ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
បុព្វកថា​នៃ ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( សាសនា ២៧៥ )


បុព្វកថា​នៃ ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន ( សាសនា ២៧៥ )

តើ​អ្វី​ដែល​ត្រូវបាន​រំពឹង​ពី​គ្រូបង្រៀន​សាសនា​ម្នាក់ ?

នៅពេល​អ្នក​រៀបចំ​បង្រៀន វា​គឺជា​ការណ៍​សំខាន់​ដើម្បី​យល់​ពី​កម្មវត្ថុ​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ៖

« គោលបំណង​របស់​យើង គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​យល់ និង​ពឹងផ្អែក​លើ​ការបង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មាន​ភាព​សក្តិសម​សម្រាប់​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ ក្រុមគ្រួសារ​ពួកគេ និង​អ្នកដទៃ​ទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ឋានសួគ៌ » ( ការបង្រៀន និង​ការរៀន​ដំណឹងល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និង​អ្នក​ដឹកនាំ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ( ឆ្នាំ ២០១២ ) ទំព័រ x ] ) ។

អ្នក​អាច​សម្រេច​គោលបំណង​នេះ​បាន ដោយ​ការរស់នៅ​តាម​ដំណឹងល្អ​យ៉ាង​ឧស្សាហ៍​ព្យាយាម បង្រៀន​ដំណឹងល្អ​ដល់​សិស្ស​របស់​អ្នក​ដោយ​មាន​ប្រសិទ្ធភាព និង​ចាត់ចែង​ថ្នាក់ ឬ​កម្មវិធី​របស់​អ្នក​ដោយ​សមរម្យ ។ នៅពេល​អ្នក​រៀបចំ និង​បង្រៀន​ដំណឹងល្អ​តាម​របៀប​នេះ អ្នក​នឹង​មាន​ភាពសក្ដិសម​ដើម្បី​ទទួល​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល គ. និង ស. ៤២:១៤ ) ។

វា​គឺជា​ឱកាស​របស់​អ្នក​ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​រៀន​ដោយ​ព្រះវិញ្ញាណ ដើម្បី​ឲ្យ​ពួកគេ​អាច​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ និង​អាច​ឲ្យ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​កាន់តែ​រឹងមាំ​ឡើង ។ អ្នក​អាចជួយ​សិស្ស​ឲ្យ​សម្រេច​បាន​ការណ៍​នេះ នៅពេល​អ្នក​ដឹកនាំ​ពួកគេ​ឲ្យ​រកមើល យល់ មាន​អារម្មណ៍​ពី​សេចក្ដីពិត និង​ពី​សារៈសំខាន់ ក៏​ដូចជា​អនុវត្ត​តាម​គោលលទ្ធិ និង​គោលការណ៍​ដ៏​សំខាន់​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សៀវភៅ​ក្បួនខ្នាត ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ គឺជា​ធនធាន​ដ៏​សំខាន់​មួយ​ក្នុង​ការយល់​ពី​ដំណើរ​នៃ​ការបង្រៀន និង​ការរៀនសូត្រ ព្រមទាំង​របៀប​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅក្នុង​ថ្នាក់​រៀន ។

តើ​អ្វី​ខ្លះ​ជា​កម្មវត្ថុ និង​គោលបំណង​នៃ​វគ្គ​សិក្សា​នេះ ?

វា​ត្រូវបាន​សន្មត​ថា សិស្ស​ដែល​មាន​អាយុ​ក្នុង​ថ្នាក់​វិទ្យាស្ថាន​ជាច្រើន​បាន​រៀន​ព្រះគម្ពីរ​មរមន​តាម​លំដាប់លំដោយ​ពីមុន​មក—តាំង​ពី​ដើម​ដំបូង​ដល់​ចុង​បញ្ចប់—នៅ​ថ្នាក់​សិក្ខាសាលា នៅ​ផ្ទះ ឬ​នៅក្នុង​បេសសកម្ម ។ វគ្គ​សិក្សា ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ( សាសនា ២៧៥ ) នេះ គឺ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្សេង​គ្នា​ក្នុង​ការសិក្សា​ព្រះគម្ពីរ​មរមន ។ មេរៀន​ទាំងឡាយ​ដែល​មាន​ក្នុង​វគ្គសិក្សា​នេះ ផ្ដោត​ទៅលើ​ប្រធានបទ ជា​គោលលទ្ធិ​ដែល​លេចធ្លោ​ទាំងឡាយ ដែល​ត្រូវបាន​សង្កត់ធ្ងន់​ដោយ​អ្នកនិពន្ធ​នៃ​ព្រះគម្ពីរ​មរមន ដែល​ប្រកប​ដោយ​ការបំផុស​គំនិត ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) បាន​អញ្ជើញ​អ្នកអាន​ព្រះគម្ពីរ​មរមន ឲ្យ​ផ្តោត​ការយកចិត្ត​ទុកដាក់​របស់​គេ​លើ​គោលលទ្ធិ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​នេះ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​ជំនាន់​របស់​យើង ។ … យើង​មិនត្រឹម​តែ​គប្បី​ដឹង​ពី​រឿង​ប្រវត្តិសាស្ត្រ និង​រឿង​ដែល​លើក​តម្កើង​សេចក្ដី​ជំនឿ​អ្វីខ្លះ ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​នេះ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​គប្បី​យល់​ពី​ការបង្រៀន​របស់​វា​ផងដែរ ។ បើ​យើង​ពិត​ជា​បាន​ធ្វើ​លំហាត់​របស់​យើង ហើយ​សិក្សា​តាមបែប​គោលលទ្ធិ​នៅក្នុង​ព្រះគម្ពីរ​មរមន នោះ​យើង​អាច​ធ្វើ​ឲ្យ​ឃើញ​នូវ​កំហុស​នានា ហើយ​ស្វែងរក​សេចក្ដីពិត​ដើម្បី​តយុទ្ធ​នឹង​ទ្រឹស្ដី និង​ទស្សនៈ​ខុសឆ្គង​ថ្មីៗ​ទាំងឡាយ​របស់​មនុស្ស » ( « Jesus Christ—Gifts and Expectations » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៤ ) ។

ពេញ​មួយ​វគ្គសិក្សា​នេះ សិស្ស​នឹង​សិក្សា​ពី​ការសរសេរ និង​ការបង្រៀន​ដែល​ប្រកប​ដោយ​ការព្យាករ ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ដោយ​មាន​ការសង្កត់ធ្ងន់​លើ​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​តួនាទី​ដ៏​សំខាន់​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ សិស្ស​នឹង​យល់​កាន់តែ​ច្បាស់​អំពី​ព្រះគម្ពីរ​មរមន​ថា ជា​សក្ខីបទ​មួយ​ទៀត​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់ និង​ទីបន្ទាល់​អំពី​ទ្រង់​កាន់តែ​ជ្រាលជ្រៅ ។ ពួកគេ​នឹង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ក្នុង​ការសិក្សា​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៅក្នុង​បរិបទ​ខាង​ព្រះគម្ពីរ​របស់​ពួកគេ ដែល​នឹង​នាំ​ទៅកាន់​ការយល់ដឹង និង​ភាពជាសិស្ស​ផ្ទាល់ខ្លួន​កាន់តែ​ទូលំទូលាយ​ខ្លាំង​ឡើង ។ ពួកគេ​នឹង​ត្រូវបាន​រៀបចំ​រួចជា​ស្រេច​ដើម្បី​ពន្យល់ និង​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់ និង​ភាពដើម​ដ៏​ទេវភាព​នៃ​ព្រះគម្ពីរ​មរមន និង​គោលលទ្ធិ​ដែល​វា​មាន ។

តើ​អ្វី​ដែល​ត្រូវ​បាន​រំពឹង​ពី​សិស្ស ?

ដើម្បី​ទទួល​បាន​ពិន្ទុ ឆ្ពោះ​ទៅ​ទទួល​សញ្ញាបត្រ​ថ្នាក់​វិទ្យាស្ថាន នោះ​សិស្ស​ត្រូវតែ​អាន​វគ្គ​បទគម្ពីរ សុន្ទរកថា​សន្និសីទ​ទូទៅ និង​ឯកសារ​ផ្សេង​ទៀត​ដែល​មាន​នៅក្នុង​ផ្នែក​នៃ​ការអាន​របស់​សិស្ស​នៃ​មេរៀន​នីមួយៗ ។ សិស្ស​ត្រូវតែ​បំពេញ​នូវ​តម្រូវការ​វត្តមាន ហើយ​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការរៀន​វគ្គ​សិក្សា​នេះ ដោយ​បញ្ចប់​ការវាយតម្លៃ​មួយ ។

តើ​មេរៀន​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ត្រូវបាន​រៀបចំ​ឡើង​យ៉ាង​ដូចម្ដេច ?

វគ្គ​សិក្សា​នេះ ត្រូវបាន​រៀបចំ​ឡើង​ជា​វគ្គ​សិក្សា​ដែល​មាន​រយៈពេល​មួយ​ឆមាស ដោយ​មាន ២៨ មេរៀន សម្រាប់​ថ្នាក់​រៀន​ដែល​មាន​រយៈពេល ៥០ នាទី ។ ប្រសិនបើ​សិស្ស​របស់​អ្នក​ជួបជុំ​គ្នា​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ សូម​បង្រៀន​មេរៀន​មួយ ពេល​បង្រៀន​ម្តងៗ ។ ប្រសិនបើ​សិស្ស​របស់​អ្នក​ជួប​គ្នា​តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ រយៈពេល​ពី ៩០ ទៅ ១០០ នាទី សូម​បញ្ចូល​គ្នា និង​បង្រៀន​មេរៀន​ពីរ​ពេល​បង្រៀន​ម្តងៗ ។ គម្រោង​មេរៀន​នីមួយៗ រួមមាន​បួន​ផ្នែក ៖

  • សេចក្ដីផ្ដើម

  • ការអាន​ពី​សាវតា

  • យោបល់​សម្រាប់​ការបង្រៀន

  • ការ​អាន​របស់​សិស្ស

សេចក្ដីផ្ដើម

ផ្នែក​នេះ​ផ្ដល់​នូវ​សេចក្តីផ្ដើម​ដ៏​ខ្លី​មួយ ចំពោះ​ប្រធានបទ និង​កម្មវត្ថុ​ទាំងឡាយ​នៃ​មេរៀន ។

ការអាន​ពី​សាវតា

ផ្នែក​នេះ ផ្ដល់​យោបល់​អំពី​ធនធាន ដូចជា​សារលិខិត​មក​ពី​ព្យាការី​ថ្ងៃ​ចុង​ក្រោយ​ទាំងឡាយ និង​ថ្នាក់​ដឹកនាំ​ផ្សេងៗ​ទៀត​នៃ​សាសនាចក្រ ដែល​អាច​ជួយ​ដល់​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ គោលការណ៍ និង​សេចក្ដីពិត​នៃ​ដំណឹងល្អ​នានា​ដែល​មាន​នៅក្នុង​គម្រោង​មេរៀន ។

យោបល់​សម្រាប់​ការបង្រៀន

ផ្នែក​នៃ​យោបល់​សម្រាប់ការ​បង្រៀន រួមមាន​នូវ​សម្ភារ​ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​បង្រៀន​ផង និង​ពី​របៀប​ដើម្បី​បង្រៀន​ផង ( សូមមើល​ផងដែរ ចំណុច ៤.៣.៣ និង ៤.៣.៤ នៅ​ក្នុង ក្បួនខ្នាត ការបង្រៀន និង​រៀនសូត្រ​ដំណឹងល្អ ) ។ សកម្មភាព​រៀនសូត្រ​ដែល​បាន​ផ្តល់​ឲ្យ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​រកមើល យល់ មាន​អារម្មណ៍​ពី​សេចក្ដីពិត និង​សារៈសំខាន់ ហើយ​អនុវត្ត​សេចក្ដីពិត​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ អ្នក​អាច​ជ្រើសរើស​ប្រើ​នូវ​យោបល់​ដែល​ផ្តល់​ឲ្យ​ខ្លះ ឬ​ទាំងអស់ នៅពេល​អ្នក​សម្រប​វា​ទៅតាម​វិធីសាស្ត្រ​នៃ​ការបង្រៀន​ផ្ទាល់ខ្លួន​របស់​អ្នក និង​ដើម្បី​បំពេញ​តាម​តម្រូវការ និង​តាម​ស្ថានភាព​របស់​សិស្ស​អ្នក ។ នៅពេល​អ្នក​ពិចារណ​ពី​របៀប​ដើម្បី​សម្រប​សម្ភារ​មេរៀន​ទាំងឡាយ សូម​ធ្វើតាម​ការប្រឹក្សា​នេះ​ដែល​មកពី​អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ខ្ញុំ​ស្ដាប់​ឮ​ប្រធាន ផាកកឺ លោកបាន​បង្រៀន​ជាញឹកញាប់​ថា ដំបូង​យើង​ត្រូវ​ទទួលយក បន្ទាប់មក​សម្រប​តាម​វា ។ ប្រសិនបើ​យើង​មាន​ចំណេះ​យ៉ាង​ហ្មត់ចត់​ចំពោះ​មេរៀន​ដែល​បាន​រៀបចំ​ទុក​មុន​ដែល​យើង​ត្រូវ​បង្រៀន នោះ​យើង​នឹង​អាច​ធ្វើ​តាម​ព្រះវិញ្ញាណ​ដើម្បី​សម្រប​តាម​វា​បាន ។ ប៉ុន្ដែ​មាន​ការល្បួង​មួយ ឲ្យ​ចាប់ផ្ដើម​វា​ដោយ​ការសម្រប​តាម ជាជាង​ការទទួល​យក នៅពេល​ដែល​យើង​និយាយ​អំពី​ការចេះបត់បែន​នេះ ។ វា​គឺ​ជា​តុល្យភាព​មួយ ។ វា​ជា​ឧបសគ្គ​ដ៏​ឥត​ឈប់ឈរ​មួយ ។ ប៉ុន្ដែ​វិធានការ​នៃ​ការទទួល​យក​ជាដំបូង ហើយ​បន្ទាប់មក​សម្រប​តាម គឺជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​មាន​ជំហរ​ឈរ​នៅ​លើ​គោលការណ៍​ដ៏​រឹងមាំ​មួយ » ( « ការពិភាក្សា​ជា​ក្រុម​មួយ​ជាមួយ​នឹង អែលឌើរ ដាល្លិន អេក អូក » [ ការចាក់ផ្សាយ​តាម​ផ្កាយរណប​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ], si.lds.org ) ។

វគ្គ​សិក្សា​នេះ​រួមមាន​សេចក្តី​ថ្លែងការណ៍​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​ទំនង​ជា​មាន​ច្រើន​ភាសា ។ នៅពេល​អ្នក​រៀបចំ​បង្រៀន អ្នក​អាច​សម្របសម្រួល​មេរៀន​ដោយ​ប្រើប្រាស់​សេចក្តី​ថ្លែងការណ៍​ផ្សេង​ទៀត​ដែល​មាន ដែល​ថ្លែង​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​ទាក់ទង​នឹង​ប្រធានបទ​សំខាន់​នេះ ។

ផ្នែក​នៃ​យោបល់​សម្រាប់​ការបង្រៀន រួមមាន​យ៉ាងហោច​ណាស់​សេចក្ដី​ថ្លែង​នៃ​គោលលទ្ធិ ឬ​គោលការណ៍​មួយ ដែល​លេច​ឡើង​ជា​អក្សរ​ដិត​ខ្មៅ ។ នៅពេល​សិស្ស​រកឃើញ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នេះ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ នោះ​សម្ដី​របស់​ពួកគេ​អាច​ខុសពី​អ្វី​ដែល​បាន​សរសេរ​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ។ បើ​វា​កើត​ឡើង សូម​ប្រយ័ត្ន​កុំ​និយាយ​ថា ចម្លើយ​របស់​ពួកគេ​ខុស​ឲ្យ​សោះ ។ ទោះ​ជាយ៉ាង​ណា​ក្ដី ប្រសិនបើ​ប្រយោគ​មួយ​អាច​ត្រូវបាន​និយាយ​ត្រឹមត្រូវ​ជាងនេះ សូម​ជួយ​បញ្ជាក់​ឲ្យ​សិស្ស​យល់​ដោយ​ប្រុងប្រយ័ត្ន ។

កម្មវិធី​សិក្សា​នេះ​បង្ហាញ​ពី​របៀប​ដើម្បី​រួម​បញ្ចូល​ការបង្រៀន និង​ការរៀនសូត្រ​មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ ទៅ​ក្នុង​វគ្គសិក្សា​ដែល​ទាក់ទង​នឹង​ប្រធានបទ ( សូម​មើល ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ ទំព័រ ១០, ២៣–៣១, ៣៨–៤១ ) ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​ពី​អត្ថប្រយោជន៍​មួយ​ចំនួន​ដែល​ទទួល​បាន​ពី​ការសិក្សា​ដំណឹង​ល្អ​តាម​ប្រធានបទ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« ខណៈ​ដែល​ការអាន​ព្រះគម្ពីរ​ចាប់តាំង​ពី​ដើម​រហូត​ដល់​ចប់ ផ្តល់​ចំណេះ​ដឹង​គ្រឹះ​មួយ នោះ​ការសិក្សា​តាម​ប្រធាន​បទ​ធ្វើឲ្យ​ចំណេះ​ដឹង​របស់​យើង​កាន់តែ​ស៊ីជម្រៅ ។ ការស្រាវជ្រាវ​នៅ​ក្នុង​វិវរណៈ​ដែល​ជាប់​ទាក់ទង គំរូ និង​ប្រធាន​បទ​នានា​ស្ថាបនា និង​បន្ថែម​ចំណេះ​ដឹង​ខាង​វិញ្ញាណ​របស់​យើង … វា​ពង្រីក​ទស្សនវិស័យ និង​ការយល់​ដឹង​របស់​យើង​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។

« តាម​ការវិនិច្ឆ័យ​របស់​ខ្ញុំ នោះ​ការស្រាវជ្រាវ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​ស្វែងរក​នូវ​ទំនាក់ទំនង​ទាំងឡាយ គំរូ និង​ប្រធានបទ​នានា គឺ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​មាន​ន័យ​ថា ‹ ទទួលទាន › ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។ វិធីសាស្ត្រ​នេះ​អាច​បើក​ទ្វារ​ឃ្លាំង​ខាង​វិញ្ញាណ បំភ្លឺ​ការយល់ដឹង​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ និង​បង្កើត​ឲ្យ​មាន​អំណរគុណ​កាន់តែ​ជ្រាលជ្រៅ​ចំពោះ​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ទាំងឡាយ និង​កម្រិត​នៃ​ការតាំងចិត្ត​ខាង​វិញ្ញាណ​មួយ​ដែល​មិន​អាច​ត្រូវ​បាន​ទទួល​តាម​វិធី​ណា​ផ្សេង​ទៀត​ឡើយ ។ ការស្រាវជ្រាវ​បែប​នេះ ធ្វើ​ឲ្យ​យើង​អាច​សង់​គ្រឹះ​នៅ​លើ​ថ្ម​ដា​នៃ​ព្រះ​ប្រោសលោះ​របស់​យើង និង​តទល់​នឹង​ខ្យល់​គួច​នៃ​សេចក្តី​ទុច្ចរិត​នៅ​ថ្ងៃ​ចុងក្រោយ​នេះ » ( « A Reservoir of Living Water » [ ការប្រជុំ​ពិសេស​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ៣, speeches.byu.edu ) ។

ការ​អាន​របស់​សិស្ស

ផ្នែក​នេះ រួមមាន​វគ្គ​បទគម្ពីរ សុន្ទរកថា​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ឯកសារ​ដទៃ​ផ្សេង​ទៀត ដែល​នឹង​ចម្រើន​ដល់​ការយល់ដឹង​របស់​សិស្ស​អំពី​ប្រធានបទ ដែល​មាន​នៅក្នុង​មេរៀន​ទាំង​នោះ ។ សូម​ចាត់តាំង និង​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អាន​ឯកសារ​សិក្សា​ទាំងនេះ មុនពេល​ពួកគេ​មក​រៀន ។ នៅពេល​ពួកគេ​សិក្សា​ចំណុច​ដ៏​បំផុស​គំនិត​ទាំងនេះ នោះ​ពួកគេ​នឹង​មិន​ត្រឹមតែ​បាន​រៀបចំ​យ៉ាងប្រសើរ​ក្នុង​ការចូលរួម​នៅក្នុង​ការពិភាក្សា​ក្នុង​ថ្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ពួកគេ​ក៏​នឹង​ទទួល​បាន​ការយល់ដឹង​កាន់តែ​ច្រើន និង​ជ្រាលជ្រៅ​ជាងនេះ​អំពី​ប្រធានបទ​ក្នុង​វគ្គ​សិក្សា​នេះ​ផងដែរ ។ សូម​ផ្ដល់​ដល់​សិស្ស​នូវ​បញ្ជី​មួយ​ដែល​មាន ការអាន​របស់​សិស្ស ទាំងអស់ នៅពេល​ចាប់ផើ្ដម​ឆមាស ។

តើ​ខ្ញុំ​អាច​រៀបចំ​បង្រៀន​ដោយ​របៀប​ណា ?

ព្រះអម្ចាស់​នឹង​ជួយ​ដល់​អ្នក នៅ​ពេល​អ្នក​រៀបចំ​បង្រៀន ។ នៅពេល​អ្នក​រៀបចំ វា​អាច​ជួយ​ដល់​អ្នក​ក្នុង​ការសួរ​ខ្លួនឯង​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ខ្ញុំ​កំពុង​ខ្នះខ្នែង​រស់នៅ​តាម​ដំណឹងល្អ ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការរៀបចំ និង​ការបង្រៀន​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ? ( សូម​មើល គ. និង ស. ៤២:១៤ ) ។

  • តើ​ខ្ញុំ​បាន​សិក្សា​ក្រុម​វគ្គ​បទគម្ពីរ​ដែល​បាន​ដាក់​មក និង​អាន​ពី​សាវតា​វា​ដែរ​ឬទេ ?

  • តើ​ខ្ញុំ​បាន​អាន​កម្មវិធី​សិក្សា និង​បាន​សម្រេច​ចិត្ត​ថា តើ​មាន​អ្វី​ដែល​ខ្ញុំ​ត្រូវ​សម្រប​តាម ឬ​កែសម្រួល​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​សិស្ស​ខ្ញុំ​ទេ ?

  • តើ​ខ្ញុំ​អាច​តាម​ដាន​សិស្ស​ដោយ​របៀប​ណា ដើម្បី​ធានា​ថា ពួកគេ​កំពុង​តែ​ទទួល​បាន​ចំណេះ​ដឹង​យ៉ាង​ច្រើន​បំផុត​ពី​អ្វី​ដែល​បាន​ចាត់តាំង​ឲ្យ​អាន​នោះ ?

  • តើ​ខ្ញុំ​អាច​ជួយ​ដល់​សិស្ស​ម្នាក់ៗ​របស់​ខ្ញុំ ឲ្យ​ចូលរួម​ក្នុង​មេរៀន​នេះ​បាន​យ៉ាង​ពេញលេញ​ដោយ​របៀប​ណា ?

យោបល់​ខាងក្រោម​នេះ ក៏​អាច​ជួយ​ដល់​អ្នក​បាន​ដែរ ៖

  • សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ដែល​បាន​ចាត់តាំង និង​អត្ថបទ​ទាំងឡាយ​មុនពេល​មក​រៀន ។

  • សូម​រំពឹង​ឲ្យ​សិស្ស​បំពេញ​តួនាទី​របស់​ពួកគេ ក្នុង​នាម​ជា​អ្នករៀន ។

  • សូម​ផ្ដល់​ឱកាស​ជាញឹកញាប់​ដល់​សិស្ស​ឲ្យ​ពន្យល់​ពី​គោលលទ្ធិ និង​គោលការណ៍​នានា​ជា​ពាក្យ​សម្ដី​របស់​គេ​ផ្ទាល់ ចែកចាយ​បទពិសោធន៍​ទាំងឡាយ​ដែល​ទាក់ទង និង​ថ្លែង​ទីបន្ទាល់​ពី​អ្វី​ដែល​ពួកគេ​ដឹង និង​មាន​អារម្មណ៍ ។

  • សូម​ផ្លាស់ប្ដូរ​សកម្មភាព​រៀនសូត្រ និង​វិធានការ​នានា ដែល​អ្នក​ប្រើ​នៅក្នុង​ថ្នាក់​នីមួយៗ និង​ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ។

  • សូម​បង្កើត​នូវ​បរិយាកាស​រៀនសូត្រ​មួយ​ដែល​អញ្ជើញ​ព្រះវិញ្ញាណ និង​ផ្តល់​ឯកសិទ្ធិ​ដល់​សិស្ស និង​ការទទួល​ខុសត្រូវ​ក្នុង​ការបង្រៀន និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ( សូមមើល គ. និង ស. ៨៨:៧៨, ១២២ ) ។

  • ពេញ​ទាំង​វគ្គ​សិក្សា​នេះ មាន​នូវ​សេចក្ដី​យោង​នានា ចំពោះ​ជំនាញ​សិក្សា​ព្រះគម្ពីរ​ជាក់លាក់​ទាំងឡាយ ។ សូម​ទាញយក​ប្រយោជន៍​ពី​ឱកាស​ទាំងនេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់តែ​ក្លាយ​ជា​មនុស្ស​ឯករាជ្យ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ព្រម​ទាំង​កាន់តែ​មាន​ការប្តេជ្ញា​ចំពោះ​ការរៀន​ពី​ព្រះគម្ពីរ​អស់​មួយ​ជីវិត ។

អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« សូម​បញ្ជាក់​ថា មាន​ការចូលរួម​ជាច្រើន ដោយសារ​ថា ការប្រើ​សិទ្ធិ​ជ្រើសរើស​ដោយ​សិស្ស​ម្នាក់ នឹង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ណែនាំ ។ … នៅពេល​សិស្ស​និយាយ​ចេញ​នូវ​សេចក្ដីពិត​ទាំងឡាយ នោះ​ពួកគេ​ត្រូវបាន​បញ្ជាក់​នៅក្នុង​ព្រលឹង​របស់ពួកគេ និង​ពង្រឹង​ដល់​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​គេ » (« To Understand and Live Truth » [ ល្ងាច​មួយ​ជាមួយ​នឹង អែលឌើរ រីឆាត ជី ស្កត នៅ​ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៥ ] ទំព័រ ៣, si.lds.org) ។

តើ​ខ្ញុំ​អាច​សម្រប​សម្រួល​មេរៀន​ទាំងឡាយ សម្រាប់​អ្នក​ដែល​ពិការ​ដោយ​របៀប​ណា ?

នៅពេល​អ្នក​រៀបចំ​បង្រៀន សូម​គិតគូរ​ដល់​សិស្ស​ដែល​មាន​តម្រូវការ​ជាពិសេស​ផង​ដែរ ។ សូម​កែសម្រួល​សកម្មភាព​នានា និង​ការរំពឹងទុក​ទាំងឡាយ​ដើម្បី​ជួយ​ដល់​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ។ សូម​រកមើល​របៀប​នានា ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​ថា​ត្រូវបាន​គេ​ស្រឡាញ់ ត្រូវ​បាន​គេ​ទទួល​យក និង​ត្រូវបាន​គេ​រួម​បញ្ចូល ។ សូម​ចិញ្ចឹម​បីបាច់​ទំនាក់ទំនង​នៃ​ការទុកចិត្ត ។

សម្រាប់គំនិត និង​ធនធាន​បន្ថែម សូម​រកមើល​ព័ត៌មាន​ក្នុង​ទំព័រ​ធនធាន​ជនពិការ​( Disability Resources ) នៅ​គេហទំព័រ disabilities.lds.org និង​សៀវភៅ​សិក្សា​នយោបាយ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ផ្នែក​ដែល​មាន​ចំណងជើង​ថា « Adapted Classes and Programs for Students with Disabilities » ។