ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៦ ៖ ការប្រែចិត្ត និង​ការអភ័យទោស


មេរៀន​ទី ១៦

ការប្រែចិត្ត និង​ការអភ័យទោស

សេចក្ដីផ្ដើម

ដើម្បី​បាន​ស្អាតស្អំ​ពី​អំពើបាប យើង​ត្រូវតែ​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ចំពោះ​ការប្រែចិត្ត ។ ពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះ នោះ​យើង​ទទួល​បាន​នូវ ការផ្តាច់​បាប ដែល​នាំ​មក​នូវ​អំណរ និង​សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ​ចំពោះ​ព្រលឹង​យើង ។ យើង​អាច​បន្ត​មាន​ការផ្ដាច់​បាប​អស់​ពេញ​មួយ​ជីវិត​យើង ពេល​យើង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ហើយ​ស្រឡាញ់ ព្រមទាំង​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។

ការអាន​ពី​សាវតា

  • ឌី ថត គ្រីស្តូហ្វឺសិន «The Divine Gift of Repentance» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៨–៤១ ។

  • នែល អិល អាន់ឌើរសិន «Repent … That I May Heal You» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០–៤៣ ។

  • ក្រេហ្គ អេ ខារដុន «The Savior Wants to Forgive» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១៥-១៧ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា ៣៤:១៥–១៧, នីហ្វៃទី៣ ៩:១៣–១៤, ១៩–២២

ការអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​ការប្រែចិត្ត

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ត្រូវបាន​ស្នើ​ឲ្យ​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​អំពី​ការប្រែចិត្ត ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី ដែល​ពួកគេ​អាច​នឹង​និយាយ ដើម្បី​ជួយ​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​គោលលទ្ធិ​នេះ ។ បន្ទាប់​ពី​ពួកគេ​ចែកចាយ​ចម្លើយ​របស់​ខ្លួន​ហើយ សូម​បង្ហាញ ហើយ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« យើង​ត្រូវការ​សេចក្ដី​ជំនឿ​យ៉ាង​រឹងមាំ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​អាច​ធ្វើ​ការប្រែចិត្ត » ( «Point of Safe Return» EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០០ ) ។

  • តើ​ហេតុអ្វី​សេចក្ដី​ថ្លែងការណ៍​នេះ​ពិត ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អាលម៉ា ៣៤:១៥-១៧ ឮៗ ដែល​កត់ត្រា​នូវ​ការបង្រៀន​របស់​អាម៉ូលេក​ទៅដល់​ពួក​សាសន៍​សូរាំ ទាក់ទង​នឹង​ការប្រែចិត្ត ។ សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​នូវ​អ្វី​ដែល​អាម៉ូលេក​បាន​បង្រៀន​ថា តម្រូវ​ឲ្យ​យើង​មាន​ដើម្បី​ទទួល​បាន​ការអភ័យទោស ។

  • តើ​គោលការណ៍​អ្វី​នៃ​ការទទួល​ការអភ័យទោស​ដែល​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ? ( ពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ការអភ័យ​ទោស​ដ៏​ពោរពេញ​ដោយ​មេត្តា​ករុណា យើង​ត្រូវតែ​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​ការប្រែចិត្ត ។ សូម​ចង្អុល​បង្ហាញ​ដល់​សិស្ស​ថា ឃ្លា « សេចក្ដី​ជំនឿ​ចំពោះ​ការប្រែចិត្ត » ត្រូវបាន​លើក​ឡើង​បួន​ដង​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ នេះ​គឺជា​ឱកាស​មួយ​ដើម្បី​សង្កត់​ធ្ងន់​ពី​ជំនាញ​សិក្សា​ព្រះគម្ពីរ អំពី​ការស្គាល់​ពី​ការលើក​ពាក្យ​ដដែលៗ​ឡើង ) ។

  • ហេតុអ្វី​យើង​ត្រូវតែ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ប្រែចិត្ត ហើយ​ទទួល​ការអភ័យទោស ? ( យើង​ត្រូវតែ​មាន​សេចក្ដី​ជំនឿ​លើ​ការបូជា​ដ៏​ធួន​របស់​ទ្រង់ ដើម្បី​ឲ្យ​ការបូជា​នេះ​មាន​ប្រសិទ្ធភាព​នៅក្នុង​ជីវិត​យើង ។ មានតែ​តាម​រយៈ​ដង្វាយធួន​របស់​ទ្រង់​ប៉ុណ្ណោះ ទើប​យើង​អាច​ទទួល​បាន​ការអភ័យទោស ដើម្បី​ឲ្យ​ចិត្ត​របស់​យើង​ផ្លាស់ប្ដូរ ហើយ​ត្រូវបាន​សម្អាត​ពី​អំពើបាប [ ម៉ូសាយ ៥:២ ] ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ ពី​របៀប​ដែល​យើង​ចូល​មករក​ព្រះអង្គ​សង្គ្រោះ ហើយ​ប្រែចិត្ត សូម​ពន្យល់​ថា ក្រោយពី​ការបំផ្លិចបំផ្លាញ​ដ៏​ធំ​នៅ​ទ្វីប​អាមេរិក​ដែល​បាន​ថ្លែង​ជា​ទីបន្ទាល់​អំពី​ការឆ្កាង​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ប្រជាជន​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ដើម្បី​ប្រែចិត្ត ហើយ​ទទួល​ការអភ័យទោស​ពី​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា នីហ្វៃទី៣ ៩:១៣-១៤, ១៩-២២ ជាមួយ​នឹង​ដៃគូ ដោយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា​យើង​ត្រូវតែ​ធ្វើ ដើម្បី​មកឯ​ទ្រង់ ហើយ​ប្រែចិត្ត ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​គោលការណ៍​អ្វី ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ អំពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ប្រែចិត្ត ? ( ទោះបី​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​ទៀត ប៉ុន្តែ​ពួកគេ​គួរ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិនបើ​យើង​មក​ឯ​ព្រះគ្រីស្ទ​ដោយ​មាន​ដួងចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប នោះ​ទ្រង់​នឹង​ទទួល​យើង ហើយ​ប្រោសលោះ​យើង​ចេញ​ពី​អំពើ​បាប​របស់​យើង ) ។

  • តើ​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ឲ្យ « [ មក​រក ] យើង​ដូច​ជា​ក្មេង​តូច​ម្នាក់ » ( ខ ២២ ) ហើយ « ត្រឡប់​មករក​យើង » ( ខ ១៣ ) ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​អត្ថន័យ​នៃ​ការមាន​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​យ៉ាង​ដូច​ម្ដេច​ដែរ ?

  • តើ​បទពិសោធន៍​ជីវិត​អ្វី​ខ្លះ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​អែលឌើរ ប្រ៊ូស ឌី ផតធ័រ នៃ​ពួក​ចិតសិប​នាក់ ។ សូម​គិត​ពី​ការផ្ដល់​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែង​ការណ៍​នេះ​ដល់​សិស្ស​ម្នាក់ៗ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្ដាប់​មើល​ការយល់ដឹង​ជ្រាលជ្រៅ ពី​របៀប​ដែល​ពួកគេ​អាច​ថ្វាយ​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​នៅ​ពេល​យើង​ប្រែចិត្ត ។

រូបភាព
អែលឌើរ ប្រ៊ូស ប៊ី ផតធ័រ

« តើ​អ្វី​ទៅ​ជា​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ? … ការចុះចូល​ដ៏​ឥតខ្ចោះ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​ព្រះវរបិតា​ដ៏​អស់កល្ប គឺ​ជា​ខ្លឹមសារ​នៃ​ចិត្តសង្រេង និង​វិញ្ញាណ​ទន់ទាប​នោះ​ឯង ។ គំរូ​របស់​ព្រះគ្រីស្ទ​បង្រៀន​យើង​ថា ដួងចិត្ត​សង្រេង​គឺ​ជា​លក្ខណៈ​ដ៏​អស់កល្ប​នៃ​ភាពជា​ព្រះ ។ ពេល​យើង​មាន​ដួងចិត្ត​សង្រេង យើង​បើក​ចិត្ត​ទាំងស្រុង​ដល់​ព្រះវិញ្ញាណ​នៃ​ព្រះ ហើយ​ស្គាល់​ពី​ការពឹង​ផ្អែក​របស់​យើង​ទៅលើ​ទ្រង់ សម្រាប់​អ្វីៗ​ទាំងអស់​ដែល​យើង​មាន និង​អ្វីៗ​ទាំងអស់​ដែល​ជា​ខ្លួន​យើង ។ ការបូជា​ដែល​ចាំបាច់​បំផុត គឺជា​ការលះបង់​នៃ​ការឆ្មើងឆ្មៃ​នៅក្នុង​គ្រប់​ទម្រង់​ទាំងអស់ ។ ដូចជា​ដី​ឥដ្ឋ នៅក្នុង​ដៃ​ជាង​ស្មូន​ដ៏​ចំណាន​ដែរ អ្នក​ដែល​មាន​ចិត្ត​សង្រេង​អាច​ត្រូវបាន​សូន និង​សម្រាំង​នៅក្នុង​ព្រះហស្ដ​នៃ​លោកចៅហ្វាយ ។

« ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ក៏​ជា​លក្ខខណ្ឌ​ដែល​ត្រូវមាន​ពីមុន​ការប្រែចិត្ត [ នីហ្វៃទី២ ២:៦-៧ ] ។ …ពេល​យើង​ធ្វើ​អំពើបាប ហើយ​ប្រាថ្នា​ចង់​បាន​ការអភ័យទោស នោះ​ដួងចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប​មាន​ន័យ​ថា ‹ សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ [ ដែល ]​រមែង​នាំ​ឲ្យ​ប្រែ​ចិត្ត​ឡើង › ( កូរិនថូស ទី២ ៧:១០ ) ។ ការណ៍​នេះ​កើតឡើង ពេល​យើង​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​បាន​សម្អាត​ចេញ​ពី​អំពីបាប ដែល​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​យើង​ឈឺចាប់​ដោយ​ក្ដីទុក្ខព្រួយ ហើយ​យើង​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត​ជាមួយ​នឹង​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។ ពួក​អ្នក​ដែល​មាន​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប មាន​ឆន្ទៈ​នឹង​ធ្វើ​អ្វី​ក៏​ដោយ និង​គ្រប់យ៉ាង ដែល​ព្រះ​ស្នើ​ពី​ពួកគេ ដោយ​គ្មាន​ការតទល់ ឬ​ថ្នាំងថ្នាក់​ចិត្ត​ឡើយ ។ យើង​ឈប់​ប្រព្រឹត្ត​កិច្ចការ​ទាំងឡាយ​តាម​របៀប​យើង ហើយ​រៀន​ធ្វើ​វា​តាម​របៀប​របស់​ព្រះ​វិញ ។ នៅក្នុង​លក្ខខណ្ឌ​នៃ​ការចុះចូល​បែបនោះ ដង្វាយធួន​អាច​មាន​ប្រសិទ្ធិភាព ហើយ​ការប្រែចិត្ត​ដ៏​ពិត​អាច​កើតឡើង​បាន » ( «A Broken Heart and a Contrite Spirit» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៣២ ) ។

  • យោងតាម​អែលឌើរ ផតធ័រ តើ​ការមកឯ​ព្រះគ្រីស្ទ​ដោយ​មាន​ចិត្ត សង្រេង និង​វិញ្ញាណ​ទន់ទាប មានន័យ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ខ្លួន​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​កាន់តែ​ពេញលេញ ដោយ​ថ្វាយ​ដល់​ទ្រង់​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ។ អ្នក​អាច​ផ្ដល់​ពេល​ដល់​ពួកគេ​ពីរបី​នាទី ដើម្បី​សរសេរ​ពី​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​មាន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​ថ្លែង​ទីបន្ទាល់​ថា អំណោយទាន​នៃ​ការប្រែចិត្ត​ដ៏​ប្រកប​ដោយ​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​មាន​ដល់​យើង​ម្នាក់ៗ ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ អំពី​ការបូជា​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​អំណោយទាន​នៃ​ការប្រែចិត្ត ។

អេណុស ១:៤–៨, ម៉ូសាយ ៤:១–៣, អាលម៉ា ១៩:២៩–៣០, ៣៣–៣៦, ៣៦:១៩–២១

ការអភ័យទោស​ពី​អំពើបាប​នាំ​មក​នូវ​អារម្មណ៍​នៃ​អំណរ និង​ភាពសុខសាន្ដ ។

  • តើ​អ្នក​អាច​ឆ្លើយតប​ដោយ​របៀប​ណា​ចំពោះ​បុគ្គល​ទាំងឡាយ ដែល​ចង់​ដឹង​ពី​របៀប​ដែល​ពួកគេ​អាច​ដឹង​ថា តើ​ពួកគេ​ត្រូវបាន​អភ័យទោស​ដល់​អំពីបាប​ពី​អតីតកាល​ឬ​អត់​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ អេណុស ១:៤–៨, ម៉ូសាយ ៤:១–៣ និង អាលម៉ា ៣៦:១៩–២១ ដោយ​រកមើល​របៀប​ដែល​មនុស្ស​អាច​ដឹង​ថា ពួកគេ​កំពុង​ទទួល​បាន​ការផ្ដាច់បាប​របស់​ខ្លួន ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​យើង​អាច​ដឹង​បាន​ដោយ​របៀប​ណា​ថា យើង​កំពុង​ទទួល​បាន​ការផ្ដាច់​បាប​នោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ ពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះ ហើយ​ទទួល​ការផ្ដាច់​បាប នោះ​កំហុស​របស់​យើង​ត្រូវបាន​សម្អាត​ចេញ យើង​ត្រូវបាន​បំពេញ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ហើយ​យើង​មាន​អារម្មណ៍​នៃ​អំណរ និង​ភាពសុខសាន្ត ។ ដូច​ដែល​បាន​បំផុសគំនិត​ពី​ព្រះវិញ្ញាណ អ្នក​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ « សម្រាប់​អស់​អ្នកណា​ដែល​ពិត​ជា​បាន​ប្រែចិត្ត ប៉ុន្ដែ​ហាក់ដូចជា​មិន​អាច​មាន​អារម្មណ៍​ធូរស្បើយ ៖ សូម​បន្ដ​កាន់តាម​ព្រះបញ្ញត្តិ ។ ខ្ញុំ​សូម​សន្យា​ថា អ្នក​នឹង​ទទួល​បាន​ភាពធូរស្បើយ​តាម​ពេលវេលា​របស់​ព្រះអម្ចាស់ ។ ការព្យាបាល​ក៏​ត្រូវការ​ពេលវេលា​ដែរ » [ «Repent … That I May Heal You»EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ ] ) ។

ដើម្បី​បង្ហាញ​ពី​គោលការណ៍​នេះ​បន្ថែម​ទៀត សូម​ឲ្យ​សិស្ស​ពីរបី​នាក់​អាន​ឮៗ​នូវ​ខគម្ពីរ​មួយ​ចំនួន ដែល​ពិពណ៌នា​អំពី​ការប្រែចិត្ត​ជឿ​របស់​ស្ដេច​ឡាម៉ូណៃ និង​ប្រជាជន​របស់​ទ្រង់ ដែល​មាន​ក្នុង អាលម៉ា ១៩:២៩-៣០, ៣៣-៣៦ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ពរជ័យ​ទាំងឡាយ​ដែល​ប្រជាជន​បាន​ទទួល ដោយសារ​ការប្រែចិត្ត និង​សេចក្ដី​ជំនឿ​របស់​ពួកគេ ។

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ស្ដេច​ឡាម៉ូណៃ មហេសី​ទ្រង់ និង​ប្រជាជន​ជា​ច្រើន​ទៀត​បាន​ទទួល ដោយសារ​ការប្រែចិត្ត និង​សេចក្ដី​ជំនឿ​របស់​ពួកគេ ? ( ដួងចិត្ត​របស់​ពួកគេ​ត្រូវបាន​ផ្លាស់ប្ដូរ ពួកទេវតា​បាន​បម្រើ​ដល់​ពួកគេ ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង ហើយ​ព្រះអម្ចាស់​បាន​ស្រោចស្រព​ព្រះវិញ្ញាណ​ទ្រង់​លើ​ពួកគេ ) ។

  • តើ​នៅពេល​ណា ដែល​អ្នក​បាន​ឃើញ​អ្នក​ផ្សេងទៀត​ដកពិសោធន៍​ពរជ័យ​ដូច​គ្នា​នេះ ពេល​ពួកគេ​បាន​ប្រែចិត្ត ហើយ​ខិត​ទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលការណ៍​ខាងលើ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ទីបន្ទាល់​ខាងក្រោម​របស់​ប្រធាន ប៊យដ៏ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤-២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« សំបុត្រ​មក​ពី​អ្នក​ដែល​បាន​ធ្វើ​ខុស​ដ៏​ខ្លាំង ។ ពួកគេ​ទទូច​ថា ៖ ‹ តើ​ខ្ញុំ​អាច​ទទួល​បាន​ការ​អភ័យទោស​ឬ​ទេ ? ›

« ចម្លើយ​គឺ បាន !

« ដំណឹង​ល្អ​បង្រៀន​យើង​ថា ការបាន​ធូរស្រាល​ពី​ទារុណកម្ម និង​កំហុស​អាច​ទទួល​បាន​តាម​រយៈ​ការប្រែចិត្ត ។ លើកលែង​តែ​ពួក​អ្នក​មួយ​ចំនួន​តូច ដែល​បាន​ក្បត់​ទៅចូល​រួម​ជាមួយ​អារក្ស​សាតាំង ក្រោយ​ពី​ការដឹង​នូវ​ភាពពេញលេញ​ថា គ្មាន​ទម្លាប់ គ្មាន​ការ​ញៀន គ្មាន​ការបះបោរ គ្មាន​ការរំលង គ្មាន​ការបំពាន​តូច ឬ​ធំ​ណា ដែល​រួចផុត​ពី​ការសន្យា​នៃ​ការអភ័យទោស​ទាំងស្រុង​នោះ​ឡើយ ។

« ‹ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ › ។ នេះ​គឺ​ជាអ្វី​ដែល​អេសាយ បាន​បន្ត​ថា ‹ បើសិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម​ហើយ​ស្ដាប់​បង្គាប់ › [ អេសាយ 1:18–19 ] » ( «The Brilliant Morning of Forgiveness» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១៩ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​បទពិសោធន៍ នៅពេល​ពួកគេ​បាន​ទទួល​អារម្មណ៍​នៃ​អំណរ និង​ភាពសុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ ដែល​នាំ​ឲ្យ​មាន​ការប្រែចិត្ត​ទាំងស្រុង ។

ម៉ូសាយ ៤:១១-១២, ២៦

ការបន្ត​ឲ្យ​មាន​ការផ្តាច់បាប

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ ៤:១១–១២, ២៦ ឮៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​បន្ត​ទទួល​បាន​ការផ្ដាច់បាប ។

  • យោងតាម​ព្រះបន្ទូល​ទាំងនេះ​របស់​ស្ដេច​បេនយ៉ាមីន តើ​យើង​អាច​បន្ត​មាន​ការផ្ដាច់​បាប​អស់​មួយ​ជីវិត​របស់​យើង​ដោយ​របៀប​ណា​ដែរ ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ចងចាំ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដីល្អ​របស់​ព្រះ​ចំពោះ​យើង ឈរ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ​យើង ហើយ​ស្រឡាញ់ និង​បម្រើ​អ្នក​ផ្សេង​ទៀត នោះ​យើង​អាច​បន្ត​ទទួល​ការផ្ដាច់​បាប​របស់​យើង​បាន ) ។

ដើម្បី​ជួយ​ឲ្យ​ការយល់ដឹង​របស់​សិស្ស​កាន់តែ​ស៊ី​ជម្រៅ​ពី​គោលការណ៍​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ការប្រែចិត្ត មានន័យ​ថា​ការពុះពារ​ព្យាយាម​ដើម្បី​ផ្លាស់ប្ដូរ ។ វា​ជា​ការចំអក​ដល់​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ច្បារ​គែតសេម៉ានី និង​នៅលើ​ឈើ​ឆ្កាង ដែល​រំពឹង​ថា​ទ្រង់​គួរតែ​ផ្លាស់​ប្រែ​យើង​ទៅជា​អង្គ​ទេវតា ដោយ​ពុំ​ចាំ​បាច់​មាន​ការប្រឹងប្រែង​ដ៏​ពិត​នៅ​ខាង​ផ្នែក​របស់​យើង​នោះ ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ស្វែងរក​ព្រះគុណ​ទ្រង់ ដើម្បី​បង្គ្រប់ និង​ផ្ដល់​រង្វាន់​ដល់​ការប្រឹងប្រែង​ដ៏​ឧស្សាហ៍​ព្យាយាម​បំផុត​របស់​យើង ( សូម​មើល នីហ្វៃទី២ ២៥:២៣ ) ។ ប្រហែល​ជា យើង​គួរតែ​អធិស្ឋាន​ដើម្បី​មាន​ពេលវេលា និង​ឱកាស​ដើម្បី​ធ្វើការ ហើយ​ព្យាយាម និង​យកឈ្នះ ឲ្យ​បាន​ច្រើន​ដូច​ដែល​អធិស្ឋាន​សុំ​សេចក្ដី​មេត្តា​ករុណា​ផងដែរ ។ ប្រាកដ​ណាស់ ព្រះអម្ចាស់​ញញឹម​ទៅរក​នរណា​ម្នាក់​ដែល​មកឯ​ទីជំនុំ​ជម្រះ​ដោយ​ភាពសក្ដិសម ជា​អ្នក​ដែល​តាំងចិត្ត​ធ្វើការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ជំនួស​ភាពទន់ខ្សោយ​ឲ្យ​ទៅ​ភាពរឹងមាំ​វិញ ។ ការប្រែចិត្ត​ដ៏​ពិត ការផ្លាស់ប្ដូរ​ដ៏​ពិត អាច​តម្រូវ​ឲ្យ​មាន​ការព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត តែ​មាន​អ្វី​មួយ​ដែល​បន្សុទ្ធ និង​បរិសុទ្ធ​នៅក្នុង​ការពុះពារ​ព្យាយាម​នោះ » ( «The Divine Gift of Repentance» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៩ ) ។

  • តើ​ការគិត និង​អារម្មណ៍​អ្វី​ខ្លះ ដែល​អ្នក​មាន ពេល​អ្នក​ពិចារណា​ថា ព្រះអម្ចាស់ « ញញឹម​ទៅរក » អ្នក ពេល​អ្នក​ប្រឹង​ធ្វើការ​ដើម្បី​យកឈ្នះ​អំពើបាប និង​ភាពទន់ខ្សោយ​ក្នុង​ភាពរមែង​ស្លាប់ ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អះអាង​ដល់​សិស្ស​ថា ពេល​ពួកគេ​ប្រែចិត្ត នោះ​ពួកគេ​នឹង​ទទួល​បទពិសោធន៍​នៃ​អំណរ និង​សេចក្ដី​សុខសាន្ត​ក្នុង​មនសិកា ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិនិត្យ​មើល​ជីវិត​របស់​ខ្លួន ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​ការប្រែចិត្ត ។

ការអាន​របស់​សិស្ស