ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៥ ៖ ការក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់


មេរៀន​ទី ១៥

ការក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់

សេចក្ដីផ្ដើម

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​សារលិខិត​នៃ​សេចក្ដី​សុខសាន្ត​សម្រាប់​ពិភពលោក​មួយ​ដ៏​ពោរពេញ​ដោយ​បញ្ហា ។ ពួកអ្នក​ដែល​ក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ អាច​ចែកចាយ​ដំណឹងល្អ ហើយ​ជួយ​អ្នកផ្សេងទៀត​ឲ្យ​ប្រែ​ចិត្ត​ជឿ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​សិក្សា ហើយ​អនុវត្ត​គោលការណ៍​ចេញពី​ដំណើររឿង​នៃ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ព្រះគម្ពីរ​មរមន ដែល​បានក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ ហើយ​បានជួយ​អ្នកផ្សេងទៀត​ឲ្យ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ការអាន​ពី​សាវតា

  • អិម រ័សុល បាឡឺដ «Put Your Trust in the Lord» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤៣-៤៥ ។

  • ដុន អរ ក្លាក «Becoming Instruments in the Hands of God» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៩៧-៩៩ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី១ ១៣:៣៧, ម៉ូសាយ ១៥:១៤-១៩, ២៦-២៨

ពរជ័យ​ទាំងឡាយ​ត្រូវបាន​សន្យា​ដល់​ពួកអ្នក​ដែល​ចែកចាយ​ដំណឹងល្អ

នៅលើ​ក្ដារខៀន សូម​សរសេរសេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ចេញ​ពី Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៣៣០ ៖

« បន្ទាប់​ពី​កិច្ចការ​ទាំង​អស់បាន​និយាយ​ចប់​ហើយ ករណីកិច្ច​ដ៏​ធំ​ជាង​គេ និង​សំខាន់​ជាង​គេ​គឺ​ផ្សាយ​ដំណឹង​ល្អ » ។ ( ព្យាការី យ៉ូសែប ស្ម៊ីធ )

សូម​ឲ្យ​សិស្ស​អាន​សេចក្ដី​ថ្លែងការណ៍​នេះ​ដោយ​ស្ងាត់ស្ងៀម ។ បន្ទាប់មក សូម​សួរ ៖

  • ហេតុអ្វី​វា​ជា​កាតព្វកិច្ច​ដ៏​សំខាន់​បំផុត​របស់​យើង ក្នុង​ការចែកចាយ​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ​ទៀត ?

  • តើ​ពរជ័យ​អ្វី​ខ្លះ ដែល​អ្នក​បាន​ទទួល​ពី​ការទទួលយក ហើយ​បំពេញ​កាតព្វកិច្ច​នេះ ?

សូម​ពន្យល់​ថា នីហ្វៃ​បានឃើញ​ជាមុន​នូវ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ និង​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ( សូមមើល នីហ្វៃទី១ ១៣:៣៤–៣៦ ) ។ លោក​ក៏​បាន​ពិពណ៌នា​ផងដែរ អំពី​ពរជ័យ​ទាំងឡាយ​ដែល​មាន​ដល់​ពួកអ្នក​ដែល​ប្រកាស​ដំណឹងល្អ ហើយ​ជួយ​អ្នក​ផ្សេងទៀត​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី១ ១៣:៣៧ ដោយ​ស្ងៀមស្ងាត់ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គូស​ចំណាំ ឬ​គូសពណ៌លើ​ពរជ័យ​នានាដែល​បាន​សន្យា​ដល់​ពួកអ្នក​ដែល​ព្យាយាម​ចែកចាយ​ដំណឹងល្អ​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។

  • តើ​ពរជ័យ​អ្វីខ្លះ នឹង​មាន​ដល់​ពួកអ្នក​ដែល​ព្យាយាម​ខំនាំចេញ​មក​នូវ​ទីក្រុង​ស៊ីយ៉ូន ហើយ​ប្រកាសប្រាប់​ពីសេចក្ដី​សុខសាន្ត ? ( សិស្ស​គួរ​តែ​យល់​ពី​គោលការណ៍​ដូច​តទៅនេះ ៖ ពេល​យើង​ព្យាយាម​ចែកចាយ​ដំណឹងល្អ យើង​ត្រូវបាន​ប្រទានពរ​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អាច​ទទួល​បាន​ការសង្គ្រោះ​នៅក្នុង​នគរ​នៃ​ព្រះ ) ។

សូម​ប្រាប់​សិស្ស​ថា អ័ប៊ីណាដៃ​បាន​ដកស្រង់​ពី​អេសាយ ហើយ​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ការប្រកាស​ពី​សេចក្ដី​សុខសាន្ត និង​មូលហេតុ​ដែល​យើង​គប្បី​ព្យាយាមខំ​ផ្សព្វផ្សាយ​ដំណឹងល្អ ( សូមមើល អេសាយ ៥២:៧ ) ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​អាន ម៉ូសាយ ១៥:១៤-១៩, ២៦–២៨ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​អ័ប៊ីណាដៃ​បាន​បង្រៀន ។

  • តើ​ការផ្សាយ​សេចក្ដី​សុខសាន្ត និង​សេចក្ដី​សង្គ្រោះ​មានន័យ​ដូចម្ដេច ? ( សូមមើល ខ ១៤ ) ។

  • ហេតុអ្វី​សេចក្ដី​សង្គ្រោះ​ត្រូវ​ប្រកាស​ទៅ​ដល់​គ្រប់​ទាំង​ជាតិសាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​គ្រប់​ទាំង​ប្រជាជន ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« សេចក្ដី​សុខសាន្ត និង​ដំណឹងល្អ ដំណឹងល្អ និង​សេចក្ដី​សុខសាន្ត ។ ទាំងនេះ​គឺ​នៅក្នុង​ចំណោម​ពរជ័យ​ដ៏​ឧត្ដុង្គឧត្តម​បំផុត ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នាំ​មក​ដល់​ពិភពលោក​មួយ​ដ៏​ពោរពេញ​ដោយ​បញ្ហា និង​ប្រជាន​ដែល​មាន​បញ្ហា​ដែល​រស់​នៅក្នុង​ផែនដី​នេះ នាំ​មក​នូវ​ដំណោះស្រាយ​ដល់​ការលំបាក​ផ្ទាល់ខ្លួន និង​ភាពពោរពេញ​ដោយ​អំពើបាប​របស់​មនុស្ស​លោក នាំមក​នូវ​ប្រភព​នៃ​កម្លាំង​សម្រាប់​ថ្ងៃ​ណា​ដែល​ទន់ខ្សោយ និង​គ្រា​ដ៏​អស់​សង្ឃឹម​ក្រៃលែង ។ … នោះ​គឺ​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​គត់​នៃ​ព្រះ ទ្រង់​ផ្ទាល់​ដែល​ប្រទាន​ដល់​យើង​នូវ​ជំនួយ និង​ក្ដីសង្ឃឹម​នេះ ។ …

« ការស្វែងរក​សេចក្តី​សុខសាន្ត គឺ​ជា​ដំណើរ​ស្វែងរក​ដ៏​ថ្លៃថ្លា​បំផុត​មួយ​នៃ​ព្រលឹង​មនុស្ស ។ … មាន​គ្រា​នានា​នៅក្នុង​ជីវិត​យើង​ទាំងអស់​គ្នា ជា​ពេល​ដែល​ក្ដីទុក្ខ​ព្រួយ​ដ៏​ជ្រាលជ្រៅ ឬ​ការរងទុក្ខ ឬ​ការភ័យខ្លាច ឬ​ភាពឯកោ ធ្វើ​ឲ្យ​យើង​អំពាវនាវ​រក​សេចក្ដី​សុខសាន្ត ដែល​មានតែ​ព្រះ​ទ្រង់​ផ្ទាល់​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន ។ ទាំងនេះ​ជា​គ្រា​ទាំងឡាយ​នៃ​ការស្រែកឃ្លាន​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង ជា​ពេល​ដែល​សូម្បីតែ​មិត្ត​ជាទី​ស្រឡាញ់​បំផុត​ក៏​ពុំអាច​មក​ជួយ​ឲ្យ​បាន​ពេញលេញ​ដែរ » ( «The Peaceable Things of the Kingdom» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៨២ ) ។

  • តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​សារដំណឹង​នៃ​សេចក្ដី​សុខសាន្ត​តាម​របៀប​ណា​ខ្លះ ?

ដើម្បី​ជួយ​ឆ្លើយ​ដល់​សំណួរ​នេះ សូម​គិត​ពី​ការពិភាក្សា​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ម៉ារ៉ុន ជី រ៉មនី ( ឆ្នាំ ១៨៩៧-១៩៨៨ ) នៃ​គណៈប្រធាន​ទី​មួយ ៖

រូបភាព
ប្រធាន ម៉ារ៉ុន ជី រ៉មនី

« ការនាំ​មក​នូវ​សេចក្ដី​សុខសាន្ត តម្រូវ​ឲ្យ​មាន​ការកំចាត់ចោល​នូវ​ឥទ្ធិពល​របស់​សាតាំង ។ កន្លែង​ណា​ដែល​មាន​វា កន្លែង​នោះ​មិនដែល​មាន​សេចក្ដី​សុខសាន្ត​ឡើយ ។ ជាងនោះ​ទៀត ភាពសុខសាន្ត​ដែល​មាន​មក​ជាមួយ​វា​គឺ​មិន​អាច​ទៅ​រួច​សោះ​ឡើយ ។ … វា​មិន​ជំរុញ​ឲ្យ​ធ្វើ​អ្វី​ឡើយ ក្រៅតែ​ពី​កិច្ចការ​ខាង​សាច់ឈាម ។ …

« ជា​ការផ្ដើម​នៃ​សេចក្ដី​សុខសាន្ត នោះ​ឥទ្ធិពល​របស់​សាតាំង​ត្រូវតែ​បាន​​ទាំងស្រុង ។ …

« រីឯ​កិច្ចការ​ខាង​សាច់​ឈាម មាន​នូវ​ការអនុវត្ត​ជា​ទូទៅ ដូចគ្នា​ទៅនឹង​ដំណឹល្អ​នៃ​សេចក្ដី​សុខសាន្ត​ដែរ ។ បើ​មនុស្ស​ម្នាក់​រស់នៅ​តាម​ដំណឹងល្អ នោះ​គាត់​មាន​សេចក្ដី​សុខសាន្ត​នៅក្នុង​ខ្លួន​គាត់ ។ បើ​មនុស្ស​ពីរ​នាក់​រស់នៅ​តាម​ដំណឹងល្អ នោះ​ពួកគេ​ម្នាក់ៗ​មាន​សេចក្ដី​សុខសាន្ត​នៅក្នុង​ខ្លួន​ពួកគេ និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ បើ​ពលរដ្ឋ​រស់នៅ​តាម​ដំណឹងល្អ នោះ​​ក្នុង​ប្រទេស​​នឹង​មាន​សេចក្ដី​សុខសាន្ត ។ ពេល​មាន​ជាតិសាសន៍​គ្រប់គ្រាន់​ដែល​រីករាយ​នឹង​ផលផ្លែ​នៃ​ព្រះវិញ្ញាណ ដើម្បី​គ្រប់គ្រង​ការងារ​ខាង​លោកិយ នោះ ហើយ​មានតែ​ពេល​នោះ​ប៉ុណ្ណោះ ដែល​បំណង​ទៅ​ធ្វើ​សង្គ្រាម​ត្រូវ​បញ្ចប់ » ( «The Price of Peace» Ensign ខែ តុលា ឆ្នាំ ១៩៨៣ ទំព័រ ៤, ៦ ) ។

  • តើ​នៅ​ពេល​ណា ដែល​អ្នក​បាន​ឃើញ​ថា ដំណឹងល្អ​នាំ​សេចក្ដី​សុខសាន្ត​ចូលក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ ?

  • តើ​យើង​អាច​ចែកចាយ​ដំណឹងល្អ​ដោយ​មាន​ប្រសិទ្ធភាព​តាម​របៀប​ណា​ខ្លះ ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា ថាតើ​ពួកគេ​ស្គាល់​នរណា​ម្នាក់ ដែល​ពួកគេ​អាច​ជួយ​ដើម្បី​ទទួល​បទពិសោធន៍​នៃ​សេចក្ដី​សុខសាន្ត​ដែល​មក​ពី​ដំណឹងល្អ​ដែរ​ឬ​ទេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចាប់ផ្ដើម​ដាក់​ផែនការ​មួយ ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​បុគ្គល​នោះ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​គោលការណ៍​នានា​ដែល​ពួកគេ​រៀន កាល​ដែល​មេរៀន​នេះ​បន្ត​ទៅ​មុខ ។

ម៉ូសាយ ២៨:៣, អាលម៉ា ១៧:២–៣, ៦, ៩–១២, ១៦, ២៥, ១៨:១០, ២១:១៦, ២២:១, ១២–១៤, ២៦:១១–១២, ២៦–២៩, ៣១:៣០–៣៤

ការក្លាយ​ជា​ឧបករណ៍​ក្នុង​ព្រះហស្ដ​របស់​ព្រះ

រូបភាព
woman playing violin
រូបភាព
set of wrenches
រូបភាព
medical examination instruments

សូម​គិត​ពី​ការបង្ហាញ​សិស្ស​នូវ​រូបភាព​មួយ ឬ​ទាំងអស់​ខាងលើ ( វីយ៉ូឡុង, ឧបករណ៍​ក្នុង​ហាង, បរិក្ខារ​វេជ្ជសាស្ត្រ ) ឬ​រូបភាព​ស្រដៀង​នោះ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​របស់​ទាំងនេះ​អាច​ធ្វើ​អ្វី នៅក្នុង​ដៃ​របស់​មនុស្ស​ដែល​មាន​ជំនាញ​ក្នុង​ការប្រើ​វា​នោះ ?

  • តើ​ការធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ មាន​ន័យ​ដូចម្តេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អាលម៉ា ១៧:២-៣, ៩-១១ ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​ពួកបុត្រា​របស់​ម៉ូសាយ​បាន​ធ្វើ ដើម្បី​ក្លាយជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ ចេញមកពី​គំរូ​របស់​ពួកបុត្រា​របស់​ម៉ូសាយ អំពី​របៀប​ក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ​នោះ ? ( ពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ពេល​យើង​អធិស្ឋាន តមអាហារ ស្រាវជ្រាវ​ព្រះគម្ពីរ ហើយ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​មនុស្ស​ផ្សេង​ទៀត នោះ​យើង​អាច​ក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ ) ។

សូម​ពន្យល់​ថា ព្រះគម្ពីរ​មរមន​រួមមាន​គំរូ​ជាច្រើន​ផ្សេងទៀត អំពី​អ្វី​ដែល​អាលម៉ា និង​ពួកបុត្រា​របស់​ម៉ូសាយ​បាន​ធ្វើ ដើម្បី​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ​នោះ ។ សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នៅលើ​ក្ដារខៀន ( ដោយ​មិន​បញ្ចូល​ការសង្ខេប​ដែល​មាន​ផ្ដល់​នៅក្នុង​វង់​ក្រចក​ឡើយ ) ។ សូម​ចាត់​វគ្គបទគម្ពីរ​មួយ ឬ​ច្រើន​ជាង​នោះ​ទៅ​ដល់​សិស្ស​ម្នាក់ៗ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី ដែល​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់​បាន​ធ្វើ ដែល​រួម​ចំណែក​ដល់​ភាពជោគជ័យ​របស់​ពួកគេ​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

ម៉ូសាយ ២៨:៣ ( បាន​មាន​បំណង​ប្រាថ្នា​ដើម្បី​ប្រកាស​សេចក្ដី​សង្គ្រោះ ដើម្បី​កុំ​ឲ្យ​មាន​ព្រលឹង​ណា​មួយ​ត្រូវ​វិនាស ) ។

អាលម៉ា ១៧:៦ ( មាន​ឆន្ទៈ​លះបង់​កិត្តិសព្ទ​ខាង​លោកិយ ដើម្បី​ទៅ​ផ្សព្វផ្សាយ​ដំណឹងល្អ ) ។

អាលម៉ា ១៧:១១-១២ ( មាន​ភាពអត់ធ្មត់ ក្លាហាន និង​គំរូល្អ ) ។

អាលម៉ា ១៧:១៦ ( មាន​បំណង​ប្រាថ្នា​ជួយ​អ្នក​ផ្សេងទៀត​ឲ្យ​ប្រែចិត្ត ហើយ​រៀន​ពី​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ) ។

អាលម៉ា ១៧:២៥, ១៨:១០ ( មាន​បំណង​ប្រាថ្នា​ធ្វើ​ជា​អ្នក​បម្រើ​ម្នាក់ ) ។

អាលម៉ា ២១:១៦, ២២:១ ( ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ) ។

អាលម៉ា ២២:១២-១៤ ( បានរៀន​ចេញពី​ព្រះគម្ពីរ​អំពី​ព្រះគ្រីស្ទ និង​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ) ។

អាលម៉ា ២៦:១១-១២ ( បន្ទាបខ្លួន ទទួល​ស្គាល់​ព្រះ​ថា​ជា​ប្រភព​នៃ​កម្លាំង​របស់​ខ្លួន ) ។

អាលម៉ា ២៦:២៦-២៩ ( ពុំ​បោះបង់​ចោល ពេល​ពួកគេ​បាក់​ទឹកចិត្ត ) ។ មាន​ឆន្ទៈ​រងទុក្ខ​ដោយ​អត់ធ្មត់​ដើម្បី​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ ។ បាន​បង្រៀន​ដំណឹងល្អ​នៅ​កន្លែង​ផ្សេងៗ ) ។

អាលម៉ា ៣១:៣០-៣៤ ( បាន​អធិស្ឋាន​សុំ​ជំនួយ​ក្នុង​ការនាំ​អ្នក​ផ្សេងទៀត​មករក​ព្រះគ្រីស្ទ ) ។

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​គិត​ពី​សង្ខេប​ចម្លើយ​របស់​សិស្ស ដោយ​សរសេរ​ការសង្ខេប​ពី​វគ្គបទគម្ពីរ​ដាក់​លើ​ក្ដារខៀន ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​បទគម្ពីរ​យោង​ទាំងនេះ ហើយ​ក្រោយមក នៅបន្ទាប់​ពី​ចប់​ថ្នាក់ សូម​បង្កើត​បទគម្ពីរ​មួយ​ដែល​ប្រទាក់​គ្នា​ដោយ​ដាក់​ស្លាក​ថា « ធាតុ​សំខាន់ៗ​នៃ​ការចែកចាយ​ដំណឹងល្អ » ។

  • បើ​អ្នក​មាន​ឱកាស​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ផ្សេងទៀត តើ​អ្នក​អាច​ចែកចាយ​ពី​បទពិសោធន៍ ឬ​ថ្លែង​ទីបន្ទាល់​ពី​របៀប​ដែល​ធាតុ​ទាំងនេះ​បាន​រួម​ចំណែក​ដល់​ជោគជ័យ​របស់​អ្នក​បាន​ទេ ?

  • តើ​គោលការណ៍​ទាំងឡាយ​ដែល​មាន​កត់ត្រា​នៅក្នុង​វគ្គបទគម្ពីរ​ទាំងនេះ អនុវត្ត​ចំពោះ​ការហៅ​បម្រើ​ផ្សេងទៀត ឬ​ក្នុងការធ្វើ​ជា​មិត្ត ឬ​អ្នក​ជិតខាង​ល្អ​ម្នាក់​ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា ដែល​អ្នក​បាន​មាន​ឱកាស​ជួយ​អ្នក​ផ្សេងទៀត ក្នុង​នាម​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ ?

អាលម៉ា ១៨:៣៣–៣៥, ២៣:៥–៦, ២៦:២–៥, ១៥, ២៩:៩–១០

ការជួយ​ដល់​អ្នក​ផ្សេងទៀត​ឲ្យ​ប្រែចិត្ត​ជឿ

សូម​រំឭក​សិស្ស​ថា ក្រៅពី​ការបង្រៀន​យើង​ថា យើង​អាច​ក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ​ហើយ ព្រះគម្ពីរ​មរមន​ក៏​បង្រៀន​យើង​អំពី​ឥទ្ធិពល​ដែល​យើង​អាច​មាន​ទៅលើ​អ្នក​ផ្សេងទៀត​ផងដែរ ក្នុង​នាម​ជា​ឧបករណ៍​ទាំងនេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អាលម៉ា ១៨:៣៣–៣៥ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​អ្វី​ដែល​អាំម៉ូន​ត្រូវ​សម្រេច​ឲ្យ​បាន ក្នុង​នាម​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ទៅជា​សេចក្ដីថ្លែង​មួយ​នៃ​គោលការណ៍ ។ ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​ដូច​តទៅ​នេះ ៖ ពេល​យើង​ក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ នោះ​ទ្រង់​ប្រទាន​ដល់​យើង​នូវ​អំណាច​ដើម្បី​ជួយ​អ្នក​ផ្សេងទៀត​ឲ្យ​មាន​ការចេះដឹង​ពី​សេចក្ដីពិត ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​ឥទ្ធិពល​នៃ​ការជួយ​អ្នក​ផ្សេងទៀត​ឲ្យ​មាន​ការចេះដឹង​ពី​សេចក្ដីពិត សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​អាន អាលម៉ា ២៣:៥-៦ ដោយ​ស្ងាត់ស្ងៀម ។ សុំ​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ពួក​សាសន៍​លេមិន ពេល​ដែល​ពួកគេ​បាន​ទទួល​ការចេះដឹង​ពី​សេចក្ដីពិត ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ ដែល​ពិពណ៌នា​ពី​ឥទ្ធិពល​ដែល​ការផ្សព្វផ្សាយ​ដំណឹងល្អ​មាន​ទៅលើ​ពួក​សាសន៍​លេមិន ?

  • តើ​គោលការណ៍​អ្វី ដែល​យើង​រៀន​អំពី​ការណ៍​ដែល​អាច​កើត​ឡើង ពេល​យើង​នាំ​អ្នក​ផ្សេងទៀត​ឲ្យ​មាន​ការចេះដឹង​អំពី​សេចក្ដីពិត ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ពេល​យើង​នាំ​អ្នក​ផ្សេងទៀត​ឲ្យ​មាន​ការចេះដឹង​ពី​សេចក្ដីពិត យើង​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ) ។

សូម​ពន្យល់​ថា ទាំង​អាំម៉ូន និង​អាលម៉ា បានថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរវេន​គ្នា​អាន អាលម៉ា ២៦:២-៥, ១៥ និង អាលម៉ា ២៩:៩-១០ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​ឥទ្ធិពល ដែល​យើង​អាច​មាន​ទៅលើ​អ្នក​ផ្សេងទៀត ពេល​យើង​ចែកចាយ​ដំណឹងល្អ ក្នុង​នាម​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ អំពី​អារម្មណ៍​ដែល​អាំម៉ូន និង​អាលម៉ា​បាន​ពិពណ៌នា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ដកពិសោធន៍ ពេល​ពួកគេ​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ផ្សេងទៀត ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​ឱកាស​ទាំងឡាយ​ដែល​ពួកគេ​មាន ដើម្បី​ជួយ​អ្នក​ផ្សេងទៀត​ឲ្យ​រៀន​ពី​ដំណឹងល្អ ហើយ​ប្រែចិត្ត​ជឿ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​របៀប​ដើម្បី​បញ្ចូល​គោលការណ៍ និង​ការអនុវត្ត​ទាំងឡាយ ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​នេះ​ទៅក្នុង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

ការអាន​របស់​សិស្ស