ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២១ ៖ ការយាងមក​របស់​ព្រះយេស៊ូវគ្រីស្ទ


មេរៀន​ទី ២១

ការយាងមក​របស់​ព្រះយេស៊ូវគ្រីស្ទ

សេចក្ដីផ្ដើម

លក្ខខណ្ឌ និង​ព្រឹត្តិការណ៍​នានា​ដែល​ទាក់ទង​នឹង ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ​មកកាន់​ទ្វីប​អាមេរិក​គឺជា​គំរូ​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​ទាំងឡាយ​ចេញ​ពី​ព្រះគម្ពីរ​មរមន ដើម្បី​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​សម្រាប់ « ថ្ងៃ​ដ៏​ធំ និង​គួរ​ស្ញែង​ខ្លាច » ( នីហ្វៃទី៣ ២៥:៥ ) ជា​ពេល​ដែល​ព្រះគ្រីស្ទ​នឹង​យាង​មក​ម្ដង​ទៀត ។

ការអាន​ពី​សាវតា

  • ដាល្លិន អេក​ អូក «Preparation for the Second Coming» EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧–១០ ។

  • ជែហ្វ្រី អ័រ ហូឡិន «Preparing for the Second Coming» New Era ខែ ធ្នូ ឆ្នាំ ២០១៣ ទំព័រ ២-៥ ។

យោបល់​សម្រាប់​ការបង្រៀន

ហេលេមិន ១៤:២០–៣០, ១៦:១–៥, នីហ្វៃទី៣ ៩:១–៥, ១២–១៤, ១០:១២

ទីសម្គាល់​ទាំងឡាយ​ត្រូវបាន​ផ្ដល់​ឲ្យ ដើម្បី​ជួយ​យើង​ឲ្យ​ជឿ ហើយ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំរូ​នៃ​ព្រឹត្តិការណ៍ ឬ​សកម្មភាព​នានា​នៅក្នុង​ជីវិត​របស់​ខ្លួន ដែល​បាន​តម្រូវ​ឲ្យ​មាន​ការត្រៀម​ខ្លួន ( ឧទាហរណ៍ បេសកកម្ម ) ។ បន្ទាប់មក​សូម​សួរ ៖​

  • តើ​ការត្រៀមខ្លួន​របស់​អ្នក បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ណា​នៅក្នុង​បទពិសោធន៍​ទាំងមូល​របស់​អ្នក ?

  • តើ​អ្នក​គិត​ថា បទពិសោធន៍​នោះ​នឹង​មាន​ភាពខុស​គ្នា​យ៉ាង​ណា ប្រសិនបើ​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ទេ​នោះ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​ថា ប្រធាន ប៊ែនសឹន បាន​បង្រៀន​ថា ព្រះគម្ពីរ​មរមន អាច​ជួយ​យើង​ត្រៀម​ខ្លួន​សម្រាប់​អ្វី ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« នៅ​ក្នុង​ព្រះគម្ពីរ​មរមន យើង​រកឃើញ​គំរូ​មួយ​អំពី​ការត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ ។ ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ គឺ​ផ្តោត​ទៅ​លើ​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មុន​ការយាងមក​ដល់​របស់​ព្រះគ្រីស្ទ​ទៅ​កាន់​ទ្វីប​អាមេរិក ។ ដោយ​ការសិក្សា​ពី​ព្រឹត្តិការណ៍​នៅ​ក្នុង​ពេល​នោះ​ដោយយកចិត្ត​ទុកដាក់​នោះ យើង​អាច​កំណត់​បាន​ពី​មូលហេតុ​ដែល​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ក្នុង​ការជំនុំជម្រះ ដ៏ គួរ ឲ្យ ព្រឺខ្លាច ពី មុន ការ យាង មក របស់ ទ្រង់ និង​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ផ្សេង​ទៀត​ឈរ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​លើ​ដែនដី​បរិបូរណ៍ ហើយ​លូក​ដៃ​របស់​ពួកគេ​ទៅ​ស្ទាប​ស្នាម​របួស​នៅ​ត្រង់​ព្រះហស្ដ និង​ព្រះបាទា​របស់​ទ្រង់ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៤០ ) ។

  • យោងតាម​ប្រធាន ប៊ែនសឹន តើ​ហេតុអ្វី​យើង​គួរតែ​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់ អំពី​ដំណើររឿង​នៅក្នុង​គម្ពីរ​មរមន ពី​ការយាងមក​របស់​ព្រះយេស៊ូវគ្រីស្ទ ទៅ​កាន់​ប្រជាជន​របស់​ទ្រង់​នៅក្នុង​ទ្វីប​អាមេរិក ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ថា ដោយ​ការសិក្សា​ដំណើរ​រឿង​នៅក្នុង​ព្រះគម្ពីរ​មរមន អំពី​ព្រឹត្តិការណ៍​ជុំវិញ​ការយាង​ទៅកាន់​ទ្វីប​អាមេរិក​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​រៀន​ពី​គំរូ​មួយ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ នៅពេល​ពួកគេ​សិក្សា​ពី​ដំណើរ​រឿង​នៃ​ការយាង​ទៅកាន់​ទ្វីប​អាមេរិក​របស់​ព្រះអង្គ​សង្គ្រោះ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ ។

សូម​រំឭក​សិស្ស​ថា មុន​ពេល​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ សាំយូអែល​ជា​សាសន៍​លេមិន បាន​ព្យាករ​ពី​ទីសម្គាល់​ទាំងឡាយ​ដែល​នឹង​កើតឡើង​ជាមួយ​នឹង​ការប្រសូត្រ និង​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​មើល​ត្រួសៗ​នៅក្នុង ហេលេមិន ១៤:២០-២៧ ហើយ​រកមើល​ទីសម្គាល់​ទាំងឡាយ​អំពី​ការសុគត​របស់​ព្រះគ្រីស្ទ ។

  • តើ​ទីសម្គាល់​អ្វី​ខ្លះ ដែល​សាំយូអែល​បាន​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ថា នឹង​កើតឡើង​ជាមួយ​នឹង​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​អាន ហេលេមិន ១៤:២៨–៣០ ខណៈ​សិស្ស​ពាក់​កណ្ដាល​ទៀត​អាន ហេលេមិន ១៦:៤-៥ ។ សូម​ឲ្យ​ពួកគេ​រក​មើល​មូលហេតុ​ទាំងឡាយ ដែល​ទីសម្គាល់​ទាំងនេះ​ត្រូវបាន​ផ្ដល់​ដល់​ពួក​សាសន៍​នីហ្វៃ ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​ជាពិសេស ទៅលើ​ឃ្លា​« ក្នុង​បំណង​ឲ្យ … » ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ ហេតុអ្វី​ព្រះអម្ចាស់​ប្រទាន​ទីសម្គាល់​ទាំងឡាយ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​ប្រទាន​ទីសម្គាល់ និង​ការណ៍​អស្ចារ្យ​នានា ដើម្បី​យើង​អាច​ជឿ​លើ​ទ្រង់ ហើយ​ត្រូវ​បាន​សង្គ្រោះ ។ សូម​គិត​ពី​ការសរសេរ​គោលលទ្ធិ​នេះ​នៅ​លើ​ក្ដារខៀន ) ។

  • តើ ហេលេមិន ១៤:២៩ ចង្អុល​បង្ហាញ​ថា អ្វី​នឹង​កើតឡើង​ដល់​ពួកអ្នក​ដែល​មិន​ជឿ​លើ​ទីសម្គាល់ និង​ការអស្ចារ្យ​ទាំងឡាយ ? ( ការវិនិច្ឆ័យ​ដ៏​សុចរិត​មួយ​នឹង​ធ្លាក់​មកលើ​ពួកគេ ) ។

សូម​ពន្យល់​ថា នៅក្នុង​ដំណើររឿង​ដែល​មាន​ក្នុង នីហ្វៃទី៣ ទីសម្គាល់ និង​ការណ៍​ដ៏​អស្ចារ្យ​ដែល​បាន​សន្យា—រួមមាន​ការបំផ្លិច​បំផ្លាញ ដែល​ប្រាប់​ជាមុន​ពី​ការសុគគ​របស់​ព្រះអង្គ​សង្គ្រោះ—បាន​ចាប់ផ្ដើម​បំពេញ ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ចេញពី នីហ្វៃទី៣ ៩:១-៥, ១២-១៤, ១០:១២ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ពួកអ្នក​ដែល​ជឿ​លើ​សារដំណឹង​របស់​សាំយូអែល និង​នីហ្វៃ ក៏​ដូច​ជា​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ពួកអ្នក​ដែល​មិន​ជឿ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ ហេតុអ្វី​ប្រជាជន​មួយ​ចំនួន​ត្រូវ​បាន​បំផ្លិច​បំផ្លាញ ? ហេតុអ្វី​អ្នក​ខ្លះ​ត្រូវបាន​ទុក​ជីវិត​ឲ្យ​រស់នៅ ?

សូម​ចង្អុល​បង្ហាញ​ថា អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​នៅ​សព្វ​ថ្ងៃ​នេះ ត្រូវបាន​បង្រៀន​ឲ្យ​រង់ចាំ​មើល​ទីសម្គាល់​ទាំងឡាយ​ដែល​នឹង​មាន​មុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​ពិភាក្សា ពី​របៀប​ដែល​ការយល់ និង​ការដឹង​ពី​ទីសម្គាល់​ទាំងឡាយ​នៃ​ការយាង​មក​ជា​លើក​ទីពីរ ដែល​ពួកព្យាការី​បាន​ព្យាករ អាច​ជួយ​សមាជិក​សាសនាចក្រ​នៅ​សព្វ​ថ្ងៃ​នេះ​ឲ្យ​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​សម្រាប់​ការយាង​មក​របស់​ទ្រង់ ។

នីហ្វៃទី៣ ១១:១–១៧

ការត្រៀមខ្លួន​ដើម្បី​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ

សូម​បង្ហាញ​រូបភាព​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​យាង​ជួប​នឹង​ពួក​សាសន៍​នីហ្វៃ ។ ពេល​សិស្ស​រំឭក​ពី​ដំណើរ​រឿង​នៃ​ការយាង​ជួប​ពួក​សាសន៍​នីហ្វៃ​របស់​ព្រះអង្គ​សង្គ្រោះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​ពរជ័យ​ទាំងឡាយ​ដែល​បាន​ទទួល​ដោយ​ពួកអ្នក​ដែល​បាន​ជឿ​លើ​ទីសម្គាល់​ទាំងឡាយ​នៃ​ការសុគត​របស់​ព្រះអម្ចាស់ ហើយ​បានត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង នីហ្វៃទី៣ ១១:១-១២ ។

  • តើ​ការជឿ​លើ​ទីសម្គាល់​ដែល​បាន​សន្យា​អំពី​ការយាងមក​របស់​ព្រះអម្ចាស់ បាន​រៀបចំ​ប្រជាជន​សម្រាប់​បទពិសោធន៍​នេះ​យ៉ាង​ដូច​ម្ដេច ?

  • តើ​នៅក្នុង​របៀប​ណា ដែល​ខគម្ពីរ​ទាំងនេះ​រំឭក​យើង​អំពី​ការត្រូវការ​ត្រៀម​ខ្លួន​យើង​ផ្ទាល់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្ដូរវេន​គ្នា​អាន នីហ្វៃទី៣ ១១:១៣-១៧ ឮៗ ហើយ​ស្រមៃ​មើល​ថា វា​អាច​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ក្នុង​ការមាន​វត្តមាន​នៅក្នុង​ឱកាស​នោះ ។

  • តើ​បទពិសោធន៍​នេះ អាច​ជា​តំណាង​ដល់​អ្វី​ដែល​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ មាន​ព្រះរាជ​បំណង​សម្រាប់​យើង​ម្នាក់ៗ យ៉ាង​ដូច​ម្ដេច​ដែរ ? ( សិស្ស​គួរ​គិត​ពី​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ អញ្ជើញ​មនុស្ស​ទាំងអស់​គ្នា​ឲ្យ​មកឯ​ទ្រង់ ហើយ​ទទួល​ទីបន្ទាល់​មួយ​ថា ទ្រង់​គឺជា​ព្រះ​នៃ​ផែនដី​ទាំងមូល ) ។

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​ព្រឹត្តិការណ៍​ទាំងនេះ ស្រដៀង​ទៅ​នឹង​អ្វី​ដែល​នឹង​កើតឡើង​នៅ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី ដើម្បី​ធ្វើតាម​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​អ្នក​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ឈរ​ចំពោះ​ព្រះភក្ត្រ​ទ្រង់​នៅ​ថ្ងៃ​ណា​មួយ​នោះ ?

សូម​បញ្ចប់​មេរៀន ដោយ​ការបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក. អូក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ចុះ​បើ​ថ្ងៃ​នៃ​ការយាងមក​របស់​ទ្រង់​ជា​ថ្ងៃ​ស្អែក​វិញ ? ប្រសិនបើ​យើង​បាន​ដឹង​ថា យើង​ត្រូវ​ជួប​នឹង​ព្រះអម្ចាស់​នៅ​ថ្ងៃស្អែក — តាមរយៈ​ការស្លាប់​មុន​អាយុ ឬ​តាមរយៈ​ការយាងមក​ដែល​មិន​អាច​រំពឹង​ទុក​បាន​មុន​របស់​ទ្រង់ — តើ​យើង​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃនេះ ? តើ​យើង​នឹង​សារភាព​អ្វីខ្លះ ? តើ​យើង​នឹង​បញ្ឈប់ការ​អនុវត្ត​អ្វី​ខ្លះ ? តើ​យើង​នឹង​យក​ដំណើររឿង​ណាមួយ​ដោះស្រាយ ? តើ​ការអត់ទោស​ណា​ខ្លះ​ដែល​យើង​នឹង​ផ្ដល់​ឲ្យ ? តើ​យើង​នឹង​ថ្លែង​ទីបន្ទាល់​ណា​មួយ ?

« ចុះ​បើ​យើង​នឹង​ត្រូវ​ធ្វើ​ការណ៍​ទាំងនោះ​នៅ​ពេល​នោះ ហេតុអ្វី​យើង​មិន​ធ្វើ​ឥឡូវនេះ​ទៅ ? ហេតុអ្វី​មិន​ស្វែងរក​សេចក្ដី​សុខសាន្ត ទន្ទឹម​នឹង​ពេលដែល​សេចក្ដី​សុខសាន្ត​អាច​រកបាន​នោះ ? » («Preparation for the Second Coming» EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩ ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់ ដើម្បី​ត្រៀម​ខ្លួន​យើង ដូច​ជា​ព្រះអម្ចាស់​នឹង​យាង​មក​នៅ​ថ្ងៃ​ស្អែក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក ហើយ​ឆ្លើយតប​ចំពោះ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ ពេលដែល​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​ទៅជួប​នឹង​ព្រះអម្ចាស់ ។

ការអាន​របស់​សិស្ស