ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៣ ៖ ការខ្ចាត់ព្រាត់ និង​ការប្រមូលផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល


មេរៀនទី ២៣

ការខ្ចាត់ព្រាត់ និង​ការប្រមូលផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល

សេចក្ដីផ្ដើម

ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​វង្ស​អ៊ីស្រាអែល​ខ្ចាត់ខ្ចាយ ដោយសារ​ពួកគេ​បាន​ពង្រឹង​ចិត្ត​គេ​ទាស់​នឹង​ទ្រង់ តែ​ទ្រង់​បាន​សន្យា​ថា ពួកគេ​នឹង​ត្រូវបាន​ប្រមូល​ផ្ដុំ​វិញ​នៅ​ថ្ងៃ​ចុងក្រោយ ។ ការព្យាករ​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ការប្រមូល​ផ្ដុំ​ដែល​បាន​សន្យា​ជា​យូរ​មក​ហើយ​នេះ បាន​ចាប់​ផ្ដើម​ហើយ ។ សមាជិក​នៃ​សាសនាចក្រ មាន​ទំនួល​ខុសត្រូវ​ដើម្បី​ផ្ដល់​ពរ​ដល់​ក្រុមគ្រួសារ​នៅលើ​ផែនដី ដោយ​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ការអាន​ពី​សាវតា

  • រ័សុល អិម ណិលសុន «The Gathering of Scattered Israel» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩–៨២ ។

  • ស៊ី ស្កត ហ្គ្រូ «The Book of Mormon, the Instrument to Gather Scattered Israel» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៣៣-៣៥ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី១ ២២:៣–៥, នីហ្វៃទី២ ២៥:១៥–១៧, នីហ្វៃទី៣ ៥:២៤–២៦, ២០:១៣, ២៩–៣១, ៣០:២

ការខ្ចាត់ព្រាត់ និង​ការប្រមូលផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល

សូម​អញ្ជើញ​សិស្ស​ម្នាក់ ដែល​ជា​អ្នក​ប្រែចិត្ត​ជឿ​ដល់​សាសនាចក្រ ឬ​ដែល​បាន​ជួយ​នរណា​ម្នាក់​ឲ្យ​ចូលរួម​នឹង​សាសនាចក្រ ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​គាត់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​អាច​បើក​ចិត្ត​ស្ដាប់​សារលិខិត​នៃ​ដំណឹងល្អ ។ សូម​ឲ្យ​សិស្ស​រក​មើល​សេចក្ដីពិត​នានា​នៃ​ដំណឹងល្អ ពេញ​មេរៀន​ថ្ងៃ​នេះ ដែល​អាច​លើក​ទឹកចិត្ត និង​ជួយ​ពួកគេ​នៅក្នុង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការចែកចាយ​ដំណឹងល្អ​ទៅកាន់​អ្នក​ផ្សេងទៀត ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី១ ២២:៣–៥ ដើម្បី​ឃើញ​ពី​អ្វី​ដែល​នីហ្វៃ​បាន​ព្យាករ​អំពី​វង្ស​អ៊ីស្រាអែល ។

  • តើ​ឃ្លា​ថា វង្ស​អ៊ីស្រាអែល​ត្រូវ « ខ្ចាត់ខ្ចាយ » មានន័យ​ដូចម្តេច ?

សូម​ពន្យល់​ថា ការខ្ចាត់ខ្ចាយ​នៃ​វង្ស​អ៊ីស្រាអែល គឺជា​ប្រធានបទ​ដ៏​សំខាន់​ចំពោះ​នីហ្វៃ ព្រោះ​ក្រុមគ្រួសារ​របស់​លោក​ជា​ផ្នែក​នៃ​ការខ្ចាត់ខ្ចាយ​នោះ ។ ពួកគេ​បាន​ខ្ចាត់ខ្ចាយ​ចេញ​ពី​ទីក្រុង​យេរូសាឡិម ទៅ​ទ្វីប​អាមេរិក ដោយសារ​តែ​ភាពទុច្ចរិត​នៃ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ដែនដី​យូដា ។

សូម​ប្រាប់​សិស្ស​ថា ការព្យាករ​ជា​ច្រើន​ក្នុង​ព្រះគម្ពីរ​មរមន រួមមាន​នូវ​ការអះអាង​ដែល​លួងលោម​ចិត្ត​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ វង្ស​អ៊ីស្រាអែល​នឹង​ត្រូវបាន​ប្រមូលផ្ដុំ​ម្ដងទៀត ។ សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​លើ​ក្ដារខៀន ហើយ​ចាត់​ឲ្យ​សិស្ស​អាន​ម្នាក់​មួយ​បទគម្ពីរៗ ។ សូម​ប្រាកដ​ថា វគ្គបទគម្ពីរ​នីមួយៗ ត្រូវបាន​អាន ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​បុគ្គល​ម្នាក់ៗ​ត្រូវ​រៀន និង​ធ្វើ ដើម្បី​ត្រូវបាន​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល ។

នីហ្វៃទី២ ២៥:១៥-១៧

នីហ្វៃទី៣ ៥:២៤-២៦

នីហ្វៃទី៣ ២០:១៣, ២៩-៣១

នីហ្វៃទី៣ ៣០:២

  • តើ​ការណ៍​អ្វី​ខ្លះ ដែល​បុគ្គល​ទាំងឡាយ​ត្រូវ​រៀន និង​ធ្វើ ដើម្បី​ត្រូវបាន​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល ? ( សេចក្ដីពិត​មួយ​ចំនួន ដែល​សិស្ស​អាច​រកឃើញ រួមមាន​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​ប្រមូលផ្ដុំ​សមាជិក​នៃ​វង្ស​អ៊ីស្រាអែល ពេល​ពួកគេ​ជឿ​លើ​ទ្រង់ ប្រែចិត្ត ហើយ​មក​កាន់​ទ្រង់ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សេចក្ដីពិត​នេះ អ្នក​អាច​នឹង​ចង់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី

« ហេតុអ្វី​បានជា​វង្ស​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់ខ្ចាយ ? ចម្លើយ​គឺ​ច្បាស់ វា​សាមញ្ញ ចេញ​ពី​វា នោះ​គ្មាន​ការសង្ស័យ​អ្វីនោះ​ទេ ។ ជីដូនជីតា​សាសន៍​អ៊ីស្រាអែល​របស់​យើង ត្រូវ​បាន​ខ្ចាត់ខ្ចាយ ដោយសារ​ពួកគាត់​បដិសេធ​ដំណឹងល្អ ធ្វើ​ឲ្យ​បព្វជិតភាព​មិន​បរិសុទ្ធ លះបង់​ចេញ​ពី​សាសនាចក្រ និង ចាកចេញ​ពី​នគរ ។ …

« បើអញ្ចឹង តើ​អ្វី​ដែល​ទាក់ទង​នឹង​ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ? ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល មាន​នៅក្នុង​ការជឿ និង​ការទទួល និង​ការរស់នៅ​ឲ្យ​ស្រប​នឹង​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​ធ្លាប់​បាន​ផ្ដល់​ដល់​ប្រជាជន​ជម្រើស​ពី​បុរាណ​របស់​ទ្រង់ ។ … វា​រួម​មាន​ការជឿ​តាម​ដំណឹងល្អ ការចូលរួម​ក្នុង​សាសនាចក្រ និង​ការមក​ក្នុង​នគរ ។ … វា​ក៏​អាច​មាន​ការប្រជុំ​នៅ​កន្លែង​ជម្រើស​មួយ ឬ​ដែនដី​នៃ​ការថ្វាយ​បង្គំ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៥១៥ ។

  • យោង​តាម​អែលឌើរ ម៉ាក់ខន់ឃី តើ​មនុស្ស​ម្នាក់​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​ត្រូវបាន​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត ពី​របៀប​ដែល​ខ្លួន​ពួកគេ​ផ្ទាល់​ត្រូវបាន​ប្រមូល​ផ្ដុំ​ឲ្យចូល​ក្នុង​វង្ស​អ៊ីស្រាអែល ពេល​ពួកគេ​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ ប្រែចិត្ត ហើយ​មក​កាន់​ទ្រង់ ) ។

នីហ្វៃទី១ ១៥:១២-១៦, ២២:៨-១២

នៅ​ថ្ងៃ​ចុងក្រោយ សមាជិក​នៃ​សាសនាចក្រ​នឹង​នាំ​ដំណឹងល្អ​ទៅកាន់​ក្រុមគ្រួសារ​ទាំងឡាយ​នៅលើ​ផែនដី ។

សូម​រំឭក​សិស្ស​ថា លីហៃ​បានប្រើ​ការប្រៀបធៀប​នៃ​ដើម​អូលីវ ដើម្បី​បង្រៀន​គ្រួសារ​លោក​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល ( សូមមើល នីហ្វៃទី១ ១០:១២-១៤ ) ។ លេមិន និង​លេមយួល បានប្រាប់​នីហ្វៃ​ថា ពួកគេ​ពុំ​អាច​យល់​ពី​អត្ថន័យ​នៃ​ការបង្រៀន​របស់​ឪពុក​គេ​ទេ ( សូមមើល នីហ្វៃទី១ ១៥:៧ ) ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន នីហ្វៃទី១ ១៥:១២–១៦ ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​អ្វី​ដែល​អាច​រៀន​ពី​ការពន្យល់​របស់​នីហ្វៃ​អំពី​វង្ស​អ៊ីស្រាអែល ។

  • តើ​ការប្រៀបធៀប​នៃ​ដើម​អូលីវ ជួយ​ឲ្យ​យើង​យល់​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល យ៉ាង​ដូច​ម្ដេច​ដែរ ?

  • យោងតាម ខ ១៣ តើ​នរណា​នឹង​យក​ភាពពោរពេញ​នៃ​ដំណឹងល្អ​ទៅ​ដល់​សំណល់​នៃ​ពូជពង្ស​របស់​លីហៃ ? ( ពួក​សាសន៍​ដទៃ ជា​អ្នក​ដែល​ទទួល​ភាព​ពោរពេញ​នៃ​ដំណឹងល្អ ) ។

សូម​ពន្យល់​ទៅ​សិស្ស​ថា នៅក្នុង​ព្រះគម្ពីរ​មរមន ពាក្យ​ថា ពួក​សាសន៍​ដទៃ ជា​ធម្មតា គឺ​ពោល​សំដៅ​ដល់​មនុស្ស​ដែល​មិន​មែន​ជា​ពូជពង្ស​របស់​ពួក​យូដា ឬ​មក​ពី​ដែនដី​យូដា ។ ព្រះគម្ពីរ​មរមន​មាន​នូវ​ការព្យាករ​ទាំងឡាយ ដែល​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ​ពួក​សាសន៍​ដទៃ​មួយ​ចំនួន​នឹង​ទទួល​បាន​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អ ( សូមមើល នីហ្វៃទី១ ១៥:១៣ ) ហើយ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ ពួក​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​បង្រៀន​ថា ពួក​សាសន៍​ដទៃ​ទាំងនេះ នឹង​មាន​ទំនួល​ខុសត្រូវ​ដើម្បី​នាំ​ដំណឹងល្អ​ទៅកាន់​មនុស្ស​ទាំងអស់​នៅលើ​ផែនដី ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​និយមន័យ​នៃ​ពាក្យ ពួក​សាសន៍​ដទៃ សូម​បង្ហាញ ហើយ​អាន​ការពន្យល់​ខាងក្រោម​ដោយ​អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី

« យើង​បាន​ស្គាល់​ពួក​យូដា​តាំង​ពី​មុន​មក ថា​ជា [ ពួកអ្នក​ដែល​រស់នៅ​ក្នុង ] នគរ​យូដា ហើយ​ជា​កូនចៅ​ជាប់​ពូជពង្ស​របស់​ពួកគេ ។ … ហើយ​យើង​បាន​និយាយ ដោយ​ប្រើប្រាស់​វាក្យសព្ទ​ទាំងនេះ​ថា អ្នក​ទាំងអស់​ផ្សេងទៀត​គឺ​ជា​ពួក​សាសន៍​ដទៃ រួម​ទាំង​សំណល់​នៃ​នគរ​អ៊ីស្រាអែល​ដែល​បាត់បង់ និង​ខ្ចាត់ខ្ចាយ​ផងដែរ ។ … យ៉ូសែប ស្ម៊ីធ ដែល​ជា​ពូជ​អំបូរ​អេប្រាអិម … គឺជា​សាសន៍​ដទៃ ដែល​តាមរយៈ​លោក ទើប​ព្រះគម្ពីរ​មរមន​បានមាន​នៅ​សព្វថ្ងៃ​នេះ ហើយ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ … គឺជា​សាសន៍​ដទៃ ដែល​នាំ​យក​នូវ​សេចក្ដី​សង្គ្រោះ​ទៅ​ដល់​សាសន៍​លេមិន និង​ទៅ​ដល់​សាសន៍​យូដា » ( The Millennial Messiah [ ឆ្នាំ ១៩៨២ ] ទំព័រ ២៣៣ ) ។

សូម​សិស្ស​ពីរបី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ចេញពី​នីហ្វៃទី១ ២២:៨-១២ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មនុស្ស​ទាំងឡាយ​ដែល​នឹង​ទទួល​បាន​ពរជ័យ ហើយ​ត្រូវបាន​បីបាច់​ដោយ​ពួក​សាសន៍​ដទៃ ( សមាជិក​សាសនាចក្រ ) នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ ពេល​សិស្ស​អាន វា​អាច​មាន​ប្រយោជន៍​ដែល​ពន្យល់​ថា ឃ្លា « លាត​ព្រះពាហុ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ » នៅក្នុង ខ ១០–១១ សំដៅ​ដល់​ព្រះអម្ចាស់​បង្ហាញ​ពី​ព្រះចេស្ដា​របស់​ទ្រង់​ដែល​មាន​ទូទាំង​ពិភពលោក ។

  • តើ​នរណា​នឹង​ទទួល​បាន​ពរជ័យ និង​ត្រូវបាន​បីបាច់​ដោយ​ពួក​សាសន៍​ដទៃ​នៅ​ថ្ងៃ​ចុងក្រោយ ? ( កូនចៅ​របស់​លីហៃ វង្ស​អ៊ីស្រាអែល​ទាំងអស់ និង « អស់​ទាំង​ពូជ​មនុស្ស​នៅលើ​ផែនដី » ) ។

  • យោងតាម ខ ៩-១១ តើ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់ « ពូជមនុស្ស » ( ក្រុមគ្រួសារ ) នៅលើ​ផែនដី​នៅក្នុង​ថ្ងៃ​ចុងក្រោយ យ៉ាង​ដូច​ម្ដេច​ដែរ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ នៅក្នុង​ថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​នឹង​ធ្វើការ​តាមរយៈ​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​ប្រទានពរ​ដល់​ក្រុមគ្រួសារ​ទាំងឡាយ​នៅលើ​ផែនដី ជាមួយ​នឹង​ដំណឹងល្អ និង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

« ទំនួល​ខុសត្រូវ​របស់​យើង គឺ​ជួយ​បំពេញ​សេចក្ដី​សញ្ញា​អ័ប្រាហាំ ។ កូនចៅ​របស់​យើង​ត្រូវបាន​តែងតាំង​ពី​មុន​កំណើត​លោកិយ​មក ហើយ​ត្រូវបាន​រៀបចំ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ទាំងអស់​នៅលើ​ផែនដី​នេះ ។ … បន្ទាប់​ពី ៤០០០ ឆ្នាំ នៃ​ការគិត​ទុក​ជាមុន និង​ការរៀបចំ នេះ​ហើយ​ជា​ជំនាន់​ដែល​ត្រូវបាន​ចាត់តាំង ជា​ពេល​ដែល​ដំណឹងល្អ​ត្រូវបាន​ប្រគល់​ឲ្យ​ពូជ​មនុស្ស​ទាំងឡាយ​នៅ​លើ​ផែនដី ។ នេះ​គឺ​ជា​ពេល​នៃ​ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​ដែល​បាន​សន្យា​នោះ ? ហើយ​យើង​មាន​ឱកាស​ចូលរួម ! តើ​នោះ​មិន​គួរ​ឲ្យ​រំភើប​ទេ​ឬអី ? ព្រះអម្ចាស់​កំពុង​រំពឹង​លើ​យើង និង​កូនប្រុស​យើង—ហើយ​ទ្រង់​កំពុង​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កូនស្រី​យើង—ដែល​បម្រើ​បេសកកម្ម​ដោយ​សក្ដិសម ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នៅក្នុង​ជំនាន់​ដ៏​អស្ចារ្យ​នៃ​ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​នេះ » ( «Covenants» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។

  • តើ​អ្នក​គិត​ថា ពួក​អ្នក​ដែល​ត្រូវ​បាន​ប្រមូល​ផ្ដុំ ( អ្នកប្រែចិត្តជឿ ) នឹង​មាន​អារម្មណ៍​យ៉ាង​ណា អំពី​អ្នក​ដែល​បាន​ប្រមូល​ផ្ដុំ​ពួកគេ ( អ្នក​ដែល​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ពួកគេ ) ?

  • តើ​មាន​របៀប​ណា​ខ្លះ ដែល​យើង​អាច​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះ ដោយ​ការចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ក្រុមគ្រួសារ​ទាំងឡាយ​នៅ​លើ​ផែនដី​នោះ ?

នីហ្វៃទី៣ ១៦:៤–៥, ២១:១–៧

តួនាទី​នៃ​ព្រះគម្ពីរ​មរមន នៅក្នុង​ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី៣ ២១:១-៧ ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​ទីសម្គាល់​ដែល​បង្ហាញ​ពី​ការចាប់ផ្ដើម​នៃ​ការប្រមូល​ផ្ដុំ​ពួក​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ។

  • ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​អំពី « ការណ៍​ទាំងនេះ ដែល​យើង​បាន​ប្រកាស​ដល់​អ្នក​រាល់គ្នា » ( ខ ២ ) ។ តើ​ព្រះបន្ទូល​របស់​ទ្រង់​ទៅកាន់ ពួក​សាសន៍​នីហ្វៃ មាន​កត់ត្រា​នៅ​ទីណា ? ( នៅក្នុង​ព្រះគម្ពីរ​មរមន ) ។

  • តើ​អ្វី​ជា​ទីសម្គាល់​ដែល​បង្ហាញ​ពី​ការចាប់ផ្ដើម​នៃ​ការប្រមូល​ផ្ដុំ​ពួក​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ជា​ទីសម្គាល់​មួយ​ថា ព្រះ​កំពុង​តែ​បំពេញ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ក្នុង​ការប្រមូល​ផ្ដុំ​ពួក​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី៣ ១៦:៤-៥ ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​ឥទ្ធិពល​ទាំងឡាយ​របស់​ព្រះគម្ពីរ​មរមន និង​របស់​សារលិខិត​នៃ​ដំណឹងល្អ នៅ​ថ្ងៃ​ចុងក្រោយ ។

  • តើ​ព្រះគម្ពីរ​មរមន​ជួយ​ធ្វើ​ឲ្យ​ការប្រមូល​រាស្ត្រ​របស់​ព្រះ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​កើតឡើង​យ៉ាង​ដូចម្ដេច​ដែរ ? ( សេចក្ដីពិត​មួយ ដែល​សិស្ស​អាច​រកឃើញ គឺ​ដូច​តទៅ​នេះ ៖ ព្រះគម្ពីរ​មរមន​ជួយ​នាំ​មនុស្ស​ឲ្យ​មាន​ការចេះដឹង​ពី​ព្រះអង្គ​ប្រោសលោះ ដើម្បី​ពួកគេ​អាច​ត្រូវបាន​ប្រមូល​ទៅកាន់​ទ្រង់ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ឮៗ ៖ សូម​ឲ្យ​សិស្ស​ស្ដាប់​មើល​ពី​តួនាទី​នៃ​ព្រះគម្ពីរ​មរមន នៅក្នុង​ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

« ការលេច​មក​នៃ​ព្រះគម្ពីរ​មរមន​គឺជា​ទីសម្គាល់​មួយ​ទៅ​កាន់​ពិភពលោក​ទាំងមូល​ថា ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​ប្រមូល​សាសន៍​អ៊ីស្រាអែល ហើយ​បំពេញ​តាម​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​នឹង​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ យើង​មិន​គ្រាន់តែ​បង្រៀន​ពី​គោលលទ្ធិ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ចូល​រួម​ចំណែក​នៅ​ក្នុង​កិច្ចការ​នេះ​ដែរ ។ យើង​ធ្វើ​ដូច្នេះ នៅពេល​យើង​ជួយ​ប្រមូល​អ្នក​រើសតាំង​របស់​ព្រះអម្ចាស់​នៅ​ផ្នែក​ទាំង​សង្ខាង​នៃ​វាំងនន ។

« ព្រះគម្ពីរ​មរមន​គឺ​ជា​ចំណុច​សំខាន់​នៃ​កិច្ចការ​នេះ ។ វា​ប្រកាស​ពី​គោលលទ្ធិ​នៃ​ការប្រមូល​ផ្ដុំ ។ វា​ធ្វើ​ឲ្យ​មនុស្ស​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ ជឿ​លើ​ដំណឹងល្អ​ទ្រង់ ហើយ​ចូល​រួម​នឹង​សាសនាចក្រ​ទ្រង់ ។ តាមពិត​ទៅ ប្រសិនបើ​មិន​មាន​ព្រះគម្ពីរ​មរមន​ទេ ការប្រមូលផ្ដុំ​សាសន៏​អ៊ីស្រាអែល​ដែល​បាន​សន្យា​នោះ ក៏​មិន​បាន​កើត​ឡើង​ដែរ » ( «The Gathering of Scattered Israel» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨០ ) ។

សូម​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​ណា​ក៏​ដោយ ដែល​ពួកគេ​មាន ជាមួយ​នឹង​ការមើល​ឃើញ​ថា​ព្រះគម្ពីរ​មរមន​ជួយ​អ្នក​ផ្សេងទៀត​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ត្រូវបាន​ប្រមូល​មកកាន់​សាសនាចក្រ​របស់​ទ្រង់ ។

សូម​ជំរុញ​សិស្ស​ឲ្យ​ជួយ​នៅក្នុង​ដំណើរការ​នៃ​ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ដោយ​ការចែកចាយ​ព្រះគម្ពីរ​មរមន​ជាមួយ​នរណា​ម្នាក់​ដែល​មិន​មាន​ជំនឿ​ដូចជា​យើង ។

ការអាន​របស់​សិស្ស