​ក្ដីស្រឡាញ់​របស់ទ្រង់​ សម្រាប់​ការ​ត្រឡប់ទៅរកវត្តមាន​ទ្រង់វិញ ដោយ​សិរីល្អ ក្ដីស្រឡាញ់ និង ភាពខ្ពង់ខ្ពស់។

ជម្រើស​នោះ​គឺជា​របស់​បងប្អូន!

ព្រះដ៏បង្កបង្កើត​នៃ​មហាសមុទ្រ វា​លខ្សាច់ និងផ្កាយ​រាប់មិនអស់ កំពុង​ឈោង​ទៅរក​បងប្អូននៅថ្ងៃនេះ! ទ្រង់​កំពុងប្រទាន​នូវ​រូបមន្ត​ដ៏ធំ ​សម្រាប់សុភមង្គល ក្ដីសុខសាន្ត និង ជីវិត​ដ៏អស់កល្ប!

ដើម្បីមាន​សិទ្ធិទទួល​បាន​ពរជ័យ​ដ៏រុងរឿង​ទាំងនេះ បងប្អូន​ត្រូវបន្ទាបខ្លួន អនុវត្ត​សេចក្ដីជំនឿ លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ស្វែងរកទ្រង់ ទាំងក្នុង​ពាក្យ​សម្ដី និង ទង្វើ​ ហើយ «ឈរជា​សាក្សី ​[ដ៏រឹងមាំ​] ដល់​ព្រះនៅ​គ្រប់​ពេល និងគ្រប់​សេចក្ដី និងគ្រប់ទីកន្លែង»។7

ហេតុផល​នៃការ​គោរពប្រតិបត្តិ

កាលណា​បងប្អូន​យល់ដឹងអំ​ពី​និស្ស័យ​ពិត​នៃព្រះ និង បទបញ្ញត្តិ​ទ្រង់ នោះ​បងប្អូន​ក៏​នឹង​យល់​ពីខ្លួនឯង និង គោលបំណង​ដ៏ទេវភាព​នៃ​ជីវិតនេះ​ប្រសើរ​ជាងមុន​ដែរ។ ដោយ​ហេតុផលនេះ ការ​លើ​ក​ទឹកចិត្ត​ឲ្យបងប្អូន​ធ្វើតាម​បទបញ្ញត្តិ ​បាន​ផ្លាស់ប្ដូរ ហើយ​វា​បាន​ក្លាយ​ជាបំណងប្រាថ្នា​ចេញ​ពី​ដួងចិត្ត​​ ដើម្បី​រស់នៅ​តាម​ដំណឹងល្អពេញ​ដោយ​ក្ដីអំណរ។

ឧទាហរណ៍ ជនដែលគិត​ថា ការ​ចូលរួម​ក្នុង​ប្រជុំរបស់​សាសនាចក្រ​ ជារបៀបផ្ទាល់ខ្លួន​​​មួយ​ដើម្បី​​បង្កើន​ក្ដីស្រឡាញ់​ខ្លួន​ចំពោះព្រះ រកក្ដីសុខសាន្ត លើក​ស្ទួយ​អ្នកដទៃ ស្វែងរក​ព្រះវិញ្ញាណ ហើយ​ធ្វើ​ការកែ​ប្រែ​ចិត្ត​ជាថ្មីដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ នោះ​គេ​នឹងរកឃើញនូវបទពិសោធន៍​ដ៏មាន​តម្លៃ លើស​ពីជន​ដែលគ្រាន់តែចំណាយ​ពេល​អង្គុយ​នៅ​លើ​កៅអី។ បងប្អូន​ស្រីអើយ វា​គឺជា​​រឿងដ៏ សំខាន់ដែល​យើង​ត្រូវចូលរួម​នៅ​ប្រជុំថ្ងៃ​អាទិត្យ ប៉ុន្តែខ្ញុំ​ជឿ​ជាក់​ថា ព្រះវរបិតាសួគ៌​យើង គឺ​ខ្វល់ព្រះទ័យ​យ៉ាងខ្លាំង​ពី​សេចក្ដីជំនឿ និង​ការ​ប្រែចិត្ត​របស់យើង ជាងស្ថិតិ​នៃការ​ចូល​រួម​ទៅទៀត។

នេះ​ជា​ឧទាហរណ៍​មួយ​ទៀត៖

មាន​​ម្ដាយ​ទោ​លម្នាក់ មាន​កូនតូចពីរនាក់ នាង​បាន​កើត​​ជំងឺកញ្ច្រិល​ថ្មីៗនេះ។ ពិតណាស់ មិន​យូរ​ប៉ុន្មាន កូននាង​ក៏​មាន​ជំងឺ​នេះដែរ។ កិច្ចការ​ដើម្បី​មើល​ថែខ្លួន​ឯង និង កូនៗតែម្នាក់ឯង វា​គឺជា​រឿង​លំបាក​ណាស់សម្រាប់ម្ដាយ​វ័យ​ក្មេងម្នាក់នេះ។ ដោយ​ហេតុ​នោះហើយ ផ្ទះដែល​ធ្លាប់តែស្អាត បែរជា​មាន​ភាពរាយប៉ាយ ហើយ​រញ៉េរញ៉ៃ។ ចានប្រលាក់ជា​ច្រើន​នៅ​ក្នុង​កន្លែង​​លាងចាន ហើយខោអាវ​នៅ​ពាស​ពេញ​ផ្ទះ។

កាលនាងស្មុគស្មាញ​នឹង​កូន​ដែល​កំពុងស្រែកយំ--ហើយ​ចង់យំខ្លួន​ឯងផង--នោះ​មាន​សំឡេងគោះទ្វារ​។ គ្រូបង្រៀនសួរសុខទុក្ខ​នាង​បាន​មក។ ពួកគេ​បាន​ឃើញ​ពី​អារម្មណ៍តានតឹង​របស់​ម្ដាយ​វ័យ​ក្មេង​រូបនេះ។ ពួកគេ​បាន​ឃើញផ្ទះ និង ផ្ទះ​បាយ​នាង។ ពួកគេ​បាន​ស្ដាប់​ឮ​​សំឡេងស្រែក​យំ​រ​បស់​កូនៗ​នាង។

ឥឡូវ បើ​បងប្អូនស្រី​ទាំងនេះ ​ខ្វល់ខ្វាយ​តែពី​ការ​បំពេញ​ការ​សួរសុខទុក្ខប្រចាំ​ខែ​ ​ដែល​ពួកគេ​ទទួល​បាន​ការ​​ចាត់តាំងតែ​ម្យ៉ាង នោះ​ពួកគេ​អាច​នឹង​ហុច​នំឃុកឃី​មួយចាន​ឲ្យ​ម្ដាយ​ម្នាក់​នោះ ដោយ​ប្រាប់ថា ពួកគេ​មិន​បាន​ឃើញ​នាង​នៅ​ក្នុង​ថ្នាក់សមាគមសង្គ្រោះ​កាល​ពីអាទិត្យមុន រួច​ក៏​ពោល​ពាក្យ​បែបនេះ​ថា «បើ​មាន​អ្វីដែល​យើងអាចធ្វើ​ ចូរ​ប្រាប់យើង​ឲ្យ​បាន​ដឹង​ផង!» រួច​ពួកគេបាន​ចាកចេញទៅ​ដោយក្ដីរីករាយ ដោយ​មាន​អំណរគុណ​ថា ពួកគេធ្វើ​បាន 100 ភាគរយ​ សម្រាប់មួយខែទៀតហើយ។

ជាភ័ព្វសំណាងល្អ បងប្អូនស្រី​ទាំងនេះ ​គឺជា​សិស្សពិត​របស់​ព្រះគ្រីស្ទ។ ពួកគេ​បាន​សង្កេតឃើញ​ពី​សេចក្ដីត្រូវការ​របស់​បងប្អូនស្រីខ្លួន ហើយ​បាន​ប្រើ​ទេពកោសល្យ​ និង​បទពិសោធន៍​ដែល​ពួកគេមាន​ដើម្បី​ជួយ។ ពួកគេ​បានរៀបចំភាព​រញ៉េរញ៉ៃ​នោះ បានបោសសម្អាតផ្ទះ ហើយ​បាន​ទូរស័ព្ទទៅមិត្ត​ម្នាក់​ឲ្យ​យក​អាហារ​ដែល​ត្រូវការ​ចាំបាច់​មក។ នៅទីបំផុត កាល​ពួកគេបាន​បញ្ចប់កិច្ចការខ្លួន ហើយ​បាន​លាចេញទៅ ពួកគេបានបន្សល់ទុក​ឲ្យ​ម្ដាយ​វ័យ​ក្មេង​នោះនូវ​ទឹកភ្នែក---ជាទឹកភ្នែក​នៃ​អំណរគុណ និងក្ដីស្រឡាញ់។

ចាប់ពីពេលនោះមក ទស្សនៈរបស់​ម្ដាយវ័យ​ក្មេង​ម្នាក់​ស្ដីពី​ការបង្រៀន​សួរសុខទុក្ខ​បាន​ផ្លាស់​ប្ដូរ។ នាង​បាន​ពោលថា «​ខ្ញុំ​ដឹង​ថា ពួកគេពុំមែន​គ្រាន់តែមក​សួរ​សុខទុក្ខ​ខ្ញុំ ដោយសារ​ពួកគេ​ត្រូវបាន​ចាត់​ឲ្យ​មក​នោះទេ»។

ពិតណាស់ គ្រូបង្រៀនសួរសុខទុក្ខ​ ត្រូវ​មាន​ភាពស្មោះត្រង់ក្នុង​ការ​ធ្វើ​ឲ្យ​ការ​សួរសុខ​ទុក្ខប្រចាំខែ​របស់ខ្លួន ដោយ​មិន​ភ្លេច​ពី​ ហេតុផល ដ៏សំខាន់ដែល​នៅ​ពីក្រោយ​បទបញ្ញត្តិនេះ៖ គឺការ​ស្រឡាញ់ព្រះ និង បងប្អូនខ្លួន។

កាល​យើង​ចាត់ទុក​បទបញ្ញត្តិ​ព្រះ និង​ផ្នែក​របស់​យើង​ក្នុង​ការ​ស្ថាបនា​នគរទ្រង់ ដូចជា​អ្វីមួយដែលត្រូវធ្វើ​ ដោយសារ​ទទួលបាន​ការ​ចាត់តាំង នោះ​យើង​ខ្វះនូវដួងចិត្ត​នៃ​ភាព​ជាសិស្ស​ហើយ។ យើង​ខ្វះ​នូវ​ការ​រីកចម្រើន​ដែល​កើត​ចេញ​ពី​ការ​រស់នៅ​តាម​បទបញ្ញត្តិ​នៃ​ព្រះវរបិតា​សួគ៌​យើង​ពេញ​ដោយ​ក្ដីអំណរហើយ​។

ការ​ដើរ​នៅ​លើ​ផ្លូវ​នៃ​ភាព​ជាសិស្ស មិន​ចាំបាច់ត្រូវ​មាន​បទពិសោធន៍មួយ​ដ៏ជូរចត់​នោះទេ។ វា​មាន​ភាព «ផ្អែម​ជាង​អ្វីៗ​​ដែល​ផ្អែមទាំងអស់»។8 វា​ពុំមែន​ជា​បន្ទុក​សម្រាប់​យើង​ឡើយ។ ភាពជាសិស្សលើកស្ទួ​យវិញ្ញាណ​យើង ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​បាន​ធូរ​ស្រាល។ វា​បំផុស​យើង​ឲ្យ​មាន​សេចក្ដីជំនឿ ក្តីសង្ឃឹម និង ចិត្តសប្បុរស។ វា​បំពេញ​វិញ្ញាណយើង​ដោយ​ពន្លឺក្នុង​គ្រាងងឹត និងភាពស្ងប់ក្នុងគ្រាសោកសៅ។

វា​ផ្ដល់​ឲ្យ​យើង​នូវ​អំណាច និង ក្ដីអំណរ​ជានិរន្តរ៍។

ការ​រស់នៅ​តាម​ដំណឹង​ល្អដោយ​ក្ដី​អំណរ

ឱ បងប្អូនស្រីនៅ​ក្នុង​ដំណឹងល្អជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ មិនថា​បងប្អូន​មាន​អាយុ 8 ឆ្នាំ ឬ 108 ឆ្នាំ​នោះទេ មាន​នូវ​រឿង​មួយ​ដែល​ខ្ញុំ​សង្ឃឹម​ថា បងប្អូនពិតជា​យល់ ហើយ​ដឹង​ គឺថា៖

បងប្អូន​មាន​អ្នក​ស្រឡាញ់។

បងប្អូន​មាន​តម្លៃ​បំផុត​ចំពោះ​ព្រះមាតាបិតាសួគ៌។

ព្រះដ៏បង្កបង្កើត​នៃ​ពន្លឺ និង ជីវិត​ជានិរន្តរ៍ និង អស់កល្ប​ ទ្រង់ស្គាល់បងប្អូនរាល់គ្នា! ទ្រង់ខ្វល់ខ្វាយពី​បងប្អូន។

ពិតណាស់ ព្រះស្រឡាញ់​បងប្អូននៅ​ថ្ងៃនេះឯង។

ទ្រង់​មិន​បាន​រង់ចាំ​ដើម្បីស្រឡាញ់បងប្អូន​ ដរាបណាបងប្អូន​បាន​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ និង ទម្លាប់អាក្រក់​របស់​ខ្លួន​នោះទេ។ ទ្រង់ស្រឡាញ់​បងប្អូន​នៅថ្ងៃ​នេះ ដោយ​បាន​ជ្រាបគ្រប់​យ៉ាងពី​​ឧបសគ្គ​របស់​បងប្អូន។ ទ្រង់​ជ្រាប​ថា បងប្អូនបាន​ទូល​ទៅកាន់ទ្រង់ក្នុងការអធិស្ឋានដែលចេញពីចិត្ត និងពេញ​ដោយ​ក្ដីសង្ឃឹម។ ទ្រង់ជ្រាបពីគ្រា​​ដែល​បងប្អូន​បាន​តោងខ្ជាប់នឹង​ជំនឿ​ដែល​ថយ​ចុះ ហើយ​ជឿ---សូម្បី​តែ​ក្នុង​ភាពងងឹតក្ដី។ ទ្រង់ជ្រាប​ពី​ការ​រងទុក្ខ​របស់​បងប្អូន។ ទ្រង់ជ្រាបពី​វិប្បដិសារីរបស់​បងប្អូន​ចំពោះគ្រាដែល​បងប្អូនមាន​កំហុស ឬបរាជ័យ។ ហើយ​ទ្រង់នៅតែស្រឡាញ់​បងប្អូន។

ហើយព្រះ​ជ្រាប​ពី​ជោគជ័យ​របស់បងប្អូន ទោះជា​វា​ហាក់ដូចជា​មានទំហំតូចចំពោះ​បងប្អូន​ក្ដី ទ្រង់​ទទួលស្គាល់ ហើយ​ឲ្យតម្លៃដល់​ជោគជ័យ​ទាំងនោះ។ ទ្រង់​ស្រឡាញ់​បងប្អូន ដែល​បាន​ជួ​យ​ដល់​អ្នកដទៃ។ ទ្រង់ស្រឡាញ់​បងប្អូន​ចំពោះការ​ឈោងទៅជួយ​អ្នកដទៃដែល​ទ្រនូវ​បន្ទុកដ៏ធ្ងន់​របស់ពួកគេ---សូម្បីតែពេល​បងប្អូន​កំពុង​ស្មុគស្មាញ​នឹង​បញ្ហា​ខ្លួន​ឯង​ក្ដី។

ទ្រង់​ស្គាល់បងប្អូន​យ៉ាងច្បាស់។ ទ្រង់ទតឃើញ​បងប្អូន​យ៉ាងច្បាស់---ទ្រង់ស្គាល់ពីសក្ដានុពល​របស់​បងប្អូន។ ហើយ​ទ្រង់ស្រឡាញ់​បងប្អូន---ទាំងនៅថ្ងៃនេះ និង​ជានិច្ច​តទៅ!

តើ​បងប្អូន​គិត​ថា ព្រះវរបិតាសួគ៌​ខ្វល់ព្រះទ័យ​នឹង​ការ​ផាត់មុខ ខោអាវ សក់ និងក្រចកដៃ​របស់បងប្អូន​ស្អាតដែរឬអត់ មែនទេ? តើ​បងប្អូន​គិត​ថា តម្លៃ​របស់​បងប្អូន​ចំពោះ​ទ្រង់​ផ្លាស់ប្ដូរ​ដោយ​ផ្អែក​ទៅលើចំនួន​អ្នក​តាម​ដានរឿង​បងប្អូន​នៅលើ​កម្មវិធី Instagram ឬ Pinterest មែនទេ? តើ​បងប្អូន​គិត​ថា ទ្រង់​ចង់​ឲ្យ​បងប្អូន​បារម្ភ ឬ​ថប់ចិត្ត ដោយសារ​មាន​មនុស្ស​មួយ​ចំនួន​មិន​បាន​​រាប់អាន ឬ​មិន​បាន​តាម​ដាន​បងប្អូន​នៅ​លើ​ Facebook ឬ Twitter មែនទេ? តើ​បងប្អូនគិត​ថា ភាពទាក់ទាញ​ខាង​ក្រៅ ទំហំខោអាវ ឬ​ប្រជាប្រិយភាព ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​ក្នុង​តម្លៃ​ខ្លួន​របស់​បងប្អូន​ចំពោះ​អង្គដែល​បាន​បង្កើត​សកល​លោក​នេះ​មែនទេ?

ទ្រង់​ស្រឡាញ់បងប្អូនពុំមែនដោយសារ​អ្វីដែល​អ្នក​មាន​នៅថ្ងៃ​នេះប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ព្រោះ​តែ សិរីល្អ និង​ពន្លឺ​ដែលបងប្អូន​​មាន​សក្ដានុពល ហើយ​មានបំណង​ចង់ប្រែក្លាយ​ផងដែរ។

ទ្រង់​សព្វព្រះទ័យឲ្យ​បងប្អូន​សម្រេច​បាន​នូវ​ជោគវាសនាហួស​ពីការស្រម៉ៃឃើញ​របស់​បងប្អូន​ទៅ​ទៀត​---​ដើម្បី​ត្រឡប់​​ទៅរកផ្ទះ​សួគ៌ា​របស់​បងប្អូន​វិញ​ដោយ​កិត្តិយស។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ផ្លូវ​ដើម្បីសម្រេច​បាន​នូវ​រឿងនេះ គឺជា​ការ​ដាក់បំណងប្រាថ្នា​ដ៏អាត្មានិយម និង​ មហិច្ឆតា ​ដែលមិន​សក្ដិសម​នៅ​លើ​អសនៈនៃ​ការ​លះបង់ និង ការ​បម្រើ។ បងប្អូនស្រីអើយ សូម​ទុកចិត្ត​លើ​ព្រះចេស្ដា ​ជួយ​សង្គ្រោះ​របស់ព្រះយេស៊ូវគ្រីស្ទ សូម​គោរពតាម​ក្រិត្យវិន័យ និង បទបញ្ញត្តិ​ទ្រង់។ និយាយ​ម្យ៉ាងទៀតគឺ---សូម​រស់នៅតាម​ដំណឹងល្អពេញដោយ​ក្ដីអំណរ។

ខ្ញុំសូម​អធិស្ឋាន​ថា បងប្អូន​រាល់គ្នា​នឹង​ជួបនូវរង្វាន់ដែល​ពង្រីក​​ក្ដីស្រឡាញ់​ដ៏ស្រស់ស្អាត​នៃ​ព្រះ​នៅក្នុង​ជីវិតជាបន្តបន្ទាប់ ថា​បងប្អូន​​នឹង​រកឃើញ​សេចក្ដីជំនឿ ភាពក្លាហាន និង ការ​តាំងចិត្ត​ដើម្បី​រៀន​ពី​បទបញ្ញត្តិ​ព្រះ សូម​រក្សា​វា​ក្នុង​ចិត្ត ហើយ​រស់នៅ​តាមដំណឹងល្អ​ដោយ​ក្ដីអំណរ។

ខ្ញុំ​សូម​សន្យា​ថា កាល​បងប្អូន​ធ្វើ​ដូច្នេះ បងប្អូន​នឹង​រកឃើញ​គុណសម្បត្តិ​ខ្លួន—​ដែល​ជា​​ធាតុពិត​របស់​បងប្អូន។ បងប្អូន​នឹង​រកឃើញ​នូវ​អត្ថន័យ​នៃការធ្វើ​ជា​បុត្រី​នៃ​ព្រះដ៏អស់កល្ប ជាព្រះអម្ចាស់​នៃ​រាល់សេចក្ដីសុចរិត។ ខ្ញុំ​សូម​ថ្លែទីបន្ទាល់​ពីការណ៍​នេះ ហើយ​ទុកពរជ័យ​ខ្ញុំ​នឹងបងប្អូន​រាល់គ្នា ក្នុង​នាម​ជា​សាវក​នៃ​ព្រះអម្ចាស់​ ក្នុងព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់​​ចំណាំ

  1. ព្រះមិន​គ្រាន់តែ​ជា​អង្គ​គ្រប់គ្រង និង អង្គបង្កបង្កើត​យើង​ប៉ុណ្ណោះទេ ទ្រង់​ក៏​ជា​ព្រះវរបិតាសួគ៌​យើង​ដែរ។ បុរស និង ស្ត្រី​ទាំងអស់​ គឺពិត​ជា​បុត្រា និង បុត្រីនៃ​ព្រះ។ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​បង្រៀន​ថា «កាល​ជា​វិញ្ញាណ មនុស្សគឺជា​បុត្រ​សំណប់ ហើយ​កើត​ពី​ព្រះមាតា​បិតា​សួគ៌ា ហើយ​បាន​ចិញ្ចឹមបីបាច់​ឲ្យ​ធំ​ក្នុង​វិមានដ៏អស់កល្ប​របស់​ព្រះវរបិតា ពីមុន​មក​កើត​លើ​ផែនដី​ក្នុង​រូបកាយ [សាច់ឈាម] បណ្ដោះ​អាសន្នមួយ» (Teachings of Presidents of the Church: Joseph  F. Smith [ឆ្នាំ 1998] ទំព័រ 335)។

  2. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 132:19 ។

  3. គោលលទ្ធិ និង សេចក្តីសញ្ញា 132:21–22, 24 ។

  4. សូមមើលអេសាយ 55:9

  5. សូម​មើល ម៉ូសេ 1:39

  6. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 59:23 ។

  7. ម៉ូសាយ 18:9

  8. អាលម៉ា 32:42