ឆ្នាំ ២០១០-២០១៩
លុះត្រា​យើង​ជួប​ទៀត
១០ 2014


លុះត្រា​យើង​ជួប​ទៀត

សូម​យើង​ពិចារណា​ពី​សេចក្ដីពិត​ដែល​យើង​បាន​ឮ ហើយ​សូម​ឲ្យ​សេចក្ដី​ទាំងនោះ​ជួយ​យើង​ឲ្យ​ក្លាយជា​សិស្ស​កាន់តែ​អង់អាច​ជាងមុន ។

បងប្អូន​ប្រុស​ស្រី យើង​បានមាន​បទពិសោធន៍​ពីរ​ថ្ងៃ​ដ៏​រុងរឿង​នៃ​សារលិខិត​ដ៏​បំផុស​គំនិត ។ ដួងចិត្ត​របស់​យើង​បាន​រំជួល ហើយ​សេចក្ដី​ជំនឿ​របស់​យើង​បាន​ពង្រឹង ពេល​យើង​ទទួលយក​ព្រះវិញ្ញាណ​ដែល​មាន​វត្តមាន​អំឡុងពេល​សម័យ​ប្រជុំសន្និសីទ​ទាំង​នេះ ។ ចុងបញ្ចប់​នេះ យើង​សូម​ថ្លែង​អំណរ​ព្រះគុណ​ចំពោះ​ព្រះវរបិតាសួគ៌​សម្រាប់​ពរជ័យ​ជាច្រើន​ដែល​មាន​សម្រាប់​យើង ។

យើង​ត្រូវ​បាន​ស្អាង​ឡើង ហើយ​បំផុស​គំនិត​ដោយ​តន្ត្រី​ដ៏​ពិរោះ​ដែល​បាន​ប្រគុំ​ឡើង​អំឡុង​សម័យ​ប្រជុំ​ទាំងនេះ ។ ការអធិស្ថាន​ដែល​បាន​ផ្ដល់​ឲ្យ​បាន​នាំ​យើង​ឲ្យ​ខិត​ទៅ​ជិត​ស្ថានសួគ៌ ។

ខ្ញុំ​សូម​ថ្លែងអំណរ​គុណ​ដ៏​ស្មោះ​ជំនួស​សាសនាចក្រ​ទាំងមូល​ចំពោះ​បងប្អូន​ប្រុស​ទាំងឡាយ​ដែល​បាន​ដោះលែង​ក្នុង​សន្និសីទ​នេះ ។ យើង​នឹង​នឹក​ពួកលោក ។ ការ​រួមចំណែក​របស់​ពួកលោក​ក្នុង​កិច្ចការ​នៃ​ព្រះអម្ចាស់​គឺ​ក្រាស់ក្រែល ហើយ​កូនចៅ​ជំនាន់​ក្រោយ​នឹង​មាន​អំណរគុណ ។

សូម​ឲ្យ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​នាំ​ទៅ​ជាមួយ​នូវ​ដំណោះស្រាយ​ក្នុង​ដួងចិត្ត​ដើម្បី​មាន​ភាពប្រសើរ​ជាង​មុន ។ សូម​ឲ្យ​យើង​មាន​សណ្ដានចិត្ត​ល្អ និង​ចេះគិតគូ​ឲ្យ​បាន​ដិតដល់ ។ សូម​ឲ្យ​យើង​ជួយ​ទុក្ខ​ធុរៈ​មិនត្រឹម​តែ​សមាជិក​ទេ តែ​ដល់​ជន​ទាំង​អស់ណា​ដែល​មិនមែន​ជា​សមាជិក​ផង​ដែរ ។ ពេល​យើង​ទាក់ទង​ជាមួយ​ពួកគេ សូមឲ្យ​យើង​ផ្ដល់​សេចក្ដី​គោរព​ចំពោះ​ពួកគេ ។

មាន​អ្នក​ដែល​ពុះពារ​ជាមួយ​ឧបសគ្គ​ជារៀង​រាល់ថ្ងៃ ។ សូមឲ្យ​យើង​បន្ត​ខ្វល់ខ្វាយ​ចំពោះ​ពួកគេ ក៏​ដូចជា​ជួយ​ដល់​ពួកគេ​ដែរ ។ ពេល​ដែល​យើង​យកចិត្តទុក​ដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក យើង​នឹង​ទទួល​បាន​ពរជ័យ ។

សូម​យើង​ចងចាំ​ដល់​មនុស្សចាស់ និង​អ្នក​ទាំងឡាយ​ណា​ដែល​មិន​អាច​ចេញ​ពី​ផ្ទះបាន ។ ពេល​យើង​ចំណាយ​ពេល​ទៅសួរ​សុខទុក្ខ​ពួកគាត់ ពួកគាត់​នឹង​ដឹង​ថា​យើង​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ពួកគាត់ ។ សូម​ឲ្យ​យើង​ធ្វើតាម​បទបញ្ញត្តិ​ដើម្បី «ជួយ​អ្នកទន់ខ្សោយ លើកដៃ​ដែល​រោយ ហើយ​ចំរើន​កម្លាំង​ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង» ។1

សូមឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ស្មោះត្រង់ ហើយ​សុចរិត ព្យាយាម​ធ្វើអ្វី​ដែល​ត្រូវ​គ្រប់ពេល​វេលា និង​គ្រប់​កាលៈទេសៈ ។ សូមឲ្យ​យើង​ធ្វើ​ជា​អ្នក​ដើរតាម​ព្រះគ្រីស្ទ​ដោយ​សេចក្ដី​ជំនឿ ជា​គំរូ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​កា្លយ​ជា «ពន្លឺ​នៅ​ក្នុង​លោក» ។2

បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​អរគុណ​សម្រាប់​ការអធិស្ថាន​ជំនួស​ឲ្យ​ខ្ញុំ ។ ការអធិស្ថាន​របស់​បងប្អូន​បាន​ពង្រឹង និង​ស្អាង​ខ្ញុំ​ឡើង ពេល​ដែល​ខ្ញុំ​ព្យាយាម​ដោយ​អស់​ពី​ដួងចិត្ត និង​កម្លាំង​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះអម្ចាស់ ហើយ​ដើម្បី​បម្រើ​បងប្អូន​ទាំង​អស់​គ្នា ។

ពេល​យើង​ចាក​ចេញ​ពី​សន្និសីទ​នេះ​ទៅ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ពរជ័យ​នៃ​ស្ថានសួគ៌​បាន​ស្រោចស្រព​មក​លើ​បងប្អូន​ទាំងអស់​គ្នា ។ សូម​ឲ្យ​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ ត្រឡប់​ទៅវិញ​ដោយ​សុវត្ថិភាព ហើយ​ឃើញ​អ្វី​គ្រប់យ៉ាង​ដំណើការ​ទៅ​យ៉ាង​រលូន ។ សូម​ឲ្យ​យើង​ពិចារណា​ពី​សេចក្ដីពិត​ដែល​យើង​បាន​ឮ ហើយ​សូម​ឲ្យ​សេចក្ដី​ទាំង​នោះ​ជួយ​យើង​ឲ្យ​ក្លាយជា​សិស្ស​កាន់តែ​អង់អាច​ជាង​មុន​ពេល​ដែល​សន្និសីទ​នេះ​ចាប់ផ្ដើម ។

លុះត្រា​យើង​ជួប​ទៀត​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ក្រោយ ខ្ញុំ​សូម​ដល់​ពរជ័យ​នៃ​ព្រះអម្ចាស់​បាន​ស្រោច​មក​លើ​បងប្អូន និង​ដល់​យើង​ទាំងអស់​គ្នា​ជា​ប្រាកដ ហើយ​ខ្ញុំ​សូម​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​នៃ​ទ្រង់—គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​របស់​យើង អាម៉ែន ។