ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៧ ៖ អានុភាព​នៃ​ព្រះបន្ទូល


មេរៀន​ទី ១៧

អានុភាព​នៃ​ព្រះបន្ទូល

សេចក្ដីផ្ដើម

ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន បាន​ដាក់​ការខិតខំ​ប្រឹងប្រែង​ជា​ខ្លាំង​ដល់​ការបង្កើត និង​រក្សា​ទុក​ព្រះគម្ពីរ ដែល​នឹង​ផ្ដល់ពរ​ដល់​យើង​នៅ​សព្វថ្ងៃ​នេះ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ត្រូវបាន​រំឭក​ថា ពេល​ពួកគេ​សិក្សា ហើយ​រស់នៅ​តាម​ពាក្យ​សម្ដី​របស់​ពួកព្យាការី នោះ​ពួកគេ​អាច​ទទួល​បាន​អំណាច​ដើម្បី យកឈ្នះ​លើ​សាតាំង តម្រង់​ផ្លូវ​របស់​ខ្លួន​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់ ហើយ​នៅទីបំផុត​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ការអាន​ពី​សាវតា

  • រីឆាដ ជី ស្កត «The Power of Scripture» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦–៨ ។

  • ឌី ថត គ្រីស្តូហ្វឺសិន «The Blessing of Scripture» EnsignLiahona ខែ​ឧសភា ឆ្នាំ ២០១០ ទំព័រ ៣២-៣៥ ។

  • «The Power of the Word» ជំពូក​ទី ៨ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១១៥-២៤ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី១ ៣:១៩–២០, ៥:២១–២២, អោមណៃ ១:១៤–១៧, ម៉ូសាយ ១:៣–៥, អាលម៉ា ៣៧:៣–៤, ៨

សារៈសំខាន់​នៃ​ព្រះគម្ពីរ

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​សួរ​សិស្ស​ថា ពួកគេ​នឹង​ឆ្លើយ​សំណួរ​ដែល​លោក​សួរ​យ៉ាង​ដូច​ម្ដេច ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« យើង​ជំពាក់​បំណុល [ ដ៏​ធំ ] ដល់​ពួក​អ្នក​ដែល​បាន​កត់ត្រា និង​រក្សា​ទុក​ព្រះបន្ទូល​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​ស្មោះត្រង់ ជាញឹកញាប់​គឺ​ដោយ​ការធ្វើការ និង​ការលះបង់​ដ៏​ព្យាយាម—ម៉ូសេ អេសាយ អ័ប្រាហាំ យ៉ូហាន ប៉ុល នីហ្វៃ មរមន យ៉ូសែប ស្ម៊ីធ និង​អ្នក​ផ្សេង​ទៀត​ជា​ច្រើន ។ តើ​ពួកគេ​បាន​ដឹង​អ្វី​ខ្លះ​អំពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​ទាំងឡាយ ដែល​យើង​ក៏​ត្រូវ​ដឹង​ដែរ​នោះ ? » ( «The Blessing of Scripture» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣២ ) ។

  • តើ​អ្នក​គិត​ថា អ្នក​សរសេរ​ទាំងនេះ​បាន​ដឹង​អ្វី​ខ្លះ​អំពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​ទាំងឡាយ ដែល​យើង​ក៏​ត្រូវ​ដឹង​ដែរ​នោះ ?

សូម​រំឭក​សិស្ស​ថា នីហ្វៃ និង​បងប្រុស​របស់​លោក ត្រូវបាន​បញ្ជា​ដោយ​ព្រះអម្ចាស់​ឲ្យ ត្រឡប់ ទៅ ក្រុង យេរូសាឡិម​វិញ ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ ប្ដូរវេន​គ្នា​អាន​ឮៗ​ចេញ​ពី នីហ្វៃទី១ ៣:១៩–២០ និង ៥:២១–២២ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​ទាំងឡាយ​ដែល​ផ្ទាំង​លង្ហិន​សំខាន់​ម៉្លេះ​ដល់​លីហៃ និង​គ្រួសារ​លោក ។

  • យោង​តាម​ខគម្ពីរ​ទាំងនេះ ហេតុអ្វី​បាន​ជា​ព្រះគម្ពីរ​សំខាន់​ខ្លាំង​ម៉្លេះ ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះគម្ពីរ​រក្សាទុក​នូវ​ព្រះបន្ទូល និង​ព្រះបញ្ញត្តិ​របស់​ព្រះ ដូច​ដែល​បាន​ទាក់ទង​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ) ។

ដើម្បី​ជួយ​ពង្រឹង​សេចក្ដីពិត​នេះ សូម​រំឭក​សិស្ស​ថា រាប់រយ​ឆ្នាំ​បន្ទាប់​ពី​ក្រុមគ្រួសារ​របស់​លីហៃ​បាន​មកដល់​ដែនដី​សន្យា ពូជពង្ស​របស់​ពួកលោក​បាន​ជួប​នឹង​ប្រជាជន​នៃ​ទីក្រុង​សារ៉ាហិមឡា ( សាសន៍​មូលេក ) ដែល​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​យេរ៉ូសាឡិម មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ក្រុមគ្រួសារ​របស់​លីហៃ​បាន​ចាកចេញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អោមណៃ ១:១៤-១៧ និង ម៉ូសាយ ១:៣-៥ ហើយ​កត់ចំណាំ​ពី​ភាពផ្ទុយគ្នា​រវាង​ពួក​អ្នក​ដែល​មាន​ព្រះគម្ពីរ ( សាសន៍​នីហ្វៃ ) និង​ពួក​អ្នក​ដែល​ពុំ​មាន​ព្រះគម្ពីរ ( សាសន៍​មូលេក ) ។ ( កំណត់ចំណាំ ៖ ដើម្បី​រៀន​អំពី​ជំនាញ​សិក្សា​ព្រះគម្ពីរ « ការប្រៀបធៀប និង​ការផ្ទុយគ្នា » សូមមើល ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និង​អ្នក​ដឹកនាំ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា [ ឆ្នាំ ២០១២ ] ទំព័រ ២២ ) ។

  • តើ​លទ្ធផល​អ្វី​ខ្លះ ដែល​សាសន៍​មូលេក​បាន​ដក​ពិសោធន៍ ដោយសារ​តែ​ពួកគេ​ពុំ​បាន​មាន​ព្រះគម្ពីរ​នោះ ? ( សូមមើល​ផងដែរ នីហ្វៃទី១ ៤:១៣ ) ។

  • តើ​ពរជ័យ​អ្វី​ខ្លះ ដែល​មាន​ដល់​ពួក​សាសន៍​នីហ្វៃ ដោយសារ​តែ​ពួកគេ​មាន​ព្រះគម្ពីរ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អាលម៉ា ៣៧:៣-៤, ៨ ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ពរជ័យ​ទាំងឡាយ ដែល​សាសន៍​នីហ្វៃ​បាន​ទទួល​ពី​ផ្ទាំង​លង្ហិន ។

  • យោង​តាម ខ ៨ តើ​អ្វី​ខ្លះ​ជា​ពរជ័យ​មួយ​ចំនួន ដែល​សាសន៍​នីហ្វៃ​បាន​ទទួល​ពី​ផ្ទាំង​លង្ហិន ?

  • តើ​អ្នក​គិត​ថា​អាលម៉ា​ចង់​មាន​ន័យ​ដូចម្ដេច កាល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា ព្រះគម្ពីរ « បាន​ពង្រីក​ស្មារតី​របស់​ប្រជាជន​នេះ » ?

ដើម្បី​ជួយ​បំភ្លឺ​ពី​អត្ថន័យ​នៃ​ឃ្លា​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការយល់ដឹង​បន្ថែម​ពី​របៀប​ដែល​ព្រះគម្ពីរ​ពង្រីក​ស្មារតី​របស់​យើង ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ព្រះគម្ពីរ​ពង្រីក​ស្មារតី​របស់​យើង ដោយ​ជួយ​យើង​ឲ្យ​ចងចាំ​ព្រះអម្ចាស់ ព្រមទាំង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ និង​ព្រះវរបិតា​ជានិច្ច ។ ព្រះគម្ពីរ​រំឭក​យើង​ពី​អ្វី​ដែល​យើង​បានដឹង​នៅក្នុង​ជីវិត​យើង​មុន​ឆាក​ជីវិត​នេះ ។ ហើយ​វា​ពង្រីក​ស្មារតី​របស់​យើង​ក្នុង​ន័យ​មួយ​ផ្សេង​ទៀត ដោយ​បង្រៀន​យើង​អំពី​យុគសម័យ ប្រជាជន និង​ហេតុការណ៍​ដែល​យើង​មិន​បាន​ដក​ពិសោធន៍​ដោយ​ផ្ទាល់ ។ …

« ព្រះគម្ពីរ​ក៏​ពង្រីក​ស្មារតី​របស់​យើង ដោយ​ជួយ​យើង​កុំ​ឲ្យ​ភ្លេច​នូវ​អ្វី​ដែល​យើង និង​អ្នក​ជំនាន់​មុនៗ​បាន​រៀន​ផងដែរ ។ ពួកអ្នក​ដែល​មិន​មាន ឬក៏​ព្រងើយ​កន្តើយ​នឹង​ព្រះបន្ទូល​នៃ​ព្រះ​ដែល​បាន​កត់ត្រា នឹង​ឈប់​ជឿ​លើ​ទ្រង់ ហើយ នៅ​ទីបំផុត​ភ្លេច​ពី​គោលបំណង​នៃ​ការមាន​ជីវិត​របស់​ខ្លួន » ( «The Blessing of Scripture» ទំព័រ ៣៣ ) ។

  • តើ​ព្រះគម្ពីរ​ពង្រីក​ស្មារតី​របស់​យើង តាម​របៀប​ណា​ខ្លះ ?

  • តើ​គោលលទ្ធិ គោលការណ៍ ឬ​រឿងរ៉ាវ​នៅក្នុង​ព្រះគម្ពីរ​ណា​ខ្លះ ដែល​បាន​ពង្រីក​ស្មារតី​របស់​អ្នក អំពី​ព្រះអម្ចាស់ និង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ ?

នីហ្វៃទី១ ៨:២១–២៤, ២៩–៣០, ១៥:២៣–២៤, នីហ្វៃទី២ ៣:១២, ៣២:៣, ៣៣:៤–៥, យ៉ាកុប ២:៨, ៧:១០–១១, អាលម៉ា ៥:១០–១៣, ៣១:៥, ៣៧:២, ៨–១០, ហេលេមិន ៣:២៩–៣០, ១៥:៧–៨

ព្រះបន្ទូល​នៃ​ព្រះ​នាំ​មក​នូវ​ពរជ័យ​ទាំងឡាយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​ដោយ​ខ្លី នូវ​ការនិមិត្ត​របស់​លីហៃ អំពី​ដើម​ឈើ​ជីវិត ( សូមមើល នីហ្វៃទី១ ៨ ) ។ បន្ទាប់​មក សូម​សួរ​សិស្ស​ក្នុង​ថ្នាក់​ថា ដំបងដែក​តំណាង​ឲ្យ​អ្វី ហើយ​មូលហេតុ​អ្វី​វា​ជា​ផ្នែក​ដ៏​សំខាន់​បែបនោះ​នៅក្នុង​ការនិមិត្ត​នោះ ។ បើ​ចាំបាច់ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី១ ៨:២១–២៤, ២៩–៣០ ។

សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ នីហ្វៃទី១ ១៥:២៣–២៤ ហើយ​រកមើល​ពរជ័យ​ដែល​នឹង​កើតឡើង​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​តោង​ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ ។ អ្នក​អាច​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្នក​គិត​ថា « តោងជាប់ » នឹង​ព្រះបន្ទូល​នៃ​ព្រះ មានន័យ​ដូច​ម្ដេច ?

  • យោង​តាម​ខគម្ពីរ​ទាំង​នេះ តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​យើង​អាច​ទទួល​បាន ដោយ​ការតោងជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​តោងជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ នោះ​យើង​នឹង​មិន ដែល​ត្រូវ​វិនាស​ខាង​វិញ្ញាណ​ឡើយ ហើយ​មារសត្រូវ​នឹង​មិន​អាច​មាន​អំណាច​មក​លើ​យើង​ទេ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ខ្ញុំ​សូម​ណែនាំ​ថា ការតោង​ជាប់​នឹង​ដំបង​ដែក​គឺ​តម្រូវ​ឲ្យ​មាន​ការប្រើប្រាស់​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ ឲ្យ បាន ច្រើន ប្រកប ដោយ ការអធិស្ឋាន ខ្ជាប់ខ្ជួន និង​ដោយ​អស់​ពី​ចិត្ត ដែល​ជា​ប្រភព​នៃ​ការបើកសម្តែង​សេចក្តីពិត និង​ការដឹកនាំ​ដែល​អាចទុក​ចិត្ត​បាន សម្រាប់ ការធ្វើ ដំណើរ លើ ផ្លូវ តូច និង​ចង្អៀតឆ្ពោះ​ទៅ​កាន់​ដើម​ជីវិត — គឺ​ទៅ​ឯ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ( «Lehi’s Dream: Holding Fast to the Rod» Ensign ខែ តុលា ឆ្នាំ ២០១១ ទំព័រ ៣៦ ) ។

សូម​ពន្យល់​ថា ពួកព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​មួយ​ចំនួន បាន​បង្រៀន​ពី​ពរជ័យ​ទាំងឡាយ ដែល​នឹង​កើតឡើង​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​តោង​ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ ។ សូម​សរសេរ​បទគម្ពីរ​យោង​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​សិក្សា​បទគម្ពីរ​មួយ ឬ​ពីរ ដោយ​ព្យាយាម​រកមើល​នូវ​ពរជ័យ​ទាំងឡាយ ដែល​មាន​ឡើង​ពី​ការសិក្សា​ព្រះបន្ទូល​នៃ​ព្រះ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​សរសេរ​ពី​ពរជ័យ​ដែល​ពួកគេ​រកឃើញ​នៅលើ​ក្ដារខៀន​ក្បែរ​បទគម្ពីរ​យោង​ដែល​ត្រូវ​គ្នា ៖

នីហ្វៃទី២ ៣:១២

នីហ្វៃទី២ ៣២:៣

នីហ្វៃទី២ ៣៣:៤-៥

យ៉ាកុប ២:៨

យ៉ាកុប ៧:១០-១១

អាលម៉ា ៥:១០–១៣

អាលម៉ា ៣១:៥

អាលម៉ា ៣៧:២, ៨-១០

ហេលេមិន ៣:២៩–៣០

ហេលេមិន ១៥:៧-៨

  • តើ​ពេលណា​ដែល​អ្នក​បាន​ទទួល​បទពិសោធន៍​នៃ​ពរជ័យ​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិពណ៌នា ពី​អ្វី​ដែល​យុវមជ្ឈិមវ័យ​នៅលីវ​អាច​ធ្វើ​បាន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដើម្បី​តោងជាប់​នឹង​ដំបង​ដែក ។

សូម​ឲ្យ​សិស្ស​គិត ថាតើ​ការប្រើប្រាស់​ព្រះគម្ពីរ​របស់​ពួកគេ អាច​និយាយ​ថា​ជា​ការតោងជាប់​នឹង​ដំបង​ដែក​ដែរ​ឬ​ទេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា ហើយ​សរសេរ​នូវ​ការណ៍​ជាក់លាក់​នានា ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​តោង​ឲ្យ​កាន់តែ​ជាប់​នឹង​ដំបង​ដែក ហើយ​ទទួល​ពរជ័យ​ទាំងនេះ​កាន់តែ​ពេញលេញ ។

អាលម៉ា ៣៧:៣៨-៤៦

ព្រះបន្ទូល​នៃ​ព្រះ​ដឹកនាំ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

សូម​រំឭក​សិស្ស​ថា ព្យាការី​លីហៃ បាន​ទទួល​ឧបករណ៍​មួយ​ពី​ព្រះអម្ចាស់ ដែល​ហៅ​ថា លីអាហូណា ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អាលម៉ា ៣៧:៣៨-៤២ ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ពី​របៀប​ដែល​លីអាហូណា​បាន​ផ្ដល់ពរ​ដល់​ក្រុមគ្រួសារ​របស់​លីហៃ ។

  • តើ​លីអាហូណា​ផ្ដល់ពរ​ដល់​គ្រួសារ​របស់​លីហៃ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ការតម្រូវ​អ្វី ពី​ក្រុមគ្រួសារ​របស់​លីហៃ ដើម្បី​ធ្វើ​ឲ្យ​លីអាហូណា​ដំណើរការ​ត្រឹមត្រូវ ? ( ត្រីវិស័យ​នោះ​ដំណើរការ នៅពេល​ដែល​ពួកគេ​ស្ដាប់​តាម​ការណែនាំ​របស់​វា ហើយ​អនុវត្ត​សេចក្ដី​ជំនឿ និង​មាន​សេចក្ដី​ឧស្សាហ៍​ព្យាយាម​ប៉ុណ្ណោះ ។ សូមមើល​ផងដែរ នីហ្វៃទី១ ១៦:២៨ ) ។

សូម​ពន្យល់​ថា អាលម៉ា​បាន​បង្រៀន​ថា ការប្រើប្រាស់​លីអាហូណា គឺជា « គំរូ » និង​ជា « ស្រមោល » មួយ—មានន័យ​ថា​ជា​និមិត្តរូប​មួយ—នៃ​របៀប​ដែល​យើង​គួរ​ប្រើប្រាស់​ព្រះបន្ទូល​នៃ​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អាលម៉ា ៣៧:៤៣-៤៦ ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ពី​ការប្រៀបធៀប​ដែល​អាលម៉ា​បាន​គូស​បញ្ជាក់​រវាង​លីអាហូណា និង​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។

  • តើ​គោលការណ៍​អ្វី​ទាក់ទង​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ដែល​អាលម៉ា​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិនបើ​យើង​ស្ដាប់តាម​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ នោះ​យើង​នឹង​ត្រូវបាន​ដឹកនាំ​ឲ្យ​នៅក្នុង​ផ្លូវ​ត្រង់​ដែល​ឆ្ពោះ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​ពេល​មាន​ពាក្យ បើសិនជា នៅក្នុង ខ ៤៥–៤៦ ។ សូម​ប្រាប់​សិស្ស​ថា ការរៀន​រកមើល​ទំនាក់ទំនង​នៃ​បុព្វហេតុ និង​ឥទ្ធិពល​គឺជា​ជំនាញ​ដ៏​សំខាន់​មួយ ដែល​អាច​ពង្រីក​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​អ្នក​គិត​ថា ការដែល​ត្រូវបាន​ដឹកនាំ​ឲ្យ​នៅក្នុង « ផ្លូវត្រង់ » មួយ​ឆ្ពោះ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច មាន​ន័យ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​ហួស​ពី​ការគ្រាន់តែ​អាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​ចាប់ផ្ដើម « ស្ដាប់​បង្គាប់​តាម » ព្រះបន្ទូល​ទាំងនោះ ។

សូម​បញ្ចប់​មេរៀន​នេះ ដោយ​ការបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន និង​សញ្ជឹងគិត​ពី​សំណួរ​ទាំងឡាយ​របស់​អែលឌើរ បែដណា ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« លំហូរ​ទៀងទាត់​មួយ​នៃ​ទឹក​រស់​គឺមាន​ភាព​ប្រសើរ​ខ្លាំងណាស់​ចំពោះ​ការ​ភ្លក់​ម្ដង​ម្កាល ។

« តើ​អ្នក និង​ខ្ញុំ អាន សិក្សា និង​ស្រាវជ្រាវ​ព្រះគម្ពីរ​ជា​ប្រចាំ​ថ្ងៃ តាម​វិធី​ដែល​អាច​ឲ្យ​យើង​កាន់ខ្ជាប់​ទៅនឹង​ដំបង​ដែក​ដែរ​ឬទេ… ? តើ​អ្នក និង​ខ្ញុំ ឆ្ពោះទៅកាន់​ប្រភព​នៃ​ទឹក​រស់—ដោយ​ពឹងផ្អែក​ទៅ​លើ​ព្រះបន្ទូល​នៃ​ព្រះ​ដែរ​ឬ​ទេ ? ទាំងនេះ​គឺជា​សំណួរ​ដ៏​សំខាន់​សម្រាប់​យើង​ម្នាក់ៗ ដើម្បី​យក​ទៅ​សញ្ជឹងគិត​ប្រកប​ដោយ​ការអធិស្ឋាន » ( «A Reservoir of Living Water» [ ការប្រជុំ​ពិសេស​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ៧ lds.org/broadcasts ) ។

សូម​សួរ​បើសិន​មាន​សិស្ស​ណា​ម្នាក់​ចង់​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន អំពី​របៀប​ដែល​ការសិក្សា​ព្រះបន្ទូល​នៃ​ព្រះ​បាន​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​សញ្ជឹង​គិត​ពី​សំណួរ​ទាំងឡាយ​ដែល​អែលឌើរ បែដណា បានសួរ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​តាម​គំនិត និង​ចំណាប់​អារម្មណ៍​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល អំឡុង​មេរៀន​នេះ ដើម្បី​ធ្វើ​ឲ្យ​ការសិក្សា​របស់​ពួកគេ​អំពី​ព្រះបន្ទូល​នៃ​ព្រះ កាន់តែ​មាន​ប្រសិទ្ធភាព និង​មាន​អត្ថន័យ ។

ការអាន​របស់​សិស្ស