ឆ្នាំ ២០១០-២០១៩
រស់នៅ​តាម​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី
១០ 2014


រស់នៅ​តាម​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី

ដើម្បី​ឲ្យ​ត្រូវ​ទៅតាម​គោលបំណង​ដ៏ទេវភាព​នៃ​ស្ថានសួគ៌ នោះ​យើង​គាំទ្រ​ព្យាការី ហើយ​ជ្រើសរើស​រស់នៅ​តាម​ពាក្យ​សម្ដី​របស់​​លោក ។

ព្រះវរបិតា​សួគ៌​យើង ស្រឡាញ់កូនចៅ​ទាំងអស់​របស់​ទ្រង់ ហើយ​មានព្រះទ័យ​ចង់ឲ្យពួកគេ​ដឹង និង​យល់​អំពី​ផែនការ​នៃ​សុភមង្គល​របស់ទ្រង់ ។ ដូច្នេះ ទ្រង់​ហៅពួកព្យាការី ជា​អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​អំណាច និង​សិទ្ធិអំណាច​ដើម្បី​ធ្វើកិច្ចការ​ក្នុង​ព្រះនាម​ព្រះ​សម្រាប់​សេចក្ដីសង្គ្រោះ​នៃ​កូនចៅ​របស់ទ្រង់ ។ ពួកលោក​​ជា​សារទូត​​នៃសេចក្ដីសុចរិត ជាសាក្សី​នៃព្រះយេស៊ូវ​គ្រីស្ទ និងអំណាច​នៃ​ដង្វាយធួន​ដ៏​អស់កល្ប​របស់ទ្រង់ ។​ ពួកលោក​កាន់កូនសោ​នៃ​នគរ​ព្រះ​លើ​ផែនដី និង​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ ។

នៅក្នុង​សាសនាចក្រ​ពិត​របស់ព្រះអម្ចាស់ « ពុំ​ដែលមាន​ច្រើន​ជាង​មួយនៅ​លើ​ផែនដី នៅ​គ្រា​ណា​មួយ ដែលអំណាច​នេះ នឹង​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​នេះ ត្រូវ​បាន​ប្រទាន​ឲ្យ​នោះ​ឡើយ » ។1 យើង​គាំទ្រ​ប្រធាន​ថូម៉ាស  អេស ម៉នសុន ជា​ព្យាការី​ ​អ្នក​មើលឆុត និង​អ្នកទទួល​វិវរណៈ ។ ទ្រង់​បើក​សម្ដែង​បន្ទូល​នៃ​ព្រះអម្ចាស់​ដើម្បី​ណែនាំ និង​ដឹកនាំ​សាសនាចក្រ​យើង ទាំងមូល ។ ដូច​ប្រធាន ជេ រ៉ូប៊ីន ក្លាក បាន​ពន្យល់​ថា « ប្រធាន​សាសនាចក្រ  … ​តែ​ម្នាក់​គត់ ដែល​មានសិទ្ធិ​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ » ។2

ស្ដីអំពី​ព្យាការី​នៅរស់ ព្រះអម្ចាស់ បញ្ជា​រាស្ត្រ​នៃ​សាសនាចក្រ​ទ្រង់​ថា ៖

« អ្នក​ត្រូវ​ស្តាប់​តាម គ្រប់​អស់ ទាំង​ពាក្យសំដី និង​បញ្ញត្តិ​ទាំងឡាយ​របស់​លោក ដែល លោក​នឹង​ឲ្យ​ដល់​អ្នក នៅពេល​លោក​បាន​ទទួល​ពាក្យទាំងនោះ ដើរ​ដោយ​បរិសុទ្ធ​នៅ​ចំពោះ​មុខ​យើង​ ។

« ត្បិត​ពាក្យ​សម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល​ ហាក់​ដូចជា​បាន​មក​ពី​ព្រះ​ឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដីជំនឿ​គ្រប់​យ៉ាង» ។

« ត្បិត​ដោយ​សារ​ការ​ធ្វើ​ការ​ទាំង​នេះ​ហើយ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ »​។3

ដើម្បី​ឲ្យ​ត្រូវ​ទៅតាម​គោលបំណង​ដ៏ទេវភាព​នៃ​ស្ថានសួគ៌ នោះ​យើង​គាំទ្រ​ព្យាការី ហើយ​ជ្រើសរើស​រស់នៅ​តាម​ពាក្យ​សម្ដី​របស់​​លោក ។

យើង​ក៏​គាំទ្រ​ទីប្រឹក្សា​របស់ប្រធាន​ ម៉នសុន និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ជា​ព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួលវិវរណៈ ។ ពួកលោក​មាន​សិទ្ធិ អំណាច និង​សិទ្ធិអំណាច​ដើម្បី​ប្រកាស​ពី​ព្រះទ័យ និង​ព្រះឆន្ទៈ​របស់ [​ព្រះអម្ចាស់] … នៅ​ក្រោម​… ប្រធាន​នៃ​សាសនាចក្រ។ 4 ពួក​លោក​និយាយ​នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ ។ ពួកលោក​ព្យាករ​ណ៍នៅក្នុង​នាម​ព្រះគ្រីស្ទ ។ តាម​ពាក្យ​សម្ដី​របស់​ពួក​លោក យើង​ស្ដាប់​ឮ​សំឡេង​របស់​ព្រះអម្ចាស់ ហើយ យើង​ទទួល​អារម្មណ៍នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ នៅក្នុង​ពាក្យ​សម្ដី​របស់​ពួកលោក ។ « ហើយ​អ្វី​ក៏ដោយ​ដែល​ពួកគេ​នឹង​និយាយ កាលណា​បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​នឹង​ទៅជា​បទគម្ពីរ ... ហើយ​ជា​ព្រះចេស្ដា​នៃ​ព្រះ​ចំពោះ​សេចក្ដីសង្គ្រោះ » ។ 5 ព្រះអម្ចាស់​ផ្ទាល់​បាន​មាន​បន្ទូល​ថា ៖ « ទោះ​ជា​ដោយ​សំឡេងរបស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួកអ្នកបម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ។6

យើង​មាន​អំណរគុណ​ចំពោះ​ព្រះវិហារ « ដែល​បានស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួក​ព្យាការី ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ។ 7 ដំណាក់នៃ​ព្រះអម្ចាស់ គឺ​ជា​ដំណាក់​នៃ​របៀប​រៀបរយ ហើយ​យើង​ពុំ​គួរ​ត្រូវ​បាន​បញ្ឆោត​អំពី​កន្លែង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ឬ​ពុំ​ប្រាកដ​ថា​ត្រូវ​ដើរ​តាម​សំឡេង​ណា​មួយ​នោះ​ឡើយ ។ ​យើង​ពុំគួរ​ត្រូវ « គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ហើយ​ផាត់​យើងចុះ​ឡើង​» នោះ​ឡើយ ។8 ព្រះ​បើក​សម្ដែង​បន្ទូល​ទ្រង់ ​តាមរយៈ​ពួក​អ្នក​បម្រើ​ដែល​បាន​តែងតាំង​របស់ទ្រង់ « ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់លក្ខណ៍ឡើង សម្រាប់​ធ្វើការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង៖ ទាល់​តែ​យើង​រាល់គ្នា ​បាន​រួបរួម​ខាង​ឯសេចក្ដីជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះរាជបុត្រា​នៃព្រះ » ។9 នៅ​ពេល​យើង​ជ្រើស​រើស​ដើម្បី​រស់នៅ ​ស្របតាម​​ពាក្យ​សម្ដី​របស់ពួក​ព្យាការី នោះ​យើង​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ដែល​នាំ​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ​ដ៏អស់កល្ប ។

យើង​បាន​រៀន​ពីអត្ថន័យ​ដើម្បី​គាំទ្រ​ដល់​ព្យាការី ចេញ​មកពី​ម្ដាយ​ទោល​ម្នាក់ ដែល​ពុះពារ​ដើម្បី​រស់​រាន​មានជីវិត ពេល​មាន​គ្រោះ​ទុរ្ភិក្ស ។ ព្រះអម្ចាស់ បាន​ណែនាំ​ព្យាការី អេលីយ៉ា ឲ្យ​ទៅ​កាន់​ ​ក្រុង​សារិបតា ជា​កន្លែង​ដែល​លោក​​នឹង​រកឃើញ​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​ព្រះបាន​បញ្ជា​ឲ្យ​គាំទ្រ​ដល់លោក​ ។ នៅពេល​អេលីយ៉ា​ចូល​ដល់​ទីក្រុង លោក​​បាន​ឃើញ​ស្ត្រី​នោះ​កំពុង​ប្រមូល​អូស ។ លោក​ក៏​ហៅ​នាង​​ថា « សូម​យក​ទឹក​ក្នុងផ្ដិលមក​ឲ្យ​ខ្ញុំ​ផឹក​បន្ដិច »។10

« កាល​នាង​កំពុង​តែ​ទៅ​យក​ទឹក នោះ​លោក​ស្រែក​ផ្ដាំ​ [ម្ដង​ទៀត] ថា សូម​យក​នំប៉័ង​បន្ដិច​មក​ឲ្យ​ខ្ញុំ​ផង ។

« តែ​នាង​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូ​វព្រះយេហូវ៉ា ជា​ព្រះនៃ​អ្នក​ដ៏​មាន​ព្រះជន្មរស់​នៅ​ថា ខ្ញុំ​គ្មាន​មួយដុំ​ឡើយ មាន​តែ​ម្សៅ​មួយ​ក្ដាប់​នៅក្នុង​ខាប់ នឹង​ប្រេង​បន្ដិច​បន្ដួច​នៅ​ដប​ប៉ុណ្ណោះ មើល​នៃ​ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឈើ​ពីរ​នេះ ដើម្បី​ចូល​ទៅ​ចំអិន​សម្រាប់​​ខ្ញុំ និង​កូន យើង​នឹង​បរិភោគ​តែ​ប៉ុណ្ណោះ រួច​ស្លាប់​ទៅ » ។

អេលីយ៉ា បាន​តប​ថា « កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ទៅ​ធ្វើ​ដូចជា​អ្នក​បាន​ថា​ចុះ តែ​សូម​ធ្វើ​នំ​មួយ​យ៉ាង​តូច​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ធ្វើ​សម្រាប់អ្នក និង​កូន​អ្នក​ចុះ​»។ 11

សូម​គិត​មួយ​សន្ទុះ​អំពី​ភាព​លំបាក​ចំពោះ​អ្វី​ដែលព្យាការី​បាន​សុំ​ម្ដាយ​ដែល​ស្រេក​ឃ្លានោះ​ធ្វើ ។ ប្រាកដ​ណាស់ថា ព្រះ​ផ្ទាល់ ទ្រង់​អាច​ផ្ដល់អាហារ​ដល់​អ្នក​បម្រើ​ស្មោះត្រង់​របស់ទ្រង់ ។ ប៉ុន្តែដោយ​ធ្វើ​កិច្ចការ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ នោះ​អេលីយ៉ា បានធ្វើ​តាម​ដែល​ទ្រង់​បញ្ជា ឲ្យ​ទៅ​សុំពី​បុត្រី​សំណប់​ម្នាក់របស់ព្រះ​ឲ្យ​លះបង់​អ្វី​គ្រប់យ៉ាង ដើម្បី​គាំទ្រ​ដល់​ព្យាការី ។

ប៉ុន្តែ អេលីយ៉ា ក៏​សន្យា​ផងដែរ​នូវ​ពរជ័យ​មួយ​ចំពោះ​ការ​គោរពប្រតិបត្តិ​ថា ៖ « ត្បិត​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ម្សៅ​ក្នុង​ខាប់​នោះ​នឹង​មិន​ដែល​ផុតទៅ ហើយ​ប្រេង​ក្នុង​ដប ក៏​មិន​ដែល​រលោះ​ឡើយ » ។12 ព្រះអម្ចាស់​ បាន​ប្រទាន​ដល់​ស្ត្រី​មេម៉ាយ​នូវ​ឱកាស​ដើម្បី​ជ្រើសរើស​ជឿ និង​គោរព​តាម​ពាក្យ​សម្ដី​របស់​ព្យាការី ។

ក្នុង​ពិភពលោក​មួយ ដែល​ត្រូវបានគំរាមគំហែង​ដោយ​ភាព​ទុរ្ភិក្ស​ខាង​សេចក្ដីសុចរិត និង​ភាព​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ នោះ​យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​គាំទ្រ​ព្យាការី ។ នៅពេល​យើង​គោរព​តាម គាំទ្រ និង​​អះអាង​ដល់​ពាក្យ​សម្ដី​ព្យាការី នោះ​យើង​ជា​សាក្សី​ថា យើង​មាន​ជំនឿ​ដើម្បី​ចុះចូល​ដោយ​រាបសារ​តាម​ព្រះ​ឆន្ទៈ ប្រាជ្ញា និង ពេលវេលា​របស់​ព្រះអម្ចាស់ ។

យើង​គោរព​តាម​ពាក្យ​ព្យាការី ទោះ​ជា​វា​ហាក់ដូចជា​មិនសមហេតុផល មិន​សក្តិសម និង​មិន​សុខស្រួល​ក៏ដោយ ។ តាម​បទដ្ឋាន​របស់​លោកិយ ការ​ដើរ​តាម​ព្យាការី​ អាច​នឹង​គ្មានប្រជាប្រិយ ពុំ​ត្រឹមត្រូវ​ខាង​នយោបាយ ឬ​ពុំ​អាច​ទទួលយក​បាន​ក្នុង​សង្គមឡើយ ។ ប៉ុន្តែ ការ​ដើរតាម​ព្យាការី គឺ​តែងតែ​ត្រូវ​ជានិច្ច ។ « ត្បិតដែលផ្ទៃ​មេឃ​ខ្ពស់ ជាង​ផែនដី​យ៉ាង​ណា នោះអស់ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​យើង ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯងរាល់គ្នា​យ៉ាង​នោះ​ដែរ » ។13 « ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ »។ 14

ព្រះអម្ចាស់ គោរព និង​ស្រឡាញ់​អ្នកទាំងឡាយ​ណាដែល​នឹង​គោរព​តាមការ​ដឹកនាំ​របស់​ព្យាការី ។ សម្រាប់​ស្ត្រី​នៅ សេរិបតា ការគោរពប្រតិបត្តិ​ចំពោះ​អេលីយ៉ា បាន​សង្គ្រោះ​ជីវិត​នាង ហើយ​ទីបំផុត​ជីវិត​កូនៗ​របស់នាង ។ ដូច​ព្យាការី​បាន​សន្យា « នាង ទាំង​លោក ព្រម​ទាំង​កូន​នាង គ្រប់​គ្នា​បាន​បរិភោគ​តមក​ជា​យូរ​ថ្ងៃ … ដូច​ជា​សេចក្ដី​ដែល​ព្រះយេហូវ៉ា​បាន​មាន​បន្ទូល ដោយសារ​អេលីយ៉ា » ។15

ព្រះអម្ចាស់ « នឹង​ចិញ្ចឹម​ដល់អ្នកទាំងឡាយ​ដែល​ទុក​ចិត្ត​លើ​ទ្រង់ » ។16 ពាក្យ​សម្ដី​របស់ពួកព្យាការី គឺ​ដូចជា​នំម៉ានា​ដល់​ព្រលឹង​របស់​យើង ។ នៅពេល​យើង​ទទួលទាន នោះ​យើង​ត្រូវ​បាន​ប្រទានពរ ការពារ និង​ថែរក្សា​ ទាំងខាង​សាច់ឈាម និង​ខាងវិញ្ញាណ ។ នៅពេល​យើង​ទទួល​ពាក្យ​សម្ដី​របស់ពួកលោក នោះ​យើង​រៀន​ពី​របៀប​ដើម្បី​មករក​ព្រះគ្រីស្ទ និង​រស់នៅ ។

អែលឌើរ ប៊្រូស  អរ ម៉ាក់ខន់ឃី បាន​សរសេរ​ថា តាមរយៈ​ពួក​ព្យាការី « ព្រះអម្ចាស់​បើក​សម្ដែង​សេចក្ដី​ពិត​នៃ​សេចក្ដី​សង្គ្រោះ​​... ជា​សេចក្ដី​សង្គ្រោះ​ដែល​នៅក្នុង​ព្រះគ្រីស្ទ ​ហើយ​ទ្រង់​ជា​អង្គ​ដែល​ដឹកនាំ ... ផ្លូវ​ទៅ​កាន់​ជីវិត​ដ៏អស់កល្ប ។  ... នៅ​គ្រប់​ជំនាន់ ព្រះអម្ចាស់ ប្រទាន​ដល់​រាស្ត្រ​ទ្រង់​នូវ​ការ​ដឹកនាំ ដែល​ពួកគេ​ត្រូវ​ការ​ក្នុង​គ្រា​មហន្តរាយ និង​គ្រោះថ្នាក់​របស់ពួកគេ ។ ​ប្រាកដ​ណាស់ នៅ​​ជំនាន់​ក្រោយ នឹង​មាន​គ្រា​ជា​ច្រើន​ដែល​គ្មាន​អ្វីសោះ ​ក្រៅ​ពី​ប្រាជ្ញា​នៃ​ព្រះ ដែល​ចុះមក​ពី​ស្ថានសួគ៌ ​ចេញមកពី​បបូរមាត់​របស់ព្យាការី នឹង​អាច​សង្គ្រោះ​ដល់​រាស្ត្រ​របស់​ទ្រង់នោះ​ » ។17

ចំពោះ​ខ្ញុំ ពាក្យ​សម្ដី​របស់​ពួក​ព្យាការី ដូចបាន​បង្រៀន​ដោយ​គ្រូ​បង្រៀន​ក្រុម​ឡូរ៉ល​​របស់ខ្ញុំ បាន​ផ្ដល់​ជា​ចក្ខុវិស័យ​​ដល់ខ្ញុំ អំពីសណ្ឋាន​នៃទំនាក់ទំនង​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា​មួយ ។ ពាក្យ​សម្ដី​របស់ពួកព្យាការី បានផ្ដល់​​សេចក្ដីជំនឿ និង​សេចក្ដីសង្ឃឹមដល់ខ្ញុំ ដែល​ខ្ញុំ​អាច​ត្រៀមខ្លួន និង​ទទួល​បានគេហដ្ឋាន​ដ៏រីករាយ​មួយ ។ ការ​សិក្សា​ដោយ​ខ្ជាប់​ខ្ជួន​នូវ​ការ​បង្រៀន​របស់ពួកព្យាការី ទាំង​ពីជំនាន់​បុរាណ និង​សម័យ​បច្ចុប្បន្ន បាន​គាំទ្រ​ខ្ញុំ​អំឡុង​ឆ្នាំដែល​នឿយ​ហត់​អស់​កម្លាំង​ដ៏ខ្លាំង ជា​ឆ្នាំ​ដែល​ត្រូវ​បង្កើត​កូន បង្រៀន និង​ចិញ្ចឹម​កូន​ប្រាំពីរ​នាក់នោះ ។ ពាក្យ​សម្ដី​របស់ពួកព្យាការី​ក្នុង​បទគម្ពីរ និង​ដែលបាន​បង្រៀន​ចេញពី​វេទិកា​នេះ គឺ​ជា​ពាក្យ​សម្ដី​លួងលោម​ចិត្ត​ ក្ដីស្រឡាញ់ កម្លាំង និង​ចិត្ត​អរសប្បាយ ក្រសោប​ជុំវិញ​យើង​ទាំងអស់គ្នា ។

ពេល​យើង​គោរព​តាមពាក្យ​សម្ដី​របស់ពួកព្យាការី នោះ​យើង​ស្ថាបនា​គេហដ្ឋាន​ និង​ជីវិត​យើង​នៅ​លើ​គ្រឹះ​រឹងមាំ​ដ៏អស់កល្ប​មួយ « សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ នៃ​យើង​គឺ​ព្រះ​គ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ  … កាល​ណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​ក្លា​របស់​វា​មក មែនហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​គួច មែនហើយ​ កាលណា​ព្រិល និង​ខ្យល់​ព្យុះ​កំណាច​ទាំងអស់​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ​សេចក្ដីវេទនា និង​ទុក្ខ​លំបាក​ដ៏​មិនចេះ​ចប់​មិន​ចេះ​ហើយ... »។18

យើង​មាន​ជម្រើស​មួយ ។ យើង​អាច​ជ្រើសរើស​មិន​អើពើរ មិន​ខ្វាយខ្វល់ មិនគោរព ឬ​បះបោរ​ទាស់​នឹង​បន្ទូល​នៃ​ព្រះគ្រីស្ទ ដែល​បាន​និយាយ​ដោយ​ពួក​អ្នក​បម្រើ​ដែល​បាន​តែងតាំង​របស់​ទ្រង់​ ។ ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ បាន​បង្រៀន​ថា អ្នក​ទាំងឡាយ​ដែល​ធ្វើ​ដូច្នោះ នឹង​ត្រូវ​កាត់​ចេញ​ពី​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់ទ្រង់ ។19

នៅពេល​យើង​អាន​ដោយ​ការអធិស្ឋាន និង​សិក្សា​ពាក្យ​សម្ដី​របស់​ព្យាការី​ដ៏ពិសិដ្ឋ​ ដោយ​មានជំនឿ​លើ​ព្រះគ្រីស្ទ ដោយ​អស់ពីចិត្ត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​និយាយ​សេចក្ដីពិត​មកក្នុងគំនិត និង​ដួងចិត្ត​របស់យើង ។ សូមឲ្យ​យើង​បើក​ត្រ​ចៀក​ស្ដាប់ បើក​ដួងចិត្ត​ និង​គំនិត​ដើម្បី​យល់ ឲ្យ​អាថ៌កំបាំង​របស់​ព្រះ អាចបាន​លាត​ត្រដាង​បង្ហាញ​ដល់អ្នក​ចុះ ។20

ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា យ៉ូសែប ស៊្មីធ គឺ​​ជា​ព្យាការី​ដែលត្រូវបាន​ហៅ​ដោយ​ព្រះ ដើម្បី​ស្ដារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​បព្វជិតភាព​របស់ទ្រង់​លើផែនដី ។ ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅ​ក្រោម​ការ​​​ដឹក​នាំ​របស់ប្រធាន​ម៉នសុន នោះ​យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្យាការី​ពិត​នៃ​ព្រះ ។ សូម​ឲ្យ​យើង​ជ្រើសរើស​ឈរ​ជាមួយ​ពួកព្យាការី ហើយ​រស់នៅ​តាម​ពាក្យ​សម្ដី​របស់ពួកលោក រហូត​ដល់​យើង​បាន​រួបរួម​ក្នុង​សេចក្ដីជំនឿ បរិសុទ្ធ​នៅ​ក្នុង​ព្រះគ្រីស្ទ ហើយ​ពេញ​ដោយ​ចំណេះ​ដឹង​អំពី​ព្រះរាជបុត្រា​នៃ​ព្រះ ។ នៅ​ក្នុង​ព្រះ​នាមពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។