ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១១ ៖ ការការពារ​ខ្លួន​យើង​ប្រឆាំង​នឹង​គោលលទ្ធិ​ខុសឆ្គង​នៃ​ថ្ងៃ​ចុងក្រោយ


មេរៀន​ទី ១១

ការការពារ​ខ្លួន​យើង​ប្រឆាំង​នឹង​គោលលទ្ធិ​ខុសឆ្គង​នៃ​ថ្ងៃ​ចុងក្រោយ

សេចក្ដីផ្ដើម

បន្ថែម​លើ​ការបង្រៀន « ភាពពោរពេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( គ. និង ស. ២០:៩ ) ព្រះគម្ពីរ​មរមន​ធ្វើ​ឲ្យ​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​មាន​ភាពរឹងមាំ ដើម្បី​ទាស់​នឹង​ការបង្រៀន និង​គំនិត​ខុសឆ្គង ដែល​មាន​ជា​ទូទៅ​ក្នុង​ថ្ងៃ​ចុងក្រោយ ។ របៀប​មួយ​ដែល​វា​សម្រេចបាន​ការណ៍​នេះ គឺ​ដោយ​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​មារសត្រូវ​របស់​ព្រះគ្រីស្ទ និង​ការស្គាល់​គោលលទ្ធិ​ខុសឆ្គង​ដែល​ពួកគេ​បាន​ពង្រីក​ឲ្យ​រាលដាល ។ ពេល​សិស្ស​សិក្សា​ពី​ដំណើរ​រឿង​នានា​នៃ​អ្នកបង្រៀន​ខុសឆ្គង​នៅក្នុង​ព្រះគម្ពីរ​មរមន ពួកគេ​នឹង​រៀន​ញែក​ឃើញ​រវាង​សេចក្ដីពិត​នៃ​ដំណឹងល្អ និង​គំនិត​ខុសឆ្គង​នៃ​លោកិយ ។

ការអាន​ពី​សាវតា

  • ដាល្លិន អេក អូក « Be Not Deceived » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៤៣–៤៦ ។

  • ដាល្លិន អេក អូក « As He Thinketh in His Heart » ( ល្ងាច​មួយ​ជាមួយ​អែលឌើរ ដាល្លិន អេក អូក ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ), lds.org/broadcasts ។

  • នែល អិល អាន់ឌើរសិន « Spiritual Whirlwinds » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ១៨–២១ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី២ ២៨:៣–៩, ១២–១៥, យ៉ាកុប ៧:១–១២, អាលម៉ា ១:២–៦, ៣០:១២–១៨, ៣៩–៤៤, យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២

ការស្គាល់ និង​ការការពារ​ខ្លួន​យើង​ទាស់​នឹង​គោលលទ្ធិ​ខុសឆ្គង

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​គំនិត​ខុសៗ​គ្នា​ដែល​មាន​នៅក្នុង​ពិភពលោក អំពី​បញ្ហា​ដូច​តទៅ​នេះ ៖ សេចក្ដីពិត​ដែល​ត្រូវបាន​ប្រទាន​ដោយ​ព្រះ​ទល់នឹង​សាបេក្ខនិយម​ខាង​សីលធម៌ ( គំនិត​ដែល​ថា​ពុំ​មាន​ត្រូវ ឬ​ខុស​ជា​ទូទៅ​ទាំងអស់​នោះ​ទេ ) សេរីភាព​ខាង​សាសនា ទល់នឹង សិទ្ធិ​នៃ​ក្រុម​ដែល​មាន​ចំណាប់​អារម្មណ៍​ពិសេស និង សិទ្ធិ​ដើម្បី​រំលូតកូន ទល់នឹង សិទ្ធិ​ដើម្បី​មាន​ជីវិត​រស់នៅ ។ នៅពេល​អ្នក​ពិភាក្សា​ពី​បញ្ហា​ទាំងនេះ សូម​គិត​ពី​ការសរសេរ​វា​នៅលើ​ក្តារខៀន ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរបី​នាទី ដើម្បី​ពិភាក្សា​ពី​មូលហេតុ​ដែល​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន ក្នុង​ការក្រសោប​យក​គំនិត​ត្រឹមត្រូវ​នានា​ ។

សូម​ពន្យល់​ថា នៅ​ជិត​ចុងបញ្ចប់​នៃ​ជីវិត​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ព្យាករ​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​ដ៏​គ្រោះថ្នាក់​ដែល​នឹង​មាន​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២ ឮៗ ។ ( អ្នក​អាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា ឃ្លា « អ្នក​ជម្រើស​ដោយ​ផ្អែក​ទៅតាម​សេចក្ដីសញ្ញា » សំដៅ​ដល់​សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​ការគំរាម​កំហែង​អ្វី​ខ្លះ ដែល « ព្រះគ្រីស្ទ​ក្លែង » និង « ហោរា​ក្លែង » បង្កើត​ជា​បញ្ហា​នៅក្នុង​ជំនាន់​របស់​យើង ?

សូម​បង្ហាញ ហើយ​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះគម្ពីរ​មរមន​បង្ហាញ​ឲ្យ​ឃើញ​នូវ​មារសត្រូវ​របស់​ព្រះគ្រីស្ទ ។ ព្រះគម្ពីរ​នេះ​ផ្ចាញ់ផ្ចាល​គោលលទ្ធិ​ក្លែងក្លាយ​ទាំងឡាយ ហើយ​បង្ក្រាប​ការទាស់ទែង​គ្នា ។ ( សូមមើល នីហ្វៃទី២ ៣:១២ ) ។ ព្រះគម្ពីរ​នេះ​ពង្រឹង​ពួកអ្នក​ដើរតាម​ដោយ​រាបសា​របស់​ព្រះគ្រីស្ទ ប្រឆាំង​នឹង​គម្រោងការ យុទ្ធសាស្រ្ត និង​គោលលទ្ធិ​ដ៏​អាក្រក់​របស់​អារក្ស​នៅសម័យ​របស់​យើង ។ បែបផែន​នៃ​ការក្បត់​សាសនា​នៅក្នុង​ព្រះគម្ពីរ​មរមន គឺ​ស្រដៀង​គ្នា​នឹង​បែបផែន​ដែល​យើង​មាន​នៅពេល​បច្ចុប្បន្ន​នេះដែរ ។ ជាមួយនឹង​ព្រះតម្រិះ​ដ៏ឥត​ព្រំដែន​របស់​ទ្រង់ ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះគម្ពីរ​មរមន លេចចេញ​ជា​រូបរាង​ឡើង ដើម្បី​ឲ្យ​យើង​អាច​ឃើញ​កំហុស ហើយ​ចេះដឹង​ពី​របៀប​តយុទ្ធ​នឹង​គំនិត​នៃ​ការអប់រំ នយោបាយ សាសនា និង​ទស្សនៈវិជ្ជា​ដែល​ខុសឆ្គង​នា​សម័យ​យើង​នេះ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៣២ ) ។

  • តើ​សេចក្ដី​ថ្លែងការណ៍​នេះ​បង្រៀន​អ្វី អំពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​មរមន អាច​ការពារ​យើង​ពី​ការបង្រៀន​ខុសឆ្គង ? ( សូម​ប្រាកដ​ថា សិស្ស​រកឃើញ​គោលការណ៍​នេះ ៖ ពេល​យើង​សិក្សា​ព្រះគម្ពីរ​មរមន ហើយ​អនុវត្ត​ការបង្រៀន​របស់​វា យើង​ត្រូវបាន​ពង្រឹង​ដើម្បី​ទាស់​នឹង​អារក្ស និង​ការបង្រៀន និង​គំនិត​ខុសឆ្គង​នៃ​សម័យ​របស់​យើង ) ។

  • តើ​មាន​ផលប្រយោជន៍​អ្វី នៅក្នុង​ការរៀន​អំពី​យុទ្ធសាស្ត្រ​របស់​សាតាំង ពីមុន​ពេល​ដែល​អ្នក​ជួប​វា​ពិត​នោះ ?

សូម​ឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ចេញពី នីហ្វៃទី២ ២៨:៣-៩ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​គំនិត​ខុសឆ្គង​ដែល​នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា នឹង​មាន​ជា​ទូទៅ​ក្នុង​ជំនាន់​យើង​នេះ ។ អ្នក​អាច​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ និង​ឃ្លា​សំខាន់ៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ហើយ​សួរ ៖

  • តើ​អ្វីខ្លះ​ជា​ឧទាហរណ៍​អំពី​គំនិត​ខុសឆ្គង​នា​សម័យ​ទំនើប​នេះ ? ( ឧទាហរណ៍​នានា​អាច​រួមមាន​ដូច​តទៅ​នេះ ៖ សាបេក្ខនិយម​ខាង​សីលធម៌, ការជឿ​ដែល​ថា ដោយសារ​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា​របស់​ព្រះ​សម្រាប់​យើង នោះ​ទ្រង់​នឹង​មិន​ដាក់ទោស​ទៅលើ​អំពើបាប, និង​ការប្រកាន់​ទាស់​នឹង​ពួក​គ្រីស្ទាន ដែល​ជា​ញឹកញាប់​ត្រូវបាន​មើល​ឃើញ​ថា​ជា​អ្នក​កាន់​សាសនា​ងងឹត​ងងល់ ឬ​ហួសហេតុ ) ។

ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​ការបង្រៀន​ខុសឆ្គង​ដែល​ពួកគេ​បាន​ជួប​ប្រទះ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ពួកព្យាការី​ក្លែង​ក្លាយ និង​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ គឺជា​ពួក​អ្នក​ដែល​ប្រកាស​ថា ព្យាការី យ៉ូសែប ស្ម៊ីធ ជា​អ្នក​បោកប្រាស់​ចម្លង​សំណៅ ពួកគេ​មានការ​សង្ស័យ​ថា ការនិមិត្ត​ដំបូង​ជា​បទពិសោធន៍​ដ៏​ពិត​មួយ ឬ​យ៉ាងណា ។ ពួកគេ​ប្រកាស​ថា ព្រះគម្ពីរ​មរមន និង​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​មាន​ចែង​ក្នុង​សាសនា ពុំ​មែន​ជា​បញ្ជី​ព្រះគម្ពីរ​ពី​បុរាណ​នោះ​ទេ ។ ពួកគេ​ក៏​ព្យាយាម​បំលែង​ធម្មជាតិ​នៃ​ក្រុមព្រះ​ផងដែរ ហើយ​ពួកគេ​បដិសេធ​ថា ព្រះ​បាន​ប្រទាន និង​បន្ត​ប្រទាន​វិវរណៈ​នៅ​សព្វថ្ងៃ​នេះ ដល់​ព្យាការី​របស់​ទ្រង់​ដែល​ត្រូវបាន​តែងតាំង និង​គាំទ្រ ។ …

« ប្រហែល​អ្វី​ដែល​ហិនហោច​ខ្លាំង​បំផុត គឺ​ពួកគេ​បដិសេធ​នឹង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ និង​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ដោយ​ប្រកែក​ថា គ្មាន​ព្រះ​ឯណា​អាច​សង្គ្រោះ​យើង​បាន​ឡើយ ។ ពួកគេ​បដិសេធ​នូវ​សេចក្ដី​ត្រូវការ​ដើម្បី​មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ។ និយាយ​ឲ្យ​ខ្លី​ទៅ ពួក​អ្នក​បង្ខូច​ទាំងនេះ ព្យាយាម​បកស្រាយ​គោលលទ្ធិ​នៃ​សាសនាចក្រ​ជា​ថ្មី ដើម្បី​ឲ្យ​សម​ទៅ​នឹង​ទស្សនៈ​ប្រឌិត​ទុក​មុន​របស់​ពួកគេ​ផ្ទាល់ ហើយ​នៅក្នុង​ដំណើរការ​នោះ ក៏​បដិសេធ​ព្រះគ្រីស្ទ និង​តួនាទី​ជា​ព្រះមេស៊ី​របស់​ទ្រង់ ។

« ពួក​ព្យាការី​ក្លែងក្លាយ និង​គ្រូបង្រៀន​ក្លែងក្លាយ​ក៏​ជា​ពួក​អ្នក​ដែល​ព្យាយាម​ផ្លាស់ប្ដូរ​គោលលទ្ធិ​ដែល​ព្រះ​ប្រទាន និង​គោលលទ្ធិ​ដែល​ផ្អែក​លើ​ព្រះគម្ពីរ ដែល​ការពារ​ភាពស័ក្ដិសិទ្ធិ​នៃ​អាពាហ៍ពិពាហ៍ លក្ខណៈ​ដ៏​ទេវភាព​នៃ​ក្រុមគ្រួសារ និង​គោលលទ្ធិ​ចាំបាច់​សម្រាប់​សីលធម៌​ផ្ទាល់​ខ្លួន ។ ពួកគេ​គាំទ្រ​ដល់​ការផ្ដល់​និយមន័យ​ជា​ថ្មី​ដល់​សីលធម៌ ដើម្បី​ធ្វើ​ឲ្យ​សម​ដល់​អំពើ​កាមគុណ ផិតក្បត់ និង​ទំនាក់ទំនង​ភេទ​ដូច​គ្នា » ( « Beware of False Prophets and False Teachers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៣–៦៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ នីហ្វៃទី២ ២៨:១២-១៥ ដោយ​ស្វែងរក​លទ្ធផល​ទាំងឡាយ​នៃ​ការជឿ​លើ​ការបង្រៀន​ខុសឆ្គង​ទាំងនេះ ។

  • តើ​អ្វីខ្លះ ជា​លទ្ធផល​មួយចំនួន​នៃ​ការជឿ​លើ​ការបង្រៀន និង​គំនិត​ខុសឆ្គង​ទាំងនោះ ?

សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ពី​អែលឌើរ អូលីសេស សូរ៉េស នៃ​គណៈប្រធាន​ពួក​ចិតសិបនាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ អូលីសេស សូរ៉េស

« យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ខ្លួន​យើង ត្រូវ​បោកបញ្ឆោត​ដោយ​សារដំណឹង​ដ៏​មាន​ប្រជាប្រិយ ដែល​ពិភពលោក​ងាយ​នឹង​ទទួល ហើយ​ដែល​ជំទាស់​នឹង​គោលលទ្ធិ និង​គោលការណ៍​ពិត នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឡើយ ។ សារដំណឹង​របស់​លោកិយ​ជាច្រើន គឺពុំ​តំណាង​អ្វី​ក្រៅ​ពី​ការព្យាយាម​ឲ្យ​សង្គម​យើង ដោះសារ​ចំពោះ​អំពើ​បាប​នោះ​ឡើយ » ( « Yes, We Can and Will Win! » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៧៥ ) ។

  • តើ​អែលឌើរ សូរ៉េស បាន​មាន​ប្រសាសន៍​ថា អ្វី​ទៅ​ជា​គោលលបំណង​នៃ​សារដំណឹង​ដ៏​មាន​ប្រជាប្រិយភាព​ជាច្រើន​នោះ ដែល​ជំទាស់​នឹង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្តីពិត​នេះ ៖ សាតាំង​ប្រើប្រាស់​ការបង្រៀន​ក្លែងក្លាយ ដើម្បី​ទាក់ទាញ​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ។ អ្នក​អាច​យោង​ទៅ អាលម៉ា ៣០:៥៣ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​សេចក្ដីពិត​នេះ ) ។

សូម​ចែក​សិស្ស​ជា​បី​ក្រុម ។ សូម​សរសេរ​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​ដាក់​លើ​ក្ដារខៀន ហើយ​ចាត់​ឲ្យ​ក្រុម​នីមួយៗ សិក្សា​វគ្គ​បទគម្ពីរ​មួយ ៖ យ៉ាកុប ៧:១–៧, អាលម៉ា ១:២–៦អាលម៉ា ៣០:១២–១៨ ។ សូម​ឲ្យ​សិស្ស​រកមើល​ការបង្រៀន​ក្លែងក្លាយ​មួយ​ចំនួន​ដែល​បានបង្រៀន​ដោយ​សេរេម នីហូរ និង​កូរីហូរ ហើយ​ឲ្យ​សរសេរ​វា​នៅលើ​ក្ដារខៀន ខាងក្រោម​ចំណងជើង​ត្រឹមត្រូវ ។

សេរេម ( យ៉ាកុប ៧:១-៧ )

នីហូរ ( អាលម៉ា ១:២-៦ )

កូរីហូរ ( អាលម៉ា ៣០:១២-១៨ )

  • តើ​អ្នក​ធ្លាប់​បាន​ឃើញ​ការបង្រៀន និង​គំនិត​ខុសឆ្គង ដូច​ដែល​មាន​សរសេរ​នៅលើ​ក្ដារខៀន​នេះ ជះ​ឥទ្ធិពល​លើ​សមាជិក​សាសនាចក្រ​នៅសព្វ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រៀបធៀប យ៉ាកុប ៧:៥, ៨–១២ និង អាលម៉ា ៣០:៣៩–៤៤ ដើម្បី​ឃើញ​ពី​អ្វី​ដែល​ពង្រឹង​ដល់​យ៉ាកុប និង​អាលម៉ា ទាស់​នឹង​ការបង្រៀន​ក្លែងក្លាយ​របស់​សេរេម និង​កូរីហូរ ។ ( កំណត់​សម្គាល់ ៖ ការប្រៀបធៀប​គឺជា​ជំនាញ​ការសិក្សា​ព្រះគម្ពីរ​មួយ ។ ការកត់​ចំណាំ​ពី​ភាពដូចគ្នា ឬ​ខុសគ្នា « រវាង​ការបង្រៀន មនុស្ស ឬ​ព្រឹត្តិការណ៍ ដែល​អាច​នាំ​សេចក្តីពិត​នៃ​ដំណឹងល្អ​ឲ្យ​មាន​ការផ្ដោត​កាន់តែ​ខ្លាំង​ឡើង » [ ការបង្រៀន និង​ការរៀន​ដំណឹងល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និង​អ្នក​ដឹកនាំ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ( ឆ្នាំ ២០១២ ) ទំព័រ ២២ ] ) ។

  • តើ​អ្វី​ដែល​បាន​ពង្រឹង​យ៉ាកុប និង​អាលម៉ា​ទាស់​នឹង​ការបង្រៀន​ក្លែងក្លាយ ? ( ចម្លើយ​អាច​រួម​មាន​ដូច​តទៅ​នេះ ៖ បទពិសោធន៍​ខាង​វិញ្ញាណ​ពីមុនៗ​មក ចំណេះ​ដឹង​អំពី​ព្រះគម្ពីរ ចំណេះដឹង​ដែល​ទទួល​បាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ) ។

  • តើ​គោលការណ៍​មួយ​ណា ដែល​យើង​អាច​រៀន​ពី​ការឆ្លើយតប​របស់​យ៉ាកុប និង​អាលម៉ា ចំពោះ​ការបង្រៀន​ក្លែងក្លាយ​ទាំងនេះ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​នេះ ៖ នៅពេល​យើង​ពឹង​ផ្អែក​លើ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ ហើយ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​យក​ឈ្នះ​ទៅលើ​ឧបសគ្គ​ទាំងឡាយ​ដែល​កើត​មាន​ចំពោះ​សេចក្ដី​ជំនឿ​របស់​យើង​បាន ) ។

  • តើ​ទីបន្ទាល់​របស់​អ្នក​បាន​ពង្រឹង​អ្នក​ឲ្យ​ទាល់​នឹង​ការបង្រៀន​ក្លែងក្លាយ និង​ការរិះគន់​អំពី​ជំនឿ​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ដើម្បី​ការពារ​ខ្លួនឯង​ពី​ការបង្រៀន​ក្លែងក្លាយ ដែល​អាច​កាត់បន្ថយ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ ។

នីហ្វៃទី២ ២៦:២៩, នីហ្វៃទី៣ ១៨:២៤, ២៧:២៧

ការដឹង​ពី​គ្រោះថ្នាក់​ទាំងឡាយ​នៃ​ឧបាយកល​ផ្នែក​សង្ឃ

សូម​ប្រាប់​សិស្ស​ថា គ្រោះថ្នាក់​ខាង​វិញ្ញាណ​មួយ​ចំនួន​ចំពោះ​សាសនាចក្រ គឺមក​ពី​សមាជិក​នៅក្នុង​សាសនាចក្រ​តែម្ដង ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី២ ២៦:២៩ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដែល​នីហ្វៃ​បាន​ពិពណ៌នា ។

  • យោង​តាម​វគ្គ​បទគម្ពីរ​នេះ តើ​អ្វី​ជា​ឧបាយកល​ផ្នែក​សង្ឃ ? ( ពេល​មនុស្ស​ផ្សាយ​ដំណឹងល្អ​ដើម្បី​បាន​កិត្តិនាម​ផ្ទាល់ខ្លួន ឬ​បាន​ទ្រព្យសម្បត្តិ​ជាជាង​សម្រាប់​សុខុមាលភាព​នៃ​បុត្រា​បុត្រី​ព្រះ ) ។

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​ឧបាយកល​ផ្នែកសង្ឃ បង្កើត​ជា​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដល់​សមាជិក​សាសនាចក្រ​នោះ ?

ដើម្បី​ជួយ​ឆ្លើយ​សំណួរ​ទាំងនេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ចូរ​យើង​ប្រយ័ត្ន​នឹង​ព្យាការី​ក្លែងក្លាយ និង​គ្រូ​បង្រៀន​ក្លែងក្លាយ ទាំង​បុរស និង​ស្ត្រី ដែល​ជា​អ្នក​ប្រកាស​តែងតាំង​ខ្លួន​ឯង​ពី​គោលលទ្ធិ​នៃ​សាសនាចក្រ ហើយ​ដែល​ព្យាយាម​ផ្សាយ​​ដំណឹងល្អ​ដ៏​ខុសឆ្គង​របស់​ពួកគេ និង​ទាក់ទាញ​អ្នកដើរ​តាម​ដោយ​ការឧបត្ថម្ភនូវ​ការរួបរួម​គំនិត សៀវភៅ និង​កំណត់ហេតុ​ដែល​មាន​អត្ថន័យ​ប្រកួត​នឹង​គោលលទ្ធិ​គ្រឹះ​នៃ​សាសនាចក្រ ។ សូម​ប្រយ័ត្ន​នឹង​អស់​អ្នកទាំងឡាយ​ណា​ដែល​និយាយ និង​ផ្សព្វផ្សាយ​ផ្ទុយ​ពី​ព្យាការី​ដ៏​ពិត​របស់​ព្រះ និង​ដែល​បាន​ញ៉ាំង​ឲ្យ​អ្នកដទៃ​ប្ដូរ​សាសនា​យ៉ាង​សកម្ម​ដោយ​មិន​ខ្វល់ពីសុខុមាលភាព​ដ៏​អស់កល្ប​ជានិច្ច​របស់​អស់​អ្នក​ទាំងឡាយ​ដែល​ពួកគេ​បាន​ទាក់ទាញចិត្ត​នោះ » ( « Beware of False Prophets and False Teachers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៣ ) ។

  • តើ​អ្នក​អាច​ការពារ​ខ្លួន​ឯង និង​អ្នក​ផ្សេងទៀត​ពី​ឧបាយកល​ផ្នែក​សង្ឃ​បាន​ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​ការពារ​គោលលទ្ធិ​នៃ​សាសនាចក្រ ពេល​អ្នក​ផ្សេងទៀត​និយាយ​ផ្ទុយ​ពី​ព្យាការី​ថ្ងៃ​ចុងក្រោយ​របស់​ព្រះ យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​ប្រាប់​ដល់​សិស្ស​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់ ពី​របៀប​ដែល​ពួកអ្នក​ដែល​ជា​តំណាង​ទ្រង់​គួរ​បង្រៀន និង​ជះឥទ្ធិពល​លើ​អ្នក​ដទៃ​ទៀត ។ សូម​ឲ្យ​សិស្ស​អាន​ដោយ​ស្ងាត់ស្ងៀម​ពី នីហ្វៃទី៣ ១៨:២៤ និង នីហ្វៃទី៣ ២៧:២៧ ដោយ​ស្វែងរក​របៀប​ដែល​ការបម្រើ​ដំណឹងល្អ​ដ៏​ពិត​ខុស​គ្នា​ពី​ឧបាយកល​ផ្នែក​សង្ឃ ។

  • តើ​ការជំរុញ និង​សកម្មភាព​របស់​គ្រូបង្រៀន និង​អ្នកដឹកនាំ​ដ៏​សុចរិត ខុសគ្នា​ពី​ការជំរុញ និង​សកម្មភាព​របស់​ពួកអ្នក​ដែល​ធ្វើ​ខុស​ខាង​ឧបាយកល​ផ្នែក​សង្ឃ​យ៉ាង​ដូចម្ដេច​ដែរ ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ស្វែងរក​បម្រើ និង​ផ្ដល់ពរ​ដល់​អ្នក​ផ្សេងទៀត​ដោយ​ការចង្អុល​បង្ហាញ​ពួកគេ​ឲ្យ​ទៅរក​ទ្រង់ ) ។

មរ៉ូណៃ ៧:១២–១៧, អេធើរ ៤:១១–១២

ការញែក​ដឹង​សេចក្តីពិត និង​ការណ៍​ខុសឆ្គង

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​មួយ​ដែល​មាន​នរណា​ម្នាក់​សង្ស័យ ឬ​រិះគន់​ការជឿ​អំពី​សាសនា​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ចែកចាយ​ដោយ​សង្ខេប​ពី​បទពិសោធន៍​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី មរ៉ូណៃ ៧:១២–១៧ និង អេធើរ ៤:១១–១២ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​របៀប​ដើម្បី​ញែក​ឲ្យ​ដឹង​ថា​អ្វី​មក​ពី​ព្រះអម្ចាស់ និង​អ្វី​មក​ពី​អារក្ស ។

  • តើ​អ្នក​រៀន​អ្វី​ពី​វគ្គបទគម្ពីរ​នេះ អំពី​របៀប​ដែល​យើង​អាច​វិនិច្ឆ័យ​រវាង​ល្អ និង​អាក្រក់ ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ពី​គោលការណ៍​ដូច​តទៅ​នេះ ៖ អ្វី​គ្រប់​យ៉ាង​ដែល​មក​ពី​ព្រះ អញ្ជើញ​យើង​ឲ្យ​ធ្វើ​ល្អ ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ស្រឡាញ់ ហើយ​បម្រើ​ព្រះ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« សូម​ឲ្យ​ខ្ញុំ​ប្រាប់​ពី​ការសាកល្បង​បី ដើម្បី​ចៀសវាង​ពី​ការដែល​ត្រូវ​គេ​បញ្ឆោត ។ …

« ១. តើ​បទដ្ឋាន​ព្រះគម្ពីរ​និយាយ​អ្វី​ខ្លះ​អំពី​បញ្ហា​នេះ ? …

« ២. ការណែ​នាំ​ទីពីរ​គឺ ៖ តើ​ប្រធាន​សាសនាចក្រ​ទាំងឡាយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​ត្រូវ​តែ​និយាយ​អ្វី​ខ្លះ​ស្តីពី​ប្រធាន​បទ​នោះ—ជា​ពិសេស​ប្រធាន​សាសនាចក្រ​ដែល​កំពុង​រស់​នៅ ? …

« ៣. ការល្បង​ទី​បី និង​ចុង​ក្រោយ គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ—ការសាកល្បង​នៃ​ព្រះវិញ្ញាណ ។ … ការសាកល្បង​នេះ​អាច​មាន​ប្រសិទ្ធិភាព​ពេញលេញ​បាន បើ​សិន​សមត្ថភាព​ទំនាក់​ទំនង​របស់​អ្នក​ណា​ម្នាក់​ជាមួយ​ព្រះ​មាន​ភាព​ស្អាតស្អំ និង​គុណធម៌ និង​មិន​ប្រឡូក​ប្រឡាក់​ជាមួយ​នឹង​អំពើ​បាប » ( នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៦៣ ទំព័រ ១៦–១៧ ) ។

ដើម្បី​បញ្ចប់ សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ប្រើប្រាស់​ព្រះគម្ពីរ ពាក្យសម្ដី​របស់​ព្យាការី និង​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ប្រសើរ ដើម្បី​ឃើញ​ពី​ការបង្រៀន​ក្លែងក្លាយ និង​ចៀសវាង​ពី​ការដែល​ត្រូវ​គេ​បោក​បញ្ឆោត ។ អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សិក្សា យ៉ាកុប ៧, អាលម៉ា ១ និង អាលម៉ា ៣០ កាន់តែ​ពិស្ដារ ហើយ​ពិចារណា​ពី​របៀប​ដែល​ជំពូក​ទាំងនេះ​អាច​ជួយ​ពួកគេ​បែង​ចែក​កាន់តែ​ច្បាស់​រវាង​សេចក្ដី​ពិត និង​ការណ៍​ខុសឆ្គង ។

ការអាន​របស់​សិស្ស