ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១២ ៖ តម្រូវការ​របស់​យើង​សម្រាប់​ការកើត​ឡើងវិញ​ខាង​វិញ្ញាណ


មេរៀន​ទី ១២

តម្រូវការ​របស់​យើង​សម្រាប់​ការកើត​ឡើងវិញ​ខាង​វិញ្ញាណ

សេចក្ដីផ្ដើម

ចេញពី​ព្រះគម្ពីរ​មរមន យើង​រៀន​ថា « មនុស្ស​ខាង​សាច់​ឈាម​គឺជា​សត្រូវ​ដល់​ព្រះ » ( ម៉ូសាយ ៣:១៩ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​ត្រូវបាន​ណែនាំ​ថា តាមរយៈ​ការប្រែចិត្ត និង​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​យកឈ្នះ​ភាពជា​មនុស្ស​ខាង​សាច់ឈាម « កើតម្ដងទៀត » ហើយ​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ដ៏​ធំ​នៃ​ដួងចិត្ត ។ ការផ្លាស់ប្ដូរ​នេះ​គឺ​ចាំបាច់ ដើម្បី​ចូល​ទៅក្នុង​នគរ​នៃ​ព្រះ ។

ការអាន​ពី​សាវតា

  • ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០–៤៧ ។

  • ឌី ថត គ្រីស្តូហ្វឺសិន « Born Again » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៦-៧៩ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ ៣:១៩, ១៦:២–៥, អាលម៉ា ៤១:១០–១១

ការសម្រាត​ចោល​ភាព​ជា​មនុស្ស​ខាង​សាច់ឈាម

នៅលើ​ក្ដារខៀន សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ដែល​ដកស្រង់​ចេញ​ពី « To ‹ the Rising Generation › » New Era ខែ មិថុនា ឆ្នាំ ១៩៨៦ ទំព័រ ៥ ៖

« អ្នក​មិន​អាច​ធ្វើ​ខុស ហើយ​មាន​អារម្មណ៍​ថា​ត្រូវ​នោះ​ទេ ។ វា​មិន​អាច​ទៅ​រួច​ទេ ! » ( ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន )

  • ហេតុអ្វី​វា​មិន​អាច​ទៅរួច ដែល​មាន​ភាពរីករាយ​ពេល​កំពុង​ធ្វើ​ការជ្រើសរើស​ខុស​នោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា ៤១:១០-១១ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​ផល​នៃ​សេចក្ដី​ទុច្ចរិត ។ ( សូម​សង្កត់ធ្ងន់​ទៅលើ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ ) ។

  • តើ​មាន​ការបំភាន់​មួយ​ចំនួន​ណា​ខ្លះ ដែល​សាតាំង​ប្រើប្រាស់​ដើម្បី​លួងលោម​យើង​ថា ការបំពាន​ព្រះបញ្ញត្តិ​នាំ​ទៅ​រក​សុភមង្គល ?

  • យោងតាម​ខ ១១ តើ​វា​មានន័យ​ដូចម្ដេច ក្នុង​ការស្ថិត​នៅក្នុង « ស្ថានភាព​ខាង​សាច់ឈាម » ? ( « នៅក្នុង​ស្ថានភាព​ខាង​រូបកាយ » « នៅក្នុង​ប្រមាត់​ល្វីង​ជូរចត់ និង​ចំណង​ទាំងឡាយ​នៃ​អំពើ​ទុច្ចរិត » និង « គ្មាន​ព្រះ​ក្នុង​លោកិយ » ) ។

  • តើ អាលម៉ា ៤១:១០-១១ ជួយ​ពន្យល់​យ៉ាង​ណា ពី​មូលហេតុ​ដែល​ភាពពោរពេញ​ដោយ​អំពើបាប​ពុំ​អាច​នាំ​ទៅ​រក​សុភមង្គល​បាន​នោះ ? ( វា​ផ្ទុយ​ពី​ធម្មជាតិ​នៃ​ព្រះ ហើយ « ធម្មជាតិ​នៃ​ព្រះ » គឺជា « ស្ថានភាព​នៃ​សុភមង្គល » ) ។

សូម​រំឭក​សិស្ស​ថា យើង​ទាំងអស់​គ្នា​បាន​គ្រង​មរតក​ពី​ឥទ្ធិពល​នៃ​ការធ្លាក់​របស់​អ័ដាម ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ ១៦:២-៥ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​ស្ថានភាព​ធ្លាក់​របស់​មនុស្ស​លោក ។

  • តើ​ពាក្យ និង​ឃ្លា​ណា​ខ្លះ ដែល​អ័ប៊ីណាដៃ​បាន​ប្រើ ដើម្បី​ពិពណ៌នា​ពី​ស្ថានភាព​ធ្លាក់​របស់​មនុស្ស​លោក ?

  • តើ​អ្វី​ជា​សារៈសំខាន់​នៃ​ពាក្យ « ស្ថិត​នៅក្នុង » នៅក្នុង ខ ៥ ? ( កំណត់ចំណាំ ៖ ការរកមើល​ពាក្យ​គន្លឹះ គឺជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​មួយ​ដ៏​សំខាន់ ដែល​អ្នក​អាច​ជ្រើសរើស​សង្កត់ធ្ងន់​នៅ​ទីនេះ ) ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​អាច​ត្រូវបាន​ប្រោសលោះ​ចេញពី​ស្ថានភាព​ដែល​ពោរពេញ​ដោយ​អំពើបាប និង​ធ្លាក់​របស់​យើង ?

សូម​ឲ្យ​សិស្ស​អាន​ដោយ​ស្ងាត់ៗ​ក្នុង ម៉ូសាយ ៣:១៩ ហើយ​រកមើល​របៀប​ដែល​យើង​អាច​យកឈ្នះ​លើ​ស្ថានភាព​ធ្លាក់​របស់​យើង ។

  • តើ « ព្រមធ្វើ​តាម​សេចក្តី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » មាន​អត្ថន័យ​ដូចម្តេច ?

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី « [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ » ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ប្រើប្រាស់​អំណាច​នៃ​ដង្វាយធួន នោះ​យើង​អាច​សម្រាត​ភាពខាង​សាច់ឈាម​ចេញ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​ភស្ដុតាង​ដែល​ពួកគេ​ធ្លាប់​បាន​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​អាច​ផ្លាស់ប្ដូរ​យើង​ទៅជា​មនុស្ស​ដែល​ប្រសើរ​ជាង​ដែល​យើង​អាច​ក្លាយ​ដោយ​ខ្លួន​យើង​ទៅ​ទៀត ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដោយ​ស្ងាត់ស្ងៀម ៖

  • តើ​អ្នក​អាច​ធ្វើ​ខ្លះ​ដើម្បី « [ ធ្វើ​តាម ] សេចក្តី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » កាន់តែ​ពេញលេញ ?

  • តើ​អាកប្បកិរិយា​ណា​ខ្លះ​របស់​កូនក្មេង ដែល​មាន​នៅក្នុង ម៉ូសាយ ៣:១៩ ដែល​អ្នក​ត្រូវ​អភិវឌ្ឍ​ខ្លាំង​បំផុត​នោះ ?

ម៉ូសាយ ៥:១–៥, ៧–៨, ២៧:២៤–២៦

ការកើត​ម្ដងទៀត

សូម​ឲ្យ​សិស្ស​រាយ​ឈ្មោះ​នៃ​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​មាន​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​នៅក្នុង​ស្ថានភាព​សាច់ឈាម​របស់​ពួកគេ ដោយសារ​តែ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​រំឭក​សិស្ស​ថា អាលម៉ា​ជា​កូន និង​ពួកបុត្រា​នៃ​ម៉ូសាយ មាន​ពេល​មួយ ស្ថិត​នៅក្នុង​ចំណោម​ពួក​ឥត​ជំនឿ​នៅ​ទីក្រុង​សារ៉ាហិមឡា ដែល​បាន​បៀតបៀន​សមាជិក​សាសនាចក្រ ( សូមមើល ម៉ូសាយ ២៧:៨ ) ។ ក្រោយពី​ការយាង​មក​ជួប​របស់​ទេវតា អាលម៉ា​អស់​កម្លាំង ហើយ​មិន​អាច​និយាយ​បាន​ឡើយ ។ បីថ្ងៃ​ក្រោយ​មក អាលម៉ា​មាន​ទទួល​កម្លាំង​ឡើង​វិញ ហើយ​លោក​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការផ្លាស់ប្ដូរ​ដែល​ប្រកប​ដោយ​អព្ភូតហេតុ ដែល​បានកើត​ឡើង​នៅក្នុង​ខ្លួន​លោក ( សូមមើល ម៉ូសាយ ២៧:១១-២៤ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ ២៧:២៤-២៦ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​របៀប​ដែល​អាលម៉ា​បានពិពណ៌នា​ពី​ការផ្លាស់ប្ដូរ​ដ៏​ប្រកប​ដោយ​អព្ភូតហេតុ​នេះ ។

  • តើ​ពាក្យ និង​ឃ្លា​អ្វីខ្លះ នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ជួយ​កំណត់​អត្ថន័យ​ពី​ការដែល​បាន​កើត​ម្ដង​ទៀត ?

  • តើ ខ ២៦ ជួយ​ពន្យល់​យ៉ាង​ណា ពី​មូលហេតុ​ដែល​យើង​ត្រូវការ​កើត​ម្ដងទៀត ? ( សូម​ប្រាកដ​ថា សិស្ស​យល់​អំពី​សេចក្ដីពិត​នេះ ៖ មាន​តែ​ដោយ​ការក្លាយ​ជា​សត្វលោក​ថ្មី​នៅក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​គ្រង​នគរ​ព្រះទុកជា​មរតក​បាន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​អ្វី​ដែល​កើតឡើង​ពេល ដែល​យើង​កើត​ជា​ថ្មី​ខាង​វិញ្ញាណ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ ៥:១-៥, ៨ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពាក្យ ឬ​ឃ្លា​ទាំងឡាយ ដែល​ចង្អុល​បង្ហាញ​ថា​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន បាន​ទទួល​បទពិសោធន៍​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ ។

  • តើ​ភស្ដុតាង​អ្វី ដែល​អ្នក​បាន​រកឃើញ​ថា ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន បាន​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ខាង​វិញ្ញាណ ? ( ចម្លើយ​គួរតែ​រួមមាន​ដូច​តទៅ​នេះ ៖ ពួកគេ​ពុំ​មាន​ចិត្ត​ធ្វើ​អាក្រក់​ទៀត​ឡើយ ពួកគេ​ប្រាថ្នា​ចង់​ធ្វើ​ល្អ​ជានិច្ច​វិញ គំនិត​របស់​ពួកគេ​ត្រូវបាន​បំភ្លឺ ហើយ​ពួកគេ​បាន​ពេញ​ដោយ​អំណរ និង​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ ) ។

  • យោងតាម ខ ២ និង ៤ តើ​អ្វី​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​ទទួល​បាន « ការផ្លាស់ប្ដូរ​យ៉ាង​ធំ … នៅក្នុង​ចិត្ត » ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​នេះ ៖ នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ដ៏​ធំ​ក្នុង​ចិត្ត ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​របៀប​ដែល​អែលឌើរ បែដណា ពិពណ៌នា​ពី​ការផ្លាស់ប្ដូរ​ដ៏​ធំ​ក្នុង​ចិត្ត ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« សូម​កត់ចំណាំ​ថា ការប្រែចិត្តជឿ​ដែល​បាន​ពិពណ៌នា​នៅក្នុង [ ម៉ូសាយ ៥ ] គឺ​ធំ មិនមែន​តូច​ទេ—ជា​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ និង​ជា​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​នៃ​អ្វី​ដែល​យើង​មាន​អារម្មណ៍ និង​ប្រាថ្នា អ្វី​ដែល​យើង​គិត ហើយ​ធ្វើ ព្រមទាំង​អ្វី​ដែល​ជា​អំពី​ខ្លួន​យើង ។ ពិតណាស់ សារៈសំខាន់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ តម្រូវឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន និង​អចិន្ដ្រៃយ៍​នៅក្នុង​និស្ស័យ​របស់​យើង ដែល​កើត​មាន​តាមរយៈ​ការពឹងផ្អែក​របស់​យើង​ទៅលើ ‹ បុណ្យគុណ និង​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះម៊ែស៊ី​ដ៏​បរិសុទ្ធ › ( នីហ្វៃទី២ ២:៨ ) » ( « Ye Must Be Born Again » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។

  • តើ​អ្វី​ដែល​លេចធ្លោ​ចំពោះ​អ្នក​នៅក្នុង​ការពិពណ៌នា​របស់​អែលឌើរ បែដណា អំពី​ការផ្លាស់ប្ដូរ​ដ៏​ធំ​ក្នុង​ចិត្ត ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ពី​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​បន្ត​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅក្នុង​ចិត្ត ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ ៥:៧ ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​ពី​របៀប​ដែល​ទំនាក់ទំនង​របស់​យើង​នឹង​ព្រះយេស៊ូវគ្រីស្ទ​ផ្លាស់ប្ដូរ នៅពេល​ដែល​យើង​កើត​ម្ដង​ទៀត ។

  • តើ​នៅក្នុង​របៀប​ណា ដែល​យើង​ក្លាយ​ជា​បុត្រា​បុត្រី​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សារៈសំខាន់​នៃ​ការក្លាយ​ជា « កូនចៅ​នៃ​ព្រះគ្រីស្ទ » ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ថា ការណ៍​នេះ​គួរតែ​ជំរុញ​ចិត្ត​យើង​យ៉ាង​ណា ពេល​យើង​ព្យាយាម​ដើម្បី​កើត​ម្ដងទៀត ។

អាលម៉ា ៥:១៤, ២៦–២៧, អេធើរ ១២:២៧

ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ​ត្រូវការ​ពេល​វេលា និង​ការប្រឹងប្រែង

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូចខាង​ក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​ពី​របៀប​ដែល​លោក​ពិពណ៌នា​ពី​ដំណើរការ​នៃ​ការទទួល​ការផ្លាស់ប្ដូរ​នៅក្នុង​ចិត្ត ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« អ្នក​អាច​សួរ​ថា ហេតុអ្វី​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នេះ​មិន​កើត​ឡើង​លឿន​ជាង​នេះ​ចំពោះ​ខ្ញុំ ? អ្នក​គួរតែ​ចងចាំ​ថា គំរូ​ដ៏​អស្ចារ្យ​នៃ​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន អាលម៉ា និង​អ្នក​ផ្សេង​ទៀត​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ គឺ—អស្ចារ្យ​បែប​នោះ ហើយ​ពុំមែន​សាមញ្ញ​ទេ ។ សម្រាប់​ពួកយើង​ភាគច្រើន ការផ្លាស់ប្ដូរ​ទាំងឡាយ​គឺ​ភាគច្រើន​កើតឡើង​បន្តិច​ម្ដងៗ ហើយ​កើតឡើង​ច្រើន​ដង ។ ការកើត​ម្ដង​ទៀត គឺ​ពុំ​ដូច​ជា​ការកើត​ខាង​រូបកាយ​ទេ វា​គឺជា​ដំណើរការ​មួយ មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​នោះ​ទេ ។ ហើយ​ការចូលរួម​ក្នុង​ដំណើរការ​នោះ គឺជា​គោលបំណង​ដ៏​សំខាន់​នៃ​ជីវិត​រមែង​ស្លាប់ ។

« ក្នុង​ពេល​ដូច​គ្នា​នោះដែរ ចូរ​យើង​កុំ​ដោះសារ​ខ្លួន​យើង​នៅក្នុង​ការប្រឹងប្រឹង​ធម្មតាៗ​ឡើយ ។ ចូរ​យើង​កុំ​រីករាយ​នឹង​ការមានចិត្ត​ខ្លះ​នឹង​ធ្វើ​អាក្រក់​ឡើយ ។ ចូរ​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម​ជា​រៀងរាល់​សប្ដាហ៍ ហើយ​បន្ត​ប្រើប្រាស់​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រក​ឲ្យ​ឃើញ ហើយ​ដក​ចេញ​នូវ​សំណល់​ចុងក្រោយ​នៃ​ភាពមិន​បរិសុទ្ធ​ដែល​នៅក្នុង​ខ្លួន​យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពេល​អ្នក​បន្ត​នៅក្នុង​ផ្លូវ​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ នោះ​ព្រះគុណ​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​ដក​យកចេញ​នូវ​អំពើបាប​របស់​អ្នក និង​ស្នាម​ប្រឡាក់​នៃ​អំពើបាប​ទាំងនោះ​ដែល​នៅក្នុង​អ្នក ការល្បួង​នឹង​បាត់បង់​ភាពទាក់ទាញ​របស់​វា ហើយ​តាមរយៈ​ព្រះគ្រីស្ទ អ្នក​នឹង​ក្លាយ​ជា​បរិសុទ្ធ ដូចជា​ទ្រង់ និង​ព្រះវរបិតា​របស់​យើង​ដែល​បរិសុទ្ធ » ( « Born Again » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៨ ) ។

  • យោងតាម​អែលឌើរ គ្រីស្តូហ្វឺសិន ហេតុអ្វី​ការកើត​ជា​ថ្មី គឺ​ជា​ដំណើរការ​មួយ​ជាជាង​ព្រឹត្តិការណ៍​មួយ ?

  • តើ​ដំណើរការ​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ ជួយ​យើង​ឲ្យ​ក្លាយ​ជា​បរិសុទ្ធ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ យ៉ាង​ដូច​ម្ដេច​ដែរ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​នេះ ៖ តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ការអភ័យទោស ហើយ​ទទួល​ជំនួយ​ដើម្បី​បន្ត​នៅលើ​ផ្លូវ​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​អត្ថន័យ​នៃ​ពាក្យ ព្រះគុណ សូម​គិត​ពី​ការចែកចាយ​សេចក្ដី​ថ្លែង​ដូច​តទៅ​នេះ ចេញពី Bible Dictionary ( វចនានុក្រម​ព្រះគម្ពីរ​ប៊ីប ) ៖

« វាគឺ … តាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់ តាមរយៈ​សេចក្តីជំនឿ​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ពួកគេ ដែល​បុគ្គល​ទាំងឡាយ​នឹង​ទទួល​បាន​កម្លាំង និង​ជំនួយ​ដើម្បី​ធ្វើ​កិច្ចការ​ល្អ​នានា បើ​ពុំ​ដូចនោះ​ទេ​ពួកគេ​មិន​មាន​លទ្ធភាព​ដើម្បី​បន្ត​ឡើយ ប្រសិនបើ​ត្រូវ​ទុក​ឲ្យ​ពួកគេ​ធ្វើ​ដោយ​ខ្លួនឯង​នោះ ។ ព្រះគុណ​នេះ គឺជា​អំណាច​មួយ​ដែល​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ដែល​អនុញ្ញាត​ឲ្យ​បុរស និង​ស្ត្រី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច និង​ការលើក​តម្កើង បន្ទាប់​ពី​ពួកគេ​បាន​ពង្រីក​ការខិតខំ​របស់​ពួកគេ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់ » ( Bible Dictionary « Grace » )

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៥:១៤, ២៦–២៧ ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​នូវ​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ពួកអ្នក​ដែល​បាន​ចាប់ផ្ដើម​រួច​ទៅ​ហើយ​នូវ​ដំណើរការ​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ​នេះ ហើយ​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ក្នុង​ចិត្ត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​របស់​អាលម៉ា ។

  • យោង​តាម ខ ២៧ តើ​យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ បន្ទាប់​ពី​យើង​ទទួល​ការផ្លាស់ប្ដូរ​ក្នុង​ចិត្ត ? ( យើង​ត្រូវតែ​បន្ត​ដើរ​ដោយ​គ្មានទោស​ចំពោះ​ព្រះ បន្ទាបខ្លួន និង​ស្វែងរក​ការអភ័យទោស​ចំពោះ​អំពើបាប​របស់​យើង ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​អាលម៉ា​បាន​បង្រៀន​ថា ការបន្ទាបខ្លួន​គឺជា​ផ្នែក​ដ៏​សំខាន់​បែបនេះ ក្នុង​ការរក្សា​ការផ្លាស់ប្ដូរ​ក្នុង​ចិត្ត​របស់​យើង ?

សូម​ប្រាប់​សិស្ស​ថា ព្រះអម្ចាស់​បាន​បង្រៀន​អេធើរ ពី​មូលហេតុ​ដែល​អំណាច​នៃ​ការបន្ទាបខ្លួន​សំខាន់​យ៉ាង​ខ្លាំង ពេល​យើង​ព្យាយាម​មាន​ការផ្លាស់ប្ដូរ​ក្នុង​ចិត្ត ។ សូម​រំឭក​សិស្ស​ថា ជាញឹកញាប់​គោលការណ៍​ក្នុង​ព្រះគម្ពីរ​ប្រើ​ពាក្យ បើ និង នោះ ហើយ​បន្ទាប់​មក​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក អេធើរ ១២:២៧ ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​គោលការណ៍ « បើ-នោះ » ។ សូម​ពិភាក្សា​គោលការណ៍​ទាំងឡាយ​ដូច​ខាង​ក្រោម ពេល​សិស្ស​រកឃើញ​វា ៖ បើសិនជា​យើង​មករក​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​បង្ហាញ​យើង​នូវ​ភាពទន់ខ្សោយ​របស់​យើង ។ បើសិនជា​យើង​បន្ទាប ហើយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅ​ជា​ខ្លាំងពូកែ​ចំពោះ​យើង​វិញ ។

  • តើ​អ្នកគិត​ថា ហេតុអ្វី​វា​សំខាន់​សម្រាប់​យើង ដើម្បី​ស្គាល់​ពី​ភាពទន់ខ្សោយ​របស់​ខ្លួនយើង ?

  • តើ​អ្នកគិត​ថា​ឃ្លា « គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង » មាន​ន័យ​យ៉ាង​ណា ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ប៊្រុសូ ស៊ី ហាហ្វែន នៃ​កុ្រម​ចិតសិប​នាក់ ហើយ​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ប៊្រុសូ ស៊ី ហាហ្វែន

« បើ​អ្នក​មាន​បញ្ហា​នៅក្នុង​ជីវិត​អ្នក ចូរ​កុំ​សន្មត​ថា មាន​អ្វី​មួយ​ខុស​ក្នុង​ខ្លួន​អ្នក​នោះ​ឡើយ ។ ការពុះពារ​ជាមួយ​នឹង​បញ្ហា​ទាំងនោះ គឺជា​ខ្លឹម​ដ៏​សំខាន់​បំផុត​នៃ​គោលបំណង​ក្នុង​ជីវិត​នេះ ។ កាលដែល​យើង​ខិត​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​បង្ហាញ​យើង​នូវ​ភាពទន់ខ្សោយ​របស់​យើង ហើយ​តាមរយៈ​ភាពទន់ខ្សោយ​ទាំងនោះ​វា​ធ្វើ​ឲ្យ​យើង​កាន់តែ​ឆ្លាតវៃ កាន់តែ​រឹងមាំ ។ បើ​អ្នក​កំពុង​ឃើញ​ភាពទន់ខ្សោយ​របស់​អ្នក​កាន់តែ​ច្រើនទៅៗ នោះ​ប្រហែល​គ្រាន់តែ​មានន័យ​ថា អ្នក​កំពុង​តែ​ខិត​កាន់តែ​ជិត​ព្រះ មិនមែន​កាន់តែ​ឆ្ងាយ​នោះ​ទេ » ( « The Atonement: All for All » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៧ ) ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចៀសវាង​ពី​ការបាក់​ទឹកចិត្ត ពេល​យើង​ស្គាល់​ពី​ភាពទន់ខ្សោយ​របស់​យើង ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​ជួយ​យើង​ឲ្យ​យកឈ្នះ​ភាពទន់ខ្សោយ​របស់​យើង កាលដែល​យើង​ព្យាយាម​ដើម្បី​បាន​កើត​ជាថ្មី​ខាង​វិញ្ញាណ ។

ការអាន​របស់​សិស្ស