ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៧ ៖ សេចក្តីជំនឿ សេចក្តីសង្ឃឹម និង​សេចក្ដី​សប្បុរស


មេរៀន​ទី ២៧

សេចក្តីជំនឿ សេចក្តីសង្ឃឹម និង​សេចក្ដី​សប្បុរស

សេចក្ដីផ្ដើម

អាកប្បកិរិយា​នៃ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស គឺ​ចាំបាច់​សម្រាប់​មនុស្ស​ទាំងអស់​ណា​ដែល​ប្រាថ្នា​ចង់​រស់នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះវរបិតា​របស់​យើង​នៅ​ឋានសួគ៌ ។ អាកប្បកិរិយា​ទាំងនេះ ជា​អំណោយទាន​មក​ពី​ព្រះ ដែល​មាន​ដល់​ពួកអ្នក​ទាំងឡាយ​ដែល​ស្វែង​រក​វា ដោយ​ការធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការអាន​ពី​សាវតា

  • ឌៀថើរ អេស្វ អុជដូហ្វ «The Infinite Power of Hope» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២១–២៤ ។

  • រីឆាដ ជី ស្កត «The Transforming Power of Faith and Character» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៤៣-៤៦ ។

យោបល់​សម្រាប់​ការបង្រៀន

អេធើរ ១២:២៨, មរ៉ូណៃ ១០:១៨–២១

សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស គឺ​ចាំបាច់​សម្រាប់​សេចក្តី​សង្គ្រោះ

សូម​ឲ្យ​សិស្ស​រៀបរាប់​ឲ្យ​លឿន​ពី​អាកប្បកិរិយា​ទាំងឡាយ ដែល​ពួកគេ​គិត​ថា​សំខាន់​ដើម្បី​ទទួលបាន​ខណៈ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​រកមើល​ក្នុង​ចំណោម​អាកប្បកិរិយា​ទាំងនោះ ថា​អាកប្បកិរិយា​ណា​ខ្លះ ដែល​ពួកគេ​គិត​ថា​សំខាន់​បំផុត ដើម្បី​គ្រង​នគរ​នៃ​ព្រះ​ទុក​ជា​មរតក ។

សូម​រំឭក​សិស្ស​ថា ពេល​មរ៉ូណៃ​កំពុង​បញ្ចប់​កិច្ចការ​របស់​លោក​នៅលើ​ផ្ទាំង​មាស លោក​បាន​សរសេរ​ពាក្យ​សម្ដី​ចុងក្រោយ​មួយ​ចំនួន​នៃ​ការដាស់តឿន​ដល់​ពួក​អ្នក​ទាំងឡាយ​ណា ដែល​នឹង​អាន​បញ្ជី​នេះ​នៅ​ថ្ងៃ​ណា​មួយ ។ ជា​ផ្នែក​នៃ​ដំបូន្មាន​របស់​លោក លោក​បាន​លើក​ជា​គោល​នូវ​អាកប្បកិរិយា​ចំនួន​បី ដែល​ចាំបាច់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន មរ៉ូណៃ ១០:១៨-២១ ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រកមើល​ពី​អាកប្បកិរិយា​ទាំងបី​នេះ ។

  • តើ​អ្នក​គិត​ថា ចរិត​លក្ខណៈ​នៃ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស ចាំបាច់​ខ្លាំង​ម៉្លេះ​ចំពោះ​សេចក្តី​សង្គ្រោះ​របស់​យើង ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អេធើរ ១២:២៨ ឮៗ ហើយ​ឲ្យ​សិស្ស​រកមើល​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​នេះ ។

  • តើ​មាន​គោលលទ្ធិ​អ្វី ដែល​មាន​កត់ត្រា​នៅក្នុង​ខគម្ពីរ​នេះ ? ( សិស្ស​គួរ​តែ​រកឃើញ​នូវ​អ្វី​ដែល​មាន​ដូច​តទៅនេះ ៖ ការអភិវឌ្ឍ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស នាំ​យើង​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ ពេញ​ទាំង​មេរៀន​នេះ ដែល​អាច​ជួយ​ពួកគេ​យល់ ហើយ​អភិវឌ្ឍ​អាកប្បកិរិយា​សំខាន់ៗ​ទាំងនេះ​កាន់តែ​ពេញលេញ ។

អាលម៉ា ៣២:២៦–២៩, ៣៧–៤១, មរ៉ូណៃ ៧:២១, ២៥–២៨, ៣៣

សេចក្ដី​ជំនឿ​អនុញ្ញាត​ឲ្យ​យើង « ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ »

សូម​សរសេរ ការបង្កើន​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ នៅលើ​ក្ដារខៀន ។

សូម​រំឭក​សិស្ស​ថា ព្យាការី​អាលម៉ា បាន​ប្រើ​ការប្រៀបធៀប​អំពី​គ្រាប់​ពូជ​ដែល​លូតលាស់ ដើម្បី​បង្រៀន​ពួក​សាសន៍​សូរាំ ពី​របៀប​ដើម្បី​អភិវឌ្ឍ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី អាលម៉ា ៣២:២៦–២៩ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ស្វែងរក​ឃ្លា​ទាំងឡាយ ដែល​ពិពណ៌នា​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​យើង ។

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ឃ្លា​មួយ​ដែល​ពួកគេ​បាន​រកឃើញ ហើយ​ពន្យល់​ថាតើ​ឃ្លា​នោះ​បង្រៀន​អ្វី អំពី​របៀប​ដែល​យើង​អាច​បង្កើន​សេចក្ដី​ជំនឿ​របស់​យើង ។ នៅពេល​សិស្ស​ប្រាប់​ពី​ឃ្លា​ទាំងនោះ អ្នក​អាច​នឹង​ចង់​សរសេរ​វា​នៅក្រោម​ចំណងជើង​នៅ​លើ​ក្ដារខៀន ។ ឃ្លា​ទាំងឡាយ​អាច​រួម​មាន​ដូច​តទៅ​នេះ ៖ ភ្ញាក់​ឡើង ហើយ​ដាស់​សមត្ថភាព​ទាំងឡាយ​របស់​ខ្លួន ធ្វើ​ការពិសោធន៍​ដល់​ពាក្យ​សម្ដី​របស់​ខ្ញុំ ចង់​ជឿ ទុក​កន្លែង​មួយ​សម្រាប់​ឲ្យ​គ្រាប់​ពូជ​នោះ [ ព្រះបន្ទូល ] អាច​ដុះ​នៅក្នុង​ចិត្ត​របស់​អ្នក ។ បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា​ពាក្យ សមត្ថភាព សំដៅ​ដល់​សមត្ថភាព​របស់​យើង​ដើម្បី​គិត និង​ប្រព្រឹត្ត ។

  • នៅក្នុង ខ ២៩ តើ​អ្នក​គិត​ថា ហេតុអ្វី​អាលម៉ា​បាន​បង្រៀន​ថា សេចក្ដី​ជំនឿ​របស់​យើង​នឹង​មិន​បាន​ឥតខ្ចោះ​នោះ​ទេ បន្ទាប់​ពី​ធ្វើ​ការពិសោធន៍​នេះ​ហើយ​នោះ ?

  • តើ​អ្នក​គិត​ថា យើង​ត្រូវធ្វើ​អ្វី​ថែម​ទៀត​ដើម្បី ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​យើង​បាន​ឥត​ខ្ចោះ ?

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ប្ដូរ​វេនគ្នា​អាន អាលម៉ា ៣២:៣៧-៤១ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​អភិវឌ្ឍ​សេចក្ដី​ជំនឿ​ដែល​ចាំបាច់ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

  • តើ​គោលការណ៍​អ្វី ដែល​អាលម៉ា​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ អំពី​របៀប​ដែល​យើង​អាច​បន្ត​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​នោះ ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ បើ​យើង​បីបាច់​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម​នៅក្នុង​ដួងចិត្ត​យើង នោះ​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​នឹង​កើន​ឡើង ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន) ។

  • តើ​អ្នក​គិត​ថា បីបាច់​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម​មាន​ន័យ​ដូចម្តេច ? តើ​មាន​សកម្មភាព​ដ៏​ខ្ជាប់ខ្ជួន​ណា​ខ្លះ​ដែល​យើង​អាច​ធ្វើ ដើម្បី​បីបាច់​ព្រះបន្ទូល​របស់​ព្រះ ហើយ​ជួយ​ឲ្យ​សេចក្ដី​ជំនឿ​លូតលាស់​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ដួងចិត្ត​យើង ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ពួកគេ​អាច​បីបាច់​ព្រះបន្ទូល​នៃ​ព្រះ សូម​បង្ហាញ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈ​ប្រធាន​ទី​មួយ ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រកមើល​គន្លឹះ​ទាំងឡាយ​សម្រាប់​ការបីបាច់​សេចក្ដី​ជំនឿ​របស់​យើង ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« មិនថា​យើង​មាន​សេចក្ដី​ជំនឿ​ក្នុង​ការគោរព​ព្រះ​ខ្លាំង​ប៉ុណ្ណា​ទេ ក្នុង​ពេល​ឥឡូវ​នេះ​យើង​នឹង​នៅ​តែ​ត្រូវ​ពង្រឹង​វា​យ៉ាង​ខ្ជាប់ខ្ជួន និង​បន្ត​ផ្ដល់​កម្លាំង​ដល់​វា​ដោយ​ឥត​ឈប់​ឈរ ។ យើង​អាច​ធ្វើ​វា​បាន ដោយ​ការសម្រេច​ចិត្ត​ឥឡូវ​នេះ ដើម្បី​ឆាប់​គោរព និង​ឆាប់​តាំងចិត្ត​ដើម្បី​ស៊ូទ្រាំ ។ ការរៀន​ដើម្បី​ចាប់​ផ្ដើម​ឆាប់ៗ និង​ដើម្បី​មាន​ភាព​នឹងន គឺ​ជា​កូនសោ​ទាំងឡាយ ដើម្បី​រៀបចំ​ខាង​វិញ្ញាណ ។ …

« … យើង​សាង​សេចក្ដី ជំនឿ​ឲ្យ​ហួស​ពី​ការសាកល្បង​នៃ​ការគោរព​ប្រតិបត្តិ ក្នុង​ពេល​យ៉ាង​យូរ និង​តាមរយៈ​ការសម្រេច​ចិត្ត​ជា​រៀងរាល់​ថ្ងៃ​របស់​យើង ។ យើង​អាច​សម្រេច​ចិត្ត​ឥឡូវ​នេះ ដើម្បី​ធ្វើ​ឲ្យ​ឆាប់​នូវ​អ្វី ក៏​ដោយ​ដែល​ព្រះ​ស្នើ​ពី​យើង ។ ហើយ​យើង​អាច​សម្រេច​ចិត្ត ដើម្បី​មាន​ភាព​រឹងមាំ​នៅក្នុង​ការសាកល្បង​នៃ​ការគោរព​ប្រតិបត្តិ ដែល​សាង​សេចក្ដី​ជំនឿ​ដើម្បី​លើក​យើង​ឡើង​ឆ្លងកាត់​ការសាកល្បង​ដ៏​ធំធេង​នានា ដែល​ប្រាកដ​ជា​នឹង​កើត​ឡើង » ( «Spiritual Preparedness: Start Early and Be Steady» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៣៨, ៤០ ) ។

  • តើ​ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​ពង្រឹង និង​បីបាច់​ដល់​សេចក្ដី​ជំនឿ​របស់​យើង ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ការគោរព​ប្រតិបត្តិ​ដ៏​ខ្ជាប់ខ្ជួន និង​ជា​ប្រចាំ​ថ្ងៃ​ចំពោះ​ព្រះបន្ទូល​នៃ ព្រះ សំខាន់​ខ្លាំង​ម្ល៉េះ​ក្នុង​ការសាង​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​របស់​យើង​ទៅលើ​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការធ្វើតាម​គោលការណ៍​ទាំងឡាយ​ដែល​បាន​បង្រៀន​ដោយ​អាលម៉ា បាន​ជះ​ឥទ្ធិពល​លើ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ប្រាប់​សិស្ស​ថា ព្យាការី​មរមន​បាន​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​ដ៏​អស់កល្ប​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ចេញពី​ទីបន្ទាល់​របស់​មរមន នៅក្នុង មរ៉ូណៃ ៧:២១, ២៥-២៨, ៣៣ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​សញ្ជឹងគិត​ពី​អ្វី ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​ខ្លួន​លើ​ព្រះអម្ចាស់ ហើយ « ក្ដាប់ជាប់​នូវ » ពរជ័យ​ទាំងឡាយ​ដែល​មរមន​បាន​រៀបរាប់ ។

អេធើរ ១២:៤, ៨–៩, មរ៉ូណៃ ៧:៤០–៤២

សេចក្ដី​សង្ឃឹម គឺជា​យុថ្កា​ដល់​ព្រលឹង

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អេធើរ ១២:៨-៩ ឮៗ ហើយ​ឲ្យ​សិស្ស​ម្នាក់ទៀត​អាន មរ៉ូណៃ ៧:៤០-៤២ ឮៗ ។ សូម​ឲ្យ​សិស្ស​ស្វែងរក​អាកប្បកិរិយា​ទាំងឡាយ ដែល​យើង​អាច​ទទួល​បាន ពេល​យើង​អភិវឌ្ឍ​សេចក្ដី​ជំនឿ ។

  • យោងតាម​វគ្គ​បទគម្ពីរ​ទាំងនេះ តើ​អាកប្បកិរិយា​អ្វី​ដែល​បាន​មក​ដោយសារ​សេចក្ដី​ជំនឿ​របស់​យើង ?

សូម​អាន​សេចក្ដី​ថ្លែង​ទាំងពីរ​ខាងក្រោម​នេះ ហើយ​ឲ្យ​សិស្ស​រកមើល​ភាពខុសគ្នា​រវាង​សេចក្ដី​ថ្លែងការណ៍​ទាំងពីរ​នេះ ៖ (១) ខ្ញុំ​សង្ឃឹម​ថា​វា​មិន​ភ្លៀង​ទេ​ថ្ងៃនេះ ។ (២) ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ថា បើ​ខ្ញុំ​ប្រែចិត្ត នោះ​ខ្ញុំ​នឹង​ត្រូវបាន​អត់ទោស​ឲ្យ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​ការថ្លែង​ពី​សេចក្ដី​សង្ឃឹម​ទាំងនេះ ខុស​គ្នា​យ៉ាង​ដូច​ម្ដេច ? ( សេចក្ដី​ថ្លែង​ទីមួយ​គឺ​ជា​ការប្រាថ្នា​ដែល​មិន​ច្បាស់លាស់ ដែល​ចង់​បាន​អ្វី​មួយ​ដែល​ហួស​ពី​ការគ្រប់គ្រង​របស់​មនុស្ស​ម្នាក់ ហើយ​ទីពីរ​គឺជា​សេចក្ដី​ថ្លែង​ពី​ទំនុកចិត្ត​ដែល​ជំរុញ​ឲ្យ​មាន​សកម្មភាព ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អត្ថន័យ​ខាង​ព្រះគម្ពីរ​អំពី​សេចក្ដី​សង្ឃឹម សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« សេចក្ដី​សង្ឃឹម​គឺ … ជា​សេចក្ដី​ទុកចិត្ត​ដ៏​ស្ថិតស្ថេរ​ថា ព្រះអម្ចាស់​នឹង​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ចំពោះ​យើង ។ វា​គឺជា​ទំនុកចិត្ត​ថា បើ​យើង​រស់នៅ​តាម​ច្បាប់​របស់​ព្រះ និង​តាម​ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី​ទ្រង់​សព្វ​ថ្ងៃ​នេះ នោះ​យើង​នឹង​ទទួល​បាន​នូវ​ពរជ័យ​ដែល​គួរ​ឲ្យ​ប្រាថ្នា​នៅក្នុង​ពេល​អនាគត ។ វា​គឺជា​ការជឿ និង​ការរំពឹង​ទុក​ថា ការអធិស្ឋាន​របស់​យើង​នឹង​ត្រូវ​ឆ្លើយ​តប ។ វា​គឺជា​ការបង្ហាញ​ដោយ​ទំនុកចិត្ត​សុទិដ្ឋិនិយម សេចក្ដី​សាទរ និង​សេចក្ដី​ខ្ជាប់ខ្ជួន ប្រកប​ដោយ​ការអត់ធ្មត់ » ( «The Infinite Power of Hope» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២២ ) ។

សូម​អញ្ជើញ​សិស្ស​អាន​ដោយ​ស្ងាត់ស្ងៀម​ចេញ ពី មរ៉ូណៃ ៧:៤១ ហើយ​រកមើល​ថាតើ យើង​នឹង​មាន​សេចក្ដី​សង្ឃឹម​អ្វី ពេល​យើង​អភិវឌ្ឍ​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ។

  • តើ​គោលការណ៍​អ្វី ដែល​មរមន​បាន​បង្រៀន​ទាក់ទង​នឹង​សេចក្ដី​សង្ឃឹម​នៅក្នុង​ខគម្ពីរ​នេះ ? ( សិស្ស​គួរ​តែ​រកឃើញ​នូវ​អ្វី​ដែល​មាន​ដូច​តទៅនេះ ៖ នៅពេល​យើង​អភិវឌ្ឍ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ទទួល​បាន​នូវ​សេចក្ដី​សង្ឃឹម​ថា តាមរយៈ​ដង្វាយធួន នោះ​យើង​អាច​ត្រូវបាន​លើក​ឡើង​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដី​សង្ឃឹម​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​នឹង​គ្នា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អេធើរ ១២:៤ ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​របៀប​ដែល​មរ៉ូណៃ​បាន​ពិពណ៌នា​អំពី​សេចក្ដី​សង្ឃឹម ។

  • តើ​ការប្រើប្រាស់​យុថ្កា​របស់​មរមន បង្រៀន​យើង​អ្វី​ខ្លះ អំពី​សេចក្ដី​សង្ឃឹម ? តើ​មនុស្ស​ម្នាក់​ដែល​ខ្វះ​សេចក្ដី​ជំនឿ ប្រៀប​ដូច​ទៅ​នឹង​កប៉ាល់​ឥត​យុថ្កា​ដូច​ម្ដេច​ទៅ ?

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ ឲ្យ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​សង្ឃឹម ដែល​មាន​ដល់​ជីវិត​របស់​ពួកគេ ដោយសារ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

អេធើរ ១២:៣៣-៣៤, មរ៉ូណៃ ៧:៤៣-៤៨

សេចក្តី​សប្បុរស គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន មរ៉ូណៃ ៧:៤៣-៤៤ ឮៗ ហើយ​ឲ្យ​សិស្ស​រកមើល​អាកប្បកិរិយា​អ្វី ដែល​មរមន​បាន​ប្រកាស​ថា យើង​ត្រូវតែ​អភិវឌ្ឍ ពេល​យើង​មាន​សេចក្តី​ជំនឿ និង​សេចក្ដី​សង្ឃឹម ។

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ប្រសិនបើ​យើង​ព្យាយាម​ដោយ​ពិត​ដើម្បី​ក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ និង​លោកគ្រូ​របស់​យើង នោះ​ការរៀន​ស្រឡាញ់​ដូច​ជា​ទ្រង់​ស្រឡាញ់ គប្បី​ជា​គោលដៅ​ដ៏​ខ្ពស់​បំផុត​របស់​យើង ។ មរមន​បាន​ហៅ​សេចក្ដី​សប្បុរស​ថា​ជា ‹ សេចក្ដី​ដ៏​មហិមា​បំផុត › ( មរ៉ូណៃ ៧:៤៦ ) » ( «Godly Characteristics of the Master» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៤៧ ) ។

ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ដែល​សេចក្ដី​សប្បុរស​ជា​អាកប្បកិរិយា​មួយ​បែប​ដ៏​សំខាន់​ដែល​ត្រូវ​ស្វែងរក​នោះ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ចេញ​ពី មរ៉ូណៃ ៧:៤៥-៤៧ ។ សូម​ចង្អុល​បង្ហាញ​ថា ខគម្ពីរ​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​ពី​សេចក្ដី​សប្បុរស ដោយ​ការរៀបរាប់​ថា​អ្វី​ជា​សេចក្ដី​សប្បុរស ហើយ​អ្វី​ដែល​មិន​មែន ។

  • តើ​ពាក្យ និង​ឃ្លា​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ទាក់ទង​នឹង​សារៈសំខាន់​នៃ​សេចក្ដី​សប្បុរស ?

  • តើ​អ្នក​អាច​ចែកចាយ​នូវ​គំនិត ឬ​ការយល់​ដឹង​អ្វី​ខ្លះ អំពី​អាកប្បកិរិយា​ទាំងឡាយ​នៃ​សេចក្ដី​សប្បុរស ដែល​មាន​រៀបរាប់​នៅក្នុង ខ ៤៥ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន មរ៉ូណៃ ៧:៤៨ ឮៗ ។

  • តើ​មរ៉ូណៃ​បាន​ទូន្មាន​យើង​ឲ្យ​ធ្វើ​អ្វីខ្លះ ពេល​យើង​ស្វែងរក​អំណោយទាន​នៃ​សេចក្ដី​សប្បុរស​នោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិនបើ​យើង​អធិស្ឋាន​ដោយ​អស់​ពី​ថាមពល​នៃ​ដួងចិត្ត ហើយ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​បំពេញ​ដោយ​សេចក្ដី​សប្បុរស ) ។

  • តើ​ការស្វែងរក​អំណោយទាន​នៃ​សេចក្ដី​សប្បុរស ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ល្អ​ប្រសើរ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អេធើរ ១២:៣៣-៣៤ ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ទំនាក់ទំនង​រវាង​សេចក្ដី​សប្បុរស និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​អ្វី​ជា​ទំនាក់ទំនង​រវាង​សេចក្ដី​សប្បុរស និង​ដង្វាយធួន ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« និយមន័យ​ដែល​កាន់តែ​អស្ចារ្យ​នៃ​ឃ្លា​ថា ‹ សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ › … មិនមែន​ជា​អ្វី​ដែល​យើង​ជា​ពួកគ្រីស្ទាន​ព្យាយាម តែ​ភាគច្រើន​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ផ្សេងទៀត​ឃើញ​នោះ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​ព្រះគ្រីស្ទ​មាន​ជោគជ័យ​ទាំងស្រុង​ក្នុង​ការបង្ហាញ​ដល់​យើង ។ សេចក្ដី​សប្បុរស​ដ៏​ពិត ត្រូវបាន​ស្គាល់​តែ​ម្ដង​គត់ ។ វា​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់ និង​យ៉ាង​បរិសុទ្ធ​នៅក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​ពិតប្រាកដ ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ដ៏​ធួន​របស់​ព្រះគ្រីស្ទ​សម្រាប់​យើង ។ … វា​គឺជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​មាន​សម្រាប់​យើង ដែល ‹ ទ្រាំទ្រ​ការណ៍​ទាំងអស់ ជឿ​ដល់​ការណ៍​ទាំងអស់ សង្ឃឹម​ដល់​ការណ៍​ទាំងអស់ ហើយ​ស៊ូ​ទ្រាំទ្រ​ការណ៍​ទាំងអស់ › ។ វា​ត្រូវបាន​បង្ហាញ​នៅក្នុង​ព្រះគ្រីស្ទ​ថា ‹ សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅឡើយ › ។ វា​គឺ​ជា​សេចក្ដី​សប្បុរស​នោះ—ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ទ្រង់​មាន​សម្រាប់​យើង—ដែល​បើ​គ្មាន​វា​ទេ យើង​នឹង​គ្មាន​ជា​អ្វី​ទាំងអស់ អស់សង្ឃឹម​ជា​បុរស និង​ស្ត្រី​ដែល​វេទនា​បំផុត ។ ពិតណាស់ ពួក​អ្នក​ដែល​មាន​សេចក្ដី​សប្បុរស នឹង​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ—ដង្វាយធួន ដំណើររស់​ឡើងវិញ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ការសន្យា​ដ៏​អស់កល្ប—ពិតណាស់ នឹង​បាន​ស្រួល​ទាំងអស់​ដល់​អ្នក​នោះ​ហើយ » ( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣៣៦ ) ។

  • តើ​អែលឌើរ ហូឡិន បាន​ជួយ​អ្នក​ឲ្យ​យល់​ពី​មូលហេតុ​ដែល « សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ » និង​មូលហេតុ​ដែល​វា​គឺ​អំណោយទាន​ខាង​វិញ្ញាណ​ដ៏ « មហិមា​បំផុត » យ៉ាង​ដូច​ម្ដេច​ដែរ ?

  • តើ​អ្នក​អាច​នឹង​ធ្វើ​អ្វី ដើម្បី​ចែកចាយ​ជាមួយ​អ្នក​ផ្សេងទៀត​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះយេស៊ូវគ្រីស្ទ​ថា ទ្រង់​បាន​ប្រទាន​ដល់​អ្នក​ដោយ​សេរី ?

សូម​ឲ្យ​សិស្ស​រំឭក មរ៉ូណៃ ៧:៤៥ ហើយ​បន្ទាប់​មក​ដាក់​គោលដៅ​មួយ ដើម្បី​អធិស្ឋាន និង​ធ្វើ​ការអភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​ពេញលេញ នូវ​អាកប្បកិរិយា​មួយ​នៃ​សេចក្ដី​សប្បុរស ។ សូម​ថ្លែង​ទីបន្ទាល់ អំពី​ជំនួយ​ដ៏​ទេវភាព ដែល​អ្នក​បាន​ទទួល​ពេល​ដែល​អ្នក​បាន​ធ្វើ​ការអភិវឌ្ឍ​សេចក្ដី​សប្បុរស​ខ្លួន​អ្នក​ផ្ទាល់ ។

ការអាន​របស់​សិស្ស