ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៨ ៖ សេចក្ដី​សង្គ្រោះ​បានមក​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ


មេរៀនទី ៨

សេចក្ដី​សង្គ្រោះ​បានមក​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ

សេចក្ដីផ្ដើម

ការប្រឹងប្រែង​របស់​យើង​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ និង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ គឺ​ចាំបាច់ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​យើង​សក្ដិសម​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ ។ សេចក្ដី​សង្គ្រោះ​របស់​យើង​អាច​កើតឡើង​បាន​មាន​តែ​តាមរយៈ​បុណ្យគុណ សេចក្ដីមេត្តា​ករុណា និង​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ​​ប៉ុណ្ណោះ ។ គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ជួយ​យើង​ឲ្យ​យល់​ថា តាមរយៈ​ព្រះគុណ​របស់​ទ្រង់ នោះ​យើង​អាច​រៀន​ដំណឹងល្អ ទទួល​ពិធីបរិសុទ្ធ និង​ឈាន​ទៅមុខ​នៅលើ​ផ្លូវ​ដែល​ដឹកនាំ​យើង​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ការអាន​ពី​សាវតា

  • ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧–១០ ។

  • អិល ថម ភែរី « The Gospel of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤៤–៤៦ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី២ ២:៦–៩, ២៥:២៣, ម៉ូសាយ ៤:៦–៨

សេចក្ដី​សង្គ្រោះ​អាច​កើតឡើង​បាន​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ

សូម​បង្ហាញ និង​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិល ថម ភែរី

« មនុស្ស​ជាច្រើន​ឆ្ងល់​ថា ‹ តើ​យើង​បាន​មក​ពី​ណា ? ហេតុអ្វី​យើង​នៅ​ទីនេះ ? តើ​យើង​នឹង​ទៅ​ណា ? › ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង ពុំ​បញ្ជូន​យើង​មក​ផែនដី មក​នៅលើ​ដំណើរ​មួយ​ដែល​គ្មាន​គោលបំណង និង​គ្មាន​ន័យ​នោះ​ទេ ។ ទ្រង់​បាន​ប្រទាន​ផែនការ​មួយ​ឲ្យ​យើង​ធ្វើ​តាម ។ ទ្រង់​គឺ​អង្គ​និពន្ធ​នៃ​ផែនការ​នោះ ។ វា​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​នាំ​ឲ្យ​មាន​ការរីកចម្រើន និង​សម្រាប់​សេចក្ដី​សង្គ្រោះ និង​ការលើក​តម្កើង​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​មនុស្ស » ( « The Plan of Salvation » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦៩-៧០ ) ។

  • ពេល​មនុស្ស​ដឹង​ថា ព្រះ​ពុំ​បាន​ទុក​ពួកគេ​ឲ្យ​វង្វេង​តែ​ឯង​ក្នុង​ជីវិត​រមែង​ស្លាប់ តែ​បាន​ប្រទាន​ដល់​ពួកគេ​នូវ​ផែនការ​មួយ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ នោះ​តើ​អ្នក​គិត​ថា ពួកគេ​អាច​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី២ ២:៦-៩ ដោយ​ស្វែងរក​អ្វី​ដែល​ព្យាការី​លីហៃ​បានមាន​ប្រសាសន៍​ពី​ការធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​កើត​មាន​បាន ។

  • យោងតាម​លីហៃ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​កើតឡើង​បាន​ក្នុង​ផែនការ​របស់​ព្រះ ? ( សិស្ស​គួរ​តែ​រកឃើញ​នូវ​អ្វី​ដែល​មាន​ដូច​តទៅនេះ ៖ យើង​អាច​ត្រូវ​បាន​សង្គ្រោះ តែ​តាមរយៈ​បុណ្យគុណ សេចក្ដីមេត្តា​ករុណា និង​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ​តែ​ប៉ុណ្ណោះ ។ អ្នក​អាច​ចែកចាយ​និយមន័យ​ដូច​តទៅ​នេះ អំពី​អត្ថន័យ​នៃ​ការដែល​ត្រូវបាន​សង្គ្រោះ ឬ​ទទួល​សេចក្ដី​សង្គ្រោះ ៖ « សេចក្ដី​សង្គ្រោះ ក្នុង​ន័យ​ពិត និង​ពេញលេញ​របស់​វា គឺជា​សទិសន័យ​នឹង ភាពលើក​តម្កើងជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​រួម​សំខាន់​នោះ​គឺ ការទទួល​មរតក​នៅក្នុង​ស្ថាន​ដ៏​ខ្ពស់​បំផុត​នៃ​ស្ថានសួគ៌​ទាំងបី​នៅក្នុង​នគរ​សេឡេស្ទាល ។ នេះ​ហើយ​ជា​សេចក្ដី​សង្គ្រោះ​ដែល​ព្រះគម្ពីរ​លើកឡើង ដោយ​មាន​ការលើកលែង​តែ​បន្តិច​ប៉ុណ្ណោះ » [ Bruce R. McConkie, Mormon Doctrine ការកែសម្រួល​លើក​ទីពីរ ( ឆ្នាំ ១៩៦៦ ) ទំព័រ ៦៧០ ] ) ។

  • តើ​អ្វី​ទៅ​ជា​អត្ថន័យ​នៃ បុណ្យគុណ សេចក្ដីមេត្តា​ករុណា និង​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ? ( បុណ្យគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ទង្វើ​ដ៏​សុចរិត​របស់​ទ្រង់ ជាពិសេស​គឺ​ដង្វាយធួន​របស់​ទ្រង់ ។ សេចក្ដី​មេត្តា​ករុណា សំដៅ​ដល់​សេចក្ដី​អាណិត​អាសូរ និង​ការអត់ធន់ ដែល​ទ្រង់​ប្រទាន​ដល់​យើង ថ្វីបើ​យើង​មាន​អំពើ​បាប​ក៏​ដោយ ។ ព្រះគុណ សំដៅ​ដល់​ជំនួយ​ដែល​ទ្រង់​ប្រទាន​ដល់​យើង ក្នុង​ទម្រង់​នៃ​សេចក្ដី​មេត្តា​ករុណា សេចក្ដី​ស្រឡាញ់ សេចក្ដី​សណ្ដោស និង​ព្រះចេស្ដា​ដ៏​ជា​ជំនួយ​ដែល​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ភាពលើក​តម្កើង បន្ទាប់​ពី​យើង​បាន​ពង្រីក​ការប្រឹងប្រែង​របស់​យើង​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង ។ សូមមើល Bible Dictionary « Grace » ) ។

ដើម្បី​ជួយ​ឲ្យ​ការយល់ដឹង​របស់​សិស្ស​កាន់តែ​ស៊ីជម្រៅ​អំពី​គោលលទ្ធិ​នេះ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ហើយ​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« យើង​ពុំ​អាច​រក​វិធី​របស់​យើង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ​ទេ ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌​ឈរ​ជា​រនាំង ដែល​យើង​គ្មាន​អំណាច​ដើម្បី​យក​ឈ្នះ​ដោយ​ខ្លួន​ឯង​ឡើយ ។

« ប៉ុន្តែ មនុស្ស​គ្រប់​រូប​មិន​វិនាស​បង់​ឡើយ ។

« ព្រះគុណ​នៃ​ព្រះ​គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ធំ និង​គ្មាន​ទី​បំផុត ។

« តាម​រយៈ​ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ [ សូមមើល អាលម៉ា ៤២:១៥ ] » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ ) ។

  • ហេតុអ្វី​ក៏​សេចក្ដី​សុចរិត​ផ្ទាល់​របស់​មនុស្ស​ម្នាក់ មិន​គ្រប់គ្រាន់​សម្រាប់ « ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដី​យុត្តិធម៌ » ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ? ( ថ្វី​បើ​ក្នុង​ពេល​ដែល​យើង​អាច​នឹង​រៀន​រស់នៅ​តាម​ព្រះបញ្ញត្តិ​ដោយ​ឥតខ្ចោះ​ក្ដី ក៏​គ្មាន​នរណា​ម្នាក់​ធ្លាប់​បាន​រស់នៅ​ក្នុង​ជីវិត​មួយ​ដ៏​ឥតខ្ចោះ​ឡើយ លើកលែង​តែ​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ [ សូមមើល រ៉ូម ៣:២៣ ] ។ ទោះបី​ជា​យើង​អាច​នឹង​ឈប់​ធ្វើ​អំពើបាប តែ​យើង​ពុំ​អាច​លុប​ចេញ​នូវ​អំពើ​អាក្រក់ ឬ​កំហុស​នៃ​សកម្មភាព​អតីតកាល​របស់​យើង​ឡើយ ។ នេះ​ជា​មូលហេតុ​ដែល​ដង្វាយធួន និង​ព្រះគុណ​គឺជា​ការចាំបាច់ ) ។

សូម​រំឭក​សិស្ស​ថា ខណៈ​ដែល​យើង​ត្រូវបាន​សង្គ្រោះ​តែ​តាម​រយៈ​បុណ្យគុណ សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកព្យាការី​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​បង្រៀន​ពី​អ្វី​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​អំណាច​ដ៏​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសាយ ៤:៦-៨ ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា យើង​ត្រូវតែ​ធ្វើ​ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • យោងតាម​ស្ដេច​បេនយ៉ាមីន តើ​យើង​ត្រូវតែ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ​តាមរយៈ​ដង្វាយធួន ? ( មាន​ការចេះដឹង​អំពី​ព្រះ និង​ដង្វាយធួន ដាក់​ទីទុកចិត្ត​របស់​យើង​ទៅលើ​ព្រះ កាន់តាម​ព្រះបញ្ញត្តិ​ដោយ​ឧស្សាហ៍​ព្យាយាម និង​បន្ត​ដោយ​ស្មោះត្រង់​ទៅដល់​ទីបញ្ចប់​នៃ​ជីវិត​យើង ) ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី២ ២៥:២៣ ។

  • តើ​គោលលទ្ធិ​អ្វី ដែល​នីហ្វៃ​បានបង្រៀន​ស្ដីអំពី​សេចក្ដី​សង្គ្រោះ​របស់​យើង ? ( សិស្ស​គួរ​តែ​រកឃើញ​គោលលទ្ធិ​ដូច​តទៅនេះ ៖ ដោយសារ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​សង្គ្រោះ​ដោយ​ព្រះគុណ បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា មានតែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​ក្លាយជា​បរិសុទ្ធ ហើយ​ដូច​ជា​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​បាន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលលទ្ធិ​នេះ​កាន់តែ​ច្បាស់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) ឮៗ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ‹ បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន › រួមមាន​ការពង្រីក​នូវ​ការប្រឹងប្រែង​របស់​យើង​ឲ្យ​អស់​ពី​សមត្ថភាព ។ វា​រួមមាន​ទាំង​ការរស់នៅ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។

« ‹ បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន › រួមមាន​ការស្រឡាញ់​អ្នក​ជិតខាង​យើង និង​ការអធិស្ឋាន​សម្រាប់​ពួកអ្នក​ដែល​ចាត់ទុក​យើង​ថា​ជា​មារសត្រូវ​របស់​គេ ។ វា​មានន័យ​ថា ស្លៀកពាក់​ឲ្យ​អ្នក​អាក្រាត ផ្ដល់​ចំណី​ដល់​អ្នក​អត់​ឃ្លាន សួរសុខទុក្ខ​អ្នក​ឈឺ និង ‹ ជួយ​ដល់​អស់​អ្នក​ណា​ដែល​ត្រូវការ​ជំនួយ​ពី [ យើង ] › ( ម៉ូសាយ ៤:១៦ )—​ដោយ​ចងចាំ​ថា អ្វី​ដែល​យើង​ធ្វើ​ដល់​មនុស្ស​ម្នាក់​ដ៏​តូច​បំផុត​របស់​ព្រះ គឺ​យើង​បាន​ធ្វើ​ដល់​ទ្រង់ ។

« ‹ បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន › មានន័យ​ថា​ការដឹកនាំ​ជីវិត​ដែល​បរិសុទ្ធ ស្អាតស្អំ ត្រឹមត្រូវ ដោយ​ទៀងត្រង់​យ៉ាង​ល្អិតល្អន់​នៅក្នុង​គ្រប់​អ្វី​ទាំងអស់​ដែល​យើង​ដោះស្រាយ និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ទៀត តាម​របៀប​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​យើង​វិញ » ( « Redemption through Christ after All We Can Do » Liahona ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​អ្នក​បាន​ទទួល​បទពិសោធន៍​ពី​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ជួយ​អ្នក​លើស​ពី​សមត្ថភាព​របស់​អ្នក​ផ្ទាល់ ពេលដែល​អ្នក​បាន​ពង្រីក​ការប្រឹងប្រែង​របស់​អ្នក​ដោយ​អស់​ពី​សមត្ថភាព​អ្នក​ដើម្បី​មកឯ​ទ្រង់​នោះ ?

សូម​ប្រើប្រាស់​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ផងដែរ ដើម្បី​ជួយ​សិស្ស​ពិចារណា​ពី​សំណួរ​នេះ​មុនពេល​ពួកគេ​ឆ្លើយតប ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ក្នុង​នាម​ជា​សាសនាចក្រ​មួយ យើង​យល់ស្រប​ជាមួយ​នឹង​នីហ្វៃ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា ‹ មានតែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បានសង្គ្រោះ បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន › ( នីហ្វៃទី២ ២៥:២៣ ) ។ …

« ដោយសារ​ព្រះគុណ ព្រះអង្គ​សង្គ្រោះ​បាន​សម្រេច​នូវ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំងអស់​នឹង​ទទួល​បាន​អមតភាព ។

« ដោយ​ព្រះគុណ​ទ្រង់ និង​ដោយសារ​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ដង្វាយធួន​របស់​ទ្រង់ ព្រមទាំង​ការប្រែចិត្ត​ពី​អំពីបាប​របស់​យើង នោះ​យើង​ទទួល​បាន​កម្លាំង​ដើម្បី​ធ្វើ​កិច្ចការ​ទាំងឡាយ​ដែល​ចាំបាច់ ដែល​យើង​ពុំ​អាច​ធ្វើ​បាន​ដោយ​អំណាច​របស់​យើង​ផ្ទាល់ ។

« ដោយសារ​ព្រះគុណ​ទ្រង់ នោះ​យើង​ទទួល​បាន​នូវ​អំណោយទាន​ពិសិដ្ឋ​នៃ​ពរជ័យ និង​កម្លាំង​ខាង​វិញ្ញាណ ដែល​នៅ​ទីបំផុត​ដឹកនាំ​យើង​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ប្រសិនបើ​យើង​ស៊ូទ្រាំ​ដល់​ទីបំផុត ។

« ដោយសារ​ព្រះគុណ​ទ្រង់ នោះ​យើង​ប្រែ​កាន់តែ​មាន​បុគ្គលិក​លក្ខណៈ​ដ៏​ទេវភាព​ដូច​ទ្រង់ » ( « Redemption through Christ after All We Can Do » ទំព័រ ៤–៥ ) ។

  • តើ​អ្នក​គិត​ថា យើង​អាច​ធ្វើ​អ្វី​ខ្លះ ​ដើម្បី​បង្ហាញ​ការដឹង​គុណ​របស់​យើង​ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ឲ្យ​កើតឡើង​បាន​នោះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា មានតែ​តាមរយៈ​ព្រះគុណ​ដែល​កើត​មាន​ឡើង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ទទួល​បាន​ការផ្ដាច់​បាប យកឈ្នះ​លើ​ភាពមិន​ឥតខ្ចោះ និង​រីក​លូតលាស់​ឆ្ពោះ​ទៅរក​ភាពឥតខ្ចោះ​បាន ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ថា ពួកគេ​កំពុង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់​ឬ​ទេ ។

នីហ្វៃទី២ ៣១:២, ១០–២១, នីហ្វៃទី៣ ១១:៣១–៤០, នីហ្វៃទី៣ ២៧:១៣–២២

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ

សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

នីហ្វៃទី២ ៣១:២, ១០–២១

នីហ្វៃទី៣ ១១:៣១–៤០

នីហ្វៃទី៣ ២៧:១៣–២២

សូម​ចាត់​សិស្ស​ក្នុង​ថ្នាក់​មួយ​ក្រុម​ឲ្យ​សិក្សា នីហ្វៃទី២ ៣១:២, ១០-២១ ហើយ​សិស្ស​ក្រុម​ទីពីរ​សិក្សា នីហ្វៃទី៣ ១១:៣១-៤០ និង​សិស្ស​ក្រុម​ទីបី​សិក្សា នីហ្វៃទី៣ ២៧:១៣-២២ ។ មុនពេល​សិស្ស​ចាប់ផ្ដើម សូម​ចង្អុល​បង្ហាញ​ថា វគ្គ​បទគម្ពីរ​ទាំងនេះ​មាន​នូវ​វាក្យសព្ទ « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » « គោលលទ្ធិ​របស់​យើង » ឬ « ដំណឹងល្អ​របស់​យើង » ។ សូម​ពន្យល់​ថា គោលលទ្ធិ ឬ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ រួមមាន​នូវ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ ហើយ​បន្ត​ធ្វើ ដើម្បី​នាំ​យើង​ទៅកាន់​ព្រះវរបិតា​វិញ ។ វា​ក៏​រួមមាន​នូវ​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​រកមើល និង​គូស​ចំណាំ​អ្វី​ដែល​ខគម្ពីរ​របស់​ពួកគេ​បង្រៀន អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ—គឺ​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ និង​អ្វី​ដែល​យើង​ត្រូវធ្វើ ។

បន្ទាប់​ពី​សិស្ស​មាន​ពេល​ពីរបី​នាទី​ដើម្បី​សិក្សា​ពី​វគ្គបទគម្ពីរ​ដែល​បាន​ចាត់​ដល់​ពួកគេ​ហើយ សូម​ឲ្យ​ពួកគេ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ នៅ​ក្បែរ​បទគម្ពីរ​យោង​នីមួយៗ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វី ដើម្បី​នាំ​យើង​ទៅឯ​ព្រះវរបិតា ?

  • តើ​មាន​ការណ៍​មួយ​ចំនួន​អ្វី​ខ្លះ ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ? ( យើង​ត្រូវតែ​មាន​សេចក្ដី​ជំនឿ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ទឹក ទទួល​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ស៊ូទ្រាំ​ដល់​ទីបំផុត ហើយ​ទទួល និង​ប្រតិបត្តិតាម​វិវរណៈ​ផ្ទាល់​ខ្លួន ) ។

  • តើ​អ្នក​អាច​សង្ខេប​យ៉ាង​ដូច​ម្ដេច អំពី​សារៈសំខាន់​នៃ​ការរស់នៅ​តាម​គោលលទ្ធិ ឬ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​រស់នៅ​ស្របតាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

យោងតាម​សេចក្ដី​ត្រូវការ​របស់​សិស្ស​អ្នក សូម​គិត​ពី​ការសួរ​សំណួរ​ដូច​ខាងក្រោម ដើម្បី​ជួយ​ពួកគេ​វិភាគ​កាន់តែ​ជ្រៅ​អំពី​វគ្គបទគម្ពីរ​ដែល​ពួកគេ​បាន​អាន ៖

  • តើ​ឃ្លា​មួយ​ណា​នៅក្នុង នីហ្វៃទី២ ៣១:២០ ដែល​មាន​ន័យ​ពិសេស​ចំពោះ​អ្នក ហើយ​ថា​តើ​វា​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន​យ៉ាង​ដូច​ម្ដេច ?

  • ដូច​មាន​បង្រៀន​នៅក្នុង នីហ្វៃទី២ ៣១:១៣–១៤, ១៧ តើ​វា​មាន​ន័យ​យ៉ាងណា​ដែល​ត្រូវបាន​ជ្រមុជ « ដោយ​ភ្លើង » ? ( មនុស្ស​ម្នាក់​ទទួល​ការផ្ដាច់បាប និង​ការសម្អាត ដែល​បានមក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • យោង​តាម នីហ្វៃទី៣ ១១:៣៩-៤០ តើ​ហេតុអ្វី​វា​សំខាន់​ចំពោះ​មនុស្ស​ម្នាក់ៗ ដើម្បី​ទទួល​យក​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ( អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សេចក្ដីយោង​វគ្គ​បទគម្ពីរ​នេះ​ជាមួយ​នឹង ហេលេមិន ៥:១២ ) ។

  • យោង​តាម នីហ្វៃទី៣ ២៧:១៤-១៦ តើ​អ្វី​កើតឡើង​ចំពោះ​យើង ពេល​យើង​រស់នៅ​តាម​គោលលទ្ធិ ឬ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​បញ្ចប់​ដោយ​ការបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ចេញពី ប្រកាស​ដំណឹងល្អ​របស់យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន​វា ហើយ​រកមើល​របៀប​ទាំងឡាយ ដែល​ការរស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ អាច​ផ្ដល់ពរជ័យ​ដល់​ពួកគេ​អស់​ពេញ​ជីវិត​គេ ។

« បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នីមួយៗ នឹង​ចាប់ផ្តើម​ធ្វើ​តាម​គំរូ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ដែល​ពួកគេ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ហើយ​ប្រែចិត្ត​ពីអំពើ​បាប​របស់​ពួកគេ ។ ពួកគេ​ទទួល​ការរំដោះបាប​តាមរយៈ​ពិធីបុណ្យ​ជ្រមុជទឹក និង​ដោយ​ការទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច​មក​ពី​ព្រះ ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងនេះ ។ បន្ទាប់មក ពួកគេ​ស៊ូទ្រាំ​ដល់​ទីបំផុត ឬ​អាច​និយាយ​បាន​ថា ពួកគេ​ត្រូវ​បន្ត​រហូត​អស់​មួយ​ជីវិត នៅក្នុង​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ដោយ​ការប្រែចិត្ត និង​ការរំឭក​សេចក្តីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ ។ ទាំងអស់​នេះ​មិនមែន​ជា​ជំហាន​ដែល​ពួកគេ​គ្រាន់តែ​ធ្វើ​តែ​ម្តង​ក្នុង​មួយ​ជីវិត​នោះទេ ប៉ុន្តែ​នៅពេល​ដែលពួកគេ​ធ្វើម្តង​ហើយ​ម្តង​ទៀត នោះ​គោលការណ៍​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​គំរូ​នៃ​រង្វាន់​សម្រាប់​ជីវិត​កាន់តែ​ប្រសើរ​ឡើង ។ ជាការពិត នេះ​គឺ​ជា​វិធី​តែ​មួយ​គត់​នៃ​ការរស់នៅ ដែល​នឹង​នាំ​មក​នូវ​ភាពសុខសាន្ត​នៃ​មនសិការ ហើយ​អាច​ធ្វើ​ឲ្យ​កូនចៅ​ព្រះវិរបិតាសួគ៌ អាច​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ទី​វត្តមាន​របស់​ទ្រង់ » ( ប្រកាសដំណឹង​ល្អ​របស់​យើង [ ឆ្នាំ ២០០៤ ] ទំព័រ ៦ ) ។

  • តើ​តាម​របៀប​ណា​ខ្លះ ដែល​ការរស់នៅ​តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ « ក្លាយ​ទៅ​ជា​គំរូ​នៃ​រង្វាន់​សម្រាប់​ជីវិត​កាន់តែ​ប្រសើរ​ឡើង » សម្រាប់​អ្នក ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត ថាតើ​ពួកគេ​កំពុង​រស់នៅ​តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​បាន​ល្អ​ប៉ុណ្ណា ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ប្រសើរ​ជាង​នេះ ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ការរស់នៅ​តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

ការអាន​របស់​សិស្ស