យ៉ូសែប ស៊្មីធ — ប្រវត្តិ
ជាសេចក្ដីដកស្រង់ចេញពីប្រវត្តិនៃយ៉ូសែប ស៊្មីធ ជាព្យាការី
History of the Church, Vol. ១, ជំពូកទី ១ ដល់ ទី ៥
ជំពូកទី ១
យ៉ូសែប ស៊្មីធ ប្រាប់ពីដូនតារបស់លោក សមាជិកក្នុងគ្រួសារ និងពីទីលំនៅគេមុនៗ — ការរំភើបខុសប្រក្រតីអំពីសាសនាដែលមាននៅរដ្ឋញូវយ៉កខាងលិច — លោកសម្រេចចិត្តនឹងស្វែងរកប្រាជ្ញា ដូចដែលយ៉ាកុបបានដឹកនាំ — ព្រះវរបិតា និងព្រះរាជបុត្រាលេចមក ហើយ យ៉ូសែបត្រូវបានហៅឲ្យធ្វើការងារបម្រើរបស់លោកជាព្យាការី (ខ ១–២០)។
១មកពីមានការរាយការណ៍ជាច្រើន ដែលបានបោះពុម្ពផ្សាយ ដោយពួកជនដែលប្រកបដោយការអាក្រក់ និងឧបាយកល ដែលទាក់ទងទៅនឹងកំណើត និងការជឿនលឿនរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អ្វីៗទាំងអស់សុទ្ធតែបានចែង ឡើងដោយពួកអ្នកនិពន្ធការរាយការណ៍នោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងកេរ្តិ៍ឈ្មោះសាសនាចក្រ និងការជឿនលឿននៃសាសនាចក្រនៅក្នុងពិភពលោក — នោះខ្ញុំត្រូវបានអន្ទោកអន្ទោលឲ្យសរសេរប្រវត្តិនេះ ដើម្បីកែខៃគំនិតមនុស្ស ហើយតម្រង់មនុស្សទាំងអស់ដែលស្វែងរកសេចក្ដីពិតចំពោះការពិតត្រង់ តាមដែលការណ៍នោះបានកើតឡើង ដែលទាក់ទងទៅនឹងរូបខ្ញុំ និងសាសនាចក្រ ស្របតាមការពិតដែលខ្ញុំមាន។
២នៅក្នុងប្រវត្តិនេះ ខ្ញុំនឹងថ្លែងប្រាប់ពីហេតុការណ៍នានា ដែលទាក់ទងទៅនឹងសាសនាចក្រនេះដោយនូវសេចក្ដីពិត និងសេចក្ដីសុចរិត តាមដែលការណ៍នោះបានកើតឡើង ឬដូចដែលមាននៅសព្វថ្ងៃនេះ ឥឡូវនេះ [ ឆ្នាំ ១៨៣៨ ] ប្រាំបីឆ្នាំមកហើយចាប់តាំងពីបានរៀបចំសាសនាចក្រដែលបានពោលនោះមក។
៣ខ្ញុំកើតនៅឆ្នាំនៃព្រះអម្ចាស់របស់យើង គឺមួយពាន់ប្រាំបីរយប្រាំ នៅថ្ងៃទី ២៣ ក្នុងខែធ្នូ នៅឃុំសារ៉ុន ស្រុកវិនស៊ើរ រដ្ឋវ័រម៉ន្ត។ … ឪពុកខ្ញុំ ជាយ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ បានចាកចេញពីរដ្ឋវ័រម៉ន្ត ហើយរើទៅនៅឃុំប៉ាលម៉ៃរ៉ា ស្រុកអុនតារីយ៉ូ (ឥឡូវនេះ វេញ) នៅរដ្ឋញូវយ៉ក កាលខ្ញុំមានអាយុ ១០ ឆ្នាំ ឬប្រហែលប៉ុណ្ណោះ។ ប្រហែលជាបួនឆ្នាំបន្ទាប់ពីឪពុកខ្ញុំមកនៅឃុំប៉ាលម៉ៃរ៉ា នោះគាត់រើជាមួយគ្រួសារគាត់ទៅនៅឃុំម៉ែនឆែស្ទើរ នៅស្រុកអុនតារីយ៉ូដដែល —
៤គ្រួសារគាត់មានមនុស្ស១១នាក់ រាប់តាមឈ្មោះគឺ ឪពុកខ្ញុំ គឺ យ៉ូសែប ស៊្មីធ ម្ដាយខ្ញុំ គឺ លូស៊ី ស៊្មីធ (នាមត្រកូលគាត់ កាលមុនរៀបការ គឺ ម៉ាក ជាកូនស្រីរបស់សាឡូម៉ូន ម៉ាក) ពួកបងប្អូនប្រុសខ្ញុំ គឺ អាលវិន (ដែលស្លាប់នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ១៨២៣ ស្លាប់កាលគាត់មានអាយុ២៦ឆ្នាំ), ហៃរុម, រូបខ្ញុំ, សាំយូអែល ហារីសុន, វិលលាម, ដន ខារឡូស និងពួកបងប្អូនស្រីខ្ញុំ គឺ សូផ្រូនា, កាទេរិន និង លូស៊ី។
៥រវាងឆ្នាំទីពីរបន្ទាប់ពីពួកយើងផ្លាស់ទីលំនៅទៅនៅភូមិម៉ែនឆែស្ទើរ នៅកន្លែងដែលយើងរស់នៅ នោះមានការរំភើបខុសប្រក្រតីអំពីវិស័យសាសនា។ ការរំភើបនោះបានចាប់ផ្ដើមឡើង នៅក្នុងបក្សពួកមែថូឌីស្ទ ប៉ុន្តែមិនយូរប៉ុន្មានក៏ក្លាយជាការរំភើបទូទៅ រវាងបក្សពួកទាំងអស់នៅតំបន់ស្រុកនោះ។ ពិតមែនហើយ តំបន់ស្រុកទាំងមូលហាក់ដូចជាមានការរំភើប ហើយហ្វូងមនុស្សដ៏ធំបាន រួមគ្នាចូលបក្សពួកសាសនាផ្សេងៗពីគ្នា ដែលបណ្ដាលឲ្យមានការរំជួល និងការបែកបាក់ដ៏មិនតូចទេ នៅក្នុងចំណោមប្រជាជន អ្នកខ្លះស្រែកថា ៖ « មើលន៏ នៅទីនេះ! » ហើយអ្នកខ្លះទៀតថា ៖ « មើលន៏ នៅទីនោះ! » អ្នកខ្លះកំពុងតែប្រជែងគ្នាយកសេចក្ដីជំនឿខាងពួកមែថូឌីស្ទ អ្នកខ្លះយកខាងពួកប្រែសប៊ីធារាន ហើយអ្នកខ្លះទៀតយកខាងពួកបាទីស្ទ។
៦ត្បិតទោះជាពួកអ្នកប្រែចិត្តជឿផ្សេងៗទាំងនេះបានសម្ដែងសេចក្ដីស្រឡាញ់ដ៏ធំ នៅពេលពួកគេបានប្រែចិត្តជឿក្ដី ហើយទោះជាពួកអាចារ្យនានាបានសម្ដែងសេចក្ដីឧស្សាហ៍ដ៏ធំ ដោយខំប្រឹងប្រែងខាងការញ៉ាំង និងការផ្សាយអំពីស្ថានការណ៍ដ៏អស្ចារ្យខាងវិស័យសាសនា ដើម្បីចង់ឲ្យមនុស្សគ្រប់រូបប្រែចិត្តជឿ ដូចជាពួកគេចូលចិត្តហៅមនុស្សដែលចូលរួម ដោយបណ្ដោយឲ្យគេចូលរួមនឹងបក្សពួកណាតាមតែចិត្តគេក្ដី គង់តែកាលណាពួកអ្នកប្រែចិត្តជឿបានចាប់ផ្ដើមបែកចេញ អ្នកខ្លះទៅបក្សមួយ អ្នកខ្លះទៅមួយទៀត នោះឃើញថាពួកអាចារ្យ និងពួកអ្នកប្រែចិត្តជឿធ្វើពុតជារាក់ទាក់នឹងគ្នា ជាជាងរាប់អានគ្នាពិតប្រាកដវិញ ត្បិតចេះតែមានការរំជួល និងការអាក់អន់ចិត្តជាខ្លាំងឡើង — អាចារ្យម្នាក់ទាស់នឹងអាចារ្យម្នាក់ទៀត ហើយអ្នកប្រែចិត្តជឿម្នាក់ទាស់នឹងអ្នកប្រែចិត្តជឿម្នាក់ទៀត ទោះបីជាពួកគេធ្លាប់មានការរាប់អាននឹងគ្នាក៏ដោយ គង់តែការរាប់អាននោះលែងមានអស់រលីង ដោយសារតែពាក្យឈ្លោះប្រកែក និងការប្រកួតប្រជែងគ្នាខាងគំនិតជឿ។
៧ពេលនេះ ខ្ញុំនៅក្នុងវ័យ១៥ឆ្នាំ។ គ្រួសាររបស់ឪពុកខ្ញុំកំពុងតែប្រែចិត្តជឿតាមជំនឿខាងពួកប្រែសប៊ីធារាន ហើយមានចំនួនបួននាក់ ដែលបានចូលរួមនឹងសាសនាចក្រនោះ រាប់តាមឈ្មោះគឺ ម្ដាយខ្ញុំ គឺ លូស៊ី បងប្រុសខ្ញុំ គឺ ហៃរុម និងប្អូនប្រុសខ្ញុំ គឺ សាំយូអែល ហារីសុន និងបងស្រីខ្ញុំ គឺ សូផ្រូនា។
៨នៅក្នុងគ្រាដែលមានសេចក្ដីរំភើបដ៏ធំនេះហើយ ដែលខ្ញុំមានគំនិតគិតពិចារណាដ៏ជ្រាលជ្រៅ ហើយមានចិត្តខ្វល់ខ្វាយជាខ្លាំង ប៉ុន្តែទោះជាខ្ញុំមានគំនិតគិតដ៏ជ្រាលជ្រៅ ហើយជួនកាលដ៏ខ្លាំងក្លាក្ដី គង់តែខ្ញុំទុកខ្លួនឲ្យនៅឆ្ងាយពីបក្សពួកទាំងឡាយនេះដែរ ខ្ញុំបានទៅប្រជុំជាមួយគេច្រើនដងច្រើនគ្រា តាមតែឱកាសដែលអាចធ្វើទៅបាន។ កំឡុងពេលតមក នោះគំនិតខ្ញុំប្រែទៅជាមានអារម្មណ៍ទៅខាងបក្សពួកមែថូឌីស្ទ ហើយខ្ញុំមានសេចក្ដីប៉ងប្រាថ្នាចង់ចូលរួមនឹងពួកគេ ប៉ុន្តែមានការរំជួល និងការឈ្លោះប្រកែកគ្នាជាខ្លាំងក្នុងចំណោមបក្សពួកផ្សេងៗ ដល់ម្ល៉េះបានជាពិបាកដល់ជនដូចរូបខ្ញុំ ដែលនៅវ័យក្មេង ហើយមិនសូវស្គាល់មនុស្ស និងដឹងក្ដី ឲ្យចេះសម្រេចចិត្តថានរណាមួយត្រូវ ហើយនរណាមួយខុសនោះឡើយ។
៩ចិត្តរបស់ខ្ញុំនៅពេលនោះរំភើបជាខ្លាំង ដោយព្រោះមានសម្រែក និងការជ្រួលច្របល់ដ៏ធំ ហើយឥតឈប់ឈរ។ ពួកប្រែសប៊ីធារាន បានសម្រេចចិត្តទាស់នឹងពួកបាទីស្ទ និងពួកមែថូឌីស្ទជាខ្លាំង ហើយបានប្រើអំណាចគ្រប់យ៉ាង ទាំងខាងវិចារណញ្ញាណ និងខាងកលល្បិចផង ដើម្បីបង្ហាញកំហុសរបស់បក្សពួកទាំងនោះ ឬយ៉ាងហោច ធ្វើឲ្យប្រជាជនគិតថាខ្លួនខុស។ ផ្ទុយទៅវិញ ពួកបាទីស្ទ និងពួកមែថូឌីស្ទក៏ខំប្រឹងប្រែងដែរ ព្យាយាមតាំងលទ្ធិខ្លួន ហើយបង្ហាញថាពួកអ្នកផ្សេងសុទ្ធតែខុស។
១០នៅកណ្ដាលចម្បាំងខាងពាក្យសំដី និងការជ្រួលច្របល់ខាងគំនិតជឿនេះ ខ្ញុំតែងតែគិតក្នុងចិត្តខ្ញុំថា ៖ តើត្រូវធ្វើអ្វីហ្ន៎? តើបក្សពួកមួយណាទៅដែលត្រូវ ឬក៏គេសុទ្ធតែខុសទាំងអស់គ្នា? បើសិនជាមានបក្សពួកណាមួយដែលត្រូវ នោះតើមួយណាទៅ ហើយតើខ្ញុំនឹងស្គាល់តាមរបៀបណាបាន?
១១នៅពេលដែលខ្ញុំកំពុងតែគិតពិចារណា នៅក្រោមការពិបាកដ៏សែនធ្ងន់ធ្ងរ ដែលបានបណ្ដាលឡើងមកពីការប្រកួតប្រជែងនៃពួកសាសនា នោះថ្ងៃមួយ ខ្ញុំបានអាននៅក្នុងសំបុត្រយ៉ាកុប ជំពូកទី១ ខទី៥ ដែលអានថា ៖ « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ »។
១២ពុំដែលមានបទគម្ពីរណាមួយ ដែលមានប្រសិទ្ធភាពទៅលើចិត្តមនុស្ស ដូចជាបទគម្ពីរនេះមានប្រសិទ្ធភាពមកលើចិត្តខ្ញុំឡើយ។ មើលទៅហាក់បីដូចជាចូលមកពេញដួងចិត្តដោយឥទ្ធិពលដ៏មហិមា។ ខ្ញុំតែងតែពិចារណាគិតអំពីរឿងនេះម្ដងហើយម្ដងទៀត ដោយដឹងថា បើមានអ្នកណាមួយដែលត្រូវការប្រាជ្ញាពីព្រះ គឺជារូបខ្ញុំនេះហើយ តែនឹងធ្វើយ៉ាងណា នោះខ្ញុំមិនដឹងទេ ហើយលើកលែងតែខ្ញុំ អាចបានប្រាជ្ញាលើសជាងដែលខ្ញុំមាន នោះខ្ញុំនឹងមិនដឹងសោះ ត្បិតពួកគ្រូបង្រៀនសាសនាពីបក្សពួកផ្សេងៗ គេយល់បទគម្ពីរតែមួយខុសឆ្ងាយពីគ្នា ធ្វើយ៉ាងនេះដូចជាបំផ្លាញនូវការទុកចិត្តទាំងអស់ បើចង់បានការដោះស្រាយនូវសំណួរនេះ ដោយពឹងផ្អែកទៅលើព្រះគម្ពីរប៊ីប។
១៣ជាយូរយារក្រែលមក ខ្ញុំបានសម្រេចចិត្តថា តើខ្ញុំត្រូវនៅក្នុងសេចក្ដីងងឹតងងល់តទៅ ឬក៏ខ្ញុំត្រូវធ្វើតាមពាក្យដែលយ៉ាកុបបានដឹកនាំ គឺថាត្រូវសូមដល់ព្រះ។ ជាយូរយារក្រែលមក ខ្ញុំបានប្ដេជ្ញាចិត្តថានឹង « សូមដល់ព្រះ » ដោយសម្រេចចិត្តថា បើទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នក ដែលខ្វះប្រាជ្ញា ហើយនឹងប្រទានឲ្យដោយសទ្ធាឥតបន្ទោសផង នោះខ្ញុំនឹងប្រថុយចិត្តចុះ។
១៤ម្ល៉ោះហើយ ស្របតាមបែបនេះ គឺតាមការប្ដេជ្ញាចិត្តរបស់ខ្ញុំថានឹងសូមដល់ព្រះ ខ្ញុំបានចូលទៅក្នុងព្រៃ ដើម្បីនឹងបម្រុងសូម នៅពេលព្រលឹមនៃថ្ងៃដ៏ល្អភ្លឺស្វាង គឺនៅដើមនិទាឃៈរដូវ ក្នុងឆ្នាំមួយពាន់ប្រាំបីរយម្ភៃ គឺជាពេលដំបូងបំផុតនៅក្នុងជីវិតខ្ញុំ ដែលខ្ញុំបានបម្រុងធ្វើយ៉ាងនេះ ត្បិតនៅកណ្ដាលការថប់បារម្ភរបស់ខ្ញុំទាំងអស់ នោះខ្ញុំពុំដែលបម្រុងនឹងអធិស្ឋានចេញសំឡេងឡើយ។
១៥បន្ទាប់ពីខ្ញុំបានទៅដល់កន្លែងដែលខ្ញុំសម្រេចថានឹងទៅ ព្រមទាំងបានសម្លឹងមើលជុំវិញខ្លួនហើយ ដោយបានឃើញថា ខ្ញុំនៅតែម្នាក់ឯង នោះខ្ញុំក៏លុតជង្គង់ចុះ ហើយបានចាប់ផ្ដើមបួងសួងដល់ព្រះទូលប្រាប់ពីបំណងនៃដួងចិត្តរបស់ខ្ញុំ។ ខ្ញុំទើបតែចាប់ផ្ដើមធ្វើ នៅមួយរំពេចនោះ ស្រាប់តែខ្ញុំត្រូវបានគ្របសង្កត់ដោយអំណាចណាមួយ ដែលគ្របពីលើរូបខ្ញុំទាំងស្រុង ហើយមានឥទ្ធិពលមកលើរូបខ្ញុំយ៉ាងអស្ចារ្យ ដែលចងអណ្ដាតខ្ញុំទុក ធ្វើឲ្យខ្ញុំមិនអាចនិយាយបានឡើយ ក៏មានភាពងងឹតហ៊ុមព័ទ្ធជុំវិញខ្ញុំ ហើយនៅពេលនោះ មើលទៅហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្នុងការបំផ្លិចបំផ្លាញយ៉ាងឆាប់ៗ។
១៦ប៉ុន្តែដោយខំប្រឹងប្រែងអស់ពីសមត្ថភាពដែលខ្ញុំមាន ដើម្បីអំពាវនាវដល់ព្រះ សូមឲ្យដោះលែងខ្ញុំរួចពីអំណាចនៃខ្មាំងសត្រូវនេះ ដែលគ្របសង្កត់មកលើខ្ញុំ ហើយនៅខណៈនោះ កាលខ្ញុំហៀបនឹងលិចលង់ទៅក្នុងការអស់សង្ឃឹម ហើយបោះបង់ខ្លួនទៅក្នុងការបំផ្លិច បំផ្លាញ — ពុំមែនទៅក្នុងការហិនហោចដែលស្រមៃគិតឃើញនោះទេ តែទៅក្នុងអំណាចនៃអ្នកណាមួយពិត ដែលមកពីពិភពមើលមិនឃើញ ដែលមានអំណាចដ៏សែនអស្ចារ្យ ដែលខ្ញុំពុំធ្លាប់ឃើញអ្នកណាមួយមានពីមុនមកឡើយ — នៅខណៈការភ្ញាក់ផ្អើលដ៏មហិមានេះ ស្រាប់តែខ្ញុំបានឃើញបង្គោលពន្លឺមួយនៅចំលើក្បាលខ្ញុំ មានរស្មីចែងចាំងលើសជាងសុរិយាទៅទៀត ដែលចុះសន្សឹមៗមកចំលើរូបខ្ញុំ។
១៧នៅពេលរស្មីនោះលេចមកមិនយូរប៉ុន្មាន ស្រាប់តែខ្ញុំបានឃើញថា ខ្ញុំបានរួចពីខ្មាំងសត្រូវដែលបានចងខ្ញុំទុក។ កាលពន្លឺនោះស្ថិតចំពីលើរូបខ្ញុំ ខ្ញុំបានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយ ឈរនៅលើអាកាសពីលើរូបខ្ញុំ។ តួអង្គមួយមានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀត ដោយមានព្រះបន្ទូលថា — « នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ចូរស្ដាប់តាមទ្រង់ចុះ! »
១៨គោលបំណងរបស់ខ្ញុំ ក្នុងការទៅទូលដល់ព្រះអម្ចាស់ គឺចង់ដឹងថាបក្សពួកណាមួយទៅដែលត្រូវ ដើម្បីឲ្យខ្ញុំបានដឹងថា ខ្ញុំត្រូវចូលរួមនឹងបក្សណាមួយ។ ហេតុដូច្នេះហើយ មិនយូរប៉ុន្មានខ្ញុំក៏បានដឹងខ្លួនវិញ ដែលអាចនិយាយបាន ខ្ញុំបានទូលដល់តួអង្គពីរនោះ ដែលឈរនៅក្នុងពន្លឺចំពីលើរូបខ្ញុំថា តើបក្សពួកទាំងអស់ណាមួយត្រូវ (ត្បិតនៅពេលនោះ ខ្ញុំមិនដែលបានគិតក្នុងចិត្តថា បក្សពួកទាំងនោះសុទ្ធតែខុសទាំងអស់គ្នាឡើយ) — ហើយថា តើខ្ញុំគប្បីចូលរួមមួយណាទៅ។
១៩ខ្ញុំបានទទួលចម្លើយថា ខ្ញុំមិនត្រូវចូលរួមនឹងបក្សពួកណាមួយឡើយ ត្បិតគេសុទ្ធតែខុសទាំងអស់គ្នា ហើយតួអង្គដែលមានព្រះបន្ទូលមកខ្ញុំ ក៏មានព្រះបន្ទូលថា អស់ទាំងគោលជំនឿរបស់គេសុទ្ធតែអំពើគួរខ្ពើមឆ្អើមចំពោះព្រះនេត្ររបស់ទ្រង់ ថាពួកអ្នកកាន់សាសនាទាំងនោះ សុទ្ធតែពុករលួយ ថា ៖ « គេគោរពប្រតិបត្តិដល់យើងតែបបូរមាត់ទេ ឯចិត្តគេនោះនៅឆ្ងាយពីយើងណាស់ គេបង្រៀនសេចក្ដីដែលជាបញ្ញត្តិរបស់មនុស្សវិញ ដោយមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរព ប្រតិបត្តិនោះទេ »។
២០សារជាថ្មីទៀត ទ្រង់បានហាមមិនឲ្យខ្ញុំចូលរួមនឹងពួកគេណាមួយឡើយ ហើយទ្រង់បានមានព្រះបន្ទូលជាច្រើនការណ៍ទៀតប្រាប់ខ្ញុំ ដែលខ្ញុំពុំអាចយកមកសរសេរនៅពេលនេះបានឡើយ។ កាលខ្ញុំបានដឹងខ្លួនទៀត នោះខ្ញុំបានឃើញថា ខ្ញុំដេកផ្ងារ កំពុងសម្លឹងមើលទៅលើមេឃ។ កាលពន្លឺនោះបានចេញផុតទៅ ខ្ញុំគ្មានកម្លាំងសោះ តែមិនយូរប៉ុន្មាន ខ្ញុំមានកម្លាំងបន្តិចបន្តួចមកវិញ ខ្ញុំក៏ទៅផ្ទះ។ ហើយកាលខ្ញុំផ្អែកទៅនឹងជើងក្រានកម្ដៅផ្ទះ ម្ដាយខ្ញុំបានសួរថាកើតអីហ្នឹង។ ខ្ញុំបានឆ្លើយថា ៖ « កុំភ័យអី ខ្ញុំស្រួលទេតើ — ខ្ញុំស្រួលខ្លួនទេ »។ រួចខ្ញុំនិយាយប្រាប់ម្ដាយខ្ញុំថា ៖ « ខ្ញុំបានចេះដឹងដោយផ្ទាល់ខ្លួនខ្ញុំថា ពួកប្រែសប៊ីធារានមិនពិតទេ »។ មើលទៅហាក់បីដូចជាមារសត្រូវ វាដឹងខ្លួន គឺចាប់តាំងពីពេលដំបូងក្នុងជីវិតខ្ញុំមក នោះខ្ញុំត្រូវបានរាប់ថាជាអ្នកឆាឆៅ និងជាអ្នករំខាននគររបស់វា បើពុំនោះសោតទេ ហេតុអ្វីបានជាអំណាចទាំងឡាយនៃសេចក្ដីងងឹតរួបរួមគ្នាប្រឆាំងនឹងខ្ញុំ? ហេតុអ្វីបានជាមានការជំទាស់ និងការបៀតបៀនកើតឡើងទាស់នឹងខ្ញុំ តាំងពីខ្ញុំនៅវ័យទារកមកម្ល៉េះដូច្នេះ?
ពួកអាចារ្យខ្លះ និងពួកអ្នកកាន់សាសនាផ្សេងៗទៀត បដិសេធមិនទទួលស្គាល់ការនិមិត្តទីមួយ — ការបៀតបៀនមានគរមកលើយ៉ូសែប ស៊្មីធ — លោកធ្វើទីបន្ទាល់អំពីការជាក់ស្ដែងនៃការនិមិត្តនោះ (ខ ២១–២៦)។
២១ពីរបីថ្ងៃកន្លងមក បន្ទាប់ពីខ្ញុំបានឃើញការនិមិត្តនេះ នោះខ្ញុំបានជួបអាចារ្យម្នាក់ពីពួកមែថូឌីស្ទ ដែលជាអ្នកសកម្មម្នាក់ក្នុងការ រំភើបខាងវិស័យសាសនា ដែលបានរៀបរាប់មកហើយនោះ ហើយដោយបាននិយាយជាមួយគាត់អំពីរឿងសាសនា នោះខ្ញុំក៏ឆ្លៀតយកឱកាសប្រាប់គាត់ពីដំណើររឿង អំពីការនិមិត្តដែលខ្ញុំបានឃើញ។ ខ្ញុំបានភ្ញាក់ផ្អើលជាខ្លាំងចំពោះអាកប្បកិរិយារបស់គាត់ គាត់មិនគ្រាន់តែរាប់ថាពាក្យសំដីដែលខ្ញុំជម្រាបគាត់នោះមិនសំខាន់ប៉ុណ្ណោះទេ តែថែមទាំងដោយពាក្យមើលងាយជាខ្លាំងថា ការនិមិត្តនោះគឺសុទ្ធតែមកពីអារក្សទាំងអស់ ថាសព្វថ្ងៃនេះ លែងមានការណ៍អ្វីជាការនិមិត្ត ឬវិវរណៈហើយ ថាការណ៍អស់ទាំងនោះ ព្រមទាំងពួកសាវកផង នោះលែងមានហើយ ហើយថានឹងពុំមានការណ៍អស់ទាំងនោះទៀតឡើយ។
២២ប៉ុន្តែមិនយូរប៉ុន្មាន ខ្ញុំបានឃើញថា ក្នុងការប្រាប់រឿងនោះ បានរំជួលឲ្យមានការចោទប្រកាន់មកលើរូបខ្ញុំជាខ្លាំងក្នុងចំណោមពួកកាន់សាសនា ហើយជាបុព្វហេតុនៃការបៀតបៀនដ៏មហិមា ដែលចេះតែមានកាន់តែច្រើនឡើង ទោះជាខ្ញុំជាក្មេងម្នាក់ដែលមិនសូវមានគេឯងស្គាល់ គឺមានវ័យតែ ១៤ និង ១៥ ឆ្នាំក្ដី ហើយទោះជាកាលៈទេសៈក្នុងជីវិតខ្ញុំ ដែលបានធ្វើឲ្យយុវវ័យម្នាក់មិនជាអ្វីឲ្យពិភពលោកអើពើក៏ដោយ គង់តែមានមនុស្សពីឋានៈខ្ពង់ខ្ពស់បានអើពើ ល្មមនឹងចាក់រុកមនុស្សឲ្យមានគំនិតទាស់នឹងខ្ញុំ ហើយបង្កើតឲ្យមានការបៀតបៀនដ៏ល្វីងជូរចត់ដែរ ហើយការណ៍នេះ គឺមានទូទៅក្នុងបក្សពួកទាំងអស់ — គេទាំងអស់គ្នាបានព្រួតដៃគ្នាបៀតបៀនលើរូបខ្ញុំ។
២៣នៅពេលនោះ ការណ៍នេះធ្វើឲ្យខ្ញុំគិតពិចារណាជាខ្លាំង និងជាញឹកញាប់ចាប់តាំងពីពេលនោះមកថាចម្លែកដល់ម្ល៉េះ ហេតុអ្វីក៏ក្មេងប្រុសម្នាក់ដែលមិនសូវមានគេឯងស្គាល់ អាយុ១៤ឆ្នាំជាង ហើយក៏ជាមនុស្សម្នាក់ដែលត្រូវទ្រាំធ្វើការជារៀងរាល់ថ្ងៃ ដើម្បីទ្រទ្រង់ជីវិតតិចតួច ម្ដេចឡើយក៏គេថាខ្ញុំជាមនុស្សគ្រាន់បើ ដល់ទៅធ្វើឲ្យមនុស្សធំដុំពីបក្សពួកដ៏ល្បីល្បាញនៅគ្រានោះអើពើ ហើយនៅតាមរបៀបណាមួយ ដែលធ្វើឲ្យគេមានចិត្តបៀតបៀន និងប្រទេចផ្ដាសាដ៏ល្វីងជូរចត់ទៅវិញ។ ប៉ុន្តែទោះជាការណ៍នេះចម្លែក ឬអត់ក៏ដោយ គង់តែនេះហើយជាស្ថានការណ៍ដែលបានកើតឡើង ហើយការណ៍នេះតែងតែជាបុព្វហេតុ ដែលធ្វើឲ្យខ្ញុំមានចិត្តសោកសៅជាអនេក។
២៤ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គង់តែជាការពិតមែនដែលខ្ញុំបានឃើញការនិមិត្តនោះ។ ខ្ញុំបានគិតតាំងពីពេលនោះមកថា ខ្ញុំមានអារម្មណ៍ដូចលោកប៉ុលដែរ ក្នុងកាលលោកបានដោះសានៅខាងមុខព្រះរាជាអ័គ្រីប៉ា ហើយបានប្រាប់ពីដំណើររឿងនៃការនិមិត្ត ដែលលោកបានឃើញ កាលលោកបានឃើញពន្លឺ ហើយបានឮសំឡេង ប៉ុន្តែគង់តែមានមនុស្សតែបន្តិចបន្តួចប៉ុណ្ណោះ ដែលបានជឿលោក រីឯមនុស្សខ្លះបានថាលោកជាមនុស្សមិនទៀងត្រង់ ឯមនុស្សផ្សេងទៀតថាលោកជាមនុស្សឆ្កួត ហើយលោកត្រូវគេមើលងាយ ហើយត្រូវគេជេរប្រទេចផ្ដាសា។ ប៉ុន្តែការណ៍អស់ទាំងនេះពុំបានបំផ្លាញនូវការពិត អំពីការនិមិត្តដែលលោកបានឃើញនោះឡើយ។ លោកបានឃើញការនិមិត្ត លោកដឹងថាលោកបានឃើញមែន ហើយអស់ទាំងការបៀតបៀននៅក្រោមមេឃទាំងឡាយ ក៏មិនអាចកែប្រែការណ៍នោះបានដែរ ហើយទោះជាគេនឹងបៀតបៀនលោកដល់ស្លាប់ក៏ដោយ គង់តែលោកដឹង ហើយនឹងដឹង រហូតដល់ដង្ហើម ចុងក្រោយបង្អស់ថា លោកបានទាំងឃើញ ហើយឮសំឡេងនិយាយមកកាន់លោក ហើយអស់ទាំងពិភពលោកក៏មិនអាចធ្វើឲ្យលោកគិត ឬជឿនូវអ្វីផ្សេងទៀតឡើយ។
២៥ម្ល៉ោះហើយ រឿងនោះក៏ដូចជារឿងខ្ញុំដែរ។ ខ្ញុំពិតជាបានឃើញពន្លឺមែន ហើយនៅកណ្ដាលពន្លឺនោះ ខ្ញុំបានឃើញតួអង្គពីរ ហើយតួអង្គនោះបានមានព្រះបន្ទូលមកខ្ញុំជាពិតប្រាកដ ហើយទោះជាខ្ញុំត្រូវគេស្អប់ ហើយបៀតបៀនមកពីថា ខ្ញុំបានឃើញការនិមិត្តក្ដី គង់តែការណ៍នោះពិត ហើយនៅពេលគេកំពុងតែបៀតបៀនខ្ញុំ ជេរប្រទេចផ្ដាសាដល់ខ្ញុំ ហើយនិយាយបង្ខុសនូវពាក្យអាក្រក់គ្រប់បែបយ៉ាងទាស់នឹងខ្ញុំ មកពីខ្ញុំបានថាដូច្នោះក្ដី គង់តែការណ៍នោះ ធ្វើឲ្យខ្ញុំគិតក្នុងចិត្តថា ៖ ហេតុដូចម្ដេចក៏បៀតបៀនខ្ញុំ ព្រោះតែខ្ញុំបានប្រាប់ពីការពិត? ខ្ញុំពិតជាបានឃើញការនិមិត្តមែន ហើយតើខ្ញុំជាអ្វីទៅ ដែលអាចទាស់នឹងព្រះបាន ហើយចុះតើហេតុអ្វី បានជាពិភពលោកគិតចង់ឲ្យខ្ញុំបដិសេធអ្វីដែលខ្ញុំពិតជាបានឃើញនោះដូច្នេះ? ត្បិតខ្ញុំបានឃើញការនិមិត្ត ខ្ញុំដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំដឹងថា ព្រះទ្រង់ក៏ដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំពុំអាចបដិសេធរឿងនេះ ឬក៏ហ៊ានធ្វើយ៉ាងដូច្នោះបានឡើយ យ៉ាងហោច ខ្ញុំបានដឹងថា បើខ្ញុំធ្វើដូច្នោះ នោះខ្ញុំនឹងជំទាស់ព្រះ ហើយនឹងនៅក្រោមការជាប់ទោសជាមិនខានឡើយ។
២៦ឥឡូវនេះ ខ្ញុំបានស្កប់ចិត្តចំពោះពិភពលោក អំពីបក្សពួកទាំងឡាយហើយ — ថាពុំមែនជាមុខងាររបស់ខ្ញុំក្នុងការចូលរួមនឹងពួកគេណាមួយឡើយ តែត្រូវរង់ចាំដរាបដល់ខ្ញុំបានទទួលការដឹកនាំតទៅទៀត។ ខ្ញុំបានឃើញថាទីបន្ទាល់របស់ខ្ញុំអំពីយ៉ាកុបនោះពិតមែន — ថាមនុស្សណាមួយដែលខ្វះប្រាជ្ញា នោះអាចសូមដល់ព្រះ ហើយនឹងបានទទួលដោយឥតបន្ទោសផង។
មរ៉ូណៃលេចមកឲ្យយ៉ូសែប ស៊្មីធ ឃើញ — ឈ្មោះរបស់យ៉ូសែបនឹងត្រូវបានស្គាល់សម្រាប់សេចក្ដីល្អ និងសេចក្ដីអាក្រក់ក្នុងចំណោមគ្រប់សាសន៍ទាំងអស់ — មរ៉ូណៃប្រាប់លោកអំពីព្រះគម្ពីរមរមន និងអំពីសេចក្ដីជំនុំជំរះរបស់ព្រះអម្ចាស់ដែលនឹងកើតឡើង ហើយស្រង់បទគម្ពីរជាច្រើន — កន្លែងលាក់ផ្ទាំងមាសត្រូវបានបើកសម្ដែងប្រាប់ — មរ៉ូណៃបង្គាប់ព្យាការីតទៅ (ខទី ២៧–៥៤)។
២៧ខ្ញុំចេះតែធ្វើការតាមធម្មតាតទៅក្នុងជីវិត រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៨២៣ ហើយនៅគ្រប់ពេលវេលា ខ្ញុំបានរងទុក្ខនូវការបៀតបៀនដ៏ធ្ងន់ធ្ងរពីដៃនៃមនុស្សគ្រប់ជាន់ថ្នាក់ ទាំងសាសនិកជន និងអសាសនិកជនផង ព្រោះតែខ្ញុំនៅតែបញ្ជាក់ថាខ្ញុំបានឃើញការនិមិត្តនោះ។
២៨ក្នុងចន្លោះពេលដែលខ្ញុំបានឃើញការនិមិត្តទៅទល់នឹងឆ្នាំ ១៨២៣ — ដោយបានហាមប្រាមមិនឲ្យចូលរួមនឹងបក្សពួកសាសនាណាមួយឡើយ ហើយដោយមានវ័យក្មេងពេក ហើយបានទទួលការបៀតបៀនពីអស់អ្នកទាំងឡាយ ដែលគួរណាតែរាប់អានខ្ញុំជាមិត្ត និងរាក់ទាក់នឹងខ្ញុំដោយស្រួលបួល ហើយបើសិនជាពួកគេបានសន្និដ្ឋានថា ខ្ញុំមានការភាន់ច្រឡំ គួរណាតែគេខំព្យាយាមទាញខ្ញុំមកវិញ ដោយមធ្យោបាយដ៏សមរម្យ និងដោយមេត្រីភាព —ខ្ញុំត្រូវបានទុកឲ្យប្រទះការល្បួងគ្រប់បែបយ៉ាង ហើយសេពគប់នឹងមនុស្សគ្រប់ប្រភេទក្នុងសង្គម ខ្ញុំតែងតែធ្លាក់ទៅក្នុងការខុសឆ្គងជាច្រើន ហើយបានសម្ដែងនូវការទន់ខ្សោយនៃយុវវ័យ និងការឆ្កួតលីលានៃមនុស្សលោក ដែលខ្ញុំតូចចិត្តនឹងនិយាយថា ការណ៍ទាំងនោះហើយដែលបាននាំខ្ញុំឲ្យធ្លាក់ទៅក្នុងការល្បួងផ្សេងៗ ដែលគួរខ្ពើមឆ្អើមចំពោះព្រះនេត្រនៃព្រះ។ នៅពេលខ្ញុំលន់តួសារភាពនេះ ចូរកុំឲ្យអ្នកណាមួយសន្និដ្ឋានថា ខ្ញុំមានទោសដ៏ធំ ឬមានបាបដ៏ធ្ងន់នោះឡើយ។ ការប្រព្រឹត្តបាបបែបនេះ ពុំដែលមាននៅក្នុងចិត្តខ្ញុំឡើយ។ ប៉ុន្តែខ្ញុំមានទោសខាងការនិយាយលេងសើចមិនត្រឹមត្រូវ ហើយជួនកាល បានសេពគប់នឹងគ្នីគ្នាដែលលេងសើចមិនត្រឹមត្រូវជាដើម ដែលមិនសមរម្យនឹងចរិយានៃអ្នកដែលបានហៅដោយព្រះ ដូចជារូបខ្ញុំនោះឡើយ។ ប៉ុន្តែការណ៍នេះមិនជាចម្លែកទេ ចំពោះអ្នកផងទាំងឡាយណាដែលនឹកចាំពីយុវវ័យរបស់ខ្ញុំ ហើយដែលបានស្គាល់ចរិយារួសរាយរបស់ខ្ញុំ។
២៩ដោយសារការណ៍ទាំងនេះហើយ ដែលខ្ញុំតែងតែគិតថាខ្លួនមានទោស ដោយព្រោះតែភាពទន់ខ្សោយ និងភាពមិនល្អឥតខ្ចោះរបស់ខ្ញុំ នៅពេលវេលារាត្រីនៃពេលដែលបានពោលខាងលើនេះ គឺថ្ងៃទី២១ ខែកញ្ញា បន្ទាប់ពីខ្ញុំបានចូលទៅកាន់ដំណេកខ្ញុំនៅយប់នោះ នោះខ្ញុំបានចាប់ផ្ដើមអធិស្ឋាន ហើយទូលអង្វរដល់ព្រះដ៏មានមហិទ្ធិឫទ្ធិ សូមក្ដីអភ័យទោសចំពោះអស់ទាំងអំពើបាប និងអំពើឆ្កួតលីលារបស់ខ្ញុំ ហើយសូមការសម្ដែងប្រាប់ដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចដឹងអំពីស្ថានភាព និងជំហររបស់ខ្ញុំចំពោះទ្រង់ ត្បិតខ្ញុំជឿជាក់ថានឹងបានទទួលការសម្ដែងពីព្រះ ដូចខ្ញុំបានទទួលកាលពីលើកមុននោះ។
៣០នៅពេលដែលខ្ញុំកំពុងតែអំពាវនាវដល់ព្រះ នោះស្រាប់តែខ្ញុំប្រទះឃើញមានពន្លឺមួយរះឡើងនៅក្នុងបន្ទប់ខ្ញុំ ឯពន្លឺនោះចេះតែភ្លឺខ្លាំងឡើងៗ រហូតដល់បន្ទប់ទាំងមូលភ្លឺជាងពន្លឺថ្ងៃត្រង់ទៅទៀត នៅមួយរំពេចនោះ មានរូបមនុស្សមួយបានលេចមកនៅក្បែរគ្រែខ្ញុំ ឈរនៅ លើអាកាស ពីព្រោះជើងលោកពុំបានប៉ះក្ដារឡើយ។
៣១លោកពាក់អាវរលុង ដែលមានពណ៌ដ៏សអស្ចារ្យ គឺជាភាពសជាងអ្វីៗនៅលើលោកិយ ដែលខ្ញុំធ្លាប់ប្រទះឃើញមក ហើយខ្ញុំថែមទាំងមិនជឿថា មានអ្វីមួយនៅក្នុងលោកិយនេះនឹងត្រូវធ្វើឲ្យឃើញសក្រៃលែង ហើយចែងចាំងដូច្នោះឡើយ ដៃរបស់លោកនៅទទេត្រឹមខាងលើកដៃបន្តិច ក៏ដូចជាជើងលោកនៅទទេ ត្រឹមខាងលើកជើងបន្តិច ឯក្បាល និងកលោកក៏នៅទទេដែរ ខ្ញុំបានឃើញថា លោកមិនបានស្លៀកពាក់អ្វីក្រៅពីអាវនោះឡើយ នៅពេលអាវនោះចំហ ធ្វើឲ្យខ្ញុំឃើញទ្រូងលោក។
៣២មិនត្រឹមតែអាវលោកដែលសក្រៃលែងប៉ុណ្ណោះឡើយ តែថែមទាំងរូបកាយលោក ក៏ឧត្ដមរុងរឿងជាងដែលអាចអធិប្បាយបាន ឯមុខរបស់លោក នោះពិតជាដូចផ្លេកបន្ទោរ បន្ទប់ខ្ញុំភ្លឺក្រៃលែង តែភ្លឺមិនជាប៉ុន្មាន ដូចជានៅជុំវិញរាងកាយលោកទេ កាលខ្ញុំបានមើលឃើញលោកមុនដំបូងបង្អស់នោះ ខ្ញុំខ្លាច ប៉ុន្តែមិនយូរប៉ុន្មានសេចក្ដីខ្លាចក៏បាត់ពីខ្ញុំទៅ។
៣៣លោកបានហៅខ្ញុំដោយឈ្មោះ ហើយពោលមកកាន់ខ្ញុំថាលោកជាទូត ដែលបានចាត់មកពីវត្តមាននៃព្រះឲ្យមករកខ្ញុំ ហើយថា ឈ្មោះលោក គឺមរ៉ូណៃ ថាព្រះទ្រង់មានកិច្ចការឲ្យខ្ញុំធ្វើ ហើយថាឈ្មោះរបស់ខ្ញុំ នឹងមានដើម្បីសេចក្ដីល្អ និងសេចក្ដីអាក្រក់ ក្នុងគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស ហើយគ្រប់ទាំងភាសា ឬថាឈ្មោះខ្ញុំនឹងត្រូវនិយាយដល់ទាំងសេចក្ដីល្អ និងសេចក្ដីអាក្រក់នៅក្នុងចំណោមបណ្ដាជនទាំងអស់។
៣៤លោកមានប្រសាសន៍ថា មានគម្ពីរមួយកប់ទុក ដែលឆ្លាក់នៅលើផ្ទាំងមាស ដែលចែងអំពីប្រវត្តិរបស់ប្រជាជន ដែលបានរស់នៅលើទ្វីបនេះ កាលពីជំនាន់ដើម ហើយអំពីទីកំណើត ដែលពួកគេលេចមក លោកមានប្រសាសន៍ទៀតថា ភាពពោរពេញនៃដំណឹងល្អដ៏អស់កល្បជានិច្ចមាននៅក្នុងគម្ពីរនេះ ដូចជាព្រះអង្គសង្គ្រោះទ្រង់បានប្រទានឲ្យប្រជាជនជំនាន់ដើម។
៣៥លោកប្រាប់ទៀតថា មានត្បូងពីរដុំនៅក្នុងស៊ុមប្រាក់ ហើយត្បូងទាំងពីរនេះភ្ជាប់ជាមួយនឹងប្រដាប់បាំងទ្រូង ជារបស់ដែលហៅថា យូរីមនិង ធូមីម កប់នៅជាមួយនឹងផ្ទាំងទាំងឡាយ ហើយការធ្វើជាម្ចាស់ និងការប្រើត្បូងទាំងនេះ គឺការដែលធ្វើឲ្យអ្នកនោះជាអ្នកមើលឆុត នៅជំនាន់បុរាណ ឬជំនាន់ដើម ហើយថាព្រះទ្រង់បានរៀបត្បូងនោះទុក ដើម្បីជាប្រយោជន៍នៃការបកប្រែគម្ពីរនេះឯង។
៣៦បន្ទាប់ពីបានប្រាប់ខ្ញុំពីការណ៍ទាំងនេះហើយ នោះលោកបានចាប់ផ្ដើមស្រង់ពាក្យព្យាករណ៍ទាំងឡាយចេញពីព្រះគម្ពីរសញ្ញាចាស់។ មុនដំបូង លោកបានស្រង់ភាគខ្លះចេញពីជំពូកទី៣ ក្នុងគម្ពីរម៉ាឡាគី ហើយលោកក៏ស្រង់ជំពូកទី៤ ឬជំពូកចុងក្រោយបង្អស់នូវពាក្យព្យាករណ៍ដដែល តែខុសគ្នាតែបន្តិចបន្តួចពីពាក្យដែលបានសរសេរទុកនៅក្នុងព្រះគម្ពីរប៊ីបរបស់យើង។ ជំនួសការដកស្រង់ ខទី១ ដូចដែលបានសរសេរទុកនៅក្នុងគម្ពីរយើង នោះលោកបានស្រង់តាមបែបនេះថា ៖
៣៧ត្បិតមើលចុះ ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ មែនហើយ ហើយនឹងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គេនឹងឆេះដូចជាជញ្ជ្រាំង ត្បិតពួកគេដែលមក គេនឹងបញ្ឆេះបន្សុសពួកគេទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ ឡើយ នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់នៃពួកពលបរិវារ។
៣៨ហើយម្ដងទៀត លោកបានស្រង់ពាក្យពីខទី៥ផង ដែលថា ៖ មើលចុះ យើងនឹងបើកសម្ដែងដល់អ្នករាល់គ្នានូវបព្វជិតភាពដោយដៃនៃអេលីយ៉ា ដែលជាព្យាការី មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនៃព្រះអម្ចាស់បានមកដល់។
៣៩លោកក៏ស្រង់ពាក្យពីខបន្ទាប់នោះផ្សេងគ្នាដែរ ដែលថា ៖ ហើយលោកនឹងដាក់នៅក្នុងចិត្តនៃកូនចៅនូវសេចក្ដីសន្យា ដែលបានធ្វើដល់ពួកឪពុក ហើយចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ។ បើសិនជាមិនមែនដូច្នោះទេ នោះផែនដីទាំងមូលនឹងត្រូវកម្ទេចចោលសូន្យឈឹងក្នុងកាលទ្រង់យាងមក។
៤០បន្ថែមទៅនឹងពាក្យព្យាករណ៍ទាំងនេះ លោកបានស្រង់ពាក្យពីជំពូកទី១១ ក្នុងគម្ពីរអេសាយ ថាពាក្យព្យាករណ៍នេះជិតនឹងបានសម្រេចហើយ។ លោកក៏ស្រង់ពាក្យពីជំពូកទី៣ ក្នុងគម្ពីរកិច្ចការ ខទី២២ និង២៣ ដូចដែលមាននៅក្នុងព្រះគម្ពីរសញ្ញាថ្មីរបស់យើងបេះបិទ។ លោកបានប្រាប់ថា ព្យាការីនោះ គឺជាព្រះគ្រីស្ទ ប៉ុន្តែថ្ងៃនោះមិនទាន់មកដល់ទេ ក្នុងកាល « អស់អ្នកណាដែលមិនព្រមស្ដាប់តាមព្យាការីនោះទេ នោះនឹងត្រូវកាត់កាល់ចេញពីចំណោមមនុស្ស » ប៉ុន្តែនឹងមកដល់ជាយ៉ាងឆាប់ៗ។
៤១លោកក៏ស្រង់ពាក្យពីជំពូកទី២ ក្នុងគម្ពីរយ៉ូអែល ពីខទី២៨ ដល់ចប់។ លោកបានប្រាប់ដែរថា ពាក្យព្យាករណ៍នេះពុំទាន់បានសម្រេចនៅឡើយទេ ប៉ុន្តែនឹងបានសម្រេចនៅពេលឆាប់ៗ។ ហើយលោកបានថ្លែងប្រាប់តទៅទៀតថា ភាពពោរពេញនៃពួកសាសន៍ដទៃនឹងកើតឡើងជាឆាប់ៗ។ លោកបានស្រង់វគ្គគម្ពីរផ្សេងៗជាច្រើន ហើយបានផ្ដល់ពាក្យពន្យល់ជាច្រើន ដែលពុំអាចយកមកប្រាប់បាននៅទីនេះ។
៤២ម្ដងទៀត លោកបានប្រាប់ខ្ញុំថា កាលណាខ្ញុំបានទទួលយកផ្ទាំងទាំងឡាយ ដែលលោកបានថ្លែងដល់នោះ — ត្បិតមិនទាន់ដល់ពេលដែលខ្ញុំត្រូវទទួលផ្ទាំងទាំងនោះទេ — ខ្ញុំមិនត្រូវបង្ហាញដល់អ្នកណាទេ សូម្បីតែប្រដាប់បាំងទ្រូង ព្រមទាំងយូរីម និងធូមីមផង ខ្ញុំអាចបង្ហាញតែត្រឹមជនណា ដែលព្រះទ្រង់បញ្ជាឲ្យបង្ហាញដល់ប៉ុណ្ណោះ បើខ្ញុំបង្ហាញឲ្យអ្នកផ្សេងឃើញ នោះខ្ញុំនឹងត្រូវបំផ្លាញចោល។ នៅពេលដែលលោកកំពុងតែសន្ទនាជាមួយនឹងខ្ញុំអំពីផ្ទាំងចារិកនោះ ការនិមិត្តបានបើកសម្ដែងនៅក្នុងគំនិតខ្ញុំ លុះត្រាខ្ញុំបានមើលឃើញទីកន្លែង ដែលមានផ្ទាំងទាំងនោះកប់ទុក ហើយការនិមិត្តនោះច្បាស់លាស់ រហូតដល់ខ្ញុំស្គាល់កន្លែងនោះបាន នៅពេលដែលខ្ញុំទៅកាន់កន្លែងនោះក្រោយមក។
៤៣ក្រោយពីការសន្ទនានេះហើយ ខ្ញុំឃើញថាពន្លឺនៅក្នុងបន្ទប់ចាប់ផ្ដើមប្រមូលរួមជុំវិញកាយ លោកដែលមានបន្ទូលមកកាន់ខ្ញុំ ហើយនៅដូច្នោះតទៅ លុះត្រាបន្ទប់ត្រឡប់ទៅជាងងឹតម្ដងទៀត លើកលែងតែនៅជុំវិញលោកប៉ុណ្ណោះ មួយរំពេចនោះ ខ្ញុំឃើញហាក់ដូចជាមានផ្លូវមួយចំហត្រង់ឡើងទៅដល់ស្ថានសួគ៌ ហើយលោកក៏ត្រឡប់ឡើងទៅ រហូតដល់មើលលែងឃើញ ក្រោយមក បន្ទប់ខ្ញុំក៏ត្រឡប់ទៅក្នុងសភាពដើមវិញ ដូចកាលមុនដែលពន្លឺនៃស្ថានសួគ៌នេះបានលេចមក។
៤៤ខ្ញុំដេកសញ្ជឹងគិតដល់សេចក្ដីប្លែកនៃហេតុការណ៍ ហើយនឹកឆ្ងល់ជាខ្លាំងដល់រឿងដែលទូតដ៏ពិសេសនេះបានប្រាប់ខ្ញុំ នៅពេលដែលខ្ញុំកំពុងតែគិតនោះ ខ្ញុំក៏ឃើញថាបន្ទប់ខ្ញុំ ចាប់ផ្ដើមភ្លឺឡើងម្ដងទៀត ហើយនៅមួយរំពេចនោះ ទូតពីស្ថានសួគ៌ដដែលនោះក៏មកឈរនៅក្បែរគ្រែខ្ញុំម្ដងទៀត។
៤៥លោកក៏ចាប់ផ្ដើម ហើយនិយាយពីរឿងដដែលនោះទៀត ដែលលោកបានធ្វើហើយកាលលោកបានមកមុនដំបូង ដោយមិនប្រែប្រួលឡើយ នៅពេលចប់ហើយ នោះលោកបានប្រាប់ខ្ញុំ អំពីសេចក្ដីជំនុំជំរះដ៏មហិមា ដែលនឹងកើតឡើងនៅលើផែនដីនេះ ព្រមទាំងសេចក្ដីហិនវិនាសដ៏ខ្លាំង ដោយអំណត់អត់ ដោយដាវ និងជំងឺអាសន្នរោគ ហើយថាសេចក្ដីជំនុំជំរះដ៏ធ្ងន់ធ្ងរទាំងឡាយនេះនឹងកើតមាននៅលើផែនដីក្នុងជំនាន់នេះឯង។ កាលបានថ្លែងពីរឿងទាំងអស់នេះហើយ នោះលោកក៏ត្រឡប់ឡើងទៅវិញម្ដងទៀត ដូចដែលលោកបានធ្វើពេលមុនដែរ។
៤៦នៅវេលានេះ ហេតុការណ៍ដែលបានយល់នៅក្នុងចិត្តរបស់ខ្ញុំ គឺជ្រាលជ្រៅណាស់ ដែលពុំអាចដេកបាន ហើយខ្ញុំដេកភ្លឹកភ្លាំងនៅក្នុងការណ៍អស្ចារ្យ ដែលខ្ញុំបានទាំងឃើញ ហើយបានឮមក។ ប៉ុន្តែជាសេចក្ដីប្លែកចិត្តរបស់ខ្ញុំអ្វីម្ល៉េះ កាលឃើញទូតដដែលនៅក្បែរគ្រែខ្ញុំម្ដងទៀត ហើយបានឮទូតរៀបរាប់ ឬថ្លែងមកខ្ញុំម្ដងទៀតពីរឿងដដែលដូចពេលមុននោះ ហើយព្រមទាំងឲ្យពាក្យដាស់តឿនដល់ខ្ញុំ ដោយប្រាប់ខ្ញុំថាអារក្សសាតាំងនឹងព្យាយាមល្បួងខ្ញុំ (ពីព្រោះមកពីសភាពក្រខ្សត់របស់គ្រួសារឪពុកខ្ញុំ) ឲ្យទៅយកផ្ទាំងទាំងឡាយ ដើម្បីនឹងកសាងខ្លួនជាអ្នកមាន។ រឿងនេះលោកឃាត់ខ្ញុំ ដោយមានប្រសាសន៍ថា ខ្ញុំមិនត្រូវមានគោលបំណងផ្សេងទៀតក្នុងសេចក្ដីនឹកគិតក្នុងការបានផ្ទាំងទាំងឡាយមកឡើយ ក្រៅពីដើម្បីសរសើរតម្កើងព្រះ ហើយមិនត្រូវធ្លាក់ទៅក្នុងឥទ្ធិពលនៃមូលហេតុអ្វីផ្សេងទៀតឡើយ ក្រៅពីការកសាងនគរនៃព្រះប៉ុណ្ណោះ បើមិនដូច្នោះសោតទេ ខ្ញុំមិនអាចនឹងយកផ្ទាំងទាំងឡាយមកបានឡើយ។
៤៧ក្រោយពីបានមកជួបខ្ញុំជាលើកទីបី នោះលោកក៏ត្រឡប់ឡើងទៅស្ថានសួគ៌វិញ ដូចលើកមុន ហើយខ្ញុំត្រូវទុកឲ្យរំពឹងគិតទៀតចំពោះសេចក្ដីប្លែកនៃហេតុការណ៍ ដែលខ្ញុំទើបតែបានជួបប្រទះមក នៅមួយរំពេចក្រោយដែលទូតស្ថានសួគ៌បានត្រឡប់ឡើង ចេញពីខ្ញុំទៅវិញជាលើកទីបី នោះមាន់ក៏រងាវ ហើយខ្ញុំក៏ដឹងថា ជិតភ្លឺហើយ ដូច្នោះការសន្ទនារបស់យើងច្បាស់ជាបានប្រព្រឹត្តទៅអស់ពេលពេញមួយយប់តែម្ដង។
៤៨មួយសន្ទុះក្រោយមក ខ្ញុំក្រោកពីដំណេក ហើយទៅធ្វើការដូចដែលត្រូវធ្វើតាមធម្មតារាល់ៗថ្ងៃ ប៉ុន្តែក្នុងការព្យាយាមធ្វើការដូចពេលផ្សេងៗ ខ្ញុំហាក់បីដូចជាអស់កម្លាំងជាខ្លាំង រហូតដល់ធ្វើអ្វីលែងកើត ឪពុកខ្ញុំដែលកំពុងតែធ្វើការនៅក្បែរខ្ញុំនោះ ឃើញថាមានអ្វីខុសពីធម្មតាចំពោះខ្ញុំ ហើយបានប្រាប់ឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញ។ ខ្ញុំចេញទៅដោយសេចក្ដីតាំងចិត្តថានឹងត្រឡប់ទៅផ្ទះ ប៉ុន្តែក្នុងការព្យាយាមឆ្លងរបងចេញពីចម្ការ នោះខ្ញុំអស់កម្លាំងរលីងពីខ្លួន ហើយខ្ញុំដួលស្ដូកស្ដឹងនៅលើដី ហើយសន្លប់អស់មួយសន្ទុះទៅ។
៤៩រឿងដំបូងដែលខ្ញុំចាំបាន គឺមានសំឡេងមួយនិយាយមកកាន់ខ្ញុំ ហៅខ្ញុំដោយឈ្មោះ។ ខ្ញុំមើលទៅលើ ហើយឃើញទូតដដែលឈរនៅលើក្បាលខ្ញុំ ហ៊ុមព័ទ្ធជុំវិញដោយរស្មីដូចពីលើកមុនដែរ។ ហើយលោកថ្លែងពីរឿងទាំងអស់មកខ្ញុំម្ដងទៀត ដែលលោកបានប្រាប់ខ្ញុំកាលពីយប់មិញ ហើយលោកបញ្ជាខ្ញុំឲ្យទៅរកឪពុកខ្ញុំ ហើយប្រាប់គាត់ពីការនិមិត្ត និងបញ្ញត្តិទាំងឡាយដែលខ្ញុំបានទទួល។
៥០ខ្ញុំធ្វើតាម ខ្ញុំត្រឡប់ទៅរកឪពុកខ្ញុំនៅក្នុងចម្ការ ហើយបានរៀបរាប់រឿងសព្វគ្រប់ជម្រាបគាត់។ គាត់ឆ្លើយតបមកខ្ញុំថា ជារឿងមកពីព្រះ ហើយគាត់បានប្រាប់ឲ្យខ្ញុំទៅ ហើយធ្វើដូចដែលទូតបានបញ្ជាចុះ។ ខ្ញុំបានចេញពីចម្ការ ហើយទៅកាន់ទីកន្លែងដែលទូតបានប្រាប់ខ្ញុំថា មានផ្ទាំងទាំងឡាយកប់ទុក ហើយមកពីសេចក្ដីច្បាស់លាស់នៃការនិមិត្តដែលខ្ញុំបានឃើញមក នោះខ្ញុំស្គាល់កន្លែងនោះភ្លាម នៅពេលខ្ញុំទៅដល់ទីនោះ។
៥១នៅជិតភូមិម៉ែនឆែស្ទើរ ស្រុកអុនតារីយ៉ូ រដ្ឋញូវយ៉ក មានភ្នំមួយធំ ហើយខ្ពស់បំផុតនៅក្នុងតំបន់។ នៅខាងលិចភ្នំនេះ មិនជាឆ្ងាយប៉ុន្មានពីកំពូល ហើយនៅក្រោមដុំថ្មមួយដ៏ធំ មានផ្ទាំងទាំងឡាយដាក់ទុកនៅក្នុងហិបថ្ម។ ដុំថ្មនេះក្រាស់ ហើយនៅចំកណ្ដាល ផ្នែកខាងលើមានរាងមូល ហើយស្ដើងបន្តិចខាងគែមៗ ហើយចំកណ្ដាលវាផុសចេញពីដី ប៉ុន្តែគែមជុំវិញត្រូវដីកប់ជិតអស់។
៥២កាលបានកាយដីចេញហើយ ខ្ញុំបានយកដងគំនាស់មួយ ដែលខ្ញុំដាក់ស៊កក្រោមគែមថ្មនោះ ហើយដោយប្រើកម្លាំងបន្តិចបន្តួច ក៏គាស់ថ្មនោះរបើកឡើងបាន។ ខ្ញុំមើលទៅខាងក្នុងហើយពិតជាទីនោះមែន ខ្ញុំឃើញទាំងផ្ទាំងទាំងឡាយ យូរីមនិងធូមីម ហើយព្រមទាំងប្រដាប់បាំងទ្រូង ដូចដែលទូតមានប្រសាសន៍មក។ ហិបដែលដាក់របស់ទាំងនេះ បានធ្វើឡើងដោយការដាក់ថ្មភ្ជាប់គ្នាពីជាតិស៊ីម៉ងត៍ម្យ៉ាង។ នៅបាតហិបមានថ្មពីរដុំដាក់ទុកទទឹងហិប ហើយនៅពីលើថ្មពីរដុំនេះ មានផ្ទាំងទាំងឡាយ ព្រមទាំងវត្ថុផ្សេងៗដាក់ទុកជាមួយគ្នាផង។
៥៣ខ្ញុំព្យាយាមយករបស់ទាំងនោះចេញមក ប៉ុន្តែត្រូវទូតហាមឃាត់ ហើយប្រាប់ម្ដងទៀតថា ពេលដែលត្រូវនាំយករបស់ទាំងនោះចេញមកពុំទាន់មកដល់នៅឡើយ គឺមិនទាន់ដល់ពេលទេ។ លុះត្រាគម្រប់បួនឆ្នាំចាប់ពីឆ្នាំនេះទៅ ប៉ុន្តែលោកមានប្រសាសន៍ប្រាប់ខ្ញុំថា ចាប់ពីថ្ងៃនេះ ទៅរហូតដល់កំណត់មួយឆ្នាំ ខ្ញុំត្រូវត្រឡប់មកកាន់កន្លែងនេះវិញ ហើយលោកនឹងមកជួបខ្ញុំនៅទីនោះ ហើយថា ខ្ញុំត្រូវធ្វើដូច្នោះតទៅ លុះត្រាដល់ពេលដែលនឹងបានទទួលផ្ទាំងទាំងឡាយនោះមក។
៥៤ម្ល៉ោះហើយ ដូចដែលខ្ញុំត្រូវបានបញ្ជាមក ខ្ញុំក៏ទៅនៅពេលគ្រប់កំណត់មួយឆ្នាំម្ដងៗ ហើយជារៀងរាល់ដង ខ្ញុំបានជួបទូតដដែលនៅទីនោះ ហើយបានទទួលការបង្គាប់ និងប្រាជ្ញាពីលោក គ្រប់ពេលដែលយើងសន្ទនាគ្នា អំពីរឿងដែលព្រះអម្ចាស់ទ្រង់នឹងធ្វើ ហើយតើដោយរបៀបណា និងដោយនូវអ្វីដែលនគរព្រះនឹងត្រូវចាត់ចែងនៅគ្រាក្រោយបង្អស់។
យ៉ូសែប ស៊្មីធ រៀបការនឹងនាង អិមម៉ា ហេល — លោកទទួលផ្ទាំងមាសពីមរ៉ូណៃ ហើយបកប្រែអក្សរខ្លះៗ — ម៉ាទិន ហារីស បង្ហាញអក្សរទាំងឡាយ និងការបកប្រែទៅសាស្ត្រាចារ្យ អ័នថុន ដែលថា ៖ « ខ្ញុំមិនអាចអានគម្ពីរដែលបិទបានទេ » (ខទី៥៥–៦៥)។
៥៥ពីព្រោះតែស្ថានភាពខាងសេដ្ឋកិច្ចរបស់ឪពុកខ្ញុំមិនសូវបរិបូរ នោះយើងត្រូវធ្វើការដោយដៃរបស់យើង ស៊ីឈ្នួលគេនៅពេលថ្ងៃ និងការផ្សេងៗទៀត ដែលយើងអាចមានឱកាសធ្វើបាន។ ជួនកាល យើងនៅផ្ទះ ហើយជួនកាល យើងនៅឆ្ងាយពីផ្ទះ ហើយដោយធ្វើការងារជារៀងរហូតទៅ ទើបអាចទ្រទ្រង់ជីវិតឲ្យបានគ្រាន់បើ។
៥៦នៅឆ្នាំ ១៨២៣ គ្រួសារឪពុកខ្ញុំបានជួបប្រទះការទុក្ខលំបាកមួយដ៏ធំ ដោយការស្លាប់របស់បងប្រុសបង្អស់របស់ខ្ញុំ គឺ អាលវិន។ នៅខែតុលា ឆ្នាំ ១៨២៥ ខ្ញុំបានស៊ីឈ្នួលឲ្យលោកតាម្នាក់ឈ្មោះ យ៉ូសៀស ស្តោល ដែលរស់នៅស្រុកឈីណាំងកូ រដ្ឋញូវយ៉ក។ គាត់បានឮពាក្យចចាមអារាមពីអណ្ដូងប្រាក់ ដែលបានជីកដោយពួកអេស្ប៉ាញ៉ុលនៅភូមិហាម៉ូនី ស្រុកសុសគ្វីហាណា រដ្ឋផែនសិលវេញ៉ា ហើយមុនគាត់ជួលខ្ញុំ នោះគាត់ធ្លាប់បានជីក បើសិនជាអាចធ្វើបាន ដើម្បីរកអណ្ដូងប្រាក់នោះដែរ។ បន្ទាប់ពីខ្ញុំបានទៅស្នាក់នៅជាមួយគាត់ នោះគាត់បាននាំខ្ញុំ និងកូនឈ្នួលគាត់ផ្សេងៗទៀតទៅជីករកអណ្ដូងប្រាក់ ដែលខ្ញុំបានធ្វើការតទៅអស់រយៈពេលជិតមួយខែ ដោយគ្មានបានជោគជ័យអ្វីសោះចំពោះការព្យាយាមរបស់យើង ហើយនៅទីបញ្ចប់ ខ្ញុំបានបបួលលោកតានោះឲ្យឈប់ជីករកអណ្ដូងប្រាក់។ ម្ល៉ោះហើយ ទើបមានរឿងប្រឌិតឡើងទូទៅថា ខ្ញុំជាអ្នកជីករកប្រាក់។
៥៧ក្នុងរយៈពេលខ្ញុំធ្វើការនោះ ខ្ញុំត្រូវបានដាក់ឲ្យស្នាក់នៅជាមួយលោក អ៊ីសាក ហេល នៅភូមិហាម៉ូនី។ នៅទីនោះហើយដែល ខ្ញុំបានឃើញប្រពន្ធខ្ញុំ គឺអិមម៉ា ហេល (កូនស្រីលោក) មុនដំបូងបង្អស់។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៨២៧ យើងបានរៀបការនឹងគ្នា កាលខ្ញុំនៅធ្វើការជូនលោកស្តោល។
៥៨មកពីខ្ញុំចេះតែនិយាយថាខ្ញុំបានឃើញការនិមិត្ត នោះការបៀតបៀនចេះតែមកតាមខ្ញុំ ហើយគ្រួសាររបស់ឪពុកខាងប្រពន្ធខ្ញុំ បានជំទាស់នឹងអាពាហ៍ពិពាហ៍របស់យើង។ ហេតុដូច្នេះហើយ ខ្ញុំត្រូវនាំនាងទៅកន្លែងផ្សេង ម្ល៉ោះហើយ យើងបានទៅរៀបការនៅផ្ទះរបស់ចៅក្រម តារបិល នៅភូមិបេនប៊្រិចខាងត្បូង ស្រុកឈីណាំងកូ រដ្ឋញូវយ៉ក។ បន្ទាប់ពីអាពាហ៍ពិពាហ៍ភ្លាម នោះខ្ញុំបានចេញពីមុខងារស៊ីឈ្នួលលោកស្តោល ហើយបានទៅផ្ទះឪពុកខ្ញុំ ហើយបានធ្វើស្រែជាមួយគាត់នៅរដូវនោះ។
៥៩នៅទីបញ្ចប់ ក៏ដល់ពេលដែលនឹងបានទទួលទាំងផ្ទាំងទាំងឡាយ យូរីម និងធូមីម ហើយព្រមទាំងប្រដាប់បាំងទ្រូងផង។ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ១៨២៧ ខ្ញុំបានត្រឡប់ទៅកាន់កន្លែង ដែលមានវត្ថុទាំងនេះកប់ទុកតាមធម្មតា នៅពេលគ្រប់កំណត់មួយឆ្នាំទៀត ទូតស្ថានសួគ៌ដដែលក៏បានប្រគល់វត្ថុទាំងនោះដល់ខ្ញុំ ទាំងថា ៖ ខ្ញុំត្រូវទទួលការខុសត្រូវចំពោះវត្ថុទាំងនោះ ហើយថាបើខ្ញុំបណ្ដោយឲ្យរបស់ទាំងនោះខូចខាតទៅ ដោយមិនយកចិត្តទុកដាក់ ឬក៏ដោយការធ្វេសប្រហែសណាមួយរបស់ខ្ញុំ នោះខ្ញុំនឹងត្រូវកាត់ចេញ ប៉ុន្តែបើខ្ញុំខំប្រើសេចក្ដីព្យាយាមដ៏អស់ពីចិត្តខ្ញុំ ដើម្បីនឹងរក្សាវត្ថុទាំងនោះទុក លុះត្រាដល់លោក ជាទូតនឹងហៅយករបស់ទាំងនោះវិញ នោះវត្ថុទាំងនោះនឹងបានទទួលការពារឲ្យគង់វង្សនៅ។
៦០នៅមិនយូរប៉ុន្មាន ខ្ញុំក៏ដឹងហេតុផលដែលខ្ញុំត្រូវបានទទួលបម្រាមយ៉ាងតឹងរឹងដូច្នោះ ដើម្បីឲ្យថែរក្សារបស់ទាំងនោះទុកឲ្យផុតអន្តរាយ ហើយហេតុដែលទូតបានពោលទុកថា កាលណាខ្ញុំបានសម្រេចនូវអ្វីដែលត្រូវការពីដៃរបស់ខ្ញុំហើយ នោះលោកនឹងហៅយករបស់ទាំងនោះវិញ។ ត្បិតនៅមិនយូរប៉ុន្មាន ដែលអ្នកផ្សេងទាំងពួងដឹងថាខ្ញុំមានរបស់ទាំងនោះ នោះគេបានខិតខំព្យាយាមធ្វើអំពើអាស្រូវបំផុត ដើម្បីនឹងដណ្ដើមយករបស់ទាំងនោះពីខ្ញុំទៅ។ មធ្យោបាយគ្រប់បែប ដែលអាចគិតឃើញបានមក ក៏ធ្វើដើម្បីប្រយោជន៍នោះ។ សេចក្ដីបៀតបៀនមកលើរូបខ្ញុំ មានទម្ងន់ធ្ងន់ល្វីងជូរចត់ជាងពេលណាៗទាំងអស់ ហើយមនុស្សទាំងហ្វូងយាមចាំគ្រប់ពេលវេលា ដើម្បីនឹងដណ្ដើមយករបស់ទាំងនោះពីខ្ញុំទៅ ប្រសិនបើគេអាចធ្វើបាន។ ប៉ុន្តែដោយសារប្រាជ្ញារបស់ព្រះ របស់ទាំងនោះបាននៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំផុតអន្តរាយ លុះត្រាខ្ញុំបានសម្រេចភារកិច្ចដោយវត្ថុនោះ ដែលត្រូវការធ្វើពីដៃរបស់ខ្ញុំ។ នៅពេល ដែលទូតតម្រូវយកវត្ថុទាំងនោះវិញ ដូចដែលបានគ្រោងទុក នោះខ្ញុំបានប្រគល់វត្ថុទាំងនោះទៅលោកវិញ ហើយលោកមានវត្ថុទាំងនោះនៅក្នុងសេចក្ដីថែរក្សានៃលោករហូតដល់ថ្ងៃនេះ គឺថ្ងៃទី២ ខែឧសភា ឆ្នាំ១៨៣៨។
៦១ប៉ុន្តែការរំភើបចេះតែមានតទៅ ហើយពាក្យចចាមអារាម ព្រមទាំងមានអណ្ដាតរាប់ពាន់ធ្វើការគ្រប់ពេលវេលា ក្នុងការនិយាយផ្សាយមួលបង្កាច់អំពីគ្រួសាររបស់ឪពុកខ្ញុំ និងអំពីរូបខ្ញុំ។ បើសិនជាខ្ញុំយកពាក្យទាំងនោះមកប្រាប់តែ១ភាគ១០០០ នោះនឹងបានទៅជាសៀវភៅរាប់ក្បាល។ ប៉ុន្តែការបៀតបៀនបានក្លាយទៅខ្លាំងពេក ដែលខ្ញុំពុំអាចទ្រាំបានឡើយ បានជាខ្ញុំត្រូវចាកចេញពីភូមិម៉ែនឆែស្ទើរ ហើយខ្ញុំ និងប្រពន្ធខ្ញុំទៅឯស្រុកសុសគ្វីហាណា នៅរដ្ឋផែនសិលវេញ៉ា។ កាលកំពុងតែត្រៀមនឹងចេញទៅ — ដោយមកពីសេចក្ដីក្រពន់ពេក ហើយការបៀតបៀនមានសភាពធ្ងន់ធ្ងរជាខ្លាំងមកលើពួកយើង នោះយើងគ្មានលទ្ធភាពធ្វើអ្វីផ្សេងទៀតឡើយ — នៅកណ្ដាលសេចក្ដីទុក្ខវេទនារបស់យើង យើងបានជួបបុរសជាសម្លាញ់ ឈ្មោះថា ម៉ាទិន ហារីស ដែលបានមករកយើង ហើយឲ្យខ្ញុំ ៥០ ដុល្លារ ដើម្បីជួយយើងធ្វើដំណើរ។ លោកហារីសជាអ្នកស្រុកពីភូមិប៉ាលម៉ៃរ៉ា ស្រុកវេញ នៅរដ្ឋញូវយ៉ក ហើយជាកសិករម្នាក់ដែលមានកេរ្តិ៍ឈ្មោះ។
៦២ដោយសារជំនួយដែលបានទទួលទាន់ពេលវេលា ខ្ញុំអាចទៅដល់ទីដៅរបស់ខ្ញុំ នៅរដ្ឋផែនសិលវេញ៉ា ហើយបន្ទាប់ពីខ្ញុំបានទៅដល់ទីនោះភ្លាម ខ្ញុំក៏ចាប់ផ្ដើមចម្លងអក្សរចេញពីផ្ទាំងទាំងឡាយ។ ខ្ញុំបានចម្លងអក្សរភាគច្រើនដែរ ហើយដោយសារយូរីមនិងធូមីម ខ្ញុំបានបកប្រែពាក្យខ្លះៗ ដែលខ្ញុំបានធ្វើការនោះ នៅចន្លោះខែធ្នូ និងខែកុម្ភៈ បន្ទាប់ពីខ្ញុំបានមកដល់ផ្ទះនៃឪពុកខាងប្រពន្ធខ្ញុំ។
៦៣នៅក្នុងខែកុម្ភៈនេះ លោកម៉ាទិន ហារីស ដែលបានពោលប្រាប់ពីមុននេះ នោះលោកបានមកឯកន្លែងយើងយកអក្សរទាំងឡាយ ដែលខ្ញុំបានចម្លងចេញពីផ្ទាំងទាំងឡាយ ហើយបានយកអក្សរទាំងនោះទៅតាមខ្លួនទៅទីក្រុងញូវយ៉ក។ រីឯអ្វីដែលបានកើតឡើងដល់គាត់ និងអក្សរទាំងនោះ នោះខ្ញុំសូមប្រាប់ពីដំណើររឿងគាត់ផ្ទាល់អំពីហេតុការណ៍នោះ ដូចដែលគាត់បានរៀបរាប់ប្រាប់ខ្ញុំ បន្ទាប់ពីគាត់បានវិលមកវិញ ដែលមានដូចតទៅ ៖
៦៤« ខ្ញុំបានទៅដល់ទីក្រុងញូវយ៉ក ហើយបានបង្ហាញអក្សរដែលបានចម្លង ព្រមទាំងពាក្យដែលបានបកប្រែមកដល់សាស្ត្រាចារ្យ ឆាល្ស អ័នថុន ជាបុរសម្នាក់ដែលមានឈ្មោះល្បីល្បាញខាងអក្សរសាស្ត្រ។ សាស្ត្រាចារ្យ អ័នថុន បានមានប្រសាសន៍ថា សេចក្ដីបកប្រែនោះត្រូវហើយ គឺត្រូវជាងសេចក្ដីបកប្រែពីភាសាអេស៊ីព្ទទាំងអស់ ដែលគាត់ធ្លាប់បានឃើញពីមុនមក។ បន្ទាប់មក ខ្ញុំបានបង្ហាញគាត់នូវអក្សរទាំងឡាយនោះ ដែលពុំទាន់បានបកប្រែនៅឡើយ ហើយគាត់មានប្រសាសន៍ថា អក្សរទាំងនោះគឺជាអក្សរអេស៊ីព្ទ អក្សរខាល់ដេ អក្សរអាសស៊ើរ និងអក្សរអារ៉ាប់ ហើយគាត់មានប្រសាសន៍ថា អក្សរទាំងនោះជាតួអក្សរពិត។ លោកបានចេញលិខិតបញ្ជាក់ឲ្យខ្ញុំ ដោយបញ្ជាក់ប្រាប់ប្រជាជននៅប៉ាលម៉ៃរ៉ាថា អក្សរទាំងឡាយនោះគឺជាតួអក្សរពិត ហើយថាសេចក្ដីបកប្រែទាំងនោះ ក៏បានបកប្រែត្រឹមត្រូវដែរ។ ខ្ញុំក៏យកលិខិតនោះ ហើយដាក់ក្នុងហោប៉ៅខ្ញុំ ហើយកាលខ្ញុំរៀបចំនឹងចេញពីផ្ទះទៅ នោះលោកអ័នថុន បានហៅខ្ញុំមកវិញ ហើយបានសួរខ្ញុំថា ម្ដេចក៏យុវជននោះដឹងថាមានផ្ទាំងមាសកប់នៅកន្លែង ដែលគាត់រកឃើញ។ ខ្ញុំបានឆ្លើយថា មានទេវតារបស់ព្រះមួយរូបបានបើកសម្ដែងប្រាប់កន្លែងនោះដល់គាត់។
៦៥« រួចគាត់មានប្រសាសន៍ថា ៖ « ខ្ញុំសូមមើលលិខិតបញ្ជាក់នោះសិន »។ ខ្ញុំក៏ដកយកលិខិតចេញពីហោប៉ៅខ្ញុំ ហើយហុចទៅគាត់ កាលគាត់ឈោងយកទៅហើយ ក៏ហែកចោល ដោយមានប្រសាសន៍ថា សព្វថ្ងៃនេះ វាគ្មានរឿងខាងការបម្រើរបស់ពួកទេវតាទៀតទេ ហើយថាបើសិនជាខ្ញុំយកផ្ទាំងទាំងឡាយមកឲ្យគាត់ នោះគាត់នឹងបកប្រែ។ ខ្ញុំបានជម្រាបគាត់ថា ផ្ទាំងភាគខ្លះត្រូវបិទ ហើយថាខ្ញុំត្រូវបានហាមប្រាមមិនឲ្យយកមកទេ។ គាត់ក៏ឆ្លើយថា ៖ «ខ្ញុំមិនអាចអានគម្ពីរដែលបិទបានទេ»។ ខ្ញុំបានចាកចេញពីគាត់ទៅ ហើយបានទៅជួបបណ្ឌិត មិចឆែល ដែលបញ្ជាក់ប្រាប់នូវអ្វីៗដូចជាសាស្ត្រាចារ្យ អ័នថុន បានប្រាប់ពីតួអក្សរ និងពីសេចក្ដីបកប្រែដែរ »។
· · · · · · ·
អូលីវើរ ខៅឌើរីធ្វើការបម្រើជាស្មៀន ក្នុងការបកប្រែព្រះគម្ពីរមរមន — យ៉ូសែប និងអូលីវើរ ទទួលបព្វជិតភាពអើរ៉ុនពីយ៉ូហានបាទីស្ទ — ពួកគេបានទទួលបុណ្យជ្រមុជទឹកបុណ្យតែងតាំង ហើយបានទទួលវិញ្ញាណខាងការព្យាករណ៍។ (ខទី ៦៦–៧៥)។
៦៦នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ១៨២៩ នោះអូលីវើរ ខៅឌើរី បានមកឯផ្ទះខ្ញុំ ខ្ញុំមិនដែលឃើញគាត់សោះលុះដល់ពេលនោះ។ គាត់បានថ្លែងប្រាប់ខ្ញុំថា គាត់បានបង្រៀនឯសាលារៀននៅក្បែរភូមិ ដែលឪពុកខ្ញុំអាស្រ័យនៅ ហើយមកពីឪពុកខ្ញុំបានបញ្ជូនកូនចៅទៅសាលារៀននោះ ម្ល៉ោះហើយបានជាគាត់ទៅស្នាក់នៅផ្ទះរបស់ឪពុកខ្ញុំអស់មួយរដូវ ហើយកាលនៅទីនោះ នោះគ្រួសារឪពុកខ្ញុំបានប្រាប់គាត់ពីរឿងដែលខ្ញុំបានទទួលផ្ទាំងទាំងឡាយ ម្ល៉ោះហើយ បានជាគាត់មកស៊ើបសួររកខ្ញុំ។
៦៧កាលលោកខៅឌើរីមកដល់បានពីរថ្ងៃ (គឺថ្ងៃទី៧ ក្នុងខែមេសា) នោះខ្ញុំបានចាប់ផ្ដើមបកប្រែព្រះគម្ពីរមរមន ហើយគាត់បានចាប់ផ្ដើមកត់ឲ្យខ្ញុំ។
· · · · · · ·
៦៨យើងចេះតែបន្តការបកប្រែរហូតដល់ខែក្រោយ (ខែឧសភា ឆ្នាំ១៨២៩) កាលនៅថ្ងៃមួយ យើងបានចូលទៅក្នុងព្រៃ ទៅអធិស្ឋាន ហើយសូមដល់ព្រះអម្ចាស់ អំពីបុណ្យជ្រមុជទឹក សម្រាប់ការផ្ដាច់បាប ដែលយើងបានឃើញពោលដល់នៅក្នុងការបកប្រែផ្ទាំងទាំងឡាយ នោះ។ នៅពេលយើងកំពុងតែធ្វើការអធិស្ឋាន និងអំពាវនាវដល់ព្រះអម្ចាស់ ស្រាប់តែមានទូតម្នាក់មកពីស្ថានសួគ៌ចុះមកនៅលើពពកនៃពន្លឺ ហើយកាលបានដាក់ដៃលើយើង នោះលោកបានតែងតាំងយើងដោយនិយាយថា ៖
៦៩នៅលើអ្នក ជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ ដោយនូវព្រះនាមនៃព្រះមែស៊ី ខ្ញុំសូមប្រគល់បព្វជិតភាពអើរ៉ុនដែលកាន់កូនសោទាំងឡាយ អំពីការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប ហើយបព្វជិតភាពនេះនឹងមិនត្រូវបានដកចេញពីផែនដីទៀតឡើយ រហូតដល់ពេលកូនប្រុសទាំងឡាយនៃលោកលេវីថ្វាយដង្វាយម្ដងទៀតដល់ព្រះអម្ចាស់ ដោយសេចក្ដីសុចរិត។
៧០លោកបានប្រាប់ថា បព្វជិតភាពអើរ៉ុន ពុំមានអំណាចខាងការដាក់ដៃលើសម្រាប់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធទេ ប៉ុន្តែថាបព្វជិតភាពនោះ នឹងត្រូវបានប្រទានដល់យើងនៅពេលក្រោយ ហើយលោកបានបញ្ជាឲ្យយើងទៅ ហើយទទួលបុណ្យជ្រមុជទឹក ហើយបានបង្គាប់យើង ថាខ្ញុំត្រូវធ្វើបុណ្យជ្រមុជទឹកជូនអូលីវើរ ខៅឌើរី ហើយបន្ទាប់មក អូលីវើរត្រូវធ្វើបុណ្យជ្រមុជទឹកជូនខ្ញុំវិញ។
៧១ម្ល៉ោះហើយ យើងបានទៅ ហើយបានទទួលបុណ្យជ្រមុជទឹក។ មុនដំបូង ខ្ញុំបានធ្វើបុណ្យជ្រមុជទឹកជូនអូលីវើរ ហើយបន្ទាប់មក អូលីវើរបានធ្វើបុណ្យជ្រមុជទឹកជូនខ្ញុំវិញ — ក្រោយមក ខ្ញុំបានដាក់ដៃលើក្បាលគាត់ ហើយបានតែងតាំងគាត់ចំពោះបព្វជិតភាពអើរ៉ុន ហើយបន្ទាប់មក គាត់បានដាក់ដៃលើក្បាលខ្ញុំ ហើយបានតែងតាំងខ្ញុំចំពោះបព្វជិតភាពនោះដែរ — ព្រោះយើងត្រូវបានបញ្ជាឲ្យធ្វើការនោះ *
៧២ទូតដែលមកឯយើងពេលនោះ ហើយដែលបានប្រគល់បព្វជិតភាពដល់យើង បានប្រាប់ថា ឈ្មោះលោកគឺ យ៉ូហាន ជាបុគ្គលដដែល ដែលហៅថា យ៉ូហានបាទីស្ទ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយថាលោកបានធ្វើការនៅក្រោមការដឹកនាំពីពេត្រុស យ៉ាកុប និងយ៉ូហាន ដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាពម៉ិលគីស្សាដែក គឺជាបព្វជិតភាពដែលលោកប្រាប់ថានឹងបានប្រគល់ដល់យើង នៅពេលកំណត់ទុក ហើយថាខ្ញុំនឹងត្រូវហៅថាជាអែលឌើរទីមួយក្នុងសាសនាចក្រ ហើយគាត់ (អូលីវើរ ខៅឌើរី) ជាទីពីរ។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៩ នោះយើងត្រូវបានតែងតាំងឡើងនៅក្រោមដៃនៃទូតនេះ ហើយបានទទួលបុណ្យជ្រមុជទឹកផង។
៧៣កាលយើងងើបឡើងពីទឹកមកភ្លាម បន្ទាប់ពីយើងបានទទួលបុណ្យជ្រមុជទឹកហើយ នោះយើងបានស្គាល់នូវព្រះពរដ៏មហិមា និងរុងរឿងពីព្រះវរបិតាសួគ៌របស់យើង។ មិនយូរប៉ុន្មាន បន្ទាប់ពីខ្ញុំធ្វើបុណ្យជ្រមុជទឹកជូនអូលីវើរ ខៅឌើរីហើយ ស្រាប់តែព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើគាត់ ហើយគាត់ក្រោកឈរឡើង ហើយបានព្យាករអំពីការណ៍ជាច្រើន ដែលនឹងកើតឡើងនៅពេលឆាប់ៗនេះ។ ហើយជាថ្មីទៀត មិនយូរប៉ុន្មាន បន្ទាប់ពីខ្ញុំបានទទួលបុណ្យជ្រមុជទឹកពីគាត់ហើយ នោះខ្ញុំក៏មានវិញ្ញាណខាងការព្យាករណ៍ដែរ គឺកាលកំពុងតែក្រោកឈរឡើង នោះខ្ញុំបានព្យាករអំពីការលូតលាស់ឡើងនៃសាសនាចក្រនេះ ព្រមទាំងការណ៍ផ្សេងៗទៀត ដែលទាក់ទងទៅនឹងសាសនាចក្រ និងកូនចៅមនុស្សនៅតំណនេះ។ យើងបានពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ ហើយត្រេកអរនៅក្នុងព្រះនៃសេចក្ដីសង្គ្រោះរបស់យើង។
៧៤ឥឡូវនេះ មកពីគំនិតយើងបានទទួលការបំភ្លឺ នោះយើងចាប់ផ្ដើមយល់នូវបទគម្ពីរទាំងឡាយ ដែលបានលាតត្រដាងនៅចំពោះយើង ហើយអត្ថន័យ និងគោលបំណងនៃវគ្គដ៏អាថ៌កំបាំងទាំងឡាយនោះ ក៏បានបើកសម្ដែងដល់យើង តាមរបៀបដែលយើងពុំដែលបានទទួលពីមុន ឬគិតពីមុនមកសោះ។ ក្នុងពេលនោះ យើងត្រូវបានហាមប្រាមឲ្យទុកដោយសម្ងាត់ អំពីការដែលបានទទួលបព្វជិតភាព និងបុណ្យជ្រមុជទឹកដែលយើងបានទទួលមកនោះ ដោយព្រោះវិញ្ញាណខាងការបៀតបៀន ដែលកើតឡើងពាសពេញភូមិទៅហើយនោះ។
៧៥យើងបានទទួលការគំរាមកំហែងពីពួកមនុស្សកំណាចជាច្រើនលើកច្រើនគ្រា ហើយពួកនេះក៏ជាពួកកាន់សាសនាដែរ។ ហើយគោលបំណងរបស់ពួកមនុស្សកំណាចដែលចង់ធ្វើទុក្ខដល់យើង នោះត្រូវបានរារាំងដោយសារតែឥទ្ធិពលពីគ្រួសារនៃឪពុកខាងប្រពន្ធខ្ញុំទេ (នៅក្រោមទិព្វញ្ញាណនៃព្រះ) គ្រួសារនេះបានក្លាយជាស្និទ្ធស្នាលនឹងខ្ញុំណាស់ ហើយបានប្រឆាំងនឹងពួកមនុស្សកំណាច ហើយថែមទាំងយល់ព្រមឲ្យខ្ញុំធ្វើការបកប្រែតទៅដោយគ្មានការរអាក់រអួល ហើយដូច្នេះទើបបានធានា ហើយសន្យាថានឹងការពារយើងពីអំពើទទឹងច្បាប់គ្រប់យ៉ាង ដែលពួកគេអាចធ្វើទៅបាន ៕
-
អូលីវើរ ខៅឌើរី អធិប្បាយប្រាប់ពីហេតុការណ៍ទាំងឡាយនេះយ៉ាងដូច្នេះថា ៖ « នេះគឺជាថ្ងៃដែលពុំអាចបំភ្លេចបានឡើយ —ដើម្បីអង្គុយស្ដាប់សំឡេងដែលចេញមក ដោយសារការបំផុសពីស្ថានសួគ៌ ដែលដាស់តឿននូវសេចក្ដីកតញ្ញូតាដ៏ជ្រាលជ្រៅ ដែលមាននៅក្នុងឱរានេះ! ពីមួយថ្ងៃទៅមួយថ្ងៃ ដែលខ្ញុំបានសរសេរដោយគ្មានការរអាក់រអួល តាមពាក្យដែលចេញពីមាត់គាត់ ក្នុងកាលគាត់បកប្រែដោយយូរីមនិងធូមីម ឬតាមដែលពួកសាសន៍នីហ្វៃនិយាយថា ប្រដាប់បកប្រែនូវប្រវត្តិ ឬបញ្ជីដែលហៅថា ‹ ព្រះគម្ពីរមរមន ›។
« សូម្បីតែប្រាប់បន្តិចបន្តួចពីដំណើររឿងដ៏ជាប់ចិត្ត ដែលបានថ្លែងដោយមរមន និងមរ៉ូណៃ ជាកូនដ៏ស្មោះត្រង់របស់លោក ប្រាប់អំពីប្រជាជនដែលស្ថានសួគ៌ធ្លាប់ស្រឡាញ់ ហើយសព្វព្រះហឫទ័យ នោះហួសកម្រិតដែលខ្ញុំចង់សរសេរទៅទៀត ហេតុដូច្នេះហើយ ខ្ញុំនឹងផ្អាកការនេះសិន ទុកសម្រាប់ពេលក្រោយ ហើយដូចជាខ្ញុំបានប្រាប់នៅក្នុងបុព្វកថាហើយថា គ្រាន់តែសរសេរពីហេតុការណ៍បន្តិចបន្តួច ដែលទាក់ទងដ៏ជិតដិតទៅនឹងការលូតលាស់នៃសាសនាចក្រនេះប៉ុណ្ណោះ ដែលអាចចាប់ចិត្តដល់មនុស្សរាប់ពាន់នាក់ ដែលបានឈានជើងទៅមុខ ហើយឱបក្រសោបយកដំណឹងល្អនៃព្រះគ្រីស្ទ ទោះជានៅកណ្ដាលការទទឹងពីពួកថ្កើងខ្លួន និងការមួលបង្កាច់ពីពួកមនុស្សមានពុតក្ដី។
« គ្មានមនុស្សណាមួយ ទោះជានៅក្នុងស្មារតីរឹងប៉ឹងក្ដី អាចបកប្រែ ហើយសរសេរតាមការដឹកនាំ ដែលបានប្រាប់ដល់ពួកសាសន៍នីហ្វៃចេញពីព្រះឱស្ឋនៃព្រះអង្គសង្គ្រោះបានឡើយ ដែលស្ដីអំពីរបៀបជាក់លាក់ ដែលមនុស្សត្រូវកសាងសាសនាចក្ររបស់ទ្រង់ឡើង ហើយជាពិសេសក្នុងកាលការពុករលួយរាលដាលឥតទីទៃលើគ្រប់សណ្ដាប់បែបបទ ដែលបានប្រព្រឹត្តនៅក្នុងចំណោមមនុស្សលោក ដោយគ្មានក្ដីប្រាថ្នាចង់បានសិទ្ធិក្នុងការបង្ហាញចិត្តព្រមព្រៀង ដោយកប់នៅក្នុងផ្នូរទឹក ដើម្បីជាសេចក្ដីសន្មតរបស់បញ្ញាចិត្តជ្រះថ្លា ដោយសារដំណើររស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទនោះឡើយ។
« បន្ទាប់ពីបានសរសេរពីដំណើររឿង ដែលបានប្រាប់អំពីការងារបម្រើរបស់ព្រះអង្គសង្គ្រោះ ចំពោះពួកសំណល់នៃពូជរបស់យ៉ាកុបនៅលើទ្វីបនេះហើយ នោះអាចបានឃើញយ៉ាងជាក់ ដូចជាព្យាការីបានពោលថានឹងកើតឡើង គឺថាសេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើគំនិតនៃប្រជាជន។ កាលបានពិចារណាគិតទៅ នោះដូចជាងាយឃើញថា នៅកណ្ដាលការខ្នះខ្នែង និងសំឡេងអ៊ូអរអំពីសាសនា នោះគ្មាននរណាមានសិទ្ធិអំណាចពីព្រះ ដើម្បីប្រព្រឹត្តពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អឡើយ។ ត្បិតគេអាចសួរថា តើមនុស្សលោកមានសិទ្ធិអំណាច ដើម្បីប្រព្រឹត្តការងារដោយនូវព្រះនាមនៃព្រះគ្រីស្ទ ដែលមិនទទួលស្គាល់វិវរណៈទាំងឡាយ កាលទីបន្ទាល់អំពីព្រះអង្គ មិនជាតូចតាចជាងវិញ្ញាណខាងការព្យាករណ៍ ហើយសាសនារបស់ព្រះអង្គក៏បានពឹងផ្អែក ស្ថាបនា និងគាំទ្រដោយសារវិវរណៈផ្ទាល់ នៅគ្រប់ជំនាន់នៃលោកិយ ដែលទ្រង់មានមនុស្សនៅលើផែនដីដែរឬទេ? បើសិនជាការពិតទាំងឡាយនេះត្រូវបានបង្កប់ទុក ហើយលាក់យ៉ាងជិតដោយមនុស្សលោក នោះនឹងឃើញថាមានគ្រោះថ្នាក់ បើសិនជាបញ្ចេញឧបាយកលរបស់គេឲ្យភ្លឺចែងចាំងនៅចំពោះមុខមនុស្ស ឯរបស់ទាំងនោះមិននៅចំពោះយើងទៀតទេ ហើយយើងត្រូវរង់ចាំព្រះបញ្ញត្តិ ដែលនឹងប្រាប់ថា ‹ ចូរក្រោកឡើង ហើយទទួលបុណ្យជ្រមុជទឹកចុះ ›។
« ការណ៍នេះពុំបានប៉ងដ៏យូរយារ មុននឹងបានយល់ឡើយ។ ព្រះអម្ចាស់ដែលបរិបូរទៅដោយសេចក្ដីមេត្តាករុណា ហើយសព្វព្រះហឫទ័យចង់ឆ្លើយតបនូវសេចក្ដីអធិស្ឋានដ៏ញឹកញាប់របស់ពួករាបសាជានិច្ច បន្ទាប់ពីយើងបានអំពាវនាវដល់ទ្រង់ដោយចិត្តក្លៀវក្លា ដែលគង់នៅឆ្ងាយពីទីលំនៅរបស់មនុស្ស នោះទ្រង់ចុះមកសម្ដែងប្រាប់ដល់យើងអំពីព្រះហឫទ័យរបស់ទ្រង់។ មួយរំពេចនោះ ហាក់ដូចជាពីកណ្ដាលភាពអស់កល្បជានិច្ច នោះស្រាប់តែសំឡេងនៃព្រះដ៏ប្រោសលោះ ទ្រង់មានព្រះបន្ទូលប្រាប់ពីសេចក្ដីសុខសាន្តដល់យើង កាលវាំងននបើកចេញទៅ ហើយមានទេវតាពីព្រះបានចុះមកពាក់ដោយសិរីល្អ ហើយបានប្រាប់នូវសារដែលបានទន្ទឹងចាំ និងកូនសោទាំងឡាយនៃដំណឹងល្អខាងការប្រែចិត្ត។ សេចក្ដីអំណរអ្វីហ្ន៎! សេចក្ដីអស្ចារ្យអ្វីហ្ន៎! សេចក្ដីចម្លែកអ្វីហ្ន៎! កាលលោកិយកំពុងតែមានទុក្ខកង្វល់ និងវឹកវរ — កាលមនុស្សរាប់លាននាក់កំពុងតែស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ ហើយកាលអស់ទាំងមនុស្សកំពុងតែពឹងផ្អែកទៅលើការមិនទៀងទាត់ទាំងពួងទូទៅ គឺភ្នែកយើងបានមើលឃើញ ត្រចៀកយើងបានឮ ដូចជានៅពេលថ្ងៃភ្លឺស្រាង មែនហើយ លើសទៅទៀត — គឺលើសជាងភាពចែងចាំងនៃរស្មីសុរិយានៅខែឧសភា ដែលបំភ្លឺរស្មីទៅលើផ្ទៃព្រឹក្សាទៅទៀត! ខណៈនោះ សំឡេងរបស់លោកប្រកបដោយភាពទន់ភ្លន់ បានចាក់ទំលុះទៅក្នុងខ្លួនប្រាណដែរ ហើយពាក្យពេចន៍ទាំងឡាយរបស់លោក ដែលថា ‹ ខ្ញុំជាបាវបម្រើជាមួយនឹងអ្នក › នោះបានកម្ចាត់សេចក្ដីខ្លាចបាត់អស់ទៅ។ យើងបានស្ដាប់ យើងបានសម្លឹងមើល យើងបានស្ញែងកោត! គឺជាសំឡេងនៃទេវតាពីសិរីល្អ គឺជាសារពីព្រះដ៏ខ្ពស់បំផុត! ហើយកាលយើងបានឮនោះ យើងបានអរសប្បាយក្នុងកាលសេចក្ដីស្រឡាញ់របស់ទ្រង់ បានឆួលឆាបមកលើដួងព្រលឹងរបស់យើង ហើយយើងបាន ហ៊ុមទៅដោយការនិមិត្តអំពីព្រះដ៏មានមហិទ្ធិឫទ្ធិ! តើមានកន្លែងសង្ស័យនៅទីណា? គ្មាននៅទីណាទេ ការមិនទៀងទាត់បានរសាត់បាត់ទៅ ការសង្ស័យបានលិចលង់បាត់ទៅដោយគ្មានងើបមកវិញទេ ក្នុងកាលការនឹកឡើង និងការបោកបញ្ឆោតបានរសាត់បាត់អស់រលីងរហូតទៅ!
« ប៉ុន្តែ ឱបងអើយ ចូរគិតមើលសិន ចូរគិតមើលតទៅទៀតចុះថា តើដួងចិត្តយើងពោរពេញទៅដោយសេចក្ដីអំណរអ្វីហ្ន៎ ហើយតើយើងត្រូវក្រាបចុះចំពោះការដ៏អស្ចារ្យអ្វីហ្ន៎ (ត្បិតតើនរណាមួយដែលនឹងមិនលុតជង្គង់ចុះចំពោះព្រះពរបែបនេះ?) នៅពេលយើងបានទទួលពីដៃលោកនូវបព្វជិតភាពបរិសុទ្ធ កាលលោកមានប្រសាសន៍ថា ៖ ‹ នៅលើអ្នក ជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ ដោយនូវព្រះនាមនៃព្រះមែស៊ីខ្ញុំសូមប្រគល់បព្វជិតភាពនេះ និងសិទ្ធិអំណាចនេះដែលនឹងនៅលើផែនដី ប្រយោជន៍ឲ្យកូនប្រុសទាំងឡាយនៃលោកលេវី អាចថ្វាយដង្វាយដល់ព្រះអម្ចាស់ដោយសេចក្ដីសុចរិត! ›
« ខ្ញុំនឹងមិនព្យាយាមចង្អុលប្រាប់អ្នកពីអារម្មណ៍ក្នុងចិត្តនេះ ឬពីលំអដ៏ប្រកបដោយឫទ្ធានុភាព និងសិរីល្អដែលឡោមព័ទ្ធជុំវិញយើងនៅគ្រានេះឡើយ ប៉ុន្តែអ្នកនឹងជឿខ្ញុំ កាលខ្ញុំប្រាប់ថា គ្មានផែនដី ឬមនុស្សណាដែលប្រកបដោយវោហារដែលបានមកតាមកាលវេលា ក៏ពុំអាចចាប់ផ្ដើមនឹងតែងភាសាតាមសណ្ដាប់ដ៏ជាប់ចិត្ត និងដ៏ប្រសើរដូចជាតួបរិសុទ្ធនេះបានឡើយ។ ពុំបានឡើយ ឬក៏ផែនដីនេះមានអំណាចនឹងផ្ដល់សេចក្ដីអំណរ និងប្រគល់សេចក្ដីសុខសាន្ត ឬយល់នូវប្រាជ្ញាដែលមាននៅក្នុងមួយឃ្លាៗ ដែលបានប្រគល់មកដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធបានឡើយ! មនុស្សអាចបោកបញ្ឆោតមនុស្សទូទៅ រីឯការបោកបញ្ឆោតចេះតែមានការបោកបញ្ឆោតតទៅ ហើយកូនចៅនៃពួកទុច្ចរិត អាចមានអំណាចបញ្ចុះបញ្ចូលពួកមនុស្សឆោត និងពួកគ្មានការរៀនសូត្រ រហូតដល់គ្មានប្រយោជន៍ ប៉ុន្តែការនឹកឡើងឲ្យចំណីដល់មនុស្សជា ច្រើន ហើយផលនៃការកុហកអណ្ដែតមនុស្សឥតគំនិតនៅលើរលកទៅរកផ្នូរ ប៉ុន្តែគ្រាន់តែពាល់ដោយព្រះអង្គុលីនៃសេចក្ដីស្រឡាញ់របស់ទ្រង់ មែនហើយ គ្រាន់តែរស្មីមួយនៃសិរីល្អពីស្ថានលើ ឬព្រះបន្ទូលមួយមាត់ពីព្រះឱស្ឋនៃព្រះអង្គសង្គ្រោះ ពីឱរានៃភាពអស់កល្បជានិច្ច នោះប្រែវាទៅជាឥតប្រយោជន៍ទាំងអស់ ហើយលុបការណ៍ទាំងនោះចេញពីគំនិតរៀងរហូតតទៅ។ សេចក្ដីជាក់ស្ដែងដែលយើងបាននៅក្នុងវត្តមាននៃទេវតា សេចក្ដីពិតប្រាកដដែលយើងបានឮសំឡេងនៃព្រះយេស៊ូវ និងសេចក្ដីពិតដែលមិនខូចខាត ដូចជាបានហូរចេញមកពីតួដ៏សុទ្ធសាធ ដែលបានវាចាតាមព្រះហឫទ័យនៃព្រះ នោះខ្ញុំពុំអាចពណ៌នាបានឡើយ ហើយខ្ញុំនឹងសម្លឹងមើលការសម្ដែងនូវសេចក្ដីល្អសប្បុរសរបស់ព្រះអង្គសង្គ្រោះនេះ ដោយសេចក្ដីអស្ចារ្យ និងដោយអំណរគុណ ក្នុងកាលខ្ញុំបានអនុញ្ញាតឲ្យរស់នៅ ហើយនៅក្នុងវិមានទាំងឡាយនោះ ដែលមានភាពល្អឥតខ្ចោះ ហើយដែលអំពើបាបពុំដែលចូលបាននោះ ខ្ញុំសង្ឃឹមថានឹងសរសើរតម្កើងទ្រង់នៅថ្ងៃនោះដោយមិនឈប់ឈរឡើយ »។ Messenger and Advocate, vol. ១ (តុលា ១៨៣៤), ទំព័រ ១៤–១៦។