ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៦ ៖ ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​ជំនាន់​របស់​យើង


មេរៀន​ទី ៦

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​ជំនាន់​របស់​យើង

សេចក្ដីផ្ដើម

ព្រះគម្ពីរ​មរមន និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ផ្នែក​នៃ « ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក » ដែល​ព្រះ​បានមាន​ព្រះបន្ទូល​នៅក្នុង​ថ្ងៃ​ចុងក្រោយ ( នីហ្វៃទី២ ២៥:១៧ ) ។ ដោយសារ​ព្រះគម្ពីរ​មរមន​រួមមាន​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ នោះ​វា​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការយកឈ្នះ​លើ​ការក្បត់​សាសនា និង​ការនាំ​ព្រលឹង​ទាំងឡាយ​មកឯ​ព្រះគ្រីស្ទ ។ មេរៀន​នេះ​សង្កត់ធ្ងន់​ថា បញ្ជី​ដ៏​ពិសិដ្ឋ​នេះ​ត្រូវបាន​សរសេរ​ដោយ​អ្នក​និពន្ធ​ដ៏​ប្រកប​ដោយ​ការបំផុស​គំនិត ដែល​បាន​ឃើញ​ពី​ជំនាន់​របស់​យើង ។

ការអាន​ពី​សាវតា​

  • ជែហ្វ្រី អ័រ ហូឡិន « Safety for the Soul » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៨–៩០ ។

  • « Flooding the Earth and Our Lives with the Book of Mormon » ជំពូកទី ១០ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១៣៧–៤៥ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី២ ២៧:៦, ២៩–៣០, ៣៥, នីហ្វៃទី៣ ២៩:១–២, ម៉ូសេ ៧:៦២, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤

តួនាទី​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ថ្ងៃ​ចុងក្រោយ

សូម​ពន្យល់​សិស្ស​ថា ព្រះគម្ពីរ​មរមន​កត់ត្រា​នូវ​ការព្យាករ​ណ៍​ទាំងឡាយ​ដែល​ថា មាន​ភាពទុច្ចរិត និង​ការក្បត់​សាសនា​នៅលើ​ផែនដី​នៅក្នុង​ថ្ងៃ​ចុងក្រោយ ( សូមមើល នីហ្វៃទី២ ២៧:១, ៤-៥ ) ។ ព្រះគម្ពីរ​មរមន​ក៏​មាន​កត់ត្រា​នូវ​ដំណោះស្រាយ​របស់​ព្រះអម្ចាស់​ចំពោះ​បញ្ហា​ទាំងនេះ​ផងដែរ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី២ ២៧:៦, ២៩-៣០, ៣៥ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​ដំណោះស្រាយ​របស់​ព្រះអម្ចាស់ ។

  • ស្របតាម​ខ​ទាំងនេះ តើ​ព្រះអម្ចាស់​នឹង​ធ្វើ​អ្វី​នៅក្នុង​ថ្ងៃ​ចុងក្រោយ ដើម្បី​ទាស់​នឹង​ភាពទុច្ចរិត និង​ការក្បត់​សាសនា ?

  • តើ​តាម​របៀប​ណា​ខ្លះ ដែល​ព្រះគម្ពីរ​មរមន​ផ្ដល់​ដំណោះស្រាយ​មួយ​ចំពោះ​ភាពទុច្ចរិត​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ?

សូម​ប្រាប់​សិស្ស​ថា មរមន​បាន​កត់ត្រា​ការព្យាករ​មួយ​អំពី​តួនាទី​បន្ថែម​មួយ​ទៀត​ដែល​ព្រះគម្ពីរ​មរមន​មាន​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី ដើម្បី​សិក្សា នីហ្វៃទី៣ ២៩:១–២ ហើយ​រកមើល​ការព្យាករ​នោះ ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា​ឃ្លា « ពាក្យ​ទាំងឡាយ​នេះ » សំដៅ​ដល់​ព្រះគម្ពីរ​មរមន ។

  • តើ​កិច្ចការ​សំខាន់​អ្វី ដែល​នឹង​ចាប់ផ្ដើម​ជាមួយ​នឹង​ការលេច​មក​នៃ​ព្រះគម្ពីរ​មរមន ? ( ការប្រមូល​ផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល ) ។

សូម​ពន្យល់​ថា ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) បានពិពណ៌នា​ពី​តួនាទី​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ និង​ការចាប់ផ្ដើម​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« [ ព្រះគម្ពីរ​មរមន ] ត្រូវបាន​បោះពុម្ព​តែ​ពីរបី​ថ្ងៃ​មុន​សាសនាចក្រ​ត្រូវបាន​បង្កើត​ឡើង​តែ​ប៉ុណ្ណោះ ។ ពួកបរិសុទ្ធ​ត្រូវបាន​ផ្តល់​ព្រះគម្ពីរ​មរមន​ឲ្យ​អាន មុន​ពេល​ពួកគេ​ត្រូវ​បាន​ផ្តល់​ឲ្យ​វិវរណៈ​នានា ដែល​ជា​គោលលទ្ធិ​ដ៏​អស្ចារ្យ ដូចជា​កម្រិត​នៃ​ភាពរុងរឿង​ទាំង​បី អាពាហ៍ពិពាហ៍​សេឡេស្ទាល ឬ​កិច្ចការ​សម្រាប់​មរណជន ។ វា​បានកើត​មុន​កូរ៉ុម​បព្វជិកភាព និង​ការរៀបចំ​សាសនាចក្រ ។ តើ​ការណ៍​នេះ​មិន​បាន​ប្រាប់​យើង​អ្វី​មួយ អំពី​របៀប​ដែល​ព្រះអម្ចាស់​បង្ហាញ​កិច្ចការ​ពិសិដ្ឋ​នេះ​ទេ​ឬ​អី ? » (« The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៤ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន បានកើតឡើង​មុន​ព្រឹត្តិការណ៍​សំខាន់ៗ​ផ្សេង​ទៀត​ជាច្រើន​នៃ​ការស្ដារឡើង​វិញ ហើយ​សំខាន់​ខ្លាំង​ម៉្លេះ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ក្នុង​ការប្រមូលផ្ដុំ​វង្ស​អ៊ីស្រាអែល និង​យកឈ្នះ​ភាពទុច្ចរិត​នៅក្នុង​ថ្ងៃ​ចុងក្រោយ ?

ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤ ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ។

  • តើ​មាន​អ្វី​នៅក្នុង​ព្រះគម្ពីរ​មរមន ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះគម្ពីរ​មរមន​មាន​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ) ។

  • តើ​អ្វី​ជា​អត្ថន័យ​នៃ​ការប្រកាស​របស់​មរ៉ូណៃ​ដែល​ថា ព្រះគម្ពីរ​មរមន​មាន​នូវ « ភាព​ពោរពេញ​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប​ជានិច្ច » ?

ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះ​អម្ចាស់​ទ្រង់​ផ្ទាល់​បាន​ថ្លែង​ថា ព្រះ​គម្ពីរ​មរមន​មាន​នូវ ‹ ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ › ( គ. និង ស. ២០:៩ ) ។ នោះ​មិន​មែន​មាន​ន័យ​ថា ព្រះគម្ពីរ​មរមន​មាន​គ្រប់​ទាំង​ការបង្រៀន គ្រប់​ទាំង​គោលលទ្ធិ​ដែល​ធ្លាប់​បាន​បើក​សម្តែង​នោះ​ឡើយ ។ តែ​វា​មានន័យ​ថា ក្នុង​ព្រះគម្ពីរ​មរមន យើង​នឹង​រក​ឃើញ​ភាពពេញលេញ​នៃ​គោលលទ្ធិ​ទាំង​នោះ ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​សេចក្តី​សង្គ្រោះ​របស់​យើង ។ ហើយ​គោលលទ្ធិ​ទាំងនោះ​ត្រូវបាន​បង្រៀន​យ៉ាង​ច្បាស់ និង​សាមញ្ញ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៣១ ) ។

  • តើ​អ្វី​ខ្លះ​ជា « គោលលទ្ធិ​ទាំងឡាយ ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​សេចក្តី​សង្គ្រោះ​របស់​យើង » ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន​នោះ ? ( គោលលទ្ធិ​ទាំងនេះ រួមមាន​ដង្វាយធួន សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បានបង្រៀន​ព្យាការី​ហេណុក អំពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសេ ៧:៦២ ឮៗ ។ ( អ្នក​អាច​នឹង​ចង់​សរសេរ​នៅលើ​ក្ដារខៀន​ថា « សេចក្ដី​សុចរិត​នោះ [ បាន​ចាត់ ] ឲ្យ​ចុះ​មក​ពី​ស្ថានសួគ៌ » សំដៅដល់​វិវរណៈ​ដែល​បាន​ធ្វើ​ឲ្យ​ការស្ដារ​ឡើងវិញ​កើតឡើង​បាន ហើយ « សេចក្ដីពិត​នោះ [ បាន​ចាត់ ] ឲ្យ​ចេញ​ពី​ផែនដី​ទៅ » សំដៅ​ដល់​ព្រះគម្ពីរ​មរមន ។ សូម​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​សរសេរ​និយមន័យ​ទាំងនេះ​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​ពួកគេ ឬ​បង្កើត​ជា​កំណត់ចំណាំ​មួយ​នៅក្នុង​ព្រះគម្ពីរ​អេឡិចត្រូនិច​របស់​ពួកគេ ) ។

  • យោង​តាម​ខគម្ពីរ​នេះ តើ​ព្រះគម្ពីរ​មរមន​នឹង​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ដូច​ម្ដេច​នៅក្នុង​ថ្ងៃ​ចុងក្រោយ ? ( ដើម្បី​ជួយ​ប្រមូលផ្ដុំ​អ្នក​ជម្រើស​របស់​ព្រះ​ចូល​ក្នុង​សាសនាចក្រ ពី​គ្រប់​ទិស​ទាំង​បួន​នៃ​ផែនដី ) ។

  • តើ​ពេលណា ដែល​អ្នក​បាន​ឃើញ​ថា ព្រះគម្ពីរ​មរមន​បានជួយ​មនុស្ស​ម្នាក់​ឲ្យ​ប្រែចិត្តជឿ​ទៅលើ​ដំណឹងល្អ ហើយ​ចូលរួម​សាសនាចក្រ​របស់​ព្រះអម្ចាស់ ?

  • តើ​មាន​របៀប​ណា​ខ្លះ ដែល​យើង​អាច « បោស​ផែនដី » ជាមួយ​នឹង​សុចរិតភាព ហើយ​សារដំណឹង​នៃ​ព្រះគម្ពីរ​មរមន « ដូច​ជា​ទឹកជំនន់ » ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​តាំងចិត្ត​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ដួងចិត្ត គេហដ្ឋាន​របស់​ពួកគេ និង​ផែនដី​នេះ « ត្រូវលិចលង់ » ដោយ​សារដំណឹង​នៃ​ព្រះគម្ពីរ​មរមន អំឡុង​សប្ដាហ៍​ខាងមុខ​នេះ ។

នីហ្វៃទី៣ ២១:៩-១១

សេចក្ដីពិត​នៃ​ព្រះគម្ពីរ​មរមន​ទប់ទល់​នឹង​សេចក្ដី​ជំទាស់

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​ពេល​មួយ ដែល​ពួកគេ​បាន​ការពារ​ព្រះគម្ពីរ​មរមន ឬ​សារដំណឹង​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ទាស់​នឹង​សេចក្ដី​ជំទាស់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី៣ ២១:៩-១១ ឮៗ ។ មុនពេល​សិស្ស​ចាប់ផ្ដើម​អាន សូម​ពន្យល់​ថា អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានរក​ឃើញ​អត្តសញ្ញាណ​នៃ​ពាក្យ « អ្នកបម្រើ » នៅក្នុង​ខគម្ពីរ​ទាំងនេះ​ថា​ជា ព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៨៧-៨៨ ) ។

  • តើ​ព្យាការី យ៉ូសែប ស៊្មីធ ត្រូវនឹង​ការពិពណ៌នា​ដែល​មាន​ក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាង​ដូច​ម្ដេច ?

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​ព្រះអង្គ​សង្គ្រោះ​នឹង​បង្ហាញ​អ្វី​ដល់​ប្រជាជន​ដែល​ទាស់​នឹង យ៉ូសែប ស្ម៊ីធ និង​ព្រះគម្ពីរ​មរមន​នៅ​ថ្ងៃ​ចុងក្រោយ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ព្រះប្រាជ្ញា​របស់​ព្រះ​គឺ​ធំ​ជាង​ល្បិចកល​របស់​អារក្ស ) ។

  • តើ​ព្រះគម្ពីរ​មរមន​ជួយ​បង្ហាញ​ថា « ប្រាជ្ញា [ របស់​ព្រះ ] ធំ​ជាង​ល្បិចកល​របស់​អារក្ស » យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« អស់​ពេល​ជា​ច្រើន​ឆ្នាំ [ ជាង ១៨០ ឆ្នាំ ] ព្រះគម្ពីរ​នេះ​ត្រូវ​បាន​គេ​ពិនិត្យ​មើល ហើយ​វាយ​ប្រហារ ត្រូវបាន​គេ​បដិសេធ និង​បំផ្លាញ ត្រូវ​បានគេ​យក​ធ្វើជា​ផ្ទាំងស៊ីប ហើយ​ត្រូវបាន​ហែក​កំទេច​ដែល​ប្រហែល​ជា​ពុំ​ដូច​ជា​ព្រះគម្ពីរ​ដទៃ​ទៀត​ឡើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាសនា​សម័យ​ទំនើប​នេះ—ប្រហែល​ជា​ពុំ​ដូច​ជា​ព្រះគម្ពីរ​ដទៃ​ទៀត​នៅ​ប្រវត្តិសាស្ត្រ​សាសនា​ណាមួយ​ឡើយ ។ ហើយ​វា​នៅ​តែ​ឈរ​យ៉ាង​រឹងមាំ ។ ទ្រឹស្តី​ខុសឆ្គង​អំពី​ប្រភពដើម​របស់​វា​បាន​កើត​ឡើង ហើយ​ត្រាប់​តាម ហើយ​ក៏​រលត់​បាត់​ទៅ ។ … គ្មាន​ចម្លើយ​ណា​មួយ​នៃ​ចម្លើយ​ដ៏​គួរ​ឲ្យ​រំភើប​ទាំង​នេះ សម្រាប់​គម្ពីរ​នេះ ដែល​ឆ្លង​កាត់​ផុត​ការត្រួត​ពិនិត្យ​នោះ​ទេ ព្រោះ​គ្មាន​ចម្លើយ​ណា​ផ្សេង​ទៀត ជាង​ចម្លើយ​ដែល​យ៉ូសែប បាន​ផ្ដល់​ឲ្យ​ក្នុង​នាម​ជា​អ្នក​បកប្រែ​វ័យក្មេង​ដែល​គ្មាន​ការអប់រំ​នោះ​ទេ ។ ក្នុង​ការណ៍​នេះ ខ្ញុំ​សូម​ឈរ​ជាមួយ​ជីតាទួត​របស់​ខ្ញុំ​ដែល​បាន​មាន​ប្រសាសន៍​តែ​ប៉ុណ្ណេះ​ថា ‹ គ្មាន​មនុស្ស​ទុច្ចរិត​ណា​អាច​សរសេរ​សៀវភៅ​ដូចនេះ​បាន​ឡើយ ហើយ​ក៏​ពុំ​មាន​មនុស្ស​សុចរិត​ណា​នឹង​សរសេរ​វា​ដែរ លុះត្រាណា​តែ​វា​ជា​ការពិត ហើយ​គាត់​ត្រូវ​បាន​បញ្ជា​ដោយ​ព្រះ​ឲ្យ​ធ្វើ​ដូច្នោះ​ប៉ុណ្ណោះ › » ( « Safety for the Soul » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៩ ) ។

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​មាន​ការជំទាស់​នឹង​ព្រះគម្ពីរ​មរមន​ច្រើន​ម៉្លេះ ?

  • តើ​បទពិសោធន៍​អ្វី​ខ្លះ ដែល​បាន​បង្រៀន​អ្នក​ថា​ព្រះគម្ពីរ​មរមន​អាច​ទប់ទប់​នឹង​ការជំទាស់ ?

  • តើ​អ្នក​បាន​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​អ្វី​ដែល​អ្នក​បាន​រៀន ពេលដែល​អ្នក​បាន​បង្រៀន​អ្នក​ផ្សេងទៀត​អំពី​ព្រះគម្ពីរ​មរមន ឬ​បាន​ការពារ​ពី​ភាពពេញលេញ​របស់​វា ?

មរមន ៨:១-៥, ២៦-៣៥

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង សម្រាប់​ជំនាន់​របស់​យើង

សូម​រំឭក​សិស្ស​ថា មរ៉ូណៃ​បាន​ឃើញ​ពី​ការបំផ្លិចបំផ្លាញ​អារ្យធម៌​របស់​លោក ។ សូម​ឲ្យ​សិស្ស​អាន មរមន ៨:១-៥ ហើយ​ពិចារណា​ពី​អ្វី​ដែល​មរ៉ូណៃ អាច​ត្រូវបាន​តម្រូវ​ឲ្យ​ធ្វើ​ដើម្បី​ការពារ​ផ្ទាំង​មាស ។

  • សូម​ស្រមៃ​ថា អ្នក​ជា​មរ៉ូណៃ ។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​អាន​បញ្ជី​របស់​អ្នក ?

សូម​ឲ្យ​សិស្ស​អាន មរមន ៨:២៦-៣៥ ដោយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​ព្យាករ​អំពី​លក្ខខណ្ឌ​ទាំងឡាយ​នៅ​អំឡុង​ពេល​ដែល​ព្រះគម្ពីរ​មរមន​នឹង​ចេញមក ។ អ្នក​អាច​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​មរ៉ូណៃ​បាន​ពិពណ៌នា​យ៉ាង​ណា ពី​ពេល​វេលា​ដែល​ព្រះគម្ពីរ​មរមន នឹង​ត្រូវបាន​នាំ​ចេញ​មក ? ( វា​នឹង​ជា​គ្រា​នៃ​ការក្បត់​សាសនា និង​ទុច្ចរិតភាព ) ។

  • ដោយ​ផ្អែក​លើ ខ ៣៥ តើ​អ្នក​អាច​ធ្វើ​ការសន្មត​បាន​យ៉ាង​ណា ? ( អ្នក​អាច​នឹង​ចង្អុល​បង្ហាញ​ថា ជា​ការបន្ថែម​ដល់​មរ៉ូណៃ ព្យាការី​ផ្សេងៗ​ទៀត រួម​ទាំង​នីហ្វៃ យ៉ាកុប និង​មរមន បាន​ថ្លែង​ថា ពួកលោក​បាន​សរសេរ​សម្រាប់​ជំនាន់​ក្នុង​ពេល​អនាគត ។ សូម​គិត​ពី​ការឲ្យ​សិស្ស​ធ្វើ​ខគម្ពីរ​យោង ខ ៣៥ ជាមួយ​នឹង នីហ្វៃទី២ ២៥:២១-២២ និង មរមន ៧:១ ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​យើង ដើម្បី​ដឹង​ថា មរ៉ូណៃ និង​អ្នកនិពន្ធ​ព្រះគម្ពីរ​មរមន​ផ្សេងៗ​ទៀត បាន​ជ្រាបដឹង​ពី​បញ្ហា​ដែល​យើង​ជួប​នា​សព្វថ្ងៃ​នេះ ? ( នៅពេល​អ្នក​ពិភាក្សា​ពី​សំណួរ​នេះ សូម​សង្កត់ធ្ងន់​ពី​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ការបង្រៀន​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​មរមន មាន​តម្លៃ​មហិមា​ដល់​យើង​សព្វថ្ងៃ​នេះ ព្រោះ​អ្នកនិពន្ធ​បាន​ជ្រាបដឹង​ពី​បញ្ហា​ដែល​យើង​នឹង​ប្រឈម​ជាមួយ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​សេចក្ដីពិត​នេះ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍ ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះគម្ពីរ មរមន … ត្រូវបាន​សរសេរ​ឡើង​សម្រាប់​ជំនាន់​របស់​យើង ។ ពួកសាសន៍​នីហ្វៃ​ពុំធ្លាប់​មាន​ព្រះគម្ពីរ​នេះ​ឡើយ ពួក​សាសន៍​លេមិន​ពី​ជំនាន់​បុរាណ​ក៏​គ្មាន​ដែរ ។ វា​គឺ​សម្រាប់​យើង ។ មរមន​បាន​សរសេរ​ជិត​ចុង​បញ្ចប់​នៃ​អារ្យធម៌​សាសន៍​នីហ្វៃ ។ ក្រោម​ការបំផុត​គំនិត​នៃ​ព្រះ ជា​អ្នក​ដែល​ឃើញ​គ្រប់​ការណ៍​ទាំង​អស់​តាំង​ពី​ដំបូង​មក លោក​បាន​សង្ខេបនូវ​បញ្ជី​ទាំងឡាយ ការ​ជ្រើសរើស​រឿង ពាក្យពេចន៍ និង​ហេតុការណ៍​ជា​ច្រើនដែល​បាន​កត់​ជា​ច្រើន​សតវត្សរ៍ ដែល​អាច​ជា​ជំនួយ​ដ៏​ខ្លាំង​បំផុត​ចំពោះ​យើង ។

« អ្នកនិពន្ធ​ដ៏​សំខាន់​ម្នាក់ៗ​នៃ​ព្រះគម្ពីរ​មរមន បាន​ធ្វើ​ទីបន្ទាល់​ថា លោក​បានសរសេរ​សម្រាប់​ជំនាន់​ទាំងឡាយ​នា​ពេល​អនាគត ។ … បើសិន​ជា​ពួក​លោក​បាន​ឃើញ​សម័យ​របស់​យើង និង​បាន​ជ្រើសរើស​ការណ៍​ទាំង​នោះ​ដែល​អាច​មាន​តម្លៃ​អស្ចារ្យ​បំផុត​ដល់​យើង តើ​នោះ​មិន​មែន​ជា​របៀប​ដែល​យើង​គួរ​តែ​សិក្សា​ព្រះគម្ពីរ​មរមន​ទេ​ឬ​អី ? យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ឥត​ឈប់ឈរ​ថា ‹ ហេតុអ្វី​បាន​ជា​ព្រះ​អម្ចាស់​បំផុស​គំនិត​មរមន ( ឬ​មរ៉ូណៃ ឬ​អាលម៉ា ) ឲ្យ​បញ្ចូល​ការណ៍​នោះ​ក្នុង​បញ្ជី​របស់​លោក ? តើ​មេរៀន​អ្វី ដែល​ខ្ញុំ​អាចរៀន​ចេញពី​ចំណុច​នោះ ដើម្បី​ជួយ​ខ្ញុំ​រស់នៅ​ក្នុង​សម័យកាល​នេះ និង​ក្នុង​ស្ថានភាព​នេះ​បាន › ? » ( Teachings: Ezra Taft Benson ទំព័រ ១៤០ ) ។

  • តើ​ការចងចាំ​ថា ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង​ទុក​សម្រាប់​ជំនាន់​របស់​យើង អាច​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​អាន​វា​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​ទាំងឡាយ អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ផ្ដល់​ដល់​ពួកគេ​នូវ​ការដឹកនាំ ភាពរឹងមាំ ចម្លើយ​ចំពោះ​សំណួរ ឬ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នានា​ទាំងនោះ ។

ការអាន​របស់​សិស្ស