ឆ្នាំ ២០១០-២០១៩
បព្វជិតភាពដែល​​រៀបចំខ្លួន
១០ 2014


បព្វជិតភាពដែល​​រៀបចំខ្លួន

ក្នុងការ​រៀបចំខ្លួន​ខាង​បព្វជិតភាព «​ការធ្វើ​ជាគំរូ»គឺសំខាន់ជាង «ការ​បង្រៀន​»។

ខ្ញុំ​មាន​អំណរណាស់ដែល​បាន​មករួម​គ្នានឹង​ពួក​កាន់បព្វជិតភាពនៃព្រះនៅជុំវិញពិភពលោក។ ខ្ញុំ​សូម​អរគុណ​ចំពោះ​សេចក្ដីជំនឿ ការបម្រើ និង​ការអធិស្ឋាន​របស់​បងប្អូន។

សារលិខិត​ខ្ញុំ​នារាត្រីនេះ ស្ដីពី​បព្វជិភាពអើរ៉ុន។ វា​ក៏​មាន​​សម្រាប់​យើង​រាល់គ្នា​ ជា​អ្នកដែល​បាន​យល់ដឹង​ពី​ការសន្យា​របស់​ព្រះ​ចំពោះ​អ្នកដែល​កាន់នូវអ្វីដែលបាន​រៀបរាប់​ក្នុង​ព្រះគម្ពីរ​ថាជា «បព្វជិតភាព​តូចជាង» នោះ។1 វា​ក៏ត្រូវបាន​ហៅ​ថា​ជា​បព្វជិតភាព​រៀបចំខ្លួន​ដែរ។ ខ្ញុំ​នឹង​និយាយ​នារាត្រី​នេះពីការរៀបចំខ្លួន​ដ៏រុងរឿងនោះ។

ផែនការ​របស់ព្រះអម្ចាស់​សម្រាប់កិច្ចការ​ទ្រង់ត្រូវបាន​បំពេញ​ដោយ​ការ​រៀបចំខ្លួន។ ទ្រង់បាន​រៀបចំ​ផែនដីនេះសម្រាប់យើង ដើម្បី​មាន​ការ​សាកល្បង និងរៀន​ពី​ឱកាស​ក្នុង​ជីវិត​​នេះ។ កាល​យើង​នៅ​ទីនេះ យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ព្រះគម្ពីរ​ហៅ​ថា «ស្ថានភាពពិសោធន៍»។2

ព្យាការី​ អាលម៉ា បាន​រៀបរាប់​ពី​សារៈសំខាន់​នៃ​ការ​រៀបចំខ្លួន​នោះ​សម្រាប់ជីវិតអស់កល្ប ពេល​យើង​អាច​រស់នៅ​ជារៀងរហូត​ជាក្រុមគ្រួសារ​ជាមួយ​នឹង​ព្រះវរបិតា និង ព្រះយេស៊ូវ​គ្រីស្ទ​។

លោក​បាន​ពន្យល់​ពី​សេចក្ដីត្រូវការ​ចំពោះ​ការរៀបចំខ្លួនបែបនេះថា៖ «ហើយ​យើង​ឃើញ​ថា សេចក្ដីស្លាប់​កើត​មាន​ឡើង​ដល់​មនុស្ស​លោក មែន​ហើយ សេចក្ដីស្លាប់​ដែល​អាមូលេក​បាន​និយាយ​នោះ ហើយ​ដែល​ជា​សេចក្ដីស្លាប់​ខាង​សាច់ឈាម ទោះ​ជា​យ៉ាងណា​ក៏ដោយ គង់តែ​មាន​រយៈពេល​មួយ​ទុក​សម្រាប់​ឲ្យ​មនុស្ស​ប្រែចិត្ត​ដែរ ហេតុដូច្នេះហើយ ជីវិត​នេះ​ក្លាយ​ទៅជា​ស្ថានភាពពិសោធន៍​មួយ គឺជា​ពេលវេលា​សម្រាប់​ប្រុង​ប្រៀប​ទៅ​ជួប​ព្រះ ជាពេលវេលា​សម្រាប់​ប្រុង​ប្រៀប​ទៅកាន់​ស្ថានភាព​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ ដែល​យើង​បាន​និយាយ គឺ​បន្ទាប់​ពី​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់»។3

ដូចជាពេល​ដែល​យើង​ត្រូវបាន​ប្រទាន​ឲ្យ​រស់​នៅ​ក្នុង​ជីវិតនេះដែរ គឺ​ដើម្បី​ជួបព្រះ ពេល​​ដែល​យើង​ត្រូវបាន​ប្រទាន​ឲ្យ​មក​បម្រើ​ក្នុង​បព្វជិតភាពអើរ៉ុនគឺ​ជា​ឱកាស​មួយ​សំរាប់រៀបចំខ្លួន​យើង​ដើម្បីរៀន​ពី​របៀបផ្ដល់​ជំនួយ​យ៉ាង​សំខាន់​ដល់​អ្នកដទៃ។ ដូចជាព្រះអម្ចាស់​បានប្រទាន​ជំនួយ​ដែល​យើង​ត្រូវការដើម្បី​យក​ឈ្នះ​ការ​សាកល្ប​ងក្នុង​ជីវិត​នេះ​ដែរ ទ្រង់​ក៏​នឹង​បញ្ជូន​ជំនួយ​ដល់​យើង​ក្នុង​ការ​រៀបចំបព្វជិតភាព​យើង​ដូចគ្នា។

សារលិខិតខ្ញុំ​គឺសម្រាប់អ្នក​ដែល​ព្រះអម្ចាស់​បញ្ជូន​ឲ្យ​មក​ជួយរៀបចំ​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ឲ្យ​បាន​ច្រើន ​​តាម​លទ្ធភាពដល់អ្នក​​កាន់​បព្វជិតភាព​អើរ៉ុន។ ខ្ញុំ​សូម​និយាយ​ទៅកាន់​ឪពុកទាំងឡាយ។ ខ្ញុំ​សូម​និយាយ​ទៅកាន់ប៊ីស្សព​ទាំងឡាយ។ ខ្ញុំ​សូម​និយាយ​ទៅ​កាន់​អស់​អ្នក​កាន់បព្វជិតភាពមិលគីស្សាដែក ដែល​ត្រូវបានទុកចិត្តឲ្យ​ធ្វើ​ជា​ដៃគូ និង​ជា​គ្រូបង្រៀន​របស់​យុវជន​ដែល​ស្ថិត​ក្នុងការ​រៀបចំបព្វជិតភាព។

ខ្ញុំ​និយាយដោយ​ការ​សរសើរ និង អំណរគុណ​ចំពោះ​បងប្អូន​រាល់គ្នា​ជាច្រើននៅជុំវិញពិភពលោក។

ខ្ញុំ​នឹង​មិន​អស់​ចិត្ត​ បើ​ខ្ញុំ​មិន​បាន​និយាយ​ពី​ប្រធាន​សាខា និង ប៊ីស្សព​របស់​ខ្ញុំ​ កាល​ពី​ខ្ញុំ​នៅ​ក្មេងនោះ។ ខ្ញុំ​ក្លាយ​ជា​ឌីកុន​នៅ​អាយុ 12 ឆ្នាំ ក្នុង​សាខា​តូច​មួយ​នៅ​ប៉ែកខាង​កើត​នៃ​សហរដ្ឋអាមេរិក។ សាខា​នោះ​តូចណាស់​ ដោយ​មាន​តែ​​ខ្ញុំ និង បងប្រុស​ខ្ញុំ​ប៉ុណ្ណោះ​ដែលជាអ្នក​​​កាន់​បព្វជិតភាពអើរ៉ុន រហូត​ដល់​ឪពុក​ខ្ញុំ ដែល​ជាប្រធាន​សាខា​នោះ បាន​អញ្ជើញ​បុរស​វ័យ​កណ្ដាល់​ម្នាក់​ឲ្យ​ចូលរួម​ក្នុង​សាសនាចក្រ។

អ្នកប្រែចិត្តជឿថ្មី​ម្នាក់នោះ​បាន​ទទួល​បព្វជិតភាពអើរ៉ុន ហើយ​បាន​ហៅ​ឲ្យ​មើលថែដល់​អ្នក​កាន់​បព្វជិភាពអើរ៉ុន។ ខ្ញុំនៅចាំ​ពីរឿងនោះយ៉ាងច្បាស់ដូចបាន​កើត​ឡើងកាល​ពី​ម្សិលមិញ ។ ខ្ញុំ​នៅ​ចាំពី​ស្លឹកឈើជ្រុះ​ដ៏ស្រស់ស្អាត កាល​អ្នកប្រែចិត្តជឿថ្មី​នោះបានធ្វើ​ដំណើរ​ជាមួយខ្ញុំ និង​បងប្រុស​ខ្ញុំ​ទៅ​ធ្វើ​កិច្ចការ​មួយ​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់។ ខ្ញុំ​មិន​ចាំ​ពី​គម្រោង​នោះទេ ប៉ុន្តែ​នៅចាំ​ពី​អារម្មណ៍​ដែល​អំណាច​បព្វជិតភាព​បាន​កើត​មាន​ក្នុងការ​ធ្វើ​អ្វីដែល​ខ្ញុំ​បាន​រៀន​នៅពេល​ក្រោយ​មក ជាអ្វីដែល​ព្រះអម្ចាស់​បាន​មានបន្ទូល​ថា យើងទាំងអស់គ្នា​ត្រូវធ្វើដើម្បី​ឲ្យ​បានអត់ទោស​ដល់​អំពើ​បាប​យើង និង​ដើម្បី​រៀបចំខ្លួន​ជួប​នឹង​ទ្រង់។

ឥឡូវ​ពេល​ខ្ញុំ​គិត​រឿងនោះ​ឡើងវិញ ខ្ញុំ​មានអំណរគុណ​ចំពោះ​ប្រធាន​សាខា​ដែល​បាន​ហៅ​អ្នក​ប្រែចិត្តជឿ​ថ្មី​ម្នាក់ ​ឲ្យ​ជួយ​ព្រះអម្ចាស់​រៀបចំ​​ក្មេងប្រុស​ពីរនាក់ ​ដែលនឹង​ក្លាយ​ជា​ប៊ីស្សពនៅ​ថ្ងៃ​មួយ ដែល​បាន​​មើ​លថែ​ដល់​ជនក្រីក្រ និង ជនខ្វះខាត ហើយ​ក៏​ធ្វើ​ជា​អធិបតី​លើ​បព្វជិតភាព​ដែល​រៀបចំ​។​

ខ្ញុំ​នៅជា​ឌីកុន ពេល​គ្រួសារ​យើង​បាន​ផ្លាស់​ទៅ​វួដ​ធំមួយ​នៅ​រដ្ឋ​យូថាហ៍។ វា​ជា​លើក​ទីមួយ​ ដែល​ខ្ញុំ​មានអារម្មណ៍​ពី​អំណាច​នៃកូរ៉ុមដ៏ពេញ​​ក្នុង​បព្វជិតភាពអើរ៉ុន។ តាម​ពិត វា​គឺ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ ។ ហើយ​ក្រោយ​មក​ទៀត វា​ជាលើក​ទីមួយ​ដែល​ខ្ញុំ​មានអារម្មណ៍​ពី​អំណាច និងពរជ័យ​ពី​ប៊ីស្សព​ដែល​ធ្វើ​ជាអធិបតី​ក្នុង​សង្ឃ​កូរ៉ុម​ ។

ប៊ីស្សព​នោះ​បាន​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ជំនួយការ​ទីមួយ​របស់​គាត់​​ក្នុង​សង្ឃ​កូរ៉ុម ។ ខ្ញុំ​ចាំ​ថា គាត់បាន​បង្រៀន​កូរ៉ុម​នោះ​ដោយ​ខ្លួនឯង---គាត់​មាន​ភាពមមាញឹកណាស់ ហើយ​គាត់អាច​ហៅ​បុរស​ដ៏​មានទេពកោសល្យ​ដទៃ​ទៀត​ឲ្យ​បង្រៀន​យើងបាន។ គាត់បានរៀប​កៅអីក្នុង​ថ្នាក់ជារង្វង់។ គាត់​បាន​ឲ្យ​ខ្ញុំ​អង្គុយ​នៅ​ខាង​ស្ដាំដៃគាត់។

ពេល​គាត់​បង្រៀន ខ្ញុំ​អាច​មើល​ឃើញ​ពី​លើ​ស្មាគាត់។ ម្ដងម្កាល​គាត់​មើលទៅ​ការកត់ចំណាំ​ខ្លីៗ​ដែ​ល​គាត់បាន​សរសេរ​​ដាក់ក្នុងសៀវភៅ​តូច​មួយដោយ​ប្រុងប្រយ័ត្ន ដែល​គាត់បាន​ដាក់វា​នៅ​លើ​ភ្លៅម្ខាង ហើយ​ម្ខាងទៀត​ដាក់ព្រះគម្ពីរ​ចាស់​មួយ​ដែល​ការ​គូស​ចំណាំ​ជាស្រេច។ ខ្ញុំនៅ​ចាំ​ពីចិត្ត​រំភើប​ កាល​គាត់​​និទាន​រឿង​របស់គាត់​ពី​ភាពក្លាហាន​នៅ​ក្នុង​គម្ពីរ​ដានីយ៉ែល និង​ទីបន្ទាល់គាត់​ពី​ព្រះអង្គសង្គ្រោះ ព្រះអម្ចាស់ ​ព្រះយេស៊ូវ​គ្រីស្ទ។

ខ្ញុំ​នៅចាំជានិច្ច​ពី​របៀប​ដែល​ព្រះអម្ចាស់​បានហៅ​​ដៃគូយ៉ាងប្រុង​ប្រយ័ត្ន​សម្រាប់​ពួកអ្នកកាន់បព្វជិតភាពរបស់​ទ្រង់​ក្នុងការ​រៀបចំខ្លួន។

ប៊ីស្សព​ខ្ញុំ​មាន​ទីប្រឹក្សា​ដ៏ពូកែ ប៉ុន្តែនៅ​ពេល​នោះ​ខ្ញុំ​មិន​បាន​យល់​អ្វីសោះ​ឡើយ គាត់បាន​ទូរស័ព្ទទៅ​ផ្ទះ​ខ្ញុំ​ជា​ច្រើន​ដង ហើយ​ពោលថា «ហល ពូត្រូវការ​ឲ្យ​ប្អូនធ្វើ​ជា​ដៃគូពូចេញទៅ​ធ្វើ​ការ​សួរសុខ​ទុក្ខ​មួយ​ចំនួន»។ មាន​គ្រាមួយ គាត់បាន​នាំ​ខ្ញុំ​ទៅ​ផ្ទះ​ស្ត្រី​មេម៉ាយ​ម្នាក់ដែល​រស់នៅ​តែ​ម្នាក់ឯង ហើយ​គ្មាន​អាហារ​ក្នុង​ផ្ទះ​សោះ។ តាម​ផ្លូវ​ត្រឡប់​មកផ្ទះវិញ គាត់បាន​ឈប់ឡាន ហើយ​បើក​ព្រះគម្ពីរគាត់ ហើយប្រាប់ខ្ញុំ​ពី​ហេតុផល​ដែល​គាត់ប្រព្រឹត្តចំពោះ​ស្ត្រី​មេម៉ាយនោះ ហាក់ដូចជា​នាង​មាន​អំណាច​មិន​គ្រាន់តែ​អាចមើលថែខ្លួន​ឯង​ប៉ុណ្ណោះទេ ប៉ុន្តែ​អាច​ជួយ​អ្នកដទៃនៅ​ថ្ងៃណាមួយ។

ការ​សួរសុខទុក្ខ​មួយទៀត ​គឺ​ទៅ​ជួប​នឹង​បុរស​ម្នាក់ដែល​បាន​ឃ្លាត​ឆ្ងាយពីសាសនាចក្រ​យ៉ាង​យូរ។ ប៊ីស្សព​ខ្ញុំ​បាន​អញ្ជើញ​គាត់​ឲ្យ​ត្រឡប់​មក​ចូល​រួម​នឹង​ពួក​បរិសុទ្ធ​វិញ។ ខ្ញុំ​បានដឹង​​ពី​សេចក្ដីស្រឡាញ់​របស់ប៊ីស្សព​ចំពោះមនុស្ស​ម្នាក់​ ដែល​សម្រាប់​ខ្ញុំ គេ​​ហាក់ដូចជា​សត្រូវ​ដែល​មិន​គួរ​ឲ្យ​ស្រឡាញ់ ហើយ​មិន​ចិត្ត​រឹងរូស។

ប៉ុន្តែ​មាន​គ្រា​មួយ​ទៀត យើង​បាន​ទៅសួរសុខទុក្ខ​ផ្ទះមួយ ដែល​មាន​ក្មេង​ស្រី​តូច​ពីរនាក់​ត្រូវបាន​ឪពុកម្ដាយ​ស្រវឹង​ស្រា​របស់ពួកគេ​បាន​ប្រាប់ឲ្យ​មក​ជួប​យើង​នៅ​មាត់ទ្វារ។ ក្មេង​ស្រី​ទាំងពីរនាក់នោះបាន​និយាយ​ប្រាប់​យើង​តាម​ទ្វារ​សំណាញ់​ថា ឪពុកម្ដាយ​គេ​កំពុង​សម្រាន្ត។ ប៊ីស្សព​បាន​ខំនិយាយ​នឹងពួកគេ ទាំងញញឹម ហើយ​សរសើរ​ពី​សន្ដានចិត្ត​ និង​ភាព​ក្លាហាន​របស់​ពួកគេ ដែលខ្ញុំ​គិត​ថា វា​មាន​រយៈពេល 10 នាទី ឬ​ច្រើន​ជាងនេះ។ កាលយើង​ដើរ​ចេញ​ពី​ផ្ទះ​នោះ​មក គាត់បាន​ពោលខ្សឹបៗថា «នោះ​ជាការសួរសុខទុក្ខ​មួយ​ដ៏ល្អ។ ក្មេង​ស្រី​ពី​រនាក់នោះ​នឹង​ចាំ​ជានិច្ច​ថាយើងបាន​មក​ទីនេះ»។

ពរជ័យ​ពីរ​ដែល​ដៃគូរៀមច្បង​ក្នុងបព្វជិតភាព​អាច​ផ្ដល់​ឲ្យ​គឺ​ការទុកចិត្ត និង​គំរូ​នៃ​ការ​មើល​ថែ។ ខ្ញុំ​បាន​ឃើញ​វា នៅពេល​កូនប្រុស​ខ្ញុំ​មាន​ដៃគូបង្រៀន​តាមផ្ទះ​ម្នាក់​ដែល​មាន​បទពិសោធន៍ខាងបព្វជិតភាពច្រើន​ជាង​គាត់។ ដៃគូ​រៀមច្បង​របស់​គាត់​ធ្លាប់ធ្វើ​ជាប្រធានបេសកកម្ម​ពីរដង ហើយ​ធ្លាប់បម្រើ​ក្នុង​តួនាទីជាថ្នាក់ដឹកនាំ​ផ្សេងទៀត។

ពីមុន​ពួកគេ​ទៅ​សួរសុខទុក្ខគ្រួសារ​មួយ ថ្នាក់ដឹកនាំ​បព្វជិតភាពដ៏មានបទពិសោធន៍​រូបនោះ បាន​សុំ​មក​ជួបកូន​ប្រុស​ខ្ញុំនៅ​ផ្ទះ​ជាមុនសិន។ ពួកគេ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​នៅស្ដាប់។ ដៃ​គូរៀម​​ច្បង​បាន​​ធ្វើការអធិស្ឋាន​សុំជំនួយ។ រួច​គាត់បាន​ពោលពាក្យ​បែបនេះទៅ​កូនប្រុស​ខ្ញុំ​ថា៖ «ពូគិត​ថា យើងគូរ​បង្រៀន​មេរៀន​មួយ​ដែល​ហាក់ដូចជា​ហៅ​គ្រួសារ​នេះ​ឲ្យ​ប្រែចិត្ត។ ខ្ញុំ​គិត​ថា ពួកគេ​ពុំទទួលយក​វា​ពី​ខ្ញុំ​ទេ ។ ពូ​គិត​ថា ពួកគេគួរ​ទទួល​សារលិខិត​នេះពីប្អូន​ជាង​ពូ។ តើ​ប្អូន​គិត​យ៉ាងម៉េច​ដែរ?»

ខ្ញុំចាំពីភាពភ័យនៅក្នុង​ភ្នែក​​កូនប្រុស​ខ្ញុំ ។ ខ្ញុំ​នៅ​តែអាច​មានអារម្មណ៍ពី​សុភមង្គ​ល​នៅ​គ្រានោះ​ដែល​កូនប្រុស​ខ្ញុំបាន​ទទួលការ​ទុកចិត្តនោះ។

វាពុំមែន​រឿង​ចៃដន្យទេដែល​ប៊ីស្សព​បាន​ដាក់​ពួកគេ​ឲ្យ​ធ្វើ​ការ​រួម​គ្នា។ ដោយ​សារ​តែ​​ការ​រៀបចំខ្លួន​យ៉ាងប្រុងប្រយ័ត្ន ទើប​ដៃគូរៀមច្បង​រូបនោះបាន​រៀន​ពីអារម្មណ៍នៃ​គ្រួសារ​ដែល​ពួកគេ​ហៀប​នឹង​​បង្រៀន។ ដោយសារ​ការ​បំផុស​គំនិត​ ទើប​គាត់​មានអារម្មណ៍​ឲ្យ​ដកខ្លួន ដើម្បី​ទុកចិត្ត​លើ​យុវជន​ដែ​លគ្មានបទពិសោធន៍ដើម្បី​ហៅ​កូនធំៗ​របស់​ព្រះ​ឲ្យ​ប្រែចិត្ត និង​ដើម្បី​មាន​សុវត្ថិភាព។

ខ្ញុំ​មិន​ដឹង​ពីលទ្ធផល​នៃ​ការ​សួរសុខទុក្ខ​របស់ពួកគេទេ ប៉ុន្តែ​ខ្ញុំ​ពិតជាដឹង​ថា ប៊ីស្សព​ អ្នក​កាន់​បព្វជិត​ភាព​មិលគីស្សាដែក​​ម្នាក់ និង ព្រះអម្ចាស់​កំពុងរៀបចំក្មេងប្រុស​ម្នាក់​ឲ្យ​ក្លាយ​ជា​បុរស​នៃ​បព្វជិតភាព និង​ជា​ប៊ីស្សព​នៅ​ថ្ងៃ​មួយ។

ឥឡូវនេះ រឿង​ដ៏ជោគជ័យ​ក្នុងការ​រៀបចំបព្វជិតភាព​ដូចនេះ​គឺបងប្អូន​បាន​ដឹង​រួចហើយ ដោយសារ​អ្វីដែល​បងប្អូន​បាន​ឃើញ ហើយ​បាន​ជួប​ក្នុង​ជីវិតបងប្អូន​ផ្ទាល់។ បងប្អូន​បាន​ដឹង​ ហើយ​ធ្លាប់ធ្វើ​ជា​ប៊ីស្សព ជាដៃគូ និង ជាឪពុកម្ដាយ​បែបនោះដែរ។ បងប្អូន​ធ្លាប់ឃើញ​ព្រះហស្ដព្រះអម្ចាស់​នៅ​ក្នុង​ការរៀបចំខ្លួន​បងប្អូន​សម្រាប់​កាតព្វកិច្ច​បព្វជិតភាពដែល​ទ្រង់​ជ្រាប​ថា​នឹង​មាន​សម្រាប់បងប្អូន។

យើង​គ្រប់គ្នា​ក្នុងបព្វជិតភាព​មាន​កាតព្វកិច្ច​មួយ​ដើម្បី​ជួយ​ព្រះអម្ចាស់​រៀបចំ​មនុស្សដទៃទៀត។ មាន​រឿង​មួយ​ចំនួន​ដែល​យើង​អាចធ្វើ ហើយ​ដែល​វា​អាច​ជារឿង​សំខាន់បំផុត។ អ្វីដែល​មាន​ឥទ្ធិពលជាង​ការ​បង្រៀនរបស់យើង​ពីគោលលទ្ធិដោយ​ប្រើពាក្យ​សម្ដី​នោះគឺ​គំរូរបស់​យើង​ក្នុងការ​រស់នៅ​តាម​គោលលទ្ធិនោះ។

រឿងដ៏សំខាន់បំផុត​ក្នុង​ការ​បម្រើ​បព្វជិតភាព​របស់​យើង​គឺ​ការ​អញ្ជើញ​មនុស្ស​ឲ្យ​មក​រក​ព្រះគ្រីស្ទតាមរយៈ​សេចក្ដីជំនឿ​​លើ​ព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណជ្រមុជទឹក និង​ការ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ ប្រធាន ថូម៉ាស អេស ម៉នសុន បានផ្ដល់ការបង្រៀន​​ដែល​បំផុស​គំនិត​ដល់​គោលលទ្ធិ​ទាំងនោះ។ ប៉ុន្តែអ្វីដែល​ខ្ញុំ​ដឹង​ពី​រឿង​ដែល​លោក​បានធ្វើ​ចំពោះមនុស្ស​ទូទៅ អ្នកផ្សព្វផ្សាយសាសនា និង​មិត្ត​​ក្នុងសាសនាចក្រ​ ពេល​ធ្វើ​ជាអធិបតី​លើ​បេសកកម្ម​ក្នុង​ទីក្រុង​តូរ៉ង់តូ បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សកម្មភាព។

ក្នុងការ​រៀបចំខ្លួន​ខាង​បព្វជិតភាព «​ការធ្វើ​ជាគំរូ»គឺសំខាន់ជាង «ការ​បង្រៀន​»។

នេះ​ជា​មូលហេតុដែល​ព្រះគម្ពីរ​មាន​សារៈសំខាន់​យ៉ាងខ្លាំងចំពោះ​ការរៀបចំខ្លួន​យើង​ក្នុងបព្វជិតភាព។ វា​ពោរពេញដោយ​គំរូ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ដូចជាអាចមើល​ឃើញ​អាលម៉ាធ្វើតាម​បង្គាប់របស់​ទេវតា រួចប្រញាប់ប្រញាល់​ត្រឡប់ទៅ​បង្រៀន​មនុស្សទុច្ចរិត​ក្នុង​អាំម៉ូណៃហាដែល​បាន​បដិសេធ​គាត់។4 ខ្ញុំ​អាច​ដឹង​ពី​ភាពត្រជាក់ក្នុង​គុកដែល​យ៉ូសែប ស្ម៊ីធ ត្រូវបានព្រះប្រាប់​ឲ្យ​មាន​ចិត្ត​ក្លាហាន ហើយ​ថា​លោក​ត្រូវបាន​ទទួល​ការ​ឃុំគ្រង។5 ដោយមានរូបភាព​នៃ​​បទគម្ពីរទាំង​​នោះ​ក្នុងគំនិត​ យើងអាច​រៀបចំខ្លួន​ដើម្បី​ស៊ូទ្រាំ​ក្នុងការ​បម្រើ​របស់​យើង​ ពេល​វាមាន​ភាពលំបាក។

ឪពុក ឬ​ប៊ីស្សព​ ឬ​ដៃគូរៀមច្បង​ក្នុងការបង្រៀន​តាម​ផ្ទះ​ម្នាក់ដែល​បង្ហាញថា​ គាត់ទុកចិត្ត​លើ​អ្នកកាន់បព្វជិតភាព​វ័យក្មេង​ អាចផ្លាស់ប្ដូរ​ជីវិត​គាត់បាន​។ មាន​ពេល​មួយ ឪពុកខ្ញុំ​ត្រូវបានសមាជិក​នៃកូរ៉ុម​នៃពួក​សាវក​ដប់ពីរនាក់មួយ​រូប​សុំ​ឲ្យ​សរសេរ​ឯកសារ​ខ្លី​មួយ​ស្ដីពី​វិទ្យាសាស្ត្រ​ និង សាសនា។ ឪពុក​ខ្ញុំ​ជា​អ្នកវិទ្យាសាស្ត្រដ៏​ល្បីម្នាក់ និង​ជាអ្នក​កាន់បព្វជិតភាព​ដ៏ស្មោះត្រង់​មួយរូប។ តែ​ខ្ញុំអាច​នៅ​ចាំ​ពី​គ្រា​ដែល​គាត់បាន​ហុច​ឯកសារ​ដែល​គាត់បាន​សរសេរ​មក​ឲ្យ​ខ្ញុំ ហើយ​ពោលថា «ប៉ាចង់ឲ្យ​កូន​អាន ពីមុនប៉ា​ផ្ញើវា​ទៅឲ្យ ពួក​ដប់ពីរនាក់។​ កូន​នឹង​ដឹង​ បើ​វា​ត្រឹមត្រូវ»។ គាត់មាន​អាយុចាស់ជាងខ្ញុំ 32 ឆ្នាំ ហើយ​មាន​ប្រាជ្ញាឈ្លាសវៃខ្លាំងណាស់។

ខ្ញុំ​នៅតែ​មានភាពរឹងមាំ​ដោយ​ការទុកចិត្ត​នោះ​ពី​ឪពុក និង​បុរស​កាន់បព្វជិតភាពដ៏អស្ចារ្យ​ម្នាក់។​ ខ្ញុំ​​ដឹង​ថា គាត់​មិន​មែន​ទុកចិត្ត​ខ្ញុំទេ ប៉ុន្តែ​ថា​ព្រះនឹងប្រាប់ខ្ញុំពីអ្វីដែល​ពិត។ បងប្អូន​ដែល​ជា​ដៃគូដ៏មានបទពិសោធន៍ បងប្អូន​អាច​ធ្វើ​ឲ្យអ្នក​កាន់បព្វជិតភាព​វ័យ​ក្មេង​ម្នាក់​ ​មាន​ពរ​ក្នុងការ​រៀបចំខ្លួន ពេល​ណា​បងប្អូន​អាច​បង្ហាញគាត់​នូវការទុកចិត្ត​បែបនេះ។ វា​នឹង​ជួយ​គាត់ឲ្យ​ទុកចិត្ត​លើ​អារម្មណ៍​ដ៏ទន់ភ្លន់​នៃ​ការ​បំផុស​គំនិតសម្រាប់​ខ្លួន​ឯង​ ​ពេល​វា​កើត​ឡើង ដោយមាន​ថ្ងៃ​ណាមួយ​ ​គាត់ដាក់ដៃ​ដើម្បី​ផ្សារភ្ជាប់ការ​ប្រសិទ្ធពរ​ ដើម្បី​ព្យាបាល​កុមារ​ម្នាក់ដែល​គ្រូពេទ្យ​និយាយ​ថា​នឹង​ស្លាប់នោះ។ ការទុកចិត្ត​នោះ​បាន​ជួយ​ខ្ញុំ​ជាច្រើន​ដង។

ជោគជ័យ​របស់​យើង​ក្នុងការ​រៀបចំ​អ្នកដទៃ​ក្នុង​បព្វជិតភាព​នឹង​កើត​មាន​បន្តិចម្ដងៗស្រប​តាម​ទំហំ​នៃ​ក្ដីស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ពួកគេ។ ជាពិសេស វា​ក៏សំខាន់ដែរ ពេល​យើង​ត្រូវកែតម្រូវ​ពួកគេ​នោះ។ សូម​គិត​ពី​គ្រាដែល​អ្នកកាន់បព្វជិតភាពអើរ៉ុន​ម្នាក់ នៅ​ឯ​តុ​សាក្រាម៉ង់ មាន​កំហុស​ក្នុងការ​ធ្វើ​ពិធីបរិសុទ្ធមួយ។ វាគឺជាបញ្ហាធំ​មួយ។ ពេល​ខ្លះ កំហុស​នោះតម្រូវ​ឲ្យ​មានការកែតម្រូវ​ជាសាធារណៈ ដែល​អាច​ធ្វើ​ឲ្យ​មាន​នូវការ​ខឹងសម្បារ អារម្មណ៍​ខ្មាស់អៀន ឬ ​ត្រូវគេបដិសេធ​ទៀត​ផង​។

បងប្អូន​នឹង​ចងចាំពី​ពាក្យ​ទូន្មាន​របស់​ព្រះអម្ចាស់​ថា៖ «ដោយ​ស្ដី​បន្ទោស​សមពេលសម​ហេតុ ដោយ​ការ​តឹងរឹង កាល​ណា​បាន​បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បន្ទាប់មក​ ដោយ​បង្ហាញ​នូវ​សេចក្ដីស្រឡាញ់​ដ៏ច្រើន​ឡើងចំពោះ​អ្នក​នោះ​ដែល​អ្នក​បាន​ស្ដីបន្ទោស ក្រែង​អ្នក​នោះ​រាប់អ្នក​ថា ជាខ្មាំង​សត្រូវ​របស់​គេ»។6

ពាក្យ ច្រើនឡើង មាន​អត្ថន័យ​ពិសេស​ក្នុងការ​រៀបចំ​ពួ​កអ្នកកាន់បព្វជិតភាព ពេល​ពួកគេត្រូវការ​កែតម្រូវ។ ពាក្យ​នេះ​ណែនាំ​ឲ្យ​មាន​សេចក្ដីស្រឡាញ់​ដ៏ច្រើនឡើងដែល​មាន​នៅ​ទីនោះ​រួចហើយ។ «អ្វីដែលត្រូវបង្ហាញ​» គឺ​ការ​មាន​សេចក្ដីស្រឡាញ់ដ៏ច្រើន​ឡើង។ បងប្អូន​ដែល​កំពុងរៀបចំពួក​អ្នក​កាន់​បព្វជិតភាព​​ នឹងឃើញ​ពួកគេ​​មាន​កំហុស​​ជាប្រាកដ។ ​ ពីមុន​ពួកគេ​ទទួល​ការ​កែតម្រូវ​របស់​បងប្អូន ពួកគ​ត្រូវតែ​ទទួល​សេចក្ដីស្រឡាញ់របស់បងប្អូន​ជាមុន និង​ជាបន្តបន្ទាប់។ ពួកគេ​ត្រូវ​ទទួល​ការ​កោតសរសើរដ៏ពិត​របស់​បងប្អូនសិន ពីមុន​ពួកគេ​ទទួល​យក​ការ​កែតម្រូវ​របស់​បងប្អូន។

ព្រះអម្ចាស់​ផ្ទាល់បាន​ផ្ដល់​កិត្តិយស​ដល់​ពួកអ្នកកាន់បព្វជិតភាពតូចជាង ដោយ​សារ​ពួកគេ​មានសក្ដានុពល និង តម្លៃ​ចំពោះ​ទ្រង់។ ចូរ​ស្ដាប់​ពាក្យ​ទាំង​នេះ ដែល​និយាយ​ដោយ​យ៉ូហាន បាទីស្ទ នៅពេល​បព្វជិតភាព​អើរ៉ុន ត្រូវ​បាន​ស្ដារឡើងវិញ​ថា៖ «នៅ​លើ​អ្នក​ជាពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ​នូវព្រះនាម​នៃ​ព្រះមែស៊ី ខ្ញុំ​សូម​ប្រគល់បព្វជិតភាព​អើរ៉ុន ដែល​កាន់កូនសោ​ទាំងឡាយអំពីការ​បម្រើនៃ​ពួក​ទេវតា និង​អំពី​ដំណឹងល្អ​នៃ​ការ​ប្រែចិត្ត និង​អំពី​បុណ្យ​ជ្រមុជទឹក​ ដោយ​ការ​ពន្លិចសម្រាប់​ការ​ផ្ដាច់បាប ហើយ​បព្វជិតភាពនេះ​នឹងមិន​ត្រូវបាន​ដក​ចេញ​ពី ផែនដី​ទៀត​ឡើយ រហូតដល់​ពេលកូនប្រុស​ទាំងឡាយ​នៃ​លោក​លេវីថ្វាយដង្វាយ​ម្ដងទៀត​ដល់​ព្រះអម្ចាស់​ដោយ​សេចក្ដីសុចរិត»។7

បព្វជិតភាពអើរ៉ុន​ជាបន្តោងបញ្ជាប់​ទៅ​នឹង​បព្វជិតភាព​មិលគីស្សាដែកដែល​ធំជាង។8 ក្នុង​នាម​ជា​ប្រធាន​នៃ​រាល់បព្វជិតភាព​ទាំងអស់ ប្រធាន​សាសនាចក្រ​ធ្វើ​ជា​អធិបតី​លើ​បព្វជិតភាព​រៀបចំខ្លួន​ផងដែរ។ សារលិខិត​របស់​លោក​ជាយូរ​ឆ្នាំមក​ហើយ​ ស្ដីពី​ការ​ចេញ​ទៅ​ជួយ​សង្គ្រោះគឺសក្ដិសម​យ៉ាង​ឥតខ្ចោះសម្រាប់ការ​ណែនាំ​ឲ្យ​យក​ដំណឹងល្អ​នៃការ​ប្រែចិត្ត និង ពិធីបុណជ្រមុជទឹក​ចូល​ទៅ​ក្នុង​ជីវិត​មនុស្ស​ដទៃទៀត។

កូរ៉ុម​នៃ​ឌីកុន គ្រូ និង​សង្ឃប្រឹក្សា​ជាទៀងទាត់​ដើម្បី​នាំ​សមាជិក​កូរ៉ុម​ទាំងអស់​ទៅរក​ព្រះអម្ចាស់។ គណៈប្រធាន​ចាត់​សមាជិក​ឲ្យ​ជួយ​ដោយ​សេចក្ដីជំនឿ និង​សេចក្ដីស្រឡាញ់។ ឌីកុន​ចែក​សាក្រាម៉ង់​ដោយ​គារវភាព និង​ដោយ​សេចក្ដីជំនឿថា សមាជិក​នឹង​ទទួល​បាន​នូវ​ឥទ្ធិពល​នៃ​ដង្វាយធួន ហើយ​តាំងចិត្ត​រក្សា​បទបញ្ញត្តិ កាល​ពួកគេ​ទទួល​ទាន​និមិត្ត​រូប​ដ៏ពិសិដ្ឋ​ទាំងនោះ។

គ្រូ និង សង្ឃ អធិស្ឋាន​ជាមួយ​នឹង​ដៃគូខ្លួន​ដើម្បី​បំពេញ​តួនាទី​ក្នុង​ការមើលថែ​សាសនាចក្រ ម្ដងម្នាក់ៗ។ ហើយដៃគូទាំងនោះ​ ​អធិស្ឋាន​រួម​គ្នា​ពេល​ពួកគេ​រៀន​ពី​សេចក្ដីត្រូវការ​ និង​សេចក្ដីសង្ឃឹម​របស់​មេគ្រួសារ។ កាល​ពួកគេ​ធ្វើ​ដូច្នេះ ពួកគេ​កំពុង​រៀបចំខ្លួន​សម្រាប់ថ្ងៃ​ដ៏អស្ចារ្យ ពេល​ពួកគេ​ដឹកនាំ​គ្រួសារ​ខ្លួន​ផ្ទាល់ ក្នុង​នាម​ជាឪពុក ​ដោយ​សេចក្ដីជំនឿ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អស់អ្នកដែល​បម្រើ​រួម​គ្នា​ក្នុង​បព្វជិតភាពកំពុង​រៀបចំខ្លួន​ប្រជាជន​សម្រាប់ការ​យាងមក​​របស់​ព្រះអម្ចាស់​ ព្រះយេស៊ូវគ្រីស្ទ។ ព្រះជាព្រះវរបិតា​មាន​ព្រះជន្មរស់។ ខ្ញុំ​ដឹង​ថា--ខ្ញុំដឹង-- ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​ថាទ្រង់​ស្រឡាញ់​យើង។ ប្រធាន ថូម៉ាស  អេស ម៉នសុន គឺជា​ព្យាការី​នៅរស់​របស់ព្រះអម្ចាស់។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។