ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៨ ៖ ការត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ចុងក្រោយ​នៃ​ការជំនុំ​ជម្រះ


មេរៀន​ទី ១៨

ការត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ចុងក្រោយ​នៃ​ការជំនុំ​ជម្រះ

សេចក្ដីផ្ដើម

ជីវិត​រមែង​ស្លាប់​គឺជា​ពេលវេលា​សម្រាប់​ឲ្យ មនុស្ស ប្រុងប្រៀប​ខ្លួន​ទៅជួប​នឹង​ព្រះ ។ ព្រះគម្ពីរ​មរមន​ពន្យល់​ពី​អ្វី​ដែល​កើតឡើង​ចំពោះ​វិញ្ញាណ របស់​យើង​នៅ​ចន្លោះ​នៃ​សេចក្តីស្លាប់ និង​ដំណើរ​រស់ឡើងវិញ ។ បន្ទាប់​ពី​វិញ្ញាណ​របស់​យើង​ត្រូវបាន​ស្ដារឡើង​វិញ​ដល់​រូបកាយ​អមតៈ​របស់​យើង យើង​នឹង​ឈរ​នៅ​ចំពោះ​បល្ល័ង្ក​ជំនុំ​ជម្រះ​របស់​ព្រះ ជា​កន្លែង​ដែល​សកម្មភាព និង​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​យើង នឹង​កំណត់​ពី​រង្វាន់​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។

ការអាន​ពី​សាវតា

  • ដាល្លិន អេក អូក « Resurrection » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ១៤–១៦ ។​

  • ឌី ថត គ្រីស្តូហ្វឺសិន «The Resurrection of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១១–១៤ ។

  • «Understanding Death and Resurrection» ជំពូក​ទី ៣៧ នៅក្នុង Teachings of Presidents of the Church: Brigham Young ( ឆ្នាំ ១៩៩៧ ) ទំព័រ ២៧៣–៧៨ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា ៣៤:៣២–៣៤, ៤០:៦–៧, ១១–១៤

បន្ទាប់​ពី​សេចក្ដី​ស្លាប់ ពួក​អ្នក​សុចរិត​ទៅ​កាន់​ស្ថាន​បរមសុខ ហើយ​ពួក​ទុច្ចរិត​ទៅកាន់​ស្ថាន​ឃុំ​វិញ្ញាណ ។

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ នៅលើ​ក្ដារខៀន​ពី​មុន​ចាប់ផ្ដើម​បង្រៀន ៖

តើ​មនុស្ស​ដែល​មិន​យល់​ពី​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​របស់​ខ្លួន ហើយ​មិន​ជឿ​ពី​ជីវិត​ក្រោយ​ស្លាប់ អាច​នឹង​រស់នៅ​ខុស​គ្នា​ពី​មនុស្ស​ដែល​យល់​ការណ៍​ទាំងនេះ​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​ឲ្យ​សិស្ស​ឆ្លើយតប​សំណួរ​នេះ ។ បន្ទាប់មក សូម​រំឭក​ពួកគេ​ថា ព្រះគម្ពីរ​មរមន​ជួយ​យើង​ឲ្យ​យល់​ពី​គោលបំណង​នៃ​ជីវិត​នៅលើ​ផែនដី ហើយ​បង្រៀន​យើង​ថា ជីវិត​នៅតែ​បន្ត​បន្ទាប់​ពី​សេចក្ដី​ស្លាប់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អាលម៉ា ៣៤:៣២-៣៤ ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​អ្វី​ដែល​អាមូលេក បាន​បង្រៀន​ប្រជាជន​អាំម៉ូណៃហា អំពី​គោលបំណង​នៃ​ជីវិត ។

  • តើ​គោលលទ្ធិ​សំខាន់ៗ​អ្វី​ខ្លះ អំពី​គោលបំណង​នៃ​ជីវិត​នៅលើ​ផែនដី ដែល​អាមូលេក​បាន​បង្រៀន ? ( សិស្ស​គួរ​រកឃើញ​គោលលទ្ធិ​បី​បួន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ រួម​មាន​ដូច​តទៅ​នេះ ៖ ជីវិត​នេះ​គឺជា​ពេលវេលា​សម្រាប់​ឲ្យ មនុស្ស ប្រុងប្រៀប​ខ្លួន​ទៅជួប​នឹង​ព្រះ ) ។

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​គោលលទ្ធិ​នេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប ដែល​អ្នក​គួរតែ​រស់នៅ​ជា​រៀងរាល់​ថ្ងៃ នៅ​ទី​នេះ ក្នុង​ភាព​រមែង​ស្លាប់​នេះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​គោលលទ្ធិ​នេះ សូម​គិត​អំពី​ការចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« យើង​យល់​ថា យើង​បាន​មក​កាន់​ផែនដី​នេះ​ដើម្បី​រៀន ដើម្បី​រស់នៅ ដើម្បី​រីកចម្រើន​នៅក្នុង​ដំណើរ​ដ៏​អស់កល្ប​របស់​យើង​ឆ្ពោះ​ទៅ​កាន់​ភាពឥតខ្ចោះ ។ អ្នក​ខ្លះ​រស់នៅ​លើ​ផែនដី​តែ​មួយ​រយៈ​ខ្លី ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​រស់នៅ​យូរ​នៅលើ​ដែនដី ។ រង្វាស់​នោះ​គឺ​មិនមែន​យូរ​ប៉ុណ្ណា​ដែល​យើង​រស់នៅ​នោះ​ទេ តែ​ថា​យើង​រស់នៅ​បាន​ល្អ​ប៉ុណ្ណា​វិញ » ( «He Is Risen» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨១ ទំព័រ ១៨ ) ។

  • ហេតុអ្វី​អាមូលេក​បាន​ព្រមាន​យើង​ថា កុំ​ពន្យារ​ពេល​នៃ​ការប្រែចិត្ត​របស់​យើង ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈ​ប្រធាន​ទី​មួយ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​មូលហេតុ​ដែល​វា​មាន​គ្រោះថ្នាក់​នៅក្នុង​ការពន្យា​ពេល ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« មាន​គ្រោះថ្នាក់​មួយ​នៅក្នុង​ពាក្យ​ថា នៅ​ថ្ងៃ​ណា​មួយ ជា​ពេល​ដែល​មានន័យ​ថា វា ‹ មិនមែន​ថ្ងៃ​នេះ​ទេ › ។ ‹ ខ្ញុំ​នឹង​ប្រែចិត្ត​នៅ​ថ្ងៃ​ណា​មួយ › ។ ‹ ខ្ញុំ​នឹង​អភ័យទោស​ឲ្យ​គាត់​នៅ​ថ្ងៃ​ណា​មួយ › ។ ‹ ខ្ញុំ​នឹង​និយាយ​ជាមួយ​មិត្ត​ខ្ញុំ​អំពី​សាសនាចក្រ​នៅ​ថ្ងៃ​ណា​មួយ › ។ ‹ ខ្ញុំ​នឹង​ចាប់ផ្ដើម​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់​នៅ​ថ្ងៃ​ណា​មួយ › ។ ‹ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ​នៅ​ថ្ងៃ​ណា​មួយ › ។ ‹ នៅ​ថ្ងៃ​ណាមួយ … › ព្រះគម្ពីរ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​គ្រោះថ្នាក់​នៃ​ការពន្យារ​ពេល [ អាលម៉ា ៣៤:៣៣-៣៤ ] ។ … ថ្ងៃ​នេះ គឺជា​អំណោយ​ដ៏​មាន​តម្លៃ​មួយ​ពី​ព្រះ ។ គំនិត​ដែល​ថា ‹ នៅ​ថ្ងៃ​ណាមួយ ខ្ញុំ​នឹង › អាច​ជា​ចោរ​ឆក់​យក​ឱកាស និង​ពរជ័យ​នានា​នៃ​ភាពអស់កល្ប​ជានិច្ច » ( «This Day» EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៨៩ ) ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​ចេញពី អាលម៉ា ៤០:៦–៧, ១១–១៤ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ដល់​កូរីអានតុន​ជា​កូនប្រុស​លោក អំពី​អ្វី​ដែល​កើតឡើង​ដល់​វិញ្ញាណ​របស់​យើង​បន្ទាប់​ពី​យើង​ស្លាប់​ទៅ ។ ( វា​អាច​មាន​ប្រយោជន៍​ក្នុង​ការចង្អុល​បង្ហាញ​ថា ពេល​អាលម៉ា​បានប្រើ​ឃ្លា​ថា « ភាពងងឹត​ខាងក្រៅ » លោក​ពុំ​បាន​សំដៅ​ដល់​ស្ថានភាព​ចុងក្រោយ​របស់​សាតាំង និង​ពួក​អ្នក​ដែល​ត្រូវ​ជាប់ទោស​នោះ​ទេ ។ តែ​លោក​សំដៅ​លើ​ស្ថានភាព​នៃ​ពួកទុច្ចរិត នៅ​ចន្លោះ​ពេល​នៃ​សេចក្ដី​ស្លាប់ និង​ដំណើរ​រស់ឡើង​វិញ​របស់​ពួកគេ ។ យើង​តែងតែ​សំដៅ​ដល់​ស្ថានភាព​នេះ​ថា​ជា​ស្ថាន​ឃុំ​វិញ្ញាណ ) ។

  • តើ​អ្វី​ជា​ភាពខុសគ្នា​រវាង​ស្ថានភាព​របស់​ពួក​សុចរិត និង​ស្ថានភាព​របស់​ពួក​ទុច្ចរិត បន្ទាប់​ពី​សេចក្ដី​ស្លាប់ ? ( ទោះបីជា​ពួកគេ​អាច​ប្រើ​ពាក្យ​សម្ដី​ខុសគ្នា​មែន ក៏​សិស្ស​គួរ​តែ​រកឃើញ​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ នៅ​ចន្លោះ​ពេល​នៃ​សេចក្ដី​ស្លាប់ និង​ដំណើរ​រស់​ឡើងវិញ វិញ្ញាណ​របស់​ពួក​អ្នក​សុចរិត​ទៅ​នៅ​ស្ថាន​បរមសុខ ហើយ​វិញ្ញាណ​របស់​ពួក​ទុច្ចរិត​ទៅនៅ​ស្ថាន​ឃុំ​វិញ្ញាណ ) ។

  • ហេតុអ្វី​វា​សំខាន់​ក្នុង​ការយល់​ថា សកម្មភាព​ទាំងឡាយ​របស់​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ នឹង​ជះ​ឥទ្ធិពល​លើ​អ្វី​ដែល​យើង​ដក​ពិសោធន៍​នៅ​បន្ទាប់​ពី​សេចក្ដី​ស្លាប់ ?

នីហ្វៃទី២ ៩:១២–១៣, ម៉ូសាយ ១៥:២១–២៦, ១៦:៦–១១, អាលម៉ា ១១:៤០–៤៥, ៤០:៤–៥, ១៩–២៤

វិញ្ញាណ​របស់​យើង​នឹង​ត្រូវបាន​ផ្គុំ​ចូល​ក្នុង​រូបកាយ​យើង​វិញ​នៅក្នុង​ដំណើរ​រស់​ឡើងវិញ

សូម​រំឭក​សិស្ស​ថា ពេល​អ័ប៊ីណាដៃ​បាន​បង្រៀន​ស្ដេច​ណូអេ និង​ពួក​សង្ឃ​របស់​ទ្រង់ លោក​បាន​ពិពណ៌នា​ពី​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​យើង បន្ទាប់​ពី​សេចក្ដី​ស្លាប់ ។ គោលលទ្ធិ​ដែល​លោក​បាន​បង្រៀន ពិពណ៌នា​ពី​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​យើង បន្ទាប់​ពី​ពេលវេលា​របស់​យើង​នៅក្នុង​ពិភព​វិញ្ញាណ ទាំង​ក្នុង​ស្ថាន​បរមសុខ ឬ​ស្ថាន​ឃុំ​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន ម៉ូសាយ ១៦:៦-១១ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​អ័ប៊ីណាដៃ​បាន​បង្រៀន ។

  • តើ​គោលលទ្ធិ​អ្វី​ខ្លះ ដែល​អ័ប៊ីណាដៃ​បាន​បង្រៀន​អំពី​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​យើង បន្ទាប់​ពី​ពេលវេលា​របស់​យើង​នៅក្នុង​ពិភព​វិញ្ញាណ ? ( សូម​សង្កត់ធ្ងន់​ទៅលើ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្ដាច់​ចំណង​នៃ​សេចក្ដី​ស្លាប់ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​រស់​ឡើងវិញ ហើយ​ទទួល​រូបកាយ​អមតៈ​មួយ ។ ពួក​អ្នក​សុចរិត​នឹង​គ្រង​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទុក​ជា​មរតក ហើយ​ពួក​ទុច្ចរិត​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​ការជាប់ទោស​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ) ។

សូម​ប្រាប់​សិស្ស​ថា ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​ជាច្រើន បាន​ថ្លែង​ទីបន្ទាល់​ពី​ដំណើរ​រស់​ឡើងវិញ ហើយ​បាន​ពន្យល់​ពី​ស្ថានភាព​របស់​វា ។ សូម​ចម្លង​វគ្គ​បទគម្ពីរ​ទាំងនេះ​ដាក់​លើ​ក្ដារខៀន ( ដោយ​កុំ​ចម្លង​ការសង្ខេប​ដែល​មាន​មក​ជាមួយ​នោះ​ឡើយ ) ហើយ​ចាត់​សិស្ស​ម្នាក់ៗ​ឲ្យ​អាន​វគ្គ​បទគម្ពីរ​មួយ ។ សូម​ប្រាកដ​ថា វគ្គ​បទគម្ពីរ​ទាំងអស់ ត្រូវបាន​ចាត់​ដល់​សិស្ស ។ សូម​ឲ្យ​សិស្ស​អាន​វគ្គ​បទគម្ពីរ​របស់​ខ្លួន​ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ព័ត៌មាន​ពិស្ដារ​បន្ថែម​ទៀត​អំពី​ដំណើរ​រស់​ឡើងវិញ ។

នីហ្វៃទី២ ៩:១២-១៣ ( ស្ថាន​បរមសុខ​នឹង​ប្រគល់​វិញ្ញាណ​ទាំងឡាយ​ដែល​សុចរិត ចំណែក​ឯ​ស្ថាន​ឃុំ​វិញ្ញាណ​នឹង​ប្រគល់​វិញ្ញាណ​ទាំងឡាយ​ដែល​ទុច្ចរិត ។ វិញ្ញាណ​របស់​យើង​នឹង​ត្រូវបាន​ផ្គុំ​ចូល​ក្នុង​រូបកាយ​យើង​វិញ ហើយ​ក្លាយ​ជា​ព្រលឹង​ដ៏​អមតៈ ) ។

ម៉ូសាយ ១៥:២១-២៦ ( ពួក​អ្នក​សុចរិត​នឹង​ចេញ​មក​នៅក្នុង​ដំណើរ​រស់​ឡើង​វិញ​លើក​ទីមួយ ក៏​ដូច​ជា​ពួក​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ការល្ងិតល្ងង់ ព្រម​ទាំង​ពួក​កូន​ក្មេង​ផងដែរ ។ ពួក​ទុច្ចរិត​គ្មាន​ចំណែក​នៅក្នុង​ដំណើរ​រស់​ឡើងវិញ​លើក​ទីមួយ​ឡើយ ) ។

អាលម៉ា ១១:៤០-៤៥ ( វិញ្ញាណ និង​រូបកាយ​របស់​មនុស្ស​ទាំងអស់ ទាំង​ទុច្ចរិត និង​សុចរិត នឹង​រួម​គ្នា​វិញ​នៅក្នុង​ទម្រង់​ល្អ​ឥត​ខ្ចោះ ហើយ​នឹង​ឈរ​នៅ​ចំពោះ​ព្រះ ដើម្បី​ទទួល​ការជំនុំ​ជម្រះ​ទៅតាម​កិច្ចការ​របស់​ខ្លួន ) ។

អាលម៉ា ៤០:៤-៥, ១៩-២៤ ( មាន​ពេល​មួយ​នៅ​ចន្លោះ​សេចក្ដី​ស្លាប់ និង​ដំណើរ​រស់​ឡើង​វិញ ជា​ពេល​ដែល​វិញ្ញាណ​ទាំងឡាយ​នឹង​ទៅ​កាន់​ពិភព​វិញ្ញាណ ។ បន្ទាប់​ពី​នោះ មាន​ពេល​មួយ​ដែល​ត្រូវបាន​ចាត់​ឲ្យ​វិញ្ញាណ​នៃ​មនុស្ស​ទាំងអស់ ដើម្បី​បាន​សាង​ទៅ​ជា​រូបរាង​ដ៏​ឥត​ខ្ចោះ ហើយ​ឈរ​ចំពោះ​ព្រះ​ដើម្បី​ទទួល​ការជំនុំ​ជម្រះ ) ។

សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេញពី​វគ្គ​បទគម្ពីរ​របស់​ខ្លួន អំពី​ដំណើរ​រស់​ឡើង​វិញ ។ សូម​គិត​អំពី​ការសរសេរ​ពី​ការយល់ដឹង​ជ្រាលជ្រៅ​របស់​ពួកគេ នៅលើ​ក្ដារខៀន​ក្បែរ​បទគម្ពីរ​យោង​ដែល​ត្រូវ​គ្នា ។ បើ​សិន​ចាំបាច់ សូម​សួរ​សំណួរ​មួយ ឬ​ច្រើន​ជាង​នោះ ដូច​ខាងក្រោម​នេះ ដើម្បី​ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​សិស្ស​អំពី​វគ្គ​បទគម្ពីរ​ទាំងនេះ​កាន់តែ​ស៊ី​ជម្រៅ ។

  • តើ​សេចក្ដីពិត​ទាំងនេះ​ពង្រឹង​ដល់​ជំនឿ​របស់​អ្នក ដែល​ថា ដំណើរ​រស់​ឡើង​វិញ​ពិត ហើយ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​ពី​របៀប​ដែល​ទីបន្ទាល់​អំពី​ដំណើរ​រស់​ឡើងវិញ អាច​ផ្ដល់​ពរ​ដល់​យើង​ក្នុង​ភាពរមែង​ស្លាប់​នេះ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« សាវក​ប៉ុល បាន​ប្រាប់​ពី​ការពិត​ដែល​ថា ព្រះ​ដ៏​ជា​ព្រះវរបិតា នៅក្នុង​សេចក្តី​មេត្តា​ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ ‹ បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ › ( ពេត្រុស ទី១ ១:៣ សូមមើល​ផងដែរ ថែស្សាឡូនីច ទី១ ៤:១៣-១៨ ) ។

« ‹ សេចក្ដី សង្ឃឹម​ដ៏​រស់ › ដែល​យើង​មាន​ដោយសារ​ការរស់​ឡើងវិញ គឺជា​ការជឿជាក់​ដ៏​ពិត​របស់​យើង​ថា សេចក្ដីស្លាប់​មិន​មែន​ជា​ទីបញ្ចប់​របស់​យើង​ទេ ប៉ុន្ដែ​គ្រាន់តែ​ជា​ជំហាន​ដ៏​ចាំបាច់​មួយ​នៅក្នុង​ការផ្លាស់ប្ដូរ​ដែល​បាន​ចែងមក​ពី​ភាពរមែង​ស្លាប់ ទៅ​ជា​អមតភាព ។ សេចក្ដី​សង្ឃឹម​នេះ​ផ្លាស់ប្ដូរ​ការសង្ឃឹម​ទុក​ទាំងស្រុង​នៃ​ជីវិត​រមែង​ស្លាប់ ។ …

« ការធានា​នៃ​ការរស់ឡើងវិញ​ផ្ដល់​ដល់​យើង​នូវ​កម្លាំង និង​ការសង្ឃឹមទុក​ដើម្បី​តស៊ូ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​រមែងស្លាប់​ដែល​យើង​ម្នាក់ៗ​ត្រូវ​ប្រឈម​មុខ ព្រមទាំង​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ផងដែរ ដូចជា​រឿង​ទាក់ទង​នឹង​អសមត្ថភាព​ខាង​រាងកាយ ស្មារតី ឬ​អារម្មណ៍ ដែល​យើង​នាំ​មក​ពេល​យើង​កើតភ្លាម ឬ​ទទួល​បាន​នាពេល​ជីវិត​រមែងស្លាប់​នេះ ។ ពីព្រោះតែ​ការរស់ឡើងវិញ នោះ​យើង​ដឹង​ថា អសមត្ថភាព​នៃ​ជីវិត​រមែងស្លាប់​ទាំងនេះ​គឺ​គ្រាន់តែ​មួយ​រយៈ​ប៉ុណ្ណោះ !

« ការធានា​នៃ​ការរស់ឡើងវិញ​ក៏​ផ្ដល់​ដល់យើង​នូវ​គំនិត​ផ្ដួចផ្ដើម​ដ៏​មាន​អំណាច​មួយ​ដើម្បី​កាន់តាម​ព្រះបញ្ញតិ្ត​របស់​ព្រះ ពេល​យើង​មាន​ជីវិត​រមែងស្លាប់​នេះ ។ …

« ការចេះដឹង​ដ៏​ពិត​របស់​យើង​ចំពោះ​ការរស់​ឡើង​វិញ​ទៅកាន់​អមតភាព ក៏​ផ្ដល់​ដល់​យើង​នូវ​ភាពក្លាហាន ដើម្បី​ប្រឈម​នឹង​សេចក្ដី​ស្លាប់​របស់​យើង​ផ្ទាល់—សូម្បី​តែ​ជា​សេចក្ដី​ស្លាប់​មួយ​ដែល​យើង​អាច​ហៅ​ថា​កើត​ឡើង​មុន​ពេល ។ …

« ការអះអាង​នៃ​អមតភាព​ក៏​ជួយ​យើង​ផងដែរ ឲ្យ​ទ្រាំទ្រ​នឹង​ការបែកគ្នា​នៃ​ជីវិត​រមែង​ស្លាប់ ដែល​មាន​នៅក្នុង​សេចក្ដី​ស្លាប់​នៃ​មនុស្ស​ជា​ទី​ស្រឡាញ់​ទាំងឡាយ​របស់​យើង ។ … យើង​ទាំងអស់​គ្នា​គួរតែ​សរសើរ​ដល់​ព្រះ សម្រាប់​ការរស់​ឡើងវិញ​ដែល​ត្រូវបាន​អះអាង ដែល​ធ្វើ​ឲ្យ ការបែកគ្នា​នៃ​ជីវិត​រមែង​ស្លាប់ ជា​ការបណ្ដោះ​អាសន្ន ហើយ​ផ្ដល់​ដល់​យើង​នូវ​សេចក្ដី​សង្ឃឹម និង​កម្លាំង​ដើម្បី​បន្ត​ទៅ​មុខ​ទៀត » ( «Resurrection» Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ១៥–១៦ ) ។

  • តើ​ពេល​ណា​ដែល​ការអះអាង​នៃ​ការរស់​ឡើង​វិញ បាន​ផ្ដល់​ដល់​អ្នក​នូវ​កម្លាំង ឬ​បាន​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​រស់នៅ​កាន់តែ​សុចរិត ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់ អំពី​ភាពពិត​នៃ​ការរស់​ឡើង​វិញ ។

អាលម៉ា ៥:១៥–២១, ៧:២១–២៥, ៤១:២–៦

ការត្រៀមខ្លួន​សម្រាប់​ការជំនុំ​ជម្រះ​ចុងក្រោយ

សូម​ពន្យល់​ថា អាលម៉ា​បាន​លើក​ទឹកចិត្ត​ដល់​សមាជិក​សាសនាចក្រ​នៅក្នុង​សារ៉ាហិមឡា ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការជំនុំ​ជម្រះ​ចុងក្រោយ ដោយ​ឲ្យ​ពួកគេ​ស្រមៃ​មើល​ថា ពួកគេ​កំពុង​ឈរ​នៅ​ចំពោះ​ព្រះ ដើម្បី​ទទួល​ការជំនុំ​ជម្រះ ។ សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ប្ដូរ​វេន​គ្នា​អាន អាលម៉ា ៥:១៥–២១ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​អាលម៉ា​បាន​ស្នើ​ឲ្យ​ពួក​អ្នក​ស្ដាប់​លោក​ពិចារណា ។

  • តើ​សំណួរ​របស់​អាលម៉ា​ណា​មួយ ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​គោលការណ៍​អ្វី ដែល​យើង​អាច​រៀន​ពី​ទីបន្ទាល់​របស់​អាលម៉ា នៅក្នុង ខ ២១ អំពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​បាន​សង្គ្រោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ យើង​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ លើកលែង​តែ​យើង​ត្រូវបាន​សម្អាត​ដោយ​ព្រះលោហិត​ដ៏​ប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​សិន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​គោលការណ៍​នេះ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ខ្ញុំ​មិន​បាន​ដឹង​ពី​អ្វី​ដែល​សំខាន់ ឬ​ចាំបាច់​នៅ​ពេល​នេះ ជាង​ការហៅ​ឲ្យ​ប្រែចិត្ត​នោះ​ទេ គឺ​នៅក្នុង​ចំណោម​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នេះ​តែ​ម្ដង ហើយ​ខ្ញុំ​អំពាវនាវ​ដល់​ពួកគេ … ឲ្យ​ស្ដាប់​បង្គាប់​តាម​ព្រះបន្ទូល​ទាំងនេះ​របស់​ព្រះអង្គ​ប្រោសលោះ​របស់​យើង ។ មែនហើយ ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ប្រាកដ​ថា គ្មាន​វត្ថុ​មិន​ស្អាត​ណា អាច​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ទ្រង់​បាន​ទេ ។ មានតែ​ពួកអ្នក​ដែល​ធ្វើ​ឲ្យ​ឃើញ​ថា ពួកគេ​ស្មោះត្រង់ ហើយ​បាន​សម្អាត​សម្លៀកបំពាក់​របស់​ពួកគេ​នៅក្នុង​ព្រះលោហិត​របស់​ទ្រង់ តាមរយៈ​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត​របស់​ពួកគេ​ប៉ុណ្ណោះ—បើ​មិន​ដូច្នោះ​ទេ គ្មាន​នរណា​ផ្សេង​ទៀត​នឹង​រកឃើញ​នគរ​នៃ​ព្រះ​ឡើយ » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័រ ៩១ ) ។

សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា ៧:២១-២៥ ដោយ​ស្ងាត់ស្ងៀម ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល និង​គូស​ចំណាំ​ពី​គុណសម្បត្តិ​នានា ដែល​យើង​គប្បី​ព្យាយាម​អភិវឌ្ឍ ដើម្បី​ធ្វើ​ឲ្យ​ឃើញ​ថា សម្លៀកបំពាក់​របស់​យើង​គ្មាន​ស្នាម​ប្រឡាក់ ។

  • តើ​លក្ខណៈ ឬ​គុណសម្បត្តិ​អ្វី​ខ្លះ ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ ដែល​ចាំបាច់​សម្រាប់​យើង​ដើម្បី​អភិវឌ្ឍ ពេល​យើង​ត្រៀម​ខ្លួន​ទទួល​ការជំនុំ​ជម្រះ​ដោយ​ព្រះអម្ចាស់ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត ថា​តើ​សកម្មភាព និង​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​ពួកគេ កំពុង​ត្រៀម​ពួកគេ ដើម្បី​ទៅ​ជួប​នឹង​ព្រះ​នៅឯ​ការជំនុំ​ជម្រះ​ចុងក្រោយ​ដែរ​ឬ​ទេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ការផ្លាស់​ប្ដូរ​ណា​ក៏​ដោយ ដែល​ចាំបាច់ ដើម្បី​ឲ្យ​ថ្ងៃ​ជំនុំ​ជម្រះ​អាច​ក្លាយ​ជា​ថ្ងៃ​មួយ​ដ៏​រីករាយ ។

ការអាន​របស់​សិស្ស