ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២ ៖ ការស្ដាប់តាម​ពាក្យ​សម្ដី​របស់​ព្យាការី


មេរៀន​ទី ២

ការស្ដាប់តាម​ពាក្យ​សម្ដី​របស់​ព្យាការី

សេចក្ដីផ្ដើម

ព្រះ​ហៅ​ព្យាការី​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ប្រកាស​ពី​ការប្រែចិត្ត និង​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ឯ​ព្រះអង្គ​សង្គ្រោះ ។ ព្រះគម្ពីរ​មរមន​បង្រៀន​ថា ពួកអ្នក​ដែល​ស្ដាប់​តាម​ព្យាការី​ទាំងនេះ ត្រូវបាន​ប្រទានពរ ខណៈ​ពួកអ្នក​ដែល​ប្រឆាំង​នឹង​ពួកលោក នឹង​មាន​ការសោកស្ដាយ និង​ទុក្ខព្រួយ ។

ការអាន​ពី​សាវតា​

  • រ័សុល អិម ណិលសុន « Sustaining the Prophets » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៤–៧៧ ។

  • ក្លូឌីអូ អរ អែម កូស្តា « Obedience to the Prophets » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១១–១៣ ។

  • ខារ៉ុល អេហ្វ ម៉ាកខន់ឃី « Live according to the Words of the Prophets » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៧–៧៩ ។

  • « Our Need for Living Prophets » ជំពូក​ទី ១ នៅក្នុង Teachings of the Living Prophets Student Manual ( សៀវភៅ​សិក្សា​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ឆ្នាំ ២០១០ ) ទំព័រ ៤–១៣ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី១ ១:៤–១៥, ១៨, ម៉ូសាយ ១១:២០–២៥, ១៣:៣៣–៣៥

តួនាទី​របស់​​ព្យាការី

សូម​សួរ​សិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​ការជឿ​របស់​យើង​ទៅលើ​ព្យាការី​ដែល​នៅរស់ ញែក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ឲ្យ​ខុស​ពី​សាសនា​ផ្សេងៗ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ព្យាការី​ដែល​នៅរស់​បច្ចុប្បន្ន​នេះ មាន​ភាព​ចាំបាច់​ដូច​ជា​ព្យាការី​នានា​នៅក្នុង​ជំនាន់​ផ្សេង​ទៀត​នៃ​ប្រវត្តិសាស្ត្រ​របស់​ពិភព​លោក​ដែរ ?

សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី នីហ្វៃទី១ ១:៤–១៥, ១៨ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បានត្រាស់​ហៅ និង​រៀបចំ​លីហៃ ឲ្យ​ក្លាយ​ជា​ព្យាការី​ម្នាក់ ។

  • តើ​លីហៃ​បាន​ទទួល​បទពិសោធន៍​អ្វីខ្លះ ដែល​បានរៀបចំ​លោក​ឲ្យ​ក្លាយ​ជា​ព្យាការី​ម្នាក់ ? ( លោក​បានទទួល​សាក្សី​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​លោក​បានឃើញ​ជាមុន​នូវ​ការបំផ្លិចបំផ្លាញ​ដល់​ពួកមនុស្ស​ទុច្ចរិត និង​ព្រះគុណ​ដែល​ត្រូវបាន​ប្រទាន​ដល់​ពួកអ្នក​ដែល​បាន​មករក​ព្រះ ) ។

  • ហេតុអ្វី​បាន​ជា​ប្រជាជន​នៅ​ទីក្រុង​យេរូសាឡិម ត្រូវការ​ព្យាការី​ដូច​ជា​លីហៃ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​ហៅ​ព្យាការី ហើយ​បើក​សម្ដែង​ព្រះឆន្ទៈ​របស់ទ្រង់​តាមរយៈ​ពួកលោក ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន យ៉ូហាន ថេលើរ ( ឆ្នាំ ១៨០៨-៨៧ ) ៖

រូបភាព
ប្រធាន យ៉ូហាន ថេលើរ

« យើង​ត្រូវការ​ដើម​ឈើ​ដែល​មាន​ជីវិត—ប្រភព​ទឹក​រស់—បញ្ញា​រស់ ចេញមកពី​បព្វជិតភាព​ដែល​នៅ​មាន​ជីវិត​នៅ​ស្ថានសួគ៌ តាមរយៈ​បព្វជិតភាព​នៅរស់​នៅលើ​ផែនដី ។ … ហើយ​ចាប់​តាំង​ពីគ្រា​ដែល​អ័ដាម​បាន​ទទួល​ទំនាក់ទំនង​ដំបូង​មក​ពី​ព្រះ រហូត​ដល់​ពេល​ដែល​យ៉ូហាន​បាន​ទទួល​ទំនាក់ទំនង​របស់​លោក​នៅលើ​កោះ​ប៉ាត់ម៉ុស ឬ យ៉ូសែប ស្ម៊ីធ ដែល​ស្ថានសួគ៌​បានបើក​ដល់​លោក វា​តែងតែ​តម្រូវ​ឲ្យ​មាន​វិវរណៈ​ថ្មី សម្រប​ទៅនឹង​ស្ថានភាព​ពិសេសៗ​ដែល​ព្រះវិហារ ឬ​បុគ្គល​ទាំងឡាយ​ស្ថិត​នៅ ។

« វិវរណៈ​របស់​អ័ដាម​ពុំ​បាន​ណែនាំ​ណូអេ​ឲ្យ​សង់​សំពៅ​ទេ ហើយ​វិវរណៈ​របស់​ណូអេ ក៏​ពុំបាន​ប្រាប់​ឡុត​ឲ្យ​បោះបង់​ចោល​ទីក្រុង​សូដុំម​ដែរ ហើយ​វិវរណៈ​ទាំងនេះ​ក៏​ពុំ​បាន​និយាយ​អំពី​ការ​ធ្វើដំណើរ​របស់​កូនចៅ​អ៊ីស្រាអែល​ឲ្យ​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ​ដែរ ។ ព្យាការី​ទាំងអស់​នេះ​បាន​មាន​វិវរណៈ​សម្រាប់​ខ្លួន​ពួកលោក ហើយ​ក៏​ដូច​ជា​អេសាយ, យេរេមា, អេសេគាល, ព្រះយេស៊ូវ, ពេត្រុស, ប៉ុល, យ៉ូហាន, និង យ៉ូសែប ដែរ ។ ហើយ​យើង​ក៏​ត្រូវតែ​ដូច្នោះ​ដែរ » ( Teachings of Presidents of the Church: John Taylor [ ឆ្នាំ ២០០១ ] ទំព័រ ១៥៨ ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​ថា ព្រះអម្ចាស់​បន្ត​បើក​សម្ដែង​ព្រះឆន្ទៈ​របស់​ទ្រង់​តាមរយៈ​ព្យាការី នៅសព្វថ្ងៃ​នេះ ?

  • តើ​ការសិក្សា​ពី​តួនាទី​របស់​ព្យាការី​នៅក្នុង​ព្រះគម្ពីរ​មរមន ជួយ​យើង​នៅក្នុង​ជំនាន់​របស់​យើង​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

ម៉ូសាយ ១១:២០-២៥

ម៉ូសាយ ១៣:៣៣-៣៥

សូម​ពន្យល់​ថា ខណៈដែល​ព្យាការី​ប្រាប់​ពី​សារ​ជាច្រើន ដែល​ជាក់លាក់​សម្រាប់​ជំនាន់​របស់​ពួកលោក នោះ​វា​ក៏​មាន​សារ​ដូចគ្នា​ទាំងឡាយ ដែល​ព្យាការី​ទាំងអស់​ប្រកាស ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សារ​បែបនោះ​ចំនួន​ពីរ កាលដែល​ពួកគេ​អាន​វគ្គបទគម្ពីរ​ទាំងឡាយ​ដែល​នៅលើ​ក្ដារខៀន​ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​សិស្ស​គូសចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​សារ​ដ៏​សំខាន់ ដែល​បាន​ថ្លែង​ដោយ​ព្យាការី​អ័ប៊ីណាដៃ ដែល​នៅក្នុង​វគ្គបទគម្ពីរ​នីមួយៗ ។ ( កំណត់ចំណាំ ៖ ការគូស​ចំណាំ​ព្រះគម្ពីរ គឺជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​មួយ ដែល​អ្នក​អាច​នឹង​ពិចារណា​ក្នុង​ការបង្រៀន​នៅពេញ​មួយ​វគ្គសិក្សា​នេះ ) ។

សូម​ឲ្យ​សិស្ស​ចែកចាយ​នូវអ្វី​ដែល​ពួកគេ​បានរកឃើញ ហើយ​សង្ខេប​គំហើញ​របស់​ពួកគេ ដោយ​សង្កត់ធ្ងន់​លើ​គោលលទ្ធិ​នេះ ៖ ព្យាការី​ទាំងអស់​របស់​ព្រះ​ប្រកាស​ពី​ការប្រែចិត្ត និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរបី​នាទី រកមើល​កន្លែង​ណា​ដែល​មាន​ឧទាហរណ៍​មួយ​អំពី​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​ប្រកាស​ពី​ការប្រែចិត្ត ឬ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ( ឧទាហរណ៍​ទាំងឡាយ​អំពី​ការប្រកាស​ពី​ការប្រែចិត្ត រួមមាន អេសាយ នៅក្នុង នីហ្វៃទី២ ១៦:៩–១១, យ៉ាកុប នៅក្នុង យ៉ាកុប ២–៣, អ័ប៊ីណាដៃ នៅក្នុង ម៉ូសាយ ១១–១២, សាំយូអែល នៅក្នុង ហេលេមិន ១៣–១៦, និង មរមន នៅក្នុង មរមន ៣ ។ ឧទាហរណ៍​ទាំងឡាយ​អំពី​ការបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ រួមមាន នីហ្វៃ នៅក្នុង នីហ្វៃទី១ ១៩ និង​នៅក្នុង នីហ្វៃទី២ ២៥, អាលម៉ា នៅក្នុង អាលម៉ា ៧; និង មរមន នៅក្នុង មរមន ៧ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ព្យាការី​ប្រកាស​ពី​ការប្រែចិត្ត និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ឥត​ឈប់ឈរ ?

  • តើ​ការស្ដាប់តាម​សារ​ទាំងនេះ ជួយ​យើង​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​របៀប​ណា ?

ហេលេមិន ១៣:២៤–៣៣, នីហ្វៃទី៣ ៨:២៤–២៥, ៩:១០–១១

ការបដិសេធ​ព្យាការី​របស់​ព្រះ នាំ​ទៅរក​ការស្ដាយក្រោយ

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ពេល​ព្យាការី​ចង្អុល​បង្ហាញ​ពី​អំពើ​បាប​ទាំងឡាយ​នៃ​ពិភពលោក ​ មនុស្ស​ខាង​លោកិយ​បែរ​ជា​ចង់​បំបិទ​មាត់​ព្យាការី ជាជាង​ធ្វើ​ការប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន ឬ​បើ​មិន​ដូច្នោះ​ទេ គឺ​ធ្វើ​ដូច​ជា​គ្មាន​ព្យាការី​អញ្ចឹង ។ ប្រជាប្រិយភាព គឺ​ពុំ​មែន​ជា​ការសាកល្បង​នៃ​សេចក្ដី​ពិត​នោះទេ ។ … ពេល​យើង​ខិតមក​កាន់តែ​ជិត​ដល់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ អ្នក​អាច​រំពឹង​ថា ពេល​ប្រជាជន​នៃ​ពិភពលោក​កាន់តែ​ទុច្ចរិត នោះ​ព្យាការី​នឹង​កាន់តែ​មាន​ប្រជាប្រិយភាព​តិចទៅៗ​ចំពោះ​ពួកគេ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៥២ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​មនុស្ស​ខ្លះ​មិន​ស្ដាប់​តាម​ពាក្យសម្ដី​របស់​ព្យាការី ?

សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ ឲ្យ​ស្រាវជ្រាវ​ដោយ​ស្ងៀមស្ងាត់​នូវ​ពាក្យសម្ដី របស់​ព្យាការី​សាំយូអែល នៅក្នុង ហេលេមិន ១៣:២៤-២៩ ដោយ​រកមើល​មូលហេតុ​នានា ដែល​បុគ្គល​ទាំងឡាយ​បដិសេធ​ការព្រមាន​ដ៏​ប្រកប​ដោយ​ការព្យាករ ។ អ្នក​អាច​លើក​ទឹកចិត្ត​ម្ដងទៀត​ឲ្យ​សិស្ស​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោងតាម​សាំយូអែល ហេតុអ្វី​បានជា​សាសន៍​នីហ្វៃ​បាន​បដិសេធ​ពួក​ព្យាការី​របស់​ព្រះ ?

  • ទោះបី​ជា​យើង​គ្មាន​កំហុស​ក្នុង​ការបំពាន ឬ​សម្លាប់​ព្យាការី​ក៏​ដោយ តើ​ខគម្ពីរ​ទាំងនេះ​អាច​ជា​ការព្រមាន​ដល់​យើង​នាសព្វថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ហេលេមិន ១៣:៣០–៣៣​ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​លទ្ធផល​ទាំងឡាយ ដែល​សាំយូអែល ដែល​ជា​សាសន៍​លេមិន បានព្យាករ​ថា នឹង​កើត​ឡើង​ដល់​ពួកអ្នក​ដែល​បាន​បដិសេធ​ពាក្យ​សម្ដី​របស់​ព្យាការី ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​អាន​ការបំពេញ​នូវ​ការព្យាករ​នេះ នៅក្នុង នីហ្វៃទី៣ ៨:២៤-២៥, ៩:១០-១១ ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​យើង​អាច​សង្ខេប​ចេញពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​គួរ​តែ​រកឃើញ​គោលលទ្ធិ​ដូច​តទៅនេះ ៖ ប្រសិនបើ​យើង​បដិសេធ​ពាក្យសម្ដី​នៃ​ព្យាការី​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ជួប​នឹង​ការសោកស្ដាយ និង​ទុក្ខព្រួយ ។ [ សូមមើល​ផងដែរ នីហ្វៃទី៣ ២៨:៣៤ ] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« បើ​យើង​ចង់​ដឹង​ថា យើង​ឈរ​ជាមួយ​ព្រះអម្ចាស់​បាន​ល្អ​ប៉ុណ្ណា នោះ​ចូរ​យើង​សួរ​ខ្លួនឯង​ថា យើង​ឈរ​ជាមួយ​នឹង​មេបញ្ជាការ​ខាង​ជីវិត​រមែងស្លាប់​របស់​ទ្រង់​បាន​ល្អ​ប៉ុណ្ណា​ដែរ—ថា​ជីវិត​របស់​យើង​ស្រប​ទៅ​នឹង​អ្នក​ដែល​បាន​តែងតាំង​របស់​ព្រះ​ខ្លាំង​ប៉ុណ្ណា—គឺជា​ព្យាការី​ដែល​នៅរស់—គឺ​ប្រធាន​នៃ​សាសនាចក្រ និង​កូរ៉ុម​នៃ​គណៈប្រធាន​ទីមួយ » ( Teachings: Ezra Taft Benson ទំព័រ ១៥០ ) ។

« របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​ពាក្យ​សម្ដី​របស់​ព្យាការី​ដែល​នៅរស់ ពេល​លោក​ប្រាប់​យើង​ពី​អ្វី​ដែល​យើង​ត្រូវ​ដឹង ប៉ុន្តែ​បែរជា​មិន​ស្ដាប់ គឺជា​ការសាកល្បង​មួយ​ដល់​ភាពស្មោះត្រង់​របស់​យើង » ( Teachings: Ezra Taft Benson ទំព័រ ១៥២ ) ។

  • តើ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ប៊ែនសឹន ជួយ​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​កាន់តែ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការធ្វើតាម​ដំបូន្មាន​របស់​ព្យាការី​ដែល​នៅរស់​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​សារ​ដ៏​ប្រកប​ដោយ​ការព្យាករ​ណា​ខ្លះ ដែល​អ្នក​គិត​ថា ស្ថិត​នៅក្នុង​ចំណោម​សារ​ដ៏​សំខាន់​បំផុត​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​សព្វថ្ងៃ​នេះ ?

ម៉ូសាយ ១៥:១០–១៣, នីហ្វៃទី៣ ១០:១២, ១២:១–២, អេធើរ ៧:២៣–២៧

ការធ្វើតាម​ព្យាការី​របស់​ព្រះ​នាំមក​នូវ​ពរជ័យ

សូម​ប្រាប់​សិស្ស​ថា ព្យាការី​អ័ប៊ីណាដៃ បាន​បង្រៀន​ស្ដេច​ណូអេ និង​ពួក​សង្ឃ​ទុច្ចរិត​របស់​ទ្រង់ អំពី​សារៈសំខាន់​នៃ​ការ​ស្ដាប់តាម​ពាក្យ​សម្ដី​របស់​ព្យាការី ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ ១៥:១០–១៣​ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ពិចារណា​ពី​របៀប​ដើម្បី​សង្ខេប​ខគម្ពីរ​ទាំងនេះ​ទៅជា​សេចក្ដីថ្លែង​គោលការណ៍​មួយ ។

  • តើ​អ្នក​នឹង​ថ្លែង​ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ ទៅជា​សេចក្ដីថ្លែង​ពី​គោលការណ៍​មួយ​ដោយ​របៀបណា ? ( សិស្ស​អាច​នឹង​សង្ខេប​វគ្គបទគម្ពីរ​នេះ​ដូច​តទៅនេះ ៖ ពួកអ្នក​ដែល​ស្ដាប់តាម​ពាក្យសម្ដី​របស់​ព្យាការី ជឿលើ​ព្រះចេស្ដា​ដ៏​ប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ពី​អំពីបាប​ទាំងឡាយ​របស់​ខ្លួន គឺជា​អ្នកគ្រង​មរតក​នៃ​នគរ​របស់​ព្រះ ) ។

សូម​ឲ្យ​សិស្ស​នឹក​គិត ហើយ​ចែកចាយ​ឧទាហរណ៍​នានា​ចេញពី​ព្រះគម្ពីរ​មរមន អំពី​បុគ្គល និង​ក្រុមមនុស្ស​ដ៏​ស្មោះត្រង់​ទាំងឡាយ ដែល​ត្រូវបាន​ប្រទានពរ​ដោយ​ការស្ដាប់​តាម​ពាក្យសម្ដី​របស់​ព្យាការី ។ ឧទាហរណ៍​មួយ​ចំនួន​អាច​រួមមាន​ដូច​តទៅ​នេះ ៖ ក្រុមគ្រួសារ​លីហៃ​បាន​គេចផុត​ពី​ការបំផ្លិចបំផ្លាញ ដោយ​ការធ្វើតាម​ដំបូន្មាន​ដែល​ឲ្យ​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ( នីហ្វៃទី២ ១:៤ ) អាលម៉ា​ជា​ឪពុក​បានស្ដាប់​តាម​ពាក្យសម្ដី​របស់​អ័ប៊ីណាដៃ ហើយ​អាច​បង្រៀន​ដល់​មនុស្ស​ជាច្រើន ( ម៉ូសាយ ១៧:១–៤, ១៨:១–៣ ) ពលទ័ព​របស់​មេទ័ព​មរ៉ូណៃ​បានរៀន​ពី​កន្លែង​ដែល​ត្រូវ​ទៅ​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​ពលទ័ព​លេមិន ដោយ​ការស្វែងរក​ដំបូន្មាន​ពី​អាលម៉ា ( អាលម៉ា ៤៣:២៣–២៤ ) ។

សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នៅលើ​ក្ដារខៀន ( សូម​កុំ​សរសេរ​គោលការណ៍​ដែល​មាន​អក្សរ​ដិត ) ៖

នីហ្វៃទី៣ ១០:១២ ( សុវត្ថិភាព​បានមក​ពី​ការធ្វើ​តាម​ព្យាការី​របស់​ព្រះ ) ។

នីហ្វៃទី៣ ១២:១-២ ( ព្យាការី​បង្រៀន​យើង​ពី​របៀប​ទទួល​បាន​ការផ្ដាច់​បាប​របស់​យើង ) ។

អេធើរ ៧:២៣-២៧ ( ពេល​យើង​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី ហើយ​ចងចាំ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​តាម​តម្រូវការ​របស់​យើង ) ។

សូម​ចាត់​សិស្ស​ឲ្យ​អាន​វគ្គបទគម្ពីរ​មួយ ក្នុង​ចំណោម​វគ្គបទគម្ពីរ​ទាំងឡាយ​នៅលើ​ក្ដារខៀន ហើយ​សង្ខេប​អ្វី​ដែល​ពួកគេ​បានអាន​ទៅជា​សេចក្ដីថ្លែង​នៃ​គោលការណ៍​មួយ ។ នៅពេល​សិស្ស​ចែកចាយ​សេចក្ដីថ្លែង​របស់​ពួកគេ សូម​ពិចារណា​អំពី​ការសរសេរ​សេចក្ដីថ្លែង​នៃ​គោលការណ៍​ដែល​បាន​ផ្ដល់​នោះ នៅក្បែរ​បទគម្ពីរ​យោង​នីមួយៗ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ពរជ័យ​បន្ថែម​ទៀត​នានា​បានមក​ពី​ការធ្វើតាម​ព្យាការី សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« បងប្អូន​ប្រុសស្រី វា​ពុំ​មែន​ជា​រឿង​តូចតាច​ទេ ដើម្បី​មាន​ព្យាការី​ម្នាក់​របស់​ព្រះ​ក្នុង​ចំណោម​ពួកយើង​នោះ ។ ពរជ័យ​គឺ​មហិមា និង​អស្ចារ្យ​ណាស់ ដែល​កើត​មាន​ក្នុង​ជីវិត​របស់​យើង ពេល​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​ដល់​យើង តាមរយៈ​រូប​លោក ។ … នៅពេល​យើង​ស្ដាប់​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់ ដែល​បង្ហាញ​តាមរយៈ​ពាក្យសម្ដី​របស់​ប្រធាន​នៃ​សាសនាចក្រ នោះ​ការ​ឆ្លើយ​តប​របស់យើង​គួរ​តែ​វិជ្ជមាន និង​ធ្វើ​ឲ្យ​បាន​ឆាប់ ។ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា មាន​សុវត្ថិភាព សន្ដិភាព ភាពរុងរឿង និង​សុភមង្គល នៅក្នុង​ការ​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី » (« His Word Ye Shall Receive » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៥ ) ។

  • តើ​ពេល​ណា​ដែល​អ្នក​បាន​ទទួល​ពរជ័យ ដោយ​ការឆ្លើយតប​ដោយ​វិជ្ជមាន និង​ឆាប់​រហ័ស​ចំពោះ​ដំបូន្មាន​ដែល​ប្រកប​ដោយ​ការព្យាករ ?

  • កាលដែល​អ្នក​ទន្ទឹង​រង់ចាំ​ដល់​អនាគត តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ក្នុង​ការមាន​ព្យាការី​នៅលើ​ផែនដី​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ថា សកម្មភាព​របស់​គេ​ផ្ទាល់ ឆ្លុះ​បញ្ចាំង​ពី​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់​ដែរ​ឬ​ទេ ។ សូម​ឲ្យ​ពួកគេ​ពិចារណា​អំពី អ្វី​ដែល​ពួកគេ​អាច​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​នៅក្នុង​ជីវិត​របស់​ខ្លួន ដើម្បី​រីករាយ​កាន់តែ​ពេញលេញ​នឹង​ពរជ័យ​ដែល​បាន​សន្យា​ដល់​ពួកអ្នក​ស្មោះត្រង់ ។

ការអាន​របស់​សិស្ស